លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពន្យល់បន្ថែម

សេចក្ដីពិតអំពីព្រះបិតា ព្រះរាជបុត្រា និងវិញ្ញាណបរិសុទ្ធ

សេចក្ដីពិតអំពីព្រះបិតា ព្រះរាជបុត្រា និងវិញ្ញាណបរិសុទ្ធ

មនុស្សដែលជឿលើការបង្រៀនអំពីព្រះឯកត្រីអង្គប្រាប់ថាព្រះមានបីអង្គរួមតែមួយ គឺព្រះវរបិតា ព្រះរាជបុត្រា និងវិញ្ញាណបរិសុទ្ធ។ ការបង្រៀននោះថាព្រះទាំងបីអង្គគឺស្មើគ្នា ទាំងបីអង្គមានគ្រប់ព្រះចេស្ដា ហើយទាំងបីអង្គគ្មានដើមកំណើត។ ដូច្នេះយោងទៅតាមលទ្ធិអំពីព្រះឯកត្រីអង្គថា ព្រះវរបិតាជាព្រះ ព្រះរាជបុត្រាក៏ជាព្រះ ហើយវិញ្ញាណបរិសុទ្ធក៏ជាព្រះដែរ ប៉ុន្ដែរួមគ្នាតែមួយអង្គប៉ុណ្ណោះ។

មនុស្សជាច្រើនដែលជឿលទ្ធិព្រះឯកត្រីអង្គសារភាពថា ពួកគេមិនអាចពន្យល់ការបង្រៀននោះបានឡើយ។ យ៉ាងណាក៏ដោយ ពួកគេប្រហែលជាជឿថាព្រះគម្ពីរបង្រៀនលទ្ធិនោះ។ គួរកត់សម្គាល់ថា គ្មានពាក្យ«ឯកត្រីអង្គ»ក្នុងព្រះគម្ពីរសោះឡើយ! ប៉ុន្ដែតើព្រះគម្ពីរគាំទ្រលទ្ធិនោះទេ? ដើម្បីឆ្លើយសំនួរនេះ ចូរយើងមើលបទគម្ពីរមួយដែលអ្នកគាំទ្រលទ្ធិនេះដកស្រង់ដើម្បីគាំទ្រការបង្រៀនរបស់ពួកគេអំពីព្រះឯកត្រីអង្គ។

«ព្រះបន្ទូលនោះឯងជាព្រះ»

យ៉ូហាន ១:១ ចែងថា«កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ»។ ក្រោយមកក្នុងជំពូកដដែលនោះ សាវ័កយ៉ូហានបញ្ជាក់យ៉ាងច្បាស់ថា«ព្រះបន្ទូល»គឺជាព្រះយេស៊ូ។ (យ៉ូហាន ១:១៤) ក៏ប៉ុន្ដែ ដោយសារនោះចែងថាព្រះបន្ទូលនោះឯងជាព្រះ មនុស្សខ្លះសន្និដ្ឋានថាព្រះរាជបុត្រាហើយព្រះវរបិតាត្រូវរួមគ្នាជាព្រះតែមួយអង្គ។

សូមចាំថា នៅដើមដំបូងគម្ពីរនេះបានត្រូវសរសេរជាភាសាក្រិច។ ក្រោយមកមនុស្សបានបកប្រែជាភាសាផ្សេងទៀត។ ក៏ប៉ុន្ដែ អ្នកបកប្រែមួយចំនួនមិនប្រើឃ្លាថា«ព្រះបន្ទូលនោះឯងជាព្រះ»ឡើយ។ ហេតុអ្វី? ដោយផ្អែកលើចំណេះដែលពួកគេមានអំពីភាសាក្រិចដែលបានត្រូវប្រើដើម្បីសរសេរព្រះគម្ពីរនោះ អ្នកបកប្រែទាំងនោះសន្និដ្ឋានថាឃ្លាដែលថា«ព្រះបន្ទូលនោះឯងជាព្រះ» គួរបកប្រែផ្សេងវិញ។ តើគួរបង្ហាញយ៉ាងដូចម្ដេច? សូមមើលឧទាហរណ៍ខ្លះដូចទៅនេះ។ «ឡូកូស[ព្រះបន្ទូល]មានភាពដូចព្រះ»។ (ព្រះគម្ពីរការបកប្រែថ្មី) «ព្រះបន្ទូលគឺជាព្រះមួយអង្គ»។ (ព្រះគម្ពីរសញ្ញាថ្មីកំណែច្បាស់ជាង) «ព្រះបន្ទូលបានគង់នៅជាមួយព្រះ ហើយមានភាពដូចគ្នានឹងទ្រង់» (សញ្ញាថ្មីរបស់អ្នកបកប្រែ) យោងទៅតាមការបកប្រែទាំងនេះ ព្រះបន្ទូលមិនមែនជាព្រះទេ។ * ផ្ទុយទៅវិញ ដោយសារព្រះបន្ទូលមានឋានៈខ្ពស់ជាងគេក្នុងចំណោមបុគ្គលដែលព្រះយេហូវ៉ាបានបង្កើតនោះ ព្រះបន្ទូលក៏ត្រូវពណ៌នាហៅថា«ព្រះមួយអង្គ»។ ក្នុងឃ្លានោះពាក្យថា«ព្រះ»មានន័យថា«អ្នកខ្លាំងពូកែ»។

ចូរស្វែងយល់ការពិត

មនុស្សភាគច្រើនមិនចេះភាសាក្រិចដែលប្រើក្នុងព្រះគម្ពីរឡើយ។ ដូច្នេះតើអ្នកអាចដឹងដោយដូចម្ដេចថាសំនេររបស់សាវ័កយ៉ូហានមានន័យអ្វីនោះ? សូមគិតអំពីឧទាហរណ៍នេះ ឧបមាថាគ្រូបង្រៀនពន្យល់មុខវិជ្ជាឲ្យសិស្ស ហើយក្រោយមកសិស្សយល់ខុសគ្នាអំពីការពន្យល់នោះ។ តើពួកសិស្សអាចធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានោះ? ពួកគេអាចសុំគ្រូពន្យល់ថែមទៀត។ ការរៀនថែមទៀតច្បាស់ជានឹងជួយឲ្យពួកគេយល់ច្បាស់ជាង។ ស្រដៀងគ្នាដែរ ដើម្បីយល់អត្ថន័យនៃយ៉ូហាន ១:១ អ្នកអាចមើលសៀវភៅដំណឹងល្អរបស់យ៉ូហានទៅទៀតដើម្បីបានព័ត៌មានថែមទៀតអំពីឋានៈរបស់ព្រះយេស៊ូ។ ការរៀនថែមទៀតអំពីរឿងនេះនឹងជួយឲ្យចេះធ្វើការសន្និដ្ឋានបានយ៉ាងត្រឹមត្រូវ។

ជាឧទាហរណ៍ សូមពិចារណាអ្វីដែលយ៉ូហានសរសេរក្រោយមកនៅជំពូកទី១ ខ១៨ថា«គ្មានអ្នកណាដែលឃើញព្រះ[ដែលមានគ្រប់ព្រះចេស្ដា]ឡើយ»។ ក៏ប៉ុន្ដែមនុស្សធ្លាប់ឃើញព្រះយេស៊ូ ដែលជាព្រះរាជបុត្រា ដ្បិតយ៉ូហានប្រាប់ថា«ព្រះបន្ទូល[ព្រះយេស៊ូ]ក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់»។ (យ៉ូហាន ១:១៤) បើដូច្នេះតើព្រះរាជបុត្រាអាចជាផ្នែកមួយនៃព្រះដែលមានគ្រប់ព្រះចេស្ដាយ៉ាងដូចម្ដេចបាន? យ៉ូហានក៏ប្រាប់ថាព្រះបន្ទូលបានគង់នៅ«ជាមួយនឹងព្រះ»។ (កំណែជាអក្សរទ្រេត) ក៏ប៉ុន្ដែតើពិតជាអាចនៅជាមួយនឹងអ្នកណាម្នាក់ ហើយនៅដំណាលគ្នាក៏ជាអ្នកនោះបានទេ? ម្យ៉ាងទៀត នៅយ៉ូហាន ១៧:៣ ព្រះយេស៊ូក៏ធ្លាប់បញ្ជាក់ពីភាពខុសគ្នារវាងអង្គទ្រង់និងព្រះវរបិតារបស់ទ្រង់នៅស្ថានសួគ៌ដែរ។ ទ្រង់ហៅព្រះវរបិតាជា«ព្រះពិតតែ»។ ហើយនៅចុងសៀវភៅដំណឹងល្អនោះយ៉ូហានសរុបសេចក្ដីដោយប្រាប់ថា«បានចែងទុកតែប៉ុណ្ណេះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត»។ (យ៉ូហាន ២០:៣១) សូមកត់សម្គាល់ថា ខនោះមិនចែងថាព្រះយេស៊ូជាព្រះឡើយ តែចែងថាទ្រង់ជាព្រះរាជបុត្រានៃព្រះវិញ។ ព័ត៌មាននេះដែលនៅក្នុងសៀវភៅយ៉ូហានជួយបំភ្លឺឲ្យយល់អត្ថន័យនៃយ៉ូហាន ១:១។ ព្រះយេស៊ូដែលជាព្រះបន្ទូលត្រូវហៅជា«ព្រះមួយអង្គ»ក្នុងន័យថា ទ្រង់មានឋានៈខ្ពង់ខ្ពស់ ប៉ុន្ដែមិនមែនជាព្រះដែលមានគ្រប់ព្រះចេស្ដាឡើយ។

ចូរបញ្ជាក់ការពិត

សូមគិតម្ដងទៀតអំពីឧទាហរណ៍ខាងលើស្ដីពីគ្រូពន្យល់សិស្ស។ ឧបមាថាសិស្សខ្លះនៅតែសង្ស័យ សូម្បីតែបានស្ដាប់គ្រូពន្យល់បន្ថែមទៀតហើយក្ដី។ តើពួកគេអាចធ្វើយ៉ាងណា? ពួកគេអាចសួរគ្រូម្នាក់ទៀតដើម្បីឲ្យបានព័ត៌មានថែមទៀតអំពីរឿងនោះ។ ប្រសិនបើគ្រូទីពីរបញ្ជាក់ការពន្យល់ដូចគ្រូទីមួយ នោះសិស្សភាគច្រើនប្រហែលជានឹងលែងសង្ស័យហើយ។ ស្រដៀងគ្នាដែរ ពេលដែលអ្នកអានសៀវភៅដំណឹងល្អរបស់យ៉ូហាន បើមិនច្បាស់អំពីអ្វីដែលយ៉ូហានចង់ពន្យល់ស្ដីអំពីទំនាក់ទំនងរវាងព្រះយេស៊ូនិងព្រះដែលមានគ្រប់ព្រះចេស្ដា នោះអ្នកអាចមើលសំនេររបស់ម្នាក់ទៀតក្នុងព្រះគម្ពីរ។ ជាឧទាហរណ៍ សូមមើលអ្វីដែលម៉ាថាយបានសរសេរ។ ស្ដីអំពីទីបញ្ចប់នៃរបបលោកីយ៍នេះ ម៉ាថាយដកស្រង់បន្ទូលព្រះយេស៊ូដែលថា«ត្រង់ថ្ងៃនឹងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ»។ (ម៉ាថាយ ២៤:៣៦) តើនេះបញ្ជាក់យ៉ាងដូចម្ដេចថាព្រះយេស៊ូមិនមែនជាព្រះនោះ?

ព្រះយេស៊ូមានបន្ទូលថាព្រះវរបិតាជ្រាបច្រើនជាងព្រះរាជបុត្រា។ ប៉ុន្ដែប្រសិនបើព្រះយេស៊ូជាផ្នែកមួយនៃព្រះដែលមានគ្រប់ព្រះចេស្ដា ទ្រង់នឹងជ្រាបពីអ្វីដែលព្រះវរបិតារបស់ទ្រង់ជ្រាបដែរ។ ហេតុនេះ ព្រះរាជបុត្រាហើយព្រះវរបិតាមិនអាចស្មើគ្នាបានឡើយ។ យ៉ាងណាក៏ដោយមនុស្សខ្លះនឹងនិយាយថា៖ ‹ព្រះយេស៊ូមានលក្ខណៈពីរ។ ក្នុងនេះទ្រង់មានបន្ទូលក្នុងនាមជាមនុស្ស›។ ក៏ប៉ុន្ដែទោះបើនោះគឺពិតមែន ចុះវិញ្ញាណបរិសុទ្ធវិញ? ប្រសិនបើវិញ្ញាណបរិសុទ្ធជាផ្នែកមួយនៃព្រះដូចព្រះវរបិតាដែរ ហេតុអ្វីព្រះយេស៊ូមិនមានបន្ទូលថាវិញ្ញាណបរិសុទ្ធជ្រាបពីអ្វីដែលព្រះវរបិតាជ្រាបនោះ?

ពេលដែលអ្នកបន្ដសិក្សាព្រះគម្ពីរ អ្នកនឹងស្គាល់បទគម្ពីរជាច្រើនទៀតដែលទាក់ទងនឹងរឿងនេះដែរ។ បទគម្ពីរទាំងនោះបញ្ជាក់សេចក្ដីពិតអំពី ព្រះវរបិតា ព្រះរាជបុត្រា និងវិញ្ញាណបរិសុទ្ធ។—ទំនុកដំកើង ៩០:២; កិច្ចការ ៧:៥៥; កូល៉ុស ១:១៥

^ វគ្គ 4 ដើម្បីយល់អំពីវេយ្យាករណ៍ភាសាក្រិចដែលទាក់ទងនឹងយ៉ូហាន ១:១ សូមមើលទំព័រ២៦-២៩ នៃសៀវភៅស្ដើងជាភាសាអង់គ្លេសចំណងជើងថាតើអ្នកគួរជឿលើលទ្ធិព្រះឯកត្រីអង្គទេ? (Should You Believe in the Trinity? pages 26-9) បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។