លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី៣

អ្នក​ដែល​បាន​បង្កើត​អ្វីៗទាំង​អស់

អ្នក​ដែល​បាន​បង្កើត​អ្វីៗទាំង​អស់

តើ​អ្នក​ណា​បាន​បង្កើត​ជីវិត​ទាំង​ឡាយ?

ខ្ញុំ​ដឹង​អ្វី​មួយ​ដ៏​អស្ចារ្យ។ កូន​ចង់​ស្តាប់​ទេ?— សូម​មើល​ដៃ​របស់​កូន។ សូម​ក្ដាប់​ហើយ​លា​ដៃ​វិញ។ ឥឡូវ​សូម​រើស​របស់​មួយ។ ដៃ​របស់​កូន​អាច​ធ្វើ​អ្វី​ៗ​បាន​ច្រើន​យ៉ាង ហើយ​អាច​ធ្វើ​បាន​យ៉ាង​ល្អ​ផង។ តើ​កូន​ដឹង​ថា​អ្នក​ណា​បាន​បង្កើត​ដៃ​របស់​យើង​ទេ?—

ពិត​មែន គឺ​បុគ្គល​ដែល​បាន​បង្កើត​មាត់ ច្រមុះ និង​ភ្នែក​របស់​យើង។ បុគ្គល​នោះ​គឺ​ជា​ព្រះ​ដែល​ជា​បិតា​របស់​គ្រូ​ដ៏​ល្អ​ប្រសើរ។ យើង​សប្បាយ​ចិត្ត​ដែល​ព្រះ​បាន​ឲ្យ​យើង​មាន​ភ្នែក មែន​ទេ?— យើង​អាច​មើល​ឃើញ​អ្វី​ៗ​ជា​ច្រើន។ យើង​អាច​មើល​ផ្កា​នានា។ យើង​អាច​មើល​ស្មៅ​ព័ណ៌​បៃតង និង​មេឃ​ព័ណ៌​ខៀវ។ យើង​អាច​មើល​កូន​ចាប​ដែល​កំពុង​ស៊ី​ចំណី​ដូច​យើង​ឃើញ​ក្នុង​រូប​ភាព​នេះ។ ពិត​ជា​អស្ចារ្យ​ណាស់​ដែល​យើង​អាច​ឃើញ​របស់​ទាំង​នេះ មែន​ទេ?—

ក៏​ប៉ុន្តែ តើ​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ? តើ​មនុស្ស​បាន​បង្កើត​របស់​ទាំង​នេះ​ឬ? មិន​មែន​ទេ។ មនុស្ស​អាច​សង់ផ្ទះ​បាន។ ក៏​ប៉ុន្តែ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​បង្កើត​ស្មៅ​ដែល​ដុះ​ឡើង​បាន​ទេ។ មនុស្ស​មិន​អាច​បង្កើត​កូន​សត្វ ផ្កា ឬ​ជីវិត​ផ្សេង​ៗ​ណា​មួយ​ឡើយ។ តើ​កូន​ដឹង​អំពី​រឿង​នោះ​ទេ?—

ព្រះ​ជា​អ្នក​ដែល​បាន​បង្កើត​របស់​ទាំង​អស់​នេះ។ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​និង​ផែន​ដី។ លោក​ក៏​បាន​បង្កើត​មនុស្ស​ដែរ។ លោក​បាន​បង្កើត​បុរស​ទី១​និង​ស្ដ្រី​ទី១។ លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ​ក៏​បាន​បង្រៀន​អំពី​រឿង​នោះ​ដែរ។—ម៉ាថាយ ១៩:៤​-​៦

តើ​លោក​យេស៊ូ​ដឹង​ថា​ព្រះ​បាន​បង្កើត​បុរស​និង​ស្ដ្រី​យ៉ាង​ដូច​ម្ដេច? តើ​លោក​យេស៊ូ​បាន​ឃើញ​ព្រះ​ធ្វើ​ដូច្នោះ​ទេ?— លោក​បាន​ឃើញ​មែន។ លោក​យេស៊ូ​នៅ​ជា​មួយ​ព្រះ ពេល​ព្រះ​បង្កើត​បុរស​និង​ស្ដ្រី។ ព្រះ​បាន​បង្កើត​លោក​យេស៊ូ​មុន​គេ​បង្អស់។ លោក​យេស៊ូ​ជា​ទេវតា​មួយ​រូប ហើយ​លោក​បាន​រស់​នៅ​ស្ថាន​សួគ៌​ជា​មួយ​បិតា​របស់​លោក។

ក្នុង​គម្ពីរ​ព្រះ​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​យើង​បង្កើត​មនុស្ស›។ (​លោកុប្បត្តិ ១:២៦​) តើ​កូន​ដឹង​ថា​ព្រះ​កំពុង​និយាយ​ជា​មួយ​អ្នក​ណា​ទេ?— ព្រះ​និយាយ​ជា​មួយ​កូន​របស់​លោក។ ក្រោយ​មក​កូន​របស់​លោក​មក​ផែន​ដី ហើយ​មាន​ឈ្មោះ​ថា​យេស៊ូ។

គួរ​ឲ្យ​អស្ចារ្យ​ណាស់ មែន​ទេ? គិត​មើល! ពេល​យើង​ស្តាប់​លោក​យេស៊ូ យើង​កំពុង​ទទួល​ការ​បង្រៀន​ពី​អ្នក​ដែល​ធ្លាប់​រស់​នៅ​ជា​មួយ​ព្រះ ពេល​ព្រះ​បាន​បង្កើត​ផែន​ដី​និង​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់។ លោក​យេស៊ូ​បាន​រៀន​ច្រើន​ណាស់​ពេល​លោក​ធ្វើ​ការ​ជា​មួយ​បិតា​លោក​នៅ​ស្ថាន​សួគ៌។ នេះ​ច្បាស់​ជា​មូលហេតុ​ដែល​លោក​យេស៊ូ​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ!

តើ​កូន​គិត​ថា​ព្រះ​មិន​សប្បាយ​ដោយ​នៅ​ម្នាក់​ឯង​មុន​ពេល​ព្រះ​បាន​បង្កើត​បុត្រ​របស់​លោក​ឬ​ទេ?— មិន​មែន​ទេ លោក​សប្បាយ​ចិត្ត។ បើ​ព្រះ​សប្បាយ​ចិត្ត ហេតុ​អ្វី​ព្រះ​បាន​បង្កើត​ទេវតា មនុស្ស និង​សត្វ?— ព្រះ​បាន​ធ្វើ​ដូច្នេះ ពី​ព្រោះ​លោក​មាន​សេចក្ដី​ស្រឡាញ់។ ព្រះ​ចង់​ឲ្យ​ពួក​គេ​រស់​នៅ​ហើយ​មាន​អំណរ​នឹង​ជីវិត។ យើង​គួរ​អរគុណ​ព្រះ​ដែល​ឲ្យ​ជីវិត​ដល់​យើង។

អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង។ ព្រះ​បាន​បង្កើត​ថ្ងៃ​ដើម្បី​ឲ្យ​យើង​ទទួល​ពន្លឺ​និង​ទទួល​កម្ដៅ។ បើ​គ្មាន​ថ្ងៃ​ទេ នោះ​អ្វី​ៗ​ទាំង​អស់​នឹង​ត្រជាក់ ហើយ​គ្មាន​ជីវិត​នៅ​ផែន​ដី​ឡើយ។ តើ​កូន​សប្បាយ​ចិត្ត​ទេ​ដែល​ព្រះ​បាន​បង្កើត​ថ្ងៃ?—

ព្រះ​ក៏​ធ្វើ​ឲ្យ​មាន​ភ្លៀង​ដែរ។ ជួន​កាល​កូន​មិន​ចូល​ចិត្ត​ពេល​មាន​ភ្លៀង​ទេ ព្រោះ​កូន​មិន​អាច​ចេញ​ទៅ​លេង​ខាង​ក្រៅ​បាន។ ក៏​ប៉ុន្តែ ភ្លៀង​ជួយ​ឲ្យ​ផ្កា​ដុះ។ ដូច្នេះ ពេល​យើង​ឃើញ​ផ្កា​ស្អាត​ៗ តើ​យើង​នឹង​អរគុណ​អ្នក​ណា?— អរគុណ​ព្រះ។ តើ​យើង​គួរ​អរគុណ​អ្នក​ណា​ពេល​យើង​ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​ដែល​មាន​រស​ជាតិ​ឆ្ងាញ់?— យើង​គួរ​អរគុណ​ព្រះ ពី​ព្រោះ​ព្រះ​ជា​អ្នក​បង្កើត​ថ្ងៃ​និង​ភ្លៀង​ដែល​ធ្វើ​ឲ្យ​អ្វី​ៗ​លូត​លាស់។

ឧបមា​ថា មាន​មនុស្ស​ម្នាក់​សួរ​កូន​ថា‹តើ​ព្រះ​បាន​បង្កើត​មនុស្ស​និង​សត្វ​ទេ?›។ តើ​កូន​នឹង​ឆ្លើយ​យ៉ាង​ណា?— គឺ​ត្រឹម​ត្រូវ​បើ​ឆ្លើយ​ថា​«​មែន! ព្រះ​បាន​បង្កើត​មនុស្ស​និង​សត្វ​»។ ចុះ​យ៉ាង​ណា​វិញ បើ​គេ​មិន​ជឿ​ថា​ព្រះ​ពិត​ជា​បាន​បង្កើត​មនុស្ស? ចុះ​បើ​ពួក​គេ​ថា​មនុស្ស​កើត​មក​ពី​សត្វ? គម្ពីរ​មិន​បាន​បង្រៀន​ដូច្នេះ​ទេ។ គម្ពីរ​ប្រាប់​ថា​ព្រះ​បាន​បង្កើត​ជីវិត​ទាំង​ឡាយ។—លោកុប្បត្តិ ១:២៦​-​៣១

ដោយ​សារ​ផ្ទះ​មាន​អ្នក​សង់ តើ​អ្នក​ណា​ដែល​បាន​បង្កើត​ផ្កា ដើម​ឈើ និង​សត្វ?

ក៏​ប៉ុន្តែ ប្រហែល​ជា​មាន​អ្នក​ណា​ម្នាក់​និយាយ​ថា គាត់​មិន​ជឿ​ព្រះ​ទេ។ តើ​កូន​នឹង​ឆ្លើយ​យ៉ាង​ណា?— សូម​កូន​ចង្អុល​ទៅ​ផ្ទះ​មួយ។ រួច​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ណា​សង់ផ្ទះ​នោះ?​»។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ផ្ទះ​មាន​អ្នក​សង់។ ផ្ទះ​ប្រាកដជា​មិន​បាន​កើត​ឡើង​ដោយ​ឯកឯង​ទេ!—ហេប្រឺ ៣:៤

បន្ទាប់​មក កូន​នាំ​គាត់​ទៅ​សួន​ច្បារ​មួយ រួច​បង្ហាញ​ផ្កា ហើយ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ណាបង្កើត​ផ្កា​នេះ?​»។ គ្មាន​មនុស្ស​ណា​ម្នាក់​បង្កើត​ផ្កា​ទេ។ ដូច​ជា​ផ្ទះ​មិន​កើត​ឡើង​ដោយ​ឯកឯង ដូច្នេះ ផ្កា​នេះ​ក៏​មិន​បាន​កើត​ឡើង​ដោយ​ឯកឯង​ដែរ។ ត្រូវ​មាន​អ្នក​បង្កើត។ អ្នក​បង្កើត​គឺ​ជា​ព្រះ។

សូម​ឲ្យ​គាត់​ស្តាប់​សំឡេង​ចាប​យំ។ បន្ទាប់​មក​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​ណា​បាន​បង្កើត​ចាប​ហើយ​បង្រៀន​វា​ឲ្យ​ចេះ​យំ?​»។ គឺ​ជា​ព្រះ។ ព្រះ​គឺ​ជា​អ្នក​ដែល​បាន​បង្កើត​ស្ថាន​សួគ៌​និង​ផែន​ដី ព្រម​ទាំង​ជីវិត​ទាំង​ឡាយ! លោក​គឺ​ជា​អ្នក​ដែល​ផ្ដល់​ជីវិត។

ក៏​ប៉ុន្តែ អ្នក​ណា​ម្នាក់​ប្រហែល​ជា​និយាយ​ថា គាត់​ជឿ​ទៅ​លើ​អ្វី​ដែល​គាត់​អាច​ឃើញ​តែ​ប៉ុណ្ណោះ។ ប្រហែល​ជា​គាត់​ចង់​ថា ‹អ្វី​ដែល​ខ្ញុំ​មិន​ឃើញ ខ្ញុំ​មិន​ជឿ​ទេ›។ ដូច្នេះ មនុស្ស​ខ្លះ​ប្រាប់​ថា ពួក​គេ​មិន​ជឿ​ទៅ​លើ​ព្រះ ដោយ​សារ​ពួក​គេ​មិន​អាច​ឃើញ​លោក។

នេះ​ជា​ការ​ពិត​ដែល​យើង​មិន​អាច​ឃើញ​ព្រះ។ គម្ពីរ​ប្រាប់​ថា​៖ ‹គ្មាន​មនុស្ស​ណា​អាច​ឃើញ​ព្រះ​ឡើយ›។ គ្មាន​បុរស ស្ដ្រី ឬ​កូន​ក្មេង​ណា​ម្នាក់​នៅ​ផែន​ដី​ដែល​អាច​ឃើញ​ព្រះ​ទេ។ ដូច្នេះ មនុស្ស​មិន​គួរ​ខំ​គូរ​រូប​ឬ​ធ្វើ​រូប​តំណាង​ព្រះ​ឡើយ។ ព្រះ​ប្រាប់​យើង​ថា យើង​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ទេ។ ដូច្នេះ​ហើយ ព្រះ​មិន​ពេញ​ចិត្ត​ឲ្យ​យើង​មាន​របស់​ដូច​នោះ​ក្នុង​ផ្ទះ​ឡើយ។—និក្ខមនំ ២០:៤, ៥; ៣៣:២០; យ៉ូហាន ១:១៨

បើ​យើង​មិន​អាច​ឃើញ​ព្រះ ចុះ​តើ​កូន​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ពិត​ជា​មាន​ព្រះ​មែន? សូម​គិត​អំពី​រឿង​នេះ។ តើ​កូន​ឃើញ​ខ្យល់​ទេ?— អត់​ទេ។ គ្មាន​អ្នក​ណា​ម្នាក់​អាច​ឃើញ​ខ្យល់​ទេ។ ប៉ុន្តែ កូន​អាច​ឃើញ​អ្វី​ដែល​ខ្យល់​បក់​ផាត់។ កូន​អាច​ឃើញ​ស្លឹក​ឈើ​បក់​រវិច​ៗ ពេល​ខ្យល់​បក់​ផាត់​ទៅ​លើ​មែក​ឈើ។ ពេល​នោះ​កូន​ជឿ​ថា​មាន​ខ្យល់​ហើយ មែន​ទេ?

តើ​តាម​របៀប​ណា​ដែល​កូន​ដឹង​ថា​មាន​ខ្យល់?

កូន​ក៏​អាច​ឃើញ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ដែរ។ ពេល​កូន​ឃើញ​ផ្កា ឬ​សត្វ​ចាប កូន​ដឹង​ថា ព្រះ​បាន​បង្កើត​របស់​ទាំង​នោះ។ ដូច្នេះ កូន​ជឿ​ថា ពិត​ជា​មាន​ព្រះ​មែន។

ប្រហែល​មាន​គេ​សួរ​កូន​ថា ‹តើ​អ្នក​ណា​បាន​បង្កើត​ថ្ងៃ​និង​ផែន​ដី?›។ គម្ពីរ​ប្រាប់​ថា​៖ ​«​ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែន​ដី​»។ (​លោកុប្បត្តិ ១:១​) ត្រូវ​ហើយ ព្រះ​បាន​បង្កើត​អ្វី​ៗ​ដ៏​អស្ចារ្យ​ទាំង​នេះ​មែន! តើ​កូន​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​រឿង​នោះ?—

យើង​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​មាន​ជីវិត មែន​ទេ? យើង​អាច​ឮ​សត្វ​ចាប​យំ​យ៉ាងពីរោះ។ យើង​អាច​ឃើញ​ផ្កា​និង​អ្វី​ឯ​ទៀត​ដែល​ព្រះ​បាន​បង្កើត។ យើង​ក៏​អាច​ញ៉ាំ​ចំណី​អាហារ​ដែល​ព្រះ​បាន​ឲ្យ​យើង​ដែរ។

យើង​គួរ​អរគុណ​ព្រះ​សម្រាប់​អ្វី​ៗ​ទាំង​អស់​នេះ។ សំខាន់​បំផុត យើង​គួរ​អរគុណ​លោក​ដែល​ឲ្យ​ជីវិត​យើង។ បើ​យើង​ពិត​ជា​មាន​ចិត្ត​ដឹង​គុណ​មែន នោះ​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី​មួយ។ តើ​នោះ​ជា​អ្វី?— យើង​នឹង​ស្តាប់​ព្រះ ហើយ​ធ្វើ​តាម​ពាក្យ​របស់​លោក​ដែល​មាន​ក្នុង​គម្ពីរ។ ធ្វើ​ដូច្នោះ យើង​អាច​បង្ហាញ​ថា យើង​ស្រឡាញ់​អ្នក​ដែល​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់។

យើង​គួរ​ដឹង​គុណ​ព្រះ​សម្រាប់​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ។ តើ​តាម​របៀប​ណា? សូម​អាន​អ្វី​ដែល​បាន​សរសេរ​ទុក​នៅ ទំនុក​តម្កើង ១៣៩:១៤ យ៉ូហាន ៤:២៣, ២៤ យ៉ូហាន​ទី១ ៥:២១ និង​ការ​បើក​បង្ហាញ ៤:១១