លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៧

«ឱ​ទ្រង់​មាន​ភាព​ល្អ​លើស​លប់!»

«ឱ​ទ្រង់​មាន​ភាព​ល្អ​លើស​លប់!»

១, ២​. តើ​ភាព​ល្អ​របស់​ព្រះ​គឺ​ស​ឲ្យ​ឃើញ​ក្នុង​អ្វី​ខ្លះ? ហើយ​តើ​ព្រះ​គម្ពីរ​សង្កត់​ធ្ងន់​ទៅ​លើ​គុណ​សម្បត្ដិ​នេះ​យ៉ាង​ដូច​ម្ដេច?

មិត្ដ​ភក្ដិ​បី​បួន​នាក់​អង្គុយ​ទទួល​ទាន​អាហារ​នៅ​ខាង​ក្រៅ ជជែក​គ្នា​បណ្ដើរ​សើច​បណ្ដើរ​ដោយ​រីក​រាយ​ជា​មួយ​គ្នា​នឹង​ទេសភាព​ដ៏​ល្អ​វិចិត្រ​នៅ​ក្រោម​ពន្លឺ​ស្រទន់​នៃ​ថ្ងៃ​លិច។ នៅ​តំបន់​មួយ​ផ្សេង​ទៀត​ឆ្ងាយ​ពី​នោះ កសិករ​ម្នាក់​មើល​វាល​ដំណាំ​ទាំង​ញញឹម​ដោយ​មាន​ក្ដី​ពេញ​ចិត្ដ​ពីព្រោះ​ឃើញ​មាន​ពពក​ខ្មៅ​ដេរ​ដាស​ពាស​ពេញ​ហើយ​គ្រាប់​ភ្លៀង​ក៏​ចាប់​ផ្ដើម​ធ្លាក់​ជា​តំណក់​តូចៗ​បន្ដិច​ម្ដងៗ។ នៅ​កន្លែង​មួយ​ទៀត គូ​ស្វាមី​ភរិយា​កំពុង​តែ​អរ​ក្រៃ​លែង​ពេល​ឃើញ​កូន​តូច​របស់​ពួក​គាត់​ចាប់​ផ្ដើម​ដើរ​តេះ​តះ​ៗ​ជា​លើក​ដំបូង។

មិន​ថា​ពួក​គេ​ដឹង​ឬ​មិន​ដឹង​ក៏​ដោយ ក៏​មនុស្ស​ទាំង​នេះ​កំពុង​តែ​ទទួល​ប្រយោជន៍​ពី​អ្វី​តែ​មួយ នោះ​គឺ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា។ មនុស្ស​ជា​ច្រើន​ដែល​កាន់​សាសនា​ចូល​ចិត្ដ​និយាយ​ថា«ព្រះ​អង្គ​ល្អ» តែ​ព្រះ​គម្ពីរ​សង្កត់​ខ្លាំង​ជាង​ចំពោះ​ចំណុច​នេះ។ ព្រះ​គម្ពីរ​ចែង​ថា៖«ឱ​ទ្រង់​មាន​ភាព​ល្អ​លើស​លប់!»។ (សាការី ៩:១៧, ព.ថ.) ប៉ុន្ដែ មើល​ទៅ​ដូច​ជា​មាន​មនុស្ស​តិច​ណាស់​ដែល​ពិត​ជា​យល់​អត្ថ​ន័យ​នៃ​ពាក្យ​នេះ។ តាម​ពិត តើ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ? ហើយ​តើ​គុណ​សម្បត្ដិ​នេះ​របស់​ព្រះ​មាន​ឥទ្ធិពល​មក​លើ​យើង​ម្នាក់ៗ​យ៉ាង​ណា?

លក្ខណៈ​ដ៏​វិសេស​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ

៣, ៤​. តើ​ភាព​ល្អ​ជា​អ្វី? ហើយ​ការ​និយាយ​ថា ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​ជា​ការ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​នោះ តើ​ហេតុ​អ្វី​ការ​ពណ៌នា​នេះ​គឺ​ត្រឹម​ត្រូវ​បំផុត?

ក្នុង​ភាសា​ជា​ច្រើន​នៅ​សម័យ​នេះ ពាក្យ​ថា«ល្អ»មាន​អត្ថ​ន័យ​រាក់​ធម្មតា​ទេ។ ប៉ុន្ដែ តាម​ការ​បញ្ជាក់​ក្នុង​ព្រះ​គម្ពីរ អត្ថ​ន័យ​ពាក្យ​ថា​ល្អ​គឺ​មិន​រាក់​ធម្មតា​សោះ​ឡើយ។ ភាគ​ច្រើន ពាក្យ​នេះ​សំដៅ​លើ​គុណធម៌​និង​ភាព​ប្រសើរ​ផ្នែក​សីលធម៌។ ដូច្នេះ យើង​អាច​និយាយ​ថា ព្រះ​យេហូវ៉ា​ពោរ​ពេញ​ទៅ​ដោយ​ភាព​ល្អ។ គុណ​សម្បត្ដិ​ទាំង​អស់​របស់​ទ្រង់ ដែល​រួម​ទាំង​តេជានុភាព យុត្ដិធម៌ និង​ប្រាជ្ញា​របស់​ទ្រង់ សុទ្ធតែ​ល្អ​ទាំង​ស្រុង។ យ៉ាង​ណា​ក៏​ដោយ ការ​ពណ៌នា​ដ៏​ត្រឹម​ត្រូវ​បំផុត​អំពី​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា គឺ​ជា​ការ​ពណ៌នា​ថា​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​ជា​ការ​សម្ដែង​មួយ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។ ហេតុ​អ្វី​អាច​និយាយ​ដូច្នេះ​បាន?

ភាព​ល្អ​ជា​គុណ​សម្បត្ដិ​មួយ​ដែល​សម្ដែង​ដោយ​ទង្វើ​និង​ការ​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ឯ​ទៀត។ សាវ័ក​ប៉ុល​បង្ហាញ​ថា ក្នុង​ចំណោម​មនុស្ស​ជាតិ ភាព​ល្អ​ជា​គុណ​សម្បត្ដិ​មួយ​ដែល​គួរ​ឲ្យ​ចូល​ចិត្ដ​ជាង​ភាព​សុចរិត​ទៅ​ទៀត។ (រ៉ូម ៥:៧) យើង​ដឹង​ជាក់​ថា​មនុស្ស​សុចរិត​នឹង​កាន់​ខ្ជាប់​យ៉ាង​ស្មោះ​ភក្ដី​តាម​អ្វី​ដែល​ច្បាប់​តម្រូវ ប៉ុន្ដែ​មនុស្ស​ល្អ​នឹង​ធ្វើ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ មនុស្ស​ល្អ​ផ្ដើម​រក​វិធី​ជួយ​អ្នក​ឯ​ទៀត​បាន​ផល​ប្រយោជន៍។ ក្រោយ​មក​យើង​នឹង​រៀន​ដឹង​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ល្អ​ក្នុង​ន័យ​នេះ។ គឺ​ច្បាស់​ហើយ​ដែល​ថា ភាព​ល្អ​នេះ​កើត​ចេញ​ពី​ជំរៅ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែល​កំណត់​ពុំ​បាន។

៥​-​៧​. ហេតុ​អ្វី​ព្រះ​យេស៊ូ​មិន​ព្រម​ឲ្យ​គេ​ហៅ​ទ្រង់«លោក​គ្រូ​ល្អ»? ហើយ​ដោយ​ធ្វើ​ដូច្នេះ តើ​ទ្រង់​បញ្ជាក់​សេចក្ដី​ពិត​ដ៏​ជ្រាល​ជ្រៅ​អ្វី?

គ្មាន​នរណា​មាន​ភាព​ល្អ​ដូច​ព្រះ​យេហូវ៉ា​នោះ​ទេ។ មិន​យូរ​មុន​ដែល​ព្រះ​យេស៊ូ​សោយ​ទិវង្គត​នោះ បុរស​ម្នាក់​បាន​មក​ទូល​សួរ​ទ្រង់​សំនួរ​មួយ​ដោយ​ហៅ​ទ្រង់«លោក​គ្រូ​ល្អ»។ ព្រះ​យេស៊ូ​បាន​តប​ឆ្លើយ​ថា៖«ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ? គ្មាន​អ្នក​ណា​ល្អ​សោះ មាន​តែ​១ គឺ​ជា​ព្រះ​ប៉ុណ្ណោះ»។ (ម៉ាកុស ១០:១៧, ១៨) ចម្លើយ​របស់​ព្រះ​យេស៊ូ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ឆ្ងល់​ហើយ។ ហេតុ​អ្វី​ព្រះ​យេស៊ូ​បាន​កែ​បុរស​នេះ? តើ​ព្រះ​យេស៊ូ​មិន​មែន​ជា«គ្រូ​ល្អ»ទេ​ឬ?

តាម​មើល​ទៅ បុរស​នេះ​ប្រើ​ពាក្យ​ថា«លោក​គ្រូ​ល្អ»ជា​ឋានន្ដរ​ដើម្បី​លើក​ដំ​កើង​ព្រះ​យេស៊ូ។ ព្រះ​យេស៊ូ​បាន​បង្ហាញ​ព្រះ​ទ័យ​សុភាព​រាបសា​ដោយ​លើក​ដំ​កើង​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌​វិញ ដែល​ទ្រង់​គឺ​ល្អ​បំផុត។ (សុភាសិត ១១:២) ប៉ុន្ដែ ព្រះ​យេស៊ូ​ក៏​បាន​បញ្ជាក់​នូវ​សេចក្ដី​ពិត​ដ៏​ជ្រាល​ជ្រៅ​មួយ​ដែរ​គឺ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​ទុក​ជា​គំរូ​ពី​អ្វី​ដែល​ល្អ។ មាន​តែ​ទ្រង់​ទេ​ដែល​មាន​សិទ្ធិ​ផ្ដាច់​មុខ​ក្នុង​ការ​សម្រេច​ថា​អ្វី​ទៅ​ដែល​ហៅ​ថា​ល្អ​ឬ​អាក្រក់​នោះ។ អ័ដាម​និង​អេវ៉ា​បាន​ខំ​ប្រឹង​ដណ្ដើម​យក​សិទ្ធិ​នេះ​សំរាប់​ខ្លួន​ឯង​នៅ​ពេល​ដែល​ពួក​គេ​បះបោរ​ដោយ​បរិភោគ​ពី​ដើម​ដឹង​ខុស​ត្រូវ។ ព្រះ​យេស៊ូ​មិន​មែន​ដូច​អ័ដាម​និង​អេវ៉ា​ទេ ដ្បិត​ទ្រង់​បាន​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​ដោយ​ទុក​ឲ្យ​ព្រះ​វរបិតា​របស់​ទ្រង់​ជា​អ្នក​កំណត់​ខ្នាត​តម្រា​វិញ។

ម្យ៉ាង​ទៀត ព្រះ​យេស៊ូ​ជ្រាប​ថា​អ្វី​ទាំង​អស់​ដែល​ពិត​ជា​ល្អ មាន​ប្រភព​ពី​ព្រះ​យេហូវ៉ា​មក។ ទ្រង់​ប្រទាន‹គ្រប់​ទាំង​របស់​ល្អ​និង​អស់​ទាំង​អំណោយ​ទាន​គ្រប់​លក្ខណ៍›។ (យ៉ាកុប ១:១៧) យើង​សូម​ពិចារណា​នូវ​របៀប​ដែល​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​គឺ​ឃើញ​ជាក់​ស្ដែង​ក្នុង​ព្រះ​ទ័យ​ទូលាយ​របស់​ទ្រង់។

ភស្ដុ​តាង​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ភាព​ល្អ​អនេក​របស់​ព្រះ​យេហូវ៉ា

៨​. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ភាព​ល្អ​ចំពោះ​មនុស្ស​ជាតិ​ទាំង​ឡាយ​យ៉ាង​ដូច​ម្ដេច?

មនុស្ស​គ្រប់​រូប​ដែល​ធ្លាប់​រស់​នៅ​លើ​ផែន​ដី​បាន​ទទួល​ផល​ប្រយោជន៍​ពី​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា។ ទំនុក​ដំកើង ១៤៥:៩ ចែង​ថា៖«ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំង​អស់»។ (កំណែ​ជា​អក្សរ​ទ្រេត) តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​ទ្រង់​សម្ដែង​ភាព​ល្អ​ដល់​មនុស្ស​ទាំង​អស់? ព្រះ​គម្ពីរ​ចែង​ថា៖«ទ្រង់​មិន​ដែល​លែង​មាន​ទី​បន្ទាល់ ពី​ព្រះ​អង្គ​ទ្រង់​ទេ ដោយ​ទ្រង់​តែង​តែ​ផ្សាយ​ព្រះ​គុណ​មក[ឬ«បាន​ធ្វើ​ល្អ​ដល់​អ្នក», ព​.​ថ​.] គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំបូរ ដើម្បី​នឹង​បំពេញ​ចិត្ដ​យើង ដោយ​អាហារ នឹង​សេចក្ដី​អំណរ»។ (កិច្ច​ការ ១៤:១៧) តើ​អ្នក​ធ្លាប់​សប្បាយ​នៅ​ពេល​បរិភោគ​អាហារ​ឈ្ងុយ​ឆ្ងាញ់​ឬ​ទេ? បើ​ព្រះ​យេហូវ៉ា​មិន​បាន​បង្ហាញ​ភាព​ល្អ​ដោយ​រៀប​ចំ​ផែន​ដី​នេះ​ឲ្យ​មាន​ទឹក​មិន​ចេះ​អស់​និង​មាន«រដូវ​ដ៏​សំបូរ»ដើម្បី​បង្កើត​អាហារ​យ៉ាង​បរិបូរ នោះ​យើង​នឹង​គ្មាន​ម្ហូប​អាហារ​អ្វី​សោះ។ ព្រះ​យេហូវ៉ា​មិន​បាន​ធ្វើ​ល្អ​ចំពោះ​តែ​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ចំពោះ​មនុស្ស​ទាំង​អស់។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖​«ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់​នឹង​មនុស្ស​ល្អ ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក លើ​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត​ផង»។—ម៉ាថាយ ៥:៤៥

ព្រះ​យេហូវ៉ា«ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំ​បូ​រ»

៩​. តើ​ផ្លែ​ប៉ោម​បង្ហាញ​ឲ្យ​ឃើញ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

មនុស្ស​ជា​ច្រើន​មិន​ទទួល​ស្គាល់​នូវ​ទំហំ​ព្រះ​ទ័យ​ទូលាយ​ដែល​ទ្រង់​បង្ហាញ​ចំពោះ​មនុស្ស​ជាតិ​ដោយ​ដំណើរ​នៃ​ព្រះ​អាទិត្យ ទឹក​ភ្លៀង និង​រដូវ​ដែល​បង្កើត​ផល​យ៉ាង​សំបូរ។ ជា​ឧទាហរណ៍ សូម​គិត​ពិចារណា​អំពី​ផ្លែ​ប៉ោម។ ទូ​ទាំង​តំបន់​ដែល​មាន​អាកាសធាតុ​ត្រជាក់​បង្គួរ ផ្លែ​ប៉ោម​ជា​ផ្លែ​ធម្មតា​មួយ។ ប៉ុន្ដែ ផ្លែ​នេះ​ក៏​ឆ្ងាញ់​ទាំង​មាត់​ឆ្ងាញ់​ទាំង​ភ្នែក ហើយ​ពេញ​ដោយ​ទឹក​ត្រជាក់​សំបូរ​ជីវជាតិ។ តើ​អ្នក​ដឹង​ទេ ទូ​ទាំង​ពិភព​លោក ផ្លែ​ប៉ោម​មាន​ប្រមាណ​៧.៥០០​ប្រភេទ ដែល​មាន​ពណ៌​ផ្សេងៗ​ដូច​ជា​ក្រហម ទឹក​មាស លឿង និង​បៃតង ហើយ​មាន​ទំហំ​ផ្សេងៗ​តាំង​ពី​ទំហំ​ប៉ុន​ផ្លែ​ទំពាំង​បាយ​ជូរ​រហូត​ដល់​ធំ​ប៉ុន​ក្រូច​ថ្លុង។ បើ​អ្នក​កាន់​គ្រាប់​តូច​ល្អិត​មួយ​ពី​ផ្លែ​ប៉ោម​ក្នុង​ដៃ វា​មើល​ទៅ​ដូច​ជា​មិន​សូវ​អស្ចារ្យ​ប៉ុន្មាន​ទេ។ ប៉ុន្ដែ គ្រាប់​នេះ​ដុះ​ក្លាយ​ទៅ​ជា​ដើម​មួយ​ដ៏​ស្អាត​បណ្ដាច់។ (បទ​ចំ​រៀង​សាឡូម៉ូន ២:៣) រាល់​រដូវ​ផ្កា​រីក ដើម​ប៉ោម​មាន​ផ្កា​រីក​ស្គុសស្គាយ​ត្រសុំត្រសាយ និង​រាល់​រដូវ​ស្លឹក​ឈើ​ជ្រុះ​វា​បង្កើត​ផល។ វា​បង្កើត​ផល​ជា​រៀង​រាល់​ឆ្នាំ​រហូត​ដល់​៧៥​ឆ្នាំ ដើម​ប៉ោម​មួយ​ធម្មតា​នឹង​បង្កើត​ផល​ច្រើន ល្មម​ដាក់​បាន​២០​ប្រអប់​កាតុង​ដោយ​ក្នុង​មួយ​ប្រអប់​មាន​ផ្លែ​១៩​គីឡូ​ក្រាម!

គ្រាប់​តូច​ល្អិត​នេះ​ដុះ​ក្លាយ​ជា​ដើម​មួយ​ដែល​អាច​ផ្ដល់​អាហារ​និង​ធ្វើ​ឲ្យ​មនុស្ស​រីក​រាយ​រាប់​ទស​វត្ស

១០, ១១​. តើ​វិញ្ញាណ​ផ្សេងៗ​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ល្អ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១០ ដោយ​សារ​ព្រះ​យេហូវ៉ា​ល្អ​រក​ពណ៌នា​ពុំ​បាន​នោះ ទ្រង់​បាន​ប្រទាន​រូប​កាយ​ដ៏«គួរ​កោត គួរ​អស្ចារ្យ»មួយ​ដល់​យើង ដែល​រូប​កាយ​នោះ​ត្រូវ​បង្កើត​ឲ្យ​មាន​វិញ្ញាណ​ផ្សេងៗ​ដែល​ជួយ​យើង​អាច​ទទួល​អារម្មណ៍​ដឹង​ដោយ​វិញ្ញាណ​ពី​ស្នា​ព្រះ​ហស្ដ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ហើយ​ក៏​អាច​រីក​រាយ​នឹង​របស់​ទាំង​នោះ​ដែរ។ (ទំនុក​ដំកើង ១៣៩:១៤) សូម​គិត​ម្ដង​ទៀត​អំពី​ទិដ្ឋភាព​ទាំង​ប៉ុន្មាន​ដែល​រៀប​រាប់​នៅ​ដើម​ជំពូក​នេះ។ តើ​ពួក​គេ​បាន​ឃើញ​អ្វី​ដែល​នាំ​ឲ្យ​រីក​រាយ​នោះ? ពួក​គេ​ឃើញ​កូន​តូច​ថ្ពាល់​ឡើង​ក្រហម​ដោយ​សារ​សប្បាយ​ចិត្ដ​នោះ ក៏​ឃើញ​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​វាល​ដំណាំ ហើយ​ក៏​ឃើញ​ព្រះ​អាទិត្យ​អស្ដង្គត​បន្សល់​ទុក​ពន្លឺ​ពណ៌​ក្រហម មាស និង​ស្វាយ។ ភ្នែក​មនុស្ស​ជាតិ​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​សមត្ថភាព​មើល​ឃើញ​នូវ​៣០០.០០០​ពណ៌​ផ្សេងៗ! តាម​រយៈ​សោត​វិញ្ញាណ​របស់​យើងៗ​អាច​សម្គាល់​អត្ថ​ន័យ​បង្កប់​ក្នុង​តុ​ង​សម្លេង​របស់​មនុស្ស​ជា​ទី​ស្រឡាញ់ អាច​ស្តាប់​ខ្យល់​បក់​ប៉ះ​ដើម​ឈើ​ឮ​សូរ​ល្វើយៗ និង​អាច​ឮ​សូរ​សំណើច​សប្បាយ​របស់​កូន​តូចៗ។ ហេតុ​អ្វី​យើង​អាច​រីក​រាយ​មើល​ឃើញ​និង​ស្តាប់​ឮ​អ្វីៗ​ទាំង​នេះ? ព្រះ​គម្ពីរ​ចែង​ថា៖«ការ​ស្តាប់​ឮ​ដោយ​ត្រចៀក ហើយ​មើល​ឃើញ​ដោយ​ភ្នែក នោះ​គឺ​ព្រះ​យេហូវ៉ា​ដែល​បង្កើត​ទាំង​២​យ៉ាង»។ (សុភាសិត ២០:១២) ប៉ុន្ដែ​នេះ​គ្រាន់​តែ​ជា​វិញ្ញាណ​ពីរ​ប៉ុណ្ណោះ។

១១ ឃាន​វិញ្ញាណ​ជា​ភស្ដុ​តាង​មួយ​ទៀត​ដែល​បញ្ជាក់​ឲ្យ​ឃើញ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា។ ច្រមុះ​របស់​មនុស្ស​អាច​សម្គាល់​ក្លិន​បាន​១០.០០០​យ៉ាង។ សូម​គិត​អំពី​ក្លិន​ខ្លះៗ ដូច​ជា​ក្លិន​ឈ្ងុយ​នៃ​ម្ហូប​ដែល​អ្នក​ចូល​ចិត្ដ​ជាង​គេ គន្ធ​ពិដោរ​នៃ​ផ្កា ក្លិន​គំនរ​ស្លឹក​ឈើ ហើយ​ក្លិន​ផ្សែង​តិចៗ​ដែល​ហុយ​ចេញ​ពី​ភ្នក់​ភ្លើង​តូច​មួយ។ ចំណែក​កាយ​វិញ្ញាណ​របស់​អ្នក​ផ្ដល់​សមត្ថភាព​ឲ្យ​ដឹង​នៅ​ពេល​ខ្យល់​បក់​ត្រសៀក​មក​ប៉ះ​ផ្ទៃ​មុខ​អ្នក ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ឱប​អ្នក​យ៉ាង​កក់​ក្ដៅ ហើយ​ពេល​កាន់​ផ្លែ​ឈើ​ដែល​មាន​សំបក​រលោង​ក្នុង​ដៃ​របស់​អ្នក។ នៅ​ពេល​អ្នក​ខាំ​មួយ​ម៉ាត់​ទៅ ជិវ្ហា​វិញ្ញាណ​របស់​អ្នក​ចាប់​ដំណើរ​ការ។ អ្នក​រីក​រាយ​នឹង​ឱ​ជា​រស​ចម្រុះ​ពេល​ដែល​អណ្ដាត​អ្នក​សម្គាល់​រស​ជាតិ​ផ្សេងៗ​ដែល​បង្កើត​ដោយ​សារ​ធាតុ​គីមី​ដ៏​សាំញ៉ាំ​ក្នុង​ផ្លែ​នោះ។ ប្រាកដ​ហើយ យើង​ពិត​ជា​មាន​ហេតុ​និយាយ​អំពី​ព្រះ​យេហូវ៉ា​ដោយ​ឧទាន​ថា៖«ឱ​សេចក្ដី​សប្បុរស[ឬ«សេចក្ដី​ល្អ», ព.ថ.]នៃ​ទ្រង់​ជា​ធំ​អម្បាល​ណា​ទៅ ដែល​ទ្រង់​បាន​ត្រៀម​ទុក​សំរាប់​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់!»។ (ទំនុក​ដំកើង ៣១:១៩) ប៉ុន្ដែ តើ​ព្រះ​យេហូវ៉ា​បាន«ត្រៀម​ទុក»សេចក្ដី​ល្អ​សំរាប់​អស់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់​យ៉ាង​ដូច​ម្ដេច?

ភាព​ល្អ​ដែល​ផ្ដល់​ប្រយោជន៍​ជា​និរន្ដរ៍

១២​. តើ​សំ​វិធានការ​សំខាន់​បំផុត​ពី​ព្រះ​យេហូវ៉ា​ជា​អ្វី? ហេតុ​អ្វី?

១២ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖«មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ ‹មនុស្ស​មិន​មែន​រស់ ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក​ដែរ›»។ (ម៉ាថាយ ៤:៤) ពិត​ណាស់ សំ​វិធានការ​ខាង​វិញ្ញាណ​ពី​ព្រះ​យេហូវ៉ា អាច​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ជាង​សំ​វិធានការ​សំរាប់​រូប​កាយ ដ្បិត​សំ​វិធានការ​ខាង​វិញ្ញាណ​នាំ​ទៅ​ដល់​ជីវិត​ជា​រៀង​រហូត។ ក្នុង​ជំពូក​ទី​៨ យើង​បាន​រៀន​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ប្រើ​តេជានុភាព​បង្កើត​សា​ជា​ថ្មី​ឡើង​វិញ​នៅ​ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ​ដើម្បី​បង្កើត​សួន​មនោ​រម្យ​ខាង​វិញ្ញាណ​មួយ។ លក្ខណៈ​សំខាន់​មួយ​នៃ​សួន​មនោ​រម្យ​ខាង​វិញ្ញាណ​នេះ​គឺ​មាន​ម្ហូប​អាហារ​ខាង​វិញ្ញាណ​បរិបូរ។

១៣, ១៤​. (ក) តើ​ព្យាការី​អេសេគាល​បាន​ឃើញ​អ្វី​ក្នុង​ចក្ខុនិមិត្ដ? តើ​នេះ​មាន​ន័យ​អ្វី​សំរាប់​យើង​សព្វ​ថ្ងៃ​នេះ? (ខ) ចំពោះ​អ្នក​ដែល​បំរើ​ទ្រង់​ដោយ​ស្មោះ​ភក្ដី តើ​ព្រះ​យេហូវ៉ា​ប្រទាន​សំ​វិធានការ​ដែល​ផ្ដល់​ជីវិត​អ្វី​ខ្លះ?

១៣ ទំនាយ​ដ៏​ធំ​មួយ​ក្នុង​ព្រះ​គម្ពីរ​ស្ដី​អំពី​ការ​បង្កើត​សា​ជា​ថ្មី​ឡើង​វិញ​នោះ ព្យាការី​អេសេគាល​ឃើញ​ចក្ខុនិមិត្ដ​ដែល​ព្រះ​វិហារ​ត្រូវ​កសាង​ជា​ថ្មី​ឡើង​វិញ​ដោយ​មាន​ភាព​រុងរឿង។ មាន​អូរ​មួយ​ហូរ​ចេញ​ពី​ព្រះ​វិហារ​នោះ ដោយ​កាន់​តែ​ធំ​និង​កាន់​តែ​ជ្រៅ​ទៅៗ ទាល់​តែ​បាន​ក្លាយ​ទៅ​ជា«ទន្លេ»មួយ។ មិន​ថា​ទន្លេ​នោះ​ហូរ​កាត់​កន្លែង​ណា​ក៏​ដោយ ក៏​វា​ផ្ដល់​ផល​ប្រយោជន៍​ដែរ។ នៅ​ច្រាំង​ទន្លេ​នោះ​មាន​ដើម​ឈើ​ជា​ច្រើន​ដែល​ផ្ដល់​ជា​អាហារ​និង​ប្រោស​ឲ្យ​ជា។ ហើយ​ទន្លេ​នោះ​ក៏​បាន​ធ្វើ​ឲ្យ​សមុទ្រ​ស្លាប់​ដែល​សុទ្ធតែ​អំបិល​គ្មាន​សត្វ​រស់​នៅ​នោះ ត្រឡប់​ជា​មាន​សត្វ​នៅ​វិញ! (អេសេគាល ៤៧:១​-​១២) ប៉ុន្ដែ តើ​ទាំង​អស់​នោះ​មាន​ន័យ​ដូច​ម្ដេច?

១៤ ចក្ខុនិមិត្ដ​នេះ​មាន​ន័យ​ថា ព្រះ​យេហូវ៉ា​នឹង​ស្ថាបនា​ឡើង​វិញ​នូវ​ការ​រៀប​ចំ​សំរាប់​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ ដែល​ត្រូវ​តំណាង​ដោយ​ព្រះ​វិហារ​ក្នុង​ចក្ខុនិមិត្ដ​របស់​អេសេគាល។ ដូច​ជា​ទន្លេ​ក្នុង​ចក្ខុនិមិត្ដ​នោះ សំ​វិធានការ​របស់​ព្រះ​សំរាប់​ផ្ដល់​ឲ្យ​ជីវិត​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​ចំពោះ​រាស្ដ្រ​របស់​ទ្រង់។ តាំង​ពី​ការ​ស្ថាបនា​ឡើង​វិញ​នូវ​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​នៅ​ឆ្នាំ​១៩១៩ នោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ទៅ​លើ​រាស្ដ្រ​ទ្រង់​ដោយ​ផ្ដល់​សំ​វិធានការ​ដែល​ផ្ដល់​ឲ្យ​ជីវិត។ តើ​យ៉ាង​ដូច​ម្ដេច? ព្រះ​គម្ពីរ ប្រកាសន​វត្ថុ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ កិច្ច​ប្រជុំ និង​មហា​សន្និបាត​សុទ្ធតែ​បាន​នាំ​សេចក្ដី​ពិត​សំខាន់ៗ​ទៅ​ដល់​មនុស្ស​រាប់​លាន​នាក់។ តាម​រយៈ​អ្វីៗ​ទាំង​នេះ​ព្រះ​យេហូវ៉ា​បាន​បង្រៀន​មនុស្ស​អំពី​សំ​វិធានការ​ដ៏​សំខាន់​បំផុត​ដែល​ផ្ដល់​ជីវិត គឺ​យញ្ញ​បូជា​លោះ​របស់​ព្រះ​គ្រីស្ទ ដែល​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ពិត​ជា​ស្រឡាញ់​និង​កោត​ខ្លាច​ព្រះ ត្រូវ​ចាត់​ទុក​ថា​ស្អាត​ស្អំ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​និង​មាន​សេចក្ដី​សង្ឃឹម​ទទួល​បាន​ជីវិត​ជា​រៀង​រហូត។ * ដូច្នេះ ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ ពេល​ដែល​របប​លោកីយ៍​នេះ​មាន​ទុរ្ភិក្ស​ខាង​វិញ្ញាណ នោះ​រាស្ដ្រ​ព្រះ​យេហូវ៉ា​មាន​ការ​ជប់​លៀង​ធំ​ខាង​វិញ្ញាណ​វិញ។—អេសាយ ៦៥:១៣

១៥​. ក្នុង​កំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​យេស៊ូ តើ​មនុស្ស​ដែល​ស្មោះ​ភក្ដី​នឹង​ទទួល​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៥ ប៉ុន្ដែ ទន្លេ​ដែល​អេសេគាល​ឃើញ​ក្នុង​ចក្ខុនិមិត្ដ​មិន​ឈប់​ហូរ​នៅ​ពេល​របប​លោកីយ៍​ចាស់​នេះ​ចប់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទន្លេ​នោះ​នឹង​ហូរ​កាន់​តែ​ខ្លាំង​ទៅ​ទៀត​ក្នុង​កំឡុង​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​គ្រីស្ទ។ នៅ​ពេល​នោះ តាម​រយៈ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មេស្ស៊ី ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ដែល​មក​ពី​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ ដោយ​នាំ​មនុស្ស​ជាតិ​ទៅ​ដល់​ភាព​គ្រប់​ល័ក្ខណ៍​បន្ដិច​ម្ដងៗ។ នៅ​ពេល​នោះ​យើង​នឹង​ត្រេក​អរ​នឹង​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់!

លក្ខណៈ​ផ្សេង​ទៀត​នៃ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា

១៦​. តើ​ព្រះ​គម្ពីរ​បង្ហាញ​ថា​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​គុណ​សម្បត្ដិ​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? តើ​គុណ​សម្បត្ដិ​ទាំង​នោះ​មាន​អ្វី​ខ្លះ?

១៦ ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​ច្រើន​ជាង​ព្រះ​ទ័យ​ទូលាយ​របស់​ទ្រង់។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ម៉ូសេ​ថា៖‹យើង​នឹង​ឲ្យ​អស់​ទាំង​សេចក្ដី​សប្បុរស[ឬ«ភាព​ល្អ», ព.ថ.]​របស់​យើង​ដើរ​កាត់​នៅ​មុខ​អ្នក ព្រម​ទាំង​ប្រកាស​ពី​ព្រះ​នាម​យេហូវ៉ា​នៅ​មុខ​អ្នក​ផង›។ ក្រោយ​មក​កំណត់​ហេតុ​នេះ​ចែង​ថា៖ «ទ្រង់​យាង​កាត់​នៅ​មុខ​លោក​ទាំង​ប្រកាស​ថា យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដា​ករុណា ហើយ​ទន់​សន្ដោស​[ឬ​«សន្ដោស​ប្រណី», ព.ថ.] ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ»។ (និក្ខមនំ ៣៣:១៩; ៣៤:៦) ដូច្នេះ ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​គុណ​សម្បត្ដិ​ល្អ​ប្រសើរ​ជា​ច្រើន​ឯ​ទៀត។ យើង​សូម​ពិចារណា​គុណ​សម្បត្ដិ​ពីរ​ក្នុង​ចំណោម​នេះ។

១៧​. តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​យ៉ាង​ណា​ចំពោះ​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍? ហើយ​តើ​គុណ​សម្បត្ដិ​មួយ​ណា​ជំរុញ​ព្រះ​ទ័យ​ទ្រង់​ឲ្យ​ប្រព្រឹត្ដ​ដូច្នេះ?

១៧ «សន្ដោស​ប្រណី»: គុណ​សម្បត្ដិ​នេះ​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ទ្រង់​ប្រព្រឹត្ដ​យ៉ាង​គួរ​សម​និង​ស្រួល​ទាក់​ទង​ចំពោះ​សត្ដនិករ​ដែល​ទ្រង់​បង្កើត។ ជា​ជាង​បង្ហាញ​អាកប្បកិរិយា​ម៉ឺង​ម៉ាត់ គ្មាន​អារម្មណ៍ ឬ​ផ្ដាច់​ការ ដូច​មនុស្ស​ឯ​ទៀត​ដែល​កាន់​អំណាច​នោះ ព្រះ​យេហូវ៉ា​ប្រព្រឹត្ដ​ដោយ​ស្លូត​និង​សប្បុរស​វិញ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​កាន់​អាប់រ៉ាម​ថា៖‹[សូម]អ្នក​ងើប​ភ្នែក​ឡើង​ឥឡូវ ហើយ​មើល​ពី​កន្លែង​អ្នក​នោះ ទៅ​ខាង​ជើង​ខាង​ត្បូង ខាង​កើត ហើយ​ខាង​លិច​ចុះ›។ (លោកុប្បត្ដិ ១៣:១៤) សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ច្រើន​មិន​ដាក់​ពាក្យ«សូម»នោះ​ទេ។ ប៉ុន្ដែ បណ្ឌិត​ព្រះ​គម្ពីរ​កត់​សម្គាល់​ថា ក្នុង​ភាសា​ហេព្រើរ​ជា​ភាសា​ដើម​នោះ មាន​ពាក្យ​មួយ​ដែល​ធ្វើ​ឲ្យ​ឃ្លា​នេះ​ក្លាយ​ពី​ការ​បង្គាប់​ទៅ​ជា​សំណូម​ពរ​ដ៏​គួរ​សម​វិញ។ មាន​បទ​គម្ពីរ​ឯ​ទៀត​ដែល​មាន​ពាក្យ«សូម»នេះ​ដែរ។ (លោកុប្បត្ដិ ៣១:១២; អេសេគាល ៨:៥) សូម​គិត​ទៅ​មើល ព្រះ​មហា​ក្សត្រ​សកលលោក​ប្រើ​ពាក្យ«សូម»ពេល​មាន​បន្ទូល​នឹង​មនុស្ស​ជាតិ​ធម្មតា! ក្នុង​របប​លោកីយ៍​នេះ​ដែល​មាន​ភាព​គំរោះ​គំរើយ ការ​បង្ខិត​បង្ខំ និង​ភាព​ឈ្លើយ​មិន​ចេះ​គួរ​សម​មាន​ជា​ធម្មតា នោះ​ការ​គិត​ពិចារណា​អំពី​ភាព​ស្លូត​និង​ការ​ស្រួល​ទាក់​ទង​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ដែល​សន្ដោស​ប្រណី ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រួល​ណាស់ មែន​ទេ?

១៨​. តើ​ក្នុង​ន័យ​អ្វី​ដែល​ព្រះ​យេហូវ៉ា«មាន . . . សេចក្ដី​ទៀង​ត្រង់ ជា​បរិបូរ»? ហើយ​ហេតុ​អ្វី​បន្ទូល​នេះ​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​មាន​ទំនុក​ចិត្ដ?

១៨ «មាន . . . សេចក្ដី​ទៀង​ត្រង់​ជា​បរិបូរ»: ភាព​មិន​ទៀង​ត្រង់​បាន​ទៅ​ជា​លក្ខណៈ​ធម្មតា​មួយ​របស់​លោកីយ៍​សព្វ​ថ្ងៃ​នេះ។ ប៉ុន្ដែ ព្រះ​គម្ពីរ​រំឭក​យើង​ថា៖«ព្រះ​ទ្រង់​មិន​មែន​ជា​មនុស្ស ទ្រង់​មិន​ចេះ​កុហក​ឡើយ»។ (ជនគណនា ២៣:១៩) បន្ថែម​ទៅ​ទៀត​នៅ​ទីតុស ១:២​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ​ចែង​ថា៖«ព្រះ . . . កុហក​ពុំ​បាន​ឡើយ»។ (កំណែ​ជា​អក្សរ​ទ្រេត) ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​មិន​ឲ្យ​ទ្រង់​កុហក​ឡើយ។ ដូច្នេះ សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា​គឺ​គួរ​ឲ្យ​ទុក​ចិត្ដ​ទាំង​ស្រុង និង​បន្ទូល​ទ្រង់​តែង​តែ​សម្រេច​ជាក់​ជា​មិន​ខាន។ ព្រះ​យេហូវ៉ា​ក៏​ត្រូវ​ហៅ​ថា«ព្រះ​នៃ​សេចក្ដី​ពិត»។ (ទំនុក​ដំកើង ៣១:៥) ទ្រង់​មិន​គ្រាន់​តែ​មិន​ព្រម​មាន​បន្ទូល​អ្វី​ដែល​មិន​ពិត​ប៉ុណ្ណោះ​ទេ ទ្រង់​ថែម​ទាំង​បើក​សម្ដែង​ឲ្យ​ឃើញ​សេចក្ដី​ពិត​យ៉ាង​ច្រើន​ក្រៃ​លែង។ ទ្រង់​មិន​មែន​ជា​បុគ្គល​ដែល​លាក់​គំនិត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ទ្រង់​បង្ហាញ​ព្រះ​ទ័យ​ទូលាយ ដោយ​បំភ្លឺ​ការ​យល់​ដឹង​របស់​អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ទ្រង់​នូវ​ជំរៅ​ប្រាជ្ញា​ដែល​វាស់​ស្ទង់​មិន​បាន។ * ទ្រង់​ក៏​បង្រៀន​ពួក​គេ​របៀប​រស់​នៅ​សម​ស្រប​ទៅ​តាម​សេចក្ដី​ពិត​ដែល​ទ្រង់​បើក​សម្ដែង ដើម្បី​ជួយ​ពួក​គេ«ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ពិត»។ (យ៉ូហានទី៣ ៣, ខ.ស.) ជា​ទូទៅ តើ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​គួរ​មាន​ឥទ្ធិពល​មក​លើ​យើង​ម្នាក់ៗ​យ៉ាង​ណា?

«ត្រេក​អរ​នឹង​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា»

១៩, ២០​. (ក) តើ​សាតាំង​បាន​ខំ​បំផ្លាញ​នូវ​ទំនុក​ចិត្ដ​របស់​អេវ៉ា​ទៅ​លើ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​មាន​លទ្ធផល​អ្វី? (ខ) តើ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង? ហើយ​ហេតុ​អ្វី?

១៩ នៅ​ពេល​សាតាំង​ល្បួង​អេវ៉ា​នៅ​សួន​ច្បារ​អេដែន​នោះ វា​ចាប់​ផ្ដើម​ដោយ​ធ្វើ​ឲ្យ​គាត់​លែង​ទុក​ចិត្ដ​ទៅ​លើ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​អ័ដាម​ថា៖‹អ្នក​នឹង​បរិភោគ​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន​ច្បារ​នេះ​បាន​តាម​ចិត្ដ›។ ក្នុង​ចំណោម​រាប់​ពាន់​ដើម​ដែល​ដុះ​លំអ​សួន​ច្បារ​នោះ មាន​តែ​មួយ​ដើម​គត់​ដែល​ព្រះ​យេហូវ៉ា​បាន​ហាម​មិន​ឲ្យ​បរិភោគ។ ប៉ុន្ដែ សូម​កត់​សម្គាល់​ពាក្យ​សាតាំង​ប្រើ​ក្នុង​សំនួរ​ដែល​វា​សួរ​ចំពោះ​អេវ៉ា​ថា៖ «តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ​មែន​ឬ?»។ (លោកុប្បត្ដិ ២:៩, ១៦; ៣:១) សាតាំង​បាន​មួល​បង្កាច់​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ឲ្យ​អេវ៉ា​គិត​ថា​ទ្រង់​កំពុង​តែ​លាក់​នូវ​អ្វី​ដ៏​ល្អ។ គួរ​ឲ្យ​ស្តាយ​ណាស់ វិធី​សាស្ដ្រ​របស់​សាតាំង​បាន​ជោគ​ជ័យ។ អេវ៉ា​ក៏​ដូច​ជា​មនុស្ស​ជា​ច្រើន​បន្ដ​បន្ទាប់​ដែរ បាន​ចាប់​ផ្ដើម​សង្ស័យ​ទៅ​លើ​ភាព​ល្អ​របស់​ព្រះ ដែល​បាន​ប្រទាន​អ្វី​ទាំង​អស់​ចំពោះ​គាត់។

២០ យើង​ដឹង​ពី​សភាព​លំបាក​វេទនា​ដែល​ជា​លទ្ធផល​ពី​ការ​សង្ស័យ​នេះ។ ដូច្នេះ ចូរ​យើង​ស្តាប់​តាម​បន្ទូល​នៅ​យេរេមា ៣១:១២​ដែល​មាន​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ​ចែង​ថា៖ «ពួក​គេ​ប្រាកដ​ជា​នឹង . . . ត្រេក​អរ​នឹង​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា»។ ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​គួរ​ធ្វើ​ឲ្យ​យើង​ត្រេក​អរ។ យើង​មិន​ចាំ​បាច់​សង្ស័យ​ទៅ​លើ​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​នៃ​យើង​ឡើយ ដ្បិត​ទ្រង់​មាន​ភាព​ល្អ​ពោរ​ពេញ។ យើង​អាច​ទុក​ចិត្ដ​ទៅ​លើ​ទ្រង់​ទាំង​ស្រុង ដ្បិត​ទ្រង់​ចង់​តែ​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ទទួល​ផល​ប្រយោជន៍​ល្អ។

២១, ២២​. (ក) តើ​អ្នក​ចង់​ប្រព្រឹត្ដ​តប​នឹង​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​នឹង​ពិចារណា​គុណ​សម្បត្ដិ​អ្វី​ក្នុង​ជំពូក​បន្ទាប់? ហើយ​តើ​នេះ​ខុស​គ្នា​ពី​ភាព​ល្អ​យ៉ាង​ដូច​ម្ដេច?

២១ ម្យ៉ាង​ទៀត នៅ​ពេល​យើង​មាន​ឱកាស​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ភាព​ល្អ​របស់​ព្រះ យើង​ក៏​រីក​រាយ​ដែរ។ ទំនុក​ដំកើង ១៤៥:៧​បាន​ចែង​អំពី​រាស្ដ្រ​ព្រះ​យេហូវ៉ា​ថា៖«គេ​នឹង​បញ្ចេញ​សេចក្ដី​ដែល​នឹក​ចាំ​ពី​ព្រះ​ហឫទ័យ​ដ៏​ល្អ​ប្រសើរ»។ ជា​រៀង​រាល់​ថ្ងៃ​ដែល​យើង​មាន​ជីវិត​រស់​នៅ យើង​ទទួល​ប្រយោជន៍​ពី​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា។ សូម​ឲ្យ​យើង​ទម្លាប់​ខ្លួន​អរ​ព្រះ​គុណ​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ​ចំពោះ​ភាព​ល្អ​របស់​ទ្រង់ ដោយ​ទូល​យ៉ាង​ជាក់​លាក់​ចុះ! ចូរ​គិត​អំពី​គុណ​សម្បត្ដិ​នេះ ដោយ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​គុណ​សម្បត្ដិ​នេះ​ដែល​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​យក​តម្រាប់​តាម​ព្រះ​ដ៏​ល្អ​របស់​យើង។ ពេល​ដែល​យើង​ស្វែង​រក​វិធី​ធ្វើ​ល្អ​ដូច​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​ចូល​ទៅ​ជិត​ទ្រង់​ជាង។ នៅ​ពេល​សាវ័ក​យ៉ូហាន​មាន​អាយុ​ច្រើន​ហើយ គាត់​សរសេរ​ថា៖«អ្នក​ស្ងួន​ភ្ងា​អើយ! ចូរ​ត្រាប់​តាម​សេចក្ដី​ល្អ កុំ​ឲ្យ​តាម​សេចក្ដី​អាក្រក់​ឲ្យ​សោះ អ្នក​ណា​ដែល​ប្រព្រឹត្ដ​ល្អ នោះ​មក​ពី​ព្រះ»។—យ៉ូហានទី៣ ១១

២២ ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​ក៏​ជាប់​ទាក់​ទង​នឹង​គុណ​សម្បត្ដិ​ឯ​ទៀត​ដែរ។ ជា​ឧទាហរណ៍ ព្រះ«មាន​សេចក្ដី​សប្បុរស[«ដ៏​ស្មោះ», ព.ថ.] . . . ជា​បរិបូរ»ឬ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។ (និក្ខមនំ ៣៤:៦) ទ្រង់​មិន​បង្ហាញ​គុណ​សម្បត្ដិ​នេះ​ចំពោះ​មនុស្ស​ទាំង​អស់​នោះ​ទេ ដ្បិត​ព្រះ​យេហូវ៉ា​បង្ហាញ​នេះ​ជា​ពិសេស​ចំពោះ​អ្នក​បំរើ​ដ៏​ស្មោះ​ភក្ដី​របស់​ទ្រង់។ ក្នុង​ជំពូក​បន្ទាប់ យើង​នឹង​រៀន​របៀប​ទ្រង់​ធ្វើ​ដូច្នេះ។

^ វគ្គ 14 គ្មាន​អ្វី​ដែល​បង្ហាញ​ឲ្យ​ឃើញ​ភាព​ល្អ​របស់​ព្រះ​យេហូវ៉ា​ដូច​តម្លៃ​លោះ​ទេ។ ក្នុង​ចំណោម​បុគ្គល​វិញ្ញាណ​រាប់​លាន​រូប​ដែល​ព្រះ​យេហូវ៉ា​អាច​ជ្រើស​រើស​បាន​នោះ ទ្រង់​បាន​ជ្រើស​រើស​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​តែ​មួយ​របស់​ទ្រង់​ឲ្យ​មក​សោយ​ទិវង្គត​ដើម្បី​យើង។

^ វគ្គ 18 គឺ​សម​ត្រឹម​ត្រូវ​ដែល​ព្រះ​គម្ពីរ​បញ្ជាក់​ទំនាក់​ទំនង​រវាង​សេចក្ដី​ពិត​និង​ពន្លឺ។ អ្នក​តែង​បទ​ទំនុក​ដំកើង​បាន​ច្រៀង​ថា«សូម​ផ្សាយ​ពន្លឺ​នឹង​សេចក្ដី​ពិត​ចេញ​មក»។ (ទំនុក​ដំកើង ៤៣:៣) ព្រះ​យេហូវ៉ា​បញ្ចេញ​ពន្លឺ​ខាង​វិញ្ញាណ​មក​លើ​អស់​អ្នក​ដែល​សុខ​ចិត្ដ​ឲ្យ​ទ្រង់​បង្រៀន​ឬ​បំភ្លឺ​ការ​យល់​ដឹង​របស់​ពួក​គេ។—កូរិនថូសទី២ ៤:៦; យ៉ូហានទី១ ១:៥