លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៩

តើ​ព្រះ​ពេញ​ចិត្ត​ពិធី​ជប់​លៀង​ទាំង​អស់​ឬ?

តើ​ព្រះ​ពេញ​ចិត្ត​ពិធី​ជប់​លៀង​ទាំង​អស់​ឬ?

ហេតុ​អ្វី​ព្រះ​ពេញ​ចិត្ត​ពិធី​ជប់​លៀង​នេះ?

តើ​កូន​ចូល​ចិត្ត​ទៅ​ពិធី​ជប់​លៀង​ទេ?— ពិធី​ជប់​លៀង​ធ្វើ​ឲ្យ​យើង​សប្បាយ​ណាស់! តើ​កូន​គិត​ថា​គ្រូ​ដ៏​ល្អ​ប្រសើរ​ចង់​ឲ្យ​យើង​ចូល​រួម​ពិធី​ជប់​លៀង​ទេ?— តាម​ពិត​លោក​ធ្លាប់​ចូល​រួម​ពិធី​ជប់​លៀង​រៀប​ការ​មួយ ហើយ​អ្នក​កាន់​តាម​ខ្លះ​របស់​លោក​ក៏​បាន​ទៅ​ជា​មួយ​នឹង​លោក​ដែរ។ ចំណែក​ព្រះ​យេហូវ៉ា​វិញ លោក​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ ដូច្នេះ​លោក​ពេញ​ចិត្ត​ពេល​ដែល​យើង​សប្បាយ​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ដ៏​ល្អ។—ធីម៉ូថេ​ទី១ ១:១១; យ៉ូហាន ២:១​-​១១

នៅ​ទំព័រ​២៩​ក្នុង​សៀវភៅ​នេះ​រៀប​រាប់​អំពី​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​ញែក​សមុទ្រ​ក្រហម ដើម្បី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អាច​ដើរ​ឆ្លង​កាត់​បាត​សមុទ្រ​នោះ។ តើ​កូន​ចាំ​រឿង​នោះ​ទេ?— ក្រោយ​មក​ពួក​គេ​បាន​ច្រៀង​រាំ​និង​អរគុណ​ព្រះ​យេហូវ៉ា។ នោះ​ដូច​ជា​ពិធី​ជប់​លៀង​មួយ​ដែរ។ ពួក​គេ​សប្បាយ​រីក​រាយ​ណាស់ ហើយ​នៅ​ពេល​នោះ​ព្រះ​យេហូវ៉ា​ច្បាស់​ជា​សប្បាយ​រីក​រាយ​ដែរ។—និក្ខមនំ ១៥:១, ២០, ២១

ប្រហែល​ជា​៤០​ឆ្នាំ​ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ទៅ​ពិធី​ជប់​លៀង​ធំ​មួយ​ទៀត។ នៅ​ពេល​នោះ អ្នក​ដែល​បាន​អញ្ជើញ​ពួក​គេ​មិន​មែន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ ហើយ​ពួក​គេ​ថែម​ទាំង​ក្រាប​គោរព​ព្រះ​ផ្សេង​ៗ​ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ទាំង​នោះ​ក៏​រួម​ដំណេក​ជា​មួយ​អ្នក​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍ នៅ​ពិធី​ជប់​លៀង​នោះ​ដែរ។ តើ​កូន​គិត​ថា​ការ​ចូល​រួម​ពិធី​ជប់​លៀង​ដូច​នោះ​ជា​ការ​សមរម្យ​ឬ​ទេ?— ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ទេ ហើយ​លោក​បាន​ដាក់​ទោស​ជន​ជាតិ​អ៊ីស្រាអែល។—ជន​គណនា ២៥:១​-​៩; កូរិនថូស​ទី១ ១០:៨

គម្ពីរ​ក៏​បាន​ប្រាប់​អំពី​ពិធី​ជប់​លៀង​ខួប​កំណើត​ពីរ​ដែរ។ តើ​ពិធី​មួយ​ក្នុង​នោះ​ជា​ពិធី​ខួប​កំណើត​របស់​គ្រូ​ដ៏​ល្អ​ប្រសើរ​ឬ​ទេ?— មិន​មែន​ទេ។ ពិធី​ជប់​លៀង​ទាំង​ពីរ​នោះ​គឺ​ធ្វើ​ឡើង​ដោយ​អ្នក​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា។ ពិធី​មួយ​គឺ​ពិធី​ជប់​លៀង​ខួប​កំណើត​របស់​ស្ដេច​ហេរ៉ូឌ​អាន់ទីប៉ាស។ គាត់​ជា​អ្នក​គ្រប់​គ្រង​ស្រុក​កាលីឡេ​ពេល​ដែល​លោក​យេស៊ូ​រស់​នៅ​ទី​នោះ។

ស្ដេច​ហេរ៉ូឌ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន។ គាត់​បាន​យក​ប្រពន្ធ​របស់​បង​ប្រុស​គាត់។ នាង​ឈ្មោះ​ហេរ៉ូឌាស។ ដូច្នេះ អ្នក​បម្រើ​របស់​ព្រះ​ឈ្មោះ​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ប្រាប់​ហេរ៉ូឌ​ថា គាត់​ធ្វើ​ដូច្នោះ​គឺ​ខុស​ហើយ។ ហេរ៉ូឌ​មិន​ចូល​ចិត្ត​អ្វី​ដែល​យ៉ូហាន​ប្រាប់​ទេ។ ដូច្នេះ​ហើយ​ហេរ៉ូឌ​បាន​ចាប់​យ៉ូហាន​ដាក់​គុក។—លូកា ៣:១៩, ២០

ក្នុង​ពេល​ដែល​យ៉ូហាន​ជាប់​គុក ថ្ងៃ​ខួប​កំណើត​ហេរ៉ូឌ​ក៏​មក​ដល់។ ហេរ៉ូឌ​បាន​ធ្វើ​ពិធី​ជប់​លៀង​ដ៏​ធំ​មួយ ហើយ​បាន​អញ្ជើញ​អ្នក​ធំ​ជា​ច្រើន។ ពួក​គេ​ទាំង​អស់​គ្នា​ពិសា​ស្រា​និង​អាហារ​យ៉ាង​សប្បាយ​រីក​រាយ។ ពេល​នោះ​កូន​ស្រី​របស់​ហេរ៉ូឌាស​បាន​ចូល​មក​រាំ​ឲ្យ​ពួក​គេ​មើល។ អ្នក​គ្រប់​គ្នា​នៅ​ទី​នោះ​ពេញ​ចិត្ត​នឹង​ការ​រាំ​របស់​នាង​ណាស់ ដូច្នេះ​ហើយ​ស្ដេច​ហេរ៉ូឌ​ចង់​ឲ្យ​រង្វាន់​ពិសេស​ដល់​នាង។ គាត់​ប្រាប់​នាង​ថា​៖ ​«​អ្វី​ក៏​ដោយ​ដែល​នាង​សុំ​ពី​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ ទោះ​ជា​សុំ​រាជាណាចក្រ​ខ្ញុំ​មួយ​ចំហៀង​ក៏​ដោយ​»។

តើ​នាង​នឹង​សុំ​អ្វី? តើ​នាង​នឹង​សុំ​មាស​ប្រាក់ សម្លៀក​បំពាក់​ស្អាត​ៗ ឬ​វាំង​ផ្ទាល់​ខ្លួន​មួយ​ឬ? តាម​ពិត​នាង​មិន​ដឹង​ថា​ត្រូវ​សុំ​អ្វី​ទេ។ ដូច្នេះ​នាង​បាន​ចេញ​ទៅ​សួរ​ហេរ៉ូឌាស​ដែល​ជា​ម្ដាយ​នាង​ថា​៖ ​«​តើ​ខ្ញុំ​គួរ​សុំ​អ្វី?​»។

ដោយ​សារ​ហេរ៉ូឌាស​ស្អប់​យ៉ូហាន​ខ្លាំង​ណាស់ នាង​បាន​ប្រាប់​កូន​ស្រី​ឲ្យ​សុំ​ក្បាល​យ៉ូហាន។ កូន​ស្រី​បាន​ទៅ​ជួប​ស្ដេច​វិញ​ហើយ​ប្រាប់​ថា​៖ ​«​ខ្ញុំ​ចង់​បាន​ក្បាល​របស់​យ៉ូហាន ជា​អ្នក​ជ្រមុជ​ទឹក ដាក់​លើ​ថាស​ភ្លាម​»។

ស្ដេច​ហេរ៉ូឌ​មិន​ចង់​សម្លាប់​យ៉ូហាន​ទេ ព្រោះ​គាត់​ដឹង​ថា​យ៉ូហាន​ជា​មនុស្ស​ល្អ។ ប៉ុន្តែ​ហេរ៉ូឌ​បាន​សន្យា​ហើយ ម្យ៉ាង​ទៀត​គាត់​ខ្លាច​ថា​អ្នក​ឯ​ទៀត​ក្នុង​ពិធី​ជប់​លៀង​នោះ​នឹង​មើល​ងាយ​គាត់ បើ​គាត់​មិន​ធ្វើ​តាម​ពាក្យ​សន្យា។ ដូច្នេះ គាត់​បាន​ចាត់​បុរស​ម្នាក់​ឲ្យ​ទៅ​កាត់​ក្បាល​យ៉ូហាន​នៅ​ក្នុង​គុក។ មិន​យូរ​ប៉ុន្មាន​បុរស​នោះ​មក​វិញ​ទាំង​មាន​ក្បាល​យ៉ូហាន​ដាក់​លើ​ថាស​មក​ជា​មួយ​ផង ហើយ​គាត់​បាន​ឲ្យ​ទៅ​នាង។ រួច​មក​នាង​ក៏​ឲ្យ​ដល់​ម្ដាយ​នាង។—ម៉ាកុស ៦:១៧​-​២៩

ចំណែក​ឯ​ពិធី​ជប់​លៀង​ខួប​កំណើត​មួយ​ទៀត​ដែល​គម្ពីរ​ប្រាប់​ក៏​មិន​ល្អ​ជាង​ពិធី​មុន​ដែរ។ នោះ​គឺ​ពិធី​ជប់​លៀង​របស់​ស្ដេច​អេស៊ីប។ ក្នុង​ពិធី​ជប់​លៀង​នោះ ស្ដេច​ក៏​បាន​ឲ្យ​គេ​កាត់​ក្បាល​បុរស​ម្នាក់​ដែរ។ បន្ទាប់​មក គាត់​បាន​ព្យួរ​បុរស​នោះ​ឲ្យ​សត្វ​ស្លាប​ចឹក​ស៊ី! (​លោកុប្បត្តិ ៤០:១៩​-​២២​) តើ​កូន​គិត​ថា​ព្រះ​ពេញ​ចិត្ត​នឹង​ពិធីជប់​លៀង​ទាំង​ពីរ​នោះ​ទេ?— បើ​កូន​នៅ​ទី​នោះ តើ​កូន​ចង់​ចូល​រួម​ពិធី​ជប់​លៀង​ទាំង​នោះ​ទេ?—

នៅ​ពិធី​ជប់​លៀង​ខួប​កំណើត​របស់​ហេរ៉ូឌ តើ​មាន​អ្វី​កើត​ឡើង?

យើង​ដឹង​ថា​អ្វី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​សុទ្ធតែ​មាន​មូលហេតុ។ គម្ពីរ​មិន​គ្រាន់​តែ​ប្រាប់​អំពី​ពិធី​ជប់​លៀង​ខួប​កំណើត​ពីរ​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រាប់​ដែរ​ថា​មាន​គេ​ធ្វើ​អំពើ​អាក្រក់​ក្នុង​ពិធី​ទាំង​ពីរ​នោះ។ ដូច្នេះ តើ​កូន​គិត​ថា​ព្រះ​ចង់​ប្រាប់​យើង​យ៉ាង​ណា អំពី​ពិធី​ជប់​លៀង​ខួប​កំណើត? តើ​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ​ខួប​កំណើត​ឬ​ទេ?—

ពិត​ណាស់​នៅ​សព្វ​ថ្ងៃ​នេះ​ក្នុង​ពិធី​ជប់​លៀង​ខួប​កំណើត គេ​មិន​កាត់​ក្បាល​អ្នក​ណា​ម្នាក់​ទេ។ ប៉ុន្តែ ការ​ធ្វើ​ខួប​កំណើត​បាន​ផ្ដើម​ឡើង​ដោយ​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​ពិត។ ស្ដី​អំពី​ពិធី​ជប់​លៀង​ខួប​កំណើត​ដែល​មាន​ចែង​ក្នុង​គម្ពីរ សៀវភៅ​មួយ​បាន​ប្រាប់​ថា​៖ ​«​មាន​តែ​អ្នក​ធ្វើ​អំពើ​ខុស​ឆ្គង​ប៉ុណ្ណោះ . . . ធ្វើ​ពិធី​អបអរ​ដ៏​អធិកអធម​នៅ​ថ្ងៃ​កំណើត​របស់​ពួក​គេ​»​ (​The Catholic Encyclopedia​)។ តើ​យើង​ចង់​ធ្វើ​ដូច​ជា​ពួក​គេ​ទេ?—

ចុះ​គ្រូ​ដ៏​ល្អ​ប្រសើរ​វិញ? តើ​លោក​បាន​ធ្វើ​ខួប​កំណើត​របស់​ខ្លួន​ទេ?— អត់​ទេ។ គម្ពីរ​មិន​បាន​ប្រាប់​អ្វី​សោះ​អំពី​ពិធី​ជប់​លៀង​ខួប​កំណើត​របស់​លោក​យេស៊ូ។ តាម​ពិត អ្នក​កាន់​តាម​ដំបូង​របស់​លោក​យេស៊ូ​មិន​បាន​ធ្វើ​ខួប​កំណើត​របស់​លោក​ទេ។ ប៉ុន្តែ ហេតុ​អ្វី​ក្រោយ​មក​គេ​បាន​សម្រេច​ធ្វើ​ខួប​កំណើត​របស់​លោក​យេស៊ូ​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ? តើ​កូន​ដឹង​ទេ?—

យោង​តាម​សៀវភៅ​មួយ​បាន​ប្រាប់​អំពី​មូលហេតុ​ដែល​គេ​បាន​ជ្រើស​យក​ថ្ងៃ​នោះ ដោយ​សារ​«​ពួក​រ៉ូម​ធ្លាប់​ធ្វើ​បុណ្យ​មួយ​ដែល​ហៅ​ថា​បុណ្យ​ព្រះ​សៅរ៍។ នេះ​ជា​ពិធី​ខួប​កំណើត​នៃ​ព្រះអាទិត្យ​»​ (​The World Book Encyclopedia​)។ ដូច្នេះ គេ​បាន​សម្រេច​ចិត្ត​ធ្វើ​ខួប​កំណើត​របស់​លោក​យេស៊ូ​នៅ​ចំ​ថ្ងៃ​បុណ្យ​ខួប​កំណើត​នៃ​ព្រះអាទិត្យ​របស់​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ដ​សាសនិក!

ហេតុ​អ្វី​ខែ​ធ្នូ​មិន​មែន​ជា​ខែ​ដែល​លោក​យេស៊ូ​កើត? តើ​កូន​ដឹង​ទេ?— ពី​ព្រោះ​គម្ពីរ​ប្រាប់​ថា ពេល​លោក​យេស៊ូ​កើត​មក ពួក​អ្នក​គង្វាល​កំពុង​នៅ​ឯ​វាល​ក្នុង​យប់​នោះ។ (​លូកា ២:៨​-​១២​) ម្យ៉ាង​ទៀត ពួក​គេ​មិន​អាច​នៅ​ខាង​ក្រៅ​ក្នុង​ខែ​ធ្នូ​បាន​ទេ ព្រោះ​នៅ​ខែ​នោះ​ត្រជាក់ ហើយ​មាន​ភ្លៀង​ធ្លាក់។

ហេតុ​អ្វី​លោក​យេស៊ូ​មិន​អាច​កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ?

មនុស្ស​ជា​ច្រើន​ដឹង​ថា​បុណ្យ​ណូអែល​មិន​មែន​ជា​ថ្ងៃ​កំណើត​របស់​លោក​យេស៊ូ​ទេ។ ម្យ៉ាងទៀត ពួក​គេ​ក៏​ដឹង​ដែរ​ថា​ថ្ងៃ​នោះ​ជា​ថ្ងៃ​បុណ្យ​របស់​ពួក​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ដ​សាសនិក ថែម​ទាំង​ដឹង​ថា​ព្រះ​មិន​ពេញ​ចិត្ត​នឹង​ពិធី​បែប​នោះ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី មនុស្ស​ជា​ច្រើន​នៅ​តែ​ធ្វើ​បុណ្យ​ណូអែល។ ពួក​គេ​គិត​តែ​អំពី​ការ​ជប់​លៀង​សប្បាយ​ជា​ជាង​គិត​ថា​តើ​ព្រះ​ពិត​ជា​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​បុណ្យ​នោះ។ ប៉ុន្តែ​យើង​ខុស​ពី​ពួក​គេ យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត មែន​ទេ?—

ដូច្នេះ ពេល​យើង​ធ្វើ​ជប់​លៀង យើង​ចង់​ប្រាកដ​ថា នោះ​ជា​ពិធី​ជប់​លៀង​ល្អ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ យើង​អាច​មាន​ពិធី​ជប់​លៀង​នៅ​ពេល​ណា​ក៏​បាន​ក្នុង​ឆ្នាំ​នោះ មិន​ចាំ​បាច់​ចាំ​ទាល់​តែ​មាន​ថ្ងៃ​ពិសេស​ណា​មួយ​ទេ។ ជា​ឧទាហរណ៍ យើង​អាច​បរិភោគ​អាហារ​ពិសេស​ៗ ហើយ​លេង​ល្បែង​កម្សាន្ត​ផ្សេង​ៗ។ តើ​កូន​ចង់​ធ្វើ​ដូច្នោះ​ទេ?— ប្រហែល​ជា​កូន​អាច​ប្រាប់​ឪពុក​ម្ដាយ​របស់​កូន ហើយ​សុំ​ពួក​គាត់​ជួយ​កូន​រៀបចំ​ពិធី​ជប់​លៀង​មួយ។ នោះ​ពិត​ជា​សប្បាយ​ណាស់ មែន​ទេ?— ប៉ុន្តែ មុន​នឹង​កូន​រៀបចំ​ពិធី​ជប់​លៀង​ណា​មួយ កូន​ចង់​ប្រាកដ​ថា​នោះ​ជា​ពិធី​ជប់​លៀង​ល្អ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

តើ​តាម​របៀប​ណា​យើង​អាច​ដឹង​ប្រាកដ​ថា ព្រះ​ពេញ​ចិត្ត​ពិធី​ជប់​លៀង​របស់​យើង?

ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ជា​និច្ច​គឺ​ជា​ការ​សំខាន់ ដូច​មាន​រៀប​រាប់​នៅ សុភាសិត ១២:២ យ៉ូហាន ៨:២៩ រ៉ូម ១២:២ និង​យ៉ូហាន​ទី១ ៣:២២