លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៣

ហេតុ​អ្វី​មនុស្ស​ឈឺ?

ហេតុ​អ្វី​មនុស្ស​ឈឺ?

តើ​កូន​ស្គាល់​អ្នក​ណា​ម្នាក់​ដែល​ឈឺ​ទេ?— ជួន​កាល​កូន​ប្រហែល​ជា​ឈឺ​ដែរ។ កូន​ប្រហែល​ជា​គ្រុន​ផ្ដាសាយ ឬ​ឈឺ​ពោះ។ អ្នក​ខ្លះ​ឈឺ​ធ្ងន់​ណាស់ រហូត​ដល់​មិន​អាច​ក្រោក​ឈរ​បាន​ទេ បើ​គ្មាន​នរណា​ម្នាក់​ជួយ​គាត់។ នេះ​ច្រើន​តែ​កើត​ឡើង​ពេល​ដែល​មនុស្ស​មាន​វ័យ​កាន់​តែ​ចាស់។

ជួន​កាល​យើង​គ្រប់​គ្នា​ឈឺ។ តើ​កូន​ដឹង​មូលហេតុ​ដែល​មនុស្ស​យើង​ឈឺ ចាស់ ហើយ​ស្លាប់​ទេ?— ថ្ងៃ​មួយ​មាន​គេ​នាំ​បុរស​ឈឺ​ម្នាក់​ដែល​មិន​អាច​ដើរ​បាន​មក​ជួប​លោក​យេស៊ូ ហើយ​លោក​បាន​ប្រាប់​មូលហេតុ​ដែល​មនុស្ស​យើង​ឈឺ​ហើយ​ស្លាប់។ សូម​ស្តាប់​រឿង​នោះ។

លោក​យេស៊ូ​កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះ​មួយ​នា​ក្រុង​ជិត​សមុទ្រ​កាលីឡេ។ ហ្វូង​មនុស្ស​បាន​មក​ជួប​លោក។ ដូច្នេះ មនុស្ស​ជា​ច្រើន​បាន​ផ្តុំ​គ្នា​នៅ​ទី​នោះ រហូត​ដល់​គ្មាន​កន្លែង​សល់​ទេ សូម្បី​តែ​នៅ​មាត់​ទ្វារ​ផ្ទះ​ក៏​ដោយ។ តែ​មាន​មនុស្ស​កាន់​តែ​ច្រើន​មក​ថែម​ទៀត! ក្នុង​ចំណោម​ពួក​គេ​មាន​មនុស្ស​មួយ​ក្រុម​ដែល​បាន​នាំ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​មក​រក​លោក​យេស៊ូ។ បុរស​បួន​នាក់​ត្រូវ​ដាក់​គាត់​នៅ​លើ​គ្រែ​តូច​មួយ​ឬ​គ្រែ​ស្នែង រួច​សែង​គាត់។

ហេតុ​អ្វី​ពួក​គេ​ចង់​នាំ​បុរស​ដែល​ឈឺ​នេះ​ទៅ​ជួប​លោក​យេស៊ូ? តើ​កូន​ដឹង​ទេ?— ពួក​គេ​ជឿ​ថា​លោក​យេស៊ូ​អាច​ជួយ​គាត់​បាន ហើយ​ជឿ​ថា​លោក​អាច​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ។ តើ​ពួក​គេ​អាច​នាំ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ចូល​ទៅ​ជិត​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច​បាន បើ​មាន​មនុស្ស​ពេញ​ផ្ទះ​បែប​នេះ? តើ​កូន​ដឹង​ទេ?—

ដូច​កូន​ឃើញ ក្នុង​រូប​ភាព​នេះ​បង្ហាញ​អំពី​របៀប​ដែល​ពួក​គេ​បាន​ធ្វើ។ មុន​បង្អស់ ពួក​គេ​បាន​សែង​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​នោះ​ដែល​មាន​ដំបូល​រាបស្មើ។ រួច​មក ពួក​គេ​បាន​ចោះ​ប្រឡោះ​ដំបូល។ នៅ​ទី​បំផុត ពួក​គេ​បាន​សម្រូត​បុរស​ដែល​ឈឺ​ដេក​លើ​គ្រែ​នោះ​ចុះ​ទៅ​ក្នុង​បន្ទប់​ខាង​ក្រោម។ ពួក​គេ​ពិត​ជា​មាន​ជំនឿ​ខ្លាំង​ណាស់!

ពេល​ដែល​មនុស្ស​ទាំង​អស់​ក្នុង​ផ្ទះ​បាន​ឃើញ នោះ​ពួក​គេ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ បុរសស្លាប់​ដៃ​ស្លាប់​ជើង​ដែល​ដេក​នៅ​លើ​គ្រែ​នោះ បាន​ត្រូវ​សម្រូត​ចុះ​មក​នៅ​កណ្ដាល​ពួក​គេ​តែ​ម្ដង។ ពេល​ឃើញ​បុរស​ទាំង​នោះ​ធ្វើ​ដូច​នេះ តើ​លោក​យេស៊ូ​ខឹង​ទេ?— លោក​មិន​បាន​ខឹង​ទេ! ផ្ទុយ​ទៅ​វិញ លោក​សប្បាយ​ចិត្ត​ណាស់​ដែល​ឃើញ​ថា​ពួក​គេ​មាន​ជំនឿ​ដូច្នេះ។ លោក​និយាយ​ទៅ​កាន់​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​៖ ​«​ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ​»។

តើ​លោក​យេស៊ូ​បាន​ប្រាប់​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ឲ្យ​ធ្វើ​អ្វី?

មនុស្ស​ខ្លះ​បាន​គិត​ថា​គឺ​មិន​ត្រឹម​ត្រូវ​ទេ​ដែល​លោក​យេស៊ូ​និយាយ​ដូច​នោះ។ ពួក​គេ​គិត​ថា​លោក​មិន​អាច​អភ័យ​ទោស​ភាព​ខុស​ឆ្គង​បាន​ទេ។ ដូច្នេះ ដើម្បី​បង្ហាញ​ថា​លោក​ពិត​ជា​អាច​អភ័យ​ទោស​ភាព​ខុស​ឆ្គង​បាន លោក​យេស៊ូ​និយាយ​ទៅ​កាន់​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា​៖ ​«​ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ​អ្នក​ចុះ​»។

ពេល​លោក​យេស៊ូ​និយាយ​ដូច​នោះ បុរស​នោះ​បាន​ជា​សះ​ស្បើយ​ភ្លាម! គាត់​លែង​ស្លាប់​ដៃ​ស្លាប់​ជើង​ទៀត​ហើយ។ ឥឡូវ​គាត់អាច​ក្រោក​ឈរ ហើយ​ដើរ​ដោយ​ខ្លួន​ឯង​បាន។ បណ្ដា​ជន​ដែល​ឃើញ​ការ​អស្ចារ្យ​នេះ​បាន​កោត​ស្ងើច​ណាស់។ ក្នុង​ជីវិត​របស់​ពួក​គេ​មិន​ដែល​ឃើញ​អ្វី​ដ៏​អស្ចារ្យ​ដូច​នេះ​ទេ! ពួក​គេ​បាន​សរសើរ​ព្រះ​យេហូវ៉ា​ដែល​បាន​ឲ្យ​គ្រូ​ដ៏​ល្អ​ប្រសើរ​នេះ​ដល់​ពួក​គេ។ គ្រូ​ល្អ​ប្រសើរ​នោះ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​បណ្ដា​ជន​ជា​សះ​ស្បើយ​ពី​ជំងឺ​ទៀត​ផង។—ម៉ាកុស ២:១​-​១២

តើ​យើង​រៀន​អ្វី​ពី​ការ​អស្ចារ្យ​នេះ?

តើ​យើង​ទាញ​មេរៀន​អ្វី​ពី​ការ​អស្ចារ្យ​នេះ?— យើង​រៀន​ថា​លោក​យេស៊ូ​មាន​អំណាច​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ និង​ដើម្បី​អភ័យ​ទោស​ឲ្យ​ភាព​ខុស​ឆ្គង​របស់​ពួក​គេ។ ប៉ុន្តែ យើង​ក៏​ត្រូវ​រៀន​អ្វី​មួយ​ទៀត​ដែរ អ្វី​មួយ​នោះ​គឺ​សំខាន់​ណាស់។ យើង​រៀន​ថា​មនុស្ស​ឈឺ​ដោយ​សារ​ពួក​គេ​មាន​ភាព​ខុស​ឆ្គង។

យើង​ទាំង​អស់​គ្នា​ឈឺ​ម្ដង​ម្កាល ដូច្នេះ​តើ​នេះ​មាន​ន័យ​ថា​យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង​ទេ?— មែន​ហើយ គម្ពីរ​ប្រាប់​ថា​យើង​ទាំង​អស់​គ្នា​កើត​មក​ដោយ​មាន​ភាព​ខុស​ឆ្គង។ តើ​កូន​ដឹង​ថា​ការ​កើត​មក​ដោយ​មាន​ភាព​ខុស​ឆ្គង​មាន​ន័យ​យ៉ាង​ណា​ទេ?— នេះ​មាន​ន័យ​ថា​យើង​បាន​កើត​មក​ដោយ​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ ពេល​ខ្លះ​យើង​ធ្វើ​ខុស សូម្បី​តែ​យើង​មិន​ចង់​ធ្វើ​ក្ដី។ តើ​យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង​មក​ពី​ណា? តើ​កូន​ដឹង​ទេ?—

យើង​ទាំង​អស់​គ្នា​បាន​កើត​មក​ដោយ​មាន​ភាព​ខុស​ឆ្គង ដោយ​សារ​អាដាម​ជា​បុរស​ទី១​មិន​បាន​ស្តាប់​បង្គាប់​ព្រះ។ អាដាម​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ដោយ​បំពាន​ច្បាប់​របស់​ព្រះ ហើយ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ភាព​ខុស​ឆ្គង​ពី​គាត់។ តើ​យើង​ទទួល​ភាព​ខុស​ឆ្គង​ពី​គាត់​យ៉ាង​ដូច​ម្ដេច? តើ​កូន​ដឹង​ទេ? ដើម្បី​ឲ្យ​ស្រួល​យល់​អំពី​រឿង​នេះ ខ្ញុំ​សុំ​លើក​ឧទាហរណ៍​មួយ។

ហេតុ​អ្វី​យើង​មាន​ភាព​ខុស​ឆ្គង?

សូម​គិត​អំពី​ពេល​មួយ​ដែល​កូន​ឃើញ​អ្នក​ណា​ម្នាក់​ដុត​នំ​ក្នុង​ពុម្ព។ តើ​នំ​នោះ​នឹង​មាន​រាង​បែប​ណា​បើ​ពុម្ព​នោះ​ពៀច? តើ​កូន​ដឹង​ទេ?— គ្រប់​នំ​ទាំង​អស់​នឹង​មាន​ស្នាម​ពៀច​នោះ​ដែរ មែន​ទេ?—

អាដាម​ប្រៀប​ដូច​ជា​ពុម្ព​នោះ ហើយ​យើង​ដូច​ជា​នំ។ ពេល​គាត់​បំពាន​ច្បាប់​របស់​ព្រះ គាត់​បាន​ទៅ​ជា​មិន​ល្អ​ឥត​ខ្ចោះ។ នេះ​ហាក់​ដូច​ជា​គាត់​មាន​ស្នាម​ពៀច​នោះ​ជាប់​ជា​មួយ។ ដូច្នេះ​ពេល​គាត់​មាន​កូន តើ​កូន​ៗ​ទាំង​អស់​នឹង​ទៅ​ជា​យ៉ាង​ណា?— កូន​ទាំង​អស់​របស់​គាត់​នឹង​មាន​ស្នាម​នេះ​ដូច​គ្នា​ដែរ​គឺ​ភាព​មិន​ល្អ​ឥត​ខ្ចោះ។

ភាព​មិន​ល្អ​ឥត​ខ្ចោះ​មិន​បណ្ដាល​ឲ្យ​កូន​ក្មេង​ភាគ​ច្រើន​កើត​មក​ដោយ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​កូន​អាច​ឃើញ​នោះ​ទេ។ ជា​ឧទាហរណ៍ កូន​ក្មេង​ភាគ​ច្រើន​មិន​បាន​កើត​មក​ដោយ​មាន​ដៃ​ឬ​ជើង​តែ​ម្ខាង​ទេ។ ប៉ុន្តែ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដែល​ពួក​គេ​មាន​គឺ​ច្រើន​ល្មម​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ ហើយ​ក្រោយ​មក​ស្លាប់។

ពិត​ណាស់ មនុស្ស​ខ្លះ​ឧស្សាហ៍​ឈឺ​ជាង​អ្នក​ឯ​ទៀត។ ហេតុ​អ្វី​ដូច្នោះ? តើ​នេះ​ដោយ​សារ​ពួក​គេ​កើត​មក​មាន​ភាព​ខុស​ឆ្គង​ច្រើន​ជាង​ឬ?— មិន​មែន​ទេ មនុស្ស​គ្រប់​គ្នា​កើត​មក​ដោយ​មាន​ភាព​ខុស​ឆ្គង​ដូច​គ្នា​ទាំង​អស់។ យើង​ទាំង​អស់​គ្នា​កើត​មក​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ មិន​យូរ​មិន​ឆាប់ គ្រប់​គ្នា​នឹង​មាន​ជំងឺ​ណា​មួយ​មិន​ខាន សូម្បី​តែ​មនុស្ស​ដែល​ព្យាយាម​ធ្វើ​តាម​ច្បាប់​ទាំង​អស់​របស់​ព្រះ ហើយ​មិន​សូវ​ធ្វើ​អាក្រក់​ក៏​នឹង​មាន​ជំងឺ​ដែរ។

ពេល​យើង​លែង​មាន​ភាព​ខុស​ឆ្គង​ទៀត តើ​យើង​នឹង​មាន​សុខភាព​បែប​ណា?

ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​ឧស្សាហ៍​ឈឺ​ជាង​អ្នក​ឯ​ទៀត?— មាន​មូលហេតុ​ផ្សេង​ៗ។ នេះ​ប្រហែល​ជា​ពួក​គេ​អត់​មាន​អាហារ​គ្រប់​គ្រាន់ ឬ​មិន​បាន​ញ៉ាំ​ម្ហូប​អាហារ​ត្រឹម​ត្រូវ។ ពួក​គេ​ប្រហែល​ជា​ញ៉ាំ​នំ​និង​ស្ករ​គ្រាប់​ច្រើន​ពេក។ មូលហេតុ​មួយ​ទៀត​ប្រហែល​ជា​មក​ពី​ពួក​គេ​ក្រ​ចូល​គេង​នៅ​ពេល​យប់ ហើយ​មិន​បាន​គេង​គ្រប់​គ្រាន់ ឬ​ក៏​ពេល​មាន​អាកាសធាតុ​ត្រជាក់​ពួក​គេ​មិន​បាន​ស្លៀក​ពាក់​សម​នឹង​អាកាសធាតុ​នោះ។ ណា​មួយ​ទៀត រាង​កាយ​របស់​មនុស្ស​ខ្លះ​ខ្សោយ​ពេក​មិន​អាច​ទប់​ទល់​នឹង​ជំងឺ​បាន ទោះ​ជា​ពួក​គេ​ខំ​ថែ​ទាំ​សុខភាព​យ៉ាង​ណា​ក្ដី។

តើ​នឹង​មាន​គ្រា​មួយ​ដែល​យើង​មិន​ឈឺ​ទេ? តើ​នឹង​មាន​ពេល​ណា​មួយ​ដែល​យើង​លែង​មាន​ភាព​ខុស​ឆ្គង​ទៀត​ទេ?— មាន​មែន។ ហេតុ​អ្វី​យើង​ដឹង? តើ​កូន​នៅ​ចាំ​ទេ លោកយេស៊ូ​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ?— លោក​យេស៊ូ​បាន​អភ័យ​ទោស​ភាព​ខុស​ឆ្គង​របស់​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ។ តាម​របៀប​នោះ លោក​យេស៊ូ​បាន​បង្ហាញ​នូវ​អ្វី​ដែល​លោក​នឹង​ធ្វើ​នៅ​ថ្ងៃ​មុខ សម្រាប់​អស់​អ្នក​ដែល​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។

បើ​យើង​បង្ហាញ​ថា​យើង​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​មិន​ចង់​ធ្វើ​អំពើ​ខុស​ឆ្គង នោះ​លោក​យេស៊ូ​នឹង​ធ្វើ​ឲ្យ​យើង​ជា​សះ​ស្បើយ។ នៅ​ពេល​អនាគត​លោក​នឹង​ដក​ចេញ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ។ លោក​នឹង​ធ្វើ​ដូច​នេះ​ក្នុង​ឋានៈ​លោក​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ។ ភាព​ខុស​ឆ្គង​នឹង​មិន​ត្រូវ​ដក​ចេញ​ពី​យើង​ភ្លាម​មួយ​រំពេច​ទេ តែ​នឹង​ត្រូវ​ដក​ចេញ​បន្តិច​ម្ដង​ៗ។ រួច​មក​នៅ​ទី​បំផុត​ភាព​ខុស​ឆ្គង​របស់​យើង​នឹង​លែង​មាន​ទៀត ហើយ​យើង​នឹង​មិន​ឈឺ​ទៀត​ទេ។ យើង​នឹង​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ។ នោះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​រីក​រាយ​ណាស់!

ដើម្បី​យល់​ថែម​ទៀត​ថា​ភាព​ខុស​ឆ្គង​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង​គ្រប់​គ្នា សូម​អាន យ៉ូប ១៤:៤ ទំនុក​តម្កើង ៥១:៥ រ៉ូម ៣:២៣; ៥:១២ និង៦:២៣