លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទីមួយ

តើអ្វីជាសេចក្ដីពិតអំពីព្រះ?

តើអ្វីជាសេចក្ដីពិតអំពីព្រះ?
  •  តើព្រះពិតជាយកព្រះទ័យទុកដាក់នឹងអ្នកទេ?

  • តើទ្រង់ជាព្រះបែបណា? តើទ្រង់មានព្រះនាមទេ?

  • តើយើងអាចចូលទៅជិតព្រះបានទេ?

១, ២. ហេតុអ្វីបានជាការសួរសំនួរជាការល្អ?

កូនក្មេងពូកែសួរសំនួរណាស់ មែនទេ? កូនក្មេងជាច្រើន កាលចេះនិយាយហើយ ចាប់ផ្ដើមសួរសំនួរតែម្ដង។ ពួកគេងើបភ្នែកមើលមុខអ្នក ទាំងទឹកមុខបង្ហាញនូវការចង់ដឹងយ៉ាងខ្លាំង រួចសួរសំនួរដូចជា ហេតុអ្វីមេឃពណ៌ខៀវ? តើផ្កាយធ្វើពីអ្វីទៅ? តើអ្នកណាបង្រៀនចាបឲ្យចេះយំ? អ្នកខំឆ្លើយ តែជួនកាលឆ្លើយមិនរួច។ សូម្បីតែអ្នកនឹកឃើញចម្លើយល្អបំផុតក៏ដោយ ក៏ប្រហែលជានាំឲ្យក្មេងនោះសួរសំនួរមួយទៀតគឺ «ហេតុអ្វី?»

មិនមែនមានតែកូនក្មេងប៉ុណ្ណោះទេដែលចេះសួរសំនួរនោះ។ នៅពេលដែលយើងធំឡើង យើងសួរសំនួរថែមទៀត។ យើងសួរសំនួរដើម្បីដឹងថា យើងត្រូវប្រព្រឹត្ដយ៉ាងណានិងត្រូវចៀសចេញពីអ្វី ឬមួយក៏យើងសួរដោយសារមានការចង់ដឹង។ ប៉ុន្ដែតាមមើលទៅ មនុស្សជាច្រើនឈប់សួរសំនួរ ជាពិសេសសំនួរសំខាន់បំផុត ឬបើមិនឈប់សួរគឺពួកគេឈប់ស្វែងរកចម្លើយ។

. ហេតុអ្វីបានជាមនុស្សជាច្រើនឈប់ស្វែងរកចម្លើយចំពោះសំនួរសំខាន់បំផុត?

សូមគិតអំពីសំនួរនៅក្របសៀវភៅនេះសំនួរដែលមានក្នុងសេចក្ដីផ្ដើមនៃសៀវភៅនេះក៏ សំនួរដែលមាននៅដើមជំពូកនេះ។ សំនួរទាំងនេះជាសំនួរខ្លះដែលសំខាន់បំផុត។ យ៉ាងណាក៏ដោយ មនុស្សជាច្រើនអស់សង្ឃឹម ហើយឈប់ស្វែងរកចម្លើយចំពោះសំនួរទាំងនេះទៀត។ ហេតុអ្វី? តើព្រះគម្ពីរមានចម្លើយទេ? មនុស្សខ្លះគិតថាចម្លើយក្នុងព្រះគម្ពីរពិបាកយល់ពេក។ អ្នកទៀតគិតថា ការសួរសំនួរនាំឲ្យខ្មាសគេក៏អាម៉ាស់មុខ។ ហើយមនុស្សខ្លះទៀតគិតថា ទុកសំនួរនោះឲ្យអ្នកបង្ហាត់បង្រៀនសាសនាឆ្លើយទៅល្អជាង។ ចុះអ្នកវិញយ៉ាងណាដែរ?

៤, ៥. តើសំនួរអ្វីខ្លះជាសំនួរសំខាន់បំផុត? ហេតុអ្វីយើងគួរស្វែងរកចម្លើយចំពោះសំនួរទាំងនេះ?

អ្នកទំនងជាចាប់អារម្មណ៍ចង់ស្វែងរកចម្លើយចំពោះសំនួរសំខាន់ដែលយើងតែងសួរក្នុងជីវិតយើង។ អ្នកប្រាកដជាធ្លាប់ឆ្ងល់ថា ‹តើអ្វីជាគោលបំណងនៃជីវិត? តើគ្រាន់តែជាការកើត ទៅជាចាស់ជរា ហើយស្លាប់ប៉ុណ្ណោះឬ? តើតាមពិតព្រះទ្រង់ជាព្រះបែបណា?›។ ជាការល្អដែលឆ្ងល់អំពីសំនួរទាំងនេះ ហើយក៏ជាការសំខាន់ដែលអ្នកមិនអស់សង្ឃឹមឈប់ស្វែងរកនូវចម្លើយដែលគួរឲ្យទុកចិត្ដនិងធ្វើឲ្យអ្នកអស់ចិត្ដ។ ព្រះយេស៊ូគ្រីស្ទ អ្នកបង្រៀនដ៏ល្បីមួយអង្គបានមានបន្ទូលថា«ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក»។—ម៉ាថាយ ៧:៧

បើអ្នកបន្ដ«រក»ចម្លើយចំពោះសំនួរសំខាន់នោះ អ្នកនឹងឃើញថា អ្នកអាចបានដូចបំណងមែន។ (សុភាសិត ២:១-) ទោះបើអ្នកដទៃប្រាប់ថាគ្មានចម្លើយក៏ដោយ តាមពិតចម្លើយគឺមាន ហើយអ្នកអាចរកឃើញចម្លើយទាំងនោះបាននៅក្នុងព្រះគម្ពីរ។ ចម្លើយទាំងនោះគឺមិនពិបាកយល់ទេ។ ល្អជាងនោះទៅទៀត ចម្លើយទាំងនោះធ្វើឲ្យមានសេចក្ដីសង្ឃឹមនិងអំណរ ហើយអាចជួយឲ្យអ្នកមានជីវិតគាប់ចិត្ដនៅឥឡូវនេះ។ ដូច្នេះ មុនបង្អស់យើងនឹងពិចារណាមើលសំនួរមួយដែលនាំឲ្យមនុស្សជាច្រើនសុញគំនិត។

តើព្រះពិតជាគ្មានក្ដីមេត្ដាហើយមិនយកព្រះទ័យទុកដាក់នឹងយើងឬ?

. ហេតុអ្វីបានជាមនុស្សជាច្រើនគិតស្មានថាព្រះមិនខ្វល់អំពីទុក្ខវេទនារបស់មនុស្ស?

មនុស្សជាច្រើនគិតស្មានថា ចម្លើយចំពោះសំនួរនោះគឺ«ទ្រង់គ្មានក្ដីមេត្ដាហើយមិនយកព្រះទ័យទុកដាក់នឹងយើងទេ»។ ពួកគេវែកញែកថា៖ ‹បើព្រះយកព្រះទ័យទុកដាក់នឹងយើងមែន ពិភពលោកយើងនេះនឹងមានស្ថានភាពខុសពីនេះឆ្ងាយណាស់›។ បើមើលនៅជុំវិញយើងឃើញសុទ្ធតែសង្គ្រាម ការស្អប់គ្នា និងទុក្ខវេទនា។ យើងម្នាក់ចេះឈឺ រងការឈឺចាប់ និងមានមនុស្សជាទីស្រឡាញ់ស្លាប់ចោលទៀត។ ហេតុនេះហើយ មនុស្សជាច្រើននិយាយថា ‹បើព្រះពិតជាខ្វល់អំពីយើងនិងបញ្ហារបស់យើង ទ្រង់នឹងធ្វើអន្ដរាគមន៍មិនឲ្យបញ្ហាទាំងនេះកើតឡើងឡើយ›។

. () តើសាសនាបាននាំឲ្យមនុស្សគិតស្មានថាព្រះគ្មានក្ដីមេត្ដាយ៉ាងដូចម្ដេច? () តាមពិត តើព្រះគម្ពីរបង្រៀនឲ្យយើងដឹងយ៉ាងណាអំពីសេចក្ដីល្បួងទុក្ខលំបាកណាដែលយើងជួបប្រទះនោះ?

អាក្រក់ជាងនោះទៅទៀត ជួនកាលសាសនាជាច្រើននាំឲ្យមនុស្សគិតថាព្រះគ្មានមេត្ដា។ តើសាសនានាំឲ្យមនុស្សគិតដូច្នេះយ៉ាងដូចម្ដេច? នៅពេលមានរឿងគួរឲ្យខ្លោចផ្សាកើតឡើង សាសនាប្រាប់ថា នេះជាព្រះហឫទ័យរបស់ព្រះ។ សំដីនេះទម្លាក់កំហុសទៅលើព្រះសំរាប់រឿងអាក្រក់ដែលកើតឡើង។ តើនេះជាការពិតអំពីព្រះឬ? តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? យ៉ាកុប ១:១៣ ឆ្លើយថា«កាលណាមានសេចក្ដីល្បួង នោះកុំឲ្យអ្នកណានិយាយថា ព្រះទ្រង់ល្បួងខ្លួនឡើយ ដ្បិតសេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ»។ ដូច្នេះ ព្រះមិនដែលជាដើមហេតុនៃរឿងអាក្រក់ដែលយើងឃើញនៅជុំវិញយើងឡើយ។ (យ៉ូប ៣៤:១០-១២) ពិតមែនថា ទ្រង់អនុញ្ញាតឲ្យរឿងអាក្រក់កើតឡើង។ ប៉ុន្ដែការអនុញ្ញាតឲ្យរឿងអាក្រក់កើតឡើងគឺខុសគ្នាឆ្ងាយពីការធ្វើឲ្យរឿងអាក្រក់កើតឡើង។

៨, ៩. () តើអ្នកអាចពន្យល់ភាពខុសគ្នារវាងការអនុញ្ញាតឲ្យមានអំពើអាក្រក់ និងការធ្វើឲ្យមានអំពើអាក្រក់យ៉ាងដូចម្ដេច? () ហេតុអ្វីបានជាអយុត្ដិធម៌បើរិះគន់ព្រះដោយសារទ្រង់អនុញ្ញាតឲ្យមនុស្សធ្វើអំពើអាក្រក់នោះ?

ជាឧទាហរណ៍ ចូរគិតអំពីឪពុកម្នាក់ដែលមានសេចក្ដីស្រឡាញ់និងប្រាជ្ញា។ គាត់មានកូនប្រុសពេញវ័យម្នាក់ដែលមិនទាន់បែកផ្ទះ។ នៅពេលដែលកូនប្រុសនោះបែរជារឹងរូសមិនចង់ស្ដាប់ឪពុកម្ដាយទៀត ហើយសម្រេចចិត្ដបែកផ្ទះ ឪពុកមិនឃាត់កូនប្រុសនោះទេ។ កូនប្រុសនោះធ្វើអំពើអាក្រក់ហើយធ្លាក់ខ្លួនមានបញ្ហាលំបាកជាច្រើន។ តើឪពុករបស់កូនប្រុសនេះជាអ្នកធ្វើឲ្យកូនមានបញ្ហាទេ? អត់ទេ! (លូកា ១៥:១១-១៣) ស្រដៀងគ្នាដែរ ព្រះមិនឃាត់មនុស្សពេលដែលពួកគេចង់ធ្វើអំពើអាក្រក់ទេ ប៉ុន្ដែទ្រង់មិនមែនជាដើមហេតុនៃផលវិបាកដែលមកពីអំពើនោះឡើយ។ អាស្រ័យហេតុនេះ គឺអយុត្ដិធម៌ណាស់បើទម្លាក់កំហុសទៅលើព្រះចំពោះបញ្ហាដែលមនុស្សជាតិមាន។

មានមូលហេតុត្រឹមត្រូវដែលព្រះបានអនុញ្ញាតឲ្យមនុស្សធ្វើអំពើអាក្រក់។ ដោយសារទ្រង់ជាអ្នកបង្កើតយើង ហើយមានប្រាជ្ញានិងតេជានុភាពនោះ ទ្រង់មិនចាំបាច់ពន្យល់យើងនូវមូលហេតុដែលទ្រង់អនុញ្ញាតឲ្យមានអំពើអាក្រក់នោះទេ។ ក៏ប៉ុន្ដែដោយសារទ្រង់មានសេចក្ដីស្រឡាញ់ ទ្រង់បានពន្យល់នូវមូលហេតុមែន។ អ្នកនឹងរៀនថែមទៀតអំពីមូលហេតុទាំងនេះក្នុងជំពូកទី១១។ ប៉ុន្ដែអ្នកអាចប្រាកដក្នុងចិត្ដថា បញ្ហាដែលយើងមានមិនមែនមកពីព្រះឡើយ។ ផ្ទុយទៅវិញ គឺមានតែទ្រង់ទេដែលផ្ដល់ដំណោះស្រាយ!—អេសាយ ៣៣:២

១០. ហេតុអ្វីបានជាយើងអាចទុកចិត្ដថាព្រះនឹងបំបាត់នូវផលវិបាកទាំងអស់ដែលផ្ដើមមកពីអំពើអាក្រក់នោះ?

១០ ម្យ៉ាងទៀត ព្រះគឺបរិសុទ្ធ។ (អេសាយ ៦:៣) នេះមានន័យថាទ្រង់គឺវិសុទ្ធ ឥតមន្ទិល។ គ្មានសេចក្ដីអាក្រក់ណាក្នុងទ្រង់សោះឡើយ។ ហេតុនេះ យើងអាចទុកចិត្ដទ្រង់ទាំងស្រុង។ យើងមិនអាចទុកចិត្ដមនុស្សទាំងស្រុងបានទេ ដ្បិតជួនកាលពួកគេអាចក្លាយជាអាក្រក់វិញក៏មាន។ ទោះបើអ្នកមានអំណាចជាមនុស្សទៀងត្រង់បំផុតក៏ដោយ ក៏នៅតែគ្មានសមត្ថភាពបំបាត់នូវផលវិបាកដែលផ្ដើមមកពីអំពើអាក្រក់បានឡើយ។ ប៉ុន្ដែព្រះមានតេជានុភាពបំផុត។ ទ្រង់មានសមត្ថភាពនិងបំណងបំបាត់នូវបញ្ហាទាំងអស់របស់មនុស្សជាតិដែលផ្ដើមមកពីអំពើអាក្រក់។ នៅពេលដែលព្រះចាត់វិធានការ ទ្រង់នឹងបំបាត់អំពើអាក្រក់ឲ្យលែងមានទៀត!—ទំនុកដំកើង ៣៧:៩-១១

តើព្រះមានអារម្មណ៍យ៉ាងណាពេលយើងជួបនឹងអំពើអយុត្ដិធម៌?

១១. () តើព្រះមានអារម្មណ៍យ៉ាងណាចំពោះអំពើអយុត្ដិធម៌? () តើព្រះមានអារម្មណ៍យ៉ាងណាចំពោះការឈឺចាប់របស់អ្នក?

១១ នៅគ្រាឥឡូវនេះតើព្រះមានអារម្មណ៍យ៉ាងណាចំពោះអ្វីដែលកំពុងតែកើតឡើងក្នុងពិភពលោកនេះនិងក្នុងជីវិតរបស់អ្នកផ្ទាល់? ព្រះគម្ពីរបង្រៀនថា ព្រះ«សព្វព្រះទ័យនឹងសេចក្ដីយុត្ដិធម៌»។ (ទំនុកដំកើង ៣៧:២៨) ដូច្នេះ ចំពោះទ្រង់ការប្រព្រឹត្ដដោយយុត្ដិធម៌ជាការសំខាន់ណាស់។ ទ្រង់ស្អប់អំពើអយុត្ដិធម៌គ្រប់យ៉ាង។ ព្រះគម្ពីរចែងថា ព្រះ«មានព្រះហឫទ័យព្រួយ»នៅពេលពិភពលោកពោរពេញទៅដោយអំពើអាក្រក់នៅសម័យបុរាណ។ (លោកុប្បត្ដិ ៦:៥, ៦) ព្រះមិនបានប្រែប្រួលឡើយ។ (ម៉ាឡាគី ៣:៦) ទ្រង់នៅតែមិនសព្វព្រះហឫទ័យសោះឡើយពេលដែលឃើញការឈឺចាប់ទូទាំងពិភពលោកសព្វថ្ងៃនេះ។ ហើយព្រះមិនសព្វព្រះហឫទ័យសោះឡើយពេលដែលឃើញមានមនុស្សរងការឈឺចាប់នោះ។ ព្រះគម្ពីរចែងថា«ទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នក»។—ពេត្រុសទី១ ៥:៧

ព្រះគម្ពីរបង្រៀនថា ព្រះយេហូវ៉ាជាអ្នកបង្កើតសកលលោកហើយទ្រង់មានសេចក្ដីស្រឡាញ់

១២, ១៣. () ហេតុអ្វីយើងមានគុណសម្បត្ដិដូចជាសេចក្ដីស្រឡាញ់? តើសេចក្ដីស្រឡាញ់មានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់យើងចំពោះពិភពលោក? () ហេតុអ្វីបានជាយើងអាចប្រាកដក្នុងចិត្ដថា ព្រះពិតជានឹងចាត់វិធានការដើម្បីដោះស្រាយបញ្ហាទូទាំងពិភពលោក?

១២ ហេតុអ្វីយើងអាចដឹងប្រាកដថា ព្រះមិនសព្វព្រះហឫទ័យសោះចំពោះការឈឺចាប់? សូមពិចារណាភស្ដុតាងដែលមានបន្ដបន្ទាប់នេះ។ ព្រះគម្ពីរបង្រៀនថា មនុស្សត្រូវបានបង្កើតឲ្យមានភាពដូចព្រះ។ (លោកុប្បត្ដិ ១:២៦) ដូច្នេះ យើងមានគុណសម្បត្ដិ ដោយសារព្រះមានគុណសម្បត្ដិ។ ជាឧទាហរណ៍ នៅពេលជនស្លូតត្រង់រងការឈឺចាប់នោះ តើអ្នកទើសចិត្ដទេ? បើអ្នកចេះទើសចិត្ដដោយសារអំពើអយុត្ដិធម៌នោះ អ្នកអាចប្រាកដថា ព្រះទើសព្រះទ័យខ្លាំងជាងអ្នកទៅទៀត។

១៣ លក្ខណៈល្អបំផុតមួយរបស់មនុស្សគឺសមត្ថភាពបង្ហាញសេចក្ដីស្រឡាញ់។ នេះក៏បញ្ជាក់ថាយើងមានភាពដូចព្រះដែរ។ ព្រះគម្ពីរបង្រៀនថា«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) យើងចេះស្រឡាញ់ពីព្រោះព្រះចេះស្រឡាញ់។ តើសេចក្ដីស្រឡាញ់ជំរុញអ្នកឲ្យមានអារម្មណ៍ចង់បំបាត់ការឈឺចាប់ដែលមានទូទាំងពិភពលោកសព្វថ្ងៃនេះទេ? បើអ្នកមានអំណាចអាចធ្វើមែន តើអ្នកនឹងធ្វើទេ? អ្នកពិតជានឹងធ្វើមែន! អ្នកក៏អាចប្រាកដក្នុងចិត្ដថា ព្រះនឹងបំបាត់ការឈឺចាប់និងអំពើអយុត្ដិធម៌ដែរ។ សេចក្ដីសន្យាទាំងប៉ុន្មានដែលបានរៀបរាប់នៅសេចក្ដីផ្ដើមនៃសៀវភៅនេះមិនមែនជាការស្រមើស្រមៃសេចក្ដីសង្ឃឹមអត់មានមូលដ្ឋាននោះទេ។ ព្រះនឹងធ្វើតាមសេចក្ដីសន្យារបស់ទ្រង់ជាក់ជាពុំខាន! ប៉ុន្ដែដើម្បីមានជំនឿទៅលើសេចក្ដីសន្យារបស់ទ្រង់ អ្នកត្រូវដឹងថែមទៀតអំពីព្រះមួយអង្គដែលបានសន្យាអ្វីទាំងនេះ។

ព្រះសព្វព្រះហឫទ័យឲ្យអ្នកស្គាល់ទ្រង់

បើអ្នកចង់ឲ្យមនុស្សស្គាល់រូបអ្នក អ្នកប្រាប់ពួកគេឈ្មោះរបស់អ្នក មែនទេ? ព្រះឲ្យយើងស្គាល់ព្រះនាមរបស់ទ្រង់តាមរយៈព្រះគម្ពីរ

១៤. តើព្រះមានព្រះនាមអ្វី? ហេតុអ្វីយើងគួរប្រើព្រះនាមរបស់ព្រះ?

១៤ បើអ្នកចង់ឲ្យអ្នកដទៃស្គាល់រូបអ្នក តើអ្នកនឹងធ្វើអ្វី? អ្នកប្រហែលជាប្រាប់ឈ្មោះរបស់អ្នក មែនទេ? តើព្រះមានព្រះនាមទេ? សាសនាជាច្រើនឆ្លើយថា ព្រះនាមរបស់ទ្រង់គឺ«ព្រះ»«ព្រះជាម្ចាស់» ប៉ុន្ដែនេះមិនមែនជាព្រះនាមរបស់ទ្រង់ផ្ទាល់នោះទេ។ «ព្រះ»និង«ព្រះជាម្ចាស់»ជាឋានន្ដរ ដូចជាពាក្យ«ស្ដេច»និង«ប្រធានាធិបតី»ក៏ជាឋានន្ដរដែរ។ ព្រះគម្ពីរបង្រៀនឲ្យយើងដឹងថា ព្រះមានឋានន្ដរជាច្រើន ដែលរួមទាំងពាក្យថា«ព្រះ»និង«ព្រះជាម្ចាស់»។ ក៏ប៉ុន្ដែព្រះគម្ពីរក៏បង្រៀនថា ព្រះមានព្រះនាមរបស់ទ្រង់ផ្ទាល់ដែរ គឺយេហូវ៉ា។ ទំនុកដំកើង ៨៣:១៨ ចែងថា«ទ្រង់តែអង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ បើព្រះគម្ពីររបស់អ្នកមិនមានព្រះនាមរបស់ព្រះ អ្នកអាចមើលការពន្យល់បន្ថែមនៅទំព័រ២២៥-២២៧នៃសៀវភៅនេះ ដើម្បីដឹងពីមូលហេតុ។ ការពិត ព្រះនាមរបស់ព្រះមានរាប់ពាន់ដងក្នុងឯកសារបុរាណដែលជាឯកសារដើមនៃព្រះគម្ពីរ។ ដូច្នេះ ព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យអ្នកស្គាល់និងប្រើព្រះនាមរបស់ទ្រង់។ គឺហាក់បីដូចជាទ្រង់ប្រើព្រះគម្ពីរដើម្បីណែនាំឲ្យអ្នកស្គាល់ទ្រង់។

១៥. តើព្រះនាមយេហូវ៉ាបញ្ជាក់អ្វីអំពីព្រះ?

១៥ ព្រះបានជ្រើសព្រះនាមដែលមានអត្ថន័យជ្រាលជ្រៅ។ ព្រះនាមរបស់ទ្រង់«យេហូវ៉ា» មានន័យថាទ្រង់អាចសម្រេចសេចក្ដីសន្យាទាំងអស់របស់ទ្រង់ និងអាចសម្រេចគោលបំណងណាដែលទ្រង់ព្រះចិន្ដា។ * ព្រះនាមរបស់ព្រះគឺពិសេស គ្មានអ្វីប្រៀបដូចទេ។ ព្រះនាមនោះសំរាប់ទ្រង់តែមួយអង្គប៉ុណ្ណោះ។ ព្រះយេហូវ៉ាមានលក្ខណៈជាច្រើនដែលធ្វើឲ្យទ្រង់ពិសេស គ្មានអ្នកណាអាចប្រៀបស្មើនឹងទ្រង់បានឡើយ។ តើមានលក្ខណៈអ្វីខ្លះ?

១៦, ១៧. តើយើងអាចរៀនអ្វីអំពីព្រះយេហូវ៉ាដោយពិចារណាឋានន្ដរដែលមានបន្ដបន្ទាប់នេះ: () «ព្រះដ៏មានព្រះចេស្ដាបំផុត»? («ស្ដេចនៃអស់ទាំងកល្ប»? («អ្នកបង្កើត»?

១៦ នៅទំនុកដំកើង ៨៣:១៨ (កំណែជាអក្សរទ្រេត) បានរៀបរាប់អំពីព្រះយេហូវ៉ាថា«ទ្រង់តែអង្គ . . . ជាព្រះដ៏ខ្ពស់បំផុត»។ ស្រដៀងគ្នាដែរ មានតែព្រះយេហូវ៉ាទេដែលហៅថា«ព្រះដ៏មានព្រះចេស្ដាបំផុត»វិវរណៈ ១៥:៣ ចែងថា«ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាបំផុតអើយ! ការទ្រង់សុទ្ធតែធំ ហើយអស្ចារ្យ ឱស្ដេចនៃអស់ទាំងសាសន៍អើយ! ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់»។ ដោយសារទ្រង់មានឋានន្ដរជា«ព្រះដ៏មានព្រះចេស្ដាបំផុត»នោះ យើងរៀនថា ព្រះយេហូវ៉ាមានតេជានុភាពខ្លាំងបំផុតក្នុងសកលលោក។ គ្មានអ្នកណាមានតេជានុភាពស្មើព្រះយេហូវ៉ាឡើយ។ ទ្រង់មានមហិទ្ធិឫទ្ធិបំផុត។ នៅធីម៉ូថេទី១ ១:១៧ ព្រះគម្ពីរចែងថាព្រះយេហូវ៉ាគឺជា«ស្ដេចនៃអស់ទាំងកល្ប»។ នេះរំឭកយើងថាព្រះយេហូវ៉ាមានលក្ខណៈពិសេសមួយទៀត។ គឺនៅអតីតកាលមិនដែលមានពេលមួយដែលព្រះយេហូវ៉ាគ្មានព្រះជន្មរស់នោះឡើយ។ ទំនុកដំកើង ៩០:២ចែងថា«ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច[ជារៀងរហូត] នោះគឺទ្រង់ហើយជាព្រះ»។ នេះធ្វើឲ្យយើងកោតស្ងើចណាស់ មែនទេ?

១៧ ព្រះយេហូវ៉ាក៏មានលក្ខណៈពិសេសមួយទៀត គឺមានតែទ្រង់ប៉ុណ្ណោះដែលជាអ្នកបង្កើត។ វិវរណៈ ៤:១១អានថា«ព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នាអើយ! ទ្រង់គួរនឹងទទួលសិរីល្អ កិត្ដិនាម នឹងព្រះចេស្ដា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមកហើយមាននៅផង»។ អ្វីទាំងអស់ដែលអ្នកអាចឃើញ តាំងពីបុគ្គលវិញ្ញាណនៅស្ថានសួគ៌ដែលយើងមើលពុំឃើញ រហូតដល់ផ្កាយដែលមានពាសពេញផ្ទៃមេឃ ព្រមទាំងអ្វីដែលមាននៅផែនដីដូចជាផ្លែឈើ ហើយត្រីដែលហែលក្នុងទន្លេនិងសមុទ្រនោះ ទាំងអស់នេះមានដោយសារព្រះយេហូវ៉ាជាអ្នកបង្កើត!

តើអ្នកអាចមានមិត្ដភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ាបានទេ?

១៨. ហេតុអ្វីបានជាមនុស្សខ្លះមានអារម្មណ៍មួយថា ពួកគេមិនអាចចូលទៅជិតព្រះបាន? តើព្រះគម្ពីរបង្រៀនយ៉ាងណា?

១៨ ពេលមនុស្សខ្លះអានអំពីគុណសម្បត្ដិដែលគួរឲ្យកោតស្ងើចរបស់ព្រះយេហូវ៉ា ពួកគេបែរជាមានអារម្មណ៍ភ័យទៅវិញ។ ពួកគេខ្លាចថា មិនអាចចូលទៅជិតព្រះបានដោយសារទ្រង់ខ្ពង់ខ្ពស់ពេក ហើយក៏គិតថាខ្លួនមិនសំខាន់សោះចំពោះព្រះមួយអង្គដ៏ខ្ពង់ខ្ពស់ដូច្នេះ។ ប៉ុន្ដែតើគំនិតនេះត្រឹមត្រូវទេ? ព្រះគម្ពីរមិនបង្រៀនដូច្នេះទេ។ ផ្ទុយទៅវិញ ព្រះគម្ពីរថាព្រះយេហូវ៉ា«មិនគង់ឆ្ងាយពីយើងនិមួយ»។ (កិច្ចការ ១៧:២៧) ព្រះគម្ពីរក៏ជំរុញយើងថា«ចូលទៅជិតព្រះ នោះទ្រង់នឹងចូលមកជិតអ្នករាល់គ្នាដែរ»។—យ៉ាកុប ៤:៨

១៩. () តើយើងអាចចាប់ផ្ដើមចូលទៅជិតព្រះយ៉ាងដូចម្ដេច? តើនេះមានប្រយោជន៍អ្វី? () តើគុណសម្បត្ដិណាខ្លះរបស់ព្រះយេហូវ៉ាដែលទាក់ទាញចិត្ដរបស់អ្នកខ្លាំងបំផុត?

១៩ តើអ្នកអាចចូលទៅជិតព្រះបានយ៉ាងដូចម្ដេច? មុនបង្អស់ អ្នកគួរបន្ដធ្វើអ្វីដែលអ្នកកំពុងតែធ្វើនៅឥឡូវនេះ ពោលគឺត្រូវបន្ដរៀនអំពីព្រះ។ ព្រះយេស៊ូមានបន្ទូលថា«នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣) ដូច្នេះ ព្រះគម្ពីរបង្រៀនថា យើងអាចបាន«ជីវិតអស់កល្បជានិច្ច»រស់ជារៀងរហូត បើយើងរៀនអំពីព្រះយេហូវ៉ានិងព្រះយេស៊ូ! យើងបានរៀនពីមុនថា៖ ‹ព្រះទ្រង់ជាសេចក្ដីស្រឡាញ់›។ (យ៉ូហានទី១ ៤:១៦) ព្រះយេហូវ៉ាក៏មានគុណសម្បត្ដិដ៏ថ្លៃថ្លាទៀតដែលទាក់ទាញទឹកចិត្ដយើង។ ជាឧទាហរណ៍ ព្រះគម្ពីរថាព្រះយេហូវ៉ា«មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ជាបរិបូរ»។ (និក្ខមនំ ៣៤:៦) ទ្រង់«បំរុងតែនឹងអត់ទោស»។ (ទំនុកដំកើង ៨៦:៥) ព្រះក៏មានព្រះហឫទ័យអត់ធ្មត់។ (ពេត្រុសទី២ ៣:៩) ទ្រង់គឺស្មោះត្រង់។ (ទំនុកដំកើង ៨៩:១) នៅពេលដែលអ្នកអានព្រះគម្ពីរច្រើនជាង អ្នកនឹងឃើញនូវរបៀបព្រះយេហូវ៉ាបានបង្ហាញថា ទ្រង់មានគុណសម្បត្ដិទាំងនេះនិងគុណសម្បត្ដិជាច្រើនទៀត។

២០-២២. () ទោះជាយើងមិនអាចមើលឃើញព្រះក៏ពិតមែន តើនេះមានន័យថាយើងមិនអាចចូលទៅជិតទ្រង់បានឬ? សូមពន្យល់។ () តើមនុស្សខ្លះដែលមានបំណងល្អប្រហែលជាខំជំរុញអ្នកឲ្យធ្វើអ្វី? តើអ្នកគួរធ្វើយ៉ាងណា?

២០ ពិតមែនថា អ្នកមិនអាចមើលឃើញព្រះបានឡើយ ពីព្រោះទ្រង់ជាបុគ្គលវិញ្ញាណ។ (យ៉ូហាន ១:១៨; ៤:២៤; ធីម៉ូថេទី១ ១:១៧) ក៏ប៉ុន្ដែដោយរៀនអំពីទ្រង់តាមរយៈព្រះគម្ពីរ អ្នកអាចស្គាល់បុគ្គលិកលក្ខណៈរបស់ទ្រង់។ អ្នកអាច «មើលសេចក្ដីលំអនៃព្រះយេហូវ៉ា» ដូចអ្នកតែងទំនុកដំកើងនេះបានសរសេរនោះ។ (ទំនុកដំកើង ២៧:៤; រ៉ូម ១:២០) ពេលដែលអ្នករៀនកាន់តែច្រើនអំពីព្រះយេហូវ៉ា អ្នកនឹងកាន់តែយល់ថាទ្រង់ជាព្រះមួយអង្គដែលមានពិតប្រាកដមែន ហើយអ្នកនឹងកាន់តែមានហេតុស្រឡាញ់និងចង់ចូលទៅជិតទ្រង់។

សេចក្ដីស្រឡាញ់ដែលឪពុកល្អមួយរូបមានចំពោះកូន ជាគំរូពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅជាងដែល ព្រះវរបិតានៅស្ថានសួគ៌មានចំពោះយើង

២១ បន្ដិចម្ដងអ្នកនឹងយល់ដឹងកាន់តែច្រើនអំពីមូលហេតុដែលព្រះគម្ពីរបង្រៀនយើងថា យើងគួរចាត់ទុកព្រះយេហូវ៉ាជាព្រះវរបិតារបស់យើង។ (ម៉ាថាយ ៦:៩) ទ្រង់មិនគ្រាន់តែជាប្រភពនៃជីវិតយើងប៉ុណ្ណោះទេ ប៉ុន្ដែទ្រង់ចង់ឲ្យយើងមានជីវិតល្អបំផុត ដូចឪពុកជាមនុស្សជាតិដែលស្រឡាញ់កូនក៏ចង់ឲ្យកូនមានជីវិតល្អដែរ។ (ទំនុកដំកើង ៣៦:៩) ព្រះគម្ពីរក៏បង្រៀនថាមនុស្សអាចទៅជាមិត្ដសំឡាញ់របស់ព្រះយេហូវ៉ាបាន។ (យ៉ាកុប ២:២៣) សូមគិតទៅមើល! អ្នកអាចទៅជាមិត្ដសំឡាញ់របស់អ្នកដែលបានបង្កើតសកលលោក!

២២ នៅពេលដែលអ្នករៀនកាន់តែច្រើនពីព្រះគម្ពីរ អ្នកប្រហែលជានឹងឃើញថា មនុស្សខ្លះដែលមានបំណងល្អ ពួកគេនឹងខំជំរុញអ្នកឲ្យឈប់រៀនព្រះគម្ពីរ។ ពួកគេប្រហែលជាគិតថា អ្នកនឹងផ្លាស់ប្ដូរជំនឿ។ ប៉ុន្ដែកុំឲ្យអ្នកណារារាំងអ្នកឲ្យឈប់បង្កើតឲ្យមានមិត្ដភាពជាមួយមិត្ដដ៏ល្អបំផុត ពោលគឺព្រះយេហូវ៉ា។

២៣, ២៤. () ហេតុអ្វីបានជាយើងគួរបន្ដសួរសំនួរអំពីអ្វីដែលយើងរៀន? () ក្នុងជំពូកបន្ទាប់ តើយើងនឹងពិចារណារឿងអ្វី?

២៣ ពិតមែនថា ប្រហែលជានឹងមានចំណុចខ្លះដែលអ្នកមិនយល់នៅដើមដំបូងទេ។ អ្នកនឹងត្រូវសុំជំនួយ ហើយនេះមានន័យថាអ្នកត្រូវបន្ទាបខ្លួនមែន។ ប៉ុន្ដែកុំឲ្យការអៀនខ្មាសធ្វើឲ្យអ្នកស្ទាក់ស្ទើរមិនហ៊ានសួរគេឡើយ។ ព្រះយេស៊ូមានបន្ទូលថា បើយើងមានចិត្ដរាបទាបដូចជាក្មេងតូច នោះជាការល្អប្រសើរ។ (ម៉ាថាយ ១៨:២-) យើងដឹងស្រាប់ហើយថា ក្មេងតូចសួរសំនួរច្រើនណាស់។ ព្រះសព្វព្រះហឫទ័យចង់ឲ្យអ្នករកឃើញនូវចម្លើយ។ ក្នុងព្រះគម្ពីរ មនុស្សខ្លះដែលបានខ្នះខ្នែងរៀនអំពីព្រះត្រូវបានគេសរសើរ ដោយសារពួកគេបានពិនិត្យមើលបទគម្ពីរដើម្បីប្រាកដថា អ្វីដែលពួកគេកំពុងតែរៀនជាសេចក្ដីពិត។—កិច្ចការ ១៧:១១

២៤ វិធីល្អបំផុតដែលយើងអាចរៀនអំពីព្រះយេហូវ៉ា គឺដោយពិនិត្យមើលព្រះគម្ពីរ។ ព្រះគម្ពីរគឺខុសប្លែកពីសៀវភៅទៀត។ តើខុសប្លែកយ៉ាងណា? យើងនឹងពិចារណារឿងនេះក្នុងជំពូកបន្ទាប់។

^ វគ្គ 15 មានព័ត៌មានថែមទៀតអំពីអត្ថន័យនិងរបៀបអានព្រះនាមរបស់ព្រះនៅក្នុងការពន្យល់បន្ថែមនៅទំព័រ២២៥-២២៧