លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទីបី

តើអ្វីជាគោលបំណងរបស់ព្រះសំរាប់ផែនដី?

តើអ្វីជាគោលបំណងរបស់ព្រះសំរាប់ផែនដី?
  • តើអ្វីជាគោលបំណងរបស់ព្រះសំរាប់មនុស្សជាតិ?

  • តើព្រះបានទទួលការប្រឆាំងយ៉ាងដូចម្ដេច?

  • នៅផែនដីនាពេលអនាគតតើជីវភាពមនុស្សនឹងទៅជាយ៉ាងណា?

. តើអ្វីជាគោលបំណងរបស់ព្រះសំរាប់ផែនដី?

គោលបំណងរបស់ព្រះសំរាប់ផែនដីគឺអស្ចារ្យណាស់។ ព្រះយេហូវ៉ាចង់ឲ្យផែនដីពោរពេញទៅដោយមនុស្សដែលមានសុខភាពល្អនិងមានសុភមង្គល។ ព្រះគម្ពីរប្រាប់ថា«ព្រះទ្រង់ធ្វើសួនច្បារនៅស្រុកអេដែន»ហើយក្នុងសួននោះទ្រង់«ធ្វើឲ្យដីដុះគ្រប់អស់ ទាំងដើមឈើដែលគួរពិចពិលរមឹលមើល ហើយសំរាប់ជាអាហារផង»។ ក្រោយព្រះបង្កើតអ័ដាមនិងអេវ៉ា បុរសនិងស្ដ្រីដំបូងនោះ ទ្រង់ដាក់ពួកគាត់នៅក្នុងសួនដ៏សែនស្អាតនេះហើយមានបន្ទូលប្រាប់ពួកគាត់ថា«ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ!»។ (លោកុប្បត្ដិ ១:២៨; ២:៨, ៩, ១៥) ដូច្នេះ ព្រះមានគោលបំណងឲ្យមនុស្សបង្កើតកូន ពង្រីកសួនមនោរម្យឲ្យពេញផែនដី ហើយថែរក្សាសត្វទាំងឡាយ។

. () ហេតុអ្វីយើងដឹងថាគោលបំណងរបស់ព្រះសំរាប់ផែនដីនឹងបានសម្រេច? () តើព្រះគម្ពីរប្រាប់យ៉ាងណាអំពីមនុស្សរស់ជារៀងរហូត?

តើអ្នកគិតថាគោលបំណងរបស់ព្រះយេហូវ៉ានឹងបានសម្រេច ហើយមនុស្សនឹងរស់ក្នុងសួនមនោរម្យនៅផែនដីទេ? ព្រះប្រកាសថា«អញបានចេញវាចាហើយ . . . អញនឹងធ្វើការនោះឯង»។ (អេសាយ ៤៦:៩-១១; ៥៥:១១) ពិតណាស់ ព្រះនឹងធ្វើឲ្យបំណងព្រះហឫទ័យរបស់ទ្រង់បានសម្រេចជាក់ជាពុំខាន! ព្រះមានបន្ទូលថាទ្រង់«មិនមែនបង្កើត[ផែនដី]មកឲ្យនៅទទេទេ» ក៏ប៉ុន្ដែ«បានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ»។ (អេសាយ ៤៥:១៨) តើព្រះចង់ឲ្យមនុស្សបែបណារស់នៅផែនដី? តើទ្រង់ចង់ឲ្យមនុស្សរស់នៅផែនដីប៉ុន្មានឆ្នាំ? ព្រះគម្ពីរមានចម្លើយ«ពួកអ្នកសុចរិតនឹងបានស្រុក[«ផែនដី», ព.ថ.]ទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះ[«ផែនដី», ព.ថ.]ជានិច្ច»។—ទំនុកដំកើង ៣៧:២៩, កំណែជាអក្សរទ្រេត; វិវរណៈ ២១:៣, ៤

. នៅផែនដីសព្វថ្ងៃនេះ តើមានស្ថានភាពអ្វីគួរឲ្យសោកស្ដាយ? តើស្ថានភាពនេះនាំឲ្យមានសំនួរអ្វីខ្លះ?

យើងអាចឃើញច្បាស់ថានេះមិនទាន់កើតឡើងទេ។ សព្វថ្ងៃនេះ មនុស្សតែងតែឈឺហើយស្លាប់ ហើយក៏រហូតដល់វាយតប់គ្នានិងសំឡាប់គ្នាទៀតផង។ មានបញ្ហាអ្វីមួយកើតឡើងដែលនាំឲ្យគោលបំណងរបស់ព្រះមិនទាន់សម្រេច។ ប៉ុន្ដែព្រះប្រាកដជាគ្មានបំណងឲ្យផែនដីមានសភាពដូចយើងឃើញសព្វថ្ងៃនេះសោះឡើយ! តើអ្វីបានកើតឡើង? ហេតុអ្វីបានជាគោលបំណងរបស់ព្រះមិនទាន់សម្រេច? គ្មានសៀវភៅប្រវត្ដិសាស្ដ្រណាមួយរបស់មនុស្សអាចឆ្លើយសំនួរនេះបានទេ ពីព្រោះបញ្ហានេះបានចាប់ផ្ដើមឡើងនៅស្ថានសួគ៌។

ដើមកំណើតនៃសត្រូវម្នាក់

៤, ៥. () តាមពិត តើអ្នកណាដែលបាននិយាយជាមួយនឹងអេវ៉ាតាមរយៈសត្វពស់? () តើមនុស្សម្នាក់ដែលធ្លាប់ទៀងត្រង់ប្រកាន់សីលធម៌អាចក្លាយទៅជាចោរបានយ៉ាងដូចម្ដេច?

សៀវភៅទីមួយក្នុងព្រះគម្ពីរប្រាប់ថា អ្នកប្រឆាំងព្រះមួយរូបបានលេចមុខក្នុងសួនច្បារអេដែន។ វាត្រូវហៅថាសត្វ«ពស់» ប៉ុន្ដែវាមិនមែនជាសត្វពស់ពិតប្រាកដនោះទេ។ សៀវភៅចុងក្រោយក្នុងព្រះគម្ពីរបញ្ជាក់អត្ដសញ្ញាណរបស់វាជាអ្នកដែលមាន«ឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីទាំងមូលឲ្យវង្វេងចេញ»។ វាក៏បានហៅថា«ពស់ពីបុរាណ»។ (លោកុប្បត្ដិ ៣:១; វិវរណៈ ១២:៩, កំណែជាអក្សរទ្រេត) ទេវតាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លាមួយរូបនេះ បានប្រើសត្វពស់មួយដើម្បីនិយាយជាមួយនឹងអេវ៉ា ដូចជាមនុស្សនិយាយដោយកាន់តុក្កតាក្នុងដៃដែលមើលទៅដូចជាតុក្កតានោះចេះនិយាយដោយខ្លួនឯង។ ពេលដែលព្រះបានរៀបចំផែនដីសំរាប់ឲ្យមនុស្សរស់នៅនោះ បុគ្គលវិញ្ញាណដែលជាអ្នកប្រឆាំងមួយរូបនេះច្បាស់ជាមានវត្ដមាននៅទីនោះដែរ។—យ៉ូប ៣៨:៤, ៧

ប៉ុន្ដែបើអ្វីទាំងអស់ដែលព្រះយេហូវ៉ាបង្កើតគឺគ្រប់ល័ក្ខណ៍ តើអ្នកណាបានបង្កើត‹អារក្សសាតាំង›? បើនិយាយឲ្យចំ កូនព្រះមួយរូបដែលជាបុគ្គលវិញ្ញាណខ្លាំងក្លាបានធ្វើឲ្យខ្លួនឯងក្លាយទៅជាអារក្ស។ តើនេះអាចកើតឡើងយ៉ាងដូចម្ដេច? ជាឧទាហរណ៍ សព្វថ្ងៃនេះមនុស្សម្នាក់ដែលទៀងត្រង់ប្រកាន់សីលធម៌អាចក្លាយទៅជាចោរបាន។ តើអាចក្លាយជាចោរយ៉ាងដូចម្ដេច? ប្រហែលជាគាត់ឲ្យសេចក្ដីប៉ងប្រាថ្នាអាក្រក់ចូលក្នុងចិត្ដ។ បើគាត់បន្ដគិតទៀត សេចក្ដីប៉ងប្រាថ្នាអាក្រក់នោះនឹងមានកាន់តែខ្លាំងឡើងៗ។ រួចមក ពេលមានឱកាស ប្រហែលជាគាត់នឹងប្រព្រឹត្ដតាមសេចក្ដីប៉ងប្រាថ្នាអាក្រក់នោះ។—យ៉ាកុប ១:១៣-១៥

. តើបុគ្គលវិញ្ញាណដ៏ខ្លាំងក្លាមួយរូបដែលជាកូនព្រះបានទៅជាសាតាំងនិងអារក្សយ៉ាងដូចម្ដេច?

នេះជាអ្វីដែលបានកើតឡើងដល់អារក្សសាតាំង។ វាបានព្រះមានបន្ទូលបង្គាប់អ័ដាមនិងអេវ៉ាថាត្រូវបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដី។ (លោកុប្បត្ដិ ១:២៧, ២៨) តាមមើលទៅវាបានគិតថា៖ ‹មនុស្សទាំងអស់នេះអាចថ្វាយបង្គំខ្ញុំវិញជាជាងថ្វាយបង្គំព្រះ!›។ ដូច្នោះ វាកើតមានសេចក្ដីប៉ងប្រាថ្នាអាក្រក់ក្នុងចិត្ដ។ នៅទីបំផុត វាបានប្រព្រឹត្ដតាមសេចក្ដីប៉ងប្រាថ្នានោះ ពេលដែលវាបញ្ឆោតអេវ៉ាដោយប្រាប់គាត់សេចក្ដីភូតភរអំពីព្រះ។ (លោកុប្បត្ដិ ៣:១-) យ៉ាងនេះ វាបានក្លាយទៅជា«អារក្ស» ដែលក្នុងភាសាដើមនៃព្រះគម្ពីរមានន័យថា«អ្នកនិយាយបង្កាច់បង្ខូច»។ វាក៏បានទៅជា«សាតាំង»ដែលក្នុងភាសាដើមមានន័យថា«អ្នកប្រឆាំង»។

. () ហេតុអ្វីបានជាអ័ដាមនិងអេវ៉ាបានស្លាប់? () ហេតុអ្វីបានជាកូនចៅគ្រប់ទាំងអស់របស់អ័ដាមទៅជាចាស់ហើយស្លាប់?

ដោយការភូតភរ បោកបញ្ឆោត អារក្សសាតាំងបាននាំឲ្យអ័ដាមនិងអេវ៉ាបំពានច្បាប់របស់ព្រះ។ (លោកុប្បត្ដិ ២:១៧; ៣:៦) លទ្ធផលគឺអ័ដាមនិងអេវ៉ាបានស្លាប់ ដូចព្រះបានមានបន្ទូលថានឹងកើតឡើងបើពួកគាត់មិនស្ដាប់បង្គាប់ទ្រង់។ (លោកុប្បត្ដិ ៣:១៧-១៩) នៅពេលដែលអ័ដាមធ្វើបាប គាត់ទៅជាឥតគ្រប់ល័ក្ខណ៍។ ហេតុនេះកូនចៅទាំងអស់របស់អ័ដាមបានឆ្លងបាបពីគាត់មក។ (រ៉ូម ៥:១២) យើងអាចប្រៀបធៀបស្ថានភាពនេះទៅនឹងពុម្ពសំរាប់ចាក់នំ។ បើពុម្ពនោះមានស្នាមពៀច តើនំដែលចេញពីពុម្ពនោះនឹងមានរាងបែបណា? នំគ្រប់ទាំងអស់ក៏នឹងមានស្នាមពៀចដែរ។ ស្រដៀងគ្នាដែរ មនុស្សជាតិម្នាក់ហាក់ដូចជាមាន«ស្នាមពៀច»ដែរ ពោលគឺភាពឥតគ្រប់ល័ក្ខណ៍ដែលបានឆ្លងពីអ័ដាមមក។ ហេតុនេះហើយមនុស្សទៅជាចាស់ហើយស្លាប់។—រ៉ូម ៣:២៣

៨, ៩. () តាមមើលទៅ តើសាតាំងបានចោទប្រកាន់ព្រះយ៉ាងណា? () ហេតុអ្វីបានជាព្រះមិនបានបំផ្លាញអ្នកបះបោរទាំងនោះភ្លាម?

តាមការពិត នៅពេលដែលសាតាំងនាំឲ្យអ័ដាមនិងអេវ៉ាធ្វើបាបប្រឆាំងព្រះនោះ វាបានតាំងខ្លួនជាអ្នកនាំមុខការបះបោរប្រឆាំងនឹងព្រះ។ វាចង់ប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ គឺហាក់ដូចជាសាតាំងនិយាយថា៖ ‹ព្រះជាអ្នកគ្រប់គ្រងដ៏អាក្រក់។ ទ្រង់ភូតភរហើយមិនព្រមឲ្យអ្វីដ៏ល្អដល់អ្នកដែលជារាស្ដ្រទ្រង់ឡើយ។ មនុស្សមិនត្រូវការព្រះគ្រប់គ្រងលើពួកគេទេ។ ពួកគេអាចសម្រេចចិត្ដដោយខ្លួនឯងថា អ្វីដែលល្អនិងអ្វីដែលអាក្រក់។ បើខ្ញុំគ្រប់គ្រងលើពួកគេគឺល្អជាង›។ តើព្រះនឹងប្រព្រឹត្ដតបយ៉ាងណាចំពោះការចោទប្រកាន់ដែលបង្អាប់ព្រះនាមទ្រង់នោះ? អ្នកខ្លះគិតថាព្រះគួរតែសំឡាប់អ្នកបះបោរទាំងនេះចោលតែម្ដង។ ប៉ុន្ដែបើទ្រង់សំឡាប់ពួកគេចោល តើនេះនឹងផ្ដល់ចម្លើយចំពោះការចោទប្រកាន់របស់សាតាំងទេ? បើសំឡាប់ពួកគេ តើនេះនឹងបញ្ជាក់ថារបៀបព្រះគ្រប់គ្រងគឺត្រឹមត្រូវឬ?

យុត្ដិធម៌គ្រប់ល័ក្ខណ៍របស់ព្រះយេហូវ៉ាមិនឲ្យទ្រង់សំឡាប់អ្នកបះបោរទាំងនេះភ្លាមទេ។ ទ្រង់សម្រេចព្រះទ័យថា ដើម្បីតបឆ្លើយចំពោះការចោទប្រកាន់របស់សាតាំងឲ្យបានដាច់ស្រេច និងដើម្បីបង្ហាញថាវាជាអ្នកភូតភរវិញនោះ គឺត្រូវការពេលវេលា។ ហេតុនេះហើយ ព្រះបានសម្រេចព្រះទ័យឲ្យមនុស្សគ្រប់គ្រងដោយខ្លួនឯងអស់មួយរយៈនៅក្រោមឥទ្ធិពលរបស់សាតាំង។ មូលហេតុដែលព្រះយេហូវ៉ាសម្រេចព្រះទ័យយ៉ាងនេះ និងមូលហេតុដែលទ្រង់សម្រេចទុកពេលឲ្យយ៉ាងយូរដូច្នេះ នឹងត្រូវពន្យល់ក្នុងជំពូកទី១១នៃសៀវភៅនេះ។ ប៉ុន្ដែឥឡូវនេះ យកល្អយើងពិចារណាសំនួរដូចទៅនេះថា៖ តើជាការត្រឹមត្រូវទេដែលអ័ដាមនិងអេវ៉ាជឿសាតាំង ទោះជាវាមិនបានធ្វើអ្វីសោះជាប្រយោជន៍ដល់ពួកគេនោះ? តើជាការត្រឹមត្រូវទេដែលពួកគាត់ជឿថា ព្រះយេហូវ៉ាដែលជាអ្នកប្រទានឲ្យអ្វីទាំងអស់ដល់ពួកគាត់ជាអ្នកភូតភរឥតមេត្ដានោះ? បើអ្នកជាអ័ដាមនិងអេវ៉ាវិញ តើអ្នកនឹងធ្វើយ៉ាងណា?

១០. តើអ្នកអាចគាំទ្រខាងព្រះយេហូវ៉ាហើយជួយតបឆ្លើយចំពោះការចោទប្រកាន់របស់សាតាំងយ៉ាងដូចម្ដេច?

១០ ជាការល្អដែលយើងគិតអំពីសំនួរទាំងនេះ ពីព្រោះយើងម្នាក់ត្រូវប្រឈមមុខនឹងរឿងនោះដែរនៅសព្វថ្ងៃនេះ។ អ្នកមានឱកាសគាំទ្រខាងព្រះយេហូវ៉ាដើម្បីតបឆ្លើយចំពោះការចោទប្រកាន់របស់សាតាំង។ អ្នកអាចទទួលស្គាល់ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងហើយជួយបង្ហាញថាសាតាំងជាអ្នកភូតភរ។ (ទំនុកដំកើង ៧៣:២៨; សុភាសិត ២៧:១១) គួរឲ្យស្ដាយណាស់ ក្នុងចំណោមមនុស្សរាប់ពាន់លាននាក់នៅផែនដី គឺមានមនុស្សតិចណាស់ដែលសម្រេចចិត្ដធ្វើដូច្នេះ។ នេះបង្កើតឲ្យមានសំនួរសំខាន់មួយទៀតគឺ តើព្រះគម្ពីរពិតជាបង្រៀនថាសាតាំងជាអ្នកគ្រប់គ្រងលោកីយ៍នេះឬ?

តើអ្នកណាជាអ្នកគ្រប់គ្រងលោកីយ៍នេះ?

បើរដ្ឋាភិបាលទាំងឡាយមិនមែនជារបស់សាតាំង តើវាអាចប្រគល់ឲ្យរដ្ឋាភិបាលទាំងនោះដល់ព្រះយេស៊ូយ៉ាងដូចម្ដេចបាន?

១១, ១២. () ពេលដែលសាតាំងខំល្បួងព្រះយេស៊ូ ហេតុអ្វីនេះបង្ហាញថាសាតាំងជាអ្នកគ្រប់គ្រងលោកីយ៍នេះ? () តើអ្វីទៀតជាភស្ដុតាងដែលបញ្ជាក់ថាសាតាំងជាអ្នកគ្រប់គ្រងលោកីយ៍នេះ?

១១ ព្រះយេស៊ូបានជ្រាបច្បាស់ថា សាតាំងជាអ្នកគ្រប់គ្រងលោកីយ៍នេះ។ មានពេលមួយដែលសាតាំងបង្ហាញព្រះយេស៊ូនូវ«អស់ទាំងនគរក្នុងលោកី»ដោយអព្ភូតហេតុ។ បន្ទាប់មកសាតាំងបានសន្យាថា«បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក»។ (ម៉ាថាយ ៤:៨, ៩; លូកា ៤:៥, ៦) សូមគិតទៅមើល តើសាតាំងអាចល្បួងព្រះយេស៊ូដោយឲ្យរបស់ទាំងនេះបានទេ បើវាមិនមែនជាអ្នកគ្រប់គ្រងនគររដ្ឋាភិបាលទាំងឡាយរបស់មនុស្សនោះ? ព្រះយេស៊ូមិនបានមានបន្ទូលប្រកែកថា រដ្ឋាភិបាលនៃលោកីយ៍នេះពុំមែនជារបស់សាតាំងនោះទេ។ បើសាតាំងគ្មានអំណាចគ្រប់គ្រងលើរដ្ឋាភិបាលទាំងនោះទេ ព្រះយេស៊ូច្បាស់ជានឹងបានមានបន្ទូលប្រាប់ថា រដ្ឋាភិបាលទាំងនោះមិនមែនជារបស់វាទេ។

១២ ពិតមែនថាព្រះយេហូវ៉ាមានគ្រប់ព្រះចេស្ដា ហើយក៏ជាអ្នកបង្កើតសកលលោកដ៏អស្ចារ្យរបស់យើង។ (វិវរណៈ ៤:១១) ប៉ុន្ដែព្រះគម្ពីរមិនបានប្រាប់សោះថា ព្រះយេហូវ៉ាព្រះយេស៊ូគ្រីស្ទជាអ្នកគ្រប់គ្រងលោកីយ៍នេះ។ តាមការពិត ព្រះយេស៊ូមានបន្ទូលថាសាតាំងជា«ចៅហ្វាយរបស់លោកីនេះ»។ (យ៉ូហាន ១២:៣១; ១៤:៣០; ១៦:១១) ព្រះគម្ពីរក៏ហៅអារក្សសាតាំងថា«ព្រះរបស់លោកីនេះ»ទៀតផង។ (កូរិនថូសទី២ ៤:៣, ៤) ស្ដីអំពីអ្នកប្រឆាំងសាតាំងនោះ យ៉ូហាន សាវ័កម្នាក់របស់ព្រះយេស៊ូបានសរសេរថា«លោកីទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»។—យ៉ូហានទី១ ៥:១៩

របៀបដែលលោកីយ៍របស់សាតាំងនឹងត្រូវបំផ្លាញ

១៣. ហេតុអ្វីបានជាត្រូវការពិភពលោកថ្មី?

១៣ ពីមួយឆ្នាំទៅមួយឆ្នាំ លោកីយ៍នេះមានសុវត្ថិភាពកាន់តែតិចទៅៗ។ លោកីយ៍នេះមានសង្គ្រាមពាសទឹកពាសដី ក៏ពោរពេញទៅដោយអ្នកនយោបាយមិនទៀងត្រង់ អ្នកដឹកនាំសាសនាដែលមានពុតត្បុត និងឧក្រិដ្ឋជនដែលគ្មានមេត្ដា។ លោកីយ៍ទាំងមូលនេះកែលែងបានហើយ។ ព្រះគម្ពីរប្រាប់ឲ្យដឹងថា យើងកំពុងរស់នៅជិតដល់គ្រាដែលព្រះនឹងបំបាត់ចោលលោកីយ៍ដ៏អាក្រក់នេះក្នុងកំលុងសង្គ្រាមរបស់ទ្រង់ដែលហៅថាអើម៉ាគេដូន។ ក្រោយនោះនឹងមានពិភពលោកថ្មីដែលពោរពេញទៅដោយសេចក្ដីសុចរិតវិញ។—វិវរណៈ ១៦:១៤-១៦

១៤. តើព្រះបានជ្រើសរើសអ្នកណាឲ្យគ្រប់គ្រងព្រះរាជាណាចក្ររបស់ទ្រង់? តើព្រះគម្ពីរបានទាយយ៉ាងណាអំពីរឿងនេះ?

១៤ ព្រះយេហូវ៉ាបានជ្រើសរើសព្រះយេស៊ូគ្រីស្ទឲ្យធ្វើជាអ្នកគ្រប់គ្រងព្រះរាជាណាចក្ររដ្ឋាភិបាលរបស់ព្រះនៅស្ថានសួគ៌។ តាំងពីសម័យបុរាណ ព្រះគម្ពីរបានទាយថា«មានបុត្រកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមទ្រង់ថា . . . ម្ចាស់នៃមេត្រីភាព ឯសេចក្ដីចំរើននៃរដ្ឋបាលទ្រង់នឹងសេចក្ដីសុខសាន្ដរបស់ទ្រង់ នោះនឹងមិនចេះផុត»។ (អេសាយ ៩:៦, ៧) ស្ដីអំពីរដ្ឋាភិបាលនេះ ព្រះយេស៊ូបង្រៀនសិស្សរបស់ទ្រង់ឲ្យអធិស្ឋានថា«សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:១០) ក្រោយមក តាមរយៈសៀវភៅនេះយើងនឹងរៀនដឹងថា មិនយូរទៀតព្រះរាជាណាចក្ររបស់ព្រះនឹងបំផ្លាញចោលរដ្ឋាភិបាលរបស់លោកីយ៍នេះហើយនិងគ្រប់គ្រងជំនួសវិញ។ (ដានីយ៉ែល ២:៤៤) ពេលនោះ ព្រះរាជាណាចក្ររបស់ព្រះនឹងធ្វើឲ្យមានសួនមនោរម្យពេញផែនដី។

ពិភពលោកថ្មីគឺជិតមកដល់ហើយ!

១៥. តើ«ផែនដីថ្មី»ជាអ្វី?

១៥ ព្រះគម្ពីរចែងថា«តាមសេចក្ដីសន្យារបស់[ព្រះ] នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មី និងផែនដីថ្មីដែលមានសុទ្ធតែសេចក្ដីសុចរិត»។ (ពេត្រុសទី២ ៣:១៣; អេសាយ ៦៥:១៧) ជួនកាលនៅពេលព្រះគម្ពីរប្រាប់អំពី«ផែនដី» នោះសំដៅលើមនុស្សដែលរស់នៅផែនដីវិញ។ (លោកុប្បត្ដិ ១១:១) ដូច្នេះ «ផែនដីថ្មី»ដ៏សុចរិតសំដៅលើសង្គមមនុស្សដែលព្រះសព្វព្រះហឫទ័យនោះ។

១៦. សំរាប់អស់អ្នកដែលព្រះសព្វព្រះហឫទ័យ តើពួកគេនឹងទទួលអំណោយវិសេសអ្វី? តើយើងត្រូវធ្វើអ្វីដើម្បីទទួលអំណោយនេះ?

១៦ ព្រះយេស៊ូបានសន្យាថា ក្នុងពិភពលោកថ្មីខាងមុខនេះ អ្នកដែលព្រះសព្វព្រះហឫទ័យនឹងទទួលអំណោយមួយជា«ជីវិតរស់អស់កល្បជានិច្ច»ជីវិតជារៀងរហូត។ (ម៉ាកុស ១០:៣០) សូមបើកមើលយ៉ូហាន ៣:១៦ និង១៧:៣ ហើយអានបន្ទូលរបស់ព្រះយេស៊ូអំពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលជីវិតជារៀងរហូត។ ឥឡូវ សូមមើលព្រះគម្ពីរហើយពិចារណានូវពរដែលនឹងត្រូវទទួលដោយអស់អ្នកដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលអំណោយដ៏អស្ចារ្យនេះពីព្រះនៅផែនដីមនោរម្យខាងមុខនេះ។

១៧, ១៨. ហេតុអ្វីបានជាយើងអាចប្រាកដថានឹងមានសន្ដិសុខហើយសន្ដិភាពនៅពេញផែនដី?

១៧ អំពើទុច្ចរិត សង្គ្រាម ឧក្រិដ្ឋកម្ម ហើយអំពើហិង្សានឹងលែងមានទៅទៀត: «មនុស្សអាក្រក់នឹងមិនមានទៀតទេ . . . ឯមនុស្សរាបសា គេនឹងបានផែនដី»។ (ទំនុកដំកើង ៣៧:១០, ១១) សន្ដិភាពនឹងមានដោយសារ‹ព្រះនឹងបណ្ដាលឲ្យសង្គ្រាមស្ងប់រំងាប់រហូតដល់ចុងផែនដី›។ (ទំនុកដំកើង ៤៦:៩; អេសាយ ២:៤) នៅពេលនោះ«មនុស្សសុចរិតនឹងមានសេចក្ដីចំរើនឡើង ហើយនឹងមានសេចក្ដីសុខជាបរិបូរ ដរាបដល់ព្រះចន្ទរលត់សូន្យទៅ»។ នេះមានន័យថា នឹងមានសេចក្ដីសុខជារៀងរហូត!—ទំនុកដំកើង ៧២:៧

១៨ អ្នកដែលថ្វាយបង្គំព្រះយេហូវ៉ានឹងមានសន្ដិសុខ: នៅសម័យព្រះគម្ពីរ ដរាបណាដែលជនជាតិអ៊ីស្រាអែលស្ដាប់បង្គាប់ព្រះ នោះពួកគេមានសេចក្ដីសុខសាន្ដ។ (លេវីវិន័យ ២៥:១៨, ១៩) យើងពិតជានឹងសប្បាយណាស់! ពេលដែលមានសេចក្ដីសុខសាន្ដដូចគ្នាក្នុងសួនមនោរម្យ!—អេសាយ ៣២:១៨; មីកា ៤:៤

១៩. ហេតុអ្វីយើងអាចប្រាកដថានឹងមានអាហារបរិបូរក្នុងពិភពលោកថ្មីរបស់ព្រះ?

១៩ នឹងលែងមានការខ្វះចំណីអាហារ: អ្នកតែងទំនុកដំកើងបានច្រៀងថា«នឹងមានស្រូវជាបរិបូរនៅក្នុងស្រុករហូតដល់កំពូលភ្នំ»។ (ទំនុកដំកើង ៧២:១៦) ព្រះយេហូវ៉ានឹងប្រទានពរដល់មនុស្សសុចរិត ហើយ«ដីនឹងបង្កើតផលឡើង»។—ទំនុកដំកើង ៦៧:៦

២០. ហេតុអ្វីយើងអាចប្រាកដថាផែនដីទាំងមូលនឹងក្លាយទៅជាសួនមនោរម្យ?

២០ ផែនដីទាំងមូលនឹងក្លាយទៅជាសួនមនោរម្យ: ផ្ទះថ្មីដ៏ស្អាតនិងសួនច្បារដ៏ល្អវិចិត្រនឹងមាននៅដីដែលមនុស្សមានបាបធ្លាប់ធ្វើឲ្យខូចខាត។ (អេសាយ ៦៥:២១-២៤; វិវរណៈ ១១:១៨) កាលដែលពេលវេលាកន្លងទៅ តំបន់ផ្សេងនៅផែនដីដែលបានត្រូវកែលំអហើយ នឹងត្រូវពង្រីករហូតដល់ផែនដីទាំងមូលមានសោភ័ណភាពហើយក៏បង្កើតផលដូចសួនច្បារអេដែន។ បន្ថែមទៅទៀតព្រះនឹង‹លាព្រះហស្ដបំពេញចិត្ដប្រាថ្នានៃជីវិតទាំងឡាយ›ជានិច្ច។—ទំនុកដំកើង ១៤៥:១៦

២១. តើអ្វីបញ្ជាក់ថាមនុស្សហើយសត្វនឹងនៅជាមួយគ្នាដោយសុខសាន្ដ?

២១ មនុស្សហើយសត្វនឹងនៅជាមួយគ្នាដោយសុខសាន្ដ: សត្វព្រៃសត្វស្រុកនឹងដេកស៊ីជាមួយគ្នា។ សូម្បីតែក្មេងតូចក៏មិនចាំបាច់ខ្លាចសត្វដែលនៅសម័យនេះជាសត្វសាហាវនោះ។—អេសាយ ១១:៦-៩; ៦៥:២៥

២២. តើអ្វីនឹងកើតឡើងដល់ជំងឺគ្រប់យ៉ាង?

២២ ជំងឺគ្រប់យ៉ាងនឹងលែងមានទៅទៀត: ក្នុងឋានៈជាអ្នកគ្រប់គ្រងព្រះរាជាណាចក្រនៅស្ថានសួគ៌របស់ព្រះ នោះព្រះយេស៊ូនឹងធ្វើការប្រោសឲ្យជាក្នុងកំរិតមួយដ៏ធំជាងអ្វីដែលទ្រង់បានធ្វើពេលដែលគង់នៅផែនដីទៅទៀត។ (ម៉ាថាយ ៩:៣៥; ម៉ាកុស ១:៤០-៤២; យ៉ូហាន ៥:៥-) នៅពេលនោះមនុស្ស«នឹងមិនថា ខ្ញុំឈឺទៀតឡើយ»។—អេសាយ ៣៣:២៤; ៣៥:៥, ៦

២៣. ហេតុអ្វីបានជាការប្រោសឲ្យរស់ឡើងវិញនឹងនាំឲ្យយើងត្រេកអរ?

២៣ មនុស្សជាទីស្រឡាញ់របស់យើងនឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត: អស់អ្នកណាដែលកំពុងតែដេកលក់ក្នុងសេចក្ដីស្លាប់ ហើយក៏ស្ថិតក្នុងសេចក្ដីនឹកចាំរបស់ព្រះ នោះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ តាមការពិត«ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។—កិច្ចការ ២៤:១៥; យ៉ូហាន ៥:២៨, ២៩

២៤. តើអ្នកមានអារម្មណ៍យ៉ាងណាអំពីការរស់ក្នុងសួនមនោរម្យនៅផែនដី?

២៤ ប្រាកដហើយ អស់អ្នកដែលសម្រេចចិត្ដរៀនអំពីព្រះយេហូវ៉ាជាអ្នកបង្កើតដ៏អស្ចារ្យរបស់យើងហើយបំរើទ្រង់នឹងមានអនាគតដ៏អស្ចារ្យណាស់! ព្រះយេស៊ូបានមានបន្ទូលសំដៅទៅផែនដីមនោរម្យដែលនឹងមាននៅខាងមុខ ពេលដែលទ្រង់សន្យាដល់ឧក្រិដ្ឋជនម្នាក់ដែលបានស្លាប់នៅក្បែរទ្រង់ថា«អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»។ (លូកា ២៣:៤៣) គឺជាការសំខាន់ណាស់ដែលយើងរៀនថែមទៀតអំពីព្រះយេស៊ូគ្រីស្ទ ដ្បិតគឺតាមរយៈទ្រង់ដែលយើងទទួលពរទាំងអស់នេះ។