លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៨

តើ​កូន​និយាយ​អរគុណ​ទេ?

តើ​កូន​និយាយ​អរគុណ​ទេ?

តើ​ថ្ងៃ​នេះ​កូន​បាន​ញ៉ាំ​អាហារ​ឬ​ទេ?— តើ​កូន​ដឹង​ថា​នរណា​បាន​រៀបចំ​ទេ?— ប្រហែល​ជា​ម៉ាក់​កូន ឬ​ក៏​នរណា​ផ្សេង​ទៀត។ ប៉ុន្តែ យើង​គួរ​អរគុណ​ព្រះ។ ហេតុ​អ្វី?— ពី​ព្រោះ​ព្រះ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ដំណាំ​និង​ដើម​ឈើ​ដុះ​លូត​លាស់ ដើម្បី​ផ្ដល់​ជា​អាហារ​ដល់​យើង។ ម្យ៉ាង​ទៀត យើង​ក៏​គួរ​អរគុណ​អ្នក​ដែល​បាន​រៀបចំ ឬ​អ្នក​ដែល​បាន​លើក​អាហារ​មក​ឲ្យ​យើង​ដែរ។

ជួន​កាល​ពេល​អ្នក​ឯ​ទៀត​ជួយ​យើង យើង​ភ្លេច​អរគុណ​គេ មែន​ទេ? ពេល​ដែល​គ្រូ​ដ៏​ល្អ​ប្រសើរ​នៅ​ផែន​ដី មាន​មនុស្ស​ឃ្លង់​ខ្លះ​បាន​ភ្លេច​អរគុណ​លោក។

តើ​កូន​ដឹង​ថា​ជំងឺ​ឃ្លង់​ជា​ជំងឺ​បែប​ណា​ទេ?— គឺ​ជា​ជំងឺ​ម្យ៉ាង​ដែល​បណ្ដាល​ឲ្យ​សាច់​ខ្លះ​របស់​អ្នក​កើត​ជំងឺ​នោះ រលួយ​ដាច់​ធ្លាក់​ចេញ។ ពេល​លោក​យេស៊ូ​រស់​នៅ​ផែន​ដី អ្នក​កើត​ជំងឺ​ឃ្លង់​ត្រូវ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​មនុស្ស​ឯ​ទៀត។ បើ​មនុស្ស​ឃ្លង់​បាន​ឃើញ​មនុស្ស​ម្នាក់​ទៀត​ដើរ​សំដៅ​មក​គាត់ គាត់​ត្រូវ​ស្រែក​ឲ្យ​ខ្លាំង​ដើម្បី​ព្រមាន​មនុស្ស​នោះ​ឲ្យ​នៅ​ឆ្ងាយ​ពី​គាត់។ ធ្វើ​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មនុស្ស​ឯ​ទៀត​ចូល​មក​ជិត​គាត់​ពេក ក្រែង​លោ​ឆ្លង​ជំងឺ។

លោក​យេស៊ូ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​មនុស្ស​ឃ្លង់​ណាស់។ នៅ​ថ្ងៃ​មួយ កាល​ដែល​លោក​យេស៊ូ​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម លោក​បាន​ដើរ​កាត់​តាម​ក្រុង​តូច​មួយ។ ពេល​លោក​បាន​ទៅ​ជិត​ដល់​ក្រុង បុរស​កើត​ជំងឺ​ឃ្លង់​១០​នាក់​បាន​មក​ជួប​លោក។ ពួក​គេ​បាន​ឮ​ថា លោក​យេស៊ូ​បាន​ទទួល​ឫទ្ធានុភាព​ពី​ព្រះ ដើម្បី​ធ្វើ​ឲ្យ​ជំងឺ​ទាំង​អស់​ជា​សះ​ស្បើយ។

បុរស​កើត​ជំងឺ​ឃ្លង់​ទាំង​នោះ​មិន​បាន​ចូល​មក​ជិត​លោក​យេស៊ូ​ទេ។ ពួក​គេ​បាន​ឈរ​ពី​ចម្ងាយ។ ប៉ុន្តែ ពួក​គេ​ជឿ​ជាក់​ថា​លោក​យេស៊ូ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ជា​ពី​ជំងឺ​ឃ្លង់​បាន។ ដូច្នេះ​ហើយ ពេល​បុរស​កើត​ជំងឺ​ឃ្លង់​ឃើញ​គ្រូ​ដ៏​ល្អ​ប្រសើរ ពួក​គេ​បន្លឺ​សំឡេង​ថា​៖ ‹លោក​យេស៊ូ! លោក​គ្រូ! សូម​ជួយ​យើង​ផង!›។

តើ​កូន​អាណិត​អ្នក​ដែល​ឈឺ​ទេ?— លោក​យេស៊ូ​បាន​អាណិត​ពួក​គេ។ លោក​ដឹង​ថា​អ្នក​ដែល​មាន​ជំងឺ​ឃ្លង់​ពិត​ជា​កម្សត់​ណាស់។ ដូច្នេះ លោក​បាន​តប​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​»។—លូកា ១៧:១១​-​១៤

តើ​លោក​យេស៊ូ​កំពុង​ប្រាប់​បុរស​កើត​ឃ្លង់​ទាំង​នេះ​ឲ្យ​ធ្វើ​អ្វី?

ហេតុ​អ្វី​លោក​យេស៊ូ​បង្គាប់​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ? នេះ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​ដល់​រាស្ដ្រ​របស់​លោក​ស្ដី​អំពី​អ្នក​កើត​ជំងឺ​ឃ្លង់។ ច្បាប់​នេះ​បាន​ចែង​ថា សង្ឃ​របស់​ព្រះ​ត្រូវ​ពិនិត្យ​មើល​សាច់​អ្នក​ដែល​មាន​ជំងឺ​ឃ្លង់។ រួច​មក​សង្ឃ​ត្រូវ​ប្រាប់​អ្នក​ជំងឺ​នោះ​ឲ្យ​ដឹង​ថា​គាត់​បាន​ជា​ពី​ជំងឺ​ឬ​យ៉ាង​ណា។ ពេល​បាន​ជា​ស្អាត​ហើយ គាត់​អាច​ទៅ​រស់​នៅ​ជា​មួយ​នឹង​អ្នក​ដែល​មាន​សុខភាព​ល្អ​វិញ។—លេវីវិន័យ ១៣:១៦, ១៧

បុរស​ទាំង​នេះ​នៅ​មាន​ជំងឺ​ឃ្លង់​នៅ​ឡើយ។ ដូច្នេះ តើ​ពួក​គេ​ទៅ​ជួប​សង្ឃ​តាម​បង្គាប់​លោកយេស៊ូ​ទេ?— មែន ពួក​គេ​បាន​ទៅ​ជួប​សង្ឃ​ភ្លាម​ៗ។ បុរស​ទាំង​នេះ​ជឿ​ប្រាកដ​ថា​លោក​យេស៊ូ​នឹង​ជួយ​ពួក​គេ​ឲ្យ​ជា​សះ​ស្បើយ។ តើ​អ្វី​បាន​កើត​ឡើង?

ពេល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​សង្ឃ នោះ​ស្រាប់​តែ​ពួក​គេ​បាន​ជា​ពី​ជំងឺ។ ស្បែក​របស់​ពួក​គេ​បាន​ជា​ស្អាត ហើយ​ពួក​គេ​មាន​សុខភាព​ល្អ​ឡើង​វិញ! នេះ​ដោយ​សារ​ពួក​គេ​បាន​ជឿ​ទៅ​លើ​ឫទ្ធានុភាព​របស់​លោក​យេស៊ូ។ ពួក​គេ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់! ប៉ុន្តែ ដើម្បី​បង្ហាញ​ថា​ពួក​គេ​ដឹង​គុណ​លោក តើ​ពួក​គេ​គួរ​ធ្វើ​អ្វី? បើ​ជា​កូន​វិញ តើ​កូន​នឹង​ធ្វើ​យ៉ាង​ណា?—

តើ​បុរស​កើត​ឃ្លង់​នេះ​មិន​បាន​ភ្លេច​អ្វី?

ក្នុង​ចំណោម​បុរស​ដែល​បាន​ជា​សះ​ស្បើយ​ទាំង​នោះ មាន​តែ​បុរស​ម្នាក់​ប៉ុណ្ណោះ វិល​មក​រក​លោក​យេស៊ូ​វិញ។ បុរស​នោះ​បាន​ចាប់​ផ្ដើម​និយាយ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។ អ្វី​ដែល​គាត់​បាន​ធ្វើ​គឺ​ត្រឹម​ត្រូវ ពី​ព្រោះ​គាត់​បាន​ជា​សះ​ស្បើយ​ដោយ​សារ​ឫទ្ធានុភាព​ដែល​មក​ពី​ព្រះ។ បុរស​នោះ​បាន​លុត​ជង្គង់​នៅ​ជិត​ជើង​គ្រូ​ដ៏​ល្អ​ប្រសើរ ហើយ​អរគុណ​លោក។ គាត់​ដឹង​គុណ​លោក​យេស៊ូ​ខ្លាំង​ណាស់។

ចុះ​យ៉ាង​ណា​៩​នាក់​ទៀត? លោក​យេស៊ូ​សួរ​ថា​៖ ‹មាន​ដប់​នាក់​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​ស្អាត មែន​ទេ? ចុះ​តើ​ប្រាំបួន​នាក់​ទៀត​នៅ​ឯ​ណា? តើ​មាន​តែ​ម្នាក់​វិល​មក​វិញ​ដើម្បី​សរសើរ​តម្កើង​ព្រះ​ឬ?›។

ពិត​មែន មាន​តែ​ម្នាក់​ក្នុង​ចំណោម​១០​នាក់​នោះ​ដែល​បាន​សរសើរ​តម្កើង​ព្រះ ហើយ​បាន​វិល​មក​វិញ​ដើម្បី​អរគុណ​លោក​យេស៊ូ។ បុរស​នោះ​ជា​ជន​ជាតិ​សាម៉ារី គាត់​មក​ពី​ស្រុក​ដទៃ។ បុរស​៩​នាក់​ទៀត​មិន​បាន​អរគុណ​ព្រះ ហើយ​ក៏​មិន​បាន​អរគុណ​លោក​យេស៊ូ​ដែរ។—លូកា ១៧:១៥​-​១៩

តើ​កូន​ចង់​ធ្វើ​ដូច​បុរស​មួយ​ណា? យើង​ចង់​ធ្វើ​ដូច​បុរស​ជន​ជាតិ​សាម៉ារី មែន​ទេ?— ដូច្នេះ ពេល​នរណា​ម្នាក់​ធ្វើ​អ្វី​មួយ​ល្អ​ចំពោះ​យើង តើ​យើង​គួរ​ធ្វើ​អ្វី?— យើង​គួរ​អរគុណ​គាត់។ ជា​ធម្មតា​មនុស្ស​ច្រើន​តែ​ភ្លេច​អរគុណ។ ប៉ុន្តែ ជា​ការ​ត្រឹម​ត្រូវ​ដែល​យើង​ថា​អរគុណ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក​ពេញ​ចិត្ត។

តើ​កូន​អាច​ធ្វើ​តាម​បុរស​កើត​ឃ្លង់​ដែល​បាន​ត្រឡប់​មក​ជួប​លោក​យេស៊ូ​វិញ​យ៉ាង​ដូច​ម្ដេច?

បើ​កូន​គិត កូន​នឹង​នឹក​ឃើញ​ថា​អ្នក​ឯ​ទៀត​បាន​ធ្វើ​អ្វី​ៗ​ជា​ច្រើន​សម្រាប់​កូន។ ជា​ឧទាហរណ៍ តើ​កូន​ធ្លាប់​ឈឺ​ទេ?— កូន​ប្រហែល​ជា​មិន​ធ្លាប់​ឈឺ​ដូច​បុរស​កើត​ឃ្លង់​ទាំង​១០​នាក់​នោះ​ទេ តែ​កូន​ប្រហែល​ជា​ធ្លាប់​គ្រុន​ផ្ដាសាយ ឬ​ក៏​ឈឺ​ពោះ។ តើ​មាន​នរណា​ម្នាក់​មើល​ថែ​ទាំ​កូន​ទេ?— គាត់​ប្រហែល​ជា​បាន​យក​ថ្នាំ​ឲ្យ​កូន​ញ៉ាំ និង​ធ្វើ​អ្វី​ៗ​ផ្សេង​ទៀត​ឲ្យ​កូន។ កូន​សប្បាយ​ចិត្ត​ដែល​គាត់​បាន​ជួយ​កូន​ឲ្យ​ជា​ឡើង​វិញ មែន​ទេ?—

បុរស​ជន​ជាតិ​សាម៉ារី​បាន​អរគុណ​លោក​យេស៊ូ​ដែល​បាន​ជួយ​គាត់​ឲ្យ​ជា​សះ​ស្បើយ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​សប្បាយ​ចិត្ត។ ពេល​ឪពុក​ម្ដាយ​បាន​ធ្វើ​អ្វី​មួយ​សម្រាប់​កូន ហើយ​កូន​អរគុណ​គាត់ តើ​កូន​គិត​ថា​ពួក​គាត់​សប្បាយ​ចិត្ត​ទេ?— ពួក​គាត់​ពិត​ជា​សប្បាយ​ចិត្ត​មែន។

ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​យើង​ចេះ​អរគុណ?

អ្នក​ខ្លះ​ធ្វើ​អ្វី​ៗ​ឲ្យ​កូន​រាល់​ថ្ងៃ ឬ​រាល់​សប្ដាហ៍។ នោះ​ប្រហែល​ជា​ការ​ងារ​របស់​ពួក​គាត់។ ពួក​គាត់​ប្រហែល​ជា​សប្បាយ​ចិត្ត​នឹង​ធ្វើ​កិច្ច​ការ​ទាំង​នោះ។ ប៉ុន្តែ កូន​ប្រហែល​ជា​ភ្លេច​អរគុណ​ពួកគាត់។ ជា​ឧទាហរណ៍ អ្នក​គ្រូ​របស់​កូន​ប្រហែល​ខំ​ប្រឹង​ខ្លាំង​ដើម្បី​ជួយ​បង្រៀន​កូន។ នេះ​ជា​ការ​ងារ​របស់​គាត់។ ប៉ុន្តែ គាត់​នឹង​សប្បាយ​ចិត្ត បើ​កូន​អរគុណ​គាត់​ដែល​គាត់​បាន​ជួយ​បង្រៀន​កូន។

ជួន​កាល មាន​គេ​ធ្វើ​អ្វី​តែ​បន្តិច​បន្តួច​ឲ្យ​កូន។ ជា​ឧទាហរណ៍ តើ​មាន​អ្នក​ណា​ម្នាក់​ធ្លាប់​បើក​ទ្វារ​ឲ្យ​កូន​ឬ​ទេ? ឬ​ក៏​តើ​មាន​អ្នក​ណា​ម្នាក់​ធ្លាប់​ហុច​អាហារ​ឲ្យ​កូន​នៅ​តុ​បាយ​ទេ? ជា​ការ​ល្អ​ឲ្យ​កូន​ថា​អរគុណ សូម្បី​តែ​នោះ​ជា​កិច្ច​ការ​បន្តិច​បន្តួច​ក្ដី។

បើ​យើង​មិន​ភ្លេច​អរគុណ​មនុស្ស​នៅ​ផែន​ដី នោះ​យើង​ក៏​ប្រហែល​ជា​មិន​ភ្លេច​អរគុណ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែរ។ ម្យ៉ាង​ទៀត យើង​ត្រូវ​អរគុណ​ព្រះ​យេហូវ៉ា​សម្រាប់​អ្វី​ៗ​ជា​ច្រើន​ដែល​លោក​ឲ្យ​ដល់​យើង! លោក​ឲ្យ​ជីវិត​យើង ព្រម​ទាំង​របស់​ល្អ​ទាំង​អស់​ដើម្បី​ឲ្យ​យើង​មាន​ជីវិត​សប្បាយ។ ដូច្នេះ យើង​មាន​មូលហេតុ​ច្រើន​ណាស់ ដើម្បី​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ។