លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤៥

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី? តើ​អ្វី​បង្ហាញ​ថា​យើង​ចង់​បាន​រាជាណាចក្រ​ព្រះ?

តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី? តើ​អ្វី​បង្ហាញ​ថា​យើង​ចង់​បាន​រាជាណាចក្រ​ព្រះ?

លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន តើ​កូន​ស្គាល់​សេចក្ដី​អធិដ្ឋាន​នោះ​ទេ?— បើ​កូន​មិន​ទាន់​ស្គាល់​ទេ យើង​អាច​អាន​សេចក្ដី​អធិដ្ឋាន​នោះ​ជា​មួយ​គ្នា​ពី​គម្ពីរ នៅ​សៀវភៅ​ម៉ាថាយ ៦:៩​-​១៣។ មនុស្ស​ជា​ច្រើន​ហៅ​សេចក្ដី​អធិដ្ឋាន​នោះ​ថា សេចក្ដី​អធិដ្ឋាន​របស់​លោក​ម្ចាស់។ សេចក្ដី​អធិដ្ឋាន​នោះ​មាន​ពាក្យ​ដែល​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»។ តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី? តើ​កូន​ដឹង​ទេ?—

ខ្ញុំ​សូម​ពន្យល់​កូន​អំពី​រឿង​នេះ។ ស្ដេច​គឺ​ជា​អ្នក​គ្រប់​គ្រង​ប្រទេស​ណា​មួយ​ឬ​តំបន់​ណា​មួយ។ រដ្ឋាភិបាល​ដែល​មាន​ស្ដេច​គ្រប់​គ្រង គេ​ហៅ​ថា​រាជាណាចក្រ។ នៅ​ប្រទេស​ខ្លះ​អ្នក​ដឹក​នាំ​រដ្ឋាភិបាល គេ​ហៅ​ថា​ប្រធានាធិបតី។ ចុះ​អ្នក​គ្រប់​គ្រង​រដ្ឋាភិបាល​របស់​ព្រះ​វិញ គេ​ហៅ​ថា​អ្វី?— គេ​ហៅ​ថា​ស្ដេច។ នោះ​ជា​មូលហេតុ​ដែល​គេ​ហៅ​រដ្ឋាភិបាល​របស់​ព្រះ​ថា រាជាណាចក្រ។

តើ​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​លោក? តើ​កូន​ដឹង​ទេ?— គឺ​លោក​យេស៊ូ​គ្រិស្ដ​ដែល​ជា​បុត្រ​របស់​លោក។ ហេតុ​អ្វី​លោក​យេស៊ូ​ជា​អ្នក​គ្រប់​គ្រង​ដែល​ប្រសើរ​ជាង​អ្នក​គ្រប់​គ្រង​ផ្សេង​ទៀត​របស់​មនុស្ស?— នេះ​គឺ​ដោយ​សារ​លោក​យេស៊ូ​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​លោក។ ដូច្នេះ​ហើយ លោក​យេស៊ូ​តែង​តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ជា​និច្ច។

ជា​យូរ​មុន​ដែល​លោក​យេស៊ូ​បាន​កើត​នៅ​ក្រុង​បេថ្លេហិម គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​កំណើត​របស់​លោក ហើយ​ថា​លោក​នឹង​ក្លាយ​ទៅ​ជា​អ្នក​គ្រប់​គ្រង​ដែល​ព្រះ​បាន​ជ្រើស​រើស។ សូម​យើង​អាន​អំពី​រឿង​នេះ នៅ​សៀវភៅ​អេសាយ ៩:៦, ៧ ដក​ស្រង់​ពី​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​ចែង​ថា​៖ ‹ដ្បិត​មាន​ព្រះរាជបុត្រ​មួយ​អង្គ​ប្រសូត​មក​សំ​រាប់​យើង ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ព្រះ​បុត្រា​មួយ​អង្គ​មក​យើង​ហើយ។ បុត្រ​នោះ​ទទួល​អំណាច​គ្រប់​គ្រង គេ​នឹង​ថ្វាយ​ព្រះ​នាម​ថា ព្រះ​អង្គ​ម្ចាស់​នៃ​សេចក្ដី​សុខ​សាន្ត។ ព្រះរាជបុត្រ​នោះ​នឹង​លាត​សន្ធឹង​អំណាច​ព្រះ​អង្គ និង​មាន​សេចក្ដី​សុខ​សាន្ត​រហូត​ត​ទៅ› (​យើង​កែ​ជា​អក្សរ​ទ្រេត​)។

ហេតុ​អ្វី​ក្នុង​ខ​នេះ​អ្នក​គ្រប់​គ្រង​រាជាណាចក្រ​របស់​ព្រះ​បាន​ត្រូវ​ហៅ​ថា​«​ព្រះ​អង្គ​ម្ចាស់​»​? តើ​កូន​ដឹង​ទេ?— ព្រះ​អង្គ​ម្ចាស់​នេះ​គឺ​ជា​បុត្រ​របស់​ស្ដេច។ បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​ជា​បុត្រ​របស់​ស្ដេច​ដ៏​ខ្ពស់​បំផុត គឺ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ក៏​បាន​តែង​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ស្ដេច​ក្នុង​រដ្ឋាភិបាល​របស់​លោក​ដែរ។ រដ្ឋាភិបាល​នោះ​នឹង​គ្រប់​គ្រង​មក​លើ​ផែន​ដី​សម្រាប់​រយៈ​ពេល​១.០០០​ឆ្នាំ។ (​ការ​បើក​បង្ហាញ ២០:៦​) ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក លោក​បាន​ចាប់​ផ្ដើម​«​ផ្សព្វ​ផ្សាយ​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ›​»។—ម៉ាថាយ ៤:១៧

ហេតុ​អ្វី​បាន​ជា​លោក​យេស៊ូ​និយាយ​ថា​រាជាណាចក្រ​គឺ​ជិត​ដល់​ហើយ? តើ​កូន​គិត​យ៉ាង​ណា?— លោក​យេស៊ូ​និយាយ​ដូច្នោះ ពី​ព្រោះ​លោក​កំពុង​នៅ​ជិត​ពួក​គេ ហើយ​លោក​នឹង​ទៅ​ជា​ស្ដេច​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ពេល​ក្រោយ​មក។ ហេតុ​នេះ លោក​យេស៊ូ​ប្រាប់​អ្នក​ឯ​ទៀត​ថា​៖ ​«​រាជាណាចក្រ​របស់​ព្រះ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ​»។ (​លូកា ១៧:២១​) បើ​កូន​បាន​នៅ​ជិត​ស្ដេច​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង ហើយ​និយាយ​ជា​មួយ​នឹង​លោក​ដោយ​ផ្ទាល់ នោះ​ពិត​ជា​អស្ចារ្យ​ណាស់ មែន​ទេ?—

ដូច្នេះ តើ​កិច្ច​ការ​ដ៏​សំខាន់​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ពេល​លោក​នៅ​ផែន​ដី? តើ​កូន​គិត​យ៉ាង​ណា?— លោក​យេស៊ូ​ប្រាប់​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ ពី​ព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​»។ (​លូកា ៤:៤៣​) លោក​យេស៊ូ​បាន​ដឹង​ថា លោក​មិន​អាច​បំពេញ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ទាំង​អស់​តែ​ម្នាក់​លោក​បាន​ទេ។ ដូច្នេះ តើ​កូន​គិត​ថា​លោក​បាន​ធ្វើ​អ្វី?—

តើ​លោក​យេស៊ូ​បាន​ធ្វើ​កិច្ច​ការ​អ្វី​ពេល​លោក​នៅ​ផែន​ដី?

លោក​យេស៊ូ​បាន​នាំ​មនុស្ស​ខ្លះ​ទៅ​ជា​មួយ ហើយ​បង្ហាញ​ពួក​គាត់​អំពី​របៀប​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ មុន​ដំបូង លោក​បាន​បង្ហាត់​បង្រៀន​ពួក​សាវ័ក​១២​នាក់​ដែល​លោក​បាន​ជ្រើស​រើស។ (​ម៉ាថាយ ១០:៥,​) ប៉ុន្តែ តើ​លោក​យេស៊ូ​បាន​បង្ហាត់​បង្រៀន​តែ​ពួក​សាវ័ក​ប៉ុណ្ណោះ​ឲ្យ​ធ្វើ​កិច្ច​ការ​នោះ​ឬ? មិន​មែន​ទេ។ គម្ពីរ​ប្រាប់​ថា លោក​យេស៊ូ​ក៏​បាន​បង្ហាត់​បង្រៀន​មនុស្ស​ជា​ច្រើន​ទៀត​ឲ្យ​ចេះ​ផ្សព្វ​ផ្សាយ​ដែរ។ នៅ​ពេល​ក្រោយ​មក លោក​បាន​ចាត់​មនុស្ស​៧០​នាក់​ឲ្យ​ទៅ​មុន​លោក ដោយ​ឲ្យ​ពួក​គាត់​ផ្សព្វ​ផ្សាយ​ជា​គូ​ៗ។ តើ​ពួក​គាត់​បាន​បង្រៀន​បណ្ដា​ជន​អំពី​អ្វី?— លោក​យេស៊ូ​និយាយ​ថា ចូរ​«​បន្ត​ប្រាប់​ពួក​គេ​ថា​៖ ‹រាជាណាចក្រ​របស់​ព្រះ​បាន​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ហើយ›​»។ (​លូកា ១០:៩​) តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​នេះ មនុស្ស​បាន​ស្គាល់​អំពី​រដ្ឋាភិបាល​របស់​ព្រះ។

នៅ​ស្រុក​អ៊ីស្រាអែល​សម័យ​បុរាណ តាម​ធម្មតា​អ្នក​ដែល​ឡើង​ធ្វើ​ជា​ស្ដេច​នឹង​ជិះ​សត្វ​លា​ចូល​ក្នុង​ក្រុង​ដើម្បី​ឲ្យ​បណ្ដា​ជន​ឃើញ។ ដូច​គ្នា​ដែរ នៅ​ពេល​លោក​យេស៊ូ​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម​ជា​លើក​ចុង​ក្រោយ លោក​ក៏​បាន​ជិះ​សត្វ​លា​ដើម្បី​ឲ្យ​បណ្ដា​ជន​ឃើញ​លោក​ដែរ។ ដូច្នេះ លោក​យេស៊ូ​នឹង​ទៅ​ជា​អ្នក​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ តើ​បណ្ដា​ជន​ទាំង​នោះ​ចង់​ឲ្យ​លោក​យេស៊ូ​ធ្វើ​ជា​ស្ដេច​របស់​ពួក​គេ​ទេ?—

ពេល​ដែល​លោក​ជិះ​សត្វ​លា​ចូល​ទៅ​ក្នុង​ក្រុង​នោះ បណ្ដា​ជន​ភាគ​ច្រើន​បាន​ក្រាល​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គេ​នៅ​លើ​ផ្លូវ​ដែល​លោក​កំពុង​ធ្វើ​ដំណើរ។ អ្នក​ខ្លះ​ទៀត​ក៏​បាន​កាត់​មែក​ឈើ ហើយ​ដាក់​នៅ​លើ​ផ្លូវ​នោះ​ដែរ។ ដោយ​ធ្វើ​ដូច្នេះ នោះ​បង្ហាញ​ថា​ពួក​គេ​ចង់​ឲ្យ​លោក​យេស៊ូ​ធ្វើ​ជា​ស្ដេច​របស់​ពួក​គេ។ ពួក​គេ​បន្លឺ​សំឡេង​ថា​៖ ​«​អ្នក​ដែល​មក​ជា​ស្ដេច​ក្នុង​នាម​ព្រះ​យេហូវ៉ា មាន​ពរ​ហើយ!​»។ ប៉ុន្តែ មិន​មែន​មនុស្ស​ទាំង​អស់​សប្បាយ​ចិត្ត​នោះ​ទេ។ អ្នក​ដឹក​នាំ​សាសនា​ខ្លះ​រហូត​ដល់​បាន​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា​៖ ‹សូម​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ស្ងៀម​ទៅ›។—លូកា ១៩:២៨​-​៤០

ហេតុ​អ្វី​មនុស្ស​ទាំង​នេះ​ផ្លាស់​ប្ដូរ​គំនិត​មិន​ចង់​ឲ្យ​លោក​យេស៊ូ​ធ្វើ​ជា​ស្ដេច​របស់​ពួក​គេ?

ប្រាំ​ថ្ងៃ​ក្រោយ​មក គេ​បាន​ចាប់​លោក​យេស៊ូ ហើយ​នាំ​លោក​ទៅ​វិមាន​របស់​ប៉ុនទាស​ពីឡាត ដែល​ជា​អភិបាល​រ៉ូម។ រួច​មក ពួក​សត្រូវ​របស់​លោក​យេស៊ូ​បាន​ចោទ​ប្រកាន់​ថា លោក​បាន​អះអាង​ថា​ខ្លួន​ជា​ស្ដេច ហើយ​ថា​លោក​ជា​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​រ៉ូម។ ដូច្នេះ ពីឡាត​ក៏​សួរ​លោក​យេស៊ូ​អំពី​រឿង​នោះ។ ប៉ុន្តែ លោក​យេស៊ូ​បាន​បញ្ជាក់​ថា លោក​មិន​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឡើយ។ លោក​ប្រាប់​ពីឡាត​ថា​៖ ​«​រាជាណាចក្រ​របស់​ខ្ញុំ​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ​»។—យ៉ូហាន ១៨:៣៦

ពីឡាត​បាន​ចេញ​ទៅ​ខាង​ក្រៅ​វិមាន ហើយ​ប្រាប់​បណ្ដា​ជន​ថា គាត់​មិន​ឃើញ​ថា​បុរស​នេះ​មាន​កំហុស​អ្វី​ទេ។ ប៉ុន្តែ បណ្ដា​ជន​មិន​ចង់​ឲ្យ​លោក​យេស៊ូ​ធ្វើ​ជា​ស្ដេច​របស់​ពួក​គេ​ទេ។ ពួក​គេ​មិន​ចង់​ឲ្យ​គេ​ដោះ​លែង​លោក​យេស៊ូ​ឡើយ។ (​យ៉ូហាន ១៨:៣៧​-​៤០​) បន្ទាប់​ពី ពីឡាត​បាន​និយាយ​ជា​មួយនឹង​លោក​យេស៊ូ​ម្ដង​ទៀត ពីឡាត​នៅ​តែ​ជឿ​ជាក់​ថា លោក​យេស៊ូ​គ្មាន​កំហុស​អ្វី​ឡើយ។ ដូច្នេះ នៅ​ទី​បំផុត ពីឡាត​នាំ​លោក​យេស៊ូ​ចេញ​ទៅ​ខាង​ក្រៅ រួច​មក​គាត់​ប្រាប់​បណ្ដា​ជន​ជា​លើក​ចុង​ក្រោយ​ថា​៖ ​«​មើល! ស្ដេច​របស់​អ្នក​រាល់​គ្នា!​»។ ប៉ុន្តែ បណ្ដា​ជន​ស្រែក​ឡើង​ថា​៖ ​«​យក​គាត់​ចេញ! យក​គាត់​ចេញ! ព្យួរ​គាត់​ទៅ!​»។

ពីឡាត​សួរ​ពួក​គេ​ថា​៖ ​«​តើ​ឲ្យ​ខ្ញុំ​ព្យួរ​ស្ដេច​របស់​អ្នក​រាល់​គ្នា​ឬ?​»។ ពួក​សង្ឃនាយក​ឆ្លើយ​ថា​៖ ​«​យើង​គ្មាន​ស្ដេច​ក្រៅ​ពី​សេសារ​ទេ​»។ កូន​ច្បាស់​ជា​មិន​នឹក​ស្មានថា​ពួក​គេ​និយាយ​ដូច្នោះ​ទេ មែន​ទេ? ពួក​សង្ឃ​អាក្រក់​ទាំង​នោះ​បាន​ញុះញង់​បណ្ដា​ជន​ឲ្យ​បដិសេធ​លោក​យេស៊ូ!—យ៉ូហាន ១៩:១​-​១៦

ស្ថានភាព​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​ដូច​គ្នា​នឹង​ស្ថានភាព​នៅ​សម័យ​របស់​លោក​យេស៊ូ។ មនុស្ស​ភាគ​ច្រើន​ប្រាកដជា​មិន​ចង់​ឲ្យ​លោក​យេស៊ូ​ធ្វើ​ជា​ស្ដេច​របស់ពួក​គេ​ទេ។ ពួក​គេ​ប្រហែល​ជា​និយាយ​ថា ពួក​គេ​ជឿ​ទៅ​លើ​ព្រះ ប៉ុន្តែ​ពួក​គេ​មិន​ចង់​ឲ្យ​ព្រះ ឬ​គ្រិស្ដ​ប្រាប់​ពួក​គេ​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​នោះ​ទេ។ ពួក​គេ​ចង់​បាន​រដ្ឋាភិបាល​ដែល​ពួក​គេ​ជ្រើស​រើស​ដោយ​ផ្ទាល់​នៅ​ផែន​ដី​នេះ។

ចុះ​យើង​វិញ? ពេល​យើង​រៀន​អំពី​រាជាណាចក្រ​របស់​ព្រះ និង​អ្វី​ៗ​ដ៏​អស្ចារ្យ​ទាំង​អស់​ដែល​រាជាណាចក្រ​នោះ​នឹង​សម្រេច តើ​នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ព្រះ?— យើង​ស្រឡាញ់​លោក មែន​ទេ?— ដូច្នេះ តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ និង​ចង់​ឲ្យ​រាជាណាចក្រ​របស់​លោក​គ្រប់​គ្រង​មក​លើ​យើង?—

ហេតុ​អ្វី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក? ហើយ​តើ​ព្រះ​បាន​បង្ហាញ​យ៉ាង​ណា​ថា លោក​ពេញ​ចិត្ត​ចំពោះ​លោក​យេស៊ូ?

យើង​អាច​បង្ហាញ​អារម្មណ៍​របស់​យើង ដោយ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។ ចុះ​តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី ដើម្បី​បង្ហាញ​ថា​លោក​ស្រឡាញ់​ព្រះ​យេហូវ៉ា?— លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​ខ្ញុំ​តែង​តែ​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត​»។ (​យ៉ូហាន ៨:២៩​) មែន​ហើយ លោក​យេស៊ូ​បាន​មក​ផែន​ដី​នេះ‹ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ› ព្រម​ទាំង​«​បង្ហើយ​កិច្ច​ការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​»។ (​ហេប្រឺ ១០:៧; យ៉ូហាន ៤:៣៤​) សូម​គិត​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ មុន​ពេល​លោក​ចាប់​ផ្ដើម​កិច្ច​ការ​ផ្សព្វ​ផ្សាយ។

លោក​យេស៊ូ​បាន​ទៅ​ជួប​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក នៅ​ឯ​ទន្លេ​យ៉ូដាន់។ ពួក​គាត់​ទាំង​ពីរ​នាក់​ដើរ​ចូល​ទៅ​ក្នុង​ទឹក ក្រោយ​មក​យ៉ូហាន​បាន​ពន្លិច​លោក​យេស៊ូ​ទៅ​ក្នុង​ទឹក រួច​មក​បាន​លើក​លោក​ឡើង​ពី​ទឹក​វិញ។ ហេតុ​អ្វី​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​លោក​យេស៊ូ? តើ​កូន​ដឹង​ទេ?—

តើ​យើង​អាច​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​កន្លែង​ណា​ខ្លះ?

លោក​យេស៊ូ​បាន​សុំ​យ៉ូហាន​ជ្រមុជ​ទឹក​ឲ្យ​លោក។ ប៉ុន្តែ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​ចង់​ឲ្យ​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក?— យើង​ដឹង​ដូច្នោះ ដោយ​សារ​ពេល​លោក​យេស៊ូ​ងើប​ឡើង​ពី​ទឹក​វិញ លោក​បាន​ឮ​សំឡេង​របស់​ព្រះ​ពី​ស្ថាន​សួគ៌​ថា​៖ ​«​អ្នក​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​អ្នក​ណាស់​»។ ព្រះ​ថែម​ទាំង​បាន​ចាក់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដែល​មាន​រាង​ដូច​ជា​សត្វ​ព្រាប​មក​លើ​លោក​យេស៊ូ​ទៀត​ផង។ ដូច្នេះ តាម​រយៈ​ការ​ទទួល​ការ​ជ្រមុជ​ទឹក​នោះ លោក​យេស៊ូ​បាន​បង្ហាញ​ថា លោក​ចង់​បម្រើ​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត គឺ​ជា​រៀង​រហូត។—ម៉ាកុស ១:៩​-​១១

ឥឡូវ​កូន​នៅ​តូច​នៅ​ឡើយ។ ប៉ុន្តែ​ពេល​កូន​ធំ​ឡើង តើ​កូន​ចង់​ធ្វើ​អ្វី?— តើ​កូន​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ដូច​លោក​យេស៊ូ​ដែរ​ទេ?— មែន​ហើយ កូន​គួរ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។ គម្ពីរ​បាន​ប្រាប់​ថា លោក​បាន​ទុក​«​គំរូ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ខំ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់​»។ (​ពេត្រុស​ទី១ ២:២១​) ពេល​កូន​ទទួល​ការ​ជ្រមុជ​ទឹក កូន​នឹង​បង្ហាញ​ថា កូន​ពិត​ជា​ចង់​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​គ្រប់​គ្រង​មែន។ ប៉ុន្តែ យើង​មិន​គ្រាន់​តែ​ទទួល​ការ​ជ្រមុជ​ទឹក​ប៉ុណ្ណោះ​ទេ យើង​ក៏​ត្រូវ​ធ្វើ​អ្វី​ថែម​ទៀត​ដែរ។

យើង​ត្រូវ​ធ្វើ​តាម​អ្វី​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​បង្រៀន។ លោក​យេស៊ូ​បង្រៀន​ថា យើង​មិន​គួរ​«​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ​»។ បើ​យើង​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ តើ​នោះ​បង្ហាញ​ថា​យើង​ស្តាប់​បង្គាប់​លោក​ដែរ​ទេ? លោក​យេស៊ូ​និង​ពួក​សាវ័ក​របស់​លោក​មិន​បាន​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ​ទេ។ (​យ៉ូហាន ១៧:១៤​) បើ​ដូច្នេះ តើ​ពួក​គាត់​បាន​ធ្វើ​អ្វី?— ពួក​គាត់​បាន​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ។ នោះ​គឺ​ជា​កិច្ច​ការ​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គាត់។ តើ​យើង​អាច​ធ្វើ​ដូច្នោះ​ដែរ​បាន​ទេ?— យើង​អាច​ធ្វើ​បាន បើ​យើង​ពិត​ជា​ចង់​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ ដូច​យើង​អធិដ្ឋាន​សុំ​នោះ។

សូម​មើល​បទ​គម្ពីរ​ទាំង​នេះ​ដែល​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​បង្ហាញ​ថា យើង​ចង់​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់​នៅ ម៉ាថាយ ៦:២៤​-​៣៣; ២៤:១៤ យ៉ូហាន​ទី១ ២:១៥​-​១៧ និង៥:៣