លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូកទីដប់បី

ចូរមានទស្សនៈដូចព្រះចំពោះជីវិត

ចូរមានទស្សនៈដូចព្រះចំពោះជីវិត
  • តើព្រះមានទស្សនៈយ៉ាងណាចំពោះជីវិត?

  • តើព្រះមានទស្សនៈយ៉ាងណាចំពោះការពន្លូតកូន?

  • តើយើងត្រូវបង្ហាញការគោរពចំពោះជីវិតយ៉ាងដូចម្ដេច?

. តើអ្នកណាបានបង្កើតអ្វីទាំងអស់ដែលមានជីវិត?

ព្យាការីយេរេមានិយាយថា«ព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ពិតវិញ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ»។ (យេរេមា ១០:១០) ម្យ៉ាងទៀត ព្រះយេហូវ៉ាជាអ្នកបង្កើតអ្វីទាំងអស់ដែលមានជីវិត។ បុគ្គលវិញ្ញាណនៅស្ថានសួគ៌ធ្លាប់ទូលព្រះយេហូវ៉ាថា«ទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង»។ (វិវរណៈ ៤:១១) ស្ដេចដាវីឌបានច្រៀងសរសើរព្រះដោយពោលថា«ព្រះអង្គជាប្រភពនៃជីវិត»។ (ទំនុកតម្កើង ៣៦:១០, ខ.ស. [ទំនុកដំកើង ៣៦:៩]) ដូច្នេះ ជីវិតជាអំណោយពីព្រះ។

. តើព្រះផ្គត់ផ្គង់អ្វីខ្លះដើម្បីទ្រទ្រង់ជីវិតយើង?

ព្រះយេហូវ៉ាក៏ទ្រទ្រង់ជីវិតយើងផងដែរ។ (កិច្ចការ ១៧:២៨) ទ្រង់ផ្គត់ផ្គង់អាហារដែលយើងបរិភោគ ទឹកដែលយើងផឹក ខ្យល់សំរាប់ដកដង្ហើម និងដីដែលយើងនៅ។ (កិច្ចការ ១៤:១៥-១៧) វិធីដែលព្រះយេហូវ៉ាបានផ្គត់ផ្គង់អ្វីទាំងនោះធ្វើឲ្យយើងសប្បាយនឹងជីវិត។ ប៉ុន្ដែដើម្បីមានសុភមង្គលច្រើនបំផុត យើងត្រូវតែរៀនច្បាប់របស់ព្រះ ហើយធ្វើតាមច្បាប់ទាំងនោះ។—អេសាយ ៤៨:១៧, ១៨

ការបង្ហាញការគោរពចំពោះជីវិត

. តើព្រះមានទស្សនៈយ៉ាងណាចំពោះការសំឡាប់អេបិល?

ព្រះមានព្រះហឫទ័យចង់ឲ្យយើងគោរពជីវិតរបស់ខ្លួនយើងផង និងអ្នកដទៃផងដែរ។ ជាឧទាហរណ៍ នៅសម័យអ័ដាមនិងអេវ៉ា កូនប្រុសរបស់ពួកគាត់ឈ្មោះកាអ៊ីនបានខឹងយ៉ាងខ្លាំង ហើយបានសំឡាប់ប្អូនរបស់គាត់ឈ្មោះអេបិល។ ព្រះយេហូវ៉ាបានព្រមានកាអ៊ីនថា កំហឹងអាចនាំឲ្យគាត់ធ្វើបាបធ្ងន់ធ្ងរ។ កាអ៊ីនមិនបានស្ដាប់តាមការព្រមាននោះទេ។ គាត់បាន«សំឡាប់អេបិលជាប្អូនទៅ»។ (លោកុប្បត្ដិ ៤:៣-) ព្រះយេហូវ៉ាបានដាក់ទោសកាអ៊ីនដោយសារគាត់សំឡាប់ប្អូនខ្លួន។—លោកុប្បត្ដិ ៤:៩-១១

. ក្នុងក្រិត្យវិន័យម៉ូសេ តើព្រះបញ្ជាក់ទស្សនៈត្រឹមត្រូវចំពោះជីវិតមនុស្សយ៉ាងដូចម្ដេច?

រាប់ពាន់ឆ្នាំក្រោយមក ព្រះយេហូវ៉ាបានប្រទានក្រិត្យវិន័យទៅសាសន៍អ៊ីស្រាអែលដើម្បីជួយឲ្យពួកគេបំរើទ្រង់សមស្របតាមព្រះហឫទ័យទ្រង់។ ជួនកាលក្រិត្យវិន័យនោះត្រូវហៅថាក្រិត្យវិន័យម៉ូសេ ដោយសារព្រះយេហូវ៉ាបានប្រទានក្រិត្យវិន័យនោះតាមរយៈព្យាការីម៉ូសេ។ ច្បាប់មួយក្នុងក្រិត្យវិន័យម៉ូសេចែងថា«កុំឲ្យសំឡាប់មនុស្សឲ្យសោះ»។ (ចោទិយកថា ៥:១៧) នេះបានបង្ហាញជនជាតិអ៊ីស្រាអែលថា ជីវិតមនុស្សមានតម្លៃណាស់ចំពោះព្រះ ហើយមនុស្សត្រូវតែឲ្យតម្លៃលើជីវិតអ្នកទៀតដែរ។

. តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការពន្លូតកូន?

ចុះជីវិតរបស់កូនដែលមិនទាន់កើតនោះ? យោងទៅតាមក្រិត្យវិន័យម៉ូសេ ការបណ្ដាលឲ្យទារកក្នុងផ្ទៃស្លាប់គឺជាអំពើខុស។ ពិតមែន សូម្បីតែជីវិតរបស់កូនដែលមិនទាន់កើតក៏ដោយក៏មានតម្លៃចំពោះព្រះយេហូវ៉ាដែរ។ (និក្ខមនំ ២១:២២, ២៣; ទំនុកដំកើង ១២៧:៣) នេះមានន័យថាការពន្លូតកូនគឺជាការខុស។

. ហេតុអ្វីយើងមិនគួរស្អប់អ្នកទៀត?

ការគោរពជីវិតរួមបញ្ចូលការមានទស្សនៈត្រឹមត្រូវចំពោះមនុស្សទៀត។ ព្រះគម្ពីរចែងថា«អ្នកណាដែលមានចិត្ដស្អប់ដល់បងប្អូន នោះឈ្មោះថាជាអ្នកសំឡាប់គេ ហើយអ្នករាល់គ្នាដឹងហើយ ថាគ្មានអ្នកសំឡាប់គេណាមួយ ដែលមានជីវិតដ៏រស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ»។ (យ៉ូហានទី១ ៣:១៥) បើយើងចង់បានជីវិតជារៀងរហូត យើងត្រូវតែជំរះការស្អប់ចេញពីចិត្ដយើងឲ្យអស់ ពីព្រោះអំពើហិង្សាភាគច្រើនផ្ដើមចេញពីការស្អប់។ (យ៉ូហានទី១ ៣:១១, ១២) យើងត្រូវរៀនឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមកជាចាំបាច់។

. តើការប្រព្រឹត្ដអ្វីខ្លះដែលមិនបង្ហាញការគោរពចំពោះជីវិត?

ចុះយ៉ាងណាវិញការគោរពជីវិតរបស់ខ្លួន? ធម្មតាមនុស្សមិនចង់ស្លាប់ទេ។ ប៉ុន្ដែមនុស្សខ្លះប្រថុយជីវិតដើម្បីការសប្បាយ។ ជាឧទាហរណ៍ មនុស្សជាច្រើនប្រើថ្នាំញៀន ជក់បារី ឬទំពាស្លាម្លូ។ របស់ទាំងនេះបង្កគ្រោះថ្នាក់ដល់សុខភាព ហើយជាច្រើនដងក៏ធ្លាប់នាំឲ្យអ្នកប្រើវាស្លាប់ទៀតផង។ មនុស្សដែលមានទម្លាប់ប្រើគ្រឿងទាំងនេះមិនចាត់ទុកជីវិតជាអ្វីដែលពិសិដ្ឋនោះទេ។ ចំពោះព្រះការប្រព្រឹត្ដទាំងនេះគឺស្មោកគ្រោក។ (រ៉ូម ៦:១៩; ១២:១; កូរិនថូសទី២ ៧:១) ដើម្បីបំរើព្រះតាមដែលទ្រង់សព្វព្រះហឫទ័យនោះ យើងត្រូវតែលះចោលគ្រប់ការប្រព្រឹត្ដទាំងនេះឲ្យជ្រះស្រឡះ។ ទោះជាការលះចោលការប្រព្រឹត្ដទាំងនេះគឺពិបាកយ៉ាងណាក៏ដោយ ក៏ព្រះយេហូវ៉ាអាចផ្ដល់ជំនួយដែលយើងត្រូវការ។ ហើយទ្រង់យល់តម្លៃនៃការព្យាយាមរបស់យើង ក្នុងការបង្ហាញថាយើងចាត់ទុកជីវិតរបស់យើងជាអំណោយវិសេសពីទ្រង់។

. ហេតុអ្វីយើងគួរយកចិត្ដទុកដាក់ជានិច្ចនឹងសុវត្ថិភាពខ្លួនព្រមទាំងអ្នកទៀត?

បើយើងគោរពជីវិត យើងនឹងយកចិត្ដទុកដាក់ជានិច្ចនឹងសុវត្ថិភាពខ្លួនព្រមទាំងអ្នកទៀត។ យើងនឹងមិនធ្វេសប្រហែស ហើយក៏មិនប្រថុយជីវិតដើម្បីការសប្បាយដើម្បីមានអារម្មណ៍រំភើបនោះទេ។ យើងនឹងមិនបើកបរដោយឥតប្រយ័ត្នប្រយែង ឬក៏លេងកីឡាឃោរឃៅដែលអាចបង្កគ្រោះថ្នាក់។ (ទំនុកដំកើង ១១:៥) ក្រិត្យវិន័យដែលព្រះប្រទានដល់ជនជាតិអ៊ីស្រាអែលនៅសម័យបុរាណចែងថា«កាលណាសង់ផ្ទះថ្មី[ដែលមានដំបូលរាប] នោះត្រូវឲ្យធ្វើបង្កាន់ដៃលើដំបូល ដើម្បីកុំឲ្យមានអ្នកណាធ្លាក់ពីលើនោះទៅក្រោមនឹងនាំឲ្យមានទោសចំពោះឈាមគេលើផ្ទះឯងឡើយ»។ (ចោទិយកថា ២២:៨) ចូរប្រព្រឹត្ដឲ្យសមស្របតាមគោលការណ៍ក្នុងច្បាប់នេះ ដោយថែទាំជណ្ដើរនៅផ្ទះរបស់អ្នកឲ្យបានល្អ ដើម្បីកុំឲ្យអ្នកណាជំពប់ដួលនិងរងរបួសធ្ងន់ធ្ងរ។ បើអ្នកមានឡានម៉ូតូ ចូរយកចិត្ដទុកដាក់ថែទាំវាដើម្បីអាចបើកបរដោយសុវត្ថិភាព។ កុំឲ្យផ្ទះ ឡាន ឬម៉ូតូរបស់អ្នកបង្កគ្រោះថ្នាក់ដល់អ្នកទៀត។

. បើយើងមានការគោរពចំពោះជីវិត តើយើងនឹងប្រព្រឹត្ដយ៉ាងណាទៅលើសត្វ?

ចុះយ៉ាងណាចំពោះជីវិតរបស់សត្វ? ជីវិតរបស់សត្វក៏ពិសិដ្ឋចំពោះអ្នកបង្កើតដែរ។ ព្រះអនុញ្ញាតឲ្យសំឡាប់សត្វសំរាប់ធ្វើជាអាហារនិងសម្លៀកបំពាក់ ឬដើម្បីការពារមនុស្សពីគ្រោះថ្នាក់។ (លោកុប្បត្ដិ ៣:២១; ៩:៣; និក្ខមនំ ២១:២៨) ក៏ប៉ុន្ដែការប្រព្រឹត្ដឃោរឃៅឥតមេត្ដាទៅលើសត្វ ឬក៏សំឡាប់សត្វជាការកំសាន្ដគឺជាការខុស ហើយបង្ហាញថាយើងមិនគោរពភាពពិសិដ្ឋនៃជីវិតសោះឡើយ។—សុភាសិត ១២:១០

ការបង្ហាញការគោរពចំពោះឈាម

១០. តើព្រះយេហូវ៉ាបានបញ្ជាក់ទំនាក់ទំនងរវាងជីវិតនិងឈាមយ៉ាងដូចម្ដេច?

១០ ក្រោយកាអ៊ីនសំឡាប់អេបិលនោះ ព្រះយេហូវ៉ាមានបន្ទូលទៅកាន់កាអ៊ីនថា«សូរសំរែកនៃឈាមរបស់ប្អូនឯងពីដីឡើងទៅដល់អញ»។ (លោកុប្បត្ដិ ៤:១០) នៅពេលដែលព្រះយេហូវ៉ាមានបន្ទូលអំពីឈាមរបស់អេបិល ទ្រង់កំពុងតែមានបន្ទូលអំពីជីវិតអេបិល។ កាអ៊ីនបានដកហូតជីវិតរបស់អេបិល ហើយឥឡូវកាអ៊ីនត្រូវទទួលទោស។ គឺហាក់ដូចជាឈាមជីវិតរបស់អេបិលកំពុងតែស្រែកទូលអង្វរព្រះយេហូវ៉ាដើម្បីរកយុត្ដិធម៌។ ទំនាក់ទំនងរវាងឈាមនិងជីវិតបានត្រូវបង្ហាញឲ្យឃើញម្ដងទៀតក្រោយពីទឹកជំនន់នៅសម័យណូអេ។ មុនទឹកជំនន់ មនុស្សធ្លាប់បរិភោគតែផ្លែឈើ បន្លែ និងធញ្ញជាតិ។ ក្រោយទឹកជំនន់ ព្រះយេហូវ៉ាមានបន្ទូលនឹងណូអេព្រមទាំងកូនប្រុសទាំងប៉ុន្មានរបស់គាត់ថា«បណ្ដាសត្វទាំងប៉ុន្មានដែលកំរើកហើយនៅរស់ នោះនឹងបានជាអាហារដល់ឯង ដូចជាតិណជាតិទាំងអស់ដែលអញបានឲ្យដល់ឯងនោះដែរ»។ ក៏ប៉ុន្ដែ ព្រះបានដាក់បំរាមមួយ គឺ«សាច់ណាដែលនៅមានជីវិត គឺជាឈាម នោះកុំឲ្យបរិភោគឡើយ»។ (លោកុប្បត្ដិ ១:២៩; ៩:៣, ៤) នេះបង្ហាញយ៉ាងច្បាស់ថា តាមទស្សនៈព្រះយេហូវ៉ាជីវិតនិងឈាមគឺផ្សារភ្ជាប់គ្នា។

១១. តាំងពីសម័យណូអេ តើព្រះបានហាមឃាត់ការប្រើឈាមសំរាប់ធ្វើអ្វី?

១១ យើងបង្ហាញការគោរពចំពោះឈាមដោយមិនបរិភោគឈាម។ ក្នុងក្រិត្យវិន័យដែលព្រះយេហូវ៉ាប្រទានដល់សាសន៍អ៊ីស្រាអែល ទ្រង់បង្គាប់ថា«អ្នកណា . . . ដែលដេញចាប់បានសត្វជើង៤ ឬសត្វស្លាប ដែលបរិភោគបាន ត្រូវឲ្យអ្នកនោះសំរក់ឈាមចោលចេញ រួចយកដីគ្របវិញ . . . អញហាមដល់ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាមិនត្រូវបរិភោគឈាមនៃសត្វណាមួយឡើយ»។ (លេវីវិន័យ ១៧:១៣, ១៤) ដូច្នេះ បង្គាប់របស់ព្រះចំពោះណូអេប្រមាណ៨០០ឆ្នាំមុនដែលថាមិនត្រូវបរិភោគឈាមសត្វ នៅតែមានសុពលភាពនៅសម័យអ៊ីស្រាអែលដដែល។ នេះបញ្ជាក់ទស្សនៈរបស់ព្រះយេហូវ៉ាយ៉ាងច្បាស់ គឺអ្នកបំរើរបស់ទ្រង់អាចបរិភោគសាច់សត្វបាន តែមិនត្រូវបរិភោគឈាមឡើយ។ ពួកគេត្រូវចាក់ឈាមនោះចោល។ ដោយធ្វើដូច្នេះ ពួកគេថ្វាយជីវិតសត្វទៅព្រះវិញ។

១២. នៅសតវត្សរ៍ទីមួយ តើវិញ្ញាណបរិសុទ្ធបានផ្ដល់បង្គាប់អ្វីស្ដីអំពីឈាមដែលនៅតែមានសុពលភាពដរាបដល់សព្វថ្ងៃ?

១២ គ្រីស្ទានទាំងឡាយក៏បានទទួលបង្គាប់ស្រដៀងគ្នាដែរ។ បណ្ដាសាវ័កនិងបុរសទៀតដែលបាននាំមុខក្នុងចំណោមសិស្សព្រះយេស៊ូនៅសតវត្សរ៍ទីមួយ បានជួបជុំគ្នាដើម្បីសម្រេចថាតើគ្រីស្ទានទាំងឡាយត្រូវធ្វើតាមបង្គាប់អ្វីខ្លះ? ពួកគេបានសន្និដ្ឋានដូចទៅនេះ«ព្រះវិញ្ញាណបរិសុទ្ធ នឹងយើងខ្ញុំរាល់គ្នាបានយល់ឃើញថា មិនគួរគប្បីនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្ដីទាំងនេះដែលត្រូវតែកាន់នោះឡើយ គឺឲ្យចៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះ១ ឈាម១ សត្វដែលសំឡាប់ដោយច្របាច់១[ពីព្រោះនៅតែមានឈាមក្នុងសាច់] នឹងសេចក្ដីកំផិត»។ (កិច្ចការ ១៥:២៨, ២៩; ២១:២៥) ដូច្នេះយើងត្រូវ‹ចៀសវាងចំពោះឈាម›។ តាមទស្សនៈរបស់ព្រះ ការធ្វើដូច្នេះគឺសំខាន់ស្មើនឹងការចៀសវាងពីការថ្វាយបង្គំរូបព្រះនិងអំពើអសីលធម៌ខាងកាម។

បើគ្រូពេទ្យប្រាប់អ្នកឲ្យជៀសវាងការពិសាស្រា តើអ្នកនឹងចាក់បញ្ចូលស្រាតាមសរសៃទេ?

១៣. សូមឲ្យឧទាហរណ៍ដែលបង្ហាញថា បង្គាប់ដែលថាត្រូវចៀសវាងពីឈាមរួមបញ្ចូលការចាក់បញ្ចូលឈាមដែរ។

១៣ តើបង្គាប់ដែលថាត្រូវចៀសវាងពីឈាមរួមបញ្ចូលការចាក់បញ្ចូលឈាមដែរទេ? មែនហើយ! ជាឧទាហរណ៍ បើគ្រូពេទ្យប្រាប់ថា អ្នកត្រូវចៀសវាងការពិសាស្រា តើពាក្យនោះគ្រាន់តែមានន័យថាអ្នកផឹកស្រាមិនបាន តែអាចចាក់បញ្ចូលស្រាតាមសរសៃឈាមឬ? ប្រាកដជាមិនមានន័យដូច្នេះទេ! ស្រដៀងគ្នាដែរ ការចៀសវាងពីឈាមមានន័យថាមិនត្រូវឲ្យចូលក្នុងរូបកាយទាល់តែសោះ។ ដូច្នេះ ច្បាប់ដែលថាត្រូវចៀសវាងពីឈាមមានន័យថាយើងមិនត្រូវឲ្យអ្នកណាចាក់បញ្ចូលឈាមតាមសរសៃរបស់យើងឡើយ។

១៤, ១៥. បើគ្រូពេទ្យប្រាប់ថាគ្រីស្ទានម្នាក់ត្រូវតែទទួលការចាក់បញ្ចូលឈាម តើគ្រីស្ទាននោះគួរប្រព្រឹត្ដយ៉ាងណា? ហើយហេតុអ្វី?

១៤ ចុះបើគ្រីស្ទានម្នាក់រងរបួសយ៉ាងដំណំត្រូវទទួលការវះកាត់ដែលនាំឲ្យហូរឈាមច្រើននោះ? ឧបមាថា គ្រូពេទ្យប្រាប់គ្រីស្ទាននោះថា បើគាត់មិនទទួលការចាក់បញ្ចូលឈាម គាត់នឹងស្លាប់។ ពិតមែនថាគ្រីស្ទាននោះមិនចង់ស្លាប់ឡើយ។ ដើម្បីរក្សាជីវិតដែលជាអំណោយវិសេសពីព្រះនោះ គាត់ព្រមទទួលការព្យាបាលប្រភេទផ្សេងទៀតដែលមិនរួមបញ្ចូលការចាក់បញ្ចូលឈាមឡើយ។ ដូច្នេះ គាត់នឹងខំរកវិធីព្យាបាលទាំងនេះដែលអាចទទួលបាន ហើយក៏នឹងព្រមទទួលយកវិធីព្យាបាលផ្សេងក្រៅពីការចាក់បញ្ចូលឈាម។

១៥ តើគ្រីស្ទានម្នាក់នឹងរំលងច្បាប់ព្រះ ដើម្បីពន្យារជីវិតខ្លួនឲ្យរស់តែប៉ុន្មានឆ្នាំក្នុងលោកីយ៍នេះឬ? ព្រះយេស៊ូមានបន្ទូលថា«អ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ»។ (ម៉ាថាយ ១៦:២៥) យើងមិនចង់ស្លាប់ទេ។ ប៉ុន្ដែបើយើងខំសង្គ្រោះជីវិតខ្លួនដោយរំលងច្បាប់ព្រះ យើងនឹងអាចបាត់បង់ជីវិតជារៀងរហូត។ ហេតុនេះ យកល្អយើងទុកចិត្ដលើភាពត្រឹមត្រូវនៃច្បាប់របស់ព្រះដោយជឿជាក់ថា បើយើងស្លាប់ដោយសារបុព្វហេតុណាមួយ ព្រះដែលជាប្រភពជីវិតនឹងនឹកចាំពីយើងក្នុងគ្រាដែលមានដំណើររស់ឡើងវិញ ហើយនឹងប្រទានជីវិតជាអំណោយវិសេសមកយើងម្ដងទៀត។—យ៉ូហាន ៥:២៨, ២៩; ហេព្រើរ ១១:៦

១៦. តើអ្នកបំរើព្រះតាំងចិត្ដរឹងមាំដើម្បីធ្វើអ្វី?

១៦ សព្វថ្ងៃនេះ អ្នកបំរើស្មោះភក្ដីរបស់ព្រះតាំងចិត្ដរឹងមាំក្នុងការធ្វើតាមការណែនាំរបស់ទ្រង់ស្ដីអំពីឈាម។ ពួកគេនឹងមិនបរិភោគឈាមសោះឡើយ។ ពួកគេក៏នឹងមិនព្រមទទួលយកការចាក់បញ្ចូលឈាមជាវិធីព្យាបាលនោះទេ។ * ពួកគេប្រាកដថា ព្រះដែលជាអ្នកបង្កើតឈាមជ្រាបពីអ្វីដែលមានប្រយោជន៍ច្រើនបំផុតចំពោះពួកគេ។ តើអ្នកជឿដូច្នេះដែរទេ?

វិធីតែមួយគត់ដែលត្រឹមត្រូវស្ដីអំពីការប្រើឈាម

១៧. ចំពោះសាសន៍អ៊ីស្រាអែលពីសម័យបុរាណ តើវិធីតែមួយគត់ដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យប្រើឈាមគឺជាអ្វី?

១៧ ក្រិត្យវិន័យម៉ូសេបានបញ្ជាក់វិធីត្រឹមត្រូវតែមួយគត់ដែលត្រូវប្រើឈាម។ ស្ដីអំពីការថ្វាយបង្គំដែលព្រះយេហូវ៉ាតម្រូវពីសាសន៍អ៊ីស្រាអែលនោះ ទ្រង់បង្គាប់ថា«ជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយអញបានឲ្យឈាមដល់ឯងរាល់គ្នា សំរាប់នឹងថ្វាយនៅលើអានា ដើម្បីឲ្យបានធួននឹងជីវិតឯង ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន»។ (លេវីវិន័យ ១៧:១១) នៅពេលដែលជនជាតិអ៊ីស្រាអែលធ្វើបាប ពួកគេអាចទទួលការអត់ឱនទោសដោយថ្វាយសត្វជាតង្វាយហើយដាក់ឈាមវាលើអាសនៈនៅរោងឧបោសថ។ នៅសម័យក្រោយពួកគេយកតង្វាយទៅថ្វាយនៅព្រះវិហាររបស់ព្រះវិញ។ វិធីត្រឹមត្រូវតែមួយគត់ដែលត្រូវប្រើឈាមគឺសំរាប់តង្វាយទាំងនោះ។

១៨. តើយើងអាចទទួលប្រយោជន៍និងពរអ្វីតាមរយៈព្រះលោហិតឈាមរបស់ព្រះយេស៊ូ?

១៨ គ្រីស្ទានពិតមិននៅក្រោមក្រិត្យវិន័យម៉ូសេទេ ហើយហេតុនេះពួកគេមិនថ្វាយសត្វជាតង្វាយដាក់ឈាមសត្វលើអាសនៈមួយនោះឡើយ។ (ហេព្រើរ ១០:១) ក៏ប៉ុន្ដែ ការប្រើឈាមលើអាសនៈនៅសម័យអ៊ីស្រាអែលពីបុរាណ សំដៅទៅលើតង្វាយដែលមានតម្លៃក្រៃលែង នោះគឺយញ្ញបូជារបស់ព្រះរាជបុត្រារបស់ព្រះ ព្រះយេស៊ូគ្រីស្ទ។ ដូចដែលយើងបានរៀននៅជំពូកទី ព្រះយេស៊ូបានបូជាព្រះជន្មទ្រង់ដើម្បីយើង ដោយឲ្យគេបង្ហូរព្រះលោហិតឈាមទ្រង់ជាតង្វាយ។ រួចមកទ្រង់ឡើងទៅស្ថានសួគ៌ថ្វាយតម្លៃនៃព្រះលោហិតទ្រង់ចំពោះព្រះមួយដងជាការស្រេច។ (ហេព្រើរ ៩:១១, ១២) នេះជាមូលដ្ឋាននៃការអត់ឱនទោសបាបរបស់យើងហើយក៏បានផ្ដល់លទ្ធភាពឲ្យយើងទទួលជីវិតជារៀងរហូត។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦) ការប្រើឈាមតាមវិធីនេះពិតជាសំខាន់ណាស់! (ពេត្រុសទី១ ១:១៨, ១៩) យើងត្រូវមានជំនឿលើតម្លៃនៃព្រះលោហិតរបស់ព្រះយេស៊ូដែលបានត្រូវបង្ហូរនោះ ទើបអាចទទួលសេចក្ដីសង្គ្រោះបាន។

តើអ្នកអាចបង្ហាញការគោរពចំពោះជីវិតនិងឈាមយ៉ាងដូចម្ដេច?

១៩. តើយើងត្រូវធ្វើអ្វីដើម្បីអាច‹បរិសុទ្ធពីឈាមរបស់មនុស្សទាំងអស់›?

១៩ យើងមានកតញ្ញូធម៌ជ្រាលជ្រៅណាស់ចំពោះព្រះយេហូវ៉ា ពីព្រោះទ្រង់បង្ហាញសេចក្ដីស្រឡាញ់ដោយប្រទានអំណោយមួយមកយើង គឺជីវិត! ហើយកតញ្ញូធម៌នោះគួរជំរុញឲ្យយើងប្រាប់អ្នកទៀតអំពីឱកាសទទួលជីវិតជារៀងរហូតដោយមានជំនឿទៅលើយញ្ញបូជារបស់ព្រះយេស៊ូ មែនទេ? បើយើងមានអារម្មណ៍ដូចព្រះដោយចង់ជួយឲ្យមនុស្សបានជីវិតជារៀងរហូតនោះ ចំណង់នោះនឹងជំរុញឲ្យយើងខ្នះខ្នែងធ្វើដូច្នេះដោយចិត្ដរំភើប។ (អេសេគាល ៣:១៧-២១) បើយើងព្យាយាមបំពេញភារកិច្ចនេះ យើងនឹងអាចនិយាយដូចសាវ័កប៉ុលថា៖ ‹ខ្ញុំបរិសុទ្ធពីឈាមមនុស្សទាំងអស់ ខ្ញុំមិនបានខាននឹងប្រាប់អ្នករាល់គ្នា ពីគ្រប់ទាំងគំនិតរបស់ព្រះទេ›។ (កិច្ចការ ២០:២៦, ២៧) ការប្រាប់មនុស្សអំពីព្រះនិងគោលបំណងរបស់ទ្រង់ជាវិធីល្អមួយដែលយើងអាចបង្ហាញការគោរពដ៏ជ្រាលជ្រៅបំផុតចំពោះជីវិតនិងឈាម។

^ វគ្គ 16 ដើម្បីទទួលព័ត៌មានថែមទៀតស្ដីអំពីវិធីព្យាបាលដែលមិនរួមបញ្ចូលការចាក់បញ្ចូលឈាមនោះ សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ២០០៤ ទំព័រ២៨-៣២ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។