លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤

ព្រះ​មាន​ឈ្មោះ

ព្រះ​មាន​ឈ្មោះ

ពេល​កូន​ជួប​អ្នក​ណា​ម្នាក់​ជា​លើក​ដំបូង តើ​កូន​តែង​តែ​សួរ​អ្វី​មុន​គេ?— មែន​ហើយ កូន​សួរ​ឈ្មោះ​គាត់។ យើង​ទាំង​អស់​គ្នា​មាន​ឈ្មោះ។ ព្រះ​បាន​ដាក់​ឈ្មោះ​បុរស​ទី១​នៅ​ផែន​ដី។ លោក​បាន​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា​អាដាម។ ប្រពន្ធ​របស់​អាដាម​ឈ្មោះ​អេវ៉ា។

ក៏​ប៉ុន្តែ មិន​គ្រាន់​តែ​មនុស្ស​ទេ​ដែល​មាន​ឈ្មោះ។ សូម​គិត​មើល អ្វី​ផ្សេង​ទៀត​ក៏​មាន​ឈ្មោះ​ដែរ។ ពេល​កូន​មាន​ឆ្កែ​ឬ​ឆ្មា កូន​ដាក់​ឈ្មោះ​ឲ្យ​វា មែន​ទេ?— មែន​ហើយ ការ​មាន​ឈ្មោះ​គឺ​សំខាន់​ណាស់។

សូម​ងើយ​មើល​ផ្កាយ​ច្រើន​រាប់​មិន​អស់​នៅ​ពេល​យប់។ តើ​កូន​គិត​ថា ផ្កាយ​ទាំង​នោះ​មាន​ឈ្មោះ​ទេ?— ត្រូវ​ហើយ ព្រះ​បាន​ដាក់​ឈ្មោះ​ផ្កាយ​នីមួយ​ៗ​នៅ​លើ​មេឃ។ គម្ពីរ​ប្រាប់​ថា​៖ ‹លោក​រាប់​ចំនួន​នៃ​អស់​ទាំង​ផ្កាយ ក៏​ហៅ​បាន​តាម​ឈ្មោះ​ទាំង​អស់›។—ទំនុក​តម្កើង ១៤៧:៤

តើ​កូន​ដឹង​ថា​ផ្កាយ​ទាំង​អស់​មាន​ឈ្មោះ​ទេ?

តើ​កូន​គិត​ថា អ្នក​ណា​ជា​បុគ្គល​ដ៏​សំខាន់​បំផុត​ក្នុង​សកលលោក​ទាំង​មូល?— ពិត​មែន គឺ​ជា​ព្រះ។ តើ​កូន​គិត​ថា​លោក​មាន​ឈ្មោះ​ទេ?— លោក​យេស៊ូ​បាន​និយាយ​ថា ព្រះ​មាន​ឈ្មោះ។ នៅ​ពេល​មួយ​លោក​យេស៊ូ​បាន​អធិដ្ឋាន​ទៅ​ព្រះ​ថា​៖ ‹ខ្ញុំ​បាន​សម្ដែង​ឲ្យ​អ្នក​កាន់​តាម​ខ្ញុំ​ស្គាល់​ឈ្មោះ​របស់​លោក›។ (​យ៉ូហាន ១៧:២៦​) តើ​កូន​ស្គាល់​ឈ្មោះ​របស់​ព្រះ​ទេ?— ខ្លួន​លោក​ផ្ទាល់​បាន​ប្រាប់​ឈ្មោះ​របស់​លោក​ដល់​យើង។ លោក​និយាយ​ថា​៖ ‹ខ្ញុំ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​ខ្ញុំ›។ ដូច្នេះ ឈ្មោះ​របស់​ព្រះ​គឺ​យេហូវ៉ា។—អេសាយ ៤២:៨

តើ​កូន​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​អ្នក​ឯ​ទៀត​ចាំ​ឈ្មោះ​របស់​កូន?— កូន​សប្បាយ​ចិត្ត មែន​ទេ?— ព្រះ​យេហូវ៉ា​ក៏​ចង់​ឲ្យ​មនុស្ស​ស្គាល់​ឈ្មោះ​របស់​លោក​ដែរ។ ដូច្នេះ ពេល​យើង​និយាយ​អំពី​ព្រះ យើង​គួរ​ប្រើ​ឈ្មោះ​របស់​លោក​គឺ​យេហូវ៉ា។ គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​ប្រើ​ឈ្មោះ​របស់​ព្រះ គឺ​យេហូវ៉ា ពេល​ដែល​លោក​និយាយ​ជា​មួយ​មនុស្ស​ឯ​ទៀត។ ពេល​មួយ លោក​យេស៊ូ​បាន​និយាយ​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត​»។—ម៉ាកុស ១២:៣០

លោក​យេស៊ូ​ដឹង​ថា​ឈ្មោះ​«​យេហូវ៉ា​»​គឺ​សំខាន់​ណាស់។ ដូច្នេះ លោក​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​ប្រើ​ឈ្មោះ​របស់​ព្រះ។ លោក​ក៏​បាន​បង្រៀន​ពួក​គាត់​ឲ្យ​ប្រើ​ឈ្មោះ​របស់​ព្រះ​ពេល​អធិដ្ឋាន​ដែរ។ លោក​យេស៊ូ​ដឹង​ច្បាស់​ថា ព្រះ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ស្គាល់​ឈ្មោះ​របស់​លោក​គឺ​យេហូវ៉ា។

យូរ​យារ​មក​ហើយ​ព្រះ​បាន​បង្ហាញ​សារៈសំខាន់​នៃ​ឈ្មោះ​របស់​លោក​ដល់​បុរស​ម្នាក់​ឈ្មោះ​ម៉ូសេ។ គាត់​ជា​កូន​អ៊ីស្រាអែល​ម្នាក់។ ពួក​កូន​អ៊ីស្រាអែល​បាន​ត្រូវ​ហៅ​ថា​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​ធ្លាប់​រស់​នៅ​ស្រុក​អេស៊ីប។ មនុស្ស​រស់​នៅ​ស្រុក​នោះ​ហៅ​ថា​ជន​ជាតិ​អេស៊ីប។ ជន​ជាតិ​អេស៊ីប​បាន​យក​ពួក​កូន​អ៊ីស្រាអែល​ធ្វើ​ជា​ខ្ញុំ​បម្រើ ហើយ​ប្រព្រឹត្ត​យ៉ាង​ឃោរ​ឃៅ​ទៅ​លើ​ពួក​គេ។ ពេល​ម៉ូសេ​ធំ​ឡើង គាត់​ព្យាយាម​ជួយ​ជន​ជាតិ​របស់​គាត់​ម្នាក់។ នេះ​បាន​ធ្វើ​ឲ្យ​ផារ៉ូ​ដែល​ជា​ស្ដេច​នៃ​ស្រុក​អេស៊ីប​ខឹង។ ស្ដេច​នោះ​ចង់​សម្លាប់​ម៉ូសេ! ហេតុ​នោះ ម៉ូសេ​ក៏​រត់​ចេញ​ពី​ស្រុក​អេស៊ីប។

ម៉ូសេ​បាន​ទៅ​រស់​នៅ​ស្រុក​មួយ​ទៀត គឺ​ស្រុក​ម៉ាឌាន។ នៅ​ទី​នោះ​ម៉ូសេ​បាន​រៀប​ការ ហើយ​មាន​កូន។ គាត់​ជាអ្នក​ឃ្វាល​ចៀម។ ថ្ងៃ​មួយ ពេល​ម៉ូសេ​ជាប់​រវល់​ឃ្វាល​ចៀម​នៅ​ជិត​ភ្នំ គាត់​បាន​ឃើញ​អ្វី​ដ៏​អស្ចារ្យ។ គឺ​ជា​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ តែ​ឆេះ​មិន​សុស​ទេ! ម៉ូសេ​បាន​ចូល​ទៅ​កាន់​តែ​ជិត​ដើម្បី​មើល​ឲ្យ​បាន​ច្បាស់​ជាង។

តើ​កូន​ដឹង​ថា​មាន​អ្វី​បាន​កើត​ឡើង​ទេ?— ម៉ូសេ​បាន​ឮ​សំឡេង​ចេញ​ពី​កណ្ដាល​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ ហៅ​គាត់​ថា​៖ ‹ម៉ូសេ! ម៉ូសេ!›។ តើ​អ្នក​ណា​និយាយ​ពាក្យ​ទាំង​នោះ?— គឺ​ព្រះ​ជា​អ្នក​និយាយ! ព្រះ​មាន​ការ​ងារ​ច្រើន​ឲ្យ​ម៉ូសេ​ធ្វើ។ ព្រះ​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​មក ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​ផារ៉ូ ជា​ស្ដេច​នៃ​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​អ្នក​បាន​នាំ​រាស្ដ្រ​ខ្ញុំ គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប›។ ព្រះ​សន្យា​ថា​នឹង​ជួយ​ម៉ូសេ។

នៅ​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ តើ​ម៉ូសេ​បាន​រៀន​មេរៀន​ដ៏​សំខាន់​អ្វី?

ក៏​ប៉ុន្តែ ម៉ូសេ​បាន​ឆ្លើយ​តប​ទៅ​ព្រះ​ថា​៖ ‹មើល បើ​ខ្ញុំ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីប ហើយ​ប្រាប់​គេ​ថា​ព្រះ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក រួច​គេ​សួរ​ខ្ញុំ​ថា​៖ ​«​តើ​ព្រះ​ឈ្មោះ​អ្វី?​»​ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ប្រាប់​គេ​ថា​ដូច​ម្ដេច?›។ ព្រះ​និយាយ​ទៅ​ម៉ូសេ​ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ហើយ​លោក​ប្រាប់​ខ្ញុំ​ថា យេហូវ៉ា​ជា​ឈ្មោះ​របស់​លោក​ជា​រៀង​រហូត›។ (​និក្ខមនំ ៣:១​-​១៥​) នេះ​បង្ហាញ​ថា​ព្រះ​នឹង​រក្សា​ឈ្មោះ​របស់​លោកគឺ​យេហូវ៉ា។ លោក​នឹង​មិន​ប្ដូរ​ឈ្មោះ​នោះ​ទេ។ ព្រះ​ចង់​ឲ្យ​មនុស្ស​ស្គាល់​លោក​តាម​ឈ្មោះ​របស់​លោក​ជា​រៀង​រហូត គឺ​យេហូវ៉ា។

តើ​ព្រះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្គាល់​ឈ្មោះ​របស់​លោក​នៅ​សមុទ្រ​ក្រហម​យ៉ាង​ដូច​ម្ដេច?

ពេល​ម៉ូសេ​ត្រឡប់​មក​ស្រុក​អេស៊ីប​វិញ ពួក​អេស៊ីប​គិត​ថា​ព្រះ​យេហូវ៉ា​គ្រាន់​តែ​ជា​ព្រះ​តូច​តាច​របស់​ពួក​កូន​អ៊ីស្រាអែល​ប៉ុណ្ណោះ។ ពួក​គេ​មិន​បាន​គិត​ថា​លោក​ជា​ព្រះ​នៃ​ផែន​ដី​ទាំង​មូល​ទេ។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ស្ដេច​ស្រុក​អេស៊ីប​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គេ​បាន​ស្គាល់​ឈ្មោះ​ខ្ញុំ​នៅ​ទូ​ទាំង​ផែន​ដី›។ (​និក្ខមនំ ៩:១៦​) ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​ឈ្មោះ​លោក​មែន។ តើ​កូន​ដឹង​ថា​លោក​បាន​ធ្វើ​ដូច្នោះ​យ៉ាង​ដូច​ម្ដេច?—

ពិត​មែន លោក​បាន​ចាត់​ឲ្យ​ម៉ូសេ​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប។ ពេល​ពួក​អ៊ីស្រាអែល​មក​ដល់​សមុទ្រ​ក្រហម ព្រះ​យេហូវ៉ា​បាន​ញែក​ទឹក​សមុទ្រ​ចេញ​ពី​គ្នា​ដើម្បី​ឲ្យ​មាន​ផ្លូវ​គោក។ ដូច្នេះ ពួក​អ៊ីស្រាអែល​អាច​ដើរ​កាត់​តាម​ផ្លូវ​គោក​នោះ​ដោយ​សុវត្ថិភាព។ ក៏​ប៉ុន្តែ បន្ទាប់​ពី​ផារ៉ូ​និង​ពួក​កង​ទ័ព​បាន​ចូល​ទៅ​ដល់​បាត​សមុទ្រ​ដែល​រីង​ស្ងួត ស្រាប់​តែ​ទឹក​ដែល​បាន​ត្រូវ​ទប់​ទាំង​សង​ខាង​ធ្លាក់​គ្រប​មក​លើ​ពួក​អេស៊ីប ហើយ​ពួក​គេ​ក៏​លង់​ស្លាប់​អស់។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក មនុស្ស​ទូ​ទាំង​ផែន​ដី​បាន​ឮ​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​នៅ​សមុទ្រ​ក្រហម។ តើ​យើង​ដឹង​ថា​ពួក​គេ​បាន​ឮ​រឿង​នោះ​តាម​របៀប​ណា?— ប្រហែល​៤០​ឆ្នាំ​ក្រោយ​មក ពួក​អ៊ីស្រាអែល​បាន​មក​ស្រុក​កាណាន ជា​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យដល់​ពួក​គេ។ នៅ​ទី​នោះ​នារី​ម្នាក់​ឈ្មោះ​រ៉ាហាប​បាន​ប្រាប់​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់​ថា​៖ ‹យើង​ឮ​ថា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​រីង​ទៅ នៅ​មុខ​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីប›។—យ៉ូស្វេ ២:១០

សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ដូច​ពួក​អេស៊ីប​នៅ​ជំនាន់​នោះ​ដែរ។ ពួក​គេ​មិន​ជឿ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ផែន​ដី​ទាំង​មូល​ទេ។ ដូច្នេះ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​បម្រើ​របស់​លោក​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​លោក។ នេះ​ជា​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ។ មិន​យូរ​ប៉ុន្មាន​មុន​លោក​ស្លាប់ លោក​បាន​អធិដ្ឋាន​ជម្រាបព្រះ​យេហូវ៉ា​ថា​៖ ​«​ខ្ញុំ​បាន​សម្ដែង​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក​»។—យ៉ូហាន ១៧:២៦

លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្គាល់​ឈ្មោះ​របស់​ព្រះ តើ​កូន​អាច​បង្ហាញ​ឬ​ចង្អុល​ឈ្មោះ​របស់​ព្រះ​ក្នុង​គម្ពីរ​បាន​ទេ?

តើ​កូន​ចង់​ធ្វើ​ដូច​លោក​យេស៊ូ​ទេ? បើ​ចង់ សូម​កូន​ប្រាប់​មនុស្ស​ឯ​ទៀត​ថា​ឈ្មោះ​របស់​ព្រះ​គឺ​យេហូវ៉ា។ កូន​ប្រហែល​ជា​ឃើញ​ថា​មនុស្ស​ជា​ច្រើន​មិន​ស្គាល់​ឈ្មោះ​លោក​ទេ។ ដូច្នេះ កូន​អាច​បង្ហាញ​ពួក​គេ​បទ​គម្ពីរ​នៅ​ទំនុក​តម្កើង ៨៣:១៨។ ឥឡូវ​សូម​កូន​យក​គម្ពីរ ហើយ​យើង​នឹង​រក​បទ​គម្ពីរ​នោះ​ជា​មួយ​គ្នា។ បទ​គម្ពីរ​នោះ​ចែង​ថា​៖ ​«​ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល​»។

តើ​កូន​បាន​រៀន​អ្វី​ពី​បទ​គម្ពីរ​នេះ?— មែន​ហើយ យើង​រៀន​ថា​យេហូវ៉ា​ជា​ឈ្មោះ​ដែល​មាន​អត្ថន័យ​សំខាន់​ជាង​ឈ្មោះ​ឯ​ទៀត​ទាំង​អស់។ គឺ​ជា​ឈ្មោះ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ជា​បិតា​របស់​លោក​យេស៊ូ និង​ជា​អ្នក​ដែល​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់។ បន្ថែម​ទៀត​សូម​កូន​ចាំ​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ដួង​ចិត្ត​របស់​យើង។ តើ​កូន​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទេ?—

តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា?— វិធី​មួយ គឺ​ដោយ​យើង​ខំ​រៀន​ដើម្បី​ស្គាល់​លោក​ដូច​ជា​មិត្ត​ម្នាក់។ វិធី​មួយ​ទៀត យើង​ត្រូវ​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​ឈ្មោះ​របស់​លោក។ យើង​អាច​បង្ហាញ​ពួក​គេ​ពី​គម្ពីរ​តែ​ម្ដង​ថា​ឈ្មោះ​របស់​លោក​គឺ​យេហូវ៉ា។ យើង​ក៏​អាច​ប្រាប់​អំពី​អ្វី​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត និង​របស់​ល្អ​ៗ​ជា​ច្រើន​ដែល​លោក​បាន​ធ្វើ​ដែរ។ នេះ​ពិត​ជា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីក​រាយ​ចិត្ត​ណាស់ ពី​ព្រោះ​លោក​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង​អំពី​លោក។ យើង​អាច​រួម​ចំណែក​ក្នុង​កិច្ច​ការ​នោះ មែន​ទេ?—

ពេល​យើង​និយាយ​អំពី​ព្រះ​យេហូវ៉ា មិន​មែន​មនុស្ស​ទាំង​អស់​ចង់​ស្តាប់​ទេ។ សូម្បី​តែ​ពេល​លោក​យេស៊ូ​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ​និយាយ​អំពី​ព្រះ ក៏​មនុស្ស​ជា​ច្រើន​មិន​ស្តាប់​លោក​ដែរ។ ប៉ុន្តែ នោះ​មិន​ធ្វើ​ឲ្យ​លោក​យេស៊ូ​ឈប់​និយាយ​អំពី​ព្រះ​យេហូវ៉ា​ឡើយ។

ដូច្នេះ សូម​ឲ្យ​យើង​ធ្វើ​ដូច​លោក​យេស៊ូ។ សូម​បន្ត​និយាយ​អំពី​ព្រះ​យេហូវ៉ា។ បើ​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត​យើង ពី​ព្រោះ​យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ឈ្មោះ​របស់​លោក។

ឥឡូវ​សូម​អាន​បទ​គម្ពីរ​ពីរ​បី​ថែម​ទៀត​ជា​មួយ​គ្នា​ដែល​បង្ហាញ​ថា ឈ្មោះ​របស់​ព្រះ​គឺ​សំខាន់​នៅ អេសាយ ១២:៤, ៥ ម៉ាថាយ ៦:៩ យ៉ូហាន ១៧:៦ និង​រ៉ូម ១០:១៣