លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១១

‹ចូរ​ចាត់​ទុក​អាពាហ៍​ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ›

‹ចូរ​ចាត់​ទុក​អាពាហ៍​ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ›

​«​[​ចូរ​]​រីករាយ​ចំពោះ​ប្រពន្ធ​ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​»។—សុភាសិត ៥:១៨

១, ២​. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី? ហើយ​ហេតុ​អ្វី?

តើ​អ្នក​បាន​រៀប​ការ​ហើយ​ឬ? បើ​បាន​រៀប​ការ​ហើយ តើ​អាពាហ៍ពិពាហ៍​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​មាន​សុភមង្គល ឬ​មាន​បញ្ហា​ធំ​ទៅ​វិញ? បន្ដិច​ម្ដង​ៗ​តើ​អ្នក​និង​គូ​របស់​អ្នក​ចាប់​ផ្ដើម​ណាយ​ចិត្ដ​នឹង​គ្នា លែង​មាន​ភាព​ស្និទ្ធ​ស្នា​ល​ឬ​ទេ? តើ​អ្នក​ទ្រាំ​រួម​រស់​ជា​មួយ​គូ​របស់​អ្នក​ដោយ​គ្មាន​អំណរ​ឬ​ទេ? បើ​ដូច្នេះ អ្នក​ទំនង​ជា​ពិបាក​ចិត្ដ ដោយ​សារ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​មិន​សូវ​មាន​ភាព​កក់​ក្ដៅ​ដូច​ពី​មុន​ទេ។ ក្នុង​នាម​ជា​គ្រិស្ដ​សាសនិក អ្នក​ច្បាស់​ជា​ចង់​ឲ្យ​ការ​រស់​នៅ​ជា​ប្ដី​ប្រពន្ធ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​អ្នក​ស្រឡាញ់ ទទួល​ការ​សរសើរ​តម្កើង។ ហេតុ​នេះ ស្ថានភាព​របស់​អ្នក​សព្វ​ថ្ងៃ​នេះ​ទំនង​ជា​ធ្វើ​ឲ្យ​អ្នក​ខ្វល់ខ្វាយ​និង​ឈឺ​ចិត្ដ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សូម​កុំ​សន្និដ្ឋាន​ថា​ស្ថានភាព​របស់​អ្នក​ពុំ​អាច​កែប្រែ​ឲ្យ​ប្រសើរ​ឡើង​វិញ​បាន​ឡើយ។

សព្វ​ថ្ងៃ​នេះ មាន​ប្ដី​ប្រពន្ធ​គ្រិស្ដ​សាសនិក​ជា​ច្រើន​គូ​ដែល​ធ្លាប់​រួម​រស់​ជា​មួយ​គ្នា​ដោយ​គ្មាន​ភាព​កក់​ក្ដៅ​ឬ​ភាព​ស្និទ្ធ​ស្នា​ល​ទេ ប៉ុន្ដែ​ពួក​គេ​បាន​រក​ឃើញ​វិធី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍។ អ្នក​ក៏​អាច​ទទួល​បាន​សុភមង្គល​ក្នុង​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ដែរ។ តើ​តាម​របៀប​ណា?

របៀប​ធ្វើ​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជាង​ជា​មួយ​ព្រះ​និង​ជា​មួយ​គូ​របស់​អ្នក

៣, ៤​. ហេតុ​អ្វី​គូ​អាពាហ៍ពិពាហ៍​នឹង​មាន​ភាព​ស្និទ្ធ​ស្នា​ល​ជាង បើ​ពួក​គេ​ខំ​ធ្វើ​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជាង​ជា​មួយ​នឹង​ព្រះ? សូម​ឲ្យ​ឧទាហរណ៍។

អ្នក​និង​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​នឹង​មាន​ភាព​ស្និទ្ធ​ស្នា​ល​ជាង​មុន បើ​ទាំង​ពីរ​នាក់​ព្យាយាម​ធ្វើ​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជាង​ជា​មួយ​នឹង​ព្រះ។ ហេតុ​អ្វី? សូម​គិត​អំពី​ឧទាហរណ៍​មួយ: សូម​ស្រមៃ​គិត​អំពី​ភ្នំ​មួយ​ដែល​មាន​កំពូល​ស្រួច។ បុរស​ម្នាក់​កំពុង​ឈរ​នៅ​ជើង​ភ្នំ​នោះ​ខាង​នាយ ហើយ​ស្ដ្រី​ម្នាក់​កំពុង​ឈរ​នៅ​ជើង​ភ្នំ​ដដែល​នោះ​ខាង​អាយ។ ពួក​គេ​ទាំង​ពីរ​នាក់​ចាប់​ផ្ដើម​ឡើង​ភ្នំ។ ពេល​ដែល​ពួក​គេ​នៅ​ជើង​ភ្នំ​នៅ​ឡើយ នោះ​ពួក​គេ​នៅ​ឆ្ងាយ​ពី​គ្នា។ ប៉ុន្ដែ​កាល​ដែល​ពួក​គេ​ឡើង​ភ្នំ​នោះ​កាន់​តែ​ខ្ពស់​ទៅ ពួក​គេ​ក៏​កាន់​តែ​ជិត​គ្នា​ដែរ។ តើ​អ្នក​យល់​មេរៀន​គួរ​ឲ្យ​លើក​ទឹក​ចិត្ដ​ដែល​ឧទាហរណ៍​នេះ​បាន​បញ្ជាក់​ឬ​ទេ?

ការ​ព្យាយាម​របស់​អ្នក​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​អស់ពី​សមត្ថភាព គឺ​ប្រៀប​ដូច​ជា​ការ​ព្យាយាម​ឡើង​ភ្នំ។ ដោយ​សារ​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា អ្នក​កំពុង​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ឡើង​ភ្នំ​ហើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បើ​អ្នក​និង​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក​លែង​មាន​ភាព​ស្និទ្ធ​ស្នា​ល​ដូច​ពី​មុន នោះ​ស្ថានភាព​របស់​អ្នក​ប្រហែល​ប្រៀប​ដូច​ជា​អ្នក​នៅ​ខាង​នាយ​ភ្នំ តែ​គូ​របស់​អ្នក​នៅ​ខាង​អាយ​ភ្នំ​វិញ។ ប៉ុន្ដែ​តើ​អ្វី​នឹង​កើត​ឡើង​បើ​អ្នក​បន្ដ​ឡើង​ភ្នំ? ប្រហែល​នៅ​ដើម​ដំបូង​អ្នក​ទាំង​ពីរ​ដូច​ជា​នៅ​ឆ្ងាយ​ពី​គ្នា។ ក៏​ប៉ុន្ដែ​កាល​ដែល​អ្នក​ខំ​ប្រឹង​ឡើង​ភ្នំ​នោះ​កាន់​តែ​ខ្ពស់​ទៅ ពោល​គឺ​ខំ​ប្រឹង​ធ្វើ​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជាង​ជា​មួយ​នឹង​ព្រះ នោះ​អ្នក​នឹង​មាន​ភាព​ស្និទ្ធ​ស្នា​ល​ជាង​ជា​មួយ​នឹង​គូ​របស់​អ្នក​ដែរ។ ដូច្នេះ កត្ដា​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​អ្នក​មាន​ភាព​ស្និទ្ធ​ស្នា​ល​ជាង​ជា​មួយ​នឹង​គូ​របស់​អ្នក គឺ​អ្នក​ត្រូវ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ជាង​ជា​មួយ​នឹង​ព្រះ។ ប៉ុន្ដែ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

ការ​ធ្វើ​តាម​ចំណេះ​ពី​គម្ពីរ​អាច​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក

៥​. (​ក​) តើ​អ្វី​ជា​វិធី​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ជិត​ស្និទ្ធ​ជាង​ជា​មួយ​ព្រះ​យេហូវ៉ា​និង​ជា​មួយ​គូ​របស់​អ្នក? (​ខ​) តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ?

វិធី​សំខាន់​មួយ​គឺ​អ្នក​និង​គូ​របស់​អ្នក​ត្រូវ​ធ្វើ​តាម​ឱវាទ​ក្នុង​បណ្ដាំ​របស់​ព្រះ​ស្ដី​អំពី​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ។ (​ទំនុកតម្កើង ២៥:៤; អេសាយ ៤៨:១៧, ១៨​) ដូច្នេះ​សូម​ពិចារណា​ចំណុច​មួយ​ក្នុង​ឱវាទ​របស់​សាវ័ក​ប៉ូល។ គាត់​និយាយ​ថា​៖ ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ​»។ (​ហេប្រឺ ១៣:៤​) នោះ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ ពោល​គឺ​លោក​ចាត់​ទុក​នោះ​ជា​អ្វី​ដ៏​ថ្លៃ​វិសេស។

សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​ព្រះ​យេហូវ៉ា​ត្រូវ​ជំរុញ​ចិត្ដ​របស់​អ្នក

៦​. តើ​របៀប​ដែល​ប៉ូល​បាន​ឲ្យ​ឱវាទ​អំពី​អាពាហ៍ពិពាហ៍​បញ្ជាក់​អំពី​អ្វី? ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​អ្នក​ចាំ​ចំណុច​នេះ?

ដោយ​សារ​អ្នក​និង​គូ​របស់​អ្នក​ជា​អ្នក​បម្រើ​ព្រះ នោះ​អ្នក​ទាំង​ពីរ​ដឹង​ហើយ​ថា​ចំណង​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​ថ្លៃ​វិសេស ហើយ​ក៏​ពិសិដ្ឋ​ដែរ។ ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​បាន​ផ្ដើម​ឲ្យ​មនុស្ស​រៀប​ការ។ (​សូម​អាន ម៉ាថាយ ១៩:៤​-​៦) ក៏​ប៉ុន្ដែ បើ​អ្នក​កំពុង​មាន​បញ្ហា​ជា​មួយ​នឹង​គូ​របស់​អ្នក នោះ​ការ​គ្រាន់តែ​យល់​ដឹង​ថា​អាពាហ៍ពិពាហ៍​គឺជា​អ្វី​ថ្លៃ​វិសេស ប្រហែលជា​មិន​គ្រប់​គ្រាន់​ទេ​ដើម្បី​ជំរុញ​អ្នក​និង​គូ​របស់​អ្នក​ឲ្យ​ស្រឡាញ់​គ្នា​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​នោះ។ បើ​ដូច្នេះ តើ​អ្វី​នឹង​ជំរុញ​អ្នក​ទាំង​ពីរ​ឲ្យ​ស្រឡាញ់​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក? សូម​ពិចារណា​ដោយ​យក​ចិត្ដ​ទុក​ដាក់​អំពី​របៀប​ដែល​ប៉ូល​បាន​និយាយ​អំពី​តម្លៃ​នៃ​អាពាហ៍ពិពាហ៍។ គាត់​មិន​ត្រឹម​តែ​និយាយ​ថា​«​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ​»​ប៉ុណ្ណោះ​ទេ តែ​គាត់​និយាយ​ថា​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ​»។ ក្នុង​ខ​នេះ​ប៉ូល​កំពុង​បង្គាប់​ឲ្យ​ធ្វើ​អ្វី​មួយ។ * បើ​អ្នក​ចាំ​អំពី​ចំណុច​នេះ អ្នក​ប្រហែលជា​នឹង​ត្រូវ​ជំរុញ​ឲ្យ​គោរព​គូ​របស់​អ្នក​ឡើង​វិញ។ ហេតុ​អ្វី?

៧​. (​ក​) តើ​យើង​ធ្វើ​តាម​បង្គាប់​អ្វី​ខ្លះ? ហើយ​ហេតុ​អ្វី? (​ខ​) តើ​ការ​ស្តាប់​បង្គាប់​ទទួល​បាន​លទ្ធផល​ល្អ​ណាខ្លះ?

សូម​គិត​អំពី​ទស្សនៈ​របស់​អ្នក​ចំពោះ​សេចក្ដី​បង្គាប់​ឯ​ទៀត​ក្នុង​គម្ពីរ ដូច​ជា​សេចក្ដី​បង្គាប់​ឲ្យ​បង្រៀន​មនុស្ស​ឲ្យ​កាន់​តាម​លោក​យេស៊ូ ឬ​សេចក្ដី​បង្គាប់​ឲ្យ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ។ (​ម៉ាថាយ ២៨:១៩; ហេប្រឺ ១០:២៤, ២៥​) ជួនកាល​អ្នក​ពិបាក​ធ្វើ​តាម​បង្គាប់​ទាំង​នេះ។ មនុស្ស​ដែល​អ្នក​ជួប​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ប្រហែលជា​មាន​ប្រតិកម្ម​មិន​ល្អ ឬ​ប្រហែលជា​ការងារ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​ហត់​ណាស់ រហូត​ដល់​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ទើប​អាច​ទៅ​កិច្ច​ប្រជុំ​បាន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​នៅ​តែ​បន្ដ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​ទៅ​កិច្ច​ប្រជុំ។ គ្មាន​អ្នក​ណា​អាច​ធ្វើ​ឲ្យ​អ្នក​ឈប់​បាន​ឡើយ សូម្បី​តែ​សាថាន​ក៏​ដោយ! ហេតុ​អ្វី? គឺ​ពីព្រោះ​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ ហើយ​នោះ​ជំរុញ​អ្នក​ឲ្យ​ស្តាប់​បង្គាប់​លោក។ (​យ៉ូហានទី១ ៥:៣​) តើ​អ្នក​ទទួល​បាន​លទ្ធផល​ល្អ​ណាខ្លះ? អ្នក​មាន​អំណរ​និង​សេចក្ដី​សុខសាន្ដ​ក្នុង​ចិត្ដ​ពេល​ដែល​ផ្សព្វ​ផ្សាយ​និង​ទៅ​កិច្ច​ប្រជុំ ដោយ​សារ​អ្នក​ដឹង​ថា​អ្នក​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ រួច​អំណរ​និង​សេចក្ដី​សុខសាន្ដ​នោះ​ពង្រឹង​កម្លាំង​ចិត្ដ​របស់​អ្នក។ (​នេហេមា ៨:​១០​) តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​ចំណុច​នេះ?

៨, ៩​. (​ក​) តើ​អ្វី​អាច​ជំរុញ​យើង​ឲ្យ​ធ្វើ​តាម​បង្គាប់​ដែល​ថា​ត្រូវ​ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ? ហើយ​ហេតុ​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​ចំណុច​ពីរ​យ៉ាង​អ្វី?

ដោយ​សារ​អ្នក​ស្រឡាញ់​ព្រះ​យ៉ាង​ខ្លាំង នោះ​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​បង្គាប់​ដែល​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​និង​ទៅ​កិច្ច​ប្រជុំ ទោះ​ជា​ពិបាក​យ៉ាង​ណា​ក្ដី។ ដូច​គ្នា​ដែរ សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​អាច​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​បង្គាប់​ដែល​ថា​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ​»​ ទោះ​ជា​នោះ​មើល​ទៅ​ដូច​ជា​ពិបាក​ក៏​ដោយ។ (​ហេប្រឺ ១៣:៤; ទំនុកតម្កើង ១៨:២៩; សាស្តា ៥:៤​) ម្យ៉ាង​ទៀត ពេល​ដែល​អ្នក​ព្យាយាម​ផ្សព្វ​ផ្សាយ​និង​ទៅ​កិច្ច​ប្រជុំ នោះ​ព្រះ​ឲ្យ​ពរ​ជា​ច្រើន​ដល់​អ្នក។ ដូច​គ្នា​ដែរ ពេល​ដែល​អ្នក​ព្យាយាម​បង្ហាញ​ថា​អាពាហ៍ពិពាហ៍​មាន​តម្លៃ​ចំពោះ​អ្នក នោះ​ព្រះ​យេហូវ៉ា​នឹង​កត់​សម្គាល់​ហើយ​នឹង​ឲ្យ​ពរ​អ្នក។—ថែស្សាឡូនិច​ទី​១ ១:៣; ហេប្រឺ ៦:១០

តើ​អ្នក​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​បង្ហាញ​ថា​អាពាហ៍ពិពាហ៍​មាន​តម្លៃ​ចំពោះ​អ្នក? អ្នក​ត្រូវ​ជៀស​ចេញ​ពី​ការ​ប្រព្រឹត្ដ​ណា​ដែល​អាច​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ។ ម្យ៉ាង​ទៀត អ្នក​ត្រូវ​ចាត់​វិធានការ​ដើម្បី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍។

កុំ​និយាយ​ឬ​ប្រព្រឹត្ដ​អ្វី​ដែល​មិន​ឲ្យ​តម្លៃ​ចំណង​អាពាហ៍ពិពាហ៍

១០, ១១​. (​ក​) តើ​ការ​ប្រព្រឹត្ដ​បែប​ណា​មិន​ឲ្យ​តម្លៃ​អាពាហ៍ពិពាហ៍? (​ខ​) តើ​យើង​គួរ​សួរ​សំណួរ​អ្វី​ដល់​គូ​របស់​យើង?

១០ តាំង​ពី​យូរ​ហើយ ប្រពន្ធ​ម្នាក់​ដែល​ជា​គ្រិស្ដ​សាសនិក​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​ស៊ូ​ទ្រាំ​»។ តើ​នាង​ត្រូវ​ស៊ូ​ទ្រាំ​អ្វី​ទៅ? នាង​ពន្យល់​ថា​៖ ​«​ប្ដី​ខ្ញុំ​សំពង​ខ្ញុំ​ដោយ​សម្ដី។ ពិត​មែន​តែ​ខ្ញុំ​មិន​ជាំ​សាច់​ទេ ប៉ុន្ដែ​ខ្ញុំ​ឈឺ​ចាប់​ក្នុង​ចិត្ដ​វិញ ដោយ​សារ​គាត់​តែង​តែ​និយាយ​ថា​‹រស់​នៅ​ជា​មួយ​ឯង​ពិបាក​ណាស់› ហើយ​ថា​‹ឯង​គ្មាន​ប្រយោជន៍​អ្វី​ទេ!›​»។ អ្វី​ដែល​នាង​ប្រាប់​នេះ ជា​រឿង​សំខាន់​មួយ ពោល​គឺ​ការ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​ចំពោះ​គូ​អាពាហ៍ពិពាហ៍។

១១ ពិត​ជា​គួរ​ឲ្យ​ស្តាយ​ណាស់ ពេល​ប្ដី​ប្រពន្ធ​គ្រិស្ដ​សាសនិក​ប្រើ​សម្ដី​អាក្រក់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ធ្វើ​ឲ្យ​មាន​របួស​ផ្លូវ​ចិត្ដ​ដែល​មិន​ងាយ​ជា​ឡើង​វិញ​ឡើយ! យើង​ដឹង​ថា​បើ​ប្ដី​ប្រពន្ធ​ប្រើ​សម្ដី​ដែល​បញ្ឈឺ​ចិត្ដ នោះ​ពួក​គេ​មិន​ឲ្យ​តម្លៃ​អាពាហ៍ពិពាហ៍​ទេ។ តើ​សម្ដី​របស់​អ្នក​គឺ​ដូច​ម្ដេច? វិធី​មួយ​ដើម្បី​ដឹង​គឺ​ដោយ​បន្ទាប​ខ្លួន​សួរ​គូ​របស់​អ្នក​ថា​«​តើ​សម្ដី​របស់​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?​»។ បើ​គូ​របស់​អ្នក​មាន​អារម្មណ៍​ថា​សម្ដី​របស់​អ្នក​ច្រើន​តែ​បញ្ឈឺ​ចិត្ដ​គាត់ នោះ​អ្នក​ត្រូវ​សុខ​ចិត្ដ​កែប្រែ​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថានភាព​ល្អ​ជាង​ក្នុង​គ្រួសារ។—កាឡាទី ៥:១៥; សូម​អាន អេភេសូរ ៤:៣១

១២​. តើ​ការ​គោរព​ប្រណិប័តន៍​របស់​បុគ្គល​ម្នាក់​អាច​ទៅ​ជា​ឥត​ប្រយោជន៍​តាម​ទស្សនៈ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១២ សូម​ចាំ​ថា របៀប​ដែល​អ្នក​និយាយ​ជា​មួយ​នឹង​គូ​របស់​អ្នក​មាន​ឥទ្ធិពល​ទៅ​លើ​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ។ គម្ពីរ​ចែង​ថា​៖ ​«​បើ​អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា​អ្នក​គោរព​ប្រណិប័តន៍​តាម​របៀប​ត្រឹម​ត្រូវ តែ​មិន​ទប់​អណ្ដាត​ខ្លួន ប៉ុន្ដែ​ចេះ​តែ​បញ្ឆោត​ចិត្ដ​ខ្លួន នោះ​របៀប​ដែល​អ្នក​នោះ​គោរព​ប្រណិប័តន៍​គឺ​គ្មាន​ប្រយោជន៍​ទេ​»។ (​យ៉ាកុប ១:២៦​) ពាក្យ​សម្ដី​របស់​អ្នក​និង​ការ​គោរព​ប្រណិប័តន៍​គឺ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ។ គម្ពីរ​មិន​គាំទ្រ​ទេ​នូវ​គំនិត​ដែល​ថា​នៅ​ផ្ទះ​របស់​ខ្លួន បុគ្គល​ម្នាក់​អាច​ប្រព្រឹត្ដ​យ៉ាង​ណា​ក៏​ដោយ​ឲ្យ​តែ​គាត់​និយាយ​ថា​គាត់​ជា​អ្នក​បម្រើ​ព្រះ។ សូម​កុំ​បញ្ឆោត​ខ្លួន​ឲ្យ​សោះ។ នេះ​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់។ (​សូម​អាន ពេត្រុស​ទី១ ៣:៧) ទោះ​ជា​អ្នក​មាន​ការ​ប៉ិនប្រសប់​និង​ចិត្ដ​ខ្នះខ្នែង​ក៏​ដោយ បើ​អ្នក​បញ្ឈឺ​ចិត្ដ​គូ​របស់​អ្នក​ដោយ​ចេតនា តាម​រយៈ​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី នោះ​អ្នក​មិន​ឲ្យ​តម្លៃ​ចំណង​អាពាហ៍ពិពាហ៍​ទេ ហើយ​ព្រះ​អាច​ចាត់​ទុក​ថា​ការ​គោរព​ប្រណិប័តន៍​របស់​អ្នក​គឺ​ឥត​ប្រយោជន៍។

១៣​. តើ​គូ​អាពាហ៍ពិពាហ៍​អាច​ធ្វើ​ឲ្យ​គូ​ខ្លួន​ឈឺ​ចិត្ដ​យ៉ាង​ដូច​ម្ដេច?

១៣ ប្ដី​ប្រពន្ធ​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន កុំ​ធ្វើ​ឲ្យ​គូ​របស់​ខ្លួន​ឈឺ​ចិត្ដ​តាម​របៀប​ប្រយោល​ដែរ។ សូម​គិត​អំពី​ឧទាហរណ៍​ពីរ​យ៉ាង​ដូច​ត​ទៅ​នេះ។ ម្ដាយ​ដែល​គ្មាន​គូ​ទូរស័ព្ទ​ទៅ​បុរស​គ្រិស្ដ​សាសនិក​ម្នាក់​ជា​រឿយ​ៗ​ដើម្បី​សុំ​យោបល់ ហើយ​ពួក​គេ​និយាយ​គ្នា​យូរ ទោះ​ជា​បុរស​នោះ​មាន​ប្រពន្ធ​ក៏​ដោយ។ បង​ប្រុស​គ្រិស្ដ​សាសនិក​ម្នាក់​ទៀត​ដែល​នៅ​លីវ​ចំណាយ​ពេល​ច្រើន​រាល់​សប្ដាហ៍​ដោយ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ស្រី​គ្រិស្ដ​សាសនិក​ម្នាក់​ដែល​មាន​ប្ដី។ ក្នុង​ឧទាហរណ៍​ទាំង​ពីរ​នេះ បុរស​ដែល​មាន​ប្រពន្ធ​នោះ ហើយ​បង​ស្រី​ដែល​មាន​ប្ដី​ប្រហែលជា​មាន​បំណង​ចិត្ដ​ត្រឹម​ត្រូវ ប៉ុន្ដែ​តើ​ការ​ប្រព្រឹត្ដ​របស់​ពួក​គេ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​គូ​របស់​ខ្លួន? បង​ស្រី​ម្នាក់​ដែល​កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​បែប​នោះ​បាន​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ឃើញ​ប្ដី​ខ្ញុំ​ចំណាយ​ពេល​ច្រើន​ដោយ​យក​ចិត្ដ​ទុក​ដាក់​នឹង​បង​ស្រី​ម្នាក់​ក្នុង​ក្រុម​ជំនុំ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ដ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​បង​ស្រី​នោះ​មាន​តម្លៃ​ច្រើន​ជាង​ខ្ញុំ​»។

១៤​. (​ក​) តើ​លោកុប្បត្ដិ ២:២៤​បញ្ជាក់​អំពី​ភារកិច្ច​អ្វី​របស់​ប្ដី​និង​ប្រពន្ធ? (​ខ​) តើ​យើង​គួរ​សួរ​ខ្លួន​យើង​សំណួរ​អ្វី?

១៤ យើង​អាច​យល់​ពី​មូលហេតុ​ដែល​បង​ស្រី​នោះ​និង​អ្នក​ឯ​ទៀត​ដែល​មាន​ស្ថានភាព​ស្រដៀង​គ្នា​កំពុង​ឈឺ​ចិត្ដ។ គូ​របស់​ខ្លួន​មិន​បាន​អើពើ​នឹង​ការ​ណែនាំ​របស់​ព្រះ​សម្រាប់​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ទេ ពោល​គឺ​«​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ​»។ (​លោកុប្បត្ដិ ២:២៤​) ពិត​មែន​តែ​អ្នក​ដែល​រៀប​ការ​នៅ​តែ​គោរព​ឪពុក​ម្ដាយ​របស់​ខ្លួន ប៉ុន្ដែ ក្នុង​របៀប​រៀប​ចំ​របស់​ព្រះ ភារកិច្ច​ដែល​ពួក​គេ​មាន​ចំពោះ​គូ​របស់​ខ្លួន​គឺ​សំខាន់​បំផុត។ ស្រដៀង​គ្នា​ដែរ គ្រិស្ដ​សាសនិក​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ខ្លាំង ប៉ុន្ដែ​ភារកិច្ច​សំខាន់​បំផុត​របស់​ពួក​គេ​គឺ​ភារកិច្ច​ចំពោះ​គូ​របស់​ខ្លួន។ ដូច្នេះ ពេល​គ្រិស្ដ​សាសនិក​ដែល​មាន​ប្ដី​ឬ​ប្រពន្ធ ចំណាយ​ពេល​ច្រើន​ពេក​ឬ​មាន​ភាព​ជិត​ស្និទ្ធ​ពេក​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ ជា​ពិសេស​បង​ប្អូន​ភេទ​ផ្ទុយ នោះ​ពួក​គេ​នាំ​ឲ្យ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​មាន​ភាព​តាន​តឹង។ តើ​នោះ​ជា​មូលហេតុ​ដែល​គ្រួសារ​របស់​អ្នក​មាន​ភាព​តាន​តឹង​ទេ​ដឹង? សូម​សួរ​ខ្លួន​អ្នក​ថា​‹តើ​ខ្ញុំ​ពិត​ជា​លះ​បង់​ពេល​វេលា​ដើម្បី​គូ​របស់​ខ្ញុំ ថែម​ទាំង​បង្ហាញ​ការ​យក​ចិត្ដ​ទុក​ដាក់ និង​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់​យ៉ាង​ត្រឹម​ត្រូវ​ទេ?›។

១៥​. យោង​ទៅ​តាម​ម៉ាថាយ ៥:២៨ ហេតុ​អ្វី​គ្រិស្ដ​សាសនិក​ដែល​បាន​រៀប​ការ​ហើយ មិន​ត្រូវ​បង្ហាញ​ការ​យក​ចិត្ដ​ទុក​ដាក់​ហួស​ហេតុ​ពេក​ចំពោះ​បុគ្គល​ភេទ​ផ្ទុយ?

១៥ ម្យ៉ាង​ទៀត គ្រិស្ដ​សាសនិក​ដែល​មាន​ប្ដី​ឬ​ប្រពន្ធ តែ​បង្ហាញ​ការ​យក​ចិត្ដ​ទុក​ដាក់​ដែល​ខុស​ទំនង​ចំពោះ​បុគ្គល​ភេទ​ផ្ទុយ​ដែល​មិន​មែន​ជា​គូ​របស់​ខ្លួន នោះ​កំពុង​ផ្សង​គ្រោះ​ថ្នាក់​ហើយ។ គួរ​ឲ្យ​ស្តាយ​ណាស់ គ្រិស្ដ​សាសនិក​ខ្លះ​ដែល​មាន​ប្ដី​ឬ​ប្រពន្ធ​បាន​ចាប់​ចិត្ដ​ស្រឡាញ់​អ្នក​ដែល​ពួក​គេ​បាន​ជិត​ស្និទ្ធ​ហួស​ហេតុ​ពេក​ជា​មួយ​នោះ។ (​ម៉ាថាយ ៥:២៨​) ជា​លទ្ធផល អារម្មណ៍​បែប​នោះ​បាន​នាំ​ឲ្យ​ប្រព្រឹត្ដ​អ្វី​ដែល​មិន​ឲ្យ​តម្លៃ​ចំពោះ​ចំណង​អាពាហ៍ពិពាហ៍​កាន់​តែ​ខ្លាំង​ជាង​ទៅ​ទៀត។ សូម​ពិចារណា​អ្វី​ដែល​សាវ័ក​ប៉ូល​បាន​និយាយ​អំពី​រឿង​នេះ។

«[​ចូរ​]​ឲ្យ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ត្រូវ​ឥត​សៅហ្មង​»

១៦​. តើ​ប៉ូល​បាន​បង្គាប់​អ្វី​ខ្លះ​ស្ដី​អំពី​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ?

១៦ បន្ទាប់​ពី​ប៉ូល​ដាស់​តឿន​ថា​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ​»​ គាត់​បាន​បន្ថែម​សេចក្ដី​ព្រមាន​មួយ​គឺថា​៖ ​«​[​ចូរ​]​ឲ្យ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ត្រូវ​ឥត​សៅហ្មង ព្រោះ​ព្រះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ប្រាសចាក​សីលធម៌​និង​អ្នក​ផិត​ក្បត់​»។ (​ហេប្រឺ ១៣:៤​) ក្នុង​ខ​នេះ ពាក្យ​ថា​«​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​»​សំដៅ​ទៅ​លើ​ការ​រួម​ភេទ។ ការ​រួម​ភេទ​គឺ​«​ឥត​សៅហ្មង​»​ ឬ​ស្អាត​ស្អំ​ខាង​សីលធម៌ បើ​ការ​នោះ​កើត​ឡើង​រវាង​បុគ្គល​ដែល​ជា​ប្ដី​ប្រពន្ធ​ប៉ុណ្ណោះ។ ដូច្នេះ គ្រិស្ដ​សាសនិក​ពិត​ធ្វើ​តាម​ពាក្យ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ​ថា​៖ ​«​[​ចូរ​]រីករាយ​ចំពោះ​ប្រពន្ធ​ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​ចុះ​»។—សុភាសិត ៥:១៨

១៧​. (​ក​) ហេតុ​អ្វី​ទស្សនៈ​របស់​ពិភព​លោក​នេះ​ចំពោះ​អំពើ​ផិត​ក្បត់ មិន​គួរ​មាន​ឥទ្ធិពល​លើ​គ្រិស្ដ​សាសនិក? (​ខ​) តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​យ៉ូប​យ៉ាង​ដូច​ម្ដេច?

១៧ អ្នក​ដែល​រួម​ភេទ​ជា​មួយ​នឹង​បុគ្គល​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន កំពុង​ប្រមាថ​មើល​ងាយ​យ៉ាង​ខ្លាំង​នូវ​ច្បាប់​សីលធម៌​របស់​ព្រះ។ ពិត​មែន​តែ​មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ចាត់​ទុក​អំពើ​ផិត​ក្បត់​ថា​ជា​ការ​ប្រព្រឹត្ដ​ធម្មតា​មួយ ប៉ុន្ដែ​ទស្សនៈ​របស់​មនុស្ស​ចំពោះ​អំពើ​ផិត​ក្បត់ មិន​គួរ​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​គ្រិស្ដ​សាសនិក​ពិត​ទេ។ ពួក​គេ​ទទួល​ស្គាល់​ថា នៅ​ទី​បំផុត​«​ព្រះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ប្រាសចាក​សីលធម៌​និង​អ្នក​ផិត​ក្បត់​»​ មិន​មែន​មនុស្ស​ជា​អ្នក​វិនិច្ឆ័យ​ទេ។ (​ហេប្រឺ ១០:៣១; ១២:២៩​) ហេតុ​នេះ គ្រិស្ដ​សាសនិក​ពិត​កាន់​ខ្ជាប់​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ក្នុង​រឿង​នេះ។ (​សូម​អាន រ៉ូម ១២:៩) សូម​ចាំ​អំពី​អ្វី​ដែល​យ៉ូប​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​តាំង​សញ្ញា​នឹង​ភ្នែក​ខ្ញុំ​ហើយ​»។ (​យ៉ូប ៣១:​១​) ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ចាប់​ផ្ដើម​ដើរ​ក្នុង​ផ្លូវ​ខុស​ដែល​នាំ​ទៅ​ដល់​អំពើ​ផិត​ក្បត់ នោះ​គ្រិស្ដ​សាសនិក​ពិត​គ្រប់​គ្រង​ភ្នែក​របស់​ខ្លួន កុំ​ឲ្យ​មើល​ដោយ​មាន​ចំណង់​មិន​ត្រឹម​ត្រូវ​ចំពោះ​បុគ្គល​ភេទ​ផ្ទុយ​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន (​សូម​មើល​សេចក្ដី​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​ការ​ណែនាំ​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​លែង​លះ​គ្នា​និង​ការ​បែក​លំនៅ​សង្វាស​»​)។

១៨​. (​ក​) តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា តើ​ការ​ផិត​ក្បត់​ជា​កំហុស​ធ្ងន់ធ្ងរ​យ៉ាង​ណា? (​ខ​) តើ​ការ​គោរព​បូជា​រូប​ព្រះ​និង​អំពើ​ផិត​ក្បត់​គឺ​ស្រដៀង​គ្នា​យ៉ាង​ណា?

១៨ ចំពោះ​ព្រះ​យេហូវ៉ា តើ​អំពើ​ផិត​ក្បត់​ជា​កំហុស​ធ្ងន់ធ្ងរ​យ៉ាង​ណា? ច្បាប់​របស់​ម៉ូសេ​ជួយ​បញ្ជាក់​ឲ្យ​យើង​ដឹង​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា។ នៅ​អ៊ី​ស្រា​អែ​ល អ្នក​ដែល​ផិត​ក្បត់​ឬ​គោរព​បូជា​រូប​ព្រះ​ជា​ដើម បាន​ទទួល​ទោស​ប្រហារ​ជីវិត។ (​លេវីវិន័យ ២០:២, ១០​) តើ​អ្នក​យល់​ថា​កំហុស​ទាំង​ពីរ​នោះ​គឺ​ស្រដៀង​គ្នា​យ៉ាង​ណា​ទេ? ជន​ជាតិ​អ៊ីស្រាអែល​ដែល​គោរព​បូជា​រូប​ព្រះ​បាន​ផ្ដាច់​កិច្ច​ព្រមព្រៀង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ស្រដៀង​គ្នា​ដែរ ជន​ជាតិ​អ៊ីស្រាអែល​ណា​ដែល​ផិត​ក្បត់​បាន​ផ្ដាច់​កិច្ច​ព្រមព្រៀង​ជា​មួយ​នឹង​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ ទាំង​អ្នក​គោរព​បូជា​រូប​ព្រះ ទាំង​អ្នក​ផិត​ក្បត់ គឺជា​ជន​ក្បត់។ (​និក្ខមនំ ១៩:៥, ៦; ចោទិយកថា ៥:​៩; សូម​អាន ម៉ាឡាគី ២:១៤) ដូច្នេះ ពួក​គេ​ទាំង​ពីរ​នាក់​មាន​ទោស​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់​និង​គួរ​ឲ្យ​ទុក​ចិត្ដ។—ទំនុក​តម្កើង ៣៣:៤

១៩​. តើ​អ្វី​អាច​ពង្រឹង​ការ​តាំង​ចិត្ដ​របស់​យើង​ឲ្យ​ជៀស​ចេញ​ពី​អំពើ​ផិត​ក្បត់? ហើយ​ហេតុ​អ្វី?

១៩ ពិត​មែន​តែ​គ្រិស្ដ​សាសនិក​មិន​នៅ​ក្រោម​ច្បាប់​ម៉ូសេ ប៉ុន្ដែ​ការ​ចង​ចាំ​ថា​អំពើ​ផិត​ក្បត់​ជា​កំហុស​ធ្ងន់ធ្ងរ​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ អាច​ជួយ​គ្រិស្ដ​សាសនិក​ពង្រឹង​ការ​តាំង​ចិត្ដ​ដើម្បី​មិន​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់។ ហេតុ​អ្វី? សូម​គិត​អំពី​ការ​ប្រៀប​ធៀប​ដូច​ត​ទៅ​នេះ: តើ​អ្នក​នឹង​ចូល​វិហារ​មួយ លុត​ជង្គង់ រួច​អធិដ្ឋាន​នៅ​មុខ​រូប​ព្រះ​ឬ​ទេ? អ្នក​ប្រាកដជា​ឆ្លើយ​ថា​‹ខ្ញុំ​មិន​ធ្វើ​ដូច្នេះ​ទេ!›។ ប៉ុន្ដែ​បើ​គេ​ស្នើ​ឲ្យ​លុយ​ច្រើន តើ​អ្នក​នឹង​ធ្វើ​ដូច្នេះ​ឬ​ទេ? អ្នក​ច្បាស់​ជា​ឆ្លើយ​ថា​‹ខ្ញុំ​នៅ​តែ​មិន​ធ្វើ!›។ គ្រាន់តែ​គិត​ថា​ក្បត់​ព្រះ​យេហូវ៉ា​ដោយ​គោរព​បូជា​រូប​ព្រះ ធ្វើ​ឲ្យ​គ្រិស្ដ​សាសនិក​ពិត​ខ្ពើម​ឆ្អើម​ហើយ។ ស្រដៀង​គ្នា​ដែរ គ្រិស្ដ​សាសនិក​ក៏​គួរ​ខ្ពើម​ឆ្អើម​នូវ​គំនិត​ក្បត់​ព្រះ​យេហូវ៉ា​និង​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ដោយ​ផិត​ក្បត់​ដែរ ទោះ​ជា​អំពើ​ខុស​ឆ្គង​នោះ​មើល​ទៅ​ដូច​ជា​ផ្ដល់​ផល​ប្រយោជន៍​ណា​មួយ​ក៏​ដោយ។ (​ទំនុកតម្កើង ៥១:១, ៤; កូឡុស ៣:៥​) យើង​មិន​ចង់​ផិត​ក្បត់​សោះ​ឡើយ ពីព្រោះ​នោះ​នាំ​ឲ្យ​សាថាន​រីករាយ តែ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​អាប់​កិត្ដិយស ហើយ​មិន​ឲ្យ​តម្លៃ​ចំណង​អាពាហ៍ពិពាហ៍​ដែល​ជា​របៀប​រៀប​ចំ​ពិសិដ្ឋ​របស់​លោក។

របៀប​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍

២០​. តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​ប្ដី​ប្រពន្ធ​ខ្លះ? សូម​ឲ្យ​ឧទាហរណ៍។

២០ ក្រៅ​ពី​ការ​វៀរ​ចាក​អំពើ​ដែល​មិន​ឲ្យ​តម្លៃ​អាពាហ៍ពិពាហ៍ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​អ្នក​មាន​ការ​គោរព​ឡើង​វិញ​ចំពោះ​គូ​អាពាហ៍ពិពាហ៍​របស់​អ្នក? ដើម្បី​ឆ្លើយ​សំណួរ​នោះ សូម​គិត​ថា​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​គឺ​ប្រៀប​ដូច​ជា​ផ្ទះ​មួយ ហើយ​ការ​ប្រព្រឹត្ដ​និង​សម្ដី​ដ៏​សប្បុរស​ព្រម​ទាំង​វិធី​ឯ​ទៀត​ដែល​ប្ដី​ប្រពន្ធ​បង្ហាញ​ថា​ពួក​គេ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ប្រៀប​ដូច​ជា​សម្ភារៈ​តុបតែង​ដែល​ធ្វើ​ឲ្យ​ផ្ទះ​នោះ​ស្អាត។ បើ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ស្និទ្ធ​ស្នា​ល​នឹង​គ្នា នោះ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​គឺ​ប្រៀប​ដូច​ជា​ផ្ទះ​មួយ​ដែល​មាន​គ្រឿង​តុបតែង​ប្រណីត​ៗ​ចម្រុះ​ពណ៌។ បើ​លែង​មាន​ភាព​ស្និទ្ធ​ស្នា​ល គឺ​ហាក់​ដូច​ជា​គ្រឿង​តុបតែង​នោះ​បាត់​ទៅ​បន្ដិច​ម្ដង​ៗ រហូត​ដល់​សល់​តែ​សម្បក​ផ្ទះ។ ដោយ​សារ​អ្នក​ចង់​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​ដែល​ថា​«​[​ចូរ​]​ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ​»​ នោះ​នឹង​ជំរុញ​អ្នក​ឲ្យ​កែប្រែ​ស្ថានភាព​នោះ​ឲ្យ​ប្រសើរ​ឡើង​វិញ។ យ៉ាង​ណា​មិញ អ្វី​ដែល​ថ្លៃ​វិសេស​និង​ប្រកប​ដោយ​កិត្ដិយស​គឺ​សម​នឹង​កែ​លម្អ។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ការ​ដែល​សង់ផ្ទះ​ឡើង​បាន នោះ​ក៏​ដោយ​សារ​ប្រាជ្ញា ហើយ​គឺ​ដោយ​សារ​យោបល់​ដែល​ផ្ទះ​នោះ​នឹង​បាន​តាំង​នៅ​ជា​មាំ​មួន ហើយ​ដោយ​សារ​ដំ​រិះ នោះ​បន្ទប់​ទាំង​ឡាយ​បាន​ពេញ​ដោយ​គ្រប់​ទាំង​ទ្រព្យ​សម្បត្ដិ​ដ៏​វិសេស ជា​របស់​ដែល​គាប់​ចិត្ដ​»។ (​សុភាសិត ២៤:៣, ៤​) សូម​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​ពាក្យ​នោះ​ក្នុង​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ។

២១​. តើ​យើង​អាច​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​បន្ដិច​ម្ដង​ៗ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ តើ​ខ្ញុំ​អាច​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​យ៉ាង​ដូច​ម្ដេច?​»​)

២១ ក្នុង​ចំណោម​ទ្រព្យ​សម្បត្ដិ​ដ៏​វិសេស​ដែល​មាន​ក្នុង​ផ្ទះ​ពោរ​ពេញ​ទៅ​ដោយ​សុភមង្គល គឺ​គុណ​សម្បត្ដិ​ផ្សេង​ៗ ដូច​ជា​សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ ការ​កោត​ខ្លាច​ព្រះ និង​ជំនឿ​មាំ​មួន។ (​សុភាសិត ១៥:​១៦, ១៧; ពេត្រុសទី១ ១:៧​) គុណ​សម្បត្ដិ​ទាំង​នោះ​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​រឹង​មាំ។ ប៉ុន្ដែ​តើ​អ្នក​បាន​កត់​សម្គាល់​នូវ​មូលហេតុ​ដែល​បន្ទប់​ក្នុង​សុភាសិត​នោះ​គឺ​ពោរ​ពេញ​ទៅ​ដោយ​ទ្រព្យ​សម្បត្ដិ​ដ៏​វិសេស​ឬ​ទេ? ​«​ដោយ​សារ​ដំ​រិះ​»​ឬ​ចំណេះ។ ដូច្នេះ ពេល​មនុស្ស​ធ្វើ​តាម​ចំណេះ​ពី​គម្ពីរ ចំណេះ​នោះ​មាន​ឥទ្ធិពល​កែប្រែ​គំនិត​របស់​ពួក​គេ ហើយ​អាច​ជំរុញ​ពួក​គេ​ឲ្យ​ស្រឡាញ់​គ្នា​ឡើង​វិញ។ (​រ៉ូម ១២:២; ភីលីព ១:៩​) ដូច្នេះ ពេល​ណា​អ្នក​និង​គូ​របស់​អ្នក​ចំណាយ​ពេល​មើល​បទ​គម្ពីរ​ជា​មួយ​គ្នា​ដោយ​ចិត្ដ​ស្ងប់ ដូច​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឬ​អត្ថបទ​មួយ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ឬ​អត្ថបទ​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​អាពាហ៍ពិពាហ៍ នោះ​គឺ​ដូច​ជា​អ្នក​ទាំង​ពីរ​កំពុង​ពិនិត្យ​មើល​គ្រឿង​តុបតែង​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ផ្ទះ​របស់​អ្នក​កាន់​តែ​ស្អាត។ ពេល​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​ឱវាទ​ដែល​អ្នក​ទើប​តែ​ពិនិត្យ​មើល នោះ​គឺ​ប្រៀប​ដូច​ជា​អ្នក​យក​គ្រឿង​តុបតែង​នោះ​ចូល​ក្នុង​បន្ទប់​ផ្ទះ​របស់​អ្នក។ ជា​លទ្ធផល ភាព​កក់​ក្ដៅ​ខ្លះ​ដែល​អ្នក​ធ្លាប់​មាន​ក្នុង​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ ប្រហែលជា​នឹង​មាន​ឡើង​វិញ។

២២​. បើ​យើង​ព្យាយាម​បំពេញ​នាទី​របស់​យើង​ក្នុង​ការ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍ ហេតុ​អ្វី​យើង​នឹង​មាន​អំណរ?

២២ ពិត​មែន​តែ​អ្នក​ប្រហែលជា​ត្រូវ​ចំណាយ​ពេល​ច្រើន ហើយ​ខំ​ប្រឹង​យ៉ាង​ខ្លាំង ទើប​អាច​ដាក់​តាំង​គ្រឿង​តុបតែង​នោះ​ឡើង​វិញ​ម្ដង​មួយ​ៗ ប៉ុន្ដែ​បើ​អ្នក​ព្យាយាម​បំពេញ​តួនាទី​របស់​អ្នក នោះ​អ្នក​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​អ្នក​កំពុង​ធ្វើ​តាម​បង្គាប់​ក្នុង​គម្ពីរ​ដែល​ថា​៖ ​«​ក្នុង​ការ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្ដិយស​គេ​មុន​»។ (​រ៉ូម ១២:១០; ទំនុកតម្កើង ១៤៧:១១​) សំខាន់​បំផុត ការ​ខំ​ប្រឹង​ដ៏​ស្មោះ​អស់ពី​ចិត្ដ​របស់​អ្នក​ដើម្បី​ឲ្យ​តម្លៃ​ចំណង​អាពាហ៍ពិពាហ៍​នឹង​ជួយ​អ្នក​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។

^ វគ្គ 6 បទ​គម្ពីរ​មុន​និង​ក្រោយ​ខ​នេះ​បង្ហាញ​ថា​ឱវាទ​របស់​ប៉ូល​ស្ដី​អំពី​អាពាហ៍ពិពាហ៍​គឺ​នៅ​ក្នុង​ចំណោម​សេចក្ដី​បង្គាប់​ផ្សេង​ៗ​ទៀត។—ហេប្រឺ ១៣:១​-​៥