លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣១

‹ចូរ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​ដែរ›

‹ចូរ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​ដែរ›

១​-​៣​. (ក) នៅ​ពេល​យើង​មើល​ទង្វើ​របស់​ឪពុក​ម្ដាយ​និង​កូន​របស់​គាត់ តើ​យើង​អាច​រៀន​អ្វី​អំពី​លក្ខណៈ​របស់​មនុស្ស? (ខ) តើ​អ្វី​នឹង​កើត​ឡើង​ជា​ធម្មតា​នៅ​ពេល​មនុស្ស​ម្នាក់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង? ហើយ​តើ​យើង​អាច​សួរ​ខ្លួន​នូវ​សំនួរ​សំខាន់​អ្វី?

ឪពុក​ម្ដាយ​តែង​រីក​រាយ​ណាស់ ពេល​ឃើញ​កូន​របស់​គាត់​ដែល​ទើប​នឹង​កើត​ចេះ​ញញឹម។ ឪពុក​ម្ដាយ​ចូល​ចិត្ដ​ដាក់​មុខ​គាត់​ជិត​មុខ​កូន ហើយ​និយាយ​យ៉ាង​កក់​ក្ដៅ​និង​ញញឹម​សម្ដែង​មនោសញ្ចេតនា​ពោរ​ពេញ​ដោយ​ក្ដី​រំភើប​ចង់​ឃើញ​កូន​តប​មក​វិញ។ ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​ឃើញ​កូន​តប​មក​វិញ​មែន​គឺ​កូន​ញញឹម ថ្ពាល់​កូន​ក៏​ខួច ហើយ​ទឹក​មុខ​ញញឹម​របស់​កូន​គួរ​ឲ្យ​ស្រឡាញ់​ណាស់។ ស្នាម​ញញឹម​នេះ​ជា​ការ​បង្ហាញ​ម្យ៉ាង​នូវ​ទឹក​ចិត្ដ​របស់​កូន និង​ជា​សេចក្ដី​ស្រឡាញ់​ដំបូង​របស់​ទារក​ដែល​ត្រូវ​សម្ដែង​ចេញ​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ឪពុក​ម្ដាយ។

ស្នាម​ញញឹម​របស់​កូន​រំឭក​យើង​អំពី​លក្ខណៈ​សំខាន់​មួយ​របស់​មនុស្ស​ជាតិ។ ចាប់​តាំង​ពី​កូន​មាន​កំណើត​មក របៀប​យើង​ប្រព្រឹត្ដ​តប​ចំពោះ​សេចក្ដី​ស្រឡាញ់​គឺ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទៅ​គេ​វិញ។ យើង​ត្រូវ​បាន​បង្កើត​មក​ឲ្យ​ចេះ​ធ្វើ​ដូច្នេះ​តែ​ម្ដង។ (ទំនុកដំកើង ២២:៩) នៅ​ពេល​យើង​ឈាន​ទៅ​ដល់​ភាព​ពេញ​វ័យ​នោះ យើង​មាន​សមត្ថភាព​បង្ហាញ​សេចក្ដី​ស្រឡាញ់​តប​ទៅ​វិញ​បាន​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។ ប្រហែល​ជា​អ្នក​អាច​នឹក​ចាំ​ពី​របៀប​ឪពុក​ម្ដាយ បង​ប្អូន​ញាតិ​មិត្ដ និង​មិត្ដ​ភក្ដិ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក ពេល​អ្នក​នៅ​ក្មេង​នោះ។ ក្នុង​ចិត្ដ​របស់​អ្នក ចាប់​មាន​អារម្មណ៍​កក់​ក្ដៅ​មួយ​ដែល​ផុស​ឡើង រីក​ដុះ​ដាល​ទៅ​ជា​ការ​ប្រព្រឹត្ដ។ អ្នក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​តប​ទៅ​វិញ។ តើ​ចំណង​មិត្ដភាព​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា​កំពុង​តែ​មាន​ឡើង​ដូច​នេះ​ឬ​ទេ?

ព្រះ​គម្ពីរ​ចែង​ថា៖«ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពីព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន»។ (យ៉ូហានទី១ ៤:១៩) ផ្នែក​ទី​មួយ​ដល់​ផ្នែក​ទី​៣​ក្នុង​សៀវភៅ​នេះ បាន​រំឭក​ឲ្យ​ចាំ​ថា ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព យុត្ដិធម៌ និង​ប្រាជ្ញា​របស់​ទ្រង់​តាម​របៀប​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​សំរាប់​ជា​ប្រយោជន៍​ចំពោះ​អ្នក។ ហើយ​ក្នុង​ផ្នែក​ទី​បួន អ្នក​ក៏​រៀន​ដឹង​ថា​ទ្រង់​បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​មហិមា​ចំពោះ​មនុស្ស​ជាតិ​ហើយ​ចំពោះ​រូប​អ្នក​ផ្ទាល់​តាម​វិធី​ផ្សេងៗ​ដ៏​អស្ចារ្យ។ ប៉ុន្ដែ​ឥឡូវ​នាំ​ឲ្យ​មាន​សំនួរ​មួយ។ យើង​អាច​និយាយ​ថា នេះ​ជា​សំនួរ​សំខាន់​បំផុត​ដែល​អ្នក​អាច​សួរ​ខ្លួន​ឯង។ សំនួរ​នេះ​គឺ៖ ‹តើ​ខ្ញុំ​នឹង​តប​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច›?

អត្ថ​ន័យ​នៃ​ការ​ស្រឡាញ់​ព្រះ

៤​. ស្ដី​អំពី​អត្ថ​ន័យ​នៃ​ការ​ស្រឡាញ់​ព្រះ តើ​មនុស្ស​យល់​ច្រឡំ​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ផ្ដើម​សេចក្ដី​ស្រឡាញ់ ជ្រាប​យ៉ាង​ជាក់​ថា សេចក្ដី​ស្រឡាញ់​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​មនុស្ស​បញ្ចេញ​លក្ខណៈ​ល្អ​បំផុត​របស់​ខ្លួន។ ដូច្នេះ ថ្វី​ដ្បិត​មនុស្ស​ជាតិ​ចេះ​តែ​បះបោរ​ប្រឆាំង​មិន​ឈប់​ឈរ​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​ជឿ​ជាក់​ជា​និច្ច​ថា មនុស្ស​ខ្លះ​នឹង​តប​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។ ហើយ​ការ​ពិត មនុស្ស​រាប់​លាន​នាក់​បាន​ធ្វើ​ដូច្នេះ​ពិត​មែន។ ប៉ុន្ដែ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ សាសនា​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក​ដ៏​ពុក​រលួយ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​យល់​ច្រឡំ​អំពី​អត្ថ​ន័យ​នៃ​ការ​ស្រឡាញ់​ព្រះ។ មនុស្ស​ច្រើន​ឥត​គណនា​និយាយ​ថា​ខ្លួន​ស្រឡាញ់​ព្រះ ប៉ុន្ដែ ពួក​គេ​ហាក់​ដូច​ជា​គិត​ថា​សេចក្ដី​ស្រឡាញ់​បែប​នេះ​គឺ​ជា​អារម្មណ៍​មួយ​ដែល​បញ្ជាក់​ដោយ​ពាក្យ​សំ​ដី​ប៉ុណ្ណោះ។ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​ប្រហែល​ជា​ចាប់​ផ្ដើម​ដោយ​ពាក្យ​សំ​ដី​ពិត​មែន ដូច​សេចក្ដី​ស្រឡាញ់​របស់​ទារក​ចំពោះ​ឪពុក​ម្ដាយ​ប្រហែល​ជា​សម្ដែង​ចេញ​ដោយ​ទឹក​មុខ​ញញឹម។ ប៉ុន្ដែ សំរាប់​មនុស្ស​ពេញ​វ័យ​វិញ សេចក្ដី​ស្រឡាញ់​រួម​បញ្ចូល​អ្វី​ច្រើន​ជាង​ទៅ​ទៀត។

៥​. តើ​ព្រះ​គម្ពីរ​បក​ស្រាយ​អត្ថ​ន័យ​នៃ​ការ​ស្រឡាញ់​ព្រះ​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​នេះ​គួរ​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ដ?

ព្រះ​យេហូវ៉ា​បាន​បក​ស្រាយ​អត្ថ​ន័យ​នៃ​ការ​ស្រឡាញ់​ទ្រង់។ ព្រះ​បន្ទូល​របស់​ទ្រង់​ចែង​ថា៖«នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ដ​របស់​ទ្រង់»។ ដូច្នេះ ការ​ស្រឡាញ់​ព្រះ​ត្រូវ​តែ​សម្ដែង​ដោយ​ការ​ប្រព្រឹត្ដ។ មនុស្ស​ជា​ច្រើន​មិន​សូវ​ពេញ​ចិត្ដ​ចុះ​ចូល​តាម​បញ្ញត្ដិ​ច្បាប់​ទេ។ ប៉ុន្ដែ ខ​ដដែល​នេះ​ជួយ​ពន្យល់​បន្ថែម​ថា៖«ឯ​បញ្ញត្ដិ​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ»។ (យ៉ូហានទី១ ៥:៣) បញ្ញត្ដិ​ច្បាប់​និង​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា​ត្រូវ​បាន​បង្កើត​ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​ដល់​យើង មិន​មែន​ដើម្បី​ជិះ​ជាន់​យើង​ទេ។ (អេសាយ ៤៨:១៧, ១៨) ព្រះ​បន្ទូល​របស់​ព្រះ​ពោរ​ពេញ​ដោយ​គោល​ការណ៍​ដែល​ជួយ​យើង​ចូល​ទៅ​ជិត​ទ្រង់។ តើ​យ៉ាង​ដូច​ម្ដេច? យើង​សូម​ពិចារណា​នូវ​លក្ខណៈ​បី​នៃ​ចំណង​មិត្ដភាព​ដែល​យើង​មាន​ជា​មួយ​នឹង​ព្រះ។ លក្ខណៈ​ទាំង​នេះ​គឺ​ការ​ប្រស្រ័យ​ទាក់​ទង ការ​ថ្វាយ​បង្គំ និង​ការ​យក​តម្រាប់​តាម។

ការ​ប្រស្រ័យ​ទាក់​ទង​នឹង​ព្រះ​យេហូវ៉ា

៦​-​៨​. (ក) តើ​យើង​អាច​ស្តាប់​ព្រះ​យេហូវ៉ា​តាម​រយៈ​អ្វី​ខ្លះ? (ខ) តើ​យើង​អាច​ធ្វើ​ឲ្យ​ឃើញ​ទិដ្ឋភាព​រស់​រវើក​ក្នុង​បទ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

ជំពូក​ទី​មួយ​ចាប់​ផ្ដើម​ដោយ​មាន​ឃ្លា​ថា៖«សូម​គិត​ក្នុង​ចិត្ដ​ថា អ្នក​កំពុង​តែ​សន្ទនា​ជា​មួយ​នឹង​ព្រះ»។ យើង​បាន​រៀន​ដឹង​ថា នេះ​មិន​មែន​ជា​ការ​ស្រ​មើ​ស្រមៃ​នោះ​ទេ។ ការ​ពិត លោក​ម៉ូសេ​បាន​មាន​ការ​សន្ទនា​បែប​នេះ​មែន។ ចុះ​ចំណែក​យើង​វិញ? ឥឡូវ​មិន​មែន​ជា​ពេល​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទេវតា​របស់​ទ្រង់​ឲ្យ​មក​សន្ទនា​ជា​មួយ​មនុស្ស​ជាតិ​នោះ​ទេ។ ក៏​ប៉ុន្ដែ ព្រះ​យេហូវ៉ា​មាន​វិធី​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​មនុស្ស​យ៉ាង​ប្រសើរ​សព្វ​ថ្ងៃ​នេះ។ តើ​យើង​អាច​ស្តាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ដោយ​សារ«គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង»​នោះ​ យើង​ស្តាប់​ព្រះ​យេហូវ៉ា​ដោយ​អាន​ព្រះ​បន្ទូល​របស់​ទ្រង់​ក្នុង​ព្រះ​គម្ពីរ។ (ធីម៉ូថេ​ទី​២ ៣:១៦) ដូច្នេះ អ្នក​តែង​ទំនុក​ដំកើង​ជំរុញ​ឲ្យ​អ្នក​បំរើ​ព្រះ​យេហូវ៉ា​អាន«ទាំង​យប់​ទាំង​ថ្ងៃ»នូវ​បន្ទូល​របស់​ព្រះ។ (ទំនុក​ដំកើង ១:១, ២) ការ​អាន​តម្រូវ​ឲ្យ​យើង​ព្យាយាម​យ៉ាង​ខ្លាំង។ ប៉ុន្ដែ ការ​ព្យាយាម​នេះ​មាន​ផល​ប្រយោជន៍​ច្រើន​ណាស់។ ដូច​យើង​បាន​រៀន​ក្នុង​ជំពូក​ទី​១​៨ ព្រះ​គម្ពីរ​គឺ​ដូច​ជា​សំបុត្រ​ពិសេស​មួយ​ដែល​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ផ្ញើ​មក​ឲ្យ​យើង។ ដូច្នេះ ការ​អាន​ព្រះ​គម្ពីរ​មិន​គួរ​ជា​អ្វី​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​នោះ​ទេ។ យើង​ត្រូវ​តែ​អាន​បទ​គម្ពីរ​យ៉ាង​ណា​ឲ្យ​ឃើញ​ទិដ្ឋភាព​រស់​រវើក។ តើ​យើង​អាច​ធ្វើ​យ៉ាង​ដូច​ម្ដេច?

ចូរ​ខំ​គិត​ឲ្យ​ឃើញ​ក្នុង​ចិត្ដ​នូវ​កំណត់​ហេតុ​ព្រះ​គម្ពីរ​នៅ​ពេល​អ្នក​អាន។ សូម​ខំ​គិត​ឲ្យ​ឃើញ​ក្នុង​ចិត្ដ​នូវ​បុគ្គល​ផ្សេងៗ​ក្នុង​ព្រះ​គម្ពីរ។ ខំ​ស្វែង​យល់​ពី​ប្រវត្ដិ កាលៈទេសៈ និង​បំណង​ចិត្ដ​របស់​ពួក​គេ។ រួច​មក គិត​យ៉ាង​ជ្រៅ​ជ្រះ​អំពី​អ្វី​ដែល​អ្នក​អាន ដោយ​សួរ​ខ្លួន​នូវ​សំនួរ​ផ្សេងៗ​ដូច​ជា៖‹តើ​កំណត់​ហេតុ​នេះ​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា? តើ​គុណ​សម្បត្ដិ​ណា​របស់​ទ្រង់​ដែល​ខ្ញុំ​ឃើញ​ក្នុង​កំណត់​ហេតុ​នេះ? តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ខ្ញុំ​រៀន​គោល​ការណ៍​អ្វី? ហើយ​តើ​ខ្ញុំ​អាច​អនុវត្ដ​តាម​គោល​ការណ៍​នេះ​យ៉ាង​ដូច​ម្ដេច?›។ ចូរ​អាន រំពឹង​គិត និង​អនុវត្ដ​តាម ហើយ​ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ឃើញ​ក្នុង​ចិត្ដ​នូវ​ទិដ្ឋភាព​ដែល​មាន​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។—ទំនុក​ដំកើង ៧៧:១២; យ៉ាកុប ១:២៣​-​២៥

៩​. តើ​អ្នក​ណា​ជា‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›? ហើយ​ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ស្តាប់​ដោយ​យក​ចិត្ដ​ទុក​ដាក់​នូវ«អ្នក​បំរើ»នេះ?

ព្រះ​យេហូវ៉ា​មាន​បន្ទូល​មក​យើង​តាម​រយៈ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›​ដែរ។ ដូច​ព្រះ​យេស៊ូ​បាន​ទាយ​នោះ មាន​បុរស​គ្រីស្ទាន​ចាក់​ប្រេង​តាំង​មួយ​ក្រុម​តូច​បាន​ត្រូវ​តែងតាំង​ឲ្យ​ផ្ដល់«អាហារ»ខាង​វិញ្ញាណ«តាម​ត្រូវ​ពេល»ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​ដ៏​លំបាក​នេះ។ (ម៉ាថាយ ២៤:៤៥​-​៤៧) នៅ​ពេល​យើង​អាន​ប្រកាសនវត្ថុ​ដែល​ត្រូវ​បាន​រៀប​ចំ​ដើម្បី​ជួយ​យើង​ទទួល​ចំណេះ​ត្រឹម​ត្រូវ​ពី​ព្រះ​គម្ពីរ ហើយ​នៅ​ពេល​យើង​ទៅ​ប្រជុំ​និង​មហា​សន្និបាត​របស់​យើង យើង​កំពុង​តែ​ទទួល​អាហារ​ពី​អ្នក​បំរើ​នេះ។ ដោយ​ព្រោះ​អ្នក​បំរើ​នេះ​ជា​របស់​ផង​ព្រះ​គ្រីស្ទ នោះ​យក​ល្អ​យើង​អនុវត្ដ​តាម​បន្ទូល​ព្រះ​យេស៊ូ​ដែល​ថា៖ «ត្រូវ​ឲ្យ​ប្រយ័ត្ន ដែល​អ្នក​រាល់​គ្នា​ឮ​ជា​យ៉ាង​ណា»។ (លូកា ៨:១៨, កំណែ​ជា​អក្សរ​ទ្រេត) យើង​ស្តាប់​ដោយ​យក​ចិត្ដ​ទុក​ដាក់​ពីព្រោះ​យើង​ទទួល​ស្គាល់​ថា អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​នេះ​ជា​ខ្សែ​រយៈ​មួយ​ដែល​ព្រះ​យេហូវ៉ា​ប្រើ​ដើម្បី​ទាក់ទង​នឹង​យើង។

១០​-​១២ (ក) ហេតុ​អ្វី​បាន​ជា​សេចក្ដី​អធិស្ឋាន​ជា​អំណោយ​ដ៏​វិសេស​ពី​ព្រះ​យេហូវ៉ា? (ខ) ដើម្បី​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា តើ​យើង​គួរ​អធិស្ឋាន​យ៉ាង​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ដ​ថា​សេចក្ដី​អធិស្ឋាន​របស់​យើង​មាន​តម្លៃ​ចំពោះ​ទ្រង់?

១០ ប៉ុន្ដែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​ប្រស្រ័យ​ទាក់​ទង​នឹង​ព្រះ? តើ​យើង​អាច​ទូល​ទ្រង់​បាន​ឬ​ទេ? នេះ​ជា​គំនិត​មួយ​ដែល​គួរ​ឲ្យ​អស្ចារ្យ​ណាស់។ បើ​យើង​ខំ​ទៅ​ជួប​ជា​មួយ​អ្នក​ដឹក​នាំ​ដ៏​ធំ​បំផុត​នៅ​ស្រុក​អ្នក ដើម្បី​និយាយ​ជា​មួយ​លោក​អំពី​បញ្ហា​ណា​មួយ​ផ្ទាល់​ខ្លួន តើ​អ្នក​នឹង​អាច​ជួប​បាន​ឬ​ទេ? ក្នុង​ករណី​ខ្លះ ការ​ខំ​ជួប​អ្នក​ធំ​ប្រហែល​ជា​នាំ​ឲ្យ​ជួប​គ្រោះ​ថ្នាក់​ទៅ​វិញ! នៅ​សម័យ​នាងអេសធើរ​និង​លោក​ម៉ាដេកាយ​នោះ មនុស្ស​ម្នាក់​អាច​ត្រូវ​ប្រហារ​ជីវិត​បើ​ខំ​ទៅ​គាល់​ស្ដេច​ពើស៊ី​ដោយ​គ្មាន​ការ​អញ្ជើញ​នោះ។ (នាងអេសធើរ ៤:១០, ១១) ឥឡូវ​សូម​គិត​អំពី​ការ​ទាក់​ទង​នឹង​ព្រះ​មហា​ក្សត្រ​សកលលោក ដែល​សូម្បី​តែ​មនុស្ស​ជាតិ​ដែល​មាន​អំណាច​យ៉ាង​ធំ​បំផុត​គឺ​ប្រៀប​ដូច​ជា«កណ្ដូប​វិញ» បើ​ធៀប​នឹង​ទ្រង់។ (អេសាយ ៤០:២២) តើ​យើង​គួរ​ខ្លាច​ទាក់​ទង​ជា​មួយ​ទ្រង់​ឬ? គឺ​មិន​គួរ​ខ្លាច​សោះ​ឡើយ!

១១ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​វិធី​ទាក់​ទង​ជា​មួយ​ទ្រង់​យ៉ាង​ស្រួល​និង​ដោយ​សេរី ពោល​គឺ​ការ​អធិស្ឋាន។ សូម្បី​តែ​ក្មេង​តូច​ម្នាក់​អាច​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ដោយ​មាន​ជំនឿ​តាម​រយៈ​ព្រះ​នាម​ព្រះ​យេស៊ូ​បាន។ (យ៉ូហាន ១៤:៦; ហេព្រើរ ១១:៦) ប៉ុន្ដែ សេចក្ដី​អធិស្ឋាន​ក៏​ផ្ដល់​សមត្ថភាព​ឲ្យ​យើង​ទូល​រៀប​រាប់​ប្រាប់​ទ្រង់​ពី​គំនិត​និង​អារម្មណ៍​ស្មុគ​ស្មាញ​ហើយ​ជ្រាល​ជ្រៅ​បំផុត​របស់​យើង សូម្បី​តែ​ការ​ឈឺ​ចិត្ដ​ដែល​ពិបាក​ពន្យល់​ក៏​ដោយ។ (រ៉ូម ៨:២៦) ការ​ខិត​ខំ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ស្ងើច​ចំពោះ​យើង​ដោយ​ប្រើ​ពាក្យ​ពីរោះ​និង​ទេព​កោស​ល្យ​ខាង​វោហារ​ឬ​ដោយ​ខំ​និយាយ​យ៉ាង​យូរ នោះ​គឺ​គ្មាន​ប្រយោជន៍​ទេ។ (ម៉ាថាយ ៦:៧, ៨) ក៏​ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​ដាក់​កំរិត​ទៅ​លើ​ប្រវែង​នៃ​ការ​អធិស្ឋាន​របស់​យើង​ឬ​ក៏​ប៉ុន្មាន​លើក​ដែល​យើង​អាច​អធិស្ឋាន​នោះ​ទេ។ បន្ទូល​របស់​ទ្រង់​ក៏​អញ្ជើញ​យើង​ឲ្យ«អធិស្ឋាន​ឥត​ឈប់​ឈរ»។—ថែស្សាឡូនីចទី១ ៥:១៧

១២ សូម​នឹក​ចាំ​ថា មាន​តែ​ព្រះ​យេហូវ៉ា​ទេ​ដែល​ហៅ​ថា«ព្រះ​ដែល​ស្តាប់​សេចក្ដី​អធិស្ឋាន» ហើយ​ទ្រង់​ស្តាប់​ដោយ​ការ​អាណិត​អាសូរ​យល់​អារម្មណ៍​យ៉ាង​ជាក់។ (ទំនុក​ដំកើង ៦៥:២) តើ​ទ្រង់​គ្រាន់​តែ​ទ្រាំ​ស្តាប់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​បំរើ​ភក្ដី​របស់​ទ្រង់​ឬ? អត់​ទេ! ការ​ពិត​ទ្រង់​រីក​រាយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​គេ។ បន្ទូល​របស់​ទ្រង់​ប្រដូច​សេចក្ដី​អធិស្ឋាន​ទាំង​នេះ​ទៅ​នឹង​កំញាន​ដែល​ឆេះ​ហុយ​ឡើង​ទាំង​ពាំ​នាំ​ក្លិន​ក្រអូប​មក​ឯ​ទ្រង់។ (ទំនុក​ដំកើង ១៤១:២; វិវរណៈ ៥:៨; ៨:៤) នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ណាស់ ដោយ​ដឹង​ថា​សេចក្ដី​អធិស្ឋាន​ដ៏​ស្មោះ​ពី​ចិត្ដ​របស់​យើង​តែង​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​មហា​ក្សត្រ​ពេញ​ព្រះ​ហឫទ័យ មែន​ទេ? ដូច្នេះ បើ​អ្នក​ចង់​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា នោះ​ត្រូវ​អធិស្ឋាន​ដោយ​ចិត្ដ​រាប​ទាប​ជា​ញឹក​ញយ​ហើយ​ជា​រៀង​រាល់​ថ្ងៃ។ ចូរ​ទូល​ទ្រង់​ឲ្យ​អស់​ពី​ចិត្ដ កុំ​លាក់​ទុក​អ្វី​ឡើយ។ (ទំនុក​ដំកើង ៦២:៨) ទូល​ព្រះ​វរបិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌​អំពី​ការ​ខ្វល់​ខ្វាយ អំណរ កតញ្ញូ​ធម៌ និង​សេចក្ដី​សរសើរ។ ជា​លទ្ធផល ចំណង​មិត្ដភាព​ដែល​មាន​រវាង​អ្នក​ជា​មួយ​ទ្រង់​នឹង​កាន់​តែ​មាំ​ទៅៗ។

ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា

១៣, ១៤​. តើ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី? ហើយ​ហេតុ​អ្វី​គឺ​សម​ដែល​យើង​ថ្វាយ​បង្គំ​ទ្រង់?

១៣ នៅ​ពេល​យើង​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​ព្រះ​យេហូវ៉ា យើង​មិន​គ្រាន់​តែ​និយាយ​និង​ស្តាប់​ដូច​ជា​កំពុង​តែ​និយាយ​ជា​មួយ​ញាតិ​សន្ដាន​ឬ​មិត្ដ​ភក្ដិ​នោះ​ទេ។ ការ​ពិត​យើង​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា ដោយ​ផ្ដល់​ឲ្យ​ទ្រង់​នូវ​កិត្ដិយស​ដែល​ទ្រង់​គួរ​នឹង​ទទួល​យ៉ាង​សក្ដិ​សម។ ការ​ថ្វាយ​បង្គំ​ពិត​ដឹក​នាំ​ជីវិត​របស់​យើង ហើយ​ជា​វិធី​ដែល​យើង​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ប្រតិបត្ដិ​អស់​ពី​ចិត្ដ​របស់​យើង។ ការ​ថ្វាយ​បង្គំ​ពិត​ក៏​បង្រួប​បង្រួម​សត្ដនិករ​ភក្ដី​ទាំង​ឡាយ​របស់​ទ្រង់​ឲ្យ​មាន​សាមគ្គី​ភាព មិន​ថា​នៅ​ស្ថាន​សួគ៌​ឬ​ផែន​ដី​ក៏​ដោយ។ ក្នុង​ចក្ខុនិមិត្ដ សាវ័ក​យ៉ូហាន​បាន​ឮ​ទេវតា​មួយ​រូប​ប្រកាស​សេចក្ដី​បង្គាប់​នេះ​ថា៖«ចូរ​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែន​ដី សមុទ្រ នឹង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន​ចុះ!»។—វិវរណៈ ១៤:៧

១៤ ហេតុ​អ្វី​យើង​គួរ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា? សូម​គិត​អំពី​គុណ​សម្បត្ដិ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ពិចារណា​ក្នុង​សៀវភៅ​នេះ ដូច​ជា​ភាព​បរិសុទ្ធ តេជានុភាព ការ​ទប់​ព្រះ​ទ័យ យុត្ដិធម៌ ភាព​ក្លាហាន សេចក្ដី​មេត្ដា​ករុណា ប្រាជ្ញា ព្រះ​ទ័យ​រាប​ទាប សេចក្ដី​ស្រឡាញ់ ព្រះ​ទ័យ​ប្រោស​ប្រណី ភាព​ស្មោះ​ត្រង់ និង​ភាព​ល្អ។ យើង​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​គំរូ​ប្រសើរ​ឧត្ដុង្គ​ឧត្ដម​បំផុត​ចំពោះ​គុណ​សម្បត្ដិ​និមួយ​ៗ​នេះ។ នៅ​ពេល​យើង​ព្យាយាម​យល់​ពី​គុណ​សម្បត្ដិ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ យើង​យល់​ថា​ទ្រង់​មិន​គ្រាន់​តែ​ជា​បុគ្គល​មួយ​រូប​ដែល​ឧត្ដុង្គ​ឧត្ដម​និង​គួរ​ឲ្យ​ស្រឡាញ់​ប៉ុណ្ណោះ​ទេ។ ទ្រង់​មាន​សិរី​រុងរឿង​លើស​លប់ និង​មាន​ភាព​ខ្ពង់​ខ្ពស់​ជាង​យើង​ឆ្ងាយ​ណាស់​រហូត​ដល់​រក​យល់​ពុំ​បាន។ (អេសាយ ៥៥:៩) គ្មាន​ការ​សង្ស័យ​អ្វី​ឡើយ ព្រះ​យេហូវ៉ា​សម​ជា​ព្រះ​មហា​ក្សត្រ​របស់​យើង ហើយ​ទ្រង់​ពិត​ជា​គួរ​នឹង​ទទួល​ការ​ថ្វាយ​បង្គំ​ពី​យើង​មែន។ ប៉ុន្ដែ តើ​យើង​គួរ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៥​. តើ​យើង​អាច​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា«ដោយ​វិញ្ញាណ​នឹង​សេចក្ដី​ពិត»យ៉ាង​ដូច​ម្ដេច? ហើយ​តើ​កិច្ច​ប្រជុំ​គ្រីស្ទាន​ផ្ដល់​ឱកាស​ឲ្យ​យើង​ធ្វើ​អ្វី?

១៥ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖«ព្រះ​ទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ទ្រង់ នោះ​ត្រូវ​តែ​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​ដែរ»។ (យ៉ូហាន ៤:២៤) ដើម្បី​ថ្វាយ​បង្គំ​ព្រះ​«ដោយ​វិញ្ញាណ» ឬ​ដោយ​មាន​ការ​ដឹក​នាំ​ពី​សកម្មពល នោះ​យើង​ត្រូវ​មាន​សកម្មពល​របស់​លោក ហើយ​ឲ្យ​សកម្មពល​នោះ​ដឹក​នាំ​យើង។ បន្ថែម​ទៀត ការ​ថ្វាយ​បង្គំ​របស់​យើង​ក៏​ត្រូវ​សម​ស្រប​ទៅ​តាម​សេចក្ដី​ពិត ជា​ចំណេះ​ត្រឹម​ត្រូវ​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ យើង​មាន​ឱកាស​ដ៏​ប្រសើរ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា«ដោយ​វិញ្ញាណ​នឹង​សេចក្ដី​ពិត»​នៅ​ពេល​យើង​ជួបជុំ​គ្នា​ជា​មួយ​អ្នក​ជឿ​គ្នីគ្នា។ (ហេព្រើរ ១០:២៤, ២៥) នៅ​ពេល​យើង​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា ព្រម​ចិត្ដ​គ្នា​អធិស្ឋាន​ទូល​ទ្រង់ ហើយ​ស្តាប់​និង​ចូល​រួម​ក្នុង​ការ​ពិគ្រោះ​អំពី​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់​តាម​រយៈ​ការ​ថ្វាយ​បង្គំ​ពិត។

កិច្ច​ប្រជុំ​របស់​គ្រីស្ទាន​ផ្ដល់​ឱកាស​ឲ្យ​រីក​រាយ​សំរាប់​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា

១៦​. តើ​អ្វី​ជា​សេចក្ដី​បង្គាប់​មួយ​ដ៏​សំខាន់​បំផុត​ដែល​គ្រីស្ទាន​ពិត​ត្រូវ​ស្តាប់​តាម? ហើយ​ហេតុ​អ្វី​យើង​មាន​ចិត្ដ​ចង់​ស្តាប់​តាម​នោះ?

១៦ យើង​ក៏​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​នៅ​ពេល​យើង​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​ទ្រង់ ដោយ​សរសើរ​ទ្រង់​ជា​ចំហ។ (ហេព្រើរ ១៣:១៥) ពិត​ណាស់ ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​សេចក្ដី​បង្គាប់​មួយ​ដ៏​សំខាន់​បំផុត​ដែល​គ្រីស្ទាន​ពិត​បាន​ទទួល។ (ម៉ាថាយ ២៤:១៤) យើង​ធ្វើ​តាម​បង្គាប់​នេះ​ដោយ​ចិត្ដ​រំភើប​ពីព្រោះ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ នៅ​ពេល​យើង​គិត​អំពី​របៀប​អារក្ស​សាតាំង​ដែល​ជា«ព្រះ​របស់​លោកីយ​នេះ»បាន«បង្អាប់​ដល់​គំនិត​ពួក​គេ​ដែល​មិន​ជឿ» ដោយ​ផ្សាយ​សេចក្ដី​ភូតភរ​អំពី​ព្រះ​យេហូវ៉ា នោះ​យើង​ពិត​ជា​មាន​ចំណង់​ខ្លាំង​ចង់​ធ្វើ​ជា​ស្មរបន្ទាល់​ឬ​សាក្សី​សំរាប់​ព្រះ​របស់​យើង​ដើម្បី​ជំ​រះ​ឲ្យ​អស់​នូវ​ការ​បង្កាច់​បង្ខូច​នេះ មែន​ទេ? (កូរិនថូសទី២ ៤:៤; អេសាយ ៤៣:១០​-​១២) នៅ​ពេល​យើង​រំពឹង​គិត​អំពី​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា យើង​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មួយ​ផុស​ឡើង​ក្នុង​ចិត្ដ គឺ​យើង​ចង់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ទ្រង់ មែន​ទេ? ការ​ពិត គ្មាន​ឯក​សិទ្ធិ​ដ៏​ធំ​ណា​មួយ​អាច​ប្រៀប​ស្មើ​នឹង​ការ​ជួយ​អ្នក​ឯ​ទៀត​ស្គាល់​និង​ស្រឡាញ់​ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ដូច​យើង​ស្រឡាញ់​ទ្រង់​នោះ​ឡើយ។

១៧​. តើ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី? ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ថ្វាយ​បង្គំ​ទ្រង់​ដោយ​ចិត្ដ​ស្មោះ​គ្រប់​ល័ក្ខណ៍?

១៧ ការ​ថ្វាយ​បង្គំ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ច្រើន​ជាង​នេះ​ទៅ​ទៀត។ នោះ​មាន​ឥទ្ធិពល​ទៅ​លើ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​យើង។ (កូល៉ុស ៣:២៣) បើ​យើង​ពិត​ជា​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​អម្ចាស់​មហា​ក្សត្រ​របស់​យើង នោះ​យើង​នឹង​ព្យាយាម​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់ ដូច​ជា​ក្នុង​ជីវភាព​រស់​នៅ ការ​រក​ស៊ី ទំនាក់​ទំនង​ជា​មួយ​អ្នក​ឯ​ទៀត និង​ពេល​ទំនេរ​ជា​ដើម។ យើង​នឹង​ព្យាយាម​បំរើ​ព្រះ​យេហូវ៉ា​«ដោយ​អស់​ពី​ចិត្ដ»និង​ដោយ​ចិត្ដ​ស្មោះ​គ្រប់​ល័ក្ខណ៍។ (របាក្សត្រទី១ ២៨:៩) ការ​ថ្វាយ​បង្គំ​បែប​នេះ​ទប់​មិន​ឲ្យ​យើង​មាន​ចិត្ដ​ពីរ គឺ​ថា​ធ្វើ​ពុត​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​តែ​កំពុង​តែ​ធ្វើ​បាប​ដោយ​សម្ងាត់។ ភក្ដីភាព​ឃាត់​មិន​ឲ្យ​ធ្វើ​ពុត​មាយា​នោះ​ទេ ហើយ​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​យើង​ចាត់​ទុក​ការ​ធ្វើ​ពុត​មាយា​ជា​អ្វី​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។ ការ​កោត​ខ្លាច​ព្រះ​ក៏​នឹង​ជួយ​ដែរ។ ព្រះ​គម្ពីរ​ផ្សារ​ភ្ជាប់​ការ​កោត​ខ្លាច​ជា​មួយ​នឹង​ការ​មាន​មេត្រី​ភាព​ដ៏​ស្និទ្ធ​ស្នា​ល​ជា​រៀង​រហូត​ជា​មួយ​ព្រះ​យេហូវ៉ា។—ទំនុក​ដំកើង ២៥:១៤

ការ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា

១៨, ១៩​. ហេតុ​អ្វី​គឺ​សម​ហេតុ​សម​ផល​ដែល​យើង​គិត​ថា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​អាច​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​បាន?

១៨ ផ្នែក​និមួយ​ៗ​នៃ​សៀវភៅ​នេះ​បញ្ចប់​ដោយ​មាន​ជំពូក​មួយ​ដែល​បញ្ជាក់​របៀប«ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន​ភ្ងា»។ (អេភេសូរ ៥:១) គឺ​សំខាន់​ណាស់​ដែល​យើង​ចាំ​ថា ទោះ​ជា​យើង​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ពិត​មែន តែ​យើង​ពិត​ជា​អាច​យក​តម្រាប់​តាម​វិធី​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​ព្រះ​យេហូវ៉ា​ប្រើ​តេជានុភាព ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌ ប្រាជ្ញា និង​បង្ហាញ​សេចក្ដី​ស្រឡាញ់។ តើ​យើង​ដឹង​ថា​យើង​ពិត​ជា​អាច​យក​តម្រាប់​តាម​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្តា​ដោយ​ដូច​ម្ដេច? សូម​ចាំ​ថា អត្ថ​ន័យ​នៃ​ព្រះ​នាម​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ថា ទ្រង់​បណ្ដាល​ឲ្យ​អង្គ​ទ្រង់​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ​ដែល​ទ្រង់​ជ្រើស​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់។ គឺ​សមរម្យ​ណាស់​ដែល​យើង​នឹក​អស្ចារ្យ​នឹង​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​រឿង​នេះ ប៉ុន្ដែ​តើ​ការ​ត្រាប់​តាម​ព្រះ​យេហូវ៉ា​ក្នុង​រឿង​នេះ​ហួស​ពី​សមត្ថភាព​របស់​យើង​ឬ​ទេ? អត់​ទេ!

១៩ យើង​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​ភាព​ដូច​ព្រះ។ (លោកុប្បត្ដិ ១:២៦) ដូច្នេះ មនុស្ស​ជាតិ​គឺ​ខុស​ប្លែក​ពី​សត្វ​ឯ​ទៀត​នៅ​លើ​ផែន​ដី។ យើង​មិន​បាន​ដឹក​នាំ​ដោយ​សុភា​វ​គតិ ពត៌មាន​សេនេទិច ឬ​កត្ដា​ផ្សេងៗ​ក្នុង​បរិ​ស្ថាន​របស់​យើង​នោះ​ទេ។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​អំណោយ​ដ៏​ថ្លៃ​ថ្លា​មួយ គឺ​ចិត្ដ​សេរី។ ទោះ​ជា​យើង​មាន​ភាព​ឥត​គ្រប់​ល័ក្ខណ៍​និង​សមត្ថភាព​របស់​យើង​មាន​កំរិត​ក៏​ដោយ ក៏​យើង​នៅ​តែ​មាន​ចិត្ដ​សេរី​ដើម្បី​ជ្រើស​រើស​ថា​តើ​យើង​ចង់​ក្លាយ​ទៅ​ជា​មនុស្ស​បែប​ណា។ តើ​អ្នក​ចង់​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ មាន​ប្រាជ្ញា ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌ និង​ប្រើ​អំណាច​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ​ឬ? ដោយ​ជំនួយ​ពី​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​មែន! សូម​គិត​អំពី​ការ​ល្អ​ដែល​អ្នក​អាច​សម្រេច​នៅ​ពេល​អ្នក​ធ្វើ​ដូច្នេះ។

២០​. តើ​យើង​អាច​សម្រេច​ការ​ល្អ​អ្វី​ខ្លះ​នៅ​ពេល​យើង​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា?

២០ អ្នក​នឹង​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌ និង​ធ្វើ​ឲ្យ​ព្រះ​ទ័យ​ទ្រង់​រីក​រាយ។ (សុភាសិត ២៧:១១) អ្នក​ក៏​អាច«គាប់​ព្រះ​ហឫទ័យ[ព្រះ​យេហូវ៉ា]ក្នុង​គ្រប់​វិស័យ​ទាំង​អស់» ដ្បិត​ទ្រង់​យល់​ពី​កំរិត​សមត្ថភាព​របស់​អ្នក។ (កូល៉ុស ១:៩, ១០, ខ.ស.) ហើយ​នៅ​ពេល​អ្នក​បន្ដ​បណ្ដុះ​គុណ​សម្បត្ដិ​ល្អៗ​ដោយ​យក​តម្រាប់​តាម​ព្រះ​វរបិតា​ស្ងួន​ភ្ងា​របស់​អ្នក នោះ​អ្នក​នឹង​ទទួល​ពរ​ដែល​ជា​ឯក​សិទ្ធិ​ដ៏​ប្រសើរ​មួយ។ ក្នុង​ពិភព​លោក​ដែល​គ្រប​ដណ្ដប់​ដោយ​ភាព​ងងឹត​និង​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ​នោះ អ្នក​នឹង​អាច​ធ្វើ​ជា​ពន្លឺ​មួយ។ (ម៉ាថាយ ៥:១, ២, ១៤) អ្នក​នឹង​ជួយ​ផ្សាយ​លើ​ផែន​ដី​នេះ​នូវ​ពន្លឺ​ខ្លះៗ​ជា​បុគ្គលិក​លក្ខណៈ​ដ៏​រុងរឿង​របស់​ព្រះ​យេហូវ៉ា។ នេះ​ជា​ឯក​សិទ្ធិ​ដ៏​ធំ​ណាស់!

‹ចូរ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​ដែរ›

សូម​ឲ្យ​អ្នក​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជា​និច្ច

២១, ២២​. តើ​អ្វី​ជា​ដំណើរ​ជីវិត​មិន​ចេះ​ចប់​ដែល​ស្ថិត​នៅ​ពី​មុខ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា?

២១ ការ​ដាស់​តឿន​ដ៏​ស្រួល​យល់​នេះ​ដែល​បាន​កត់​ទុក​នៅ​យ៉ាកុប ៤:៨ មិន​គ្រាន់​តែ​ជា​គោល​ដៅ​មួយ​ប៉ុណ្ណោះ​ទេ តែ​គឺ​ជា​ដំណើរ​ជីវិត​មួយ​វិញ។ ដរាប​ណា​ដែល​យើង​រក្សា​ភក្ដីភាព​នោះ ដំណើរ​ជីវិត​នេះ​នឹង​មិន​ដែល​ចប់​ទេ។ យើង​នឹង​មិន​ដែល​ឈប់​ចូល​ទៅ​កាន់​តែ​ជិត​ឡើងៗ​នឹង​ព្រះ​យេហូវ៉ា​ទេ។ យ៉ាង​ណា​មិញ យើង​នឹង​មាន​អ្វីៗ​ជា​ច្រើន​ដែល​អាច​រៀន​ពី​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។ យើង​មិន​គួរ​នឹក​ស្មាន​ថា​សៀវភៅ​នេះ​បាន​បង្រៀន​យើង​នូវ​អ្វី​ទាំង​អស់​អំពី​ព្រះ​យេហូវ៉ា​នោះ​ទេ។ ការ​ពិត យើង​ទើប​តែ​ចាប់​ផ្ដើម​ពិចារណា​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​ព្រះ​របស់​យើង​ប៉ុណ្ណោះ! ហើយ​សូម្បី​តែ​ព្រះ​គម្ពីរ​ក៏​មិន​បាន​រៀប​រាប់​ឲ្យ​អស់​អំពី​ព្រះ​យេហូវ៉ា​នោះ​ដែរ។ សាវ័ក​យ៉ូហាន​បាន​សន្មត​ថា បើ​កត់​សរសេរ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​យេស៊ូ​បាន​ប្រព្រឹត្ដ​ក្នុង​កំឡុង​កិច្ច​បំរើ​ទ្រង់​លើ​ផែន​ដី​នោះ​«លោកីយ​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង»។ (យ៉ូហាន ២១:​២៥) បើ​អាច​និយាយ​ដូច្នេះ​អំពី​ព្រះ​រាជបុត្រា ចុះ​ទំ​រាំ​ដល់​ព្រះ​វរបិតា ច្បាស់​ជា​មាន​ច្រើន​ជាង​នោះ​ឆ្ងាយ​ណាស់!

២២ សូម្បី​តែ​ពេល​មាន​ជីវិត​ជា​រៀង​រហូត​ក៏​ដោយ ក៏​យើង​នឹង​មិន​ដែល​ឈប់​រៀន​អំពី​ព្រះ​យេហូវ៉ា​ដែរ។ (សាស្តា ៣:១១) ដូច្នេះ សូម​គិត​អំពី​លទ្ធភាព​ដែល​យើង​មាន​នោះ។ ក្រោយ​យើង​បាន​រស់​រាប់​រយ រាប់​ពាន់ រាប់​លាន រហូត​ដល់​រាប់​ពាន់​កោដិ​ឆ្នាំ យើង​នឹង​ស្គាល់​ព្រះ​យេហូវ៉ា​ច្រើន​ជាង​ឥឡូវ​នេះ​ឆ្ងាយ​ណាស់។ ប៉ុន្ដែ យើង​នឹង​មាន​អ្វីៗ​ដ៏​អស្ចារ្យ​ច្រើន​ឥត​គណនា​ដែល​ត្រូវ​រៀន​អំពី​ទ្រង់។ យើង​នឹង​មាន​ក្ដី​រំភើប​ចង់​រៀន​ថែម​ទៀត ដ្បិត​នឹង​តែង​តែ​មាន​មូលហេតុ​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ដូច​អ្នក​តែង​ទំនុក​ដំកើង​ដែល​បាន​ច្រៀង​ថា៖​«ដែល​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូល​បង្គំ»។ (ទំនុក​ដំកើង ៧៣:២៨) ដោយ​នឹក​ស្មាន​មិន​ដល់​នោះ ជីវិត​ជា​រៀង​រហូត​នឹង​ពោរ​ពេញ​ទៅ​ដោយ​អត្ថ​ន័យ ថែម​ទាំង​មិន​ច្រំ​ដែល​សោះ​ឡើយ ហើយ​ការ​ចូល​ទៅ​កាន់​តែ​ជិត​ឡើងៗ​នឹង​ព្រះ​យេហូវ៉ា​នឹង​ជា​អ្វី​ដ៏​គួរ​ឲ្យ​សប្បាយ​បំផុត​ចំពោះ​ជីវិត​នោះ។

២៣​. តើ​អ្នក​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ឲ្យ​ធ្វើ​អ្វី?

២៣ ចូរ​យើង​ឆ្លើយ​តប​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ឥឡូវ​នេះ ដោយ​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ដ ព្រលឹង គំនិត និង​កម្លាំង។ (ម៉ាកុស ១២:២៩, ៣០) ចូរ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​និង​មិន​ប្រែ​ប្រួល​សោះ​ឡើយ។ ចូរ​ឲ្យ​រាល់​ការ​សម្រេច​ចិត្ដ​ទាំង​តូច​ទាំង​ធំ​ដែល​អ្នក​ធ្វើ​រាល់​តែ​ថ្ងៃ​បង្ហាញ​ពី​គោល​ការណ៍​ណែនាំ​មួយ គឺ​អ្នក​នឹង​ជ្រើស​រើស​មាគ៌ា​ដែល​នាំ​ឲ្យ​មាន​មិត្ដភាព​ដ៏​ជិត​ស្និទ្ធ​ជាង​ជា​មួយ​ព្រះ​វរបិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌។ សំខាន់​ជាង​នោះ​ទៅ​ទៀត ចូរ​ឲ្យ​អ្នក​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ជា​និច្ច ហើយ​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ចូល​ទៅ​កាន់​តែ​ជិត​អ្នក​ជា​និច្ច​ដែរ​រហូត​ដល់​ពេល​អនន្ដ!