លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៨

តើ​យើង​គួរ​ស្តាប់​បង្គាប់​អ្នក​ណា?

តើ​យើង​គួរ​ស្តាប់​បង្គាប់​អ្នក​ណា?

ពេល​ខ្លះ​យើង​ពិបាក​ដឹង​ថា​គួរ​ស្តាប់​បង្គាប់​អ្នក​ណា។ ជា​ឧទាហរណ៍ ឪពុក​ឬ​ម្ដាយ​របស់​កូន​ប្រហែល​ជា​ប្រាប់​កូន​ឲ្យ​ធ្វើ​អ្វី​មួយ។ ប៉ុន្តែ គ្រូ​បង្រៀន​ឬ​ប៉ូលិស​ប្រហែល​ជា​ប្រាប់​កូន​ឲ្យ​ធ្វើ​អ្វី​ផ្ទុយ​ពី​នោះ​វិញ។ បើ​មាន​រឿង​នោះ​កើត​ឡើង តើ​កូន​នឹង​ស្តាប់​បង្គាប់​អ្នក​ណា?—

នៅ​ដើម​សៀវភៅ​នេះ ក្នុង​ជំពូក​ទី​៧ យើង​បាន​អាន​គម្ពីរ​នៅ​អេភេសូរ ៦:១​-​៣។ ខ​ទាំង​នោះ​ថា​កូន​ៗ​គួរ​ស្តាប់​បង្គាប់​ឪពុក​ម្ដាយ ដោយ​ប្រាប់​ថា​៖ ​«​ចូរ​ស្តាប់​បង្គាប់​ឪពុក​ម្ដាយ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក​ម្ចាស់​»។ តើ​កូន​ដឹង​ថា​«​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក​ម្ចាស់​»​មាន​ន័យ​អ្វី​ទេ?— ឪពុក​ម្ដាយ​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ម្ចាស់​បង្រៀន​កូន​ៗ​របស់​ពួក​គេ​ឲ្យ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ។

ប៉ុន្តែ​មនុស្ស​វ័យ​ចាស់​ខ្លះ​មិន​ជឿ​ព្រះ​យេហូវ៉ា​ទេ។ ឧបមា​ថា​គាត់​ណា​ម្នាក់​ប្រាប់​កូន​ថា​ការ​លួច​ចម្លង​ពេល​ប្រឡង ឬ​ការ​យក​អ្វី​មួយ​ពី​ហាង​ដោយ​អត់​បង់​លុយ​គឺ​មិន​អី​ទេ។ តើ​កូន​គិត​ថា មិន​អី​មែន​ឬ បើ​កូន​ធ្វើ​ដូច្នោះ?—

កូន​ប្រហែល​ជា​នៅ​ចាំ​ថា មាន​ពេល​មួយ​ស្ដេច​នេប៊ូក្នេសា​បាន​បង្គាប់​មនុស្ស​គ្រប់​គ្នា​ឲ្យ​ក្រាប​គោរព​រូប​សំណាក​មាស​ដែល​គាត់​បាន​ធ្វើ​ឡើង។ ប៉ុន្តែ​សាដ្រាក់ មែ​សាក់ និង​អ័បេឌនេកោ​មិន​បាន​ក្រាប​គោរព​ទេ។ តើ​កូន​ដឹង​ថា​ហេតុ​អ្វី​ទេ?— ពី​ព្រោះ​គម្ពីរ​ប្រាប់​ថា​មនុស្ស​គួរ​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។—និក្ខមនំ ២០:៣; ម៉ាថាយ ៤:១០

តើ​ពេត្រុស​កំពុង​និយាយ​អ្វី​ទៅ​កាន់​កៃ​ផា?

ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ មាន​គេ​នាំ​ពួក​សាវ័ក​របស់​លោក​យេស៊ូ​មក​សាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ជា​កន្លែង​ដែល​គេ​សម្រេច​រឿង​ក្ដី​របស់​ពួក​យូដា។ រួច​សម្ដេច​សង្ឃ​កៃ​ផា បាន​និយាយ​ថា​៖ ​«​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ដោយ​អាង​ឈ្មោះ[​យេស៊ូ​]នោះ​ជា​ដាច់​ខាត តែ​មើល! អ្នក​រាល់​គ្នា​បាន​ផ្សាយ​សេចក្ដី​បង្រៀន​របស់​អ្នក​ពេញ​ក្រុង​យេរូសាឡិម​»។ ហេតុ​អ្វីពួក​សាវ័ក​មិន​បាន​ស្តាប់​បង្គាប់​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់?— ពេត្រុស​និយាយ​ទៅ​កាន់​កៃ​ផា​តំណាង​ឲ្យ​ពួក​សាវ័ក​ទាំង​អស់​ថា​៖ ​«​យើង​ត្រូវ​ស្តាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»។—សកម្មភាព ៥:២៧​-​២៩

នៅ​គ្រា​នោះ ពួក​អ្នក​ដឹក​នាំ​សាសនាយូដា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ ប៉ុន្តែ ប្រទេស​របស់​ពួក​គេ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​រ៉ូម។ មេ​ដឹក​នាំ​ក្នុង​រដ្ឋាភិបាល​នោះ​គេ​ហៅ​ថា​សេសារ។ ពួក​យូដា​មិន​ចង់​ឲ្យ​សេសារ​គ្រប់​គ្រង​លើ​ពួក​គេ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ រដ្ឋាភិបាល​រ៉ូម​បាន​ធ្វើ​អ្វី​ជា​ច្រើន​ដើម្បី​ជួយ​បណ្ដា​ជន។ ចំណែក​ឯ​រដ្ឋាភិបាល​នានា​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​បាន​ធ្វើ​អ្វី​ជា​ច្រើន​ដើម្បី​ជួយ​ពល​រដ្ឋ​របស់​ពួក​គេ​ដែរ។ តើ​កូន​ដឹង​ទេ​មាន​អ្វី​ខ្លះ?—

រដ្ឋាភិបាល​សាងសង់​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ ហើយ​បង់​លុយ​ឲ្យ​ប៉ូលិស​និង​អ្នក​ពន្លត់​អគ្គិភ័យ​ដើម្បី​ការពារ​យើង។ រដ្ឋាភិបាល​ប្រហែល​ជា​រៀបចំ​ឲ្យ​មាន​ការ​អប់រំ​សម្រាប់​មនុស្ស​វ័យ​ក្មេង​និង​ការ​ថែ​ទាំ​សុខភាព​សម្រាប់​មនុស្ស​វ័យ​ចាស់។ ដើម្បី​មាន​អ្វី​ទាំង​នេះ​រដ្ឋាភិបាល​ត្រូវ​ចំណាយ​លុយ​ជា​ច្រើន។ តើ​កូន​ដឹង​ទេ​រដ្ឋាភិបាល​បាន​លុយ​មក​ពី​ណា?— គឺ​ពី​បណ្ដា​ជន។ លុយ​ដែល​បណ្ដា​ជន​បង់​ឲ្យ​រដ្ឋាភិបាល​គេ​ហៅ​ថា​ពន្ធ។

នៅ​គ្រា​ដែល​គ្រូ​ដ៏​ល្អ​ប្រសើរ​រស់​នៅ​ផែន​ដី ពួក​យូដា​ជា​ច្រើន​មិន​ចង់​បង់​ពន្ធ​ឲ្យ​រដ្ឋាភិបាល​រ៉ូម​ទេ។ ដូច្នេះ ថ្ងៃ​មួយ​ពួក​សង្ឃ​បាន​ជួល​បុរស​ខ្លះ​ឲ្យ​សួរ​សំណួរ​លោក​យេស៊ូ​ដើម្បី​ព្យាយាម​ចាប់កំហុស​លោក។ ពួក​គេ​សួរ​លោក​ថា​៖ ‹តើ​យើង​ត្រូវ​បង់​ពន្ធ​ជូន​សេសារ​ឬ​ទេ?›។ ពួក​គេ​សួរ​ដូច្នេះ​ដើម្បី​បញ្ឆោត​លោក​យេស៊ូ។ បើ​លោក​យេស៊ូ​ឆ្លើយ​ថា​៖ ‹មែន អ្នក​ត្រូវ​បង់​ពន្ធ› ពួក​យូដា​ជា​ច្រើន​នឹង​មិន​ពេញ​ចិត្ត​អ្វី​ដែល​លោក​ឆ្លើយ​ទេ។ ប៉ុន្តែ លោក​យេស៊ូ​មិន​អាច​ឆ្លើយ​ថា​៖ ‹ទេ អ្នក​មិន​ត្រូវ​បង់​ពន្ធ​ឡើយ› ព្រោះ​ការ​ឆ្លើយ​បែប​នេះ​គឺ​ខុស។

ដូច្នេះ តើ​លោក​យេស៊ូ​បាន​ឆ្លើយ​យ៉ាង​ណា? លោក​បាន​ឆ្លើយ​ថា​៖ ‹ចូរ​បង្ហាញ​ប្រាក់​មួយ​ឲ្យ​ខ្ញុំ​មើល›។ ពេល​ពួក​គេ​ឲ្យ​ប្រាក់​មួយ​ទៅ​លោក លោក​យេស៊ូ​បាន​សួរ​ពួក​គេ​ថា​៖ ​«​តើ​នេះ​ជា​រូប​និង​ឈ្មោះ​របស់​អ្នក​ណា?​»។ ពួក​បុរស​ទាំង​នោះ​ឆ្លើយ​ថា​៖ ​«​ជា​រូប​និង​ឈ្មោះ​របស់​សេសារ​»។ លោក​យេស៊ូ​បាន​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​បើ​ដូច្នេះ អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។—លូកា ២០:១៩​-​២៦

ពេល​បុរស​ទាំង​នេះ​បាន​សួរ​សំណួរ​ដើម្បី​បញ្ឆោត​លោក​យេស៊ូ តើ​លោក​បាន​ឆ្លើយ​យ៉ាង​ណា?

ម៉្លោះ​ហើយ គ្មាន​នរណា​ម្នាក់​អាច​រិះ​គន់​ចម្លើយ​របស់​លោក​យេស៊ូ​បាន​ទេ។ បើ​សេសារ​ធ្វើ​អ្វី​ជា​ច្រើន​សម្រាប់​បណ្ដា​ជន គឺ​ជា​ការ​ត្រឹម​ត្រូវ​ដែល​ពួក​គេ​ប្រើ​ប្រាក់​ដែល​សេសារ​បាន​បង្កើត​នោះ ដើម្បី​បង់​ឲ្យ​សេសារ​វិញ។ ដូច្នេះ​តាម​របៀប​នេះ លោក​យេស៊ូ​បាន​បង្ហាញ​ថា​គឺ​ជា​ការ​ត្រឹម​ត្រូវ​ដែល​យើង​បង់​ពន្ធ​ឲ្យ​រដ្ឋាភិបាល​សម្រាប់​ប្រយោជន៍​ដែល​យើង​បាន​ទទួល។

ឥឡូវ​ប្រហែល​ជា​កូន​មិន​ទាន់​គ្រប់​អាយុ​បង់​ពន្ធ​ទេ។ ប៉ុន្តែ មាន​អ្វី​ខ្លះ​ដែល​កូន​គួរ​ឲ្យ​រដ្ឋាភិបាល។ តើ​កូន​ដឹង​ថា​នោះ​ជា​អ្វី​ទេ?— គឺ​ការ​ធ្វើ​តាម​ច្បាប់​របស់​រដ្ឋាភិបាល។ គម្ពីរ​ប្រាប់​ថា​៖ ‹ចូរ​ស្តាប់​បង្គាប់​ពួក​អាជ្ញាធរ›។ ពួក​អាជ្ញាធរ​គឺ​ជា​អ្នក​មាន​អំណាច​ក្នុង​រដ្ឋាភិបាល។ ដូច្នេះ ព្រះ​ជា​អ្នក​ដែល​ប្រាប់​យើង​ថា យើង​គួរ​ធ្វើ​តាម​ច្បាប់​របស់​រដ្ឋាភិបាល។—រ៉ូម ១៣:១, ២

ឧបមា​ថា​មាន​ច្បាប់​ហាម​បោះ​ក្រដាស​ឬ​ចោល​សំរាម​នៅ​លើ​ផ្លូវ។ តើ​កូន​គួរ​ធ្វើ​តាម​ច្បាប់​នោះ​ទេ?— មែន​ហើយ ព្រះ​ចង់​ឲ្យ​កូន​ស្តាប់​បង្គាប់។ តើ​កូន​គួរ​ស្តាប់​បង្គាប់​ប៉ូលិស​ដែរ​ទេ?— រដ្ឋាភិបាល​បង់​លុយ​ឲ្យ​ប៉ូលិស​ការពារ​ពល​រដ្ឋ។ បើ​កូន​ស្តាប់​បង្គាប់​ពួក​គេ​គឺ​ដូច​ជា​កូន​ស្តាប់​បង្គាប់​រដ្ឋាភិបាល​ដែរ។

ឧទាហរណ៍ បើ​កូន​បម្រុង​នឹង​ឆ្លង​ផ្លូវ តែ​ប៉ូលិស​ប្រាប់​ថា​៖ ​«​ចាំ​សិន!​»​ តើ​កូន​គួរ​ធ្វើ​អ្វី?— ចុះ​បើ​អ្នក​ឯ​ទៀត​កំពុង​រត់​ឆ្លង​ផ្លូវ តើ​កូន​គួរ​ឆ្លង​ដែរ​ទេ?— កូន​គួរ​ចាំ​សិន សូម្បី​តែ​មាន​តែ​កូន​ប៉ុណ្ណោះ​ដែល​កំពុង​ចាំ​ក៏​ដោយ។ ព្រោះ​ព្រះ​ប្រាប់​កូន​ឲ្យ​ស្តាប់​បង្គាប់។

ឧបមា​ថា​មាន​រឿង​កើត​ឡើង​នៅ​តំបន់​ដែល​កូន​រស់​នៅ ហើយ​ប៉ូលិស​ប្រាប់​ថា​៖ ​«​កុំ​ចេញ​មក​ក្រៅ​»។ ប៉ុន្តែ​កូន​ប្រហែល​ជា​ឮ​សំឡេង​ស្រែក ហើយ​កូន​ឆ្ងល់​ថា​មាន​រឿង​អ្វី​កើត​ឡើង? តើ​ពេល​នោះ​កូន​គួរ​ចេញ​មក​ក្រៅ​ដើម្បី​មើល​ទេ?— បើ​កូន​ធ្វើ​ដូច​នោះ តើ​កូន​កំពុង​ស្តាប់​បង្គាប់​«​ពួក​អាជ្ញាធរ​»​ទេ?—

នៅ​កន្លែង​ជា​ច្រើន រដ្ឋាភិបាល​ក៏​សង់​សាលា​រៀន និង​បង់​លុយ​ឲ្យ​គ្រូ​បង្រៀន​ដែរ។ ដូច្នេះ តើ​កូន​គិត​ថា​ព្រះ​ចង់​ឲ្យ​កូន​ស្តាប់​បង្គាប់​គ្រូ​បង្រៀន​ឬ​ទេ?— សូម​គិត​អំពី​នេះ រដ្ឋាភិបាល​បង់​លុយ​ឲ្យ​គ្រូ​ដើម្បី​បង្រៀន​សិស្ស ក៏​ដូច​ជា​បង់​លុយ​ឲ្យ​ប៉ូលិស​ដើម្បី​ការពារ​ពល​រដ្ឋ​ដែរ។ ដូច្នេះ បើ​កូន​ស្តាប់​បង្គាប់​ប៉ូលិស​ឬ​គ្រូ​បង្រៀន​គឺ​ដូច​ជា​កូន​ស្តាប់​បង្គាប់​រដ្ឋាភិបាល​ដែរ។

ហេតុ​អ្វី​យើង​គួរ​ស្តាប់​បង្គាប់​ប៉ូលិស?

ប៉ុន្តែ ចុះ​បើ​គ្រូ​បង្រៀន​ប្រាប់​កូន​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​បង្ហាញ​ការ​គោរព​ចំពោះ​រូប​សំណាក ដូច​ជា​សំពះ​ឬ​លំឱន​កាយ​ជា​ដើម? តើ​កូន​នឹង​ធ្វើ​អ្វី?— បុរស​ហេប្រឺ​បី​នាក់​មិន​ព្រម​ក្រាប​គោរពរូប​សំណាក​មាស​ទេ ទោះ​ជា​ស្ដេច​នេប៊ូក្នេសា​បង្គាប់​ឲ្យ​ពួក​គាត់​គោរព​ក៏​ដោយ។ តើ​កូន​ចាំ​ថា​ហេតុ​អ្វី​ទេ?— ពី​ព្រោះ​ពួក​គាត់​មិន​ចង់​ធ្វើ​ខុស​នឹង​បង្គាប់​របស់​ព្រះ​ទេ។

អ្នក​សរសេរ​ប្រវត្តិសាស្ដ្រ​ម្នាក់​ឈ្មោះ​វីល​ដូរេន បាន​សរសេរ​អំពី​គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម គាត់​បាន​និយាយ​ថា​៖ ‹ពួក​គេ​មិន​បង្ហាញ​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​សេសារ​ទេ›។ បើ​មិន​ចំពោះ​សេសារ​ទេ តើ​ចំពោះ​អ្នក​ណា​វិញ? គឺ​ចំពោះ​ព្រះ​យេហូវ៉ា! ដូច្នេះ​សូម​ចាំ​ថា ព្រះ​គួរ​ជា​បុគ្គល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។

យើង​ស្តាប់​បង្គាប់​រដ្ឋាភិបាល ពី​ព្រោះ​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ​ដូច្នោះ។ ប៉ុន្តែ បើ​រដ្ឋាភិបាល​ប្រាប់​យើង​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ព្រះ​ប្រាប់​ថា​យើង​មិន​គួរ​ធ្វើ តើ​យើង​គួរ​និយាយ​អ្វី?— យើង​គួរ​និយាយ​ដូច​ពាក្យ​សម្ដី​ដែល​ពួក​សាវ័ក​បាន​និយាយ​ទៅ​កាន់​សម្ដេច​សង្ឃ​ថា​៖ ​«​យើង​ត្រូវ​ស្តាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»។—សកម្មភាព ៥:២៩

គម្ពីរ​បង្រៀន​យើង​ឲ្យ​គោរព​ច្បាប់​រដ្ឋាភិបាល។ សូម​អាន ម៉ាថាយ ៥:៤១ ទីតុស ៣:១ និង​ពេត្រុស​ទី១ ២:១២​-​១៤