លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣១

តើ​អ្នក​ណា​អាច​ជួយ​សម្រាល​ទុក្ខ​កូន?

តើ​អ្នក​ណា​អាច​ជួយ​សម្រាល​ទុក្ខ​កូន?

តើ​កូន​ធ្លាប់​មាន​អារម្មណ៍​ថា​មិន​សប្បាយ​ចិត្ត ឬ​មាន​អារម្មណ៍​ឯកោ​ទេ?— តើ​កូន​ធ្លាប់​ឆ្ងល់​ថា​មាន​អ្នក​ណា​ស្រឡាញ់​កូន​ទេ?— កូន​ក្មេង​ខ្លះ​ធ្លាប់​ឆ្ងល់​ដូច​នោះ។ ប៉ុន្តែ ព្រះ​សន្យា​ថា​៖ ‹ខ្ញុំ​មិន​ដែល​ភ្លេច​អ្នក​ឡើយ›។ (​អេសាយ ៤៩:១៥​) ពេល​គិត​អំពី​សេចក្ដី​សន្យា​នោះ​គឺ​អស្ចារ្យ​ណាស់ មែន​ទេ?— មែន​ហើយ ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​យើង​ខ្លាំង​ណាស់!

តើ​កូន​គិត​ថា​កូន​ចៀម​ដែល​វង្វេង​បាត់​នេះ​មាន​អារម្មណ៍​យ៉ាង​ណា?

អ្នក​សរសេរ​គម្ពីរ​ម្នាក់​បាន​ប្រាប់​ថា​៖ ​«​បើ​កាល​ណា​ឪពុក​ម្ដាយ​លះ​ចោល​ទូល​បង្គំ នោះ​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូល​បង្គំ​ទុក​វិញ​»។ (​ទំនុក​តម្កើង ២៧:១០​) ពេល​យើង​ដឹង​ដូច្នោះ ពិត​ជា​សម្រាល​ទុក្ខ​យើង​ណាស់ មែន​ទេ?— មែន​ហើយ ព្រះ​យេហូវ៉ា​ប្រាប់​យើង​ថា​៖ ‹កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក ខ្ញុំ​នឹង​ជួយ​អ្នក›។—អេសាយ ៤១:១០

ប៉ុន្តែ ជួន​កាល​ព្រះ​យេហូវ៉ា​ឲ្យ​សាថាន​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា។ ព្រះ​យេហូវ៉ា​ក៏​អនុញ្ញាត​ឲ្យ​សាថាន​ល្បួង​អ្នក​បម្រើ​របស់​លោក​ដែរ។ នៅ​ពេល​មួយ​មេកំណាច​បាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​រង​ទុក្ខ​យ៉ាង​ខ្លាំង​រហូត​ដល់​ស្រែក​ហៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ព្រះ​ខ្ញុំ​អើយ! ព្រះ​ខ្ញុំ​អើយ! ហេតុ​អ្វី​បាន​ជា​លះ​ចោល​ខ្ញុំ?​»។ (​ម៉ាថាយ ២៧:៤៦​) ទោះ​ជា​លោក​យេស៊ូ​បាន​រង​ទុក្ខ​ក៏​ដោយ លោក​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​លោក​ជា​និច្ច។ (​យ៉ូហាន ១០:១៧​) លោក​យេស៊ូ​ក៏​ដឹង​ដែរ​ថា ព្រះ​បាន​អនុញ្ញាត​ឲ្យ​សាថាន​ល្បង​ល​អ្នក​បម្រើ​របស់​លោក និង​បណ្ដាល​ឲ្យ​ពួក​គេ​រង​ទុក្ខ។ នៅ​ជំពូក​មួយ​ទៀត​នឹង​ពន្យល់​យើង​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​សាថាន​ធ្វើ​ដូច្នេះ។

ពេល​យើង​នៅ​ក្មេង ជួន​កាល​យើង​ឆាប់​ខ្លាច។ ជា​ឧទាហរណ៍ តើ​កូន​ធ្លាប់​វង្វេង​ផ្លូវ​ទេ?— តើ​ពេល​នោះ​កូន​ខ្លាច​ទេ?— កូន​ក្មេង​ជា​ច្រើន​ពិត​ជា​ខ្លាច​មែន។ មាន​ពេល​មួយ គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​ប្រាប់​រឿង​មួយ​អំពី​ការ​វង្វេង​បាត់។ ប៉ុន្តែ​មិន​មែន​កូន​ក្មេង​ដែល​បាន​វង្វេង​បាត់​ទេ គឺ​សត្វ​ចៀម​ដែល​បាន​វង្វេង​បាត់។

កូន​ក៏​ស្រដៀង​នឹង​សត្វ​ចៀម​ដែរ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នោះ? ធម្មតា​ចៀម​ជា​សត្វដែល​មិន​សូវ​ធំ​ឬ​ខ្លាំង​ប៉ុន្មាន​ទេ។ ម្យ៉ាង​ទៀត សត្វ​ចៀម​ត្រូវ​ការ​អ្នក​ថែ​រក្សា ហើយ​ការពារ​ពួក​វា។ អ្នក​ដែល​មើល​ថែ​រក្សា​សត្វ​ចៀម គេ​ហៅ​ថា​គង្វាល។

ក្នុង​រឿង​នេះ​លោក​យេស៊ូ​បាន​ប្រាប់​អំពី​គង្វាល​ម្នាក់​ដែល​មាន​ចៀម​មួយ​រយ​ក្បាល។ ប៉ុន្តែ​មាន​ចៀម​មួយ​បាន​វង្វេង​បាត់ នេះ​ប្រហែល​ជា​ដោយ​សារ​ចៀម​នោះ​ចង់​មើល​អ្វី​ផ្សេង​ៗ​នៅ​ខាង​ក្រោយ​ភ្នំ។ មិន​យូរ​ក្រោយ​មក ចៀម​នោះ​បាន​ដើរ​ចេញ​ឆ្ងាយ​ពី​ហ្វូង​របស់​វា។ សូម​កូន​គិត​ទៅ​មើល តើ​ចៀម​នោះ​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​វា​មើល​ជុំ​វិញ​ខ្លួន​ឃើញ​មាន​តែ​វា​ប៉ុណ្ណោះ?—

តើ​គង្វាល​នឹង​ធ្វើ​យ៉ាង​ណា ពេល​ដែល​គាត់​ដឹង​ថា​មាន​ចៀម​មួយ​បាន​វង្វេង​បាត់? តើ​គាត់​នឹង​និយាយ​ថា មក​ពី​វា​ដើរ​ចេញ​ឆ្ងាយ​ពី​ហ្វូង​ដោយ​ខ្លួន​វា ដូច្នេះ​មិន​ចាំ​បាច់​ខ្វល់​ពី​វា​ទេ បាត់​ក៏​បាត់​ទៅ? ឬ​មួយ​គាត់​ទុក​ចៀម​៩៩​ក្បាល​នៅ​កន្លែង​មួយ​ដែល​មាន​សុវត្ថិភាព ហើយ​ទៅ​រក​ចៀម​មួយ​ដែល​វង្វេង​បាត់​នោះ? តើ​សម​ឲ្យ​ចំណាយ​កម្លាំង​យ៉ាង​ច្រើន​ដើម្បី​រក​ចៀម​មួយ​ដែល​បាត់​នោះ​ទេ?— បើ​កូន​ជា​ចៀម​ដែល​បាន​វង្វេង​បាត់​នោះ តើ​កូន​ចង់​ឲ្យ​គង្វាល​មក​តាម​រក​កូន​ទេ?—

តើ​គង្វាល​ដែល​បាន​ជួយ​សង្គ្រោះ​ចៀម​របស់​គាត់​ប្រៀប​ដូច​ជា​អ្នក​ណា?

គង្វាល​ស្រឡាញ់​ចៀម​ទាំង​អស់​របស់​គាត់​ខ្លាំង​ណាស់ សូម្បី​តែ​ចៀម​មួយ​ដែល​បាន​វង្វេង​បាត់​នោះ​ក៏​ដោយ។ ដូច្នេះ គាត់​បាន​ចេញ​ទៅ​រក​ចៀម​ដែល​វង្វេង​បាត់​នោះ។ សូម​គិត​ទៅ​មើល តើ​ចៀម​ដែល​បាន​វង្វេង​បាត់​នោះ​នឹង​សប្បាយ​ចិត្ត​ខ្លាំង​យ៉ាង​ណា ពេល​ដែល​វា​ឃើញ​គង្វាល​កំពុង​មក​រក​វា! លោក​យេស៊ូ​បាន​និយាយ​ថា គង្វាលសប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​គាត់​បាន​រក​ឃើញ​ចៀម​នោះ​វិញ។ គាត់​មាន​អំណរ​ចំពោះ​ចៀម​មួយ​នោះ​ខ្លាំង​ជាង​ចៀម​៩៩​ក្បាល​ដែល​មិន​បាន​វង្វេង​បាត់។ ដូច្នេះ ក្នុង​រឿង​របស់​លោក​យេស៊ូ តើ​អ្នក​ណា​ប្រៀប​ដូច​ជា​គង្វាល​នោះ? តើ​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​យើង ដូច​ជា​គង្វាល​នោះ?— លោក​យេស៊ូ​បាន​ប្រាប់​ថា គឺ​បិតា​នៅ​ស្ថាន​សួគ៌​របស់​លោក។ បិតា​របស់​លោក​គឺ​ព្រះ​យេហូវ៉ា។

ព្រះ​យេហូវ៉ា​គឺ​ជា​គង្វាល​ដ៏​ប្រសើរ​បំផុត​របស់​រាស្ដ្រ​លោក។ លោក​ស្រឡាញ់​មនុស្ស​ទាំង​អស់​ដែល​បម្រើ​លោក នេះ​ក៏​រួម​មាន​ក្មេង​ៗ​ដូច​កូន​ដែរ។ លោក​មិន​ចង់​ឲ្យ​យើង​ណា​ម្នាក់​រង​របួស​ឬ​ស្លាប់​ឡើយ។ ពេល​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​យើង នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​ណាស់!—ម៉ាថាយ ១៨:១២​-​១៤

ដូច​ជា​ឪពុក​របស់​កូន​ជា​បុគ្គល​ពិត​ព្រះ​យេហូវ៉ា​ក៏​ជា​បុគ្គល​ដែល​មាន​ពិត​មែន​ដែរ តើ​កូន​ជឿ​ដូច្នោះ​ទេ?

តើ​កូន​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​ទេ?— តើ​កូន​គិត​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​មែន​ទេ?— យើង​មិន​អាច​មើល​ឃើញ​ព្រះ​យេហូវ៉ា​ទេ ពី​ព្រោះ​លោក​ជា​បុគ្គល​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​ជា​បុគ្គល​ដែល​មាន​ពិត​មែន ហើយ​លោក​អាច​មើល​ឃើញ​យើង។ លោក​ដឹង​ថា​ពេល​ណា​យើង​ត្រូវ​ការ​ជំនួយ​ពី​លោក។ បន្ថែម​ទៀត យើង​អាច​និយាយ​ទៅ​កាន់​លោក​តាម​រយៈសេចក្ដី​អធិដ្ឋាន ដូច​ដែល​យើង​និយាយ​ទៅ​កាន់​មនុស្ស​ណា​ម្នាក់​ដូច្នោះ​ដែរ។ ព្រះ​យេហូវ៉ា​ក៏​ចង់​ឲ្យ​យើង​និយាយ​ទៅ​កាន់​លោក​ដែរ។

បើ​កូន​មាន​អារម្មណ៍​ឯកោ​ឬ​មិន​សប្បាយ​ចិត្ត តើ​កូន​គួរ​ធ្វើ​អ្វី?— សូម​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា។ បើ​កូន​ចូល​ទៅ​ជិត​លោក នោះ​លោក​នឹង​ជួយ​សម្រាល​ទុក្ខ​កូន។ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​កូន សូម្បី​តែ​កូន​មាន​អារម្មណ៍​ឯកោ​ក៏​ដោយ។ សូម​កូន​យក​គម្ពីរ​មក ហើយ​បើក​ទៅ​សៀវភៅ​ទំនុក​តម្កើង។ នៅ​ទំនុក​ទី​២៣ ចាប់​ពីខ​១ប្រាប់​យើង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ។ ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំ​រាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី។ ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿន​ៗ​»។

សូម​កត់​សម្គាល់​អ្នក​សរសេរ​ទំនុក​នោះ បាន​និយាយ​បន្ថែម​ក្នុងខ​៤ថា​៖ ​«​ទោះ​បើ​ទូល​បង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្ដី​ស្លាប់​ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ណា​ឡើយ។ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូល​បង្គំ ព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូល​បង្គំ​»។ អ្នក​ដែល​ចាត់​ទុក​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ក៏​មាន​អារម្មណ៍​បែប​នោះ​ដែរ។ ពួក​គេ​ទទួល​ការ​សម្រាល​ទុក្ខ​ពេល​ដែល​ពួក​គេ​មាន​បញ្ហា។ តើ​កូន​មាន​អារម្មណ៍​ដូច​នោះ​ដែរ​ទេ?—

ដូច​គង្វាល​ដែល​ស្រឡាញ់​និង​ថែ​រក្សា​ហ្វូង​ចៀម​របស់​គាត់ ព្រះ​យេហូវ៉ា​ក៏​ថែ​រក្សា​រាស្ដ្រ​របស់​លោក​យ៉ាង​ល្អ​ដែរ។ លោក​បង្ហាញ​ផ្លូវ​ត្រឹម​ត្រូវ​ដល់​ពួក​គេ ហើយ​ពួក​គេ​សប្បាយ​ចិត្ត​ធ្វើ​តាម​លោក។ ទោះ​ជា​នៅ​ជុំ​វិញ​ពួក​គេ​មាន​សុទ្ធតែ​បញ្ហា​ក៏​ដោយ ក៏​ពួក​គេ​មិន​ភ័យ​ខ្លាច​ឡើយ ពី​ព្រោះ​គង្វាល​ប្រើ​ព្រនង់​ឬ​ដំបង ដើម្បី​ការពារ​ចៀម​របស់​គាត់​ពី​សត្វ​ផ្សេង​ៗ។ គម្ពីរ​បាន​ប្រាប់អំពី​របៀប​ដែល​គង្វាល​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ដាវីឌ​បាន​ការពារ​ចៀម​របស់​គាត់​ពី​សត្វ​តោ​និង​សត្វ​ខ្លា​ឃ្មុំ។ (​សាំយូអែល​ទី១ ១៧:៣៤​-​៣៦​) ដូច្នោះ​ហើយ រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ដឹង​ថា លោក​ក៏​នឹង​ការពារ​ពួក​គេ​ដែរ។ ដោយ​សារ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ពួក​គេ នោះ​ពួក​គេ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព។

ដូច​គង្វាល​ការពារ​ចៀម​របស់​គាត់ តើ​អ្នក​ណា​អាច​ជួយ​យើង​ពេល​យើង​មាន​បញ្ហា?

ព្រះ​យេហូវ៉ា​ពិត​ជា​ស្រឡាញ់​ចៀម​របស់​លោក​ណាស់ ហើយ​លោក​ថែ​រក្សា​ពួក​គេ​យ៉ាង​ថ្នាក់​ថ្នម។ គម្ពីរ​ចែង​ថា​៖ ‹ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី›។—អេសាយ ៤០:១១

កូន​ច្បាស់​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​បែប​នោះ មែន​ទេ?— តើ​កូន​ចង់​ធ្វើ​ជា​ចៀម​របស់​លោក​ទេ?— សត្វ​ចៀម​ស្តាប់​តាម​សំឡេង​របស់​គង្វាល ហើយ​នៅ​ជិត​គង្វាល​របស់​វា។ តើ​កូន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឬ​ទេ?— តើ​កូន​នៅ​ជិត​លោក​ដែរ​ទេ?— បើ​ដូច្នោះ​មែន កូន​មិន​ចាំ​បាច់​ខ្លាច​ទៀត​ទេ ព្រោះ​ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​កូន។

ព្រះ​យេហូវ៉ា​ស្រឡាញ់​ហើយ​ថែ​រក្សា​អស់​អ្នក​ដែល​បម្រើ​លោក។ ស្ដី​អំពី​រឿង​នេះ សូម​អាន​គម្ពីរ​ជា​មួយ​គ្នា​នៅ ទំនុក​តម្កើង ៣៧:២៥; ៥៥:២២ និង​លូកា ១២:២៩​-​៣១