លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤៤

មិត្ត​ភក្ដិ​របស់​យើង​គួរ​ជា​អ្នក​ដែល​ស្រឡាញ់​ព្រះ

មិត្ត​ភក្ដិ​របស់​យើង​គួរ​ជា​អ្នក​ដែល​ស្រឡាញ់​ព្រះ

មិត្ត​គឺ​ជា​អ្នក​ដែល​យើង​ចូល​ចិត្ត​និយាយ​ជា​មួយ និង​ចំណាយ​ពេល​ជា​មួយ។ ប៉ុន្តែ ជា​ការ​សំខាន់​បុគ្គល​ដែល​យើង​រាប់​អាន​នោះ ត្រូវ​ជា​អ្នក​ដែល​សម​នឹង​យក​មក​ធ្វើ​ជា​មិត្ត។ តើ​កូន​គិត​ថា អ្នក​ណា​ជា​មិត្ត​ល្អ​បំផុត​របស់​យើង?— មែន​ហើយ គឺ​ព្រះ​យេហូវ៉ា។

តើ​យើង​ពិត​ជា​អាច​ទៅ​ជា​មិត្ត​របស់​ព្រះ​បាន​ទេ?— សូម​គិត​អំពី​អាប្រាហាំ​ជា​បុរស​ម្នាក់​ដែល​ធ្លាប់​រស់​នៅ​សម័យ​បុរាណ។ គម្ពីរ​ប្រាប់​ថា អាប្រាហាំ​ជា​«​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​»។ (​យ៉ាកុប ២:២៣​) ហេតុ​អ្វី​ព្រះ​យេហូវ៉ា​រាប់​គាត់​ជា​មិត្ត​សម្លាញ់​របស់​លោក? តើ​កូន​ដឹង​ទេ?— គម្ពីរ​ប្រាប់​ថា អាប្រាហាំ​បាន​ស្តាប់​បង្គាប់​ព្រះ។ គាត់​បាន​ស្តាប់​បង្គាប់​ព្រះ សូម្បី​តែ​ពេល​ដែល​លោក​សុំ​គាត់​ឲ្យ​ធ្វើ​កិច្ច​ការ​ដ៏​សែន​ពិបាក ក៏​គាត់​ស្តាប់​បង្គាប់​ដែរ។ ដូច្នេះ ដើម្បី​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ យើង​ក៏​ត្រូវ​ធ្វើ​អ្វី​ដែល​ព្រះ​ពេញ​ចិត្ត ដូច​អាប្រាហាំ​បាន​ធ្វើ និង​ដូច​គ្រូ​ដ៏​ល្អ​ប្រសើរ​តែង​តែ​ធ្វើ​ជា​និច្ច​ដែរ។—លោកុប្បត្តិ ២២:១​-​១៤; យ៉ូហាន ៨:២៨, ២៩; ហេប្រឺ ១១:៨, ១៧​-​១៩

ហេតុ​អ្វី​អាប្រាហាំ​បាន​ត្រូវ​ហៅ​ថា ​«​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​»​?

លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាវ័ក​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ ប្រសិនបើ​អ្នក​រាល់គ្នា​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ​»។ (​យ៉ូហាន ១៥:១៤​) បង្គាប់​របស់​លោក​យេស៊ូ គឺ​មក​ពី​ព្រះ​យេហូវ៉ា។ ដូច្នេះ លោក​យេស៊ូ​ចង់​មាន​ន័យ​ថា មិត្ត​របស់​លោក គឺ​ជា​មនុស្ស​ដែល​ធ្វើ​តាម​បង្គាប់​របស់​ព្រះ។ នេះ​មាន​ន័យ​ថា​មិត្ត​ភក្ដិ​ទាំង​អស់​របស់​លោក​យេស៊ូ​ជា​អ្នក​ដែល​ស្រឡាញ់​ព្រះ។

ក្នុង​ចំណោម​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​គ្រូ​ដ៏​ល្អ​ប្រសើរ មាន​ពួក​សាវ័ក កូន​អាច​មើល​រូប​ភាព​ពួក​គាត់​នៅ​ទំព័រ​៧៥​ក្នុង​សៀវភៅ​នេះ។ ពួក​គាត់​បាន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក ហើយ​ជួយ​លោក​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ លោក​យេស៊ូ​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គាត់ ពិសា​អាហារ​ជា​មួយ​នឹង​ពួក​គាត់ ហើយ​និយាយ​ជា​មួយ​នឹង​ពួក​គាត់​អំពី​ព្រះ។ ម្យ៉ាង​ទៀត លោក​ក៏​បាន​ធ្វើ​អ្វី​ផ្សេង​ទៀត​ជា​មួយ​នឹង​ពួក​គាត់​ដែរ។ ប៉ុន្តែ លោក​យេស៊ូ​មាន​មិត្ត​ភក្ដិ​ជា​ច្រើន​ទៀត។ លោក​ធ្លាប់​ស្នាក់​នៅ​ជា​មួយ​មិត្ត​ភក្ដិ​ទាំង​នោះ ហើយ​ពួក​គាត់​រីក​រាយ​ពេល​នៅ​ជា​មួយ​នឹង​លោក។

លោក​យេស៊ូ​ចូល​ចិត្ត​ស្នាក់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​មួយ​ដែល​រស់​នៅ​ភូមិ​បេថានី ដែល​ជា​ភូមិ​តូច​មួយ​នៅ​ជិត​ក្រុង​ធំ​មួយ ហៅ​ថា​យេរូសាឡិម។ តើ​កូន​នៅ​ចាំ​ក្រុម​គ្រួសារ​នោះ​ទេ?— ក្រុម​គ្រួសារ​នោះ​មាន​បង​ប្អូន​បី​នាក់ ឈ្មោះ​ម៉ាថា ម៉ារៀ និង​ប្អូន​ប្រុស​របស់​ពួក​គាត់​ឈ្មោះ​ឡាសា។ លោក​យេស៊ូ​បាន​ហៅ​ឡាសា​ថា សម្លាញ់​របស់​លោក។ (​យ៉ូហាន ១១:១, ៥, ១១​) មូលហេតុ​ដែល​លោក​យេស៊ូ​ស្រឡាញ់​ក្រុម​គ្រួសារ​នេះ ហើយ​ចូល​ចិត្ត​នៅ​ជា​មួយ​នឹង​ពួក​គាត់ ដោយ​សារ​ពួក​គាត់​ស្រឡាញ់​និង​បម្រើ​ព្រះ​យេហូវ៉ា។

ពេល​លោក​យេស៊ូ​ទៅ​ក្រុង​យេរូសាឡិម ហេតុ​អ្វី​លោក​ច្រើន​តែ​ស្នាក់​នៅ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​នេះ? តើ​កូន​ស្គាល់​ឈ្មោះ​របស់​ពួក​គេ​ទេ?

ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា លោក​យេស៊ូ​មិន​រាប់​អាន​អ្នក​ដែល​មិន​បម្រើ​ព្រះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​រាប់​អាន​ពួក​គេ ថែម​ទាំង​បាន​ទៅ​ផ្ទះ​របស់​ពួក​គេ ហើយ​បរិភោគ​អាហារ​ជា​មួយ​នឹង​ពួក​គេ​ទៀត​ផង។ នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​និយាយ​ថា លោក​យេស៊ូ​ជា​«​មិត្ត​ភក្ដិ​របស់​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។ (​ម៉ាថាយ ១១:១៩​) តាម​ពិត​មូលហេតុ​ដែល​លោក​យេស៊ូ​ទៅ​ផ្ទះ​របស់​មនុស្ស​ទាំង​នេះ មិន​មែន​ដោយ​សារ​លោក​ចូល​ចិត្ត​របៀប​រស់​នៅ​របស់​ពួក​គេ​ឡើយ។ លោក​បាន​ទៅ​ជួប​ពួក​គេ ដើម្បី​លោក​អាច​ប្រាប់​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា។ លោក​ព្យាយាម​ជួយ​ពួក​គេ​ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត ហើយ​មក​បម្រើ​ព្រះ​វិញ។

ហេតុ​អ្វី​សាខេ​បាន​ឡើង​ដើម​ឈើ​នេះ?

រឿង​ដូច​នេះ​បាន​កើត​ឡើង​នៅ​ក្រុង​យេរីខូ។ នៅ​ថ្ងៃ​មួយ លោក​យេស៊ូ​កំពុង​ធ្វើ​ដំណើរ​កាត់​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម។ នៅ​ទី​នោះ​មាន​មនុស្ស​ច្រើន​កក​កុញ ហើយ​ក្នុង​ចំណោម​នោះ​មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ។ គាត់​ចង់​ឃើញ​លោក​យេស៊ូ​ឲ្យ​បាន​ច្បាស់។ ប៉ុន្តែ ដោយ​សារ​គាត់​ទាប ហើយ​មាន​មនុស្ស​ជា​ច្រើន​ឈរ​បាំង​គាត់ ដូច្នេះ​គាត់​មិន​អាច​មើល​ឃើញ​លោក​យេស៊ូ​ទេ។ ហេតុ​នេះ សាខេ​រត់​ទៅ​ខាង​មុខ​ផ្លូវ ហើយ​ឡើង​ដើម​ឈើ ដើម្បី​មើល​ឃើញ​លោក​យេស៊ូ​ឲ្យ​បាន​ច្បាស់ ពេល​លោក​ឆ្លង​កាត់​ទី​នោះ។

ពេល​លោក​យេស៊ូ​មក​ដល់​ដើម​ឈើ​នោះ លោក​មើល​ទៅ​លើ រួច​និយាយ​ថា​៖ ‹សូម​ប្រញាប់​ចុះ​មក ព្រោះ​ថ្ងៃ​នេះ​ខ្ញុំ​នឹង​ទៅ​ផ្ទះ​របស់​អ្នក›។ ប៉ុន្តែ សាខេ​ជា​បុរស​អ្នក​មាន​ម្នាក់​ដែល​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​លោក​យេស៊ូ​ចង់​ទៅ​ផ្ទះ​របស់​បុរស​បែប​នោះ?—

មូលហេតុ​ដែល​លោក​យេស៊ូ​ទៅ​ផ្ទះ​របស់​គាត់ មិន​មែន​ដោយ​សារ​លោក​ចូល​ចិត្ត​របៀប​រស់​នៅ​របស់​គាត់​នោះ​ទេ។ លោក​ទៅ​ផ្ទះ​របស់​សាខេ​ដើម្បី​ប្រាប់​គាត់​អំពី​ព្រះ។ លោក​បាន​ឃើញ​ថា បុរស​នេះ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​មើល​ឃើញ​លោក។ ដូច្នេះ លោក​ដឹង​ថា​សាខេ​ប្រហែល​ជា​នឹង​ស្តាប់​លោក។ លោក​ប្រើ​ឱកាស​ល្អ​នេះ​ដើម្បី​និយាយ​ជា​មួយ​នឹង​គាត់​អំពី​របៀប​រស់​នៅ​ដែល​ព្រះ​ពេញ​ចិត្ត។

តើ​មូលហេតុ​អ្វី​បាន​ជា​លោក​យេស៊ូ​ទៅ​ជួប​សាខេ? ហើយ​តើ​សាខេ​សន្យា​ថា​គាត់​នឹង​ធ្វើ​អ្វី?

រួច​មក តើ​មាន​លទ្ធផល​យ៉ាង​ណា?— សាខេ​ចូល​ចិត្ត​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ។ ក្រោយ​ពី​ស្តាប់​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ហើយ សាខេ​សោកស្តាយ​ណាស់​ដែល​គាត់​បាន​កេង​ប្រវ័ញ្ច​ប្រាក់​ពី​អ្នក​ឯ​ទៀត។ ដូច្នេះ​ហើយ គាត់​សន្យា​ថា​នឹង​ប្រគល់​ប្រាក់​ទាំង​នោះ​ដល់​ពួក​គេ​វិញ ព្រោះ​នេះ​ជា​ប្រាក់​ដែល​គាត់​គ្មាន​សិទ្ធិ​នឹង​យក​ទេ។ ក្រោយ​មក​គាត់​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ចាប់​ពី​ពេល​នោះ​មក លោក​យេស៊ូ​និង​សាខេ​បាន​ទៅ​ជា​មិត្ត​ភក្ដិ​នឹង​គ្នា។—លូកា ១៩:១​-​១០

បើ​យើង​ធ្វើ​តាម​គំរូ​របស់​គ្រូ​ដ៏​ល្អ​ប្រសើរ តើ​យើង​នឹង​ទៅ​ផ្ទះ​អ្នក​ដែល​មិន​មែន​ជា​មិត្ត​ភក្ដិ​របស់​យើង​ទេ?— យើង​នឹង​ទៅ ប៉ុន្តែ តើ​ដោយ​សារ​យើង​ចូល​ចិត្ត​របៀប​រស់​នៅ​របស់​ពួក​គេ ឬយើង​ចង់​រួម​ធ្វើ​អាក្រក់​ជា​មួយ​ពួក​គេ​ទេ? មិន​មែន​ទេ មូលហេតុ​ដែល​យើង​ទៅ​ផ្ទះ​ពួក​គេ គឺ​ដើម្បី​យើង​អាច​ប្រាប់​ពួក​គេ​អំពី​ព្រះ។

មនុស្ស​ខ្លះ​ប្រហែល​ជា​មិន​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា​ទេ។ ប៉ុន្តែ បើ​ពួក​គេ​ចង់​រៀន​អំពី​លោក យើង​អាច​ជួយ​ពួក​គេ​បាន។ ក្រោយ​មក ពេល​ពួក​គេ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដូច​យើង​ដែរ ពេល​នោះ​ទើប​យើង​អាច​ធ្វើ​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ពួក​គេ។ តើ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ជា​អ្នក​ណា? មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​គឺ​ជា​អ្នក​ដែល​យើង​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ ហើយ​ជា​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត។

ម្យ៉ាង​ទៀត ដើម្បី​ដឹង​ថា​បុគ្គល​ណា​ម្នាក់​សម​នឹង​ធ្វើ​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​យើង យើង​ត្រូវ​មើល​អ្វី​ដែល​គាត់​ធ្វើ។ តើ​គាត់​ធ្វើ​អ្វី​ដែល​មិន​ល្អ​ចំពោះ​អ្នក​ឯ​ទៀត រួច​មក​សើច​ទេ? ការ​ធ្វើ​ដូច​នោះ​មិន​ត្រឹម​ត្រូវ​ឡើយ មែន​ទេ?— តើ​គាត់​តែង​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ឬ? យើង​ច្បាស់​ជា​មិន​ចង់​មាន​បញ្ហា​ដោយ​សារ​សេពគប់​ជា​មួយ​នឹង​គាត់​ទេ មែន​ទេ?— ម្យ៉ាង​ទៀត តើ​គាត់​ចេះ​តែ​ធ្វើ​អាក្រក់ រួច​មក​គិត​ថា​ខ្លួន​ឆ្លាត ដោយ​សារ​គ្មាន​អ្នក​ណា​ចាប់​កំហុស​គាត់​បាន​ឬ? ទោះ​ជា​គ្មាន​អ្នក​ណា​ចាប់​កំហុស​បាន​ក៏​ដោយ តែ​ព្រះ​មើល​ឃើញ​អ្វី​ដែល​គាត់​បាន​ធ្វើ មែន​ទេ?— តើ​បុគ្គល​ដែល​ធ្វើ​បែប​នោះ សម​នឹង​ធ្វើ​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​យើង​ទេ? តើ​កូន​គិត​យ៉ាង​ណា?—

សូម​កូន​យក​គម្ពីរ ហើយ​មើល​អ្វី​ដែល​គម្ពីរ​ចែង​អំពី​របៀប​ដែល​ការ​សេពគប់​មាន​ឥទ្ធិពល​មក​លើ​ជីវិត​យើង។ សូម​បើក​សៀវភៅ​កូរិនថូស​ទី១ ជំពូក​ទី​១៥ ខ​៣៣។ តើ​កូន​រក​ឃើញ​ខ​គម្ពីរ​នេះ​ហើយ​ឬ​នៅ?— ខ​គម្ពីរ​នោះ​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​ឡើយ។ ការ​សេពគប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ​»។ នេះ​មាន​ន័យ​ថា បើ​យើង​ចំណាយ​ពេល​ជា​មួយ​មនុស្ស​អាក្រក់ យើង​ក៏​អាច​ទៅ​ជា​អាក្រក់​ដែរ។ ផ្ទុយ​ទៅ​វិញ ការ​សេពគប់​ល្អ​ជួយ​យើង​ឲ្យ​មាន​ទម្លាប់​ល្អ។

សូម​ចាំ​ថា បុគ្គល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​គឺ ព្រះ​យេហូវ៉ា។ ដូច្នេះ យើង​មិន​ចង់​បង្ខូច​ចំណង​មិត្តភាព​ដែល​យើង​មាន​ជា​មួយ​នឹង​លោក​ឡើយ មែន​ទេ?— ហេតុ​នេះ យើង​ត្រូវ​គិត​ឲ្យ​បាន​ហ្មត់​ចត់ ពេល​ជ្រើស​រើស​អ្នក​ណា​ម្នាក់​ធ្វើ​ជា​មិត្ត​ភក្ដិ។ យើង​ចង់​ធ្វើ​ជា​មិត្ត​ភក្ដិ​ជា​មួយ​តែ​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។

សារៈសំខាន់​នៃ​ការ​សេពគប់​ល្អ​ត្រូវ​រៀប​រាប់​នៅ​ក្នុង​បទ​គម្ពីរ​ដូច​ជា ទំនុក​តម្កើង ១១៩:១១៥ សុភាសិត ១៣:២០ ធីម៉ូថេ​ទី២ ២:២២ និង​យ៉ូហាន​ទី១ ២:១៥