លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៤

ហេតុ​អ្វី​យើង​គួរ​អភ័យ​ទោស?

ហេតុ​អ្វី​យើង​គួរ​អភ័យ​ទោស?

តើ​មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ខុស​ចំពោះ​កូន ដូច​ជា​និយាយ​មិន​ល្អ​ដាក់​កូន ឬ​ក៏​វាយ​កូន​ទេ?— តើ​កូន​គិត​ថា​កូន​គួរ​ធ្វើ​មិន​ល្អ​ដាក់​គាត់​វិញ​ទេ?—

មនុស្ស​ជា​ច្រើន​នឹង​សង​សឹក​វិញ ពេល​មាន​នរណា​ម្នាក់​ធ្វើ​មិន​ល្អ​ចំពោះ​ពួក​គេ។ ប៉ុន្តែ លោក​យេស៊ូ​បង្រៀន​យើង​ថា យើង​គួរ​តែ​អភ័យ​ទោស​ឲ្យ​អស់​អ្នក​ដែល​បាន​ធ្វើ​ខុស​ចំពោះ​យើង។ (​ម៉ាថាយ ៦:១២​) ចុះ​បើ​មនុស្ស​ម្នាក់​ធ្វើ​មិន​ល្អ​ចំពោះ​យើង​ម្ដង​ហើយ​ម្ដង​ទៀត? តើ​យើង​គួរ​អភ័យ​ទោស​ឲ្យ​គាត់​ប៉ុន្មាន​ដង?—

នោះ​ជា​អ្វី​ដែល​ពេត្រុស​ចង់​ដឹង។ ដូច្នេះ មាន​ថ្ងៃ​មួយ​គាត់​បាន​សួរ​លោក​យេស៊ូ​ថា​៖ ‹តើ​ខ្ញុំ​ត្រូវ​អភ័យ​ទោស​ឲ្យ​គាត់​រហូត​ដល់​ប្រាំពីរ​ដង​ឬ?›។ ក៏​ប៉ុន្តែ ៧​ដង​មិន​គ្រប់​គ្រាន់​ទេ។ លោក​យេស៊ូ​បាន​ប្រាប់​ថា បើ​បុគ្គល​ម្នាក់​ធ្វើ​ខុស​ចំពោះ​អ្នក​៧៧​ដង ‹អ្នក​ត្រូវ​អភ័យ​ទោស​ឲ្យ​គាត់​រហូត​ដល់​៧៧​ដង›ដែរ។

តើ​ពេត្រុស​ចង់​ដឹង​អ្វី​ស្ដី​អំពី​ការ​អភ័យ​ទោស?

នោះ​ពិត​ជា​ការ​អភ័យ​ទោស​ច្រើន​ដង​មែន! សូម្បី​តែ​រាប់​៧៧​ដង​ដែល​មនុស្ស​ម្នាក់​ធ្វើ​ខុស​នឹង​យើង ក៏​យើង​មិន​អាច​រាប់​បាន​ផង មែន​ទេ? ដូច្នេះ​ហើយ លោក​យេស៊ូ​ចង់​និយាយ​ថា យើង​មិន​គួរ​ខំ​រាប់​កំហុស​របស់​អ្នក​ឯ​ទៀត​ដែល​ធ្វើ​ខុស​ចំពោះ​យើង​ឡើយ។ បើ​គេ​សុំ​ទោស​យើង យើង​គួរ​អភ័យ​ទោស​ឲ្យ​គេ។

លោក​យេស៊ូ​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​ដឹង​ថា ការ​ចេះ​អភ័យ​ទោស​នោះ​ពិត​ជា​សំខាន់​ណាស់។ ដូច្នេះ ក្រោយ​ពី​លោក​ឆ្លើយ​សំណួរ​របស់​ពេត្រុស​ហើយ លោកបាន​ប្រាប់​អ្នក​កាន់​តាម​លោក​អំពី​រឿង​មួយ។ តើ​កូន​ចង់​ស្តាប់​ទេ?—

កាល​ពី​បុរាណ​ធ្លាប់​មាន​ស្ដេច​មួយ​រូប​ដែល​មាន​ចិត្ត​ល្អ។ ស្ដេច​នោះ​ថែម​ទាំង​ឲ្យ​ពួក​ខ្ញុំ​បម្រើ​ខ្ចី​ប្រាក់​ទៀត​ផង ពេល​ដែល​ពួក​គេ​ត្រូវ​ការ​ជំនួយ។ ប៉ុន្តែ ក្រោយ​មក ស្ដេច​នោះ​ចង់​ឲ្យ​ពួក​ខ្ញុំ​បម្រើ​សង​ប្រាក់​ដែល​ជំពាក់​នោះ​វិញ។ ដូច្នេះ គេ​បាន​នាំ​ខ្ញុំ​បម្រើ​ម្នាក់​ដែល​ជំពាក់​ស្ដេច​៦០​លាន​ប្រាក់​ឌីណារី​ចូល​មក។ នោះ​ពិត​ជា​ចំនួន​ប្រាក់​ច្រើន​ណាស់!

ពេល​ខ្ញុំ​បម្រើ​អង្វរ​ស្ដេច​សុំ​ពន្យារ​ពេល​សង​ប្រាក់​ជំពាក់ តើ​ស្ដេច​បាន​ធ្វើ​អ្វី?

ប៉ុន្តែ ខ្ញុំ​បម្រើ​នោះ​បាន​ចាយ​ប្រាក់​ដែល​គាត់​ខ្ចី​ទាំង​អស់ ហើយ​គាត់​មិន​អាច​សង​ស្ដេច​វិញ​បាន​ទេ។ ដូច្នេះ ស្ដេច​បាន​បង្គាប់​ឲ្យ​គេ​លក់​ខ្ញុំ​បម្រើ​នោះ ថែម​ទាំង​ប្រពន្ធ​និង​កូន​របស់​គាត់ និង​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន រួច​មក​យក​ប្រាក់​នោះ​មក​សង​ស្ដេច​វិញ។ តើ​កូន​គិត​ថា​ខ្ញុំ​បម្រើ​នោះ​មាន​អារម្មណ៍​យ៉ាង​ណា?—

ពេល​ខ្ញុំ​បម្រើ​ឮ​ស្ដេច​និយាយ​ដូច្នេះ គាត់​បាន​លុត​ជង្គង់​ចំពោះ​មុខ​ស្ដេច ហើយ​អង្វរ​ថា​៖ ​«​សូម​លោក​មេត្តា​ពន្យារ​ពេល​ឲ្យ​ខ្ញុំ​ផង ហើយ​ខ្ញុំ​នឹង​សង​លោក​ឲ្យ​គ្រប់​ចំនួន​»។ បើ​កូន​ជា​ស្ដេច​វិញ តើ​កូន​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ខ្ញុំ​បម្រើ​នោះ?— ស្ដេច​បាន​អាណិត​ខ្ញុំ​បម្រើ​នោះ។ ដូច្នេះ ស្ដេច​អភ័យ​ទោស​ឲ្យ​គាត់ ហើយ​ប្រាប់​គាត់​ថា គាត់​មិន​ចាំ​បាច់​សង​ប្រាក់​៦០​លាន​ឌីណារី​នោះ​ទេ សូម្បី​តែ​មួយ​កាក់ ក៏​មិន​ចាំ​បាច់​សង​ដែរ។ នោះ​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​បម្រើ​សប្បាយ​ចិត្ត​ណាស់!

ប៉ុន្តែ​ក្រោយ​មក តើ​ខ្ញុំ​បម្រើ​នោះ​បាន​ធ្វើ​អ្វី? គាត់​បាន​ចេញ​ទៅ​ជួប​ខ្ញុំ​បម្រើ​ម្នាក់​ទៀត​ដែល​ជំពាក់​គាត់​តែ​១០០​ឌីណារី​ប៉ុណ្ណោះ។ គាត់​ចាប់​ខ្ញុំ​បម្រើ​នោះ ហើយ​ច្របាច់​ក​ដោយ​ប្រាប់​ថា​៖ ‹សង​មួយ​រយ​ឌីណារី​ដែល​ឯង​ជំពាក់​មក!›។ សូម​កូន​គិត​ទៅ​មើល! ខ្ញុំ​បម្រើ​ដែល​បាន​ទទួល​ការ​អភ័យ​ទោស​ពី​ស្ដេច​ហើយ​នោះ បែរ​ជា​ដាក់​ទោស​ខ្ញុំ​បម្រើ​ម្នាក់​ទៀត​ដែល​ជំពាក់​ប្រាក់​គាត់​តែ​បន្តិច​បន្តួច។ តើ​កូន​គិត​យ៉ាង​ណា​អំពី​អ្វី​ដែល​គាត់​ធ្វើ?—

តើ​ខ្ញុំ​បម្រើ​ម្នាក់​បាន​ធ្វើ​យ៉ាង​ណា​ចំពោះ​ខ្ញុំ​បម្រើ​ម្នាក់​ទៀត​ដែល​មិន​អាច​សង​ប្រាក់​ជំពាក់?

ខ្ញុំ​បម្រើ​នោះ​ជំពាក់​ប្រាក់​តែ​១០០​ឌីណារី​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយ​សារ​គាត់​ជា​អ្នក​ក្រ គាត់​មិន​អាច​សង​ប្រាក់​ភ្លាម​ៗ​បាន​ទេ។ ដូច្នេះ គាត់​បាន​លុត​ជង្គង់​អង្វរ​ថា​៖ ‹សូម​មេត្តា​ពន្យារ​ពេល​ឲ្យ​ខ្ញុំ​ផង ហើយ​ខ្ញុំ​នឹង​សង​ប្រាក់​ដែល​ជំពាក់​អ្នក›។ តើ​បុរស​នោះ​គួរ​ពន្យារ​ពេល​ឲ្យ​ខ្ញុំ​បម្រើ​នេះ​ទេ?— ចុះ​បើ​កូន​ជា​បុរស​នោះ តើ​កូន​នឹង​ពន្យារ​ពេល​ឲ្យ​ទេ?—

បុរស​នោះ​មិន​មាន​មេត្តា​ដូច​ស្ដេច​ឡើយ។ គាត់​ចង់​បាន​ប្រាក់​មក​វិញ​ភ្លាម​ៗ។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​បម្រើ​នោះ​មិន​អាច​សង​ប្រាក់​បាន គាត់​ឲ្យ​គេ​យក​ខ្ញុំ​បម្រើ​នោះ​ទៅ​ដាក់​គុក។ ខ្ញុំ​បម្រើ​ឯ​ទៀត​បាន​ឃើញ​អ្វី​ៗ​ទាំង​អស់​ដែល​កើត​ឡើង ហើយ​ពួក​គេ​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ។ ពួក​គេ​អាណិត​ខ្ញុំ​បម្រើ​ដែល​ជាប់​គុក។ ដូច្នេះ ពួក​គេ​បាន​ទៅ​ប្រាប់​ស្ដេច​អំពី​រឿង​នេះ។

ពេល​ដែល​ឮ​ដូច្នោះ ស្ដេច​ខឹង​ខ្ញុំ​បម្រើ​ដែល​មិន​ចេះ​អភ័យ​ទោស​នោះ​ខ្លាំង​ណាស់។ ដូច្នេះ ស្ដេច​ក៏​បាន​ហៅ​គាត់​មក ហើយ​ប្រាប់​ថា​៖ ‹ខ្ញុំ​បម្រើ​អាក្រក់! ខ្ញុំ​បាន​ឲ្យ​អ្នក​រួច​បំណុល​ដ៏​ច្រើន​នោះ។ ដូច្នេះ អ្នក​គួរ​មេត្តា​ដល់​ខ្ញុំ​បម្រើ​ដូច​គ្នា ដូច​ខ្ញុំ​ធ្លាប់​មាន​ចិត្ត​មេត្តា​ដល់​អ្នក​ដែរ មែន​ទេ?›។

តើ​ស្ដេច​បាន​ធ្វើ​អ្វី​ចំពោះ​ខ្ញុំ​បម្រើ​ដែល​មិន​ចេះ​អភ័យ​ទោស?

ខ្ញុំ​បម្រើ​ដែល​មិន​ចេះ​អភ័យ​ទោស​នោះ​គួរ​ទាញ​មេរៀន​ពី​ស្ដេច​ដែល​មាន​ចិត្ត​ល្អ។ ប៉ុន្តែ គាត់​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ម៉្លោះ​ហើយ ស្ដេច​បាន​ឲ្យ​គេ​យក​គាត់​ទៅ​ដាក់​គុក រហូត​ដល់​គាត់​សង​ប្រាក់​៦០​លាន​ឌីណារី​វិញ។ តែ​ដោយ​សារ​គាត់​នៅ​ក្នុង​គុក គាត់​មិន​អាច​រក​ប្រាក់​សង​ស្ដេច​បាន​ទេ។ ដូច្នេះ គាត់​ត្រូវ​នៅ​ទី​នោះ​រហូត​ដល់​ស្លាប់។

ពេល​លោក​យេស៊ូ​និទានរឿង​នោះ​ចប់​ហើយ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ប្រសិនបើ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​មិន​អភ័យ​ទោស​ឲ្យ​បង​ប្អូន​ខ្លួន​ស្មោះ​ពី​ចិត្ត​»។—ម៉ាថាយ ១៨:២១​-​៣៥

កូន​ត្រូវ​ដឹង​ថា យើង​ទាំង​អស់​គ្នា​ជំពាក់​ព្រះ​យេហូវ៉ា​ច្រើន​ណាស់។ តាម​ពិត ជីវិត​របស់យើង​គឺ​មក​ព្រះ! ដូច្នេះ ពេល​យើង​ប្រៀប​ធៀប​អ្វី​ដែល​យើង​ជំពាក់​ព្រះ ជា​មួយ​នឹង​អ្វី​ដែល​មនុស្ស​ឯ​ទៀត​ជំពាក់​យើង គឺ​តិច​តួច​ណាស់។ អ្វី​ដែល​ពួក​គេ​ជំពាក់​យើង​គឺ​ប្រៀប​ដូច​ជា​ប្រាក់​១០០​ឌីណារី​ដែល​ខ្ញុំ​បម្រើ​ម្នាក់​ជំពាក់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត។ ប៉ុន្តែ អ្វី​ដែល​យើង​ជំពាក់​ព្រះ​ដោយ​សារ​យើង​ធ្វើ​ខុស គឺ​ប្រៀប​ដូច​ជា​ប្រាក់​៦០​លាន​ឌីណារី​ដែល​ខ្ញុំ​បម្រើ​បាន​ជំពាក់​ស្ដេច។

ព្រះ​មាន​ចិត្ត​ល្អ​ណាស់។ ទោះ​ជា​យើង​ធ្វើ​អ្វី​មួយ​ខុស​ក៏​ដោយ ក៏​លោក​អភ័យ​ទោស​ឲ្យ​យើង​ដែរ។ លោក​មិន​ទាម​ទារ​ជីវិត​យើង​ជា​សំណង​ដើម្បី​ទូទាត់​កំហុស​របស់​យើង​ទេ។ ប៉ុន្តែ មេរៀន​មួយ​ដែល​យើង​ត្រូវ​ចាំ​ជា​និច្ច​នោះ​គឺ ព្រះ​អភ័យ​ទោស​ឲ្យ​យើង លុះ​ត្រា​ណា​តែ​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ដែរ។ នោះ​ជា​មេរៀន​ដ៏​សំខាន់ មែន​ទេ?—

បើ​អ្នក​ណា​ម្នាក់​សុំ​ឲ្យ​កូន​អភ័យ​ទោស តើ​កូន​នឹង​ធ្វើ​យ៉ាង​ណា?

ដូច្នេះ បើ​អ្នក​ណា​ម្នាក់​ធ្វើ​មិន​ល្អ​ដាក់​កូន ប៉ុន្តែ​គាត់​សុំ​ទោស តើ​កូន​នឹង​ធ្វើ​អ្វី? តើ​កូន​នឹង​អភ័យ​ទោស​ឲ្យ​គាត់​ទេ?— ចុះ​បើ​គាត់​ធ្វើ​ខុស​នឹង​កូន​ម្ដង​ហើយ​ម្ដង​ទៀត តើ​កូន​នៅ​តែ​អភ័យ​ទោស​ឲ្យ​គាត់​ទេ?—

បើ​យើង​ជា​អ្នក​ដែល​សុំ​អភ័យ​ទោស​ពី​គេ យើង​ក៏​ចង់​ឲ្យ​គេ​អភ័យ​ទោស​ឲ្យ​យើង​ដែរ មែន​ទេ?— ដូច្នេះ យើង​គួរ​ធ្វើ​ដូច​គ្នា​ចំពោះ​គាត់​ដែរ។ យើង​មិន​គ្រាន់​តែ​ប្រាប់​តែ​មាត់​ថា យើង​អភ័យ​ទោស​ឲ្យ​គាត់​ប៉ុណ្ណោះ​ទេ តែ​ក្នុង​ចិត្ត​យើង​ក៏​គួរ​អភ័យ​ទោស​ឲ្យ​គាត់​ដែរ។ ពេល​យើង​ធ្វើ​ដូច្នោះ បង្ហាញ​ថា​យើង​ពិត​ជា​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​គ្រូ​ដ៏​ល្អ​ប្រសើរ​មែន។

ដើម្បី​យល់​ថា​ការ​ចេះ​អភ័យ​ទោស​គឺ​សំខាន់ សូម​យើង​អាន សុភាសិត ១៩:១១ ម៉ាថាយ ៦:១៤, ១៥ និង​លូកា ១៧:៣, ៤