លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទីដប់មួយ

ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?

ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?
  • តើព្រះជាអ្នកធ្វើឲ្យមនុស្សរងទុក្ខវេទនាឬ?

  • នៅសួនច្បារអេដែន តើមានការចោទប្រកាន់អ្វី?

  • តើព្រះនឹងលុបបំបាត់រាល់ផលវិបាកដែលមកពីទុក្ខវេទនានោះយ៉ាងដូចម្ដេច?

១, ២. សព្វថ្ងៃនេះ តើមានអ្វីខ្លះដែលនាំឲ្យមនុស្សរងទុក្ខវេទនា? តើនេះនាំឲ្យមនុស្សជាច្រើនសួរសំនួរអ្វីខ្លះ?

ក្រោយពីមានចំបាំងនៅប្រទេសមួយដែលហែកហួរដោយសង្គ្រាម សពរបស់ស្ដ្រីនិងកុមាររាប់ពាន់នាក់ដែលបាត់បង់ជីវិតបានត្រូវគេកប់ក្នុងផ្នូរធំមួយ ហើយយកឈើឆ្កាងតូចដោតក្នុងដីព័ទ្ធជុំវិញផ្នូរនោះ។ ឈើឆ្កាងនីមួយមានដាក់អក្សរថា «ហេតុអ្វី?»។ ជួនកាលមនុស្សសួរសំនួរថា«ហេតុអ្វី?» ពេលមានការឈឺចាប់ខ្លោចផ្សាយ៉ាងខ្លាំងនោះ។ មនុស្សសួរសំនួរនេះពេលដែលឧក្រិដ្ឋកម្ម មហន្ដរាយ ជំងឺ ឬសង្គ្រាមនាំឲ្យមនុស្សជាទីស្រឡាញ់របស់ពួកគេបាត់បង់ជីវិត បំផ្លាញផ្ទះរបស់ពួកគេ ឬក៏នាំឲ្យរងទុក្ខវេទនាផ្សេងទៀត។ ពួកគេចង់ដឹងថាតើរឿងខ្លោចផ្សាបែបនេះកើតឡើងដល់ពួកគេដោយសារមូលហេតុអ្វី?

ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា? បើព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ ប្រាជ្ញា ហើយប្រព្រឹត្ដដោយយុត្ដិធម៌ ថែមទាំងមានមហិទ្ធិឫទ្ធិបំផុតនោះ ហេតុអ្វីពិភពលោកពោរពេញទៅដោយការស្អប់គ្នានិងអំពើអយុត្ដិធម៌ដូច្នេះ? តើអ្នកធ្លាប់ឆ្ងល់អំពីរឿងនេះដែរទេ?

៣, ៤. () ហេតុអ្វីយើងដឹងថាការសួរអំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យមានទុក្ខវេទនាមិនមែនជាការខុសនោះ? () តើព្រះយេហូវ៉ាមានព្រះទ័យយ៉ាងណាចំពោះអំពើអាក្រក់និងការរងទុក្ខវេទនា?

តើការសួរអំពីមូលហេតុដែលព្រះឲ្យមនុស្សរងទុក្ខវេទនាជាការខុសទេ? មនុស្សខ្លះខ្លាចដោយគិតថាបើសួរសំនួរនេះមានន័យថាពួកគេគ្មានជំនឿគ្រប់គ្រាន់ ឬជាការមិនគោរពចំពោះព្រះ។ ក៏ប៉ុន្ដែនៅពេលដែលអ្នកអានព្រះគម្ពីរ អ្នកនឹងឃើញថាមនុស្សស្មោះត្រង់ដែលកោតខ្លាចព្រះក៏ធ្លាប់សួរសំនួរស្រដៀងនេះដែរ។ ជាឧទាហរណ៍ព្យាការីហាបាគុកធ្លាប់ទូលសួរព្រះយេហូវ៉ាថា«ហេតុអ្វីបានជាទ្រង់ឲ្យទូលបង្គំឃើញអំពើទុច្ចរិត ហើយឲ្យទូលបង្គំមើលឃើញតែសេចក្ដីទំនាស់ចិត្ដដូច្នេះ? ដ្បិតមានសុទ្ធតែការបំផ្លាញ នឹងការច្រឡោតនៅមុខទូលបង្គំ ក៏មានសេចក្ដីឈ្លោះប្រកែក នឹងការទាស់ទែងគ្នាកើតឡើង»។—ហាបាគុក ១:៣

ព្រះយេហូវ៉ានឹងលុបបំបាត់ការរងទុក្ខវេទនា

តើព្រះយេហូវ៉ាបានស្ដីបន្ទោសហាបាគុក ព្យាការីស្មោះត្រង់របស់ទ្រង់ដោយសារគាត់សួរសំនួរនោះឬ? ទ្រង់មិនបានធ្វើដូច្នេះឡើយ។ ផ្ទុយទៅវិញ សំនួរដែលហាបាគុកបានសួរដោយស្មោះនោះ ព្រះបានរួមបញ្ចូលក្នុងកំណត់ហេតុព្រះគម្ពីរ។ ព្រះក៏បានជួយឲ្យហាបាគុកយល់ច្បាស់ជាងហើយពង្រឹងជំនឿរបស់គាត់។ ព្រះយេហូវ៉ាមានព្រះទ័យចង់ជួយអ្នកដែរ។ តើអ្នកចាំទេ? ព្រះគម្ពីរបង្រៀនថា៖ ‹ទ្រង់យកព្រះទ័យទុកដាក់នឹងអ្នក›។ (ពេត្រុសទី១ ៥:៧) គ្មានអ្នកណាស្អប់អំពើអាក្រក់ហើយទុក្ខវេទនាដែលមកពីអំពើអាក្រក់នោះខ្លាំងជាងព្រះឡើយ។ (អេសាយ ៥៥:៨, ៩) បើដូច្នេះ ហេតុអ្វីបានជាមានទុក្ខវេទនាច្រើនម៉្លេះ?

ហេតុអ្វីមានទុក្ខវេទនាច្រើនម៉្លេះ?

. ជួនកាលតើមនុស្សនិយាយដូចម្ដេចខ្លះដើម្បីពន្យល់មូលហេតុដែលមានទុក្ខវេទនានោះ? តើព្រះគម្ពីរបង្រៀនយ៉ាងណា?

សមាជិកសាសនាផ្សេងធ្លាប់សួរអ្នកបង្ហាត់បង្រៀនសាសនារបស់ពួកគេថាតើនៅក្នុងលោកនេះហេតុអ្វីបានជាមានទុក្ខវេទនាច្រើនម៉្លេះ? អ្នកបង្ហាត់បង្រៀនច្រើនតែឆ្លើយថា ការរងទុក្ខវេទនាគឺសមស្របតាមព្រះហឫទ័យរបស់ព្រះ ហើយអ្វីទាំងអស់ដែលកើតឡើង រួមទាំងរឿងខ្លោចផ្សាទាំងឡាយសុទ្ធតែកើតឡើងដោយសារព្រះបានកំណត់ព្រឹត្ដិការណ៍ទាំងនោះតាំងពីយូរយារណាស់មកហើយ។ មានគេប្រាប់ថា កិច្ចការរបស់ព្រះសុទ្ធតែអាថ៌កំបាំងដែលគ្មានអ្នកណាអាចយល់បាននោះទេ ឬក៏អ្នកខ្លះទៀតថាព្រះជាអ្នកធ្វើឲ្យមនុស្សស្លាប់ដើម្បីអាចយកពួកគេទៅស្ថានសួគ៌ឲ្យនៅជាមួយនឹងទ្រង់ សូម្បីតែកូនក្មេងក៏ដោយ។ ក៏ប៉ុន្ដែ ដូចដែលអ្នកបានរៀនហើយនោះ ព្រះយេហូវ៉ាមិនដែលធ្វើឲ្យរឿងអាក្រក់កើតឡើងឡើយ។ ព្រះគម្ពីរប្រាប់ថា«កុំឲ្យយើងថាព្រះទ្រង់ធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់ប្រព្រឹត្ដសេចក្ដីទុច្ចរិតនោះឡើយ!»។—យ៉ូប ៣៤:១០

. ហេតុអ្វីមនុស្សជាច្រើនភាន់ច្រឡំដោយទម្លាក់កំហុសទៅលើព្រះថា ទ្រង់ជាអ្នកទទួលខុសត្រូវចំពោះការរងទុក្ខវេទនាដែលមានសព្វថ្ងៃនេះ?

តើអ្នកដឹងមូលហេតុដែលមនុស្សភាន់ច្រឡំដោយទម្លាក់កំហុសទៅលើព្រះថាទ្រង់ទទួលខុសត្រូវចំពោះការរងទុក្ខវេទនាដែលមាននៅសព្វថ្ងៃនេះទេ? ក្នុងករណីភាគច្រើន ពួកគេទម្លាក់កំហុសទៅលើព្រះដែលមានគ្រប់ព្រះចេស្ដា ដោយសារពួកគេគិតស្មានថាទ្រង់ជាអ្នកគ្រប់គ្រងពិភពលោក។ ពួកគេមិនដឹងសេចក្ដីពិតដ៏ស្រួលយល់មួយដែលព្រះគម្ពីរបង្រៀនទេ។ អ្នកបានរៀនសេចក្ដីពិតនេះនៅជំពូកទី៣។ តាមពិត អ្នកគ្រប់គ្រងលោកីយ៍នេះគឺអារក្សសាតាំង។

៧, ៨. () តើលោកីយ៍នេះបង្ហាញលក្ខណៈអ្វីខ្លះដែលដូចអ្នកគ្រប់គ្រងលោកីយ៍? () តើភាពឥតគ្រប់ល័ក្ខណ៍របស់មនុស្សព្រមទាំង‹ពេលវេលានិងឱកាស›នាំឲ្យមានការរងទុក្ខវេទនាយ៉ាងដូចម្ដេច?

ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ថា«លោកីទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាចវិញ»។ (យ៉ូហានទី១ ៥:១៩) បើគិតទៅ នោះគឺសមហេតុសមផលណាស់ មែនទេ? លោកីយ៍នេះមានលក្ខណៈដូចបុគ្គលវិញ្ញាណមួយរូបនោះ ដែលកំពុងតែ«នាំលោកីទាំងមូលឲ្យវង្វេងចេញ»។ (វិវរណៈ ១២:៩) សាតាំងជាបុគ្គលអាក្រក់មួយរូប។ វាតែងតែភូតភរបោកបញ្ឆោតហើយក៏ឃោរឃៅទៀតផង។ ដូច្នេះលោកីយ៍នេះដែលនៅក្រោមអានុភាពរបស់វាក៏ពោរពេញទៅដោយអំពើអាក្រក់ ការភូតភរបោកបញ្ឆោត និងអំពើឃោរឃៅដែរ។ នេះជាហេតុមួយដែលមានការរងទុក្ខវេទនាច្រើនម៉្លេះ។

ហេតុទីពីរដែលមានការរងទុក្ខវេទនាច្រើនយ៉ាងនេះគឺជាប់ទាក់ទងនឹងអ្វីដែលអ្នកបានរៀននៅជំពូកទី៣ដែលថា មនុស្សមានភាពឥតគ្រប់ល័ក្ខណ៍និងមានបាបតាំងតែពីមនុស្សដំបូងប្រឆាំងព្រះនៅសួនច្បារអេដែននោះ។ មនុស្សដែលមានបាបច្រើនតែប្រកួតប្រជែងដណ្ដើមអំណាចគ្នា ហើយនេះបណ្ដាលឲ្យមានសង្គ្រាម ការជិះជាន់ និងការរងទុក្ខវេទនា។ (សាស្ដា ៤:១; ៨:៩) ហេតុទីបីដែលមានការរងទុក្ខវេទនាគឺដោយសារ‹ពេលវេលានិងឱកាស› ឬព្រឹត្ដិការណ៍ដែលមើលមិនឃើញជាមុន។ (សាស្ដា ៩:១១) ដោយសារព្រះយេហូវ៉ាមិនមែនជាអ្នកគ្រប់គ្រងលោកីយ៍ផ្ដល់ការការពារនោះ មនុស្សប្រហែលជារងទុក្ខវេទនាដោយចៃដន្យ បើពួកគេនៅកន្លែងមួយនៅចំពេលដែលមានរឿងអាក្រក់កើតឡើង។

. ហេតុអ្វីយើងអាចប្រាកដថា ព្រះយេហូវ៉ាមានមូលហេតុត្រឹមត្រូវក្នុងការអនុញ្ញាតឲ្យមានទុក្ខវេទនា?

ពេលដែលយើងដឹងថាព្រះមិនបណ្ដាលឲ្យមនុស្សរងទុក្ខវេទនា នោះសម្រាលទុក្ខយើងណាស់។ ទ្រង់មិនមែនជាដើមហេតុដែលនាំឲ្យមានសង្គ្រាម ឧក្រិដ្ឋកម្ម ការជិះជាន់ ឬមហន្ដរាយធម្មជាតិដែលធ្វើឲ្យមនុស្សរងទុក្ខវេទនានោះឡើយ។ យ៉ាងណាក៏ដោយ យើងត្រូវដឹងថា តើព្រះយេហូវ៉ាអនុញ្ញាតឲ្យមនុស្សរងទុក្ខវេទនាយ៉ាងច្រើនដោយព្រោះអ្វី? បើទ្រង់មានគ្រប់ព្រះចេស្ដា នោះទ្រង់អាចលុបបំបាត់ទុក្ខវេទនាទាំងនេះបាន។ បើដូច្នេះ តើហេតុអ្វីទ្រង់មិនចាត់វិធានការលុបបំបាត់ទុក្ខវេទនាទាំងនោះទៅ? យើងដឹងថាព្រះប្រកបដោយសេចក្ដីស្រឡាញ់ ដូច្នេះទ្រង់ច្បាស់ជាមានមូលហេតុត្រឹមត្រូវដែលទ្រង់អនុញ្ញាតឲ្យមានទុក្ខវេទនា។—យ៉ូហានទី១ ៤:៨

រឿងសំខាន់មួយបានត្រូវចោទឡើង

១០. តើសាតាំងបានបង្កើតឲ្យមានការសង្ស័យទៅលើអ្វី? តើវាបានធ្វើឲ្យមានការសង្ស័យតាមវិធីណា?

១០ ដើម្បីដឹងនូវមូលហេតុដែលព្រះអនុញ្ញាតឲ្យមានការរងទុក្ខវេទនានោះ យើងត្រូវគិតអំពីពេលដែលការរងទុក្ខវេទនាបានចាប់ផ្ដើម។ នៅពេលដែលសាតាំងនាំអ័ដាមនិងអេវ៉ាកុំឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ានោះ មានរឿងសំខាន់មួយដែលបានចោទឡើង។ សាតាំងមិនបានបង្កើតឲ្យមានការសង្ស័យទៅលើតេជានុភាពរបស់ព្រះយេហូវ៉ាទេ។ សូម្បីតែសាតាំងក៏ដឹងថាតេជានុភាពរបស់ព្រះយេហូវ៉ាគ្មានកំរិត។ ក៏ប៉ុន្ដែសាតាំងបានបង្កើតឲ្យមានការសង្ស័យទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាវិញ។ ពេលដែលវាចោទប្រកាន់ព្រះថាទ្រង់ជាអ្នកភូតភរដែលគាបសង្កត់រាស្ដ្រទ្រង់មិនឲ្យទទួលប្រយោជន៍ នោះសាតាំងចោទប្រកាន់ថាព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងមិនល្អ។ (លោកុប្បត្ដិ ៣:២-) សាតាំងបាននិយាយបញ្ឆិតបញ្ឆៀងថា មនុស្សជាតិនឹងទទួលប្រយោជន៍ច្រើនជាងបើព្រះមិនគ្រប់គ្រងលើពួកគេ។ នេះជាការចោទប្រកាន់ទៅលើអធិបតេយ្យសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។

១១. ហេតុអ្វីព្រះយេហូវ៉ាមិនបានបំផ្លាញចោលពួកអ្នកដែលប្រឆាំងនៅសួនច្បារអេដែន?

១១ អ័ដាមនិងអេវ៉ាបានឈប់ចុះចូលនឹងព្រះ។ ទង្វើនេះគឺហាក់ដូចជាពួកគេបាននិយាយថា«យើងមិនត្រូវការព្រះយេហូវ៉ាគ្រប់គ្រងលើយើងទេ។ យើងអាចសម្រេចចិត្ដដោយខ្លួនឯងចំពោះអ្វីដែលល្អ និងអ្វីដែលអាក្រក់»។ តើព្រះយេហូវ៉ាអាចដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេច? តើទ្រង់អាចធ្វើដូចម្ដេចដើម្បីឲ្យមនុស្សនិងទេវតាឃើញថា ពួកអ្នកដែលប្រឆាំងនោះបានគិតខុស ហើយការគ្រប់គ្រងរបស់ទ្រង់គឺល្អបំផុត? មនុស្សខ្លះប្រហែលជានិយាយថា ព្រះគួរតែបំផ្លាញពួកអ្នកប្រឆាំងទាំងនោះចោលទៅ ហើយបង្កើតមនុស្សថ្មីវិញ។ ប៉ុន្ដែព្រះយេហូវ៉ាបានមានបន្ទូលថា បំណងព្រះហឫទ័យទ្រង់គឺចង់ឲ្យផែនដីពេញទៅដោយកូនចៅរបស់អ័ដាមនិងអេវ៉ា ហើយទ្រង់ចង់ឲ្យពួកគេរស់ក្នុងសួនមនោរម្យ។ (លោកុប្បត្ដិ ១:២៨) ព្រះយេហូវ៉ាតែងតែធ្វើឲ្យបំណងព្រះហឫទ័យរបស់ទ្រង់បានសម្រេច។ (អេសាយ ៥៥:១០, ១១) ម្យ៉ាងទៀត ការបំផ្លាញពួកអ្នកប្រឆាំងនៅសួនច្បារអេដែនមិនមែនជាការតបឆ្លើយចំពោះការចោទប្រកាន់ទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាឡើយ។

១២, ១៣. សូមឲ្យឧទាហរណ៍អំពីមូលហេតុព្រះយេហូវ៉ាបានឲ្យសាតាំងគ្រប់គ្រងលោកីយ៍ ហើយមូលហេតុព្រះឲ្យមនុស្សគ្រប់គ្រងខ្លួនឯង។

១២ សូមពិចារណាឧទាហរណ៍មួយ។ គ្រូបង្រៀនគណិតវិទ្យាម្នាក់កំពុងតែពន្យល់សិស្សឲ្យយល់ពីវិធីធ្វើលំហាត់។ ឧបមាថាមានសិស្សឆ្លាតម្នាក់ដែលមិនចូលចិត្ដស្ដាប់គ្រូ ហើយគាត់អះអាងថាការពន្យល់របស់គ្រូគឺមិនត្រឹមត្រូវទេ។ សិស្សនោះនិយាយបញ្ឆិតបញ្ឆៀងថា គ្រូមិនចេះទេ ហើយប្រាប់ម្ដងហើយម្ដងទៀតថាគាត់ស្គាល់វិធីមួយផ្សេងទៀតដែលល្អជាងនេះឆ្ងាយណាស់។ សិស្សខ្លះគិតស្មានថាគាត់និយាយត្រូវ ហើយពួកគេក៏ឈប់ស្ដាប់គ្រូដែរ។ តើគ្រូគួរធ្វើយ៉ាងណា? បើគ្រូបណ្ដេញសិស្សដែលប្រឆាំងចេញពីថ្នាក់រៀន តើសិស្សទៀតនឹងគិតដូចម្ដេច? សិស្សទៀតនឹងគិតស្មានថាសិស្សដែលប្រឆាំងនោះហើយនិងអ្នកដែលគាំទ្រគាត់បាននិយាយត្រឹមត្រូវ មែនទេ? សិស្សទៀតក្នុងថ្នាក់រៀនប្រហែលជានឹងលែងគោរពគ្រូនោះ ដោយគិតស្មានថាគ្រូមិនចង់ឲ្យសិស្សដែលប្រឆាំងបង្ហាញឲ្យឃើញនូវកំហុសរបស់គ្រូ ពីព្រោះគ្រូខ្លាចបាក់មុខ។ ក៏ប៉ុន្ដែ ចុះបើគ្រូឲ្យសិស្សដែលប្រឆាំងនោះបង្ហាញវិធីដែលគាត់នឹងធ្វើលំហាត់នោះវិញ។

តើសិស្សមានសមត្ថភាពច្រើនជាងគ្រូទេ?

១៣ អ្វីដែលព្រះយេហូវ៉ាបានធ្វើគឺស្រដៀងនឹងអ្វីដែលគ្រូនោះបានធ្វើដែរ។ សូមចាំថា មិនមានតែអ្នកប្រឆាំងនៅសួនច្បារអេដែនទេដែលឃើញរឿងនោះ។ ទេវតារាប់លានរូបក៏បានមើលឃើញដែរ។ (យ៉ូប ៣៨:៧; ដានីយ៉ែល ៧:១០) អ្វីដែលព្រះយេហូវ៉ាសម្រេចធ្វើក្នុងករណីនោះនឹងមានឥទ្ធិពលទៅលើទេវតាទាំងអស់ ហើយមនុស្សទាំងឡាយដែលកើតក្រោយមកដែរ។ ដូច្នេះ តើព្រះយេហូវ៉ាបានធ្វើអ្វី? ទ្រង់បានឲ្យសាតាំងបង្ហាញរបៀបដែលវានឹងគ្រប់គ្រងមនុស្សជាតិវិញ។ ព្រះក៏បានអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងខ្លួនឯងក្រោមការដឹកនាំរបស់សាតាំងដែរ។

១៤. ព្រះយេហូវ៉ាបានសម្រេចឲ្យមនុស្សជាតិគ្រប់គ្រងខ្លួនឯង តើនោះនឹងមានប្រយោជន៍អ្វី?

១៤ ក្នុងឧទាហរណ៍របស់យើង គ្រូនោះដឹងថាសិស្សដែលប្រឆាំងនិងសិស្សទៀតដែលគាំទ្រគាត់កំពុងតែគិតខុស។ ក៏ប៉ុន្ដែ គ្រូក៏ដឹងដែរថា បើអនុញ្ញាតឲ្យសិស្សប្រឆាំងខំបញ្ជាក់ថាពួកគេនិយាយត្រឹមត្រូវនោះ សិស្សទាំងអស់ក្នុងថ្នាក់នឹងទទួលប្រយោជន៍។ នៅពេលសិស្សដែលប្រឆាំងទាំងនោះទទួលបរាជ័យ សិស្សដែលមានចិត្ដស្មោះនឹងឃើញថា មានតែគ្រូទេដែលមានសមត្ថភាពបង្រៀនក្នុងថ្នាក់។ ពួកគេនឹងយល់នូវមូលហេតុដែលគ្រូបណ្ដេញសិស្សណាដែលប្រឆាំងចេញពីថ្នាក់ក្រោយមក។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាជ្រាបថា មនុស្សហើយទេវតាស្មោះត្រង់ទាំងអស់នឹងទទួលប្រយោជន៍ពេលឃើញសាតាំងនិងអ្នកដែលចូលដៃជាមួយវាបរាជ័យ ហើយឃើញថាមនុស្សគ្រប់គ្រងខ្លួនឯងមិនបាន។ ដូចយេរេមានៅសម័យបុរាណ ពួកគេនឹងរៀនសេចក្ដីពិតមួយដែលថា«ព្រះយេហូវ៉ាអើយ! ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។—យេរេមា ១០:២៣

ហេតុអ្វីយូរម៉្លេះ?

១៥, ១៦. () ហេតុអ្វីព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមានការរងទុក្ខវេទនាយូរម៉្លេះ? () ហេតុអ្វីព្រះយេហូវ៉ាមិនទប់ស្កាត់អំពើអាក្រក់ ដូចជាអំពើឃោរឃៅព្រៃផ្សៃជាដើម?

១៥ ក៏ប៉ុន្ដែ ហេតុអ្វីព្រះយេហូវ៉ាឲ្យការរងទុក្ខវេទនាបន្ដយូរម៉្លេះ? ហើយហេតុអ្វីទ្រង់មិនធ្វើអន្ដរាគមន៍ កុំឲ្យរឿងអាក្រក់កើតឡើង? សូមពិចារណាអ្វីពីរយ៉ាងដែលគ្រូបង្រៀនក្នុងឧទាហរណ៍មុនមិនបានធ្វើ។ ទីមួយ គ្រូមិនបានឃាត់សិស្សដែលប្រឆាំងទេ ពេលខំបញ្ជាក់ថាគាត់និយាយត្រឹមត្រូវនោះ។ ទីពីរ គ្រូមិនបានជួយសិស្សដែលប្រឆាំងរកវិធីបញ្ជាក់ថាគាត់និយាយត្រឹមត្រូវ។ ស្រដៀងគ្នាដែរ សូមពិចារណាអ្វីពីរយ៉ាងដែលព្រះយេហូវ៉ាបានសម្រេចថាទ្រង់នឹងមិនធ្វើនោះ។ ទីមួយ ទ្រង់មិនបានឃាត់សាតាំងនិងអ្នកដែលគាំទ្រវា កុំឲ្យបង្ហាញភស្ដុតាងថាពួកគេគឺត្រឹមត្រូវនោះ។ ដូច្នេះ ទ្រង់ត្រូវទុកពេលឲ្យពួកគេបង្ហាញភស្ដុតាងនេះ។ ក្នុងកំលុងរាប់ពាន់ឆ្នាំដែលមនុស្សបានរស់នៅផែនដី មនុស្សជាតិបានសាកការគ្រប់គ្រងសព្វបែបយ៉ាង។ ក្នុងវិស័យវិទ្យាសាស្ដ្រ និងវិស័យទៀតមានការជឿនលឿនគួរសមដែរ។ ក៏ប៉ុន្ដែភាពអយុត្ដិធម៌ ភាពក្រីក្រ ឧក្រិដ្ឋកម្ម និងសង្គ្រាមមានរឹតតែច្រើនឡើងដែរ។ ទាំងអស់នេះបង្ហាញថាការគ្រប់គ្រងរបស់មនុស្សបានទទួលបរាជ័យ។

១៦ ទីពីរ ព្រះយេហូវ៉ាមិនបានជួយឲ្យសាតាំងគ្រប់គ្រងលោកីយ៍។ ជាឧទាហរណ៍ បើព្រះទប់ស្កាត់អំពើឃោរឃៅព្រៃផ្សៃ នោះមានន័យថាទ្រង់កំពុងតែគាំទ្រអ្នកប្រឆាំង មែនទេ? បើព្រះធ្វើដូច្នេះ នោះនឹងនាំឲ្យមនុស្សគិតថាពួកគេអាចគ្រប់គ្រងខ្លួនឯងដោយគ្មានលទ្ធផលអាក្រក់ មែនទេ? បើព្រះយេហូវ៉ាធ្វើដូច្នេះ នេះមានន័យថាទ្រង់កំពុងតែគាំទ្រសេចក្ដីភូតភរ។ ក៏ប៉ុន្ដែ «ព្រះទ្រង់កុហកពុំបានទេ»។—ហេព្រើរ ៦:១៨

១៧, ១៨. តើព្រះយេហូវ៉ានឹងធ្វើយ៉ាងណាចំពោះផលវិបាកដែលមកពីការគ្រប់គ្រងរបស់មនុស្សហើយអានុភាពរបស់សាតាំង?

១៧ ក៏ប៉ុន្ដែ ចុះយ៉ាងណាវិញចំពោះផលវិបាកដែលមកពីការប្រឆាំងព្រះអស់រយៈពេលយូរដូច្នេះ? យើងគួរចាំថា ព្រះយេហូវ៉ាមានគ្រប់ព្រះចេស្ដា។ ដូច្នេះ ទ្រង់អាចលុបបំបាត់ហើយទ្រង់នឹងបំបាត់ចោលរាល់ផលវិបាកដែលមកពីទុក្ខវេទនានោះ។ យើងបានរៀនហើយថា ផលប៉ះពាល់ដែលមកពីការបង្ខូចផែនដីនឹងត្រូវបំបាត់ចោលដោយធ្វើឲ្យផែនដីទៅជាសួនមនោរម្យវិញ។ រាល់ផលវិបាកដែលមកពីបាបនឹងត្រូវបំបាត់ចោលតាមរយៈជំនឿលើយញ្ញបូជាលោះរបស់ព្រះយេស៊ូ ហើយសេចក្ដីស្លាប់នឹងត្រូវបំបាត់ចោលដោយការប្រោសឲ្យរស់ឡើងវិញ។ យ៉ាងនេះ ព្រះនឹងប្រើព្រះយេស៊ូដើម្បី«បំផ្លាញការរបស់អារក្សចេញ»។ (យ៉ូហានទី១ ៣:៨) ព្រះយេហូវ៉ានឹងធ្វើការទាំងអស់នេះនៅពេលដ៏ល្អបំផុត។ យើងគួរសប្បាយដែលទ្រង់មិនបានធ្វើការទាំងនេះមុន ដ្បិតការអត់ធ្មត់របស់ទ្រង់បានផ្ដល់ឱកាសឲ្យយើងរៀនសេចក្ដីពិតនិងបំរើទ្រង់។ (ពេត្រុសទី២ ៣:៩, ១០) ចន្លោះពេលនោះ ព្រះបានស្វែងរកអ្នកដែលចង់ថ្វាយបង្គំទ្រង់ដោយចិត្ដស្មោះ ហើយសព្វថ្ងៃនេះទ្រង់ក៏កំពុងតែធ្វើដូច្នេះដែរ។ ទ្រង់ជួយពួកគេស៊ូទ្រាំនឹងទុក្ខវេទនាណាដែលពួកគេជួបប្រទះក្នុងលោកីយ៍នេះដែលពេញទៅដោយបញ្ហា។—យ៉ូហាន ៤:២៣; កូរិនថូសទី១ ១០:១៣

១៨ មនុស្សខ្លះគិតថា យើងប្រហែលជានឹងគ្មានការរងទុក្ខវេទនាទេ បើព្រះបានបង្កើតអ័ដាមនិងអេវ៉ាឲ្យមានគំនិតល្អរហូតដើម្បីមិនអាចប្រឆាំងទ្រង់បាន។ ដើម្បីយល់អំពីមូលហេតុទ្រង់មិនបានធ្វើដូច្នោះ អ្នកត្រូវចាំអំពីអំណោយថ្លៃវិសេសមួយដែលព្រះយេហូវ៉ាបានប្រទាន។

តើអ្នកនឹងប្រើអំណោយពីព្រះយ៉ាងណា?

ព្រះនឹងជួយយើងស៊ូទ្រាំទុក្ខវេទនា

១៩. តើព្រះយេហូវ៉ាបានប្រទានអំណោយវិសេសអ្វីដល់យើង? ហេតុអ្វីយើងគួរយល់តម្លៃនៃអំណោយនេះ?

១៩ ដូចដែលយើងបានអាននៅជំពូកទីនោះ មនុស្សបានត្រូវបង្កើតឲ្យមានចិត្ដសេរី។ តើអ្នកយល់តម្លៃវិសេសនៃអំណោយនោះទេ? ព្រះបានបង្កើតសត្វច្រើនឥតគណនា ហើយសត្វទាំងឡាយច្រើនតែធ្វើអ្វីទៅតាមសភាវគតិរបស់វា។ (សុភាសិត ៣០:២៤) បើព្រះបានបង្កើតយើងដូចសត្វទាំងនោះ តើអ្នកសប្បាយទេ? មិនសប្បាយទាល់តែសោះ! យើងសប្បាយដែលយើងមានចិត្ដសេរីដើម្បីសម្រេចចិត្ដថាចង់ទៅជាមនុស្សបែបណា ចង់ជ្រើសរើសវិថីជីវិតណា និងចង់ជ្រើសរើសអ្នកណាជាមិត្ដភក្ដិជាដើម។ យើងស្រឡាញ់សេរីភាព ហើយព្រះចង់ឲ្យយើងរីករាយនឹងសេរីភាពនោះផងដែរ។

២០, ២១. តើយើងអាចប្រើចិត្ដសេរីរបស់យើងដែលជាអំណោយពីព្រះក្នុងផ្លូវល្អបំផុតយ៉ាងណា? តើយើងគួរធ្វើដូច្នេះដោយសារអ្វី?

២០ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងកិច្ចបំរើដែលថ្វាយដោយសារមានការបង្ខិតបង្ខំនោះទេ។ (កូរិនថូសទី២ ៩:៧) ជាឧទាហរណ៍ តើមួយណាធ្វើឲ្យឪពុកម្ដាយសប្បាយជាងពេលមានគេបង្គាប់កូនឲ្យនិយាយថា«កូនស្រឡាញ់ប៉ាម៉ាក់»ពេលកូននិយាយចេញពីចិត្ដដោយខ្លួនឯង? ដូច្នេះជាការសំខាន់ដែលយើងសួរខ្លួនឯងថា តើអ្នកនឹងប្រើចិត្ដសេរីដែលព្រះយេហូវ៉ាបានប្រទានឲ្យអ្នកដើម្បីធ្វើអ្វីខ្លះ? សាតាំង អ័ដាម និងអេវ៉ាបានប្រើចិត្ដសេរីរបស់ពួកគេក្នុងផ្លូវអាក្រក់បំផុត។ ពួកគេមិនព្រមស្ដាប់បង្គាប់ព្រះយេហូវ៉ាឡើយ។ តើអ្នកនឹងធ្វើយ៉ាងណាដែរ?

២១ អ្នកមានឱកាសប្រើចិត្ដសេរីដែលជាអំណោយវិសេសនោះ ក្នុងផ្លូវល្អបំផុត។ អ្នកអាចចូលរួមជាមួយនឹងមនុស្សរាប់លាននាក់ដែលបានចូលខាងព្រះយេហូវ៉ា។ ពួកគេធ្វើឲ្យទ្រង់រីករាយ ដោយសារពួកគេចូលរួមយ៉ាងសកម្មក្នុងការបង្ហាញថាសាតាំងជាអ្នកភូតភរ ហើយបានបរាជ័យយ៉ាងជូរចត់ជាអ្នកគ្រប់គ្រង។ (សុភាសិត ២៧:១១) អ្នកក៏អាចធ្វើដូចគ្នាដែរដោយសម្រេចចិត្ដដើរតាមមាគ៌ាដែលនាំទៅជីវិត។ នេះនឹងត្រូវពន្យល់ក្នុងជំពូកបន្ទាប់។