លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៩

«ចូរ​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ»

«ចូរ​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ»

​«​ដូច្នេះ ចូរ​រម្ងាប់​ភាព​ទោរ​ទន់​ដែល​មាន​នៅ​ក្នុង​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា គឺ​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោកគ្រោក តម្រេក សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់ និង​ការ​ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ ដែល​ទុក​ដូច​ជា​ការ​គោរព​បូជា​រូប​ព្រះ​»។—កូឡុស ៣:៥

១, ២​. តើ​បាឡាម​បាន​នឹក​ឃើញ​វិធី​អ្វី​ដើម្បី​ធ្វើ​បាប​រាស្ដ្រ​របស់​ព្រះ?

សូម​ស្រមៃ​គិត​អំពី​អ្នក​នេសាទ​ម្នាក់​ទៅ​ស្ទូច​ត្រី​នៅ​កន្លែង​ដែល​គាត់​ចូល​ចិត្ដ​ជាង​គេ។ គាត់​ចង់​ស្ទូច​តែ​ត្រី​មួយ​ប្រភេទ​ប៉ុណ្ណោះ។ អ្នក​នេសាទ​នោះ​ជ្រើស​រើស​នុយ ហើយ​បិទ​នុយ​នឹង​ផ្លែ​សន្ទូច រួច​គ្រវែង​វា​ទៅ​ក្នុង​ទឹក។ មួយ​សន្ទុះ​ក្រោយ​មក គាត់​ឃើញ​ថា​ខ្សែ​សន្ទូច​តឹង​នាំ​ឲ្យ​ដង​សន្ទូច​កោង។ ឃើញ​ដូច្នេះ អ្នក​នេសាទ​វាត់​សន្ទូច​ឡើង​ហើយ​យក​ត្រី​ដែល​គាត់​បាន​ប៉ង​ស្ទូច​នោះ។ គាត់​ញញឹម​ដោយ​ពេញ​ចិត្ដ ព្រោះ​ដឹង​ថា​គាត់​បាន​ជ្រើស​រើស​នុយ​ត្រឹម​ត្រូវ។

នៅ​ឆ្នាំ​១៤៧៣ មុន​គ.ស. បុរស​ម្នាក់​ឈ្មោះ​បាឡាម​ក៏​បាន​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​នុយ​ដែល​គាត់​ចង់​ប្រើ​ដែរ។ ប៉ុន្ដែ​បាឡាម​មិន​មែន​ចង់​បាន​ត្រី​ទេ គឺ​គាត់​ចង់​បាន​រាស្ដ្រ​របស់​ព្រះ ដែល​កំពុង​បោះជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ នៅ​ព្រំ​ប្រទល់​នៃ​ស្រុក​ដែល​ព្រះ​បាន​សន្យា​ឲ្យ។ បាឡាម​បាន​និយាយ​ថា​គាត់​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា ប៉ុន្ដែ​តាម​ការ​ពិត គាត់​គ្រាន់តែ​ជា​បុរស​ដែល​មាន​ចិត្ដ​លោភ​លន់​ប៉ុណ្ណោះ ដែល​គេ​បាន​ជួល​ឲ្យ​ដាក់​បណ្ដាសា​ជន​ជាតិ​អ៊ីស្រាអែល។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អន្ដរាគមន៍ នោះ​បាឡាម​មិន​អាច​ធ្វើ​អ្វី​ក្រៅ​ពី​ឲ្យ​ពរ​ជន​ជាតិ​អ៊ីស្រាអែល​វិញ​ទេ។ ប៉ុន្ដែ​បាឡាម​បាន​តាំង​ចិត្ដ​ចង់​បាន​ប្រាក់​ឈ្នួល ដូច្នេះ​គាត់​បាន​គិត​ឃើញ​ថា គាត់​ប្រហែលជា​អាច​នាំ​ឲ្យ​ព្រះ​ដាក់​បណ្ដាសា​រាស្ដ្រ​លោក​វិញ បើ​អាច​ល្បួង​ពួក​គេ​ឲ្យ​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ។ ក្នុង​បំណង​នេះ បាឡាម​បាន​រៀប​ចំ​នុយ។ តើ​នុយ​នោះ​ជា​អ្វី? គឺ​ស្ដ្រី​ស្អាត​ៗ​នៅ​ស្រុក​ម៉ូអាប់។—ជនគណនា ២២:១​-​៧; ៣១:១៥, ១៦; ការ​បើក​បង្ហាញ ២:១៤

៣​. តើ​ឧបាយ​កល​របស់​បាឡាម​បាន​សម្រេច​ដល់​កម្រិត​ណា?

តើ​ឧបាយ​កល​នេះ​បាន​សម្រេច​ដូច​បំណង​ឬ​ទេ? បាន​សម្រេច​មួយ​កម្រិត​មែន។ បុរស​ជន​ជាតិ​អ៊ីស្រាអែល​រាប់​ម៉ឺន​នាក់​បាន​ត្រូវ​ទាក់​ទាញ​ដោយ​នុយ​របស់​បាឡាម ហើយ​ប្រព្រឹត្ដ​«[«អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ»]​នឹង​ពួក​កូន​ស្រី​របស់​សាសន៍​ម៉ូអាប់»។ ពួក​គេ​ក៏​ចាប់​ផ្ដើម​គោរព​បូជា​ព្រះ​ផ្សេងៗ​របស់​សាសន៍​ម៉ូអាប់​ដែល​ក្នុង​នោះ​មាន​ព្រះ​នៃ​ការ​រួម​ភេទ​ផង​ដែរ គឺ​ព្រះ​បាល​ពេអរ​ជា​ព្រះ​ដ៏​គួរ​ឲ្យ​ខ្ពើម​ឆ្អើម។ ដោយ​ហេតុ​នោះ ជន​ជាតិ​អ៊ីស្រាអែល​២៤.០០០​នាក់​បាន​ស្លាប់​នៅ​ព្រំ​ប្រទល់​ស្រុក​ដែល​ព្រះ​សន្យា​ឲ្យ។ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា​ណាស់!—ជនគណនា ២៥:១​-​៩; ព.ថ.

៤​. ហេតុ​អ្វី​បាន​ជា​ជន​ជាតិ​អ៊ីស្រាអែល​រាប់​ម៉ឺន​នាក់​បាន​ចាញ់​សេចក្ដី​ល្បួង​ហើយ​ប្រព្រឹត្ដ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ?

តើ​អ្វី​បាន​នាំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ជួប​អន្ដរាយ​ដូច្នេះ? ពួក​គេ​ជា​ច្រើន​នាក់​មាន​ចិត្ដ​ទុច្ចរិត​ដោយ​សារ​ថយ​ចេញ​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​រំដោះ​ពួក​គេ​ពី​ស្រុក​អេស៊ីប ផ្ដល់​អាហារ​ឲ្យ​ពួក​គេ​នៅ​តំបន់​ស្ងាត់​ជ្រងំ ហើយ​នាំ​ពួក​គេ​ទៅ​ដល់​ស្រុក​ដែល​លោក​បាន​សន្យា​ឲ្យ ដោយ​សុវត្ថិភាព។ (​ហេប្រឺ ៣:១២​) ដោយ​គិត​អំពី​រឿង​នេះ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​កុំ​ឲ្យ​យើង​ប្រព្រឹត្ដ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ដូច​ពួក​គេ​ខ្លះ​បាន​ធ្វើ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ រួច​ស្លាប់​អស់​ពីរ​ម៉ឺន​បី​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​»។ *កូរិនថូសទី១ ១០:៨

៥, ៦​. ហេតុ​អ្វី​កំណត់​ហេតុ​អំពី​អំពើ​ខុស​ឆ្គង​របស់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់​មាន​ប្រយោជន៍​ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ?

កំណត់​ហេតុ​នៅ​សៀវភៅ​ជនគណនា​មាន​មេរៀន​សំខាន់​ៗ​ជា​ច្រើន​សម្រាប់​រាស្ដ្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ ដែល​ហៀបនឹង​ចូល​ក្នុង​ស្រុក​ដ៏​អស្ចារ្យ​ជាង​ស្រុក​ដែល​ព្រះ​បាន​សន្យា​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ (​កូរិនថូសទី១ ១០:១១​) ជា​ឧទាហរណ៍ ពិភព​លោក​នេះ​ក៏​ឆ្កួត​នឹង​ការ​រួម​ភេទ​ដូច​ជន​ជាតិ​ម៉ូអាប់​ដែរ ប៉ុន្ដែ​ដល់​កម្រិត​ខ្លាំង​ជាង។ ម្យ៉ាង​ទៀត រៀង​រាល់​ឆ្នាំ​គ្រិស្ដ​សាសនិក​រាប់​ពាន់​នាក់​ចាញ់​សេចក្ដី​ល្បួង ហើយ​ប្រព្រឹត្ដ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ គឺ​នុយ​ដដែល ដែល​បាន​បញ្ឆោត​ជន​ជាតិ​អ៊ីស្រាអែល។ (​កូរិនថូស​ទី​២ ២:​១១​) ម្យ៉ាង​វិញ​ទៀត មាន​បុគ្គល​ខ្លះ​ដែល​ចូល​រួម​ជា​មួយ​នឹង​រាស្ដ្រ​របស់​ព្រះ​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​សមាជិក​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក តាម​គំរូ​របស់​ស៊ីមរី​ដែល​ហ៊ាន​បណ្ដើរ​ស្រី​ជន​ជាតិ​ម៉ាឌាន​ចូល​ជំរំ​អ៊ីស្រាអែល នាំ​ទៅ​ក្នុង​ត្រ​សាល​របស់​គាត់​តែ​ម្ដង។—ជនគណនា ២៥:៦, ១៤; យូដាស ៤

តើ​អ្នក​យល់​ថា​ស្ថានភាព​របស់​អ្នក​គឺ​ដូច​ជន​ជាតិ​អ៊ីស្រាអែល​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់​ឬ​ទេ? តើ​អ្នក​អាច​ឃើញ​ក្នុង​ចិត្ដ​នូវ​រង្វាន់​ដែល​អ្នក​បាន​រង់​ចាំ​យូរ​ហើយ​ឬ​ទេ ពោល​គឺ​ពិភព​លោក​ថ្មី​ដែល​នឹង​មក​ដល់​មិន​យូរ​ទៀត​នោះ? បើ​ដូច្នេះ ចូរ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ ដោយ​ធ្វើ​តាម​បញ្ញត្ដិ​ដែល​ថា​៖ ​«​ចូរ​រត់​ចេញ​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។—កូរិនថូសទី១ ៦:១៨

ទស្សនីយភាព​វាល​ទំនាប​ស្រុក​ម៉ូអាប់

តើ​អ្វី​ជា​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ?

៧, ៨​. តើ​អ្វី​ជា​«​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​? ហើយ​តើ​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​នោះ​ជា​ទម្លាប់ ទទួល​ផល​អ្វី​ខ្លះ?

ក្នុង​គម្ពីរ ពាក្យ​«​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​ (​ភាសា​ក្រិច​ផូនៀ​) សំដៅ​ទៅ​លើ​ការ​រួម​ដំណេក​គ្រប់​បែប​យ៉ាង​ដែល​ខុស​ច្បាប់ ក្រៅ​ពី​អាពាហ៍ពិពាហ៍​ដែល​ត្រឹម​ត្រូវ​តាម​គោលការណ៍​គម្ពីរ។ នោះ​រួម​បញ្ចូល​ការ​ផិត​ក្បត់ ពេស្យាចារ និង​ការ​រួម​ដំណេក​រវាង​មនុស្ស​ដែល​នៅ​លីវ ការ​រួម​ភេទ​តាម​មាត់ តាម​ផ្លូវ​បាត និង​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​បុគ្គល​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន ក្នុង​បំណង​បំពេញ​ចំណង់​ផ្លូវ​ភេទ។ ការ​ប្រព្រឹត្ដ​ទាំង​អស់​នេះ​ជា​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ទោះ​ជា​បុគ្គល​ទាំង​ពីរ​ជា​ភេទ​ដូច​គ្នា​ក៏​ដោយ។ អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ក៏​រួម​បញ្ចូល​ការ​រួម​ភេទ​ជា​មួយ​នឹង​សត្វ​ដែរ ឬ​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​សត្វ​ក្នុង​បំណង​ប្រព្រឹត្ដ​អំពើ​ថោក​ទាប​ខាង​ផ្លូវ​ភេទ។ *

បទ​គម្ពីរ​បញ្ជាក់​ច្បាស់​ណាស់​ថា អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ប្រាសចាក​សីលធម៌​ជា​ទម្លាប់ មិន​អាច​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​បាន​ទេ ហើយ​ក៏​នឹង​មិន​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដែរ។ (កូរិនថូសទី១ ៦:៩; ការ​បើក​បង្ហាញ ២២:១៥) ម្យ៉ាង​ទៀត សូម្បី​តែ​ឥឡូវ​នេះ​ក៏​ពួក​គេ​នាំ​ឲ្យ​ខ្លួន​មាន​ទុក្ខ​លំបាក​ជា​ច្រើន​ដែរ ដូច​ជា​ការ​បាត់បង់​ភាព​ថ្លៃ​ថ្នូរ​របស់​ខ្លួន​និង​ទំនុក​ចិត្ដ​ពី​អ្នក​ឯ​ទៀត ការ​មិន​ចុះ​សម្រុង​គ្នា​ជា​មួយ​នឹងគូ​អាពាហ៍​ពិពាហ៍ កាមរោគ មាន​ផ្ទៃ​ពោះ​ដោយ​មិន​ចង់​បាន​កូន និង​អារម្មណ៍​ស្តាយ​យ៉ាង​ខ្លាំង​ជា​ដើម។ ពួក​គេ​ក៏​អាច​ស្លាប់​ទៀត​ផង។ (សូម​អាន កាឡាទី ៦:៧, ៨) យើង​មិន​គួរ​ចាប់​ផ្ដើម​ដើរ​ផ្លូវ​មួយ​ដែល​នាំ​ឲ្យ​ជួប​តែ​ទុក្ខវេទនា​ទេ មែន​ទេ? ប៉ុន្ដែ​គួរ​ឲ្យ​ស្តាយ​ណាស់ មនុស្ស​ជា​ច្រើន​មិន​គិត​វែង​ឆ្ងាយ​ដូច្នេះ​ទេ ពេល​ដែល​ពួក​គេ​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស។ តើ​ពួក​គេ​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស​យ៉ាង​ដូច​ម្ដេច? ច្រើន​ដង គឺ​ដោយ​មើល​រូប​អាសអាភាស។

ការ​មើល​រូប​អាសអាភាស​ជា​ដំណាក់​កាល​ដំបូង

៩​. តើ​មនុស្ស​និយាយ​ត្រឹម​ត្រូវ​ឬ​ទេ ពេល​ប្រាប់​ថា​រូប​អាសអាភាស​ពុំ​អាច​បង្ក​គ្រោះ​ថ្នាក់​នោះ? សូម​ពន្យល់។

នៅ​ពាស​ពេញ​ប្រទេស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ មាន​រូបភាព អត្ថបទ និង​សូរ​សំឡេង​ដែល​បាន​ត្រូវ​ផលិត​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្រើប​ស្រាល។ អ្វី​ៗ​ទាំង​នោះ​មាន​តាំង​ពី​រូបភាព​ដែល​បង្ហាញ​អំពី​បុគ្គល​ម្នាក់​មាន​ឥរិយាបថ​ដែល​ធ្វើ​ឲ្យ​ស្រើប​ស្រាល រហូត​ដល់​រូប​ដែល​បង្ហាញ​ឈុត​រួម​ភេទ​ដ៏​ថោក​ទាប​រវាង​មនុស្ស​ពីរ​នាក់​ឬ​ច្រើន​នាក់។ គេ​ដាក់​បង្ហាញ​អ្វី​ៗ​បែប​នេះ​នៅ​កន្លែង​លក់​សៀវភៅ និង​តាម​កញ្ចក់​ទូរទស្សន៍។ ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​ពោរ​ពេញ​ទៅ​ដោយ​អ្វី​ៗ​បែប​នេះ ហើយ​បទ​ភ្លេង​និង​ចម្រៀង​ក៏​មាន​អ្វី​ៗ​បែប​នេះ​ដែរ។ តើ​នេះ​ជា​អ្វី​ដែល​ពុំ​បង្ក​គ្រោះ​ថ្នាក់​ដូច​មនុស្ស​ខ្លះ​និយាយ​ឬ? មិន​មែន​ដូច្នេះ​ទេ! អ្នក​ដែល​មើល​រូប​អាសអាភាស​អាច​ទៅ​ជា​អ្នក​ដែល​មាន​ទម្លាប់​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ ហើយ​អាច​ចិញ្ចឹម​នូវ​«​ចំណង់​ដ៏​គួរ​ស្អប់ខ្ពើម​ខាង​ផ្លូវ​ភេទ​»​ ដែល​អាច​នាំ​ឲ្យ​ញៀន​ការ​រួម​ភេទ មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ពី​ធម្មតា នាំ​ឲ្យ​មិន​ចុះ​សម្រុង​គ្នា​ជា​មួយ​នឹង​គូ​អាពាហ៍ពិពាហ៍ ហើយ​រហូត​ដល់​លែង​លះ​គ្នា​ទៀត​ផង។ * (​រ៉ូម ១:២៤​-​២៧; អេភេសូរ ៤:១៩​) អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​ប្រដូច​ការ​ញៀន​រួម​ភេទ​ទៅ​នឹង​មហារីក។ គាត់​ប្រាប់​ថា​៖ ​«​អារម្មណ៍​ញៀន​នោះ​គឺ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ជា​និច្ច ហើយ​វា​កម្រ​ថយ​ចុះ​ណាស់។ អារម្មណ៍​ញៀន​នោះ​ក៏​ពិបាក​ព្យាបាល​ឲ្យ​ជា​ដែរ​»។

ជា​ការ​ល្អ​បើ​ដាក់​កម្រិត​ឲ្យ​ប្រើ​អ៊ីនធឺណិត​នៅ​កន្លែង​ដែល​មនុស្ស​ទាំង​អស់​ក្នុង​ផ្ទះ​អាច​ឃើញ

១០​. តើ​យើង​អាច​ធ្វើ​តាម​គោលការណ៍​នៅ​យ៉ាកុប ១:១៤, ១៥​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ របៀប​ដែល​ខ្ញុំ​ទទួល​បាន​កម្លាំង​ចិត្ដ​ដើម្បី​មាន​របៀប​រស់​នៅ​ដ៏​ស្អាត​ស្អំ​»​)

១០ សូម​គិត​អំពី​ពាក្យ​នៅ​យ៉ាកុប ១:១៤, ១៥​ដែល​ថា​៖ ​«​មនុស្ស​ទាំង​អស់​ត្រូវ​ល្បង​ល​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ​និង​ល្បួង​លួង​លោម។ រួច​មក ពេល​ដែល​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ​ចាប់​មាន​គភ៌ នោះ​ក៏​សម្រាល​ចេញ​ជា​អំពើ​ខុស​ឆ្គង កាល​ណា​អំពើ​ខុស​ឆ្គង​បាន​សម្រេច​ហើយ នោះ​នាំ​ឲ្យ​ស្លាប់​»។ ដូច្នេះ បើ​អ្នក​ចាប់​ផ្ដើម​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ណា​មួយ ចូរ​បំបាត់​វា​ចេញ​ភ្លាម! ជា​ឧទាហរណ៍ បើ​អ្នក​ឃើញ​ដោយ​ចៃដន្យ​នូវ​រូបភាព​ណា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រើប​ស្រាល ចូរ​បែរ​ចេញ ឬ​បិទ​កុំព្យូទ័រ ឬ​មួយ​ដូរ​ប៉ុស្តិ៍។ ចូរ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​ចាំ​បាច់​ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ប្រាសចាក​សីលធម៌ មុន​ដែល​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ​ទៅ​ជា​ខ្លាំង​ពេក​ហើយ​ឈ្នះ​អ្នក!—សូម​អាន ម៉ាថាយ ៥:២៩, ៣០

១១​. ពេល​ដែល​ខំ​តយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់ តើ​យើង​អាច​បង្ហាញ​ថា​យើង​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១១ ព្រះ​ស្គាល់​យើង​ច្បាស់​ជាង​យើង​ស្គាល់​ខ្លួន​យើង​ទៅ​ទៀត ដូច្នេះ​លោក​មាន​មូលហេតុ​ត្រឹម​ត្រូវ​ពេល​ដាស់​តឿន​យើង​ថា​៖ ​«​ចូរ​រម្ងាប់​ភាព​ទោរ​ទន់​ដែល​មាន​នៅ​ក្នុង​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា គឺ​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោកគ្រោក តម្រេក សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់ និង​ការ​ច្រណែន​ចង់​បាន​របស់​អ្នក​ដទៃ ដែល​ទុក​ដូច​ជា​ការ​គោរព​បូជា​រូប​ព្រះ​»។ (​កូឡុស ៣:៥​) ការ​ធ្វើ​ដូច្នេះ​ប្រហែលជា​ពិបាក​ណាស់។ ប៉ុន្ដែ​សូម​ចាំ​ថា​យើង​អាច​សុំ​ជំនួយ​ពី​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់ ហើយ​មាន​ចិត្ដ​អត់​ធ្មត់​ចំពោះ​យើង។ (​ទំនុកតម្កើង ៦៨:១៩​) ដូច្នេះ ចូរ​ឆាប់​សុំ​ជំនួយ​ពី​លោក​ពេល​គំនិត​ស្មោកគ្រោក​ចូល​ក្នុង​គំនិត​អ្នក។ ចូរ​អធិដ្ឋាន​សុំ​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»​ ហើយ​បង្ខំ​ខ្លួន​ឲ្យ​គិត​អំពី​រឿង​ផ្សេង​ទៀត (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ តើ​ខ្ញុំ​អាច​ផ្ដាច់​ទម្លាប់​អាក្រក់​យ៉ាង​ដូច​ម្ដេច?​»​)។—កូរិនថូសទី២ ៤:៧; កូរិនថូសទី១ ៩:២៧

១២​. តើ​«​ចិត្ដ​»​របស់​យើង​ជា​អ្វី? ហើយ​ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​តែ​ការពារ​ចិត្ដ​របស់​យើង?

១២ សាឡូម៉ូន​ដែល​ជា​អ្នក​ប្រាជ្ញ​ម្នាក់​ធ្លាប់​សរសេរ​ថា​៖ ​«​ចូរ​រក្សា​ចិត្ដ​ដោយ​អស់ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញ​ពី​ក្នុង​ចិត្ដ​មក​»។ (​សុភាសិត ៤:២៣​) ​«​ចិត្ដ​»​សំដៅ​ទៅ​លើ​ធាតុ​ពិត​របស់​យើង​តាម​ទស្សនៈ​របស់​ព្រះ។ ម្យ៉ាង​ទៀត យើង​ទទួល​ឬ​មិន​ទទួល​ជីវិត​ជា​រៀង​រហូត​អាស្រ័យ​ទៅ​លើ​ទស្សនៈ​របស់​ព្រះ​ចំពោះ​«​ចិត្ដ​»​របស់​យើង មិន​មែន​ទស្សនៈ​ដែល​អ្នក​ឯ​ទៀត​មាន​ចំពោះ​យើង​ទេ។ ចំណុច​នេះ​ច្បាស់​ហើយ​ស្រួល​យល់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​រឿង​ស្លាប់​រស់​ដែរ។ យ៉ូប​ដែល​ជា​បុរស​ស្មោះ​ត្រង់​នឹង​ព្រះ បាន​តាំង​សញ្ញា​ឬ​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​មួយ​នឹង​ភ្នែក​របស់​គាត់ កុំ​ឲ្យ​មើល​ស្ដ្រី​ក្នុង​បំណង​មិន​ត្រឹម​ត្រូវ។ (​យ៉ូប ៣១:១​) នេះ​ជា​គំរូ​ល្អ​ណាស់​សម្រាប់​យើង! ដោយ​មាន​គំនិត​ដូច​គ្នា​នោះ អ្នក​តែង​ទំនុកតម្កើង​ធ្លាប់​អធិដ្ឋាន​ថា​៖ ​«​សូម​បង្វែរ​ភ្នែក​ទូល​បង្គំ​មិន​ឲ្យ​មើល​ការ​ឥត​ប្រយោជន៍​»។—ទំនុកតម្កើង ១១៩:៣៧

ឌីណា​សម្រេច​ចិត្ដ​មិន​ត្រឹម​ត្រូវ

១៣​. តើ​ឌីណា​ជា​អ្នក​ណា? ហើយ​ហេតុ​អ្វី​យើង​អាច​និយាយ​ថា​នាង​ជ្រើស​រើស​មិត្ដ​ភក្ដិ​មិន​ត្រឹម​ត្រូវ?

១៣ យើង​បាន​រៀន​ក្នុង​ជំពូក​ទី​៣​ថា​មិត្ដ​ភក្ដិ​របស់​យើង​អាច​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​យើង គឺ​ឥទ្ធិពល​ល្អ​ឬ​ឥទ្ធិពល​អាក្រក់។ (​សុភាសិត ១៣:២០; សូម​អាន កូរិនថូស​ទី១ ១៥:៣៣) សូម​គិត​អំពី​គំរូ​របស់​ឌី​ណា ជា​កូន​របស់​យ៉ាកុប។ ទោះ​ជា​ឌី​ណា​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​យ៉ាង​ល្អ​ក៏​ដោយ នាង​បាន​ធ្វើ​ការ​សម្រេច​ចិត្ដ​មិនត្រឹម​ត្រូវ​ដោយ​យក​ស្ដ្រីជន​ជាតិ​កាណាន​ធ្វើ​ជា​មិត្ដ​ភក្ដិ។ ដូច​ជន​ជាតិ​ម៉ូអាប់​ដែរ ជន​ជាតិ​កាណាន​ល្បី​ឈ្មោះ​ថា​ជា​អ្នក​ប្រព្រឹត្ដ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ (​លេវីវិន័យ ១៨:៦​-​២៥​) តាម​ទស្សនៈ​របស់​ពួក​បុរស​ជន​ជាតិ​កាណាន រួម​ទាំង​ស៊ី​គែម​ដែល​ជា​«មនុស្ស​ដែល​គេ​រាប់​អាន​លើស​ជាង​ទាំង​អស់»​នៅ​ក្នុង​ពួក​ដំណាក់​បិតា ឌីណា​មើល​ទៅ​ដូច​ជា​ស្ដ្រី​ដែល​នឹង​ពេញ​ចិត្ដ​ប្រព្រឹត្ដ​អំពើ​ប្រាសចាក​សីលធម៌​ជា​មួយ​នឹង​ពួក​គេ។—លោកុប្បត្ដិ ៣៤:១៨, ១៩

១៤​. ដោយ​សារ​ឌីណា​មិន​បាន​ជ្រើស​រើស​មិត្ដ​ភក្ដិ​ឲ្យ​បាន​ត្រឹម​ត្រូវ តើ​នេះ​នាំ​ឲ្យ​មាន​រឿង​ខ្លោច​ផ្សា​យ៉ាង​ដូច​ម្ដេច?

១៤ ពេល​ដែល​ឌីណា​ឃើញ​ស៊ី​គែម នាង​ប្រហែលជា​ពុំ​បាន​គិត​អំពី​ការ​រួម​ភេទ​ទេ។ ក៏​ប៉ុន្ដែ​ចំណែក​ស៊ី​គែម​វិញ គាត់​បាន​ធ្វើ​អ្វី​ដែល​ជន​ជាតិ​កាណាន​ភាគ​ច្រើន​ចាត់​ទុក​ជា​ទង្វើ​ធម្មតា​របស់​មនុស្ស​ដែល​មាន​តម្រេក​ខាង​ផ្លូវ​ភេទ។ នៅ​ពេល​នោះ ទោះ​ជា​ឌីណា​ខំ​បដិសេធ​យ៉ាង​ណា​ក៏​ដោយ គឺ​គ្មាន​ប្រយោជន៍​ទេ ពីព្រោះ​ស៊ី​គែម​បាន​«​នាំ​យក​»​នាង​«​ទៅ​ដេក​បង្ខូច​»។ តាម​មើល​ទៅ ក្រោយ​មក​ស៊ី​គែម​«​ប្រតិព័ទ្ធ​»​ស្រឡាញ់​ឌីណា ប៉ុន្ដែ​នោះ​មិន​អាច​ទូទាត់​ជម្រះ​អ្វី​ដែល​គាត់​បាន​ធ្វើ​ចំពោះ​នាង​ឡើយ។ (​សូម​អាន លោកុប្បត្ដិ ៣៤:១​-​៤) មិន​មែន​តែ​ឌីណា​ប៉ុណ្ណោះ​ទេ​ដែល​បាន​រង​ទុក្ខ​ដោយ​សារ​អំពើ​នោះ។ ដោយ​សារ​នាង​មិន​បាន​ជ្រើស​រើស​មិត្ដ​ភក្ដិ​ឲ្យ​បាន​ត្រឹម​ត្រូវ នោះ​បណ្ដាល​ឲ្យ​មាន​រឿង​ថែម​ទៀត​កើត​ឡើង​ដែល​នាំ​ឲ្យ​ខូច​កិត្ដិយស​ក្រុម​គ្រួសារ​របស់​នាង​ទាំង​មូល។—លោកុប្បត្ដិ ៣៤:៧, ២៥​-​៣១; កាឡាទី ៦:៧, ៨

១៥, ១៦​. តើ​យើង​អាច​បាន​ប្រាជ្ញា​ដ៏​ពិត​ប្រាកដ​ពី​កន្លែង​ណា? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ បទ​គម្ពីរ​សម្រាប់​រំពឹង​គិត​»​)

១៥ បើ​ឌីណា​បាន​ទាញ​យក​មេរៀន​ពី​អ្វី​ដែល​កើត​ឡើង នោះ​គឺ​ក្រោយ​ពេល​ដែល​នាង​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ល្វីង​ជូរ​ចត់​រួច​ហើយ។ អ្នក​ដែល​ស្រឡាញ់ ហើយ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​មិន​ចាំ​បាច់​រៀន​ដោយ​ឆ្លង​កាត់​បទ​ពិសោធន៍​អាក្រក់​ឡើយ។ ដោយ​សារ​ពួក​គេ​ស្តាប់​ព្រះ ពួក​គេ​សម្រេច​ចិត្ដ​«​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ​»។ (​សុភាសិត ១៣:​២០​ក​) យ៉ាង​នេះ ពួក​គេ​ចាប់​ផ្ដើម​យល់​«​គ្រប់​ទាំង​ផ្លូវ​ល្អ​»​ ហើយ​ជៀស​វាង​ពី​បញ្ហា​និង​ទុក្ខ​លំបាក​ដ៏​មិន​ចាំ​បាច់។—សុភាសិត ២:៦​-​៩; ទំនុកតម្កើង ១:១​-​៣

១៦ អស់​អ្នក​ដែល​ចង់​បាន​ប្រាជ្ញា​ពី​ព្រះ​អាច​ទទួល​បាន បើ​ពួក​គេ​រក​ប្រាជ្ញា​នោះ​ដោយ​ព្យាយាម​អធិដ្ឋាន​ជា​និច្ច ហើយ​សិក្សា​ជា​ទៀង​ទាត់​នូវ​បណ្ដាំ​របស់​លោក​និង​ព័ត៌មាន​ផ្សេង​ៗ​ដែល​ខ្ញុំ​បម្រើ​ដ៏ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ផ្ដល់​ឲ្យ។ (​ម៉ាថាយ ២៤:៤៥; យ៉ាកុប ១:៥​) ពួក​គេ​ក៏​ត្រូវ​មាន​ចិត្ដ​រាប​ទាប​ដែរ ហើយ​បង្ហាញ​ចិត្ដ​រាប​ទាប​នោះ​ដោយ​ព្រម​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ។ (​ពង្សាវតារក្សត្រទី២ ២២:​១៨, ១៩​) ជា​ឧទាហរណ៍ គ្រិស្ដ​សាសនិក​ម្នាក់​ប្រហែលជា​ទទួល​ស្គាល់​ចំណុច​ដែល​ថា ចិត្ដ​របស់​គាត់​អាច​ធ្វើ​ជា​គ្រឿង​បញ្ឆោត ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ដែរ។ (​យេរេមា ១៧:​៩​) ប៉ុន្ដែ​ពេល​គាត់​ប្រព្រឹត្ដ​មិន​ត្រឹម​ត្រូវ តើ​គាត់​សុខ​ចិត្ដ​ទទួល​ឱវាទ​ចំ​ៗ​និង​ជំនួយ​ដែល​អ្នក​ឯ​ទៀត​ផ្ដល់​ឲ្យ​ដោយ​សេចក្ដី​ស្រឡាញ់​ឬ​ទេ?

១៧​. សូម​រៀប​រាប់​អំពី​ស្ថានភាព​មួយ​ដែល​អាច​កើត​ឡើង​ក្នុង​ក្រុម​គ្រួសារ ហើយ​បញ្ជាក់​អំពី​របៀប​ដែល​ឪពុក​អាច​វែក​ញែក​ជា​មួយ​នឹង​កូន​ស្រី​អំពី​រឿង​នោះ។

១៧ សូម​ស្រមៃ​គិត​អំពី​ឪពុក​ម្នាក់​ដែល​មិន​ព្រម​ឲ្យ​កូន​ស្រី​ដើរ​លេង​ជា​មួយ​នឹង​យុវ​បុរស​គ្រិស្ដ​សាសនិក​ម្នាក់ បើ​គ្មាន​អ្នក​ណា​ទៅ​ជា​មួយ​នឹង​ពួក​គេ​ទេ។ កូន​ស្រី​ឆ្លើយ​ថា​៖ ​«​ហេតុ​អ្វី​ប៉ា? ប៉ា​មិន​ទុក​ចិត្ដ​ខ្ញុំ​ទេ​ឬ? យើង​នឹង​មិន​ធ្វើ​អ្វី​ខុស​ទេ!​»។ នាង​ប្រហែលជា​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​មាន​បំណង​ចិត្ដ​ល្អ​បំផុត ប៉ុន្ដែ​បើ​នាង​គិត​ដូច្នេះ តើ​នាង​កំពុង​«​ប្រព្រឹត្ដ​ដោយ​ប្រាជ្ញា[​ពី​ព្រះ​]​»​ឬ​ទេ? តើ​នាង​កំពុង​«​រត់​ចេញ​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​ឬ​ទេ? ឬ​តើ​នាង​កំពុង​បង្ហាញ​គំនិត​ល្ងីល្ងើ​ដោយ​«​ទី​ពឹង​តែ​ចិត្ដ​ខ្លួន​»​វិញ? (​សុភាសិត ២៨:២៦​) ប្រហែលជា​អ្នក​អាច​នឹក​ឃើញ​គោលការណ៍​ឯ​ទៀត​ដែល​ឪពុក​និង​កូន​ស្រី​បែប​នេះ​អាចយ​កម​ក​ពិចារណា។—សូម​មើល សុភាសិត ២២:​៣; ម៉ាថាយ ៦:​១៣; ២៦:៤១

យ៉ូសែប​បាន​រត់​ចេញ​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ

១៨, ១៩​. តើ​យ៉ូសែប​ជួប​នឹង​សេចក្ដី​ល្បួង​អ្វី? ហើយ​តើ​គាត់​ប្រព្រឹត្ដ​យ៉ាង​ណា?

១៨ យ៉ូសែប​ជា​ប្អូន​ប្រុស​ម្នាក់​របស់​ឌីណា​ដែល​មាន​ឪពុក​តែ​មួយ​ម្ដាយ​ទីទៃ។ យ៉ូសែប​ជា​យុវជន​ល្អ​ដែល​បាន​ស្រឡាញ់​ព្រះ ហើយ​រត់​ចេញ​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ (​លោកុប្បត្ដិ ៣០:២០​-​២៤​) យ៉ូសែប​ធ្លាប់​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ផល​អាក្រក់​ដែល​មក​ពី​ការ​ប្រព្រឹត្ដ​ដោយ​ឥត​ពិចារណា​របស់​ឌីណា។ ច្រើន​ឆ្នាំ​ក្រោយ​មក សេចក្ដី​នឹក​ចាំ​នេះ​ព្រម​ទាំង​ចិត្ដ​ចង់​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ បាន​ការពារ​យ៉ូសែប​ពេល​ដែល​គាត់​នៅ​ស្រុក​អេស៊ីប ហើយ​ប្រពន្ធ​របស់​ចៅហ្វាយ​គាត់​ខំ​ល្បួង​លួង​លោម​គាត់​«​រាល់​ថ្ងៃ​»​ឲ្យ​ដេក​ជា​មួយ​នឹង​នាង។ ដោយ​សារ​យ៉ូសែប​ជា​ខ្ញុំ​បម្រើ គាត់​មិន​អាច​លា​លែង​ពី​ការងារ​តាម​ចិត្ដ​គាត់​បាន​ទេ! គាត់​ត្រូវ​ប្រព្រឹត្ដ​ដោយ​ក្លាហាន ហើយ​ប្រើ​ប្រាជ្ញា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។ គាត់​បាន​ធ្វើ​ដូច្នេះ​ដោយ​ប្រាប់​ប្រពន្ធ​របស់​ប៉ូទីផារ​ថា​គាត់​មិន​ព្រម​ទេ ហើយ​នៅ​ទី​បំផុត​គាត់​រត់​ចេញ​ពី​នាង។—សូម​អាន លោកុប្បត្ដិ ៣៩:៧​-​១២

១៩ ឧបមា​ថា​យ៉ូសែប​ធ្លាប់​ដេក​គិត​អំពី​ប្រពន្ធ​របស់​ប៉ូទីផារ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​ស្រើប​ស្រាល ឬ​ចេះ​តែ​គិត​មមៃ​អំពី​ការ​រួម​ភេទ តើ​គាត់​នឹង​អាច​រក្សា​ចិត្ដ​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​ឬ​ទេ? គាត់​ទំនង​ជា​មិន​អាច​រក្សា​ចិត្ដ​ស្មោះ​គ្រប់​លក្ខណៈ​បាន​ទេ។ ជា​ជាង​ដេក​គិត​អំពី​អំពើ​ខុស​ឆ្គង យ៉ូសែប​បាន​ចាត់​ទុក​ថា​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​មាន​តម្លៃ​វិសេស។ អ្វី​ដែល​គាត់​និយាយ​ទៅ​កាន់​ប្រពន្ធ​របស់​ប៉ូទីផារ​បញ្ជាក់​ចំណុច​នោះ។ យ៉ូសែប​ធ្លាប់​និយាយ​ថា​៖ ​«​ចៅហ្វាយ​ខ្ញុំ . . . មិន​បាន​ហួង​ទុក​របស់​ណា​មួយ​នឹង​ខ្ញុំ . . . លើក​តែ​លោក​ស្រី​ប៉ុណ្ណោះ ពីព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក ដូច្នេះ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្រព្រឹត្ដ​ការ​ដែល​អាក្រក់​យ៉ាង​ធំ​នេះ​ទៅ​បាន ធ្វើ​យ៉ាង​នោះ​នឹង​មាន​បាប​នៅ​ចំពោះ​ព្រះ​ផង​»។—លោកុប្បត្ដិ ៣៩:៨, ៩

២០​. តើ​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​អ្វី​ខ្លះ​កើត​ឡើង​ក្នុង​ករណី​របស់​យ៉ូសែប?

២០ សូម​នឹក​គិត​ថា​ព្រះ​យេហូវ៉ា​រីករាយ​យ៉ាង​ណា ពេល​លោក​ឃើញ​យ៉ូសែប​ដែល​នៅ​ក្មេង​ហើយ​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ បាន​រក្សា​ចិត្ដ​ស្មោះ​គ្រប់​លក្ខណៈ​ជា​រៀង​រាល់​ថ្ងៃ។ (​សុភាសិត ២៧:១១​) នៅ​ពេល​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​គេ​ដោះ​លែង​យ៉ូសែប​ពី​គុក ហើយ​តែង​តាំង​គាត់​ជានា​យក​រដ្ឋ​មន្ដ្រី​របស់​ស្រុក​អេស៊ីប និង​ជា​អ្នក​គ្រប់​គ្រង​ស្បៀងអាហារ​របស់​ស្រុក​អេស៊ីប​ទៀត! (​លោកុប្បត្ដិ ៤១:៣៩​-​៤៩​) ពាក្យ​នៅ​ទំនុកតម្កើង ៩៧:១០​ពិត​ជា​ត្រឹម​ត្រូវ​មែន ដែល​ថា​៖ ​«​ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា​អើយ! ចូរ​ស្អប់​ការ​អាក្រក់​ចុះ ទ្រង់​ទំនុក​បំរុង​ព្រលឹង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ ក៏​ជួយ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​មនុស្ស​អាក្រក់​»។

២១​. តើ​ប្អូន​ប្រុស​ម្នាក់​នៅ​ទ្វីប​អាហ្វ្រិក​បាន​កាន់​ខ្ជាប់​តាម​សីលធម៌​ដោយ​ចិត្ដ​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

២១ ដូច​គ្នា​ដែរ​សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​ជា​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ពួក​គេ​«​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ​»។ (​អេម៉ុស ៥:១៥​) ប្អូន​ប្រុស​ម្នាក់​នៅ​ទ្វីប​អាហ្វ្រិក​នឹក​ឃើញ​ថា សិស្ស​ស្រី​រួម​ថ្នាក់​ម្នាក់​បាន​ប្រាប់​ដោយ​ឥត​អៀន​ខ្មាស​ថា​នាង​សុខ​ចិត្ដ​រួម​ភេទ​ជា​មួយ​នឹង​គាត់ បើ​គាត់​ជួយ​នាង​ពេល​ប្រឡង​គណិតវិទ្យា។ ប្អូន​ប្រុស​នោះ​ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​បដិសេធ​ការ​ស្នើ​សុំ​របស់​គាត់​ភ្លាម​ៗ។ ដោយ​សារ​ខ្ញុំ​បាន​រក្សា​ចិត្ដ​ស្មោះ​គ្រប់​លក្ខណៈ នោះ​ខ្ញុំ​មិន​បាត់បង់​នូវ​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ឬ​តម្លៃ​ខ្លួន​ទេ ហើយ​នោះ​មាន​តម្លៃ​ជាង​មាស​និង​ប្រាក់​»។ ពិត​មែន​តែ​អំពើ​ខុស​ឆ្គង​អាច​នាំ​ឲ្យ​«​សប្បាយ​មួយ​រយៈ​ពេល​ខ្លី​»​ ប៉ុន្ដែ​ការ​សប្បាយ​តែ​មួយ​ភ្លែត​ដូច្នេះ​ច្រើន​តែ​នាំ​ឲ្យ​ឈឺ​ចាប់​ក្រោយ​មក។ (​ហេប្រឺ ១១:២៥​) ម្យ៉ាង​ទៀត ការ​សប្បាយ​ដែល​មក​ពី​អំពើ​ខុស​ឆ្គង​ពុំ​អាច​ប្រៀប​ស្មើ​នឹង​សុភមង្គល​ដែល​ស្ថិតស្ថេរ​ជា​និច្ច ដែល​មក​ពី​ការ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឡើយ។—សុភាសិត ១០:២២

ចូរ​ទទួល​ជំនួយ​ពី​ព្រះ​នៃ​សេចក្ដី​មេត្ដា​ករុណា

២២, ២៣​. (​ក​) បើ​គ្រិស្ដ​សាសនិក​ម្នាក់​ប្រព្រឹត្ដ​អំពើ​ខុស​ធ្ងន់ ហេតុ​អ្វី​ស្ថានភាព​របស់​គាត់​មិន​គួរ​ឲ្យ​អស់​សង្ឃឹម? (​ខ​) តើ​អ្នក​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​អាច​ទទួល​ជំនួយ​បែប​ណា?

២២ ដោយ​សារ​យើង​មាន​ភាព​ខុស​ឆ្គង យើង​ត្រូវ​ខំ​ប្រឹង​ព្យាយាម​យ៉ាង​ខ្លាំង ដើម្បី​គ្រប់​គ្រង​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​របស់​យើង ហើយ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ។ (​រ៉ូម ៧:២១​-​២៥​) ព្រះ​យេហូវ៉ា​ជ្រាប​អំពី​ចំណុច​នេះ ព្រោះ​លោក​«​នឹក​ចាំ​ថា យើង​គ្រាន់តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ​»។ (​ទំនុកតម្កើង ១០៣:១៤​) ប៉ុន្ដែ​ជួនកាល​គ្រិស្ដ​សាសនិក​ប្រហែលជា​ប្រព្រឹត្ដ​អំពើ​ខុស​ធ្ងន់។ តើ​ស្ថានភាព​របស់​គាត់​គួរ​ឲ្យ​អស់​សង្ឃឹម​ឬ​ទេ? មិន​គួរ​អស់​សង្ឃឹម​សោះ! ពិត​មែន​តែ​អ្នក​ដែល​ប្រព្រឹត្ដ​ខុស​នោះ​ប្រហែលជា​ទទួល​ផល​ដ៏​ល្វីង​ជូរ​ចត់​ដូច​ដាវីឌ​បាន​ទទួល ប៉ុន្ដែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​«​បំរុង​តែ​នឹង​អត់​ទោស​»​ជា​និច្ច​ឲ្យ​អស់​អ្នក​ដែល​ពិបាក​ចិត្ដ ហើយ​«​សារភាព​ការ​ខុស​ឆ្គង​របស់​ខ្លួន​ដោយ​ចំហ​»។—ទំនុកតម្កើង ៨៦:៥; យ៉ាកុប ៥:១៦; សូម​អាន សុភាសិត ២៨:១៣

២៣ ម្យ៉ាង​ទៀត ព្រះ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​រៀប​ចំ​ឲ្យ​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​មាន​«​អំណោយ​ជា​មនុស្ស​»​ គឺជា​គង្វាល​មាន​ភាព​ចាស់​ទុំ​ដែល​ជួយ​យើង​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ។ ពួក​គាត់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់ ហើយ​ប្រុង​ប្រៀប​ផ្ដល់​ជំនួយ។ (​អេភេសូរ ៤:៨, ១២; យ៉ាកុប ៥:១៤, ១៥​) គោលដៅ​របស់​ពួក​គាត់​គឺ​ចង់​ជួយ​អ្នក​ដែល​ប្រព្រឹត្ដ​ខុស​ឲ្យ​ផ្សះ​ផ្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​ឡើង​វិញ ហើយ​បាន​«​យោបល់​[​ឬ​«​ការ​យល់​ដឹង​»]»​ដើម្បី​កុំ​ធ្វើ​អំពើ​ខុស​ឆ្គង​នោះ​ម្ដង​ទៀត។—សុភាសិត ១៥:៣២; ព.ថ.

ចូរ​ព្យាយាម​ឲ្យ​បាន​«​ការ​យល់​ដឹង​»

២៤, ២៥​. (​ក​) តើ​កំលោះ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សុភាសិត ៧:៦​-​២៣​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គាត់​«​គ្មាន​ការ​យល់​ដឹង​»? (ខ) តើ​តាម​របៀប​ណា​យើង​អាច​ព្យាយាម​ឲ្យបាន​«​ការ​យល់​ដឹង​»?

២៤ គម្ពីរ​រៀប​រាប់​អំពី​មនុស្ស​ដែល​«​ឥត​យោបល់​[​ឬ​«​គ្មាន​ការ​យល់​ដឹង​»]» ហើយ​រៀប​រាប់​អំពី​អ្នក​ដែល​បាន​«ការ​យល់​ដឹង»។ (សុភាសិត ៧:៧; ព.ថ.) ដោយ​សារ​អ្នក​ដែល​«គ្មាន​ការ​យល់​ដឹង»​ប្រហែលជា​មិន​យល់​ច្បាស់​អំពី​ខ្នាត​តម្រា​របស់​ព្រះ ហើយ​ខ្វះ​បទ​ពិសោធន៍​ក្នុង​កិច្ច​បម្រើ​ព្រះ នោះ​គាត់​ប្រហែលជា​មិន​មាន​សុភនិច្ឆ័យ​ឡើយ។ ដូច​កំលោះ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សុភាសិត ៧:៦​-​២៣ អ្នក​នោះ​ប្រហែលជា​ងាយ​ភ្លាត់​ធ្វើ​អំពើ​ខុស​ធ្ងន់។ ក៏​ប៉ុន្ដែ «អ្នក​ណា​ដែល​បាន​ប្រាជ្ញា​[​ឬ​«​ការ​យល់​ដឹង​»]» ពិនិត្យពិច័យ​ធាតុ​ពិត​របស់​ខ្លួន ដោយ​អធិដ្ឋាន​និង​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់។ ម្យ៉ាង​ទៀត គាត់​ខំ​អស់ពី​សមត្ថភាព​របស់​គាត់​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដើម្បី​មាន​គំនិត គោលដៅ​ក្នុង​ជីវិត សេចក្ដី​ប៉ង​ប្រាថ្នា និង​អារម្មណ៍​ដែល​ព្រះ​ពេញ​ចិត្ដ។ ដោយ​ធ្វើ​ដូច្នេះ គាត់​‹ស្រឡាញ់​ខ្លួន› ហើយ​នឹង​«បាន​សេចក្ដី​ល្អ»។—សុភាសិត ១៩:៨; ព.ថ.

២៥ សូម​សួរ​ខ្លួន​អ្នក​ថា​‹តើ​ខ្ញុំ​ជឿ​ជាក់​ថា​ខ្នាត​តម្រា​របស់​ព្រះ​គឺ​ត្រឹម​ត្រូវ​ឬ​ទេ? តើ​ខ្ញុំ​ជឿ​ស៊ប់​ថា​ខ្ញុំ​នឹង​មាន​សុភមង្គល​ច្រើន​បំផុត​ឬ​ទេ បើ​ខ្ញុំ​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​ទាំង​នោះ?›។ (​ទំនុកតម្កើង ១៩:៧​-​១០; អេសាយ ៤៨:១៧, ១៨​) បើ​អ្នក​មាន​ការ​សង្ស័យ សូម្បី​តែ​បន្ដិច​ក៏​ដោយ សូម​ព្យាយាម​បំបាត់​ការ​សង្ស័យ​នោះ។ សូម​រំពឹង​គិត​អំពី​ផល​អាក្រក់​ដែល​មក​ពី​ការ​មិន​អើពើ​ចំពោះ​ច្បាប់​របស់​ព្រះ។ ម្យ៉ាង​ទៀត ​«​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​»​ ដោយ​រស់​នៅ​ឲ្យ​សម​ស្រប​តាម​សេចក្ដី​ពិត ហើយ​ដោយ​ធ្វើ​ឲ្យ​គំនិត​របស់​អ្នក​ពេញ​ទៅ​ដោយ​គំនិត​ល្អ​ៗ គឺ​អ្វី​ៗ​ដែល​ពិត សុចរិត បរិសុទ្ធ គួរ​ឲ្យ​ស្រឡាញ់ និង​ប្រកប​ដោយ​គុណធម៌។ (​ទំនុកតម្កើង ៣៤:៨; ភីលីព ៤:៨, ៩​) ពេល​ដែល​អ្នក​ធ្វើ​ដូច្នេះ​កាន់​តែ​ច្រើន អ្នក​ប្រាកដជា​កាន់​តែ​ស្រឡាញ់​ព្រះ កាន់​តែ​ស្រឡាញ់​អ្វី​ដែល​លោក​ស្រឡាញ់ ហើយ​កាន់​តែ​ស្អប់​អ្វី​ដែល​លោក​ស្អប់។ យ៉ូសែប​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ ប៉ុន្ដែ​គាត់​អាច​«​រត់​ចេញ​ពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​ ពីព្រោះ​គាត់​ឲ្យ​ព្រះ​យេហូវ៉ា​អប់រំ​ចិត្ដ​គំនិត​របស់​គាត់​អស់​ជា​ច្រើន​ឆ្នាំ ដើម្បី​ជួយ​គាត់​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ធ្វើ​អ្វី​ដែល​ព្រះ​ពេញ​ចិត្ដ។ សូម​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ​ដែរ។—អេសាយ ៦៤:៨

២៦​. តើ​យើង​នឹង​រៀន​អំពី​ប្រធានបទ​អ្វី​ក្រោយ​មក?

២៦ ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង មិន​បាន​បង្កើត​អវយវៈ​បន្ដ​ពូជ​របស់​យើង​ជា​សរីរាង្គ​សម្រាប់​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រើប​ស្រាល​ប៉ុណ្ណោះ​ទេ តែ​គឺ​ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​បន្ដ​ពូជ​ហើយ​មាន​ភាព​ស្និទ្ធ​ស្នា​ល​ក្នុង​អាពាហ៍ពិពាហ៍។ (​សុភាសិត ៥:១៨​) ជំពូក​បន្ដ​បន្ទាប់​ទាំង​ពីរ​នឹង​ពន្យល់​ទស្សនៈ​របស់​ព្រះ​ចំពោះ​អាពាហ៍ពិពាហ៍

^ វគ្គ 4 តាម​មើល​ទៅ ចំនួន​មនុស្ស​ដែល​សៀវភៅ​ជនគណនា​ចែង​ថា​បាន​ស្លាប់ គឺ​រាប់​បញ្ចូល​«​ពួក​មេ​»​នៃ​បណ្ដា​ជន ដែល​ពួកចៅហ្វាយ​បាន​ប្រហារ​ជីវិត គឺ​ប្រហែល​១.០០០​នាក់ និង​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រហារ​ជីវិត​ដោយ​ផ្ទាល់។—ជនគណនា ២៥:៤, ៥

^ វគ្គ 7 ដើម្បី​អាន​សេចក្ដី​ពន្យល់​អំពី​អត្ថន័យ​នៃ​ភាព​ស្មោកគ្រោក​និង​ការ​ប្រព្រឹត្ដ​ដែល​បំពានច្បាប់​របស់​ព្រះ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​ឥត​កោត​ក្រែង (​សូម​មើល​«​សំណួរ​ពី​អ្នក​អាន​»​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១១ បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា​)។

^ វគ្គ 9 សេចក្ដី​ពន្យល់​បន្ថែមដែល​មាន​ចំណង​ជើង​ថា «​អ្នក​អាច​ឈ្នះ​ទម្លាប់​បំពេញ​ចំណង់​ផ្លូវ​ភេទ​តាម​របៀប​មិន​ត្រឹម​ត្រូវ​» បញ្ជាក់​អំពី​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ។