លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣៦

តើ​អ្នក​ណា​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? តើ​ពួក​គេ​នឹង​រស់​នៅ​ឯ​ណា?

តើ​អ្នក​ណា​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? តើ​ពួក​គេ​នឹង​រស់​នៅ​ឯ​ណា?

នៅ​ជំពូក​ទី​៣៤ និង​៣៥ យើង​បាន​អាន​អំពី​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​កូន​ចាំ​ទេ មាន​ប៉ុន្មាន​នាក់?— គឺ​មាន​ប្រាំ​នាក់។ តើ​មាន​កូន​ក្មេង​ប៉ុន្មាន​នាក់?— មាន​បី​នាក់។ អ្នក​ទី​៤​ជា​បុរស​វ័យ​ក្មេង។ តើ​កូន​គិត​ថា​រឿង​នេះ​បង្ហាញ​យ៉ាង​ណា?—

រឿង​នេះ​បង្ហាញ​ថា​ព្រះ​ស្រឡាញ់​មនុស្ស​វ័យ​ក្មេង។ ប៉ុន្តែ លោក​ក៏​នឹង​ប្រោស​មនុស្ស​ជា​ច្រើន​ទៀត​ដែរ។ តើ​ព្រះ​នឹង​ប្រោស​អ្នក​ដែល​ធ្វើ​អំពើ​ល្អ​ប៉ុណ្ណោះ​ឬ?— យើង​ប្រហែល​ជា​គិត​ដូច្នេះ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​មិន​ដែល​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​ទេ។ ដោយ​សារ​ពួក​គេ​បាន​ទទួល​សេចក្ដី​បង្រៀន​ខុស នោះ​ពួក​គេ​បាន​ធ្វើ​អំពើ​ខុស​ឆ្គង។ តើ​កូន​គិត​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​មនុស្ស​ដូច​នោះ​ទេ?—

គម្ពីរ​ប្រាប់​ថា​៖ ​«​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ (​សកម្មភាព ២៤:១៥​) ហេតុ​អ្វី​ព្រះ​នឹង​ប្រោស​មនុស្ស​មិន​សុចរិត ឬ​មនុស្ស​ដែល​មិន​ធ្វើ​អំពើ​ល្អ​ឲ្យ​រស់​ឡើង​វិញ?— នេះ​គឺ​ដោយ​សារ​ពួក​គេ​មិន​ធ្លាប់​មាន​ឱកាស​រៀន​អំពី​ព្រះ​យេហូវ៉ា និង​រៀន​អំពី​អ្វី​ដែល​លោក​ចង់​ឲ្យ​ពួក​គេ​ធ្វើ។

ហេតុ​អ្វី​ព្រះ​នឹង​ប្រោស​មនុស្ស​ខ្លះ​ដែល​ធ្វើ​អាក្រក់​ឲ្យ​រស់​ឡើង​វិញ?

តើ​កូន​គិត​ថា​ពួក​គេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​ណា?— សូម​នឹក​ឡើង​វិញ ពេល​ឡាសា​ស្លាប់ លោក​យេស៊ូ​បាន​សន្យា​ចំពោះ​ម៉ាថា​ជា​បង​ស្រី​របស់​គាត់​ថា​៖ ​«​ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ​»។ ម៉ាថា​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​ពេល​ដែល​មនុស្ស​ស្លាប់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ (​យ៉ូហាន ១១:២៣, ២៤​) តើ​ម៉ាថា​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​ដែល​នាង​ប្រាប់​ថា​ឡាសា​នឹង​រស់​ឡើង​វិញ​នៅ​«​ថ្ងៃ​ចុង​ក្រោយ​»​?—

តើ​សួន​ឧទ្យាន​ដែល​លោក​យេស៊ូ​កំពុង​ប្រាប់​ដល់​បុរស​នេះ​នៅ​ឯ​ណា?

ម៉ាថា​បាន​ឮ​អំពី​សេចក្ដី​សន្យា​របស់​លោក​យេស៊ូ​ដែល​ថា​៖ ‹អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក​នឹង​ចេញ​មក›។ (​យ៉ូហាន ៥:២៨, ២៩​) ដូច្នេះ​«​ថ្ងៃ​ចុង​ក្រោយ​»​គឺ​សំដៅ​ទៅ​លើ​ពេល​ដែល​ព្រះ​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​គឺ​ជា​អស់​អ្នក​ដែល​ព្រះ​នឹក​ចាំ។ ថ្ងៃ​ចុង​ក្រោយ​នេះ​មិន​មែន​ជា​ថ្ងៃ​ដែល​មាន​រយៈ​ពេល​២៤​ម៉ោង​ទេ តែ​ជា​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ គម្ពីរ​ប្រាប់​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​នោះ‹ព្រះ​នឹង​វិនិច្ឆ័យ​មនុស្ស​នៅ​ផែន​ដី›។ អ្នក​ដែល​ព្រះ​នឹង​វិនិច្ឆ័យ ក៏​រួម​បញ្ចូល​អស់​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។—សកម្មភាព ១៧:៣១; ពេត្រុស​ទី២ ៣:៨

នោះ​ពិត​ជា​គ្រា​ដ៏​រីក​រាយ​ណាស់! ក្នុង​អំឡុង​គ្រា​មួយ​ពាន់​ឆ្នាំ​នេះ មនុស្ស​ជា​ច្រើន​លាន​នាក់​ដែល​បាន​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ លោក​យេស៊ូ​ហៅ​កន្លែង​ដែល​ពួក​គេ​រស់​ឡើង​វិញ​នោះ​ថា​សួន​ឧទ្យាន។ ឥឡូវ​យើង​នឹង​រៀន​ថា តើ​សួន​ឧទ្យាន​នៅ​ឯ​ណា ហើយ​នៅ​ទី​នោះ​មាន​ស្ថានភាព​បែប​ណា?

ប្រហែល​ជា​បី​ម៉ោង​មុន​លោក​យេស៊ូ​ស្លាប់​នៅ​លើ​បង្គោល​ទារុណកម្ម លោក​បាន​និយាយ​អំពី​សួន​ឧទ្យាន ទៅ​កាន់​បុរស​ម្នាក់​ដែល​គេ​ព្យួរ​នៅ​ក្បែរ​លោក។ បុរស​នោះ​ត្រូវ​គេ​ប្រហារ​ជីវិត​ដោយ​សារ​គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។ ប៉ុន្តែ កាល​ដែល​គាត់​ឃើញ​លោក​យេស៊ូ និង​បានឮ​អ្វី​ដែល​គេ​និយាយ​អំពី​លោក គាត់​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​លោក​យេស៊ូ។ ដូច្នេះ បុរស​នោះ​និយាយ​ថា​៖ ​«​សូម​នឹក​ឃើញ​ខ្ញុំ កាល​ណា​លោក​ទៅ​ជា​ស្ដេច​»។ លោក​យេស៊ូ​ឆ្លើយ​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​នៅ​ថ្ងៃ​នេះ​ថា អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​សួន​ឧទ្យាន​»។—លូកា ២៣:៤២, ៤៣

ពេល​យើង​អាន​អំពី​សួន​ឧទ្យាន តើ​យើង​គួរ​ស្រមៃ​គិត​អំពី​អ្វី?

តើ​លោក​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា​ពេល​លោក​និយាយ​អំពី​សួន​ឧទ្យាន? តើ​សួន​ឧទ្យាន​នោះ​នៅ​ឯ​ណា?— ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​យើង​គិត​អំពី​សំណួរ​មួយ​ទៀត។ តើ​សួន​ឧទ្យាន​ដំបូង​មាន​នៅ​កន្លែង​ណា?— សូម​ចាំ​ថា ព្រះ​បាន​ឲ្យ​អាដាម​ជា​បុរស​ទី១ និង​ប្រពន្ធ​របស់​គាត់​រស់​នៅ​ក្នុង​សួន​ឧទ្យាន​នៅ​ផែន​ដី​នេះ។ សួន​នោះ​ហៅ​ថា​សួន​អេដែន។ នៅ​ក្នុង​សួន​នោះ​មាន​សត្វ​ផ្សេង​ៗ តែ​ពួក​វា​មិន​ធ្វើ​បាប​អ្នក​ណា​ម្នាក់​ទេ។ ម្យ៉ាង​ទៀត ក៏​មាន​ដើម​ឈើ​ជា​ច្រើន​ដែល​មាន​ផ្លែ​ឆ្ងាញ់​ៗ ថែម​ទាំង​មាន​ទន្លេ​ដ៏​ធំ​មួយ​ដែរ។ បើ​រស់​នៅ​កន្លែង​នោះ ពិត​ជា​សប្បាយ​ណាស់!—លោកុប្បត្តិ ២:៨​-​១០

ដូច្នេះ ពេល​ដែល​លោក​យេស៊ូ​សន្យា​ជា​មួយ​នឹង​បុរស​អាក្រក់​នោះ​ថា គាត់​នឹង​រស់​នៅ​ក្នុង​សួន​ឧទ្យាន តើ​យើង​គួរ​ស្រមៃ​គិត​អំពី​អ្វី? យើង​គួរ​ស្រមៃ​គិត​អំពី​ផែន​ដី​នេះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​ដ៏​ស្រស់​ស្អាត។ តើ​លោក​យេស៊ូ​នឹង​នៅ​ផែន​ដី​នេះ​ជា​មួយ​បុរស​នោះ​ទេ?— មិន​មែន​ទេ។ ហេតុ​អ្វី​លោក​នឹង​មិន​នៅ​ផែន​ដី​នេះ? តើ​កូន​ដឹង​ទេ?—

នេះ​គឺ​ដោយ​សារ​លោក​យេស៊ូ​នឹង​ទៅ​ជា​ស្ដេច​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​មក​លើ​ផែន​ដី។ ដូច្នេះ លោក​យេស៊ូ​នឹង​នៅ​ជា​មួយ​បុរស​នោះ​ក្នុង​ន័យ​ថា លោក​នឹង​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ ហើយ​ផ្ដល់​នូវ​អ្វី​ដែល​គាត់​ត្រូវ​ការ។ ប៉ុន្តែ ហេតុ​អ្វី​លោក​យេស៊ូ​នឹង​ឲ្យ​បុរស​នោះ​រស់​នៅ​ក្នុង​សួន​ឧទ្យាន?— ឥឡូវ​សូម​ឲ្យ​យើង​ស្វែងរក​ចម្លើយ។

មុន​បុរស​អាក្រក់​នោះ​និយាយ​ជា​មួយ​លោក​យេស៊ូ តើ​គាត់​បាន​ស្គាល់​គោល​បំណង​របស់​ព្រះ​ទេ?— គាត់​មិន​បាន​ស្គាល់​ទេ។ គាត់​បាន​ធ្វើ​អំពើ​អាក្រក់ ដោយ​សារ​គាត់​មិន​បាន​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ។ ប៉ុន្តែ នៅ​សួន​ឧទ្យាន​គាត់​នឹង​រៀន​អំពី​គោល​បំណង​របស់​ព្រះ។ រួច​មក គាត់​នឹង​មាន​ឱកាស​បង្ហាញ​ឲ្យ​ឃើញ​ថា គាត់​ពិត​ជា​ស្រឡាញ់​ព្រះ ដោយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។

តើ​មនុស្ស​ទាំង​អស់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​រស់​នៅ​ក្នុង​សួន​ឧទ្យាន​លើ​ផែន​ដី​ឬ?— អត់​ទេ មិន​មែន​មនុស្ស​ទាំង​អស់​ទេ។ តើ​កូន​ដឹង​ថា​ហេតុ​អ្វី​ទេ?— ពី​ព្រោះ​អ្នក​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដើម្បី​រស់​នៅ​ជា​មួយ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ ពួក​គាត់​នឹង​គ្រប់​គ្រង​ជា​ស្ដេច​ជា​មួយ​លោក​យេស៊ូ​មក​លើ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។ ឥឡូវ​យើង​នឹង​រៀន​ថា តើ​យើង​ដឹង​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

នៅ​យប់​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​ប្រាប់​ពួក​សាវ័ក​ថា​៖ ‹ក្នុង​លំនៅ​របស់​បិតា​នៃ​ខ្ញុំ​នៅ​ស្ថាន​សួគ៌ មាន​កន្លែង​រស់​នៅ​ជា​ច្រើន ហើយ​ខ្ញុំ​នឹង​ទៅ​ដើម្បី​រៀបចំ​កន្លែង​មួយ​ឲ្យ​អ្នក​រាល់​គ្នា›។ រួច​មក លោក​យេស៊ូ​បាន​សន្យា​ជា​មួយ​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​នឹង​មក​ម្ដង​ទៀត រួច​នឹង​ទទួល​អ្នក​រាល់​គ្នា​មក​ឯ​លំនៅ​របស់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​ដែរ​»។—យ៉ូហាន ១៤:២, ៣

ក្រោយ​ពី​ព្រះ​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ តើ​លោក​យេស៊ូ​បាន​ទៅ​កន្លែង​ណា?— មែន​ហើយ លោក​បាន​ត្រឡប់​ទៅ​នៅ​ស្ថាន​សួគ៌​ជា​មួយ​បិតា​លោក​វិញ។ (​យ៉ូហាន ១៧:៤, ៥​) ដូច្នេះ លោក​យេស៊ូ​បាន​សន្យា​ជា​មួយ​ពួក​សាវ័ក និង​អ្នក​កាន់​តាម​ផ្សេង​ទៀត​ថា លោក​នឹង​ប្រោស​ពួក​គាត់​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ឲ្យ​ពួក​គាត់​អាច​រស់​នៅ​ជា​មួយ​នឹង​លោក​នៅ​ស្ថាន​សួគ៌។ តើ​ពួក​គាត់​នឹង​ធ្វើ​អ្វី​ពេល​ដែល​នៅ​ជា​មួយ​នឹង​លោក​យេស៊ូ?— គម្ពីរ​ប្រាប់​ថា​ពួក​អ្នក​កាន់​តាម​លោក​ដែល​មាន​ចំណែក​ក្នុង​«​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មុន​ដំបូង​»​នឹង​រស់​នៅ​ស្ថាន​សួគ៌ ហើយ​គ្រប់​គ្រង​មក​លើ​ផែន​ដី​«​ជា​ស្ដេច​ជា​មួយ​នឹង​លោក​អស់​មួយ​ពាន់​ឆ្នាំ​»។—ការ​បើក​បង្ហាញ ៥:១០; ២០:៦; ធីម៉ូថេ​ទី២ ២:១២

តើ​មាន​ប៉ុន្មាន​នាក់​ដែល​នឹង​រួម​ចំណែក​ក្នុង​«​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មុន​ដំបូង​»​ ហើយ​គ្រប់​គ្រង​ជា​ស្ដេច​ជា​មួយ​លោក​យេស៊ូ?— លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖​«​ហ្វូង​តូច​អើយ កុំ​ខ្លាច​ឡើយ ពី​ព្រោះ​បិតា​របស់​អ្នក​ពេញ​ចិត្ត​ឲ្យ​រាជាណាចក្រ​ដល់​អ្នក​រាល់​គ្នា​»។ (​លូកា ១២:៣២​) ​«​ហ្វូង​តូច​»​នេះ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដើម្បី​នៅ​ជា​មួយ​លោក​យេស៊ូ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌ មាន​ចំនួន​ជាក់​លាក់។ គម្ពីរ​បង្ហាញ​ថា​ពួក​គាត់​មាន​ចំនួន​«​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​»។ ពួក​គាត់​បាន​ត្រូវ​ជ្រើស​រើស​ពី​ផែន​ដី។—ការ​បើក​បង្ហាញ ១៤:១,

តើ​អ្នក​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​រស់​នៅ​កន្លែង​ណា ហើយ​តើ​ពួក​គាត់​នឹង​ធ្វើ​អ្វី?

តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​រស់​នៅ​ក្នុង​សួន​ឧទ្យាន​លើ​ផែន​ដី?— គម្ពីរ​មិន​បាន​ប្រាប់​ទេ។ ក៏​ប៉ុន្តែ ពេល​អាដាម​និង​នាង​អេវ៉ា​នៅ​ក្នុង​សួន​អេដែន ព្រះ​បាន​ប្រាប់​ពួក​គាត់​ឲ្យ​បង្កើត​កូន​រហូត​ដល់​ពេញ​ផែន​ដី។ យើង​ដឹង​ថា​ពួក​គាត់​មិន​បាន​បង្កើត​កូន​ឲ្យ​ពេញ​ផែន​ដី​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​នឹង​ធ្វើ​ឲ្យ​គោល​បំណង​របស់​លោក​សម្រេច​ជា​មិន​ខាន ដោយ​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​ពេញ​ទៅ​ដោយ​មនុស្ស​ល្អ។—លោកុប្បត្តិ ១:២៨; អេសាយ ៤៥:១៨; ៥៥:១១

ការ​រស់​នៅ​ក្នុង​សួន​ឧទ្យាន​គឺ​អស្ចារ្យ​ណាស់! ផែន​ដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​សួន​ដ៏​សែន​ស្អាត។ សួន​នោះ​នឹង​ពេញ​ទៅ​ដោយ​សត្វ​ផ្សេង​ៗ ហើយ​មាន​ដើម​ឈើ​ស្អាត​ៗ ព្រម​ទាំង​មាន​ផ្កា​គ្រប់​ប្រភេទ។ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ឈឺ​ចាប់ ឬ​មាន​ជំងឺ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​នឹង​ស្លាប់​ទៀត​ដែរ។ មនុស្ស​គ្រប់​រូប​នឹង​ទៅ​ជា​មិត្ត​ភក្ដិ​នឹង​គ្នា។ បើ​យើង​ចង់​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន ឥឡូវ​នេះ​ជា​ពេល​ដែល​យើង​ត្រូវ​ត្រៀម​ខ្លួន។

សូម​អាន​ថែម​ទៀត​អំពី​គោល​បំណង​របស់​ព្រះ​សម្រាប់​ផែន​ដី​នៅ សុភាសិត ២:២១, ២២ សាស្តា ១:៤ អេសាយ ២:៤; ១១:៦​-​៩; ៣៥:៥, ៦ និង៦៥:២១​-​២៤