លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤៦

ទឹក​ធ្លាប់​ជន់​លិច​ពិភព​លោក តើ​នេះ​នឹង​កើត​ឡើង​ម្ដង​ទៀត​ឬ?

ទឹក​ធ្លាប់​ជន់​លិច​ពិភព​លោក តើ​នេះ​នឹង​កើត​ឡើង​ម្ដង​ទៀត​ឬ?

តើ​កូន​ធ្លាប់​ឮ​អ្នក​ណា​ម្នាក់​និយាយ​អំពី​ទី​បញ្ចប់​នៃ​ពិភព​លោក​ឬ​ទេ?— នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​និយាយ​អំពី​រឿង​នេះ​មែន។ មនុស្ស​ខ្លះ​គិត​ថា​ពិភព​លោក​នឹង​ត្រូវ​បំផ្លាញ ដោយ​សារ​មនុស្ស​ធ្វើ​សង្គ្រាម​ដោយ​ប្រើ​គ្រាប់​បែក​នុយក្លេអ៊ែរ។ តើ​ព្រះ​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​បំផ្លាញ​ផែន​ដី​ដ៏​ស្រស់បំព្រង​នេះ​ទេ តើ​កូន​គិត​យ៉ាង​ណា?—

ដូច​យើង​បាន​រៀន​ហើយ គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ។ គម្ពីរ​ប្រាប់​ថា​៖ ‹ពិភព​លោក​នេះ​កំពុង​ឈាន​ទៅ​រក​ការ​សាប​សូន្យ›។ (​យ៉ូហាន​ទី១ ២:១៧​) តើ​កូន​គិត​ថា​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ គឺ​ជា​ទី​បញ្ចប់​នៃ​ផែន​ដី​ឬ​ទេ?— មិនមែន​មាន​ន័យ​ដូច្នេះ​ទេ។ គម្ពីរ​ចែង​ថា ព្រះ​បាន​បង្កើត​ផែន​ដី​«​ជា​ទី​អាស្រ័យ​នៅ​»​ ដើម្បី​ឲ្យ​មនុស្ស​រស់​នៅ​ដោយ​សប្បាយ​រីក​រាយ។ (​អេសាយ ៤៥:១៨​) នៅ​សៀវភៅ​ទំនុក​តម្កើង ៣៧:២៩ ប្រាប់​ថា​៖ ‹ពួក​អ្នក​សុចរិត​នឹង​បាន​ផែន​ដី​ជា​មរដក ហើយ​នឹង​នៅ​ផែន​ដី​ជា​និច្ច›។ ហេតុ​នេះ គម្ពីរ​ក៏​បាន​បញ្ជាក់​ដែរ​ថា ផែន​ដី​នឹង​ស្ថិតស្ថេរ​ជា​ដរាប។—ទំនុក​តម្កើង ១០៤:៥; សាស្តា ១:៤

ដូច្នេះ បើ​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ មិន​មែន​ជា​ទី​បញ្ចប់​នៃ​ផែន​ដី​ទេ តើ​ជា​ទី​បញ្ចប់​នៃ​អ្វី​វិញ?— យើង​អាច​រក​ចម្លើយ​បាន ដោយ​ពិចារណា​មើល​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សម័យ​ណូអេ។ គម្ពីរ​ពន្យល់​ថា​៖ ​«​ពិភព​លោក​នៅ​សម័យ​នោះ​បាន​ត្រូវ​បំផ្លាញ​ចោល ពេល​ដែល​មាន​ទឹក​ជំនន់​»។—ពេត្រុស​ទី២ ៣:៦

ក្នុង​ពេល​ទឹក​ជន់​លិច​នៅ​សម័យ​ណូអេ តើ​មាន​អ្នក​ណា​ខ្លះ​ដែល​បាន​រួច​ជីវិត​ពី​ទី​បញ្ចប់​នៃ​ពិភព​លោក?— គម្ពីរ​ប្រាប់​ថា ព្រះ​បាន​«​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព​លោក​នៃ​មនុស្ស​ទុច្ចរិត​ទាំង​នោះ តែ​បាន​ការពារ​ណូអេ ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត និង​មនុស្ស​ប្រាំពីរ​នាក់​ទៀត​»។—ពេត្រុស​ទី២ ២:៥

តើ​នៅ​សម័យ​ណូអេ​ព្រះ​បាន​បំផ្លាញ​ចោល​ពិភព​លោក​បែប​ណា?

ដូច្នេះ តើ​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ​ជា​អ្វី? តើ​ជា​ទី​បញ្ចប់​នៃ​ផែន​ដី ឬ​ក៏​មនុស្ស​អាក្រក់?— គម្ពីរ​ប្រាប់​ថា គឺ​ជា​ទី​បញ្ចប់​នៃ‹ពិភព​លោក​របស់​មនុស្ស​ទុច្ចរិត›។ សូម​កត់​សម្គាល់​ថា គម្ពីរ​បាន​ហៅ​ណូអេ​ថា​«​អ្នក​ផ្សព្វ​ផ្សាយ​»។ តើ​គាត់​បាន​ផ្សព្វ​ផ្សាយ​អំពី​អ្វី? តើ​កូន​គិត​យ៉ាង​ណា?— ណូអេ​បាន​ផ្សព្វ​ផ្សាយ​ព្រមាន​មនុស្ស​អំពី​ទី​បញ្ចប់​នៃ​«​ពិភព​លោក​នៅ​សម័យ​នោះ​»។

ពេល​លោក​យេស៊ូ​និយាយ​អំពី​ទឹក​ជំនន់​ដ៏​ធំ​នោះ លោក​ក៏​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ដែរ អំពី​របៀប​រស់​នៅ​ដែល​មនុស្ស​មាន មិន​យូរ​មុន​មាន​ទឹក​ជំនន់។ លោក​យេស៊ូ​បាន​ប្រាប់​ថា​៖ ​«​នៅ​សម័យ​នោះ មុន​ទឹក​ជំនន់​មក​ដល់ [​មនុស្ស​]កំពុង​ពិសា​អាហារ​ពិសា​ស្រា រៀប​ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ហើយ​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សោះ រហូត​ដល់​ទឹក​ជន់​ឡើង កញ្ឆក់​យក​គេ​ទាំង​អស់​គ្នា​ទៅ​»។ រួច​មក លោក​យេស៊ូ​បាន​ប្រាប់​ថា មុន​ដែល​ទី​បញ្ចប់​មក​ដល់ មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​នឹង​មាន​របៀប​រស់​នៅ​ដូច្នោះ​ដែរ។—ម៉ាថាយ ២៤:៣៧​-​៣៩

ពាក្យ​សម្ដី​របស់​លោក​យេស៊ូ​ស្ដី​អំពី​ការ​ប្រព្រឹត្ត​របស់​មនុស្ស​នៅ​សម័យ​មុន​ទឹក​ជន់​លិច ជួយឲ្យ​យើង​ដឹង​ថា យើង​គួរ​ទាញ​មេរៀន​ដ៏​សំខាន់​មួយ។ នៅ​ជំពូក​ទី​១០ យើង​បាន​អាន​អំពី​រឿង​នេះ​ម្ដង​ហើយ តើ​កូន​នៅ​ចាំ​ទេ មនុស្ស​នៅ​សម័យ​នោះ​បាន​ធ្វើ​អ្វី​ខ្លះ?— អ្នក​ខ្លះ​បាន​ធ្វើ​បាប​អ្នក​ទន់​ខ្សោយ ហើយ​ពួក​គេ​ក៏​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​បាន​និយាយ​ថា មនុស្ស​ជា​ច្រើន​មិន​បាន​ស្តាប់​ដំណឹង​ដែល​ព្រះ​បាន​ចាត់​ឲ្យ​ណូអេ​ផ្សព្វ​ផ្សាយ​ប្រាប់​ពួក​គេ​ទេ។

ដូច្នេះ ពេល​ថ្ងៃ​នោះ​មក​ដល់ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​ថា លោក​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​ទាំង​នោះ​ដោយ​ទឹក​ជំនន់។ ទឹក​នឹង​លិច​កំពូល​ភ្នំ​ទាំង​អស់ រហូត​ដល់​ពេញ​ផែន​ដី​ទាំង​មូល។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​ឲ្យ​សង់​ទូក​ធំ​មួយ។ ទូក​នោះ​មាន​រាង​ដូច​ជា​ប្រអប់​វែង​ធំ​មួយ។ បើ​កូន​បើក​ទៅ​ទំព័រ​២៣៨ កូន​នឹង​ឃើញ​រូប​ភាព​ទូក​នោះ។

ព្រះ​បាន​ប្រាប់​ណូអេ​ឲ្យ​សង់​ទូក​ធំ ដែល​ល្មម​សម្រាប់​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់ និង​សត្វ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​រស់​នៅ។ ណូអេ​និង​ក្រុម​គ្រួសារ​បាន​ធ្វើ​ការ​នឿយ​ហត់​ណាស់។ ពួក​គាត់​បាន​កាប់​រំលំ​ដើម​ឈើ​ធំ​ៗ ហើយ​ប្រើ​ឈើ​ទាំង​នោះ​ដើម្បី​ធ្វើ​ទូក។ ពួក​គាត់​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ឆ្នាំ​ដើម្បី​សង់​ទូក​ធំ​នោះ។

ក្នុង​អំឡុង​ជា​ច្រើន​ឆ្នាំ​ដែល​ណូអេ​សង់​ទូក​ធំ​នោះ តើ​កូន​នៅ​ចាំ​ទេ គាត់​បាន​ធ្វើ​កិច្ច​ការ​អ្វី​ទៀត?— គាត់​បាន​ផ្សព្វ​ផ្សាយ​ព្រមាន​មនុស្ស​អំពី​ទឹក​ជំនន់។ តើ​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ការ​ព្រមាន​នោះ​ឬ​ទេ? គ្មាន​ទេ មាន​តែ​ក្រុម​គ្រួសារ​របស់​ណូអេ​ប៉ុណ្ណោះ។ ចំណែក​អ្នក​ឯ​ទៀត​ជាប់​រវល់​នឹង​កិច្ច​ការ​ផ្សេង​ៗ។ តើ​លោក​យេស៊ូ​បាន​ប្រាប់​ថា ពួក​គេ​កំពុង​ជាប់​រវល់​ធ្វើ​អ្វី​ខ្លះ? តើ​កូន​នៅ​ចាំ​ទេ?— ពួក​គេ​ជាប់​រវល់​ពិសា​អាហារ​ពិសា​ស្រា និង​រៀប​ការ​ប្ដី​ប្រពន្ធ។ ពួក​គេ​មិន​បាន​គិត​ថា ខ្លួន​ជា​មនុស្ស​អាក្រក់​ទេ ហើយ​ពួក​គេ​ក៏​មិន​បាន​ឆ្លៀត​ពេល​ដើម្បី​ស្តាប់​ការ​ព្រមាន​ពី​ណូអេ​ដែរ។ ដូច្នេះ សូម​យើង​ស្តាប់​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ទាំង​នោះ។

ក្រោយ​ពី​ណូអេ​និង​ក្រុម​គ្រួសារ​បាន​ចូល​ក្នុង​ទូក​ហើយ ព្រះ​យេហូវ៉ា​បាន​បិទ​ទ្វារ​ទូក។ មនុស្ស​នៅ​ខាង​ក្រៅ​ទូក​នៅ​តែ​មិន​ជឿ​ថា នឹង​មាន​ទឹក​ជន់​លិច​ទេ។ ប៉ុន្តែ មេឃ​ស្រាប់​តែ​ចាប់​ផ្ដើម​ធ្លាក់​ភ្លៀង! នេះ​មិន​មែន​ជា​ភ្លៀង​ធ្លាក់​ធម្មតា​ទេ គឺ​ធ្លាក់​យ៉ាង​ខ្លាំង​ឥត​ឈប់។ មិន​យូរ​ប៉ុន្មាន​ទឹក​ចាប់​ផ្ដើម​ហូរ​លិច​គ្រប់​ទី​កន្លែង សូរ​ទឹក​គគ្រឹក លាន់​ឮ​យ៉ាង​ខ្លាំង ហើយ​ទឹក​បាន​រំលើង​ដើម​ឈើ​ធំ​ៗ។ បន្ថែម​ទៀត ទឹក​ធ្វើ​ឲ្យ​ថ្ម​ធំ​ៗ​រមៀល​ចេញ ហាក់​ដូច​ជា​ថ្ម​នោះ​ជា​គ្រាប់​ក្រួស។ ចុះ​យ៉ាង​ណា​វិញ​មនុស្ស​ដែល​នៅ​ខាង​ក្រៅ​ទូក?— លោក​យេស៊ូ​និយាយ​ថា​៖ ​«​ទឹក​ជន់​ឡើង កញ្ឆក់​យក​គេ​ទាំង​អស់​គ្នា​ទៅ​»។ មនុស្ស​ទាំង​អស់​ដែល​នៅ​ខាង​ក្រៅ​ទូក​បាន​ស្លាប់។ ហេតុ​អ្វី​ពួក​គេ​ស្លាប់?— លោក​យេស៊ូ​បាន​ប្រាប់​ថា​៖ ​«​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សោះ​»។ ដូច្នេះ ពួក​គេ​មិន​បាន​ស្តាប់​តាម​ការ​ព្រមាន​នោះ​ទេ!—ម៉ាថាយ ២៤:៣៩; លោកុប្បត្តិ ៦:៥​-​៧

ហេតុ​អ្វី​យើង​មិន​គួរ​គិត​តែ​ពី​ការ​លេង​សប្បាយ?

លោក​យេស៊ូ​បាន​និយាយ​ថា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ទាំង​នោះ គឺ​ជា​ការ​ព្រមាន​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ កូន​ច្បាស់​ជា​នៅ​ចាំ​អំពី​ពាក្យ​របស់​លោក។ ដូច្នេះ តើ​យើង​អាច​ទាញ​មេរៀន​អ្វី?— ទឹក​បាន​ជន់​លិច​បំផ្លាញ​មនុស្ស មិន​គ្រាន់​តែ​ដោយ​សារ​ពួក​គេ​ជា​មនុស្ស​អាក្រក់​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​ពួក​គេ​ជាប់​រវល់​ពេក មិន​ព្រម​ឆ្លៀត​ពេល​រៀន​អំពី​ព្រះ និង​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ។ ហេតុ​នេះ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​ដូច​ជា​ពួក​គេ​ដែរ មែន​ទេ?—

តើ​កូន​គិត​ថា ព្រះ​នឹង​បំផ្លាញ​ពិភព​លោក​នេះ​ម្ដង​ទៀត​ដោយ​ទឹក​ជំនន់​ឬ​ទេ?— ព្រះ​បាន​សន្យា​ថា លោក​នឹង​មិន​ធ្វើ​ឲ្យ​មាន​ទឹក​ជន់​លិច​ពិភព​លោក​ម្ដង​ទៀត​ទេ។ លោក​ប្រាប់​ថា​៖ ‹ខ្ញុំ​ដាក់​ឥន្ទធនូ​របស់​ខ្ញុំ​នៅ​នា​ពពក នោះ​ហើយ​ជា​ទី​សំ​គាល់​នៃ​សេចក្ដី​សញ្ញា›។ ព្រះ​យេហូវ៉ា​បាន​និយាយ​ថា ឥន្ទធនូ​គឺ​ជា​សញ្ញា​សម្គាល់​ថា​«​នឹង​គ្មាន​ទឹក​ជន់​ឡើង​លិច​ផែន​ដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ទៀត​ឡើយ​»។—លោកុប្បត្តិ ៩:១១​-​១៧

ដូច្នេះ យើង​អាច​ប្រាកដ​ថា ព្រះ​នឹង​មិន​ធ្វើ​ឲ្យ​មាន​ទឹក​ជន់​លិច​បំផ្លាញ​ផែន​ដី​ទៀត​ទេ។ ក៏​ប៉ុន្តែ ដូច​យើង​ដឹង​ហើយ​អំពី​ទំនាយ​ដែល​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​ទី​បញ្ចប់​នៃ​ពិភព​លោក​នេះ។ ពេល​ដែល​ព្រះ​នឹង​បំផ្លាញ​ពិភព​លោក​នេះ តើ​លោក​នឹង​ជួយ​សង្គ្រោះ​អ្នក​ណា?— តើ​លោក​នឹង​សង្គ្រោះ​មនុស្ស​ដែល​ចាប់​អារម្មណ៍​តែ​នឹង​រឿង​ផ្សេង​ៗ រហូត​ដល់​ពួក​គេគ្មាន​ពេល​រៀន​អំពី​ព្រះ​ឬ​ទេ? តើ​លោក​នឹង​សង្គ្រោះ​អ្នក​ដែល​ជាប់​រវល់​ពេក រហូត​ដល់​គ្មាន​ពេល​រៀន​គម្ពីរ​ឬ? តើ​កូន​គិត​យ៉ាង​ណា?—

យើង​ចង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះ​នឹង​សង្គ្រោះ មែន​ទេ?— បើ​ព្រះ​សង្គ្រោះ​យើង​និង​ក្រុម​គ្រួសារ​របស់​យើង ដូច​លោក​បាន​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​ណូអេ នោះ​ពិត​ជា​អស្ចារ្យ​ណាស់ មែន​ទេ?— ដើម្បី​យើង​អាច​រួច​ជីវិត​នៅ​ទី​បញ្ចប់​នៃ​ពិភព​លោក​អាក្រក់​នេះ យើង​ត្រូវ​យល់​ដឹង​អំពី​របៀប​ដែល​ព្រះ​នឹង​បំផ្លាញ​ចោល​ពិភព​លោក​នេះ និង​របៀប​ដែល​លោក​នឹង​នាំ​ឲ្យ​មាន​ពិភព​លោក​ថ្មី​ដែល​មាន​តែ​សេចក្ដី​សុចរិត​វិញ។ សូម​យើង​ស្តាប់ របៀប​ដែល​លោក​នឹង​ធ្វើ​ដូច្នេះ។

គម្ពីរ​ប្រាប់​យើង​នូវ​ចម្លើយ​ក្នុង​សៀវភៅ​ដានីយ៉ែល ជំពូក​ទី២ ខ​៤៤។ ខ​គម្ពីរ​នេះ​ប្រាប់​អំពី​គ្រា​នៅ​សព្វ​ថ្ងៃ​នេះ ដោយ​ចែង​ថា​៖ ​«​នៅ​គ្រា​នៃ​ស្ដេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ[​ឬ​រដ្ឋាភិបាល​]១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​»។

តើ​កូន​យល់​ខ​គម្ពីរ​នោះ​ទេ?— គម្ពីរ​ប្រាប់​ថា រដ្ឋាភិបាល​របស់​ព្រះ​នឹង​បំផ្លាញ​ចោល​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស។ ហេតុ​អ្វី?— ពី​ព្រោះ​រដ្ឋាភិបាល​ទាំង​អស់​នោះ​មិន​ធ្វើ​តាម​ស្ដេច​ដែល​ព្រះ​បាន​តែង​តាំង​ទេ។ តើ​ស្ដេច​នោះ​ជា​អ្នក​ណា?— គឺ​លោក​យេស៊ូ​គ្រិស្ដ!

ក្នុង​នាម​ជា​ស្ដេច​ដែល​ព្រះ​បាន​តែង​តាំង លោក​យេស៊ូ​គ្រិស្ដ​នឹង​បំផ្លាញ​ចោល​ពិភព​លោក​ដ៏​អាក្រក់​នេះ​នៅ​សង្គ្រាម​ហាម៉ាគេដូន

ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​សម្រេច​ថា រដ្ឋាភិបាល​បែប​ណា​ដែល​គួរ​គ្រប់​គ្រង​ផែន​ដី ហើយ​លោក​ក៏​បាន​ជ្រើស​រើស​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​រដ្ឋាភិបាល​ដែរ។ មិន​យូរ​ទៀត លោក​យេស៊ូ​គ្រិស្ដ​ដែល​ជា​អ្នក​គ្រប់​គ្រង​ដែល​ព្រះ​បាន​ជ្រើស​រើស នឹង​ដឹក​នាំ​ក្នុង​ការ​បំផ្លាញ​ចោល​រដ្ឋាភិបាល​ទាំង​អស់​របស់​ពិភព​លោក​នេះ។ ក្នុង​គម្ពីរ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​ទី​១៩ ខ​១១​ដល់​១៦ បាន​រៀប​រាប់​ថា​លោក​យេស៊ូ​នឹង​ធ្វើ​ដូច្នោះ ដូច​បង្ហាញ​ក្នុង​រូប​ភាព​នេះ។ សង្គ្រាម​នោះ​ជា​សង្គ្រាម​របស់​ព្រះ​ដែល​នឹង​បំផ្លាញ​ចោល​រដ្ឋាភិបាល​ទាំង​អស់​របស់​ពិភព​លោក​នេះ។ ក្នុង​គម្ពីរ​ហៅ​សង្គ្រាម​នោះ​ថា ហាម៉ាគេដូន។

ព្រះ​បាន​ប្រាប់​ថា រាជាណាចក្រ​របស់​លោក​នឹង​បំផ្លាញ​ចោល​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស។ ប៉ុន្តែ តើ​លោក​ប្រាប់​ថា​យើង​នឹង​ធ្វើ​សង្គ្រាម​នោះ​ឬ​ទេ?— មិន​មែន​ទេ។ ក្នុងគម្ពីរ​រៀប​រាប់​ថា ហាម៉ាគេដូន​ជា​«​សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។ (​ការ​បើក​បង្ហាញ ១៦:១៤, ១៦​) ពិត​មែន​ហើយ ហាម៉ាគេដូន​គឺ​ជា​សង្គ្រាម​របស់​ព្រះ ហើយ​លោក​នឹង​ប្រើ​លោក​យេស៊ូ​គ្រិស្ដ​ឲ្យ​ដឹក​នាំ​កង​ទ័ព​ដ៏​ខ្លាំង​ពូកែ​នៅ​ស្ថាន​សួគ៌​ឲ្យ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នោះ។ តើ​សង្គ្រាម​ហាម៉ាគេដូន​ជិត​មក​ដល់​ហើយ​ឬ? សូម​យើង​ស្វែងរក​ចម្លើយ​ពី​គម្ពីរ​ចំពោះ​សំណួរ​នោះ។

ស្ដី​អំពី​គ្រា​ដែល​ព្រះ​នឹង​កម្ទេច​ចោល​មនុស្ស​អាក្រក់​ទាំង​អស់ ហើយ​សង្គ្រោះ​អ្នក​ដែល​បម្រើ​លោក សូម​អាន​ជា​មួយ​គ្នា​នៅ សុភាសិត ២:២១, ២២ អេសាយ ២៦:២០, ២១ យេរេមា ២៥:៣១​-​៣៣ និង​ម៉ាថាយ ២៤:២១, ២២