លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី២

សំបុត្រ​មួយ​ពី​ព្រះ​ដែល​ស្រឡាញ់​យើង

សំបុត្រ​មួយ​ពី​ព្រះ​ដែល​ស្រឡាញ់​យើង

សូម​ប្រាប់​មើល តើ​សៀវភៅ​មួយ​ណា​ដែល​កូន​ចូល​ចិត្ត​ជាង​គេ?— ក្មេង​ខ្លះ​ចូល​ចិត្ត​សៀវភៅ​អំពី​សត្វ។ ក្មេង​ខ្លះ​ទៀត​ចូល​ចិត្ត​សៀវភៅ​ដែល​មាន​រូប​ភាព​ច្រើន។ ពេល​អាន​សៀវភៅ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​កូន​សប្បាយ​ចិត្ត។

ប៉ុន្តែ សៀវភៅ​ដែល​ល្អ​ជាង​គេ​បំផុត គឺ​សៀវភៅ​ដែល​ប្រាប់​សេចក្ដី​ពិត​អំពី​ព្រះ។ ក្នុង​នោះ​មាន​សៀវភៅ​មួយ​ដែល​ពិសេស​ជាង​គេ។ តើ​កូន​ដឹង​ថា​សៀវភៅ​មួយ​ណា​ទេ?— គឺ​ជា​គម្ពីរ​បរិសុទ្ធ។

ហេតុ​អ្វី​គម្ពីរ​គឺ​សំខាន់​ម៉្លេះ?— ពី​ព្រោះ​គម្ពីរ​គឺ​មក​ពី​ព្រះ។ គម្ពីរ​ប្រាប់​យើង​អំពី​លោក និង​អំពី​អ្វី​ល្អ​ៗ​ដែល​លោក​នឹង​ធ្វើ​សម្រាប់​យើង។ គម្ពីរ​ក៏​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ​ដើម្បី​ឲ្យ​លោក​ពេញ​ចិត្ត​ដែរ។ គម្ពីរ​គឺ​ប្រៀប​ដូច​ជា​សំបុត្រ​មួយ​ដែល​មក​ពី​ព្រះ។

កូន​ដឹង​ទេ ព្រះ​អាច​សរសេរ​គម្ពីរ​ទាំង​មូល​នៅ​ស្ថាន​សួគ៌ ហើយ​ឲ្យ​ដល់​មនុស្ស​ក៏​បាន​ដែរ។ តែ​លោក​មិន​ធ្វើ​ដូច្នោះ​ទេ។ ព្រះ​បាន​ប្រើ​អ្នក​បម្រើ​របស់​លោក​នៅ​ផែន​ដី​ឲ្យ​សរសេរ​គម្ពីរ តែ​គំនិត​គឺ​មក​ពី​លោក។

តើ​ព្រះ​បាន​ធ្វើ​ដូច្នោះ​យ៉ាង​ដូច​ម្ដេច?— ដើម្បី​យល់ សូម​កូន​គិត​មើល ពេល​យើង​ឮ​សំឡេង​អ្នក​ណា​ម្នាក់​ក្នុង​វិទ្យុ សំឡេង​នោះ​ប្រហែល​ជា​មក​ពី​ឆ្ងាយ។ ពេល​យើង​មើល​ទូរទស្សន៍ យើង​អាច​ឃើញ​មនុស្ស​ពី​ប្រទេស​ផ្សេង​ៗ​នៅ​ទូ​ទាំង​ពិភព​លោក ហើយ​យើង​ក៏​អាច​ឮ​ពួក​គេ​កំពុង​និយាយ​គ្នា​ដែរ។

មនុស្ស​អាច​ធ្វើ​ដំណើរ​តាម​យានអវកាស​ទៅ​ឆ្ងាយ​រហូត​ដល់​លោក​ខែ ហើយ​គេ​អាច​បញ្ជូន​ព័ត៌មាន​មក​ផែន​ដី​វិញ។ តើ​កូន​ធ្លាប់​ឮ​រឿង​នោះ​ទេ?— បើ​មនុស្ស​អាច​ធ្វើ​ដូច្នេះ​បាន តើ​ព្រះ​អាច​បញ្ជូន​ព័ត៌មាន​ពី​ស្ថាន​សួគ៌​បាន​ទេ?— ប្រាកដជា​បាន! លោក​បាន​ធ្វើ​យូរ​ហើយ​មុន​មនុស្ស​បង្កើត​វិទ្យុ​ឬ​ទូរទស្សន៍​ទៅ​ទៀត។

តើ​យើង​ដឹង​ថា​ព្រះ​អាច​និយាយ​មក​យើង​ពី​កន្លែង​ដ៏​ឆ្ងាយ​យ៉ាង​ដូច​ម្ដេច?

ម៉ូសេ​ជា​មនុស្ស​ម្នាក់​ដែល​បាន​ឮ​ព្រះ​និយាយ។ ម៉ូសេ​មិន​អាច​មើល​ឃើញ​ព្រះ​ទេ ក៏​ប៉ុន្តែ គាត់​បាន​ឮ​សំឡេង​របស់​ព្រះ។ ពេល​រឿង​នេះ​បាន​កើត​ឡើង មនុស្ស​រាប់​លាន​នាក់​នៅ​ទី​នោះ។ តាម​ពិត នៅ​ថ្ងៃ​នោះ​ព្រះ​បាន​ធ្វើ​ឲ្យ​ភ្នំ​រញ្ជួយ ហើយ​មាន​ផ្គរ​លាន់​និង​ផ្លេក​បន្ទោ​ដែរ។ ពួក​គេ​ដឹង​ថា​ព្រះ​ជា​អ្នក​និយាយ ប៉ុន្តែ​ពួក​គេ​ភ័យ​ខ្លាច​ណាស់។ ដូច្នេះ ពួក​គេ​ប្រាប់​ម៉ូសេ​ថា​៖ ‹សូម​កុំ​ឲ្យ​ព្រះ​និយាយ​នឹង​យើង​ខ្ញុំ​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់›។ ក្រោយ​មក ម៉ូសេ​បាន​សរសេរ​ទុក​អ្វី​ដែល​ព្រះ​បាន​និយាយ។ អ្វី​ដែល​ម៉ូសេ​បាន​សរសេរ​ទុក​នោះ គឺ​មាន​ក្នុង​គម្ពីរ។—និក្ខមនំ ២០:១៨​-​២១

ម៉ូសេ​បាន​សរសេរ​សៀវភៅ​ប្រាំ​ដំបូង​ក្នុង​គម្ពីរ។ ប៉ុន្តែ មិន​មែន​តែ​គាត់​ម្នាក់​ទេ​ដែល​បានសរសេរ។ ព្រះ​ក៏​បាន​ប្រើ​បុរស​ប្រហែល​៤០​នាក់​ឲ្យ​សរសេរ​ផ្នែក​ផ្សេង​ៗ​នៃ​គម្ពីរ​ដែរ។ បុរស​ទាំង​នោះ​បាន​រស់​នៅ​តាំង​ពី​យូរ​មក​ហើយ។ ពួក​គាត់​ត្រូវ​ការ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​សរសេរ​គម្ពីរ​ឲ្យ​បាន​ចប់។ មែន​ហើយ ត្រូវ​ការ​ពេល​ប្រហែល​១.៦០០​ឆ្នាំ! អ្វី​ដែល​គួរ​ឲ្យ​អស្ចារ្យ​នោះ​គឺ ទោះ​ជា​បុរស​ខ្លះ​មិន​ដែល​ស្គាល់​គ្នា​ក្ដី តែ​អ្វី​ៗ​ដែល​ពួក​គាត់​សរសេរ​គឺ​ស្រប​គ្នា​ទាំង​ស្រុង។

តើ​អ្នក​សរសេរ​គម្ពីរ​មាន​ឈ្មោះ​អ្វី​ខ្លះ?

ព្រះ​បាន​ប្រើ​បុរស​ខ្លះ​ដែល​មាន​ឈ្មោះ​ល្បី​ឲ្យ​សរសេរ​គម្ពីរ។ ទោះ​ជា​ម៉ូសេ​ធ្លាប់​ជា​អ្នក​ឃ្វាល​សត្វ​ក្ដី គាត់​បាន​ក្លាយ​ទៅ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រាអែល។ សាឡូម៉ូន​ជា​ស្ដេច​ដែល​មាន​ប្រាជ្ញា​ជាង​គេ​នៅ​សម័យ​គាត់ ហើយ​ជា​អ្នក​មាន​ជាង​គេ​ក្នុង​ពិភព​លោក។ តែ​អ្នក​សរសេរ​គម្ពីរ​ខ្លះ​មិន​សូវ​មាន​គេ​ស្គាល់​ទេ ដូច​ជា​អេម៉ុស​ជា​អ្នក​ថែ​រក្សា​ដើម​ល្វា​តូច។

បន្ថែម​ទៅ​ទៀត មាន​អ្នក​សរសេរ​គម្ពីរ​ម្នាក់​ជា​គ្រូ​ពេទ្យ។ តើ​កូន​ស្គាល់​ឈ្មោះ​គាត់​ទេ?— គឺ​លូកា។ អ្នក​សរសេរ​គម្ពីរ​ម្នាក់​ទៀត​ជា​អ្នក​យក​ពន្ធ។ គាត់​ឈ្មោះ​ម៉ាថាយ។ មាន​ម្នាក់​ទៀត​ជា​មេធាវី ជា​អ្នក​ចេះ​ច្បាប់​ខាង​សាសនាយូដា។ គាត់​បាន​សរសេរ​សៀវភៅ​ក្នុង​គម្ពីរ​ច្រើន​ជាង​អ្នក​ឯ​ទៀត។ តើ​កូន​ស្គាល់​ឈ្មោះ​គាត់​ទេ?— គឺ​ប៉ូល។ រីឯ​ពេត្រុស​និង​យ៉ូហាន​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ក៏​បាន​សរសេរ​គម្ពីរ​ដែរ។ ពួក​គាត់​ជា​អ្នក​នេសាទ​ត្រី។

អ្នក​សរសេរ​គម្ពីរ​ជា​ច្រើន​នាក់​បាន​កត់​ទុក​អ្វី​ដែល​ព្រះ​បម្រុង​នឹង​ធ្វើ​នៅ​ថ្ងៃ​អនាគត។ តើ​ពួក​គាត់​ដឹង​រឿង​ទាំង​នោះ​មុន​ដែល​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?— ព្រះ​បាន​ឲ្យ​ព័ត៌មាន​ដល់​ពួក​គាត់។ លោក​បាន​ប្រាប់​ពួក​គាត់​នូវ​អ្វី​ដែល​នឹង​កើត​ឡើង។

ពេល​លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ​មក​ផែន​ដី សៀវភៅ​ភាគ​ច្រើន​ក្នុង​គម្ពីរ​បាន​សរសេរ​ហើយ។ សូម​កូន​ចាំ​ថា​គ្រូ​ដ៏​ល្អ​ប្រសើរ​ធ្លាប់​នៅ​ស្ថាន​សួគ៌។ លោក​បាន​ដឹង​ពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ។ តើ​លោក​ជឿ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ​ទេ?— លោក​ពិត​ជា​ជឿ​មែន!

ពេល​លោក​យេស៊ូ​ប្រាប់​មនុស្ស​អំពី​កិច្ច​ការ​របស់​ព្រះ នោះ​លោក​អាន​ពី​គម្ពីរ។ ជួន​កាល​លោក​ប្រាប់​ពួក​គេ​ពី​អ្វី​ដែល​លោក​ចាំ​ពី​គម្ពីរ។ ក្រៅ​ពី​នោះ លោក​យេស៊ូ​បាន​ប្រាប់​ព័ត៌មាន​ឯ​ទៀត​អំពី​ព្រះ​ឲ្យ​យើង​ដឹង។ លោក​យេស៊ូ​និយាយ​ថា​៖ ​«​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​លោក ជា​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​ក្នុង​ពិភព​លោក​»។ (​យ៉ូហាន ៨:២៦​) លោក​យេស៊ូ​បាន​ឮ​អ្វី​ជា​ច្រើន​ពី​ព្រះ ពី​ព្រោះ​លោក​ធ្លាប់​រស់​នៅ​ជា​មួយ​ព្រះ។ យើង​អាច​អាន​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​និយាយ។ តើ​យើង​អាច​អាន​ពី​សៀវភៅ​ណា?— ពី​គម្ពីរ។ រឿង​ទាំង​នោះ​មាន​នៅ​ក្នុង​គម្ពីរ​សម្រាប់​ឲ្យ​យើង​អាន។

ប្រាកដ​មែន ពេល​ព្រះ​ប្រើ​មនុស្ស​ឲ្យ​សរសេរ ពួក​គាត់​សរសេរ​ជា​ភាសា​ដែល​ពួក​គាត់​និយាយ​រាល់​ថ្ងៃ។ ហេតុ​នេះ​ហើយ សៀវភៅ​ភាគ​ច្រើន​ក្នុង​គម្ពីរ​បាន​សរសេរ​ជា​ភាសា​ហេប្រឺ ខ្លះ​ជា​ភាសា​អារ៉ាម ហើយ​ខ្លះ​ទៀត​ជា​ភាសា​ក្រិច។ មនុស្ស​ភាគ​ច្រើន​សព្វ​ថ្ងៃ​នេះ​មិន​ចេះ​អាន​ភាសា​ទាំង​នោះ​ទេ ហេតុ​នេះ​ហើយ​គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ផ្សេង​ទៀត។ សព្វ​ថ្ងៃ​នេះ ផ្នែក​ខ្លះ​នៃ​គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជាង​២.៦០០​ភាសា។ សូម​កូន​គិត​ពី​ចំនួន​ភាសា​ទាំង​នោះ! គម្ពីរ​ជា​សំបុត្រ​ពី​ព្រះ​សម្រាប់​មនុស្ស​នៅ​គ្រប់​ទី​កន្លែង។ ក៏​ប៉ុន្តែ ទោះ​ជា​គម្ពីរ​បាន​ត្រូវ​ចម្លង​ច្រើន​ដង​ច្រើន​សា​ក្ដី ព័ត៌មាន​ក្នុង​គម្ពីរ​គឺ​មក​ពី​ព្រះ។

អ្វី​ដែល​គម្ពីរ​ប្រាប់​គឺ​សំខាន់​សម្រាប់​យើង។ ពិត​មែន​តែ​គម្ពីរ​បាន​ត្រូវ​សរសេរ​តាំង​ពី​យូរ​ហើយ ប៉ុន្តែ​គម្ពីរ​ប្រាប់​យើង​អំពី​អ្វី​ដែលកំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។ គម្ពីរ​ក៏​ប្រាប់​យើង​អំពី​អ្វី​ដែល​ព្រះ​នឹង​ធ្វើ​នៅ​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ​ដែរ។ អ្វី​ដែល​គម្ពីរ​ប្រាប់​គឺ​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត ហើយ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ។

តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ការ​អាន​គម្ពីរ?

គម្ពីរ​ក៏​ប្រាប់​យើង​របៀប​រស់​នៅ​ដែល​ព្រះ​ពេញ​ចិត្ត​ដែរ ហើយ​ប្រាប់​យើង​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស។ កូន​ត្រូវ​ដឹង​អំពី​រឿង​នេះ ហើយ​ខ្ញុំ​ក៏​ត្រូវ​ដឹង​ដែរ។ គម្ពីរ​ប្រាប់​យើង​អំពី​មនុស្ស​ដែល​ធ្លាប់​ធ្វើ​អាក្រក់​និង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ពួក​គេ ដើម្បី​កុំ​ឲ្យ​យើង​មាន​បញ្ហា​ដូច​ពួក​គេ។ គម្ពីរ​ក៏​ប្រាប់​យើង​អំពី​មនុស្ស​ដែល​ធ្លាប់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ និង​លទ្ធផល​ល្អ​ដែល​ពួក​គេ​បាន​ទទួល​ដែរ។ ព័ត៌មាន​ទាំង​អស់​នេះ​បាន​សរសេរ​ទុក​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង។

ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​បំផុត យើង​ត្រូវ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​មួយ។ សំណួរ​នោះ​គឺ តើ​អ្នក​ណា​បាន​ឲ្យ​គម្ពីរ​ដល់​យើង? តើ​កូន​ឆ្លើយ​យ៉ាង​ណា?— ត្រូវ​ហើយ គម្ពីរ​ទាំង​មូល​គឺ​មក​ពី​ព្រះ។ ដូច្នេះ តើ​យើង​អាច​បង្ហាញ​ថា​យើង​ពិត​ជា​មាន​ប្រាជ្ញា​យ៉ាង​ដូច​ម្ដេច?— ដោយ​ស្តាប់​ព្រះ​និង​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់។

ដូច្នេះ យើង​ត្រូវ​ចំណាយ​ពេល​ដើម្បី​អាន​គម្ពីរ​ជា​មួយ​គ្នា។ ពេល​យើង​ទទួល​សំបុត្រ​មួយ​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់​យ៉ាង​ខ្លាំង យើង​អាន​ម្ដង​ហើយ​ម្ដង​ទៀត។ សំបុត្រ​នោះ​ពិសេស​ចំពោះ​យើង។ គម្ពីរ​ក៏​គួរ​តែ​ពិសេស​ចំពោះ​យើង​ដែរ ពី​ព្រោះ​គម្ពីរ​ជា​សំបុត្រ​មួយ​មក​ពី​អ្នក​ដែល​ស្រឡាញ់​យើង​បំផុត។ គឺ​ជា​សំបុត្រ​មួយ​ពី​ព្រះ​ដែល​ស្រឡាញ់​យើង។

សូម​ឆ្លៀត​ពេល​បន្តិច​ថែម​ទៀត​ដើម្បី​អាន​បទ​គម្ពីរ​ទាំង​នេះ ដែល​បង្ហាញ​ថា​គម្ពីរ​ពិត​ជា​បណ្ដាំ​របស់​ព្រះ ហើយ​បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង សូម​អាន រ៉ូម ១៥:៤ ធីម៉ូថេ​ទី២ ៣:១៦, ១៧ និង​ពេត្រុស​ទី២ ១:២០, ២១