លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៣

ពួក​អ្នក​ដែល​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ

ពួក​អ្នក​ដែល​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ

តើ​បុរស​នេះ​ជា​អ្នក​ណា ហើយ​តើ​គាត់​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​ណា​ជា​អ្នក​បម្រើ​ល្អ​ជាង​គេ​របស់​ព្រះ​ដែល​ធ្លាប់​រស់​នៅ?— កូន​ឆ្លើយ​ត្រូវ​ហើយ គឺ​លោក​យេស៊ូ​គ្រិស្ដ។ តើ​កូន​គិត​ថា យើង​អាច​ធ្វើ​ដូច​លោក​ទេ?— គម្ពីរ​ចែង​ថា​លោក​យេស៊ូ​បាន​ទុក​គំរូ​ឲ្យ​យើង​ធ្វើ​តាម។ បន្ថែម​ទៀត លោក​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក។

តើ​កូន​ដឹង​ទេ​ថា ការ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​មាន​ន័យ​ដូច​ម្ដេច?— មាន​ន័យ​ច្រើន​យ៉ាង​ណាស់​កូន។ មុន​ដំបូង យើង​ត្រូវ​រៀន​ពី​លោក។ ប៉ុន្តែ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ យើង​ក៏​ត្រូវ​ជឿ​ជាក់​ទៅ​លើ​អ្វី​ដែល​លោក​បាន​និយាយ​ដែរ។ បើ​យើង​ជឿ យើង​នឹង​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់​យើង។

មនុស្ស​ជា​ច្រើន​និយាយ​ថា​ពួក​គេ​ជឿ​ទៅ​លើ​លោក​យេស៊ូ។ តើ​កូន​គិត​ថា ពួក​គេ​ទាំង​អស់​គ្នា​ពិត​ជា​អ្នក​កាន់​តាម​លោក​ទេ?— ពួក​គេ​ភាគ​ច្រើន​មិន​មែន​ជា​អ្នក​កាន់​តាម​លោក​ទេ។ ពួក​គេ​ប្រហែល​ជា​ទៅ​វិហារ។ ប៉ុន្តែ ពួក​គេ​ជា​ច្រើន​មិន​ដែល​ចំណាយ​ពេល​ដើម្បី​រៀន​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​ទេ។ មែន​ហើយ មាន​តែ​អស់​អ្នក​ដែល​ធ្វើ​តាម​គំរូ​លោក​យេស៊ូ​ប៉ុណ្ណោះ ដែល​ជា​អ្នក​កាន់​តាម​លោក។

ពេល​លោក​យេស៊ូ​ជា​មនុស្ស​នៅ​ផែន​ដី តើ​អ្នក​ណា​ខ្លះ​ជា​អ្នក​កាន់​តាម​លោក? ក្នុង​ចំណោម​អ្នក​កាន់​តាម​ដំបូង​របស់​លោក​យេស៊ូ មាន​បុរស​ម្នាក់​ឈ្មោះ​ភីលីព។ ក្រោយ​មក ភីលីព​បាន​ទៅ​រក​មិត្ត​របស់​គាត់​ឈ្មោះ​ណាថាណែល(​ក៏​ហៅ​ថា​បាថូឡូម៉េ​ដែរ​)។ ពេល​នោះ​ណាថាណែល​កំពុង​អង្គុយ​ក្រោម​ដើម​ឈើ ដូច​កូន​ឃើញ​ក្នុង​រូប​ភាព​នេះ។ ពេល​ដែល​ណាថាណែល​មក​រក​លោក​យេស៊ូ លោក​បាន​និយាយ​ថា​៖ ‹មើល​ហ្ន៎! ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ពិត​ម្នាក់ ដែល​ជា​បុរស​ទៀង​ត្រង់›។ ណាថាណែល​ភ្ញាក់​ផ្អើល​ហើយ​សួរ​ថា​៖ ​«​ហេតុ​អ្វី​លោក​ស្គាល់​ខ្ញុំ?​»។

តើ​អ្នក​ណា​ខ្លះ​ដែល​លោក​យេស៊ូ​កំពុង​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក?

លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​មុន​ភីលីព​ហៅ​អ្នក កាល​ដែល​អ្នក​នៅ​ក្រោម​ដើម​ល្វា​នៅ​ឡើយ ខ្ញុំ​បាន​ឃើញ​អ្នក​ហើយ​»។ ណាថាណែល​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដែល​លោក​យេស៊ូ​ដឹង​ច្បាស់​ថា​គាត់​នៅ​កន្លែង​ណា។ ដូច្នេះ​ណាថាណែល​និយាយ​ថា​៖ ​«​លោក​ជា​បុត្រ​របស់​ព្រះ ហើយ​លោក​ជា​ស្ដេច​នៃ​អ៊ីស្រាអែល​»។—យ៉ូហាន ១:៤៩

យូដាស​អ៊ីស្ការីយ៉ុត យូដាស (​ក៏​ហៅ​ថា ថាដេ​ដែរ​) ស៊ីម៉ូន

ប៉ុន្តែ​មួយ​ថ្ងៃ​មុន ដែល​ភីលីព​និង​ណាថាណែល​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ក៏​មាន​បុរស​ផ្សេង​ទៀត​ចាប់​ផ្ដើម​កាន់​តាម​លោក​ដែរ។ បុរស​ទាំង​នោះ​មាន​អនទ្រេ​និង​បង​ប្រុស​របស់​គាត់​ឈ្មោះ​ពេត្រុស ព្រម​ទាំង​យ៉ូហាន​និង​បង​ប្រុស​របស់​គាត់​ឈ្មោះ​យ៉ាកុប។ (​យ៉ូហាន ១:៣៥​-​៥១​) ប៉ុន្តែ មួយ​រយៈ​ក្រោយ​មក បុរស​ទាំង​បួន​នាក់​នោះ​បាន​ត្រឡប់​ទៅ​នេសាទ​ត្រី​វិញ។ រួច​មាន​ថ្ងៃ​មួយ ពេល​លោក​យេស៊ូ​កំពុង​ដើរ​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ លោក​បាន​ឃើញ​ពេត្រុស​និង​អនទ្រេ​កំពុង​បង់​សំណាញ់​ទៅ​ក្នុង​សមុទ្រ។ ដូច្នេះ លោក​យេស៊ូ​និយាយ​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​ចុះ!​»។

យ៉ាកុប (​កូន​អាល់ផៀស​) ថូម៉ាស់ ម៉ាថាយ

បន្ទាប់​មក លោក​យេស៊ូ​បាន​ដើរ​ទៅ​មុខ​បន្តិច លោក​ឃើញ​យ៉ាកុប​និង​យ៉ូហាន​នៅ​ក្នុង​ទូក​ជា​មួយ​ឪពុក កំពុង​ជួស​ជុល​សំណាញ់។ លោក​យេស៊ូ​ក៏​បាន​ហៅ​ពួក​គាត់​ឲ្យ​មក​តាម​លោក​ដែរ។ បើ​កូន​នៅ​ទី​នោះ ហើយ​លោក​យេស៊ូ​ហៅ​កូន តើ​កូន​នឹង​ធ្វើ​អ្វី? តើ​កូន​នឹង​ទៅ​តាម​លោក​ភ្លាម​ទេ?— បុរស​ទាំង​នេះ​ដឹង​ថា​លោក​យេស៊ូ​ជា​អ្នក​ណា ហើយ​ក៏​ដឹង​ថា​ព្រះ​បាន​ចាត់​លោក​ឲ្យ​មក។ ដូច្នេះ ពួក​គាត់​បាន​បោះ​បង់​ចោល​របរ​នេសាទ​ត្រី ហើយ​ទៅ​តាម​លោក​យេស៊ូ​ភ្លាម។—ម៉ាថាយ ៤:១៨​-​២២

ណាថាណែល ភីលីព យ៉ូហាន

ពេល​បុរស​ទាំង​នេះ​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ តើ​នេះ​មាន​ន័យ​ថា ក្រោយ​មក​ពួក​គាត់​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឬ?— មិន​មែន​ទេ។ ប្រហែល​ជា​កូន​នៅ​ចាំ បុរស​ទាំង​នេះ​ធ្លាប់​ប្រកែក​គ្នា​ថា​អ្នក​ណា​ធំ​ជាង​គេ។ ប៉ុន្តែ ពួក​គាត់​បាន​ស្តាប់​បង្គាប់​លោក​យេស៊ូ ហើយ​សុខ​ចិត្ត​កែ​ប្រែ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ បើ​យើង​សុខ​ចិត្ត​កែ​ប្រែ យើង​ក៏​អាច​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែរ។

យ៉ាកុប (​ប្អូន​យ៉ូហាន​) អនទ្រេ ពេត្រុស

លោក​យេស៊ូ​អញ្ជើញ​មនុស្ស​គ្រប់​ប្រភេទ​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក។ នៅ​ពេល​មួយ អ្នក​គ្រប់​គ្រង​វ័យ​ក្មេង​ម្នាក់​ដែល​ជា​អ្នក​មាន បាន​មក​ជួប​លោក​យេស៊ូ ហើយ​សួរ​អំពី​របៀប​ដែល​គាត់​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ពេល​អ្នក​គ្រប់​គ្រង​ជា​អ្នក​មាន​នោះ​និយាយ​ថា គាត់​បាន​ធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ​តាំង​ពី​ក្មេង​ម៉្លេះ នោះ​លោក​យេស៊ូ​បាន​អញ្ជើញ​គាត់​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​»។ តើ​កូន​ដឹង​ថា អ្វី​បាន​កើត​ឡើង​ទេ?—

ពេល​ដែល​បុរស​នោះ​បាន​ឮ​ថា ការ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គឺ​សំខាន់​ជាង​ការ​ធ្វើ​ជា​អ្នក​មាន នោះ​គាត់​មិន​សប្បាយ​ចិត្ត​សោះ។ គាត់​មិន​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ទេ ពី​ព្រោះ​គាត់​ស្រឡាញ់​លុយ​កាក់​ច្រើន​ជាង​ស្រឡាញ់​ព្រះ។—លូកា ១៨:១៨​-​២៥

បន្ទាប់​ពី​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​អស់​ជិត​មួយ​ឆ្នាំ​កន្លះ លោក​បាន​ជ្រើស​រើស​អ្នក​កាន់​តាម​១២​នាក់​ឲ្យ​ធ្វើ​ជា​សាវ័ក​របស់​លោក។ លោក​យេស៊ូ​បាន​ចាត់​ចែង​ឲ្យ​ពួក​សាវ័ក​ទាំង​១២​នាក់​នោះ​ធ្វើ​កិច្ច​ការ​ដ៏​ពិសេស។ តើ​កូន​ស្គាល់​ឈ្មោះ​របស់​ពួក​គាត់​ទេ?— ឥឡូវ​យើង​រៀន​អំពី​ឈ្មោះ​របស់​ពួក​គាត់​ជា​មួយ​គ្នា។ សូម​មើល​ពួក​សាវ័ក​ក្នុង​រូប​ភាព​នេះ ហើយ​អាន​ឈ្មោះ​របស់​ពួក​គាត់។ រួច​មក សូម​កូន​សាកល្បង​រាប់​ឈ្មោះ​របស់​ពួក​គាត់។

ស្ដ្រី​ទាំង​នេះ​ដែល​បាន​ជួយ​លោក​យេស៊ូ​ពេល​លោក​ទៅ​ផ្សព្វ​ផ្សាយ តើ​ពួក​គាត់​ជា​អ្នក​ណា?

នៅ​ទី​បំផុត ក្នុង​ចំណោម​សាវ័ក​ទាំង​១២ មាន​សាវ័ក​ម្នាក់​បាន​ទៅ​ជា​អាក្រក់។ គាត់​ឈ្មោះយូដាស​អ៊ីស្ការីយ៉ុត។ បន្ទាប់​ពី​នោះ​មក មាន​អ្នក​កាន់​តាម​ម្នាក់​ទៀត​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​សាវ័ក។ តើ​កូន​ស្គាល់​ឈ្មោះ​គាត់​ឬ​ទេ?— គាត់​ឈ្មោះ​ម៉ាធាស។ ក្រោយ​មក ប៉ូល​និង​បាណាបាស​ក៏​បាន​ទៅ​ជា​សាវ័ក​ដែរ។ ប៉ុន្តែ ពួក​គាត់​មិន​នៅ​ក្នុង​ចំណោម​ពួក​សាវ័ក​ទាំង​១២​នាក់​ទេ។—សកម្មភាព ១:២៣​-​២៦; ១៤:១៤

ដូច​យើង​បាន​រៀន​ក្នុង​មេរៀន​ទី១​នៃ​សៀវភៅ​នេះ លោក​យេស៊ូ​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​កូន​ក្មេង។ ហេតុ​អ្វី?— ពី​ព្រោះ​លោក​ដឹង​ថា កូន​ក្មេង​ក៏​អាច​ទៅ​ជា​អ្នក​កាន់​តាម​លោក​ដែរ។ ម្យ៉ាង​ទៀត កូន​ក្មេង​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក ព្រោះ​ច្រើន​ដង​អ្វី​ដែល​កូន​ក្មេង​និយាយ​អាច​ធ្វើ​ឲ្យ​មនុស្ស​ធំ​ចង់​ស្តាប់ និង​ចង់​រៀន​ថែម​ទៀត​អំពី​គ្រូ​ដ៏​ល្អ​ប្រសើរ។

ស្ដ្រី​ជា​ច្រើន​ក៏​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែរ។ ស្ដ្រី​ខ្លះ​បាន​ធ្វើ​ដំណើរ​ជា​មួយលោក ពេល​លោក​ទៅ​ក្រុង​ផ្សេង​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ។ ក្នុង​ចំណោម​ស្ដ្រី​ទាំង​នោះ​មាន​ម៉ារៀ​ម៉ាក់ដាឡេន យ៉ូហាណា និង​ស៊ូ​សា​ណា។ ពួក​គាត់​ប្រហែល​ជា​បាន​ជួយ​រៀបចំ​អាហារ និង​បោក​សម្លៀក​បំពាក់​ឲ្យ​លោក​ដែរ។—លូកា ៨:១​-​៣

តើ​កូន​ចង់​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ទេ?— សូម​កូន​ចាំ​ថា បើ​យើង​គ្រាន់​តែ​និយាយ​ថា​យើង​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ នោះ​មិន​មាន​ន័យ​ថា​យើង​ជា​អ្នក​កាន់​តាម​លោក​ទេ។ ផ្ទុយ​ទៅ​វិញ មិន​ថា​យើង​នៅ​កន្លែង​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ប្រព្រឹត្ត​ឲ្យ​ដូច​អ្នក​កាន់​តាម​លោក។ នោះ​មិន​គ្រាន់​តែ​ពេល​ដែល​យើង​ទៅ​កិច្ច​ប្រជុំ​គ្រិស្ដ​សាសនិក​ប៉ុណ្ណោះ​ទេ។ តើ​នៅ​កន្លែង​ណា​ខ្លះ​ដែល​ការ​ប្រព្រឹត្ត​ដូច​អ្នក​កាន់​តាម​លោក​យេស៊ូ​ជា​ការ​សំខាន់? តើ​កូន​គិត​យ៉ាង​ណា?—

មែន​ហើយ យើង​គួរ​ធ្វើ​ដូច្នោះ​ពេល​នៅ​ផ្ទះ។ ប៉ុន្តែ មាន​កន្លែង​មួយ​ទៀត គឺ​នៅ​សាលា​រៀន។ កូន​និង​ខ្ញុំ​គួរ​ចាំ​ជាប់​ជា​និច្ច​ថា ទោះ​ជា​នៅ​កន្លែង​ណា​ក៏​ដោយ យើង​គួរ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ពេញ​មួយ​ថ្ងៃ និង​ជា​រៀង​រាល់​ថ្ងៃ។

តើ​នៅ​កន្លែង​ណា​ខ្លះ​ដែល​ការ​ប្រព្រឹត្ត​ដូច​អ្នក​កាន់​តាម​លោក​យេស៊ូ​ជា​ការ​សំខាន់?

ឥឡូវ​សូម​អាន​គម្ពីរ​ជា​មួយ​គ្នា​អំពី​សាវ័ក​របស់​លោក​យេស៊ូ​នៅ​សៀវភៅ​ម៉ាថាយ ២៨:១៩, ២០ លូកា ៦:១៣​-​១៦ យ៉ូហាន ៨:៣១, ៣២ និង​ពេត្រុស​ទី១ ២:២១