លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពន្យល់បន្ថែម

មូលហេតុគ្រីស្ទានពិតមិនប្រើឈើឆ្កាងក្នុងការថ្វាយបង្គំ

មូលហេតុគ្រីស្ទានពិតមិនប្រើឈើឆ្កាងក្នុងការថ្វាយបង្គំ

មនុស្សរាប់លាននាក់ស្រឡាញ់ហើយគោរពសញ្ញាឈើឆ្កាង។ សព្វវចនាធិប្បាយមួយប្រាប់ថា សញ្ញាឈើឆ្កាង«ជានិមិត្ដរូបសំខាន់បំផុតរបស់គ្រីស្ទសាសនា»។ (The Encyclopædia Britannica) យ៉ាងណាក៏ដោយ គ្រីស្ទានពិតមិនប្រើឈើឆ្កាងក្នុងការថ្វាយបង្គំទេ។ តើហេតុអ្វី?

ហេតុសំខាន់មួយគឺ ព្រះយេស៊ូគ្រីស្ទមិនបានត្រូវព្យួរលើឈើឆ្កាងឡើយ។ ពាក្យភាសាក្រិចដែលធម្មតាបានត្រូវបកប្រែថា«ឈើឆ្កាង» គឺពាក្យស្ទរ៉ុស។ អត្ថន័យបឋមរបស់វាគឺ«បង្គោលឈើដែលបោះក្នុងដី»។ សៀវភៅមួយប្រាប់ថា«[ស្ទរ៉ុស]ពុំដែលសំដៅលើឈើពីរកំណាត់ដែលដាក់ខ្វែងគ្នាឡើយ . . . ភាសាក្រិច[ក្នុងសញ្ញាថ្មី]មិនចែងអ្វីសោះអំពីឈើពីរកំណាត់ ហើយក៏គ្មានទាំងពាក្យណាដែលអាចនាំឲ្យសន្និដ្ឋានថាមានឈើពីរកំណាត់ទៀតផង»។—The Companion Bible

ក្នុងបទគម្ពីរមួយចំនួន អ្នកសរសេរបានប្រើពាក្យមួយផ្សេងទៀតពេលសំដៅលើអ្វីដែលបានត្រូវប្រើដើម្បីធ្វើគុតព្រះយេស៊ូ។ នោះគឺពាក្យភាសាក្រិចមួយដែលអានថាគ្ស៊ីឡន់។ (កិច្ចការ ៥:៣០; ១០:៣៩, ៤០; កាឡាទី ៣:១៣) ពាក្យនេះគ្រាន់តែមានន័យថា«ធ្នឹម»«ដំបង ព្រនង់ ឬដើមឈើ»ប៉ុណ្ណោះ។

សៀវភៅមួយពន្យល់មូលហេតុដែលមនុស្សច្រើនតែត្រូវប្រហារជីវិតដោយព្យួរលើបង្គោលឈើ។ សៀវភៅនោះចែងថា«ដោយសារកន្លែងខ្លះដែលគេប្រហារជីវិតមនុស្សគ្មានដើមឈើទេ នោះពួកគេបានបោះបង្គោលធម្មតាមួយក្នុងដី។ ពួកគេបានព្យួរឧក្រិដ្ឋជនដោយចងដៃបោះដែកគោលក្នុងដៃ ហើយជួនកាលជើងផងដែរ»។—Das Kreuz und die Kreuzigung

ក៏ប៉ុន្ដែភស្ដុតាងជាក់ច្បាស់បំផុតគឺក្នុងព្រះបន្ទូលរបស់ព្រះ។ សាវ័កប៉ុលបានប្រាប់ថា«ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្ដីបណ្ដាសារបស់ក្រិត្យវិន័យ ដោយទ្រង់ត្រូវបណ្ដាសាជំនួសយើងរាល់គ្នា (ដ្បិតមានសេចក្ដីចែងទុកមកថា ‹ត្រូវបណ្ដាសាហើយ អ្នកណាដែលត្រូវព្យួរនៅលើឈើ›)»។ (កាឡាទី ៣:១៣) ទីនេះប៉ុលដកស្រង់ចោទិយកថា ២១:២២, ២៣ ដែលចែងយ៉ាងច្បាស់ថាឈើមួយ មិនមែនឈើឆ្កាងនោះទេ។ ដោយសារការស្លាប់បែបនេះមានន័យថាបុគ្គលនោះ«ត្រូវបណ្ដាសា» គឺមិនសមរម្យទេបើពួកគ្រីស្ទានយករូបព្រះយេស៊ូព្យួរលើឈើដាក់តាំងក្នុងផ្ទះនោះ។

គ្មានភស្ដុតាងណាដែលបញ្ជាក់ថា មនុស្សដែលអះអាងថាខ្លួនជាគ្រីស្ទានធ្លាប់ប្រើឈើឆ្កាងក្នុងការថ្វាយបង្គំរបស់ពួកគេ ក្នុងកំលុង៣០០ឆ្នាំចាប់ពីការសោយទិវង្គតរបស់ព្រះគ្រីស្ទនោះទេ។ ក៏ប៉ុន្ដែនៅសតវត្សរ៍ទីបួន ព្រះចៅអធិរាជខន់ស្ទែនធីនបានប្ដូរសាសនាមកកាន់តាមគ្រីស្ទសាសនាក្លែងក្លាយវិញ ហើយបានយកឈើឆ្កាងធ្វើជានិមិត្ដរូបនៃគ្រីស្ទសាសនាក្លែងក្លាយនោះ។ ទោះបើព្រះចៅអធិរាជខន់ស្ទែនធីនយកឈើឆ្កាងធ្វើជានិមិត្ដរូបក្នុងបំណងអ្វីក៏ដោយ ក៏ឈើឆ្កាងនៅតែមិនទាក់ទងនឹងព្រះយេស៊ូគ្រីស្ទសោះឡើយ។ តាមពិតឈើឆ្កាងមានប្រភពដើមមកពីសាសនាដែលមិនជឿលើព្រះយេស៊ូ។ សព្វវចនាធិប្បាយមួយសារភាពថា«វប្បធម៌ផ្សេងដែលមិនជឿគ្រីស្ទសាសនា ហើយមានដើមកំណើតមុនគ្រីស្ទសាសនាក៏ធ្លាប់ប្រើឈើឆ្កាងដែរ»។ (New Catholic Encyclopedia) ប្រភពទៀតដែលអាចទុកចិត្ដបានប្រាប់ថា ឈើឆ្កាងជាប់ទាក់ទងនឹងការថ្វាយបង្គំធម្មជាតិ និងក្បួនរីតិ៍សាសនាមិនពិតដែលទាក់ទងនឹងការរួមភេទ។

បើដូច្នេះ ហេតុអ្វីពួកគេយកនិមិត្ដរូបរបស់សាសនាមិនពិតធ្វើជានិមិត្ដរូបសំរាប់គ្រីស្ទសាសនាទៅវិញ? តាមមើលទៅគឺដើម្បីធ្វើឲ្យអ្នកដែលមិនជឿគ្រីស្ទសាសនាស្រួលប្ដូរមកកាន់តាមគ្រីស្ទសាសនាក្លែងក្លាយនោះវិញ។ យ៉ាងណាក៏ដោយ ព្រះគម្ពីរចែងយ៉ាងច្បាស់ថា ការគោរពនិមិត្ដរូបរបស់សាសនាមិនពិតគឺខុស។ (កូរិនថូសទី២ ៦:១៤-១៨) បទគម្ពីរហាមការថ្វាយបង្គំរូបព្រះសព្វបែបយ៉ាង។ (និក្ខមនំ ២០:៤, ៥; កូរិនថូសទី១ ១០:១៤) ដូច្នេះគ្រីស្ទានពិតមានហេតុត្រឹមត្រូវដែលមិនប្រើឈើឆ្កាងក្នុងការថ្វាយបង្គំ។ *

^ វគ្គ 2 ដើម្បីអានព័ត៌មានល្អិតល្អន់អំពីឈើឆ្កាង សូមមើលទំព័រ៨៩-៩៣ ក្នុងសៀវភៅភាសាអង់គ្លេសដែលមានចំណងជើងថាការវែកញែកពីបទគម្ពីរ (Reasoning From the Scriptures pages 89-93) បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។