លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤៣

តើ​អ្នក​ណា​ជា​បង​ប្អូន​របស់​យើង?

តើ​អ្នក​ណា​ជា​បង​ប្អូន​របស់​យើង?

នៅ​ពេល​មួយ​គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​សួរ​សំណួរ​ដ៏​ចម្លែក​មួយ។ សំណួរ​នោះ​គឺ ​«​តើ​អ្នក​ណា​ជា​ម្ដាយ​ខ្ញុំ? ហើយ​តើ​អ្នក​ណា​ជា​ប្អូន​ប្រុស​ៗ​របស់​ខ្ញុំ?​»។ (​ម៉ាថាយ ១២:៤៨​) តើ​កូន​អាច​ឆ្លើយ​សំណួរ​នេះ​បាន​ទេ?— កូន​ប្រហែល​ជា​ដឹង​ថា​ម្ដាយ​របស់​លោក​យេស៊ូ​ឈ្មោះ​ម៉ារៀ។ ប៉ុន្តែ តើ​កូន​ស្គាល់​ឈ្មោះ​ប្អូន​ប្រុស​ៗ​របស់​លោក​ទេ?— តើ​លោក​មាន​ប្អូន​ស្រី​ដែរ​ទេ?—

គម្ពីរ​ប្រាប់​ថា ប្អូន​ប្រុស​របស់​លោក​យេស៊ូ​មាន​ឈ្មោះ​«​យ៉ាកុប យ៉ូសែប ស៊ីម៉ូន និង​យូដាស​»។ លោក​យេស៊ូ​ក៏​មាន​ប្អូន​ស្រី​ខ្លះ​នៅ​រស់​នៅ​ឡើយ​ពេល​ដែល​លោក​ផ្សព្វ​ផ្សាយ។ ដូច្នេះ ដោយ​សារ​លោក​យេស៊ូ​ជា​កូន​ច្បង លោក​មាន​អាយុ​ច្រើន​ជាង​ពួក​គាត់។—ម៉ាថាយ ១៣:៥៥, ៥៦; លូកា ១:៣៤, ៣៥

តើ​ប្អូន​ប្រុស​ៗ​របស់​លោក​យេស៊ូ​ជា​អ្នក​កាន់​តាម​លោក​ដែរ​ទេ?— គម្ពីរ​ប្រាប់​ថា មុន​ដំបូង​ពួក​គាត់​«​មិន​ជឿ​លើ​លោក​ឡើយ​»។ (​យ៉ូហាន ៧:៥​) ប៉ុន្តែ ក្រោយ​មក​យ៉ាកុប​និង​យូដាស​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក ហើយ​ពួក​គាត់​ថែម​ទាំង​បាន​សរសេរ​សៀវភៅ​ខ្លះ​ក្នុង​គម្ពីរ​ផង។ តើ​កូន​ដឹង​ថា​សៀវភៅ​ដែល​ពួក​គាត់​បាន​សរសេរ​ហៅ​ថា​អ្វី​ទេ?— មែន​ហើយ គឺ​ហៅ​ថា​សៀវភៅ​យ៉ាកុប និង​សៀវភៅ​យូដាស។

ទោះ​ជា​គម្ពីរ​មិន​បាន​ប្រាប់​ឈ្មោះ​ប្អូន​ស្រី​ៗ​របស់​លោក​យេស៊ូ​ក៏​ដោយ យើង​ដឹង​ថា​យ៉ាង​ហោច​ណាស់ លោក​មាន​ប្អូន​ស្រី​ពីរ​នាក់។ ប៉ុន្តែ អាច​មាន​ច្រើន​ជាង​នេះ។ តើ​ប្អូន​ស្រី​ៗ​របស់​លោក​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​ទេ?— ដោយ​សារ​គម្ពីរ​មិន​បាន​ចែង​ប្រាប់ ដូច្នេះ​យើង​មិន​ដឹង​ទេ។ ក៏​ប៉ុន្តែ ហេតុ​អ្វី​លោក​យេស៊ូ​បាន​សួរ​ថា​៖ ​«​តើ​អ្នក​ណា​ជា​ម្ដាយ​ខ្ញុំ? ហើយ​តើ​អ្នក​ណា​ជា​ប្អូន​ប្រុស​ៗ​របស់​ខ្ញុំ?​»។ តើ​កូន​ដឹង​ទេ?— សូម​ឲ្យ​យើង​រក​ចម្លើយ។

នៅ​ថ្ងៃ​មួយ លោក​យេស៊ូ​កំពុង​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​និយាយ​កាត់​លោក​ថា​៖ ​«​ម្ដាយ​និង​ប្អូន​ប្រុស​ៗ​របស់​លោក​កំពុង​ឈរ​ចាំ​ខាង​ក្រៅ ហើយ​ចង់​និយាយ​ជា​មួយ​នឹង​លោក​»។ ដូច្នេះ លោក​យេស៊ូ​បាន​ប្រើ​ឱកាស​នោះ​បង្រៀន​ពួក​គាត់នូវ​មេរៀន​ដ៏​សំខាន់​មួយ ដោយ​សួរ​សំណួរ​ដ៏​ចម្លែក​នោះ​ថា​៖ ​«​តើ​អ្នក​ណា​ជា​ម្ដាយ​ខ្ញុំ? ហើយ​តើ​អ្នក​ណា​ជា​ប្អូន​ប្រុស​ៗ​របស់​ខ្ញុំ?​»។ ក្រោយ​មក លោក​បាន​លាត​ដៃ​សំដៅ​ទៅ​អ្នក​កាន់​តាម​លោក ហើយ​ឆ្លើយ​នឹង​សំណួរ​នោះ​ដោយ​បន្លឺ​ថា​៖ ​«​នុ៎ះ​ន៏! ម្ដាយ​របស់​ខ្ញុំ និង​ប្អូន​ប្រុស​ៗ​របស់​ខ្ញុំ!​»។

រួច​មក លោក​យេស៊ូ​បាន​ពន្យល់​អត្ថន័យ​ដោយ​និយាយ​ថា​៖ ​«​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ អ្នក​នោះ​ហើយ​ជា​ប្អូន​ប្រុស ប្អូន​ស្រី និង​ម្ដាយ​របស់​ខ្ញុំ​»។ (​ម៉ាថាយ ១២:៤៧​-​៥០​) នេះ​បង្ហាញ​ថា​លោក​យេស៊ូ​ស្រឡាញ់​អ្នក​កាន់​តាម​លោក​ខ្លាំង​ណាស់។ ដូច្នេះ លោក​យេស៊ូ​ចង់​បង្រៀន​យើង​ថា អ្នក​កាន់​តាម​លោក​ប្រៀប​ដូច​ជា​បង​ប្អូន​ប្រុស​ស្រី និង​ម្ដាយ​បង្កើត​របស់​លោក។

តើ​លោក​យេស៊ូ​បាន​ពន្យល់​ថា អ្នក​ណា​ជា​បង​ប្អូន​ប្រុស​ស្រី​របស់​លោក?

នៅ​ពេល​នោះ ប្អូន​ប្រុស​ៗ​របស់​លោក​យេស៊ូ គឺ​យ៉ាកុប យ៉ូសែប ស៊ីម៉ូន និង​យូដាស មិន​ជឿ​ថា​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ​ទេ។ ពួក​គាត់​ច្បាស់​ជា​មិន​ជឿ​ពាក្យ​សម្ដី​ដែល​ទេវតា​កាព្រីយ៉ែល​បាន​ប្រាប់​ម្ដាយ​របស់​ពួក​គាត់​ឡើយ។ (​លូកា ១:៣០​-​៣៣​) ដូច្នេះ ពួក​គាត់​ប្រហែល​ជា​ធ្លាប់​ធ្វើ​អាក្រក់​ទៅ​លើ​លោក​យេស៊ូ។ អ្នក​ណា​ម្នាក់​ដែល​ធ្វើ​ដូច​នោះ​គឺមិន​មែន​ជា​បង​ប្អូន​ពិត​ទេ។ តើ​កូន​ស្គាល់​នរណា​ម្នាក់​ដែល​ធ្លាប់​ធ្វើ​អាក្រក់​ទៅ​លើ​បង​ប្អូន​របស់​ខ្លួន​ទេ?—

គម្ពីរ​ប្រាប់​អំពី​បង​ប្អូន​ពីរ​នាក់​ឈ្មោះ​អេសាវ​និង​យ៉ាកុប ហើយ​ក៏​ប្រាប់​ថា​អេសាវ​បាន​ខឹង​យ៉ាកុប​ដល់​ម៉្លេះ​រហូត​ដល់​និយាយ​ថា​៖ ​«​អញ​នឹង​សំឡាប់​យ៉ាកុប​ជា​ប្អូន​ចោល​»។ រេបិកា​ជា​ម្ដាយ​របស់​ពួក​គាត់​ភ័យ​ខ្លាច​ណាស់ ដូច្នេះ​គាត់​ឲ្យ​យ៉ាកុប​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ ដើម្បី​កុំ​ឲ្យ​អេសាវ​អាច​សម្លាប់​យ៉ាកុប​បាន។ (​លោកុប្បត្តិ ២៧:៤១​-​៤៦​) ប៉ុន្តែ ច្រើន​ឆ្នាំ​ក្រោយ​មក អេសាវ​បាន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ពេល​គាត់​ជួប​យ៉ាកុប គាត់​បាន​ឱប​យ៉ាកុប​ថែម​ទាំង​ថើប​ដែរ។—លោកុប្បត្តិ ៣៣:៤

ក្រោយ​មក យ៉ាកុប​មាន​កូន​ប្រុស​១២​នាក់។ ប៉ុន្តែ កូន​ប្រុស​ៗ​របស់​យ៉ាកុប​មិន​ស្រឡាញ់​យ៉ូសែប​ជា​ប្អូន​របស់​ពួក​គេ​ទេ។ ពួក​គេ​ច្រណែន​យ៉ូសែប ពី​ព្រោះ​គាត់​ជា​កូន​សំឡាញ់​របស់​ឪពុក។ ដូច្នេះ ពួក​គេ​បាន​លក់​យ៉ូសែប​ឲ្យ​ដល់​ពួក​ឈ្មួញ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប។ រួច​មក ពួក​គេ​បាន​ប្រាប់​ឪពុក​ថា យ៉ូសែប​បាន​ត្រូវ​សត្វ​ព្រៃ​ស៊ី​ហើយ។ (​លោកុប្បត្តិ ៣៧:២៣​-​៣៦​) អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​នោះ ពិត​ជា​អាក្រក់​ណាស់ មែន​ទេ?—

ក្រោយ​មក បង​ប្រុស​ៗ​របស់​យ៉ូសែប​បាន​សោកស្តាយ​ចំពោះ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ។ ដូច្នេះ យ៉ូសែប​បាន​អភ័យ​ទោស​ឲ្យ​ពួក​គេ។ តើ​យ៉ូសែប​បានប្រព្រឹត្ត​ដូច​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? តើ​កូន​ដឹង​ទេ?— ពេល​លោក​យេស៊ូ​មាន​បញ្ហា ពួក​សាវ័ក​បាន​រត់​ចោល​លោក ហើយ​ពេត្រុស​រហូត​ដល់​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ផង។ ប៉ុន្តែ ដូច​យ៉ូសែប លោក​យេស៊ូ​បាន​អភ័យ​ទោស​ឲ្យ​ពួក​សាវ័ក​ទាំង​អស់។

តើ​យើង​ទាញ​មេរៀន​អ្វី​ពី​រឿង​អំពី​កាអ៊ីន​និង​អេបិល?

មាន​ឧទាហរណ៍​មួយ​ទៀត អំពី​រឿង​បង​ប្អូន​ប្រុស​ពីរ​នាក់ បង​ឈ្មោះ​កាអ៊ីន និង​ប្អូន​ឈ្មោះ​អេបិល។ យើង​ក៏​អាច​ទាញ​មេរៀន​ពី​ពួក​គាត់​ដែរ។ ព្រះ​បាន​ឃើញ​ថា​ក្នុង​ចិត្ត​របស់​កាអ៊ីន​មិន​សូវ​ស្រឡាញ់​ប្អូន​របស់​គាត់​ទេ។ ដូច្នេះ ព្រះ​បាន​ប្រាប់​កាអ៊ីន​ថា គាត់​គួរ​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​គាត់។ បើ​កាអ៊ីន​ស្រឡាញ់​ព្រះ​មែន គាត់​ប្រាកដ​ជា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​ព្រះ​មិន​ខាន។ ប៉ុន្តែ គាត់​មិន​ស្រឡាញ់​ព្រះ​ទេ។ ថ្ងៃ​មួយ កាអ៊ីន​បាន​និយាយ​ទៅ​អេបិល​ថា​៖ ‹ចូរ​យើង​ទៅ​ឯ​វាល›។ រួច​មក អេបិល​បាន​ចេញ​ទៅ​ជា​មួយ​កាអ៊ីន។ កាល​ដែល​ពួក​គាត់​នៅ​ឯ​វាល​តែ​ពីរ​នាក់ កាអ៊ីន​បាន​វាយ​ប្អូន​ប្រុស​របស់​គាត់​យ៉ាង​ខ្លាំង​ដល់​ស្លាប់។—លោកុប្បត្តិ ៤:២​-​៨

គម្ពីរ​ប្រាប់​យើង​ថា រឿង​អំពី​កាអ៊ីន​និង​អេបិល​មាន​មេរៀន​ដ៏​សំខាន់​មួយ។ តើ​កូន​ដឹង​ថា​មេរៀន​អ្វី​ទេ?— ‹នេះ​ជា​បណ្ដាំ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​ដំបូង​ថា យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​មិន​ត្រូវ​ប្រព្រឹត្ត​ដូច​កាអ៊ីន​ដែល​មក​ពី​មេកំណាច›ទេ។ ដូច្នេះ បង​ប្អូន​ត្រូវ​ស្រឡាញ់​គ្នា មិន​ត្រូវ​ប្រព្រឹត្ត​ដូច​កាអ៊ីន​ឡើយ។—យ៉ូហាន​ទី១ ៣:១១, ១២

ហេតុ​អ្វី​យើង​មិន​ចង់​ប្រព្រឹត្ត​អាក្រក់​ដូច​កាអ៊ីន?— ពី​ព្រោះ គម្ពីរ​ប្រាប់​ថា​គាត់​បាន​«​មក​ពី​មេកំណាច​»។ មេកំណាច​នោះ​ជា​សាថាន។ ដោយ​សារ​កាអ៊ីន​បាន​ប្រព្រឹត្ត​ដូច​មេកំណាច នេះ​ប្រៀប​ដូច​ជា​មេកំណាច​ជា​ឪពុក​របស់​គាត់។

ឥឡូវ តើ​កូន​យល់​អំពី​មូលហេតុ​សំខាន់​ដែល​កូន​ត្រូវ​ស្រឡាញ់​បង​ប្អូន​របស់​កូន​ទេ?— បើ​កូន​មិន​ស្រឡាញ់​ពួក​គាត់​ទេ តើ​កូន​កំពុង​ធ្វើ​តាម​គំរូ​កូន​របស់​អ្នក​ណា?— គឺ​កូន​របស់​មេកំណាច។ កូន​មិន​ចង់​ធ្វើ​ដូច​នោះ​ទេ មែន​ទេ?— ដូច្នេះ តើ​កូន​អាច​បង្ហាញ​យ៉ាង​ណា​ថា​កូន​ចង់​ធ្វើ​ជា​កូន​របស់​ព្រះ?— គឺ​កូន​ត្រូវ​ស្រឡាញ់​បង​ប្អូន​របស់​កូន​យ៉ាង​ស្មោះ។

ប៉ុន្តែ តើ​សេចក្ដី​ស្រឡាញ់​ជា​អ្វី?— សេចក្ដី​ស្រឡាញ់​គឺ​ជា​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​ដែល​មាន​នៅ​ក្នុង​ចិត្ត​យើង ហើយ​អារម្មណ៍​នោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ចង់​ធ្វើ​អំពើ​ល្អ​ដល់​មនុស្ស​ឯ​ទៀត។ ពេល​យើង​ចូល​ចិត្ត​អ្នក​ណា​ម្នាក់ និង​ពេល​យើង​ធ្វើ​អំពើ​ល្អ​ដល់​ពួក​គេ នោះ​មាន​ន័យ​ថា​យើង​ស្រឡាញ់ពួក​គេ។ តើ​យើង​ត្រូវ​ស្រឡាញ់​អ្នក​ណា? តើ​អ្នក​ណា​ជា​បង​ប្អូន​របស់​យើង?— កូន​នៅ​ចាំ​ទេ លោក​យេស៊ូ​បាន​បង្រៀន​ថា អ្នក​ដែល​ជា​បង​ប្អូន​របស់​យើង​នោះ គឺ​ជា​គ្រិស្ដ​សាសនិក​រួម​ជំនឿ។

តើ​កូន​អាច​បង្ហាញ​ថា​កូន​ស្រឡាញ់​បង​ប្អូន​របស់​កូន​យ៉ាង​ដូច​ម្ដេច?

តើ​ការ​ស្រឡាញ់​បង​ប្អូន​គ្រិស្ដ​សាសនិក​រួម​ជំនឿ​គឺ​សំខាន់​យ៉ាង​ណា?— គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន​ដែល​ខ្លួន​មើល​ឃើញ អ្នក​នោះ​មិន​អាច​ស្រឡាញ់​ព្រះ​ដែល​ខ្លួន​មើល​មិន​ឃើញ​ឡើយ​»។ (​យ៉ូហាន​ទី១ ៤:២០​) ដូច្នេះ យើង​មិន​គ្រាន់​តែ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ទេ តែ​យើង​ត្រូវ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់។ លោក​យេស៊ូ​បាន​ប្រាប់​ថា​៖ ​«​យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។ (​យ៉ូហាន ១៣:៣៥​) តើ​កូន​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​ទេ?— សូម​ចាំ​ថា បើ​កូន​មិន​ស្រឡាញ់​ពួក​គាត់​ទេ កូន​មិន​អាច​ស្រឡាញ់​ព្រះ​បាន​ឡើយ។

តើ​យើង​អាច​បង្ហាញ​ថា​យើង​ពិត​ជា​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​របស់​យើង​យ៉ាង​ដូច​ម្ដេច?— បើ​យើង​ស្រឡាញ់​ពួក​គាត់ យើង​នឹង​មិន​គេច​មុខ​ពី​ពួក​គាត់ ដោយ​សារ​យើង​មិន​ចង់​និយាយ​រក​ពួក​គាត់​នោះ​ទេ។ យើង​រាក់​ទាក់​ជា​មួយ​ពួក​គាត់​ទាំង​អស់។ យើង​នឹង​ធ្វើ​អំពើ​ល្អ​ដល់​ពួក​គាត់ ហើយ​សុខ​ចិត្ត​ចែក​រំលែក​ជា​មួយ​ពួក​គាត់​ជា​និច្ច។ ណា​មួយ​ទៀត បើ​ពួក​គាត់​មាន​បញ្ហា យើង​នឹង​ជួយ​ពួក​គាត់ ព្រោះ​យើង​ជា​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ដ៏​ធំ​មួយ។

ពេល​យើង​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​យ៉ាង​ស្មោះ តើ​នេះ​បង្ហាញ​យ៉ាង​ណា?— នេះ​បង្ហាញ​ថា យើង​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ។ នោះ​ជា​អ្វី​ដែល​យើង​ចង់​ធ្វើ មែន​ទេ?—

ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ក៏​បញ្ជាក់​នៅ កាឡាទី ៦:១០ និង​យ៉ូហាន​ទី១ ៤:៨, ២១​ដែរ។ សូម​កូន​បើក​គម្ពីរ​ហើយ​អាន​ខ​ទាំង​នេះ។