លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤១

កូនៗដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត

កូនៗដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត

តើ​កូន​មួយ​ណា​នៅ​ផែន​ដី​ដែល​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​បំផុត? តើ​កូន​គិត​យ៉ាង​ណា?— កូន​នោះ​ជា​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ​យេហូវ៉ា។ តើ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បិតា​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត​យ៉ាង​ដូច​ម្ដេច? សូម​ស្តាប់​អំពី​រឿង​នេះ។

ក្រុម​គ្រួសារ​របស់​លោក​យេស៊ូ​រស់​នៅ​ក្រុង​មួយ​ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រហែល​ជា​បី​ថ្ងៃ​ពី​ក្រុង​យេរូសាឡិម។ នៅ​ក្រុង​យេរូសាឡិម​មាន​វិហារ​ដ៏​ស្អាត​របស់​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​ហៅ​វិហារ​នោះ​ថា​៖ ​«​កន្លែង​គោរព​បូជា​របស់​បិតា​ខ្ញុំ​»។ ជា​រៀង​រាល់​ឆ្នាំ លោក​និង​ក្រុម​គ្រួសារ​របស់​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​បុណ្យ​រំលង​នៅ​ទី​នោះ។

នៅ​ឆ្នាំ​មួយ ពេល​លោក​យេស៊ូ​អាយុ​១២​ឆ្នាំ ក្រោយ​ពី​ចូល​រួម​បុណ្យ​រំលង​ហើយ ក្រុម​គ្រួសារ​របស់​លោក​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពួក​គាត់​បាន​ឈប់​នៅ​កន្លែង​មួយ​ដើម្បី​ស្នាក់​នៅ​មួយ​យប់ ពេល​នោះ​ទើប​ពួក​គាត់​ដឹង​ថា​កុមារ​យេស៊ូ​មិន​បាន​នៅ​ជា​មួយ​ញាតិ​សន្តាន​និង​មិត្ត​ភក្ដិ​របស់​ពួក​គាត់​ទេ។ ដូច្នេះ ភ្លាម​នោះ​យ៉ូសែប​និង​ម៉ារៀ​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដើម្បី​រក​កុមារ​យេស៊ូ។ តើ​កូន​គិត​ថា​កុមារ​យេស៊ូ​នៅ​ឯ​ណា?—

ពួក​គាត់​បាន​រក​ឃើញ​កុមារ​យេស៊ូ​នៅ​ក្នុង​វិហារ។ កុមារ​កំពុង​ស្តាប់​ពួក​គ្រូ​នៅ​ទី​នោះ ហើយ​កុមារ​ក៏​បាន​សួរ​សំណួរ​ជា​ច្រើន​ដល់​ពួក​គ្រូ​វិញ​ដែរ។ ពេល​ពួក​គ្រូ​សួរ​កុមារ​យេស៊ូ​សំណួរ​ណា​មួយ កុមារ​តែង​តែ​ចេះ​ឆ្លើយ។ ចម្លើយ​របស់​កុមារ​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​គ្រូ​ទាំង​នោះ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ ដូច្នេះ តើ​កូន​យល់​មូលហេតុ​ដែល​ព្រះ​ពេញ​ចិត្ត​នឹង​បុត្រ​របស់​លោក​ទេ?—

នៅ​ទី​បំផុត ពេល​យ៉ូសែប​និង​ម៉ារៀ​បាន​រក​ឃើញ​កុមារ​យេស៊ូ ពួក​គាត់​ពិត​ជា​ធូរ​ចិត្ត​ណាស់។ ប៉ុន្តែ កុមារ​យេស៊ូ​មិន​ភ័យ​ព្រួយ​ទេ ព្រោះ​កុមារ​ដឹង​ថា​វិហារ​នោះ​ជា​កន្លែង​ដ៏​សមរម្យ​និង​មាន​សុវត្ថិភាព។ ដូច្នេះ​កុមារ​យេស៊ូ​បាន​សួរ​ពួក​គាត់​ថា​៖ ​«​តើ​មិន​បាន​នឹក​ឃើញ​ថា​កូន​នៅ​កន្លែង​គោរព​បូជា​របស់​បិតា​កូន​ទេ​ឬ?​»។ ដោយ​សារ​កុមារ​យេស៊ូ​បាន​ដឹង​ថា​វិហារ​នោះ​ជា​កន្លែង​គោរព​បូជា​របស់​ព្រះ ដូច្នេះ​ហើយ​កុមារ​ចូល​ចិត្ត​នៅ​ទី​នោះ​ណាស់។

ក្រោយ​មក យ៉ូសែប​និង​ម៉ារៀ​បាន​នាំ​កុមារ​យេស៊ូ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​ណាសារ៉ែត​វិញ។ តើ​កូន​គិត​ថា​កុមារ​យេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ឪពុក​ម្ដាយ?— គម្ពីរ​ប្រាប់​ថា​កុមារ​«​បន្ត​ចុះ​ចូល​ក្នុង​ឱវាទ​របស់​ពួក​គាត់​»។ តើ​កូន​ដឹង​ថា​នោះ​មាន​ន័យ​អ្វី​ទេ?— នោះ​មាន​ន័យ​ថា កុមារ​យេស៊ូ​ស្តាប់​បង្គាប់​ពួក​គាត់។ មែន​ហើយ កុមារ​បាន​ធ្វើ​តាម​អ្វី​ដែល​ឪពុក​ម្ដាយ​សុំ​ឲ្យ​ធ្វើ ដូច​ជា​ដង​ទឹក​ពី​អណ្ដូង​ហើយ​យក​មក​ផ្ទះ​ជា​ដើម។—លូកា ២:៤១​-​៥២

តើ​កុមារ​យេស៊ូ​បាន​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​យ៉ាង​ដូច​ម្ដេច?

សូម​គិត​អំពី​នេះ ទោះ​ជា​កុមារ​យេស៊ូ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ក៏​កុមារ​បាន​ស្តាប់​បង្គាប់​ឪពុក​ម្ដាយ​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ដែរ។ តើ​ការ​ធ្វើ​ដូច​នេះ​នាំ​ឲ្យ​ព្រះ​រីក​រាយ​ឬ​ទេ?— ពិត​ជា​ធ្វើ​ឲ្យ​លោក​រីក​រាយ​មែន! ពី​ព្រោះ​បណ្ដាំ​របស់​ព្រះ​ប្រាប់​កូន​ទាំង​ឡាយ​ថា​៖ ​«​ចូរ​ស្តាប់​បង្គាប់​ឪពុក​ម្ដាយ​»។ (​អេភេសូរ ៦:១​) ដូច្នេះ កូន​ក៏​នឹង​ធ្វើ​ឲ្យ​ព្រះ​រីក​រាយ​ដែរ បើ​កូន​ស្តាប់​បង្គាប់​ឪពុក​ម្ដាយ​ដូច​កុមារ​យេស៊ូ។

វិធី​មួយ​ទៀត​ដែល​កូន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត គឺ​ដោយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក។ មាន​មនុស្ស​ខ្លះ​ប្រហែល​ជា​និយាយ​ថា​គឺ​មិន​សមរម្យ​ទេ ដែល​កូន​ក្មេង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ។ នៅ​សម័យ​លោក​យេស៊ូ មនុស្ស​បាន​ព្យាយាម​បញ្ឈប់​ក្មេង​ប្រុស​ៗ​ពី​ការ​និយាយ​អំពី​ព្រះ​ប្រាប់​អ្នក​ដទៃ ប៉ុន្តែ​លោក​យេស៊ូបាន​ប្រាប់​ថា​៖ ‹តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​អាន​បទ​គម្ពីរ​ដែល​ថា​៖ ​«​លោក​បាន​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​ចេញ​ពី​មាត់​ក្មេង​តូច​ៗ​»​ទេ​ឬ?›។ (​ម៉ាថាយ ២១:១៦​) ដូច្នេះ បើ​យើង​ពិត​ជា​ចង់​សរសើរ​ព្រះ​យេហូវ៉ា​មែន យើង​ទាំង​អស់​គ្នា​អាច​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក និង​អំពី​ភាព​អស្ចារ្យ​របស់​លោក។ បើ​យើង​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​រីក​រាយ។

ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ យើង​ត្រូវ​រៀន​អំពី​លោក​មុន​សិន។ តើ​យើង​រៀន​អំពី​លោក​នៅ​ឯ​ណា?— យើង​រៀន​គម្ពីរ​នៅ​ឯ​ផ្ទះ។ ប៉ុន្តែ យើង​ក៏​រៀន​គម្ពីរ​ថែម​ទៀត​នៅ​កន្លែង​ដែល​រាស្ដ្រ​របស់​ព្រះ​ប្រជុំ​គ្នា​ដែរ។ ប៉ុន្តែ តើ​អ្នក​ណា​ជា​រាស្ដ្រ​របស់​ព្រះ? តើ​យើង​អាច​សម្គាល់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?—

ដើម្បី​ដឹង​ថា​អ្នក​ណា​ជា​រាស្ដ្រ​របស់​ព្រះ យើង​ត្រូវ​មើល​អ្វី​ដែល​ពួក​គេ​ធ្វើ​នៅ​កិច្ច​ប្រជុំ ហើយ​សួរ​ខ្លួន​ថា តើ​ពួក​គេ​អាន​និង​ពន្យល់​ពី​គម្ពីរ​ឬ​ទេ? តើ​ពួក​គេ​ពិត​ជា​បង្រៀន​តាម​គម្ពីរ​ទេ? នេះ​គឺ​សំខាន់ ដោយ​សារ​នោះ​ជា​របៀប​ដែល​យើង​ស្តាប់​ព្រះ មែន​ទេ?— ពេល​យើង​ទៅ​កិច្ច​ប្រជុំ​គ្រិស្ដ​សាសនិក យើង​សង្ឃឹម​ថា​នឹង​ឮ​បណ្ដាំ​របស់​ព្រះ មែន​ទេ?— ប៉ុន្តែ ចុះ​បើ​ពួក​គេ​និយាយ​ថា កូន​មិន​ចាំ​បាច់​រស់​នៅ​ស្រប​តាម​អ្វី​ដែល​គម្ពីរ​ប្រាប់​ទេ? តើ​កូន​នឹង​និយាយ​ថា ពួក​គេ​ជា​រាស្ដ្រ​របស់​ព្រះ​ឬ?—

យើង​ក៏​ត្រូវ​គិត​អំពី​អ្វី​មួយ​ទៀត​ដែរ។ គម្ពីរ​ប្រាប់​ថា​រាស្ដ្រ​របស់​ព្រះ​នឹង​ធ្វើ​ជា​«​រាស្ដ្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»។ (​សកម្មភាព ១៥:១៤​) ដោយ​សារ​ព្រះ​មាន​នាម យេហូវ៉ា ដូច្នេះ​យើង​អាច​សួរ​អ្នក​ទាំង​នោះ​ថា តើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​មែន​ឬ​ទេ? បើ​ពួក​គេ​និយាយ​ថា​មិន​មែន​ទេ នោះ​យើង​ដឹង​ថា​ពួក​គេ​មិន​មែន​ជា​រាស្ដ្រ​របស់​លោក​ឡើយ។ រាស្ដ្រ​របស់​ព្រះ​ក៏​នឹង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​លោក​ដែរ។ ម្យ៉ាង​ទៀត រាស្ដ្រ​របស់​ព្រះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក ដោយ​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក​ផង​ដែរ។—យ៉ូហាន​ទី១ ៥:៣

បើ​កូន​ស្គាល់​មនុស្ស​ដែល​កំពុង​ធ្វើ​អ្វី​ទាំង​អស់​នោះ កូន​គួរ​ចូល​រួម​ប្រជុំ​ជា​មួយ​នឹង​ពួក​គេ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ។ នៅ​កិច្ច​ប្រជុំ​ទាំង​នោះ​កូន​គួរ​ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ចូល​រួម​ឆ្លើយ​សំណួរ​ដែរ។ នោះ​ជា​អ្វី​ដែល​កុមារ​យេស៊ូ​បាន​ធ្វើ​ពេល​លោក​នៅ​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ។ ម្យ៉ាង​ទៀត បើ​កូន​ធ្វើ​ដូច្នោះ កូន​នឹង​ធ្វើ​ឲ្យ​ព្រះ​រីក​រាយ​ដូច​ជា​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ព្រះ​រីក​រាយ​ដែរ។

ក្នុង​គម្ពីរ​មាន​រៀប​រាប់​ពី​កូន​ៗ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីក​រាយ។ តើ​កូន​គិត​ឃើញ​អ្នក​ណា​ខ្លះ?— ធីម៉ូថេ​គឺ​ជា​គំរូ​ដ៏​ល្អ​មួយ។ ឪពុក​របស់​គាត់​មិន​មែន​ជា​អ្នក​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​ទេ។ ប៉ុន្តែ ម្ដាយ​របស់​គាត់​ឈ្មោះ​អឺនីស និង​យាយ​ឈ្មោះ​ឡូអ៊ីស​ជា​អ្នក​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា។ ធីម៉ូថេ​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​ពី​ពួក​គាត់។

ទោះ​ជា​ឪពុក​របស់​ធីម៉ូថេ​មិន​មែន​ជា​អ្នក​ជឿ​ក៏​ដោយ តើ​ធីម៉ូថេ​ចង់​ធ្វើ​អ្វី?

ពេល​ធីម៉ូថេ​មាន​វ័យ​ធំ​ឡើង សាវ័ក​ប៉ូល​បាន​ទៅ​លេង​ក្រុង​ដែល​ធីម៉ូថេ​រស់​នៅ។ គាត់​បាន​ឃើញ​ថា​ធីម៉ូថេ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់។ ដូច្នេះ គាត់​បាន​អញ្ជើញ​ធីម៉ូថេ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​គាត់ ដើម្បី​ឲ្យ​ធីម៉ូថេ​អាច​បម្រើ​ព្រះ​ច្រើន​ជាង។ គ្រប់​ទី​កន្លែង​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ដល់ ពួក​គាត់​បាន​ប្រាប់​មនុស្ស​អំពី​រាជាណាចក្រ​របស់​ព្រះ និង​អំពី​លោក​យេស៊ូ។—សកម្មភាព ១៦:១​-​៥; ធីម៉ូថេ​ទី២ ១:៥; ៣:១៤, ១៥

ប៉ុន្តែ តើ​ក្នុង​គម្ពីរ​មាន​តែ​គំរូ​របស់​ក្មេង​ប្រុស​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ព្រះ​មាន​ចិត្ត​រីក​រាយ​ឬ?— មិន​មែន​ទេ។ សូម​ពិចារណា​អំពី​ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​ព្រះ​រីក​រាយ។ នៅ​សម័យ​របស់​នាង ជន​ជាតិ​ស៊ីរី​និង​ជន​ជាតិ​អ៊ីស្រាអែល ជា​សត្រូវ​នឹង​គ្នា។ ថ្ងៃ​មួយ​ពួក​ស៊ីរី​បាន​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល ហើយ​បាន​ចាប់​ក្មេង​ស្រី​នេះ​យក​ទៅ​ធ្វើ​ជា​អ្នក​បម្រើ។ គេបាន​បញ្ជូន​នាង​ទៅ​ផ្ទះ​របស់​មេទ័ព​ម្នាក់​ឈ្មោះ​ណាម៉ាន។ នៅ​ទី​នោះ​នាង​ធ្វើ​ជា​អ្នក​បម្រើ​របស់​ប្រពន្ធ​ណាម៉ាន។

ណាម៉ាន​មាន​ជំងឺ​មួយ ដែល​គេ​ហៅ​ថា​ជំងឺ​ឃ្លង់។ គ្មាន​គ្រូ​ពេទ្យ​ណា​ម្នាក់​អាច​ជួយ​គាត់​បាន​ទេ។ ប៉ុន្តែ ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល​នោះ​បាន​ជឿ​ថា អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដែល​ជា​អ្នក​បម្រើ​ពិសេស​របស់​ព្រះ អាច​ជួយ​ណាម៉ាន​បាន។ ការ​ពិត ណាម៉ាន​និង​ប្រពន្ធ​របស់​គាត់​មិន​មែន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ។ តើ​ក្មេង​ស្រី​នោះ​គួរ​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​នាង​ដឹង​ឬ​ទេ? បើ​កូន​នៅ​ទី​នោះ តើ​កូន​នឹង​ធ្វើ​អ្វី?—

តើ​តាម​របៀប​ណា​ក្មេង​ស្រី​អ៊ីស្រាអែល​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​រីក​រាយ?

ក្មេង​ស្រី​នោះ​បាន​និយាយ​ថា​៖ ‹បើ​គ្រាន់​តែ​លោក​ណាម៉ាន​ទៅ​ជួប​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្រុក​អ៊ីស្រាអែល​ប៉ុណ្ណោះ នោះ​គាត់​នឹង​ធ្វើ​ឲ្យ​រោគ​ឃ្លង់​របស់​លោក​ណាម៉ាន​ជា​សះ​ស្បើយ​មិន​ខាន›។ ណាម៉ាន​បាន​ស្តាប់​តាម​ក្មេង​ស្រី​នោះ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា។ ពេល​គាត់​បាន​ធ្វើ​តាម​អ្វី​ដែល​អ្នក​ប្រកាស​ទំនាយ​ប្រាប់​ឲ្យ​ធ្វើ នោះ​រោគ​ឃ្លង់​របស់​គាត់​បាន​ជា​សះ​ស្បើយ។ នេះ​បាន​ធ្វើ​ឲ្យ​ណាម៉ាន​ក្លាយ​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ពិត។—ពង្សាវតារ​ក្សត្រ​ទី២ ៥:១​-​១៥

ដូច​ក្មេង​ស្រី​នោះ​ដែរ តើ​កូន​ចង់​ជួយ​អ្នក​ណា​ម្នាក់​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា និង​អំពី​អ្វី​ដែល​លោក​អាច​ធ្វើ​ឬ​ទេ?— តើ​កូន​អាច​ជួយ​អ្នក​ណា​ខ្លះ?— ពិត​មែន មុន​ដំបូង​អ្នក​ដែល​កូន​ចង់​ជួយ ប្រហែល​ជា​គិត​ថា​ខ្លួន​មិន​ត្រូវ​ការ​ជំនួយ​ទេ។ ប៉ុន្តែ កូន​អាច​ប្រាប់​ពួក​គេ​អំពី​អ្វី​ល្អ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ។ ពួក​គេ​ប្រហែល​ជា​ស្តាប់​កូន។ បើ​កូន​ធ្វើ​ដូច្នេះ កូន​អាច​ប្រាកដ​ថា​ព្រះ​នឹង​រីក​រាយ។

មាន​បទ​គម្ពីរ​ផ្សេង​ទៀត​ដែល​លើក​ទឹក​ចិត្ត​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ​បម្រើ​ព្រះ​ដោយ​រីក​រាយ​នៅ ទំនុក​តម្កើង ១២២:១; ១៤៨:១២, ១៣ សាស្តា ១២:១ ធីម៉ូថេ​ទី១ ៤:១២ និង​ហេប្រឺ ១០:២៣​-​២៥