លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៧

តើ​នរណា​ជា​ព្រះ​របស់​កូន?

តើ​នរណា​ជា​ព្រះ​របស់​កូន?

តើ​ហេតុ​អ្វី​សំណួរ​អំពី​នរណា​ជា​ព្រះ​របស់​កូន​ជា​សំណួរ​មួយ​សំខាន់?— ដោយ​សារ​មនុស្ស​គោរព​បូជា​ព្រះ​ជា​ច្រើន។ (​កូរិនថូស​ទី១ ៨:៥​) ពេល​សាវ័ក​ប៉ូល​បាន​ទទួល​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​បុរស​ម្នាក់​ឲ្យ​ដើរ​បាន​វិញ នោះ​បណ្ដា​ជន​បាន​បន្លឺ​សំឡេង​ថា​៖ ​«​ព្រះ​បាន​ប្រែ​កាឡា​ជា​មនុស្សជាតិ រួច​ចុះ​មក​ឯ​យើង​ហើយ!​»។ បណ្ដា​ជន​ចង់​គោរព​បូជា​ប៉ូល​និង​មិត្ត​របស់​គាត់​ឈ្មោះ​បាណាបាស។ ពួក​គេ​បាន​ហៅ​ប៉ូល​ថា​ព្រះ​ហ៊ើមេស ហើយ​ហៅ​បាណាបាស​ថា​ព្រះ​សឺស។ នោះ​ជា​ឈ្មោះ​របស់​ព្រះ​មិន​ពិត។

ប៉ុន្តែ​ប៉ូល​និង​បាណាបាស​មិន​ព្រម​ឲ្យ​បណ្ដា​ជន​គោរព​ប្រណិប័តន៍​ពួក​គាត់​ទេ។ ពួក​គាត់​បាន​ស្ទុះ​រត់​ទៅ​កណ្ដាល​បណ្ដា​ជន ហើយ​និយាយ​ថា ចូរ​«​វៀរ​ចាក​ការ​ឥត​ប្រយោជន៍​ទាំង​នេះ ហើយ​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»​វិញ។ (​សកម្មភាព ១៤:៨​-​១៥​) តើ​នរណា​ជា​«​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»​ដែល​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់?— មែន​ហើយ គឺ​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែន​ដី​ទាំង​មូល​»។ លោក​យេស៊ូ​បាន​ហៅ​ព្រះ​យេហូវ៉ា​ថា ​«​ព្រះ​ពិត​តែ​មួយ​»។ ដូច្នេះ តើ​មាន​តែ​អ្នក​ណា​ប៉ុណ្ណោះ​ដែល​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​យើង?— គឺ​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ!—ទំនុក​តម្កើង ៨៣:១៨; យ៉ូហាន ១៧:៣; ការ​បើក​បង្ហាញ ៤:១១

ហេតុ​អ្វី​ប៉ូល​និង​បាណាបាស​មិន​ព្រម​ឲ្យ​មនុស្ស​ក្រាប​គោរព​ពួក​គាត់?

មនុស្ស​ភាគ​ច្រើន​គោរព​ប្រណិប័តន៍​ព្រះ​ផ្សេង​ៗ​មិន​មែន​«​ព្រះ​ពិត​តែ​មួយ​»​ទេ។ ពួក​គេ​ច្រើន​តែ​គោរព​បូជា​អ្វី​ដែល​ពួក​គេ​ធ្វើ​ពី​ឈើ ថ្ម ឬ​ដែក។ (​និក្ខមនំ ៣២:៤​-​៧; លេវីវិន័យ ២៦:១; អេសាយ ៤៤:១៤​-​១៧​) សូម្បី​តែ​បុរស​និង​ស្ដ្រី​ដែល​ល្បី​ល្បាញ ជួន​កាល​ក៏​មនុស្ស​ហៅ​ពួក​គេ​ថា​ជា​តារា ហើយ​លើក​តម្កើង​ពួក​គេ​ដូច​ជា​ព្រះ ឬ​ចាត់​ទុក​ពួក​គេ​ជា​និមិត្តរូប​របស់​ខ្លួន។ តើ​ការ​លើក​តម្កើង​ពួក​គេ​ជា​ការ​ត្រឹម​ត្រូវ​ឬ​ទេ?—

ក្រោយ​ពី​សូល​បាន​ទៅ​ជា​សាវ័ក​ប៉ូល គាត់​បាន​សរសេរ​ថា​៖ ​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​មិន​ជឿ​ទៅ​ជា​ងងឹត​»។ (​កូរិនថូស​ទី២ ៤:៤​) តើ​ព្រះនេះ​ជា​នរណា?— ពិត​មែន គឺ​មេកំណាច​សាថាន! សាថាន​បាន​ធ្វើ​ឲ្យ​មនុស្ស​គោរព​បូជា​អ្វី​ៗ​ជា​ច្រើន​ព្រម​ទាំង​មនុស្ស​ផង​ដែរ។

ពេល​សាថាន​ព្យាយាម​ល្បួង​លោក​យេស៊ូ​ឲ្យ​ក្រាប​ប្រណិប័តន៍​វា តើ​លោក​យេស៊ូ​បាន​ប្រាប់​អ្វី​ដល់​សាថាន?— លោក​ប្រាប់​ថា​៖ ​«​គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​គោរព​ប្រណិប័តន៍ ហើយ​គឺ​សម្រាប់​តែ​លោក​ប៉ុណ្ណោះ ដែល​អ្នក​ត្រូវ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​»។ (​ម៉ាថាយ ៤:១០​) ដូច្នេះ លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​គោរព​ប្រណិប័តន៍​គឺ​សម្រាប់​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ សូម​យើង​អាន​រឿង​អំពី​យុវជន​ខ្លះ​ដែល​បាន​ដឹង​អំពី​បង្គាប់​នេះ។ ពួក​គាត់​ឈ្មោះ​សាដ្រាក់ មែ​សាក់ និង​អ័បេឌនេកោ។

យុវជន​ហេប្រឺ​ទាំង​នេះ​ជា​សមាជិក​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ដ្រ​របស់​ព្រះ។ ពួក​គាត់​បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​ទៅ​ស្រុក​បាប៊ីឡូន។ ស្ដេច​ដែល​គ្រប់​គ្រង​ស្រុក​នោះ​ឈ្មោះ​នេប៊ូក្នេសា គាត់​បាន​សាងសង់​រូប​សំណាក​ធំ​មួយ​ពី​មាស។ នៅ​ថ្ងៃ​មួយ​គាត់​បាន​បង្គាប់​ថា ពេល​ឮ​ភ្លេង​ប្រគំ​ឡើង មនុស្ស​ទាំង​អស់​គួរ​ក្រាប​គោរព​រូប​សំណាក​នោះ។ គាត់​បាន​ព្រមាន​ថា​៖ ‹បើ​អ្នក​ណា​មិនក្រាប​គោរព​ទេ នោះ​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​គុក​ភ្លើង ដែល​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​វេលា​នោះ​ឯង›។ បើ​កូន​នៅ​ទី​នោះ តើ​កូន​នឹង​ធ្វើ​អ្វី?—

ហេតុ​អ្វី​បុរស​ទាំង​នេះ​មិន​ព្រម​ក្រាប​គោរព​រូប​សំណាក​នោះ?

តាម​ធម្មតា​សាដ្រាក់ មែ​សាក់ និង​អ័បេឌនេកោ​បាន​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​ស្ដេច។ ប៉ុន្តែ​លើក​នេះ​ពួក​គាត់​មិន​ព្រម​ធ្វើ​តាម​ទេ។ តើ​កូន​ដឹង​មូលហេតុ​អ្វី​ទេ?— នេះ​គឺ​ដោយ​សារ​ច្បាប់​របស់​ព្រះ​ប្រាប់​ថា​៖ ‹កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ខ្ញុំ។ កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំ​រាប់​អ្នក​ឲ្យ​សោះ ហើយ​កុំ​ឲ្យ​ក្រាប​គោរព​នៅ​ចំពោះ​របស់​ទាំង​នោះ​ឡើយ›។ (​និក្ខមនំ ២០:៣​-​៥​) ដូច្នេះ សាដ្រាក់ មែ​សាក់ និង​អ័បេឌនេកោ​បាន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា មិន​មែន​បង្គាប់​របស់​ស្ដេច​នោះ​ទេ។

នេះ​ធ្វើ​ឲ្យ​ស្ដេច​ខឹង​ខ្លាំង​ណាស់។ ដូច្នេះ​ភ្លាម​នោះ​គាត់​បាន​ឲ្យ​គេ​នាំ​យុវជន​ហេប្រឺ​ទាំង​បី​នាក់​នោះ​មក​ចំពោះ​គាត់។ គាត់​សួរ​ថា​៖ ‹តើ​ឯង​រាល់​គ្នា​មិន​ក្រាប​គោរព​ដល់​ព្រះ​នៃ​យើង​មែន​ឬ? ឥឡូវ​យើង​នឹង​ផ្ដល់​ឱកាស​មួយ​ទៀត​ដល់​ឯង។ ពេល​ដែល​ឯង​ឮ​ភ្លេង​ប្រគំ នោះ​ត្រូវ​ក្រាប​គោរព​រូប​មាស​ដែល​យើង​បាន​ធ្វើ​នេះ។ តែ​បើ​ឯង​មិន​ក្រាប​គោរព​ទេ នោះ​ឯង​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ។ តើ​មាន​ព្រះ​ឯ​ណា ដែល​អាច​នឹង​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន?›។

តើ​យុវជន​ទាំង​នោះ​នឹង​ធ្វើ​យ៉ាង​ណា? បើ​កូន​នៅ​ទី​នោះ តើ​កូន​នឹង​ធ្វើ​អ្វី?— ពួក​គាត់​បាន​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ‹ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រណិប័តន៍​អាច​នឹង​ជួយ​យើង​ខ្ញុំ​ឲ្យ​រួច​បាន។ តែ​ទោះ​បើ​មិន​ជួយ​ក៏​ដោយ ក៏​យើង​ខ្ញុំ​មិន​ព្រម​គោរព​ប្រណិប័តន៍​ព្រះ​របស់​ស្ដេច​ដែរ។ យើង​ខ្ញុំ​មិន​ព្រម​ក្រាប​គោរព​ដល់​រូប​មាស​នោះ​ឡើយ›។

ស្ដេច​ខឹង​កាន់​តែ​ខ្លាំង​ឡើង ហើយ​បាន​បង្គាប់​ថា​៖ ‹ចូរ​ដុត​គុក​ភ្លើង​ឲ្យ​ក្ដៅ​ជាង​ធម្មតា​១​ជា​៧!›។ រួច​មក​ស្ដេច​បង្គាប់​ឲ្យ​បុរស​ខ្លាំង​ពូកែ​ចង​សាដ្រាក់ មែ​សាក់ និង​អ័បេឌនេកោ ហើយ​បោះ​ពួក​គាត់​ទៅ​ក្នុង​គុក​ភ្លើង! គុក​ភ្លើង​នោះ​ក្ដៅ​ដល់​ម៉្លេះ សូម្បី​តែ​បុរស​ខ្លាំង​ពូកែ​ទាំង​នោះ​ក៏​បាន​ស្លាប់​ដោយ​អណ្ដាត​ភ្លើង​ដែរ។ ចុះ​យ៉ាង​ណា​បុរស​ហេប្រឺ​បី​នាក់​នោះ​វិញ?

សាដ្រាក់ មែ​សាក់ និង​អ័បេឌនេកោ​បាន​ធ្លាក់​ចូល​កណ្ដាល​ភ្លើង​តែ​ម្ដង។ ប៉ុន្តែ​ពួក​គាត់​បាន​ក្រោក​ឡើង​វិញ! ពួក​គាត់​មិន​បាន​ត្រូវ​ភ្លើង​ឆេះ​ទេ ហើយ​ក៏​លែង​ជាប់​ចំណង​ដែរ។ តើ​រឿង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច​បាន?— ស្ដេច​បាន​មើល​ទៅ​គុក​ភ្លើង ហើយ​ឃើញ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច។ ស្ដេច​បាន​សួរ​អ្នក​បម្រើ​ថា​៖ ‹តើ​មិន​មែន​បី​នាក់​ដែល​យើង​បាន​បោះ​ទៅ​ក្នុង​ភ្លើង​ទេ​ឬ?›។ អ្នក​បម្រើ​ឆ្លើយ​ថា​៖ ‹ពិត​ហើយ​លោក​ម្ចាស់›។

តើ​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​អ្នក​បម្រើ​លោក​ពី​គុក​ភ្លើង​យ៉ាង​ដូច​ម្ដេច?

បន្ទាប់​មក​ស្ដេច​និយាយ​ថា​៖ ‹មើល! យើង​ឃើញ​បួន​នាក់​កំពុង​ដើរ​នៅ​កណ្ដាល​ភ្លើង ហើយ​ភ្លើង​មិន​បាន​ឆេះ​ពួក​គេ​ណា​ម្នាក់​ឡើយ›។ តើ​កូន​ដឹង​ថា​អ្នក​ទី​៤​នោះ​ជា​អ្នក​ណា​ទេ?— គឺ​ទេវតា​របស់​ព្រះ​យេហូវ៉ា។ ទេវតា​នេះ​បាន​ការពារ​កុំ​ឲ្យ​ភ្លើង​ឆេះ​បុរស​ហេប្រឺ​បី​នាក់​នោះ។

ដោយ​ឃើញ​ដូច្នេះ ស្ដេច​បាន​ទៅ​មាត់​ទ្វារ​គុក​ភ្លើង ហើយ​ស្រែក​ឡើង​ថា​៖ ‹ឱ​សាដ្រាក់ មែ​សាក់ និង​អ័បេឌនេកោ​ជា​អ្នក​គោរព​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ សូម​ចេញ​មក ហើយ​មក​ឯ​ណេះ​ចុះ›។ ពេល​ពួក​គាត់​ចេញ​មក មនុស្ស​គ្រប់គ្នា​អាច​ឃើញ​ថា​ពួក​គាត់​មិន​បាន​ត្រូវ​ភ្លើង​ឆេះ​ទេ សូម្បី​តែ​លើ​ខ្លួន​ពួក​គាត់​ក៏​គ្មាន​ក្លិន​ឈ្ងៀម​ដែរ។ រួច​មក​ស្ដេច​និយាយ​ថា​៖ ‹សូម​ឲ្យ​ព្រះ​នៃ​សាដ្រាក់ មែ​សាក់ និង​អ័បេឌនេកោ បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ចាត់​ទេវតា​ឲ្យ​មក​ជួយ​សង្គ្រោះ​អ្នក​បម្រើ​របស់​លោក ដោយ​សារ​ពួក​គេ​មិន​ព្រម​ក្រាប​គោរព​ព្រះ​ឯ​ណា​ទៀត ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ›។—ដានីយ៉ែល ជំពូក​ទី៣

នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ឬ​អ្វី​ខ្លះ​ដែល​មនុស្ស​ចាត់​ទុក​ជា​និមិត្តរូប​របស់​ខ្លួន?

យើង​អាច​រៀន​មេរៀន​មួយ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សម័យ​នោះ ពី​ព្រោះ​សូម្បី​តែ​នៅ​សព្វ​ថ្ងៃ​នេះ​មនុស្ស​បាន​ធ្វើ​រូប​ផ្សេង​ៗ​ដើម្បី​គោរព​បូជា។ សៀវភៅ​មួយ​បាន​សរសេរ​ថា​៖ ​«​ទង់​ជាតិ​គឺ​ពិសិដ្ឋ ដូច​ឈើ​ឆ្កាង​ក៏​ពិសិដ្ឋ​ដែរ​»​ (​The Encyclopedia Americana​)។ គេ​អាច​ធ្វើ​រូប​ផ្សេង​ៗ​ពី​ឈើ ថ្ម ក្រណាត់ ឬ​ដែក​ជា​ដើម។ អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​សម័យ​ដើម​មិន​បាន​ធ្វើ​អ្វី​មួយ​ដែល​បង្ហាញ​ថា​ពួក​គេ​គោរព​បូជា​អ្នក​គ្រប់​គ្រង​រ៉ូម​ឡើយ។ អ្នក​ប្រវត្តិសាស្ដ្រ​ម្នាក់​ឈ្មោះ​ដានីយ៉ែល មេននិក​បាន​និយាយ​ថា ការ​មិន​ព្រម​គោរព​បូជា​អ្នក​គ្រប់​គ្រង​រ៉ូម​គឺ​ស្មើ​នឹង​«​ការ​មិន​ព្រម​គោរព​ទង់​ជាតិ ឬ​សូត្រ​ពាក្យ​សច្ចា​ស្មោះ​ត្រង់​ចំពោះ​ប្រទេស​ជាតិ​»។

ដូច្នេះ ទោះ​បី​គេ​ធ្វើ​រូប​ខាង​សាសនា​ពី​ឈើ ថ្ម ក្រណាត់ ឬ​ដែក​ក៏​ដោយ តើ​កូន​គិត​ថា​នោះ​សំខាន់​ចំពោះ​ព្រះ​ឬ​ទេ?— តើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​មួយ​ដែល​បង្ហាញ​ថា​ពួក​គេ​គោរព​បូជា​រូប​បែប​នោះ​ទេ?— សាដ្រាក់ មែ​សាក់ និង​អ័បេឌនេកោ​មិន​បាន​ធ្វើ​ដូច្នោះ​ឡើយ។ ហេតុ​នោះ​ហើយ ព្រះ​យេហូវ៉ា​បាន​ពេញ​ចិត្ត​ចំពោះ​ពួក​គាត់។ តើ​កូន​អាច​ធ្វើ​តាម​គំរូ​របស់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?—

អស់​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​មិន​ត្រូវ​គោរព​បូជា​មនុស្ស​ឬ​អ្វី​ណា​ឡើយ។ ស្ដី​អំពី​រឿង​នេះ​សូម​អាន យ៉ូស្វេ ២៤:១៤, ១៥, ១៩​-​២២ អេសាយ ៤២:៨ យ៉ូហាន​ទី១ ៥:២១ និង​ការ​បើក​បង្ហាញ ១៩:១០