លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទីពីរ

ព្រះគម្ពីរជាសៀវភៅដែលមកពីព្រះ

ព្រះគម្ពីរជាសៀវភៅដែលមកពីព្រះ
  • តើព្រះគម្ពីរខុសប្លែកពីសៀវភៅទៀតយ៉ាងណា?

  • តើព្រះគម្ពីរអាចជួយអ្នកដោះស្រាយបញ្ហាផ្ទាល់ខ្លួនយ៉ាងដូចម្ដេច?

  • ហេតុអ្វីបានជាអ្នកអាចទុកចិត្ដបទទំនាយដែលមានក្នុងព្រះគម្ពីរ?

១, ២. ហេតុអ្វីបានជាព្រះគម្ពីរជាអំណោយមួយពីព្រះដែលធ្វើឲ្យយើងរំភើបចិត្ដ?

តើអ្នកធ្លាប់ទទួលអំណោយវិសេសមួយពីមិត្ដសំឡាញ់ទេ? ពេលនោះ អ្នកប្រហែលជាមិនត្រឹមតែរំភើបចិត្ដប៉ុណ្ណោះ តែក៏មានអារម្មណ៍កក់ក្ដៅទៀតផង។ ការពិត អំណោយនោះបង្ហាញនូវទឹកចិត្ដរបស់មិត្ដសំឡាញ់អ្នក នេះគឺបង្ហាញថាចំណងមិត្ដភាពរវាងអ្នកទាំងពីរមានតម្លៃវិសេសចំពោះគាត់។ អ្នកច្បាស់ជាបានអរគុណមិត្ដសំឡាញ់នោះ ដោយសារបានគិតអំពីអ្នកហើយបានធ្វើអំណោយ។

ព្រះគម្ពីរជាអំណោយមួយពីព្រះ។ យើងគួរមានកតញ្ញូធម៌ដ៏ជ្រាលជ្រៅដោយសារបានទទួលអំណោយនោះ។ សៀវភៅពិសេសនេះឲ្យយើងដឹងព័ត៌មានជាច្រើនដែលមិនអាចរៀននៅកន្លែងផ្សេងទៀតបានទេ។ ជាឧទាហរណ៍ ព្រះគម្ពីរប្រាប់អំពីការបង្កើតផ្ទៃមេឃនិងភពផ្កាយទាំងឡាយ ព្រមទាំងការបង្កើតផែនដី និងបុរសស្ដ្រីទីមួយ។ ព្រះគម្ពីរមានគោលការណ៍គួរឲ្យទុកចិត្ដដែលជួយយើងចេះស៊ូទ្រាំនឹងបញ្ហានិងកង្វល់ក្នុងជីវិត។ ព្រះគម្ពីរក៏ពន្យល់នូវវិធីដែលព្រះនឹងសម្រេចគោលបំណងរបស់ទ្រង់ ហើយនាំឲ្យមានស្ថានភាពល្អជាងនៅលើផែនដី។ ព្រះគម្ពីរជាអំណោយដែលធ្វើឲ្យយើងរំភើបចិត្ដណាស់!

. ដោយសារព្រះយេហូវ៉ាប្រទាននូវព្រះគម្ពីរ តើនេះបញ្ជាក់ឲ្យយើងដឹងអ្វីខ្លះអំពីទ្រង់? ហេតុអ្វីនេះធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅ?

ព្រះគម្ពីរក៏ជាអំណោយមួយដែលធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅផងដែរ ដ្បិតព្រះគម្ពីរជួយបញ្ជាក់នូវព្រះទ័យរបស់ព្រះយេហូវ៉ា។ ដោយសារទ្រង់ប្រទាននូវសៀវភៅនេះ យើងអាចដឹងថាព្រះយេហូវ៉ាចង់ឲ្យយើងស្គាល់ទ្រង់យ៉ាងច្បាស់។ ពិតមែន ព្រះគម្ពីរអាចជួយយើងចូលទៅជិតព្រះយេហូវ៉ាបាន។

. តើអ្វីធ្វើឲ្យអ្នកកោតស្ងើចចំពោះការបោះពុម្ពព្រះគម្ពីរ?

បើអ្នកមានព្រះគម្ពីរមួយក្បាល អ្នកមិនខុសប្លែកពីអ្នកទៀតទេ។ ព្រះគម្ពីរទាំងមូលក៏ផ្នែកខ្លះនៃព្រះគម្ពីរត្រូវបានបោះពុម្ពជាង២.៣០០ភាសា ហេតុនេះហើយមនុស្ស៩០ភាគរយទូទាំងផែនដីអាចអានព្រះគម្ពីរបាន។ ជាមធ្យម ព្រះគម្ពីរជាងមួយលានក្បាលត្រូវចែកចាយជារៀងរាល់សប្ដាហ៍! ព្រះគម្ពីររាប់ពាន់លានក្បាលត្រូវបានបោះពុម្ព មិនថាព្រះគម្ពីរទាំងមូលផ្នែកខ្លះក៏ដោយ។ ប្រាកដជាគ្មានសៀវភៅណាទៀតដូចព្រះគម្ពីរឡើយ។

សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធមានជាច្រើនភាសា

. តើ‹ព្រះបណ្ដាលឲ្យតែង›ព្រះគម្ពីរយ៉ាងដូចម្ដេច?

ម្យ៉ាងទៀត ‹ព្រះបណ្ដាលឲ្យតែង›ព្រះគម្ពីរ។ (ធីម៉ូថេទី២ ៣:១៦) តើតាមរបៀបណា? ព្រះគម្ពីរចែងថា៖ ‹មនុស្សបរិសុទ្ធរបស់ព្រះបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធបណ្ដាលវិញ›។ (ពេត្រុសទី២ ១:២១) ជាឧទាហរណ៍: អ្នកជំនួញម្នាក់សុំលេខាសរសេរសំបុត្រឲ្យគាត់។ សំបុត្រនោះមានការណែនាំនិងជាគំនិតរបស់អ្នកជំនួញ។ ដូច្នេះ តាមការពិត សំបុត្រនោះជាសំបុត្ររបស់អ្នកជំនួញ មិនមែនរបស់លេខាទេ។ ស្រដៀងគ្នាដែរ ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះ មិនមែនជាគំនិតរបស់មនុស្សដែលបានសរសេរព្រះគម្ពីរនោះទេ។ ហេតុនេះហើយ ព្រះគម្ពីរទាំងមូលជា«ព្រះបន្ទូលនៃព្រះ»ពិតមែន។—ថែស្សាឡូនីចទី១ ២:១៣

ភាពត្រឹមត្រូវនិងភាពស្របគ្នានៃព្រះគម្ពីរ

៦, ៧. ហេតុអ្វីបានជាភាពស្របគ្នានៃព័ត៌មានក្នុងព្រះគម្ពីរគឺគួរឲ្យកត់សម្គាល់?

ព្រះគម្ពីរត្រូវបានសរសេរក្នុងរយៈពេល១.៦០០ឆ្នាំ។ អ្នកសរសេរព្រះគម្ពីរបានរស់នៅសម័យខុសគ្នាហើយមកពីគ្រប់ជាន់ថ្នាក់នៃសង្គម។ អ្នកខ្លះជាកសិករ ខ្លះទៀតជាអ្នកនេសាទ ហើយខ្លះជាអ្នកគង្វាល។ អ្នកខ្លះជាព្យាការី ចៅក្រម ឬស្ដេច។ គ្រូពេទ្យម្នាក់ឈ្មោះលូកាបានសរសេរសៀវភៅដំណឹងល្អមួយអំពីព្រះយេស៊ូ។ ទោះជាពួកគេមកពីមជ្ឈដ្ឋានខុសគ្នាក៏ពិតមែន តែព្រះគម្ពីរគឺស្របគ្នាចាប់ពីទំព័រទីមួយរហូតដល់ទំព័រចុងក្រោយ។ *

សៀវភៅទីមួយនៃព្រះគម្ពីររៀបរាប់នូវដើមកំណើតនៃបញ្ហាមនុស្សជាតិ។ សៀវភៅចុងបញ្ចប់ប្រាប់ថាផែនដីទាំងមូលនឹងក្លាយទៅជាសួនមនោរម្យ។ ផ្នែកទាំងប៉ុន្មាននៃព្រះគម្ពីររៀបរាប់នូវព្រឹត្ដិការណ៍ដែលកើតឡើងក្នុងកំលុងប្រវត្ដិសាស្ដ្រអស់រាប់ពាន់ឆ្នាំ ហើយជាប់ទាក់ទងនឹងការសម្រេចនៃគោលបំណងរបស់ព្រះ។ ភាពស្របគ្នានៃព្រះគម្ពីរគឺគួរឲ្យកោតស្ងើចណាស់។ ប៉ុន្ដែគ្មានអ្វីចម្លែកឡើយ ដ្បិតព្រះគម្ពីរជាសៀវភៅដែលមកពីព្រះ។

. សូមឲ្យឧទាហរណ៍ដែលបង្ហាញថាព្រះគម្ពីរគឺត្រឹមត្រូវខាងរឿងវិទ្យាសាស្ដ្រ។

ព្រះគម្ពីរមានភាពត្រឹមត្រូវខាងរឿងវិទ្យាសាស្ដ្រ។ ព្រះគម្ពីរមានព័ត៌មានដែលហួសពីចំណេះមនុស្សនៅសម័យនោះ។ ជាឧទាហរណ៍ សៀវភៅលេវីវិន័យមានច្បាប់ផ្សេងដែលជនជាតិអ៊ីស្រាអែលនៅសម័យបុរាណត្រូវកាន់តាមស្ដីអំពីការបង្ខាំងអ្នកជំងឺនិងរឿងអនាម័យ។ សាសន៍ទាំងឡាយនៅជុំវិញសាសន៍អ៊ីស្រាអែលមិនដឹងអ្វីសោះអំពីរឿងទាំងនេះ។ នៅសម័យនោះដែរ មនុស្សជាច្រើនភាន់ច្រឡំអំពីរាងផែនដី តែព្រះគម្ពីរចែងថា ផែនដីមានរាងជារង្វង់មានរាងមូល។ (អេសាយ ៤០:២២) ព្រះគម្ពីររៀបរាប់យ៉ាងត្រឹមត្រូវថា ផែនដីត្រូវ‹ព្យួរនៅទទេធេង›។ (យ៉ូប ២៦:៧) ពិតមែនថា ព្រះគម្ពីរមិនមែនជាសៀវភៅសិក្សាអំពីវិទ្យាសាស្ដ្រទេ។ ប៉ុន្ដែនៅពេលព្រះគម្ពីររៀបរាប់អំពីរឿងវិទ្យាសាស្ដ្រ នោះគឺត្រឹមត្រូវទាំងអស់។ ប៉ុន្ដែដោយសារព្រះគម្ពីរមកពីព្រះនោះ គ្មានអ្វីគួរឲ្យចម្លែកឡើយ មែនទេ?

. () តើអ្វីបង្ហាញថាព្រះគម្ពីរមានភាពត្រឹមត្រូវហើយក៏គួរឲ្យទុកចិត្ដស្ដីអំពីរឿងប្រវត្ដិសាស្ដ្រ? () ដោយសារអ្នកសរសេរព្រះគម្ពីរបានសរសេរដោយមិនលាក់លៀម តើយើងអាចដឹងអ្វីអំពីព្រះគម្ពីរ?

ចំណែករឿងប្រវត្ដិសាស្ដ្រវិញ ព្រះគម្ពីរក៏ប្រាប់យ៉ាងត្រឹមត្រូវនិងក៏គួរឲ្យទុកចិត្ដដែរ។ កំណត់ហេតុប្រវត្ដិសាស្ដ្រក្នុងព្រះគម្ពីរគឺជាក់លាក់។ កំណត់ហេតុទាំងនោះមិនត្រឹមតែប្រាប់ឈ្មោះរបស់បុគ្គលផ្សេងប៉ុណ្ណោះ ប៉ុន្ដែក៏ប្រាប់អំពីវង្សត្រកូលរបស់ពួកគេផងដែរ។ * អ្នកសរសេរព្រះគម្ពីរជាមនុស្សស្មោះត្រង់ សូម្បីតែកំហុសឆ្គងរបស់ខ្លួនឯងនិងសាសន៍ខ្លួនក៏គាត់បានសរសេរអំពីរឿងនេះដែរ ផ្ទុយពីប្រវត្ដិវិទូធម្មតាដែលច្រើនតែមិនប្រាប់ពីបរាជ័យរបស់សាសន៍ខ្លួនឯងនោះ។ ជាឧទាហរណ៍ ក្នុងសៀវភៅជនគណនា លោកម៉ូសេដែលជាអ្នកសរសេរព្រះគម្ពីរម្នាក់បានសារភាពកំហុសធ្ងន់ធ្ងររបស់ខ្លួនឯង ហើយក៏ប្រាប់ពីទោសធ្ងន់ដែលគាត់បានទទួលដោយសារបានធ្វើខុសនោះ។ (ជនគណនា ២០:២-១២) ក្នុងកំណត់ហេតុប្រវត្ដិសាស្ដ្រក្រៅពីព្រះគម្ពីរ កម្រមានអ្នកសរសេរស្មោះត្រង់ដូច្នេះណាស់ ប៉ុន្ដែក្នុងព្រះគម្ពីរមានកំណត់ហេតុបែបនេះ ដ្បិតព្រះគម្ពីរជាសៀវភៅដែលមកពីព្រះ។

ព្រះគម្ពីរមានការណែនាំដែលមានប្រយោជន៍

១០. ហេតុដូចម្ដេចបានជាយើងមិនគួរចម្លែកឡើយដែលព្រះគម្ពីរមានការណែនាំដែលមានប្រយោជន៍?

១០ ដោយសារព្រះជាអ្នកបណ្ដាលឲ្យសរសេរព្រះគម្ពីរ នោះព្រះគម្ពីរ«មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់»។ (ធីម៉ូថេទី២ ៣:១៦) ពិតមែន ព្រះគម្ពីរជាសៀវភៅមានការណែនាំដែលមានប្រយោជន៍។ ការណែនាំក្នុងព្រះគម្ពីរគឺចំនឹងធាតុពិតរបស់មនុស្ស។ ប៉ុន្ដែគ្មានអ្វីចម្លែកទេ ដ្បិតព្រះយេហូវ៉ាដែលជាអ្នកបង្កើតនោះ ទ្រង់ជាអ្នកនិពន្ធព្រះគម្ពីរ! ទ្រង់យល់នូវអារម្មណ៍និងរបៀបគិតគូររបស់យើងច្បាស់ជាងយើងទៅទៀត។ ម្យ៉ាងទៀត ព្រះយេហូវ៉ាជ្រាបនូវអ្វីដែលយើងត្រូវការដើម្បីមានសុភមង្គល។ ទ្រង់ក៏ជ្រាបនូវការប្រព្រឹត្ដណាដែលយើងគួរចៀសវាងដែរ។

១១, ១២. () ក្នុងធម្មទានលើភ្នំ តើព្រះយេស៊ូមានបន្ទូលអំពីរឿងអ្វីខ្លះ? () តើព្រះគម្ពីរមានការណែនាំដែលមានប្រយោជន៍ទាក់ទងនឹងរឿងអ្វីទៀត? ហេតុអ្វីឱវាទព្រះគម្ពីរមានប្រយោជន៍ជានិច្ច?

១១ សូមពិចារណាសុន្ទរកថារបស់ព្រះយេស៊ូដែលហៅថាធម្មទាននៅលើភ្នំដែលកត់ទុកនៅម៉ាថាយ ជំពូកទីដល់ជំពូកទី៧។ ក្នុងសុន្ទរកថាដ៏ល្អឯកនេះ ព្រះយេស៊ូបានមានបន្ទូលអំពីរឿងជាច្រើន ដូចជារបៀបរកឃើញសុភមង្គលពិត របៀបដោះស្រាយទំនាស់ របៀបអធិស្ឋាន និងរបៀបរក្សាឲ្យមានទស្សនៈត្រឹមត្រូវចំពោះទ្រព្យសម្បត្ដិ។ បន្ទូលរបស់ព្រះយេស៊ូមានប្រយោជន៍និងមានឥទ្ធិពលយ៉ាងខ្លាំងនៅសព្វថ្ងៃនេះ ដូចពេលដែលទ្រង់មានបន្ទូលនៅដើមដំបូងនោះ។

១២ គោលការណ៍ខ្លះក្នុងព្រះគម្ពីរទាក់ទងនឹងជីវភាពគ្រួសារ ការយកចិត្ដទុកដាក់នឹងការងារ ហើយទំនាក់ទំនងជាមួយនឹងអ្នកទៀត។ គោលការណ៍ព្រះគម្ពីរគឺសំរាប់មនុស្សទាំងអស់ ហើយឱវាទព្រះគម្ពីរតែងមានប្រយោជន៍ជានិច្ច។ បន្ទូលរបស់ព្រះតាមរយៈព្យាការីអេសាយប្រាប់ចំអំពីប្រាជ្ញាដែលយើងអាចទទួលពីព្រះគម្ពីរដោយថា៖ «អញនេះ គឺយេហូវ៉ាជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍»។—អេសាយ ៤៨:១៧

ព្រះគម្ពីរមានបទទំនាយ

អ្នកសរសេរព្រះគម្ពីរម្នាក់ឈ្មោះអេសាយបានទាយអំពីការរលំនៃទីក្រុងបាប៊ីឡូន

១៣. តើព្រះយេហូវ៉ាបណ្ដាលឲ្យព្យាការីអេសាយកត់ទុកព័ត៌មានល្អិតល្អន់អ្វីខ្លះអំពីទីក្រុងបាប៊ីឡូន?

១៣ ព្រះគម្ពីរមានបទទំនាយជាច្រើន។ បទទំនាយជាច្រើនបានសម្រេចហើយ។ សូមពិចារណាឧទាហរណ៍មួយ។ តាមរយៈព្យាការីអេសាយដែលបានរស់នៅសតវត្សរ៍ទីប្រាំបីមុនគ.ស. ព្រះយេហូវ៉ាមានបន្ទូលទាយថា ទីក្រុងបាប៊ីឡូននឹងត្រូវបំផ្លាញចោល។ (អេសាយ ១៣:១៩; ១៤:២២, ២៣) បទទំនាយនេះផ្ដល់ព័ត៌មានល្អិតល្អន់អំពីរបៀបដែលទីក្រុងនោះត្រូវបំផ្លាញចោលដែរ។ ទ័ពឈ្លានពានទាំងនេះនឹងធ្វើឲ្យទន្លេបាប៊ីឡូនរីងទឹក រួចពួកគេនឹងឈានចូលទៅក្នុងទីក្រុងដោយមិនចាំបាច់ច្បាំងឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ បទទំនាយរបស់អេសាយក៏រហូតដល់ប្រាប់ពីព្រះនាមរបស់ស្ដេចមួយអង្គដែលនឹងដណ្ដើមយកទីក្រុងបាប៊ីឡូន គឺស្ដេចស៊ីរូស។—អេសាយ ៤៤:២៧–៤៥:២

១៤, ១៥. ស្ដីអំពីទីក្រុងបាប៊ីឡូន តើព័ត៌មានល្អិតល្អន់ក្នុងបទទំនាយរបស់អេសាយបានសម្រេចយ៉ាងដូចម្ដេច?

១៤ ប្រមាណ២០០ឆ្នាំក្រោយមក នៅយប់ថ្ងៃទី-៦ ខែតុលា ឆ្នាំ៥៣៩មុនគ.ស. មានទ័ពមួយបោះជំរំនៅជិតទីក្រុងបាប៊ីឡូន។ តើអ្នកណាជាមេបញ្ជាការ? គឺជាស្ដេចសាសន៍ពើស៊ី ព្រះនាមស៊ីរូស។ ដូច្នេះ មានឱកាសជាស្រេចឲ្យបទទំនាយដ៏អស្ចារ្យនេះក្លាយជាការពិត។ ប៉ុន្ដែតើទ័ពរបស់ស៊ីរូសនឹងអាចរុករានទីក្រុងបាប៊ីឡូនដោយមិនចាំបាច់ច្បាំងដូចទំនាយបានរៀបរាប់នោះទេ?

១៥ ជនជាតិបាប៊ីឡូនកំពុងតែជប់លៀងនៅយប់នោះ ហើយពួកគេគិតថាខ្លួនមានសុវត្ថិភាពដោយស្ថិតនៅក្រោយកំពែងធំសម្បើមនៃទីក្រុង។ ស្របពេលជាមួយគ្នានោះ ស្ដេចស៊ីរូសមានព្រះរាជតម្រិះឈ្លាសវៃដោយបង្វែរទឹកចេញពីទន្លេដែលហូរកាត់ទីក្រុងបាប៊ីឡូន។ មិនយូរក្រោយនោះ ទឹកបានស្រករហូតដល់ទ័ពរបស់ស្ដេចស៊ីរូសអាចដើរឆ្លងកាត់បាតទន្លេទៅដល់កំពែងទីក្រុង។ ប៉ុន្ដែតើទ័ពស៊ីរូសនឹងអាចទំលាយកំពែងចូលក្នុងទីក្រុងបាប៊ីឡូនបានយ៉ាងដូចម្ដេច? ដោយសារហេតុណាមួយ នៅយប់នោះអ្នកនៅទីក្រុងបានធ្វេសប្រហែសដោយទុកទ្វារកំពែងបើកចំហ!

១៦. () តើអេសាយបានទាយអ្វីអំពីទីអវសាននៃទីក្រុងបាប៊ីឡូន? () តើបទទំនាយរបស់អេសាយស្ដីអំពីការបំផ្លាញទីក្រុងបាប៊ីឡូនបានសម្រេចយ៉ាងដូចម្ដេច?

១៦ ស្ដីពីទីក្រុងបាប៊ីឡូន មានទំនាយមួយថា«ក្រុងនោះនឹងគ្មានអ្នកណានៅទៅទៀតឡើយ ក៏មិនដែលមានអ្នកណាអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សទៅ ទោះទាំងសាសន៍អារ៉ាប់ គេក៏មិនដំឡើងត្រសាលនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងសត្វរបស់គេទៅដេកនៅទីនោះដែរ»។ (អេសាយ ១៣:២០) ទំនាយនេះមិនត្រឹមតែទាយថាទីក្រុងបាប៊ីឡូននឹងរលំប៉ុណ្ណោះទេ តែក៏បញ្ជាក់ថានឹងត្រូវគេបោះបង់ចោលមានសភាពស្ងាត់ជ្រងំជារៀងដរាប។ អ្នកអាចឃើញភស្ដុតាងដែលបង្ហាញថាទំនាយនេះបានសម្រេច។ នៅប្រមាណ៨០គីឡូម៉ែត្រខាងត្បូងទីក្រុងបាដានៅប្រទេសអ៊ីរ៉ាក់ ជាទីតាំងទីក្រុងបាប៊ីឡូនពីបុរាណ។ វាត្រូវបានគេបោះបង់ចោលមានសភាពស្ងាត់ជ្រងំពិតមែន ហើយនេះជាភស្ដុតាងថា បន្ទូលរបស់ព្រះយេហូវ៉ាតាមរយៈព្យាការីអេសាយបានសម្រេច គឺបន្ទូលដែលថា«អញក៏នឹងបោសដោយអំបោសជាការបំផ្លាញ»។—អេសាយ ១៤:២២, ២៣ *

ទីក្រុងបាប៊ីឡូនមានតែប្រាសាទបាក់បែក

១៧. ហេតុអ្វីបានជាការឃើញថាបទទំនាយព្រះគម្ពីរបានសម្រេចក៏ជួយពង្រឹងជំនឿរបស់យើង?

១៧ ពេលដែលពិចារណាឃើញថា ព្រះគម្ពីរមានបទទំនាយគួរឲ្យទុកចិត្ដ នោះពិតជាពង្រឹងជំនឿណាស់ មែនទេ? យ៉ាងណាមិញ បើព្រះយេហូវ៉ាបានប្រព្រឹត្ដតាមសេចក្ដីសន្យារបស់ទ្រង់នៅអតីតកាល នោះយើងអាចជឿជាក់ថា ទ្រង់ក៏នឹងធ្វើតាមសេចក្ដីសន្យារបស់ទ្រង់ស្ដីអំពីការធ្វើឲ្យផែនដីទៅជាសួនមនោរម្យដែរ។ (ជនគណនា ២៣:១៩) ពិតណាស់ថា យើងមាន«សេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាមុនអស់ទាំងកល្ប»។—ទីតុស ១:២ *

«ព្រះបន្ទូលនៃព្រះនោះរស់នៅ»

១៨. ស្ដីអំពី«ព្រះបន្ទូលនៃព្រះ» ប៉ុល សាវ័កម្នាក់របស់ព្រះគ្រីស្ទបាននិយាយពីអ្វីដែលមានអត្ថន័យជ្រាលជ្រៅ តើគាត់បាននិយាយអ្វី?

១៨ អាស្រ័យលើអ្វីដែលយើងបានពិចារណាក្នុងជំពូកនេះ យើងឃើញច្បាស់ណាស់ថា ព្រះគម្ពីរជាសៀវភៅខុសប្លែកពីសៀវភៅទៀត។ ប៉ុន្ដែតម្លៃនៃព្រះគម្ពីរគឺមិនត្រឹមតែមានភាពស្របគ្នារវាងផ្នែកនីមួយទេ តែក៏មានភាពត្រឹមត្រូវខាងវិទ្យាសាស្ដ្រនិងប្រវត្ដិសាស្ដ្រ ការណែនាំដែលមានប្រយោជន៍ និងបទទំនាយដែលគួរឲ្យទុកចិត្ដ។ សាវ័កប៉ុលដែលជាគ្រីស្ទានម្នាក់បានសរសេរថា«ព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្ដគិត ហើយដែលសំរេចដែរ»។—ហេព្រើរ ៤:១២

១៩, ២០. () តើព្រះគម្ពីរអាចជួយអ្នកគិតពិចារណាអំពីខ្លួនឯងយ៉ាងដូចម្ដេច? () ព្រះបានប្រទានព្រះគម្ពីរដែលជាអំណោយដ៏ល្អឯក តើអ្នកអាចបង្ហាញថាអ្នកដឹងគុណព្រះយ៉ាងដូចម្ដេច?

១៩ ការអាន«ព្រះបន្ទូល»សាររបស់ព្រះក្នុងព្រះគម្ពីរអាចធ្វើឲ្យជីវិតយើងកែប្រែ។ នេះអាចជួយយើងគិតពិចារណាអំពីខ្លួនឯងឲ្យបានដិតដល់ជាងមុនទៅទៀត។ ប្រហែលជាយើងអះអាងថាយើងស្រឡាញ់ព្រះមែន ប៉ុន្ដែរបៀបយើងប្រព្រឹត្ដពេលដែលរៀនពីអ្វីក្នុងព្រះគម្ពីរជាព្រះបន្ទូលដែលទ្រង់បណ្ដាលឲ្យសរសេរ នោះសម្ដែងឲ្យឃើញនូវគំនិតពិតរបស់យើង និងរហូតដល់បំណងចិត្ដរបស់យើងទៀតផង។

២០ ព្រះគម្ពីរពិតជាសៀវភៅមួយពីព្រះ។ ព្រះគម្ពីរក៏ជាសៀវភៅមួយដែលគួរនឹងអាន សិក្សា និងស្រឡាញ់។ ចូរបង្ហាញថាអ្នកដឹងគុណព្រះដែលបានប្រទានអំណោយនេះ ដោយបន្ដពិនិត្យមើលអ្វីដែលកត់ទុកក្នុងព្រះគម្ពីរ។ នៅពេលដែលអ្នកធ្វើដូច្នេះ អ្នកនឹងយល់កាន់តែជ្រាលជ្រៅអំពីគោលបំណងរបស់ព្រះសំរាប់មនុស្សជាតិ។ គោលបំណងរបស់ព្រះនិងរបៀបដែលទ្រង់នឹងសម្រេចគោលបំណងនេះនឹងត្រូវពន្យល់ក្នុងជំពូកបន្ទាប់។

^ វគ្គ 6 ទោះជាមនុស្សខ្លះអះអាងថាផ្នែកខ្លះនៃព្រះគម្ពីរមិនស្របគ្នាក៏ដោយ ការអះអាងនេះគ្មានមូលដ្ឋានទេ។ សូមមើលជំពូកទីនៃសៀវភៅចំណងជើងថាព្រះគម្ពីរបន្ទូលនៃព្រះក៏ពាក្យសំដីនៃមនុស្ស? បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។

^ វគ្គ 9 ជាឧទាហរណ៍ សូមកត់សម្គាល់នូវការលំអិតទៅលើវង្សត្រកូលរបស់ព្រះយេស៊ូដែលមាននៅលូកា ៣:២៣-៣៨

^ វគ្គ 16 បើចង់ដឹងព័ត៌មានថែមទៀតអំពីបទទំនាយក្នុងព្រះគម្ពីរ សូមមើលជំពូកទី៩ ទំព័រ១១៧-១៣៣នៃសៀវភៅព្រះគម្ពីរបន្ទូលនៃព្រះក៏ពាក្យសំដីនៃមនុស្ស? បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។

^ វគ្គ 17 ការបំផ្លាញចោលនូវទីក្រុងបាប៊ីឡូនជាឧទាហរណ៍មួយដែលបង្ហាញថា បទទំនាយព្រះគម្ពីរបានសម្រេចពិតមែន។ ឧទាហរណ៍ទៀតរួមមានការបំផ្លាញនូវទីក្រុងទីរ៉ុសនិងទីក្រុងនីនីវេ។ (អេសេគាល ២៦:១-៥; សេផានា ២:១៣-១៥) បន្ថែមទៅទៀត បទទំនាយរបស់ដានីយ៉ែលរៀបរាប់អំពីមហាអំណាចទាំងប៉ុន្មានដែលនឹងឡើងកាន់អំណាចបន្ដបន្ទាប់ពីបាប៊ីឡូន។ នេះរួមបញ្ចូលសាសន៍មេឌីពើស៊ីនិងសាសន៍ក្រិច។ (ដានីយ៉ែល ៨:៥-៧, ២០-២២) សូមមើលការពន្យល់បន្ថែមនៅទំព័រ២៣០-២៣១ដើម្បីរៀនអំពីបទទំនាយជាច្រើនស្ដីអំពីព្រះមេស្ស៊ីដែលព្រះយេស៊ូគ្រីស្ទបានធ្វើឲ្យសម្រេចនោះ។