លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពន្យល់បន្ថែម

ការប្រើព្រះនាមរបស់ព្រះ និងអត្ថន័យនៃព្រះនាមទ្រង់

ការប្រើព្រះនាមរបស់ព្រះ និងអត្ថន័យនៃព្រះនាមទ្រង់

ក្នុងព្រះគម្ពីររបស់អ្នក តើពាក្យនៅទំនុកដំកើង ៨៣:១៨បានត្រូវបកប្រែដូចម្ដេច? ក្នុងព្រះគម្ពីរសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ នេះបានត្រូវបកប្រែថា«ដើម្បីឲ្យគេបានដឹងថា គឺទ្រង់តែអង្គ ព្រះនាមជាយេហូវ៉ា ដែលជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ ព្រះគម្ពីរមួយចំនួនទៀតក៏បកប្រែដូចនេះដែរ។ ក៏ប៉ុន្ដែសេចក្ដីបកប្រែជាច្រើនមិនដាក់ព្រះនាមព្រះយេហូវ៉ាសោះឡើយ។ ព្រះគម្ពីរទាំងនោះដាក់ជំនួសដោយឋានន្ដរផ្សេងដូចជា«ព្រះអម្ចាស់»«ព្រះដែលមានព្រះជន្មជារៀងរហូត»ជាដើម។ តើគួរមានព្រះនាមយេហូវ៉ាក្នុងនេះទេ? ឬក៏តើគួរដាក់ឋានន្ដរមួយជំនួសវិញ?

ព្រះនាមរបស់ព្រះជាអក្សរហេប្រឺ

នេះចែងអំពីព្រះនាមមួយ។ នៅដើមដំបូង បទគម្ពីរភាគច្រើនបានត្រូវសរសេរជាភាសាហេព្រើរ។ ក្នុងភាសាដើម ខនេះមានព្រះនាមមួយដ៏ពិសេស។ បើសរសេរជាអក្សរហេព្រើរ ព្រះនាមនោះប្រកប יהוה()។ ធម្មតាភាសាខ្មែរសរសេរព្រះនាមនោះ«យេហូវ៉ា»។ តើព្រះនាមនោះមានតែក្នុងគម្ពីរមួយប៉ុណ្ណោះឬ? មិនមែនទេ។ ព្រះនាមនោះមានជិត៧.០០០ដងក្នុងបទគម្ពីរដើមជាភាសាហេព្រើរ!

តើព្រះនាមរបស់ព្រះគឺសំខាន់ប៉ុនណា? សូមពិចារណាសេចក្ដីអធិស្ឋានគំរូរបស់ព្រះយេស៊ូ។ សេចក្ដីអធិស្ឋាននោះចាប់ផ្ដើមដោយពាក្យថា«ព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ! សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ»។ (ម៉ាថាយ ៦:៩) នៅគ្រាមួយផ្សេងទៀត ព្រះយេស៊ូបានអធិស្ឋានទូលព្រះថា«ព្រះវរបិតាអើយ! សូមដំកើងព្រះនាមទ្រង់ឡើង»។ ព្រះបានមានបន្ទូលតបពីស្ថានសួគ៌ថា«អញបានដំកើងហើយ ក៏នឹងដំកើងឡើងទៀតដែរ»។ (យ៉ូហាន ១២:២៨) នោះបង្ហាញយ៉ាងច្បាស់ថា ព្រះនាមរបស់ព្រះជាអ្វីសំខាន់បំផុត។ បើដូច្នេះ ហេតុអ្វីអ្នកបកប្រែខ្លះមិនបានដាក់ព្រះនាមរបស់ព្រះក្នុងព្រះគម្ពីរ ហើយដាក់ជំនួសឋានន្ដរផ្សេងវិញ?

តាមមើលទៅមានមូលហេតុពីរដ៏សំខាន់។ ទីមួយ អ្នកបកប្រែជាច្រើននាក់អះអាងថា គ្មានអ្នកណាដឹងរបៀបហៅព្រះនាមព្រះយ៉ាងត្រឹមត្រូវតាមភាសាដើមនោះទេ ដូច្នេះហើយមិនគួរប្រើព្រះនាមព្រះឡើយ។ នៅសម័យបុរាណ អក្សរហេព្រើរមិនប្រើស្រៈទេ។ ហេតុនេះគ្មានអ្នកណាសព្វថ្ងៃនេះអាចប្រាកដថា មនុស្សនៅសម័យបុរាណបានអានតួអក្សរ«»យ៉ាងដូចម្ដេចឡើយ។ បើដូច្នេះ តើនេះមានន័យថាយើងមិនគួរប្រើព្រះនាមរបស់ព្រះទេ? នៅសម័យបុរាណ ព្រះនាម«យេស៊ូ»ប្រហែលជាហៅថា«យេសួ»«យេហូសួ» តែគ្មានអ្នកណាដឹងប្រាកដបានទេ។ យ៉ាងណាក៏ដោយមនុស្សទូទាំងពិភពលោកហៅព្រះនាម«យេស៊ូ»តាមរបៀបផ្សេងអាស្រ័យលើភាសារបស់ពួកគេ។ ពិតមែនថាពួកគេមិនដឹងថានៅសតវត្សរ៍ទីមួយមនុស្សធ្លាប់ហៅព្រះនាមព្រះយេស៊ូយ៉ាងដូចម្ដេចនោះទេ ប៉ុន្ដែពួកគេនៅតែហៅព្រះនាមព្រះយេស៊ូដោយប្រើភាសារបស់ពួកគេរៀងខ្លួនដែរ។ ស្រដៀងគ្នាដែរ ប្រសិនបើអ្នកធ្វើដំណើរទៅប្រទេសក្រៅ អ្នកប្រហែលជានឹងឃើញថាមនុស្សដែលនិយាយភាសាផ្សេងនឹងហៅឈ្មោះអ្នកតាមរបៀបផ្សេង។ អាស្រ័យហេតុនេះ ទោះជាមិនដឹងប្រាកដអំពីរបៀបមនុស្សធ្លាប់ហៅព្រះនាមរបស់ព្រះនៅសម័យបុរាណក្ដី មិនមែនជាហេតុត្រឹមត្រូវឲ្យឈប់ប្រើព្រះនាមទ្រង់នោះទេ។

ហេតុទីពីរដែលអ្នកបកប្រែជាច្រើនមិនប្រើព្រះនាមរបស់ព្រះក្នុងព្រះគម្ពីរ គឺពួកគេអាងលើទំនៀមទម្លាប់មួយរបស់សាសន៍យូដាដែលមានតាំងពីបុរាណមក។ ពួកគេជាច្រើនជឿថា មនុស្សមិនត្រូវហៅព្រះនាមរបស់ព្រះសោះឡើយ។ ជំនឿនេះទំនងជាមានមូលដ្ឋានលើច្បាប់មួយក្នុងព្រះគម្ពីរដែលពួកគេបានបកស្រាយខុស។ ច្បាប់នោះថា«កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមទ្រង់ ជាអសារឥតការនោះទេ»។—និក្ខមនំ ២០:៧

ច្បាប់នោះហាមឃាត់ការប្រើព្រះនាមរបស់ព្រះក្នុងផ្លូវខុស។ ប៉ុន្ដែ តើច្បាប់នោះហាមឃាត់ការប្រើព្រះនាមរបស់ព្រះដោយការគោរពទេ? មិនមែនទេ។ អ្នកសរសេរបទគម្ពីរភាសាហេព្រើរ(«សញ្ញាចាស់»)ជាមនុស្សស្មោះត្រង់កាន់តាមច្បាប់ដែលព្រះបានប្រទានឲ្យជនជាតិអ៊ីស្រាអែលនៅសម័យបុរាណ ហើយពួកគេតែងប្រើព្រះនាមរបស់ព្រះជារឿយៗ។ ជាឧទាហរណ៍ ពួកគេប្រើព្រះនាមរបស់ព្រះក្នុងទំនុកដំកើងដែលអ្នកថ្វាយបង្គំព្រះយេហូវ៉ាបានជួបជុំគ្នាច្រៀងដោយសម្លេងស្រុះគ្នា។ ព្រះយេហូវ៉ាក៏បានបង្គាប់អ្នកថ្វាយបង្គំទ្រង់ឲ្យអំពាវនាវដល់ព្រះនាមទ្រង់ ហើយមនុស្សស្មោះត្រង់បានស្ដាប់បង្គាប់ទ្រង់។ (យ៉ូអែល ២:៣២; កិច្ចការ ២:២១) ហេតុនេះ បណ្ដាគ្រីស្ទានសព្វថ្ងៃនេះមិនស្ទាក់ស្ទើរក្នុងការប្រើព្រះនាមរបស់ព្រះដោយការគោរព ដូចអ្វីដែលព្រះយេស៊ូបានធ្វើដែរ។—យ៉ូហាន ១៧:២៦

ដោយសារអ្នកបកប្រែដាក់ឋានន្ដរផ្សេងជំនួសព្រះនាមព្រះ នោះពួកគេបានធ្វើកំហុសធ្ងន់ធ្ងរមួយ។ ពោលគឺធ្វើឲ្យមនុស្សគិតថាព្រះគង់ឆ្ងាយពីគេ ទាំងគិតថាទ្រង់មិនមែនជាបុគ្គលដែលយើងអាចស្គាល់និងមានភាពជិតស្និទ្ធជាមួយនោះទេ។ ប៉ុន្ដែព្រះគម្ពីរជំរុញឲ្យមនុស្សបង្កើតឲ្យមាន‹សេចក្ដីមេត្រីមិត្រជាមួយព្រះយេហូវ៉ា›។ (ទំនុកដំកើង ២៥:១៤) សូមគិតអំពីមិត្ដជិតស្និទ្ធរបស់អ្នក។ តើអ្នកនឹងមានភាពជិតស្និទ្ធប៉ុនណា ប្រសិនបើអ្នកមិនដែលស្គាល់ឈ្មោះមិត្ដរបស់អ្នក? ស្រដៀងគ្នាដែរ បើមិនឲ្យមនុស្សស្គាល់ព្រះនាមព្រះយេហូវ៉ា តើពួកគេអាចមានភាពជិតស្និទ្ធនឹងទ្រង់ដូចម្ដេចបាន? ម្យ៉ាងវិញទៀត នៅពេលដែលមនុស្សមិនប្រើព្រះនាមរបស់ព្រះ ពួកគេក៏មិនដឹងពីអត្ថន័យដ៏អស្ចារ្យនៃព្រះនាមទ្រង់ដែរ។ តើព្រះនាមរបស់ព្រះមានន័យដូចម្ដេច?

ដោយអង្គទ្រង់ផ្ទាល់ ព្រះបានពន្យល់ពីអត្ថន័យនៃព្រះនាមរបស់ទ្រង់ ពេលមានបន្ទូលទៅកាន់ម៉ូសេដែលជាអ្នកបំរើស្មោះភក្ដីរបស់ទ្រង់។ នៅពេលម៉ូសេសួរអំពីព្រះនាមរបស់ព្រះ ព្រះយេហូវ៉ាមានបន្ទូលឆ្លើយថា«អញជាព្រះដ៏ជាព្រះ[«យើងនឹងក្លាយទៅជាអ្វីដែលយើងនឹងក្លាយទៅជា», ព.ថ.]»។ (និក្ខមនំ ៣:១៤) សេចក្ដីបកប្រែព្រះគម្ពីរជាច្រើនបកប្រែឃ្លានេះថា«អញជាព្រះដ៏ជាព្រះ»។ ប៉ុន្ដែការបកប្រែយ៉ាងហ្មត់ចត់ក្នុងសេចក្ដីបកប្រែព្រះគម្ពីរពិភពលោកថ្មីបង្ហាញថា ព្រះមិនគ្រាន់តែបញ្ជាក់ថាទ្រង់ជាព្រះនោះទេ។ ផ្ទុយទៅវិញ ទ្រង់កំពុងតែបង្រៀនម៉ូសេនិងយើងរាល់គ្នានូវខ្លឹមសារនៃព្រះនាមទ្រង់។ ព្រះយេហូវ៉ានឹង«ទៅជា»ក្លាយជាអ្វីដ៏ចាំបាច់ ដើម្បីសម្រេចសេចក្ដីសន្យាទាំងប៉ុន្មានរបស់ទ្រង់។ សេចក្ដីបកប្រែរបស់លោករ៉ូថឺរ៉ាមបកប្រែនេះថា«យើងនឹងក្លាយទៅជាអ្វីក៏ដោយដែលយើងសព្វព្រះហឫទ័យ»។ នេះមានន័យថាព្រះយេហូវ៉ាអាចក្លាយទៅជាអ្វីក៏ដោយដែលចាំបាច់ ដើម្បីធ្វើឲ្យគោលបំណងរបស់ទ្រង់បានសម្រេច។

ឧបមាថាអ្នកអាចក្លាយទៅជាអ្វីក៏ដោយដែលចាំបាច់នោះ។ តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីជួយមិត្ដភក្ដិរបស់អ្នក? ប្រសិនបើមិត្ដម្នាក់ធ្លាក់ខ្លួនឈឺ អ្នកអាចក្លាយទៅជាគ្រូពេទ្យដ៏ប៉ិនប្រសប់ម្នាក់ដើម្បីព្យាបាលគាត់។ ប្រសិនបើមិត្ដម្នាក់ធ្លាក់ខ្លួនក្រ អ្នកអាចក្លាយទៅជាមហាសេដ្ឋីម្នាក់ហើយជួយគាត់។ ក៏ប៉ុន្ដែតាមពិត សមត្ថភាពរបស់យើងទាំងអស់គ្នាមានកំរិត។ នៅពេលដែលអ្នកសិក្សាព្រះគម្ពីរ អ្នកនឹងកោតស្ងើចណាស់ពេលឃើញរបៀបព្រះយេហូវ៉ាក្លាយទៅជាអ្វីក៏ដោយដែលចាំបាច់ដើម្បីធ្វើឲ្យសេចក្ដីសន្យាទាំងប៉ុន្មានរបស់ទ្រង់បានសម្រេច។ ហើយទ្រង់សព្វព្រះហឫទ័យប្រើអំណាចរបស់ទ្រង់ដើម្បីជួយអ្នកដែលស្រឡាញ់ទ្រង់។ (របាក្សត្រទី២ ១៦:៩) អ្នកដែលមិនស្គាល់ព្រះនាមរបស់ព្រះយេហូវ៉ាមិនអាចឃើញនូវលក្ខណៈប្រសើរថ្លៃថ្លារបស់ទ្រង់ឡើយ។

យើងអាចឃើញច្បាស់ហើយថា ព្រះនាមរបស់ព្រះយេហូវ៉ាគួរមានក្នុងព្រះគម្ពីរ។ ការស្គាល់អត្ថន័យនៃព្រះនាមទ្រង់ ហើយការប្រើព្រះនាមទ្រង់ដោយសេរីក្នុងការថ្វាយបង្គំ អាចជួយយើងយ៉ាងច្រើនណាស់ក្នុងការចូលទៅជិតព្រះយេហូវ៉ាដែលជាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌។ *

^ វគ្គ 3 ដើម្បីអានព័ត៌មានថែមទៀតអំពីព្រះនាមរបស់ព្រះ អត្ថន័យនៃនាមនោះ និងមូលហេតុដែលគួរប្រើក្នុងការថ្វាយបង្គំ សូមមើលសៀវភៅស្ដើងជាភាសាអង់គ្លេសចំណងជើងថាព្រះនាមដែលនឹងស្ថិតនៅជានិរន្ដរ៍ (The Divine Name That Will Endure Forever) បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។