លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពន្យល់បន្ថែម

តើថ្ងៃជំនុំជំរះជាអ្វី?

តើថ្ងៃជំនុំជំរះជាអ្វី?

ពេលដែលពាក្យថា ថ្ងៃជំនុំជំរះ តើអ្នកគិតអំពីអ្វី? មនុស្សជាច្រើនគិតថាមនុស្សរាប់ពាន់លាននាក់នឹងត្រូវនាំមកម្នាក់ម្ដងៗ ឲ្យឈរនៅពីមុខបល្ល័ង្ករបស់ព្រះ ហើយទ្រង់នឹងជំនុំជំរះពួកគេ។ មនុស្សខ្លះនឹងទទួលជីវិតនៅស្ថានបរមសុខនៅស្ថានសួគ៌ រីឯអ្នកទៀតនឹងត្រូវកាត់ទោសឲ្យទទួលរងទារុណកម្មជារៀងរហូត។ ក៏ប៉ុន្ដែការពណ៌នាក្នុងព្រះគម្ពីរស្ដីអំពីគ្រានោះគឺខុសគ្នាឆ្ងាយពីនេះ។ ព្រះបន្ទូលរបស់ព្រះរៀបរាប់ថា ថ្ងៃជំនុំជំរះមិនមែនជាគ្រាដ៏គួរឲ្យរន្ធត់នោះទេ តែជាគ្រាដែលនាំឲ្យមានក្ដីសង្ឃឹមហើយក៏ជាគ្រានៃការធ្វើអ្វីជាថ្មីឡើងវិញ។

នៅវិវរណៈ ២០:១១, ១២ យើងអានការពណ៌នារបស់សាវ័កយ៉ូហានអំពីថ្ងៃជំនុំជំរះថា«ខ្ញុំក៏ឃើញបល្ល័ង្កយ៉ាងធំ នឹងព្រះអង្គដែលគង់លើ ឯផែនដី នឹងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយ នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជីទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្ដរៀងខ្លួន»។

ព្រះយេហូវ៉ាជាចៅក្រមខ្ពង់ខ្ពស់បំផុតរបស់មនុស្សជាតិ។ ក៏ប៉ុន្ដែទ្រង់ប្រគល់កិច្ចការជំនុំជំរះដល់បុគ្គលមួយអង្គទៀត។ យោងទៅតាមកិច្ចការ ១៧:៣១ សាវ័កប៉ុលប្រាប់ថាព្រះ«បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីដោយយុត្ដិធម៌ ដោយសារមនុស្សម្នាក់ ដែលទ្រង់បានដំរូរួចហើយ»។ ចៅក្រមដែលត្រូវតែងតាំងនេះគឺជាព្រះយេស៊ូគ្រីស្ទដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។ (យ៉ូហាន ៥:២២) ប៉ុន្ដែ តើថ្ងៃជំនុំជំរះចាប់ផ្ដើមនៅពេលណា? តើថ្ងៃនោះមានរយៈពេលប៉ុន្មាន?

សៀវភៅវិវរណៈឲ្យដឹងថាថ្ងៃជំនុំជំរះចាប់ផ្ដើមក្រោយសង្គ្រាមអើម៉ាគេដូន បន្ទាប់ពីរបបលោកីយ៍របស់សាតាំងត្រូវបំផ្លាញចោលហើយ។ * (វិវរណៈ ១៦:១៤, ១៦; ១៩:១៩–២០:៣) ក្រោយសង្គ្រាមអើម៉ាគេដូន សាតាំងនិងពួកបិសាចរបស់វានឹងត្រូវដាក់ក្នុងជង្ហុកធំអស់មួយពាន់ឆ្នាំ។ ក្នុងកំលុងគ្រានោះ មនុស្ស១៤៤.០០០នាក់ដែលនៅស្ថានសួគ៌នឹងធ្វើជាចៅក្រម ថែមទាំងនឹង«សោយរាជ្យជាមួយនឹងព្រះគ្រីស្ទ នៅពាន់ឆ្នាំ»។ (វិវរណៈ ១៤:១-៣; ២០:១-៤; រ៉ូម ៨:១៧) ថ្ងៃជំនុំជំរះមិនមែនធ្វើឡើងដោយប្រញាប់ប្រញាល់ក្នុងរយៈពេលតែ២៤ម៉ោងនោះទេ។ ថ្ងៃជំនុំជំរះមានរយៈពេលមួយពាន់ឆ្នាំ។

ក្នុងកំលុងមួយពាន់ឆ្នាំនោះ ព្រះយេស៊ូគ្រីស្ទនឹង«ជំនុំជំរះ ទាំងមនុស្សរស់ នឹងមនុស្សស្លាប់ផង»។ (ធីម៉ូថេទី២ ៤:១) «មនុស្សរស់»ជា«មនុស្សហ្វូងយ៉ាងធំ»ដែលរួចរស់ជីវិតនៅសង្គ្រាមអើម៉ាគេដូន។ (វិវរណៈ ៧:៩-១៧) សាវ័កយ៉ូហានក៏បានឃើញ«មនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរ»នៅចំពោះបល្ល័ង្ករង់ចាំទទួលការជំនុំជំរះ។ ដូចព្រះយេស៊ូបានសន្យានោះ «ខ្មោចនៅក្នុងផ្នូរ នឹងសំឡេង[ព្រះគ្រីស្ទ] ហើយនឹងចេញមក»តាមរយៈការប្រោសឲ្យរស់ឡើងវិញ។ (យ៉ូហាន ៥:២៨, ២៩; កិច្ចការ ២៤:១៥) ក៏ប៉ុន្ដែ តើអ្នកដែលត្រូវប្រោសឲ្យរស់ឡើងវិញនឹងត្រូវជំនុំជំរះដោយផ្អែកលើអ្វី?

យោងទៅតាមចក្ខុនិមិត្ដដែលសាវ័កយ៉ូហានឃើញនោះ «បញ្ជីក៏បានបើកឡើង»រួចមក«មនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្ដីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្ដរៀងខ្លួន»។ តើបញ្ជីទាំងនេះរៀបរាប់ពីការប្រព្រឹត្ដរបស់មនុស្សដែលធ្លាប់ធ្វើពីមុនមកឬ? មិនមែនទេ! ដ្បិតការជំនុំជំរះនេះមិនផ្អែកលើអ្វីដែលមនុស្សធ្លាប់ធ្វើមុនពេលដែលគេស្លាប់នោះទេ។ ហេតុអ្វីយើងដឹង? ព្រះគម្ពីរចែងថា«អ្នកណាដែលស្លាប់ នោះក៏បានរាប់ជាសុចរិតរួចពីបាបហើយ»។ (រ៉ូម ៦:៧) ហេតុនោះបាបរបស់អ្នកដែលរស់ឡើងវិញបានត្រូវលុបចោលរួចរាល់អស់ហើយ។ បើដូច្នេះបញ្ជីទាំងនេះត្រូវតំណាងតម្រូវការទៀតរបស់ព្រះ។ ដើម្បីរស់ជារៀងរហូតនោះ អ្នកដែលត្រូវប្រោសឲ្យរស់ឡើងវិញ ព្រមទាំងអ្នកដែលរួចរស់ជីវិតនៅសង្គ្រាមអើម៉ាគេដូន ត្រូវតែស្ដាប់បង្គាប់របស់ព្រះ រួមទាំងតម្រូវការថ្មីណាដែលព្រះយេហូវ៉ាប្រហែលជាមានបន្ទូលមកក្នុងកំលុងមួយពាន់ឆ្នាំនោះ។ យ៉ាងនេះមនុស្សនឹងត្រូវជំនុំជំរះអាស្រ័យលើអ្វីដែលពួកគេប្រព្រឹត្ដក្នុងកំលុងថ្ងៃជំនុំជំរះ។

ថ្ងៃជំនុំជំរះនឹងផ្ដល់ឱកាសឲ្យមនុស្សរាប់ពាន់លាននាក់រៀនជាលើកដំបូង អំពីព្រះហឫទ័យរបស់ព្រះហើយអនុលោមតាមព្រះហឫទ័យទ្រង់។ នេះមានន័យថាមនុស្សជាច្រើននឹងត្រូវការទទួលការអប់រំ។ ពិតមែន‹មនុស្សនៅលោកីនឹងរៀនតាមសេចក្ដីសុចរិត›។ (អេសាយ ២៦:៩) ក៏ប៉ុន្ដែ មិនមែនមនុស្សទាំងអស់នឹងសុខចិត្ដអនុលោមតាមព្រះហឫទ័យរបស់ព្រះឡើយ។ អេសាយ ២៦:១០ចែងថា«បើសិនជាធ្វើគុណដល់មនុស្សអាក្រក់ នោះគេក៏មិនរៀនតាមសេចក្ដីសុចរិតដែរ គេនឹងប្រព្រឹត្ដសេចក្ដីកំហុសនៅក្នុងស្រុកទៀងត្រង់ផង ឥតដែលពិចារណាមើលឫទ្ធានុភាពនៃព្រះយេហូវ៉ាឡើយ»។ នៅថ្ងៃជំនុំជំរះ មនុស្សទុច្ចរិតទាំងនេះនឹងត្រូវបំផ្លាញចោល មិនអាចរស់ឡើងវិញទៀតឡើយ។—អេសាយ ៦៥:២០

ពេលមកដល់ទីបញ្ចប់នៃថ្ងៃជំនុំជំរះនោះ មនុស្សដែលបានរួចរស់ជីវិត នឹង«រស់វិញ»ក្នុងអត្ថន័យពិតប្រាកដ ដោយព្រោះពួកគេនឹងទៅជាមនុស្សគ្រប់ល័ក្ខណ៍ហើយ។ (វិវរណៈ ២០:៥) ដូច្នេះថ្ងៃជំនុំជំរះនឹងនាំឲ្យមនុស្សជាតិមានភាពគ្រប់ល័ក្ខណ៍ដូចដើមដំបូងវិញ។ (កូរិនថូសទី១ ១៥:២៤-២៨) រួចមកនឹងមានការល្បងជាចុងបញ្ចប់។ សាតាំងនឹងត្រូវដោះលែងពីជង្ហុកធំហើយអនុញ្ញាតឲ្យខំនាំមនុស្សឲ្យវង្វេងមួយដងទៀតជាលើកចុងក្រោយ។ (វិវរណៈ ២០:៣, ៧-១០) អ្នកដែលមិនព្រមតាមវានឹងបានរីករាយចំពោះការសម្រេចនៃសេចក្ដីសន្យាក្នុងព្រះគម្ពីរដែលថា«ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុកដំកើង ៣៧:២៩) ថ្ងៃជំនុំជំរះនឹងផ្ដល់ពរចំពោះមនុស្សស្មោះត្រង់ពិតមែន!

^ វគ្គ 2 ស្ដីអំពីសង្គ្រាមអើម៉ាគេដូនសូមមើលសៀវភៅចូរថ្វាយបង្គំព្រះពិតតែមួយ ជំពូកទី២០ ហើយសៀវភៅភាសាអង់គ្លេសចំណងជើងថាការយល់ធ្លុះជ្រៅនឹងបទគម្ពីរ ក្បាលទី១ ទំព័រ៥៩៤-៥៩៥, ១០៣៧-១០៣៨ (Insight on the Scriptures, Volume 1, pages 594-5, 1037-8) បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។