លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៥

តើ​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​អាច​កែ​ប្រែ​ទេ?

តើ​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​អាច​កែ​ប្រែ​ទេ?

បើ​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ធ្វើ​អំពើ​ល្អ​គឺ​ប្រសើរ​ណាស់ មែន​ទេ?— ប៉ុន្តែ គ្មាន​អ្នក​ណា​សុទ្ធតែ​ធ្វើ​អំពើ​ល្អ​ជា​និច្ច​នោះ​ទេ។ សូម្បី​តែ​យើង​ចង់​ធ្វើ​អំពើ​ល្អ​ក៏​ដោយ តែ​ជួន​កាល​យើង​បែរ​ជា​ធ្វើ​អំពើ​អាក្រក់​ទៅ​វិញ។ តើ​កូន​ដឹង​មក​ពី​អ្វី​ទេ?— ដោយ​សារ​យើង​ទាំង​អស់​គ្នា​កើត​មក​ដោយ​មាន​ភាព​ខុស​ឆ្គង។ ប៉ុន្តែ មនុស្ស​ខ្លះ​ធ្វើ​អំពើ​អាក្រក់​ច្រើន​ណាស់។ ពួក​គេ​ស្អប់​អ្នក​ឯ​ទៀត​ហើយ​ចូល​ចិត្ត​ធ្វើ​បាប​ពួក​គេ។ តើ​កូន​គិត​ថា​ពួក​គេ​អាច​កែ​ប្រែ​និង​រៀន​ធ្វើ​អំពើ​ល្អ​បាន​ឬ​ទេ?—

សូម​មើល​យុវជន​ម្នាក់​កំពុង​ឈរ​យាម​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​អ្នក​ដែល​កំពុង​គប់​ស្ទេផាន​នឹង​ដុំ​ថ្ម។ យុវជន​នោះ​មាន​ឈ្មោះ​សុល​ជា​ភាសា​ហេប្រឺ តែ​ឈ្មោះ​ប៉ូល​ជា​ភាសា​រ៉ូម។ គាត់​ពេញ​ចិត្ត​ឃើញ​ពួក​គេ​សម្លាប់​ស្ទេផាន​ជា​អ្នក​កាន់​តាម​គ្រូ​ដ៏​ល្អ​ប្រសើរ។ សូម​ស្តាប់​អំពី​មូលហេតុ​ដែល​សុល​ធ្វើ​អំពើ​អាក្រក់។

សុល​កាន់​តាម​ក្រុម​សាសនាយូដា​មួយ​ហៅ​ថា​ផារិស៊ី។ ពួក​ផារិស៊ី​មាន​បណ្ដាំ​របស់​ព្រះ តែ​ពួក​គេ​ចូល​ចិត្ត​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​ច្រើន​ជាង។ មូលហេតុ​នេះ​ហើយ ដែល​នាំ​ឲ្យ​សុល​ធ្វើ​អំពើ​អាក្រក់។

ពេល​ដែល​គេ​ចាប់​ស្ទេផាន​នៅ​ក្រុង​យេរូសាឡិម សុល​ក៏​នៅ​ទី​នោះ​ដែរ។ គេ​បាន​នាំ​យក​ស្ទេផាន​ទៅ​តុលាការ នៅ​ទី​នោះ​ពួក​ចៅ​ក្រម​ខ្លះ​ជា​ពួក​ផារិស៊ី។ ទោះ​ជា​គេ​និយាយ​ចោទ​ប្រកាន់​ស្ទេផាន​ក្ដី តែ​គាត់​មិន​ខ្លាច​ទេ។ គាត់​បាន​និយាយ​យ៉ាង​ក្លាហាន​ទៅ​កាន់​ពួក​ចៅ​ក្រម​ទាំង​នោះ ហើយ​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​ប្រាប់​ពួក​គេ​យ៉ាង​សព្វ​គ្រប់​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។

ប៉ុន្តែ​ចៅ​ក្រម​ទាំង​នោះ​មិន​ពេញ​ចិត្ត​ស្តាប់​អំពី​រឿង​នោះ​ទេ។ ពួក​គេ​ដឹង​អំពី​រឿង​លោក​យេស៊ូ​ច្រើន​ហើយ។ ការ​ពិត រយៈ​ពេល​ខ្លី​មុន​នេះ ពួក​គេ​កាត់​ទោស​លោក​យេស៊ូ​ឲ្យ​ស្លាប់! ប៉ុន្តែ ក្រោយ​មក​ព្រះ​យេហូវ៉ា​បាន​យក​លោក​យេស៊ូ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ។ ចំណែក​ឯ​ពួក​ចៅ​ក្រមទាំង​នោះ​មិន​បាន​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ទេ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ប្រឆាំង​នឹង​អ្នក​កាន់​តាម​លោក​យេស៊ូ។

ពួក​ចៅ​ក្រម​បាន​ចាប់​ស្ទេផាន​យក​ទៅ​ក្រៅ​ទី​ក្រុង។ ពួក​គេ​វាយ​ផ្ដួល​គាត់​ដល់​ដី​ហើយ​គប់​គាត់​នឹង​ដុំ​ថ្ម។ ដូច​កូន​ឃើញ​ក្នុង​រូប​ភាព​នេះ សុល​កំពុង​មើល​នៅ​ជិត​នោះ។ គាត់​គិត​ថា​ជា​ការ​ត្រឹម​ត្រូវ​ហើយ​ដែល​គេ​សម្លាប់​ស្ទេផាន។

ហេតុ​អ្វី​សុល​គិត​ថា​ការ​សម្លាប់​ស្ទេផាន​ជា​ការ​ត្រឹម​ត្រូវ?

ហេតុ​អ្វី​សុល​គិត​ដូច្នោះ? តើ​កូន​ដឹង​ទេ?— អស់​មួយ​ជីវិត​សុល គាត់​បាន​រៀន​ធ្វើ​ជា​ផារិស៊ី​ម្នាក់ ហើយ​គាត់​បាន​ជឿ​ថា​សេចក្ដី​បង្រៀន​របស់​ពួក​ផារិស៊ី​គឺ​ត្រឹម​ត្រូវ។ គាត់​ចាត់​ទុក​ពួក​ផារិស៊ី​ជា​គំរូ​ល្អ ដូច្នេះ​គាត់​ចង់​ធ្វើ​តាម​ពួក​គេ។—សកម្មភាព ៧:៥៤​-​៦០

ក្រោយ​ពី​គេ​សម្លាប់​ស្ទេផាន តើ​សុល​បាន​ធ្វើ​អ្វី?— គាត់​ព្យាយាម​បំបាត់​ចោល​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​នៅ​សល់! គាត់​សម្រុក​ចូល​ក្នុង​ផ្ទះ​របស់​ពួក​គេ​តែ​ម្ដង ហើយ​ចាប់​អូស​ទាំង​ប្រុស​ទាំង​ស្រី​ចេញ​មក រួច​បញ្ជូន​ទៅ​គុក។ អ្នក​កាន់​តាម​លោក​យេស៊ូ​ជា​ច្រើន​បាន​ចេញ​ពី​ក្រុង​យេរូសាឡិម ប៉ុន្តែ​ពួក​គេ​មិន​បាន​ឈប់​ផ្សព្វ​ផ្សាយ​អំពី​លោក​យេស៊ូ​ទេ។—សកម្មភាព ៨:១​-​៤

នេះ​ជា​មូលហេតុ​មួយ​ទៀត​ដែល​សុល​ស្អប់​អ្នក​កាន់​តាម​លោក​យេស៊ូ​កាន់​តែ​ខ្លាំង​ឡើង។ ដូច្នេះ គាត់​បាន​ទៅ​ជួប​សម្ដេច​សង្ឃ​កៃ​ផា​ដើម្បី​សុំ​ការ​អនុញ្ញាត​ទៅ​ចាប់​ពួក​គ្រិស្ដ​សាសនិក​នៅ​ក្រុង​ដាម៉ាស។ សុល​ចង់​ចាប់​ពួក​គេ​នាំ​មក​ក្រុង​យេរូសាឡិម​ដើម្បី​ដាក់​ទោស។ ប៉ុន្តែ កាល​ដែល​គាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស មាន​ការ​អស្ចារ្យ​មួយ​បាន​កើត​ឡើង។

តើ​អ្នក​ណា​កំពុង​និយាយ​មក​កាន់​សុល ហើយ​តើ​លោក​បាន​ចាត់​សុល​ឲ្យ​ទៅ​ធ្វើ​អ្វី?

មាន​ពន្លឺ​ពី​លើ​មេឃ ព្រម​ទាំង​ឮ​សំឡេង​មួយ​បន្លឺ​មក​ថា​៖ ​«​សុល សុល ហេតុ​អ្វី​អ្នក​បៀត​បៀន​ខ្ញុំ?​»។ នេះ​ជា​សំឡេង​របស់​លោក​យេស៊ូ​ពី​ស្ថាន​សួគ៌! ពន្លឺ​នេះ​គឺ​ភ្លឺ​ខ្លាំង​ណាស់​រហូត​ធ្វើ​ឲ្យ​សុល​មើល​អ្វី​លែង​ឃើញ។ ដូច្នេះ អ្នក​ដែល​ទៅ​ជា​មួយ​គាត់​ត្រូវ​ជួយ​ដឹក​ដៃ​គាត់​នាំ​ទៅ​ក្រុង​ដាម៉ាស។

បី​ថ្ងៃ​ក្រោយ​មក លោក​យេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​ឃើញ​ក្នុង​គំនិត។ គាត់​ឈ្មោះ​អាណានាស​នៅ​ក្រុង​ដាម៉ាស។ លោក​យេស៊ូ​បាន​ប្រាប់​ឲ្យ​អាណានាស​ទៅ​ជួប​សុល​ដើម្បី​ធ្វើ​ឲ្យ​គាត់​មើល​ឃើញ​ឡើង​វិញ ហើយ​ពន្យល់​គាត់​អំពី​លោក។ ក្រោយ​ពី​អាណានាស​ពន្យល់​សុល សុល​បាន​ទទួល​ស្គាល់​សេចក្ដី​ពិត​អំពី​លោក​យេស៊ូ។ គាត់​បាន​មើល​ឃើញ​ឡើង​វិញ។ គាត់​បាន​កែ​ប្រែ​ជីវិត​ទាំង​ស្រុង ហើយ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ។—សកម្មភាព ៩:១​-​២២

ឥឡូវ តើ​កូន​យល់​មូលហេតុ​ដែល​សុល​បាន​ធ្វើ​អំពើ​អាក្រក់​ទេ?— នេះ​គឺ​ដោយ​សារ​គេ​បាន​បង្រៀន​គាត់​អំពី​អ្វី​ដែល​ខុស។ គាត់​បាន​ធ្វើ​តាម​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ។ បន្ថែម​ទៅ​ទៀត គាត់​បាន​កាន់​តាម​ក្រុម​មនុស្ស​ដែល​ចាត់​ទុក​ទស្សនៈ​របស់​មនុស្ស​ថា​សំខាន់​ជាង​បណ្ដាំ​របស់​ព្រះ។ ប៉ុន្តែ ទោះ​ជា​ពួក​ផារិស៊ី​ឯ​ទៀត​នៅ​តែ​ប្រឆាំង​ព្រះ​ក៏​ដោយ ហេតុ​អ្វី​សុល​បាន​កែ​ប្រែ​ជីវិត ហើយ​ចាប់​ផ្ដើម​ធ្វើ​អំពើ​ល្អ​វិញ?— នេះ​គឺ​ដោយ​សារ​សុល​មិន​បាន​ស្អប់​សេចក្ដី​ពិត​ទេ។ ដូច្នេះ ពេល​គាត់​យល់​សេចក្ដី​ពិត​ច្បាស់​ហើយ គាត់​ធ្វើ​តាម​សេចក្ដី​ពិត​នោះ​តែ​ម្ដង។

ក្រោយ​មក តើ​សុល​ក្លាយ​ទៅ​ជា​អ្នក​ណា? តើ​កូន​ដឹង​ទេ?— មែន​ហើយ គាត់​បាន​ក្លាយ​ទៅ​ជា​សាវ័ក​ម្នាក់​របស់​លោក​យេស៊ូ ដែល​គេ​ហៅ​ថា​សាវ័ក​ប៉ូល។ ម្យ៉ាង​ទៀត ប្រហែល​ជា​កូន​នឹក​ឃើញ​ថា ប៉ូល​បាន​សរសេរ​សៀវភៅ​ក្នុង​គម្ពីរ​ច្រើន​ជាង​អ្នក​ផ្សេង​ទៀត​ទាំង​អស់។

មនុស្ស​ជា​ច្រើន​អាច​កែ​ប្រែ​ដូច​សុល​ដែរ។ ប៉ុន្តែ គឺ​មិន​ងាយ​ស្រួល​ទេ ព្រោះ​មាន​បុគ្គល​ម្នាក់​កំពុង​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ជំរុញ​មនុស្ស​ឲ្យ​ធ្វើ​អំពើ​អាក្រក់។ តើ​កូន​ដឹង​ទេ អ្នក​នោះ​ជា​អ្នក​ណា?— លោក​យេស៊ូ​បាន​និយាយ​អំពី​អ្នក​នោះ កាល​ដែល​លោក​បង្ហាញ​ខ្លួន​ឲ្យ​សុល​ឃើញ​តាមផ្លូវ​ទៅ​ក្រុង​ដាម៉ាស។ នៅ​ទី​នោះ​លោក​យេស៊ូ​បាន​និយាយ​មក​កាន់​សុល​ពី​ស្ថាន​សួគ៌​ថា​៖ ​«​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ ដើម្បី​បើក​ភ្នែក​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​បែរ​ចេញ​ពី​ភាព​ងងឹត​មក​ឯ​ពន្លឺ​វិញ ថែម​ទាំង​ឲ្យ​ចេញ​ពី​អំណាច​របស់​សាថាន​មក​ឯ​ព្រះ​វិញ​»។—សកម្មភាព ២៦:១៧, ១៨

មែន​ហើយ អ្នក​នោះ​គឺ​ជា​មេកំណាច​សាថាន​ដែល​កំពុង​ព្យាយាម​នាំ​មនុស្ស​គ្រប់​គ្នា​ឲ្យ​ធ្វើ​អំពើ​អាក្រក់។ តើ​កូន​គិត​ថា​ជួន​កាល​ពិបាក​ធ្វើ​អំពើ​ល្អ​ទេ?— មែន យើង​គ្រប់​គ្នា​ពិបាក​ធ្វើ​អំពើ​ល្អ។ នេះ​ដោយ​សារ​សាថាន​ធ្វើ​ឲ្យ​យើង​ពិបាក។ ប៉ុន្តែ មាន​មូលហេតុ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ធ្វើ​អំពើ​ល្អ​ជា​និច្ច តើ​កូន​ដឹង​មូលហេតុ​នោះ​ទេ?— គឺ​ដោយ​សារ​យើង​កើត​មក​មាន​ភាព​ខុស​ឆ្គង។

គឺ​ភាព​ខុស​ឆ្គង​នេះ​ហើយ ដែល​ច្រើន​តែ​ធ្វើ​ឲ្យ​យើង​ពិបាក​ធ្វើ​អំពី​ល្អ​ជាង​ធ្វើ​អំពើ​អាក្រក់។ ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី?— ពិត​មែន យើង​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​អំពើ​ល្អ។ ពេល​យើង​ធ្វើ​ដូច​នោះ យើង​អាច​ប្រាកដ​ថា​លោក​យេស៊ូ​ស្រឡាញ់​យើង ហើយ​លោក​នឹង​ជួយ​យើង។

កាល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​បង្ហាញ​ថា​លោក​ស្រឡាញ់​មនុស្ស​ដែល​បាន​កែ​ប្រែ​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ខ្លួន។ លោក​យល់​ថា​គឺ​ពិបាក​ខ្លាំង​ណាស់​ចំពោះ​ពួក​គេ​ក្នុង​ការ​កែ​ប្រែ។ ជា​ឧទាហរណ៍ មាន​ស្ដ្រី​ខ្លះ​ដែល​ធ្លាប់​រួម​ដំណេក​ជា​មួយ​បុរស​ជា​ច្រើន។ ពិត​ណាស់ នេះ​ជា​អំពើ​អាក្រក់។ គម្ពីរ​ហៅ​ស្ដ្រី​ទាំង​នោះ​ថា​ស្រី​ពេស្យា​ឬ​ស្រី​ខូច។

ហេតុ​អ្វី​លោក​យេស៊ូ​បាន​អភ័យ​ទោស​ឲ្យ​ស្ដ្រី​នេះ​ដែល​ជា​អ្នក​ធ្វើ​អំពើ​អាក្រក់?

ថ្ងៃ​មួយ មាន​ស្ដ្រី​ម្នាក់​ដូច​នោះ​បាន​ឮ​អំពី​លោក​យេស៊ូ។ នាង​បាន​មក​រក​ជួប​លោក​យេស៊ូ​នៅ​ផ្ទះ​របស់​ផារិស៊ី​ម្នាក់។ នាង​បាន​សម្រក់​ទឹក​ភ្នែក​ទៅ​លើ​ជើង​លោក​រួច​យក​សក់​នាង​មក​ជូត ក៏​យក​ប្រេង​មក​ចាក់​លាប​ផង។ នាង​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​នាង ដូច្នេះ​លោក​យេស៊ូ​បាន​អភ័យ​ទោស​ឲ្យ​នាង។ ប៉ុន្តែ ផារិស៊ី​នោះ​គិត​ថា​នាង​មិន​គួរ​ទទួល​ការ​អភ័យ​ទោស​ទេ។—លូកា ៧:៣៦​-​៥០

តើ​កូន​ដឹង​ថា​លោក​យេស៊ូ​បាន​និយាយ​អ្វី​ទៅ​កាន់​ពួក​ផារិស៊ី​ទេ?— លោក​ប្រាប់​ពួក​គេ​ថា​៖ ​«​ពួក​អ្នក​យក​ពន្ធ​និង​ពួក​ស្រី​ពេស្យា​កំពុង​ចូល​រាជាណាចក្រ​របស់​ព្រះ​មុន​អ្នក​រាល់​គ្នា​»។ (​ម៉ាថាយ ២១:៣១​) លោក​យេស៊ូ​បាន​និយាយ​ដូច​នេះ ដោយ​សារ​ស្រី​ពេស្យា​ទាំង​នេះ​បាន​មាន​ជំនឿ​លើ​លោក និង​បាន​កែ​ប្រែ​របៀប​រស់​នៅ​របស់​ពួក​គេ។ ប៉ុន្តែ ពួក​ផារិស៊ី​នៅ​តែ​ធ្វើ​បាប​ពួក​អ្នក​កាន់​តែ​លោក​យេស៊ូ​ដដែល។

ដូច្នេះ ពេល​គម្ពីរ​បង្ហាញ​ថា​អំពើ​ដែល​យើង​កំពុង​ធ្វើ​ជា​អំពើ​អាក្រក់ យើង​គួរ​សុខ​ចិត្ត​កែ​ប្រែ។ មួយ​វិញ​ទៀត ពេល​យើង​ស្គាល់​អំពើ​ណា​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ យើង​គួរ​ចង់​ធ្វើ​អំពើ​នោះ​យ៉ាង​ខ្លាំង។ បើ​យើង​ធ្វើ​ដូច​នោះ ព្រះ​យេហូវ៉ា​ប្រាកដជា​ពេញ​ចិត្ត​នឹង​យើង ហើយ​លោក​នឹង​ឲ្យ​យើង​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

ដើម្បី​ជួយ​យើង​ជៀស​វាង​ពី​ការ​ធ្វើ​អំពើ​អាក្រក់ សូម​អាន​ជា​មួយ​គ្នា ទំនុក​តម្កើង ១១៩:៩​-​១១ សុភាសិត ៣:៥​-​៧ និង១២:១៥