លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពន្យល់បន្ថែម

ព្រះយេស៊ូគ្រីស្ទជាព្រះមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក

ព្រះយេស៊ូគ្រីស្ទជាព្រះមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក

ដើម្បីជួយយើងសម្គាល់ថាអ្នកណាជាព្រះមេស្ស៊ី ព្រះយេហូវ៉ាបានបណ្ដាលឲ្យព្យាការីជាច្រើននាក់ក្នុងព្រះគម្ពីរកត់ទុកព័ត៌មានយ៉ាងល្អិតល្អន់អំពីកំណើត កិច្ចបំរើ និងការសោយទិវង្គតរបស់បុគ្គលមួយរូបនេះ ដែលព្រះបានសន្យាថានឹងសង្គ្រោះមនុស្សជាតិ។ ព្រះយេស៊ូគ្រីស្ទបានធ្វើឲ្យបទទំនាយព្រះគម្ពីរទាំងអស់នេះបានសម្រេច។ ទំនាយទាំងនោះមានភាពត្រឹមត្រូវគួរឲ្យកោតស្ងើច ហើយក៏មានព័ត៌មានល្អិតល្អន់ផង។ ដើម្បីបញ្ជាក់ចំណុចនេះយើងនឹងពិចារណាបទទំនាយខ្លះៗ ស្ដីអំពីកំណើតនិងកុមារភាពរបស់ព្រះមេស្ស៊ី។

ព្យាការីអេសាយបានទាយថាព្រះមេស្ស៊ីមកពីពូជពង្សរបស់ស្ដេចដាវីឌ។ (អេសាយ ៩:៧) ព្រះយេស៊ូពិតជាបានប្រសូតមកក្នុងវង្សត្រកូលដាវីឌមែន។—ម៉ាថាយ ១:១,-១៧

មីកាដែលជាព្យាការីម្នាក់ទៀតរបស់ព្រះបានទាយថា ទារកនោះនឹងធំឡើងទៅជាអ្នកគ្រប់គ្រងមួយរូប ហើយនឹងប្រសូតនៅ«បេថ្លេហិមអេប្រាតា»។ (មីកា ៥:១) នៅស្រុកអ៊ីស្រាអែលនាសម័យដែលព្រះយេស៊ូប្រសូតនោះ មានភូមិពីរដែលមានឈ្មោះថាបេថ្លេហិម។ ភូមិមួយគឺជិតភូមិណាសារ៉ែតនៅប៉ែកខាងជើងប្រទេស ហើយភូមិមួយទៀតនៅជិតទីក្រុងយេរូសាឡិមនៅស្រុកយូដា។ ភូមិបេថ្លេហិមដែលស្ថិតនៅជិតទីក្រុងយេរូសាឡិមធ្លាប់មានឈ្មោះហៅថាអេប្រាតា។ ព្រះយេស៊ូបានប្រសូតមកក្នុងភូមិនោះឯងដូចទំនាយបានចែងមក!—ម៉ាថាយ ២:១

ទំនាយព្រះគម្ពីរមួយទៀតបានទាយថាព្រះនឹងហៅព្រះរាជបុត្រារបស់ទ្រង់«ចេញពីស្រុកអេស៊ីព្ទមក»។ ពេលដែលព្រះយេស៊ូនៅតូច ទ្រង់បានត្រូវនាំទៅស្រុកអេស៊ីប។ ទ្រង់បានត្រូវនាំមកវិញក្រោយពីស្ដេចហេរ៉ូឌសោយទិវង្គត ហើយនេះបានសម្រេចទំនាយនោះ។—ហូសេ ១១:១; ម៉ាថាយ ២:១៥

 តារាងនៅទំព័រ២៣១មានចំណងជើងថា«បទទំនាយ» ហើយបទគម្ពីរក្នុងតារាងនោះមានព័ត៌មានល្អិតល្អន់អំពីព្រះមេស្ស៊ី។ សូមប្រៀបធៀបបទគម្ពីរទាំងនោះទៅនឹងបទគម្ពីរដែលមាននៅខាងក្រោមចំណងជើង«ការសម្រេច»។ បើអ្នកធ្វើដូច្នេះ នោះនឹងពង្រឹងជំនឿរបស់អ្នកទៅលើភាពពិតនៃព្រះបន្ទូលរបស់ព្រះ។

ពេលដែលអ្នកពិនិត្យមើលបទគម្ពីរទាំងនេះ សូមចាំថាបទគម្ពីរដែលជាទំនាយបានត្រូវសរសេររាប់រយឆ្នាំមុនព្រះយេស៊ូបានប្រសូតមក។ ព្រះយេស៊ូបានមានបន្ទូលថា«[ខ្ញុំ]ត្រូវតែសំរេចគ្រប់ទាំងសេចក្ដីដែលចែងទុកពីខ្ញុំ ទោះក្នុងក្រិត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកដំកើងផង»។ (លូកា ២៤:៤៤) អ្នកអាចឃើញក្នុងព្រះគម្ពីររបស់ខ្លួន ថាទំនាយទាំងអស់នោះបានសម្រេចគ្រប់ប្រការ!