លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១២

ចូរ​និយាយ​អ្វី​ដែល«ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត»

ចូរ​និយាយ​អ្វី​ដែល«ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត»

​«​កុំ​ឲ្យ​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ពោល​ពាក្យ​ណា​ដែល​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​»។—អេភេសូរ ៤:២៩

១​-​៣​. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​អំណោយ​អ្វី? ហើយ​តើ​តាម​របៀប​ណា​ដែល​យើង​អាច​ប្រើ​អំណោយ​នោះ​ក្នុង​ផ្លូវ​ខុស? (​ខ​) តើ​យើង​ត្រូវ​ប្រើ​សមត្ថភាព​និយាយ​យ៉ាង​ដូច​ម្ដេច​ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់?

បើ​អ្នក​ឲ្យ​អំណោយ​ដល់​មនុស្ស​ជា​ទី​ស្រឡាញ់ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​បើ​គាត់​ប្រើ​អំណោយ​នោះ​ក្នុង​ផ្លូវ​ខុស​ដោយ​ចេតនា? ឧបមា​ថា​អ្នក​ឲ្យ​គាត់​ម៉ូតូ​មួយ តែ​ក្រោយ​មក​មាន​គេ​ប្រាប់​អ្នក​ថា គាត់​តែង​តែ​បើក​ម៉ូតូ​ដោយ​មិន​ប្រយ័ត្ន ហើយ​បុក​អ្នក​ឯ​ទៀត​ឲ្យ​របួស។ អ្នក​ច្បាស់​ជា​នឹង​ខក​ចិត្ដ​ចំពោះ​គាត់ មែន​ទេ?

សមត្ថភាព​ពោល​ពាក្យ​ដែល​អ្នក​ឯ​ទៀត​យល់​បាន គឺជា​អំណោយ​មួយ​ពី​ព្រះ​យេហូវ៉ា ជា​អ្នក​ដែល​ឲ្យ​«​គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ​»។ (​យ៉ាកុប ១:១៧​) អំណោយ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ខុស​ប្លែក​ពី​សត្វ ពីព្រោះ​សមត្ថភាព​និយាយ​មិន​ត្រឹម​តែ​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ប្រាប់​អំពី​គំនិត​របស់​យើង​ប៉ុណ្ណោះ តែ​យើង​ក៏​អាច​ប្រាប់​អំពី​អារម្មណ៍​របស់​យើង​ផង​ដែរ។ ប៉ុន្ដែ​សមត្ថភាព​និយាយ​នេះ​អាច​ត្រូវ​ប្រើ​ក្នុង​ផ្លូវ​ខុស ដូច​ម៉ូតូ​ក្នុង​ឧទាហរណ៍​ខាង​លើ​នេះ។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ខក​ចិត្ដ​យ៉ាង​ខ្លាំង​ពេល​មនុស្ស​ប្រើ​សមត្ថភាព​និយាយ​ដោយ​មិន​ប្រុង​ប្រយ័ត្ន ហើយ​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ដ!

ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ យើង​ត្រូវ​ប្រើ​សមត្ថភាព​និយាយ​ឲ្យ​បាន​ស្រប​តាម​បំណង​របស់​ព្រះ​ដែល​ជា​អ្នក​ផ្ដល់​អំណោយ​នោះ។ ព្រះ​យេហូវ៉ា​បញ្ជាក់​ឲ្យ​យើង​ដឹង​ច្បាស់​ថា​លោក​ពេញ​ចិត្ដ​នឹង​ពាក្យ​សម្ដី​បែប​ណា។ បណ្ដាំ​របស់​លោក​ចែង​ថា​៖ ​«​កុំ​ឲ្យ​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ពោល​ពាក្យ​ណា​ដែល​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​តាម​កាលៈទេសៈ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ស្តាប់​»។ (​អេភេសូរ ៤:២៩​) យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ប្រយ័ត្ន​អំពី​ពាក្យ​សម្ដី​របស់​យើង។ យើង​ក៏​នឹង​រៀន​ដែរ​ថា ពាក្យ​សម្ដី​បែប​ណា​ដែល​យើង​មិន​ត្រូវ​ប្រើ ថែម​ទាំង​រៀន​នូវ​របៀប​ដែល​យើង​អាច​និយាយ​អ្វី​ដែល​«​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​»។

ហេតុ​អ្វី​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​ពាក្យ​សម្ដី​របស់​យើង?

៤, ៥​. តើ​សុភាសិត​ខ្លះ​ក្នុង​គម្ពីរ​ពន្យល់​យ៉ាង​ណា​អំពី​ឥទ្ធិពល​នៃ​ពាក្យ​សម្ដី?

មូលហេតុ​សំខាន់​មួយ​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​ពាក្យ​សម្ដី​របស់​យើង គឺ​ដោយ​សារ​សម្ដី​មាន​ឥទ្ធិពល។ សុភាសិត ១៥:៤​ចែង​ថា​៖ ​«​អណ្ដាត​ដ៏​លំហើយ​[​ឬ​«​ពាក្យ​លើក​ទឹក​ចិត្ដ​»​, ខ.ស.​] នោះ​ជា​ដើម​ឈើ​នៃ​ជីវិត តែ​បើ​មាន​សេចក្ដី​វៀច​វិញ នោះ​នាំ​ឲ្យ​វិញ្ញាណ​បាក់បែក​ទៅ​»។ ដូច​ជា​ទឹក​ធ្វើ​ឲ្យ​ដើម​ឈើ​ដែល​ខ្វះ​ទឹក​លូត​លាស់​ឡើង​វិញ នោះ​សម្ដី​ស្លូតបូត​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ស្តាប់​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ​ដែរ។ ផ្ទុយ​ទៅ​វិញ សម្ដី​ដែល​បង្កប់​គំនិត​អាក្រក់​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​បាក់ទឹកចិត្ដ។ ដូច្នេះ​ពាក្យ​សម្ដី​របស់​យើង​មាន​ឥទ្ធិពល​ដូច​ជា​ថ្នាំ​ផ្សះ ឬ​ដូច​អាវុធ​ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់។—សុភាសិត ១៨:២១

សុភាសិត​មួយ​ទៀត​ក៏​បាន​ពណ៌​នា​អំពី​ឥទ្ធិពល​នៃ​សម្ដី​ដែរ ដោយ​ចែង​ថា​៖ ​«​មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ​»។ (​សុភាសិត ១២:​១៨​) ការ​និយាយ​ឲ្យ​រួច​ពី​មាត់​ដោយ​ឥត​គិត​មុខ​គិត​ក្រោយ​អាច​បញ្ឈឺ​ចិត្ដ​យ៉ាង​ខ្លាំង ហើយ​បំផ្លាញ​ចំណង​មិត្ដភាព។ តើ​អ្នក​ធ្លាប់​ឈឺ​ចិត្ដ​ដោយ​សារ​ពាក្យ​សម្ដី​របស់​អ្នក​ណា​ម្នាក់​ដែល​ចាក់​ដូច​ជា​ដាវ​ឬ​ទេ? សុភាសិត​ដដែល​នោះ​ក៏​បញ្ជាក់​ចំណុច​ល្អ​មួយ​ដែរ។ ខ​នោះ​ចែង​ត​ទៅ​ទៀត​ថា​៖ ​«​សំ​ដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ​»។ សម្ដី​របស់​បុគ្គល​ដែល​មាន​ប្រាជ្ញា​ពី​ព្រះ​ហើយ​ចេះ​គិត​ដល់​អារម្មណ៍​អ្នក​ឯ​ទៀត នោះ​អាច​ធ្វើ​ឲ្យ​ស្លាកស្នាម​ផ្លូវ​ចិត្ដ​របស់​អ្នក​ឯ​ទៀត​បាន​ជា​ឡើង​វិញ ហើយ​ក៏​អាច​ផ្សះ​ផ្សា​ចំណង​មិត្ដភាព​បាន​ដែរ។ តើ​អ្នក​អាច​នឹក​ឃើញ​ពេល​មួយ​ដែល​ពាក្យ​សម្ដី​របស់​អ្នក​ណា​ម្នាក់​មាន​ឥទ្ធិពល​បំបាត់​ការ​ឈឺ​ចិត្ដ​របស់​អ្នក​ឬ​ទេ? (​សូម​អាន សុភាសិត ១៦:២៤) ដោយ​យល់​ថា​ពាក្យ​សម្ដី​របស់​យើង​មាន​ឥទ្ធិពល នោះ​យើង​ចង់​និយាយ​អ្វី​ដែល​ប្រៀប​ដូច​ជា​ថ្នាំ​ផ្សះ មិន​មែន​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ដ​ទេ។

ពាក្យ​សម្ដី​ស្លូតបូត​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ

៦​. ហេតុ​អ្វី​យើង​ពិបាក​គ្រប់​គ្រង​អណ្ដាត​របស់​យើង?

ទោះ​ជា​យើង​ខំ​ប្រឹង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ យើង​មិន​អាច​គ្រប់​គ្រង​អណ្ដាត​របស់​យើង​បាន​ទាំង​ស្រុង​នោះ​ទេ នេះ​ជា​មូលហេតុ​ទី​២​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​យើង​និយាយ ពោល​គឺ​ភាព​ខុស​ឆ្គង​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​នាំ​ឲ្យ​យើង​ប្រើ​សមត្ថភាព​និយាយ​ក្នុង​ផ្លូវ​ខុស។ ពាក្យ​សម្ដី​គឺ​ចេញ​ពី​ចិត្ដ​របស់​យើង ហើយ​«​ចិត្ដ​មនុស្ស​លំ​អៀង​ទៅ​ខាង . . . អាក្រក់​»។ (​កំណើត​ពិភព​លោក [​លោកុប្បត្ដិ​] ៨:២១, ខ.ស.; លូកា ៦:៤៥​) ដូច្នេះ​ការ​គ្រប់​គ្រង​អណ្ដាត​របស់​យើង​គឺ​ពិបាក​ណាស់។ (​សូម​អាន យ៉ាកុប ៣:២​-​៤) ទោះ​ជា​យើង​មិន​អាច​គ្រប់​គ្រង​អណ្ដាត​របស់​យើង​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ យើង​អាច​បន្ដ​ព្យាយាម​គ្រប់​គ្រង​វា​ឲ្យ​ប្រសើរ​ជាង​មុន​បាន។ ដូច​មនុស្ស​ដែល​ខំ​ហែល​បញ្ច្រាស​ខ្សែ​ទឹក ត្រូវ​បន្ដ​ប្រឹងប្រែង​យក​ឈ្នះ​ចរន្ដ​ទឹក យើង​ក៏​ត្រូវ​បន្ដ​ខំ​ប្រឹង​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​ដែល​នាំ​ឲ្យ​យើង​ប្រើ​សមត្ថភាព​និយាយ​ក្នុង​ផ្លូវ​ខុស​ដែរ។

៧, ៨​. តើ​យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ពាក្យ​សម្ដី​របស់​យើង​ដល់​កម្រិត​ណា?

មូលហេតុ​ទី​៣​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​ពាក្យ​សម្ដី​របស់​យើង​គឺ​យើង​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ពាក្យ​សម្ដី​របស់​យើង។ ពាក្យ​សម្ដី​របស់​យើង​មិន​ត្រឹម​តែ​មាន​ឥទ្ធិពល​ទៅ​លើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​មនុស្ស​ឯ​ទៀត​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ។ យ៉ាកុប ១:២៦​ចែង​ថា​៖ ​«​ប្រសិនបើ​អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា​អ្នក​គោរព​ប្រណិប័តន៍​តាម​របៀប​ត្រឹម​ត្រូវ តែ​មិន​ទប់​អណ្ដាត​ខ្លួន ប៉ុន្ដែ​ចេះ​តែ​បញ្ឆោត​ចិត្ដ​ខ្លួន នោះ​របៀប​ដែល​អ្នក​នោះ​គោរព​ប្រណិប័តន៍​គឺ​គ្មាន​ប្រយោជន៍​ទេ​»។ ដូច​យើង​ឃើញ​ក្នុង​ជំពូក​មុន ពាក្យ​សម្ដី​និង​ការ​គោរព​ប្រណិប័តន៍​របស់​យើង​គឺ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ។ បើ​យើង​មិន​ចេះ​ទប់​មាត់​ទេ ហើយ​តែង​តែ​និយាយ​ពាក្យ​ពិសពុល​ដែល​បញ្ឈឺ​ចិត្ដ​អ្នក​ឯ​ទៀត នោះ​ការ​ទាំង​អស់​ដែល​យើង​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​នឹង​គ្មាន​តម្លៃ​ចំពោះ​លោក​ទេ។ យើង​គួរ​គិត​ចំណុច​នេះ​ឲ្យ​បាន​មធ្យ័ត​មែន​ទេ?—យ៉ាកុប ៣:៨​-​១០

យើង​បាន​ឃើញ​ច្បាស់​ថា យើង​មាន​មូលហេតុ​សំខាន់​ណាស់​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ប្រើ​សមត្ថភាព​និយាយ​ក្នុង​ផ្លូវ​ខុស។ មុន​នឹង​យើង​រៀន​អំពី​ប្រភេទ​ពាក្យ​សម្ដី​ដែល​ពង្រឹង​អ្នក​ឯ​ទៀត យើង​ត្រូវ​រៀន​អំពី​ប្រភេទ​ពាក្យ​សម្ដី​ដែល​គ្រិស្ដ​សាសនិក​ពិត​មិន​គួរ​ពោល​សោះ​ឡើយ។

ពាក្យ​សម្ដី​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ដ

៩, ១០​. (​ក​) សព្វ​ថ្ងៃ​នេះ តើ​មនុស្ស​ប្រើ​ពាក្យ​សម្ដី​បែប​ណា​ជា​ធម្មតា? (​ខ​) ហេតុ​អ្វី​យើង​មិន​ត្រូវ​ប្រើ​ពាក្យ​ជេរ​ឬ​ពាក្យ​អាសអាភាស? (​សូម​មើល​កំណត់​សម្គាល់​ផង​ដែរ​)

ពាក្យ​ជេរ​និង​ពាក្យ​អាសអាភាស។ សព្វ​ថ្ងៃ​នេះ​មនុស្ស​ប្រើ​ពាក្យ​ជេរ​ប្រមាថ​និង​ពាក្យ​អាក្រក់​ឯ​ទៀត​ជា​ធម្មតា។ មនុស្ស​ច្រើន​ប្រើ​ពាក្យ​បែប​នេះ​ដើម្បី​បញ្ជាក់​ថា​អ្វី​ដែល​ពួក​គេ​និយាយ​គឺ​ពិត​មែន​ឬ​សំខាន់​ណាស់ ឬ​ប្រើ​ពាក្យ​នោះ​ដោយ​សារ​ពួក​គេ​ស្គាល់​ពាក្យ​ធម្មតា​តិច​ពេក។ អ្នក​និយាយ​កំប្លែង ច្រើន​តែ​ប្រើ​ពាក្យ​អាសគ្រាម ចំអេសចំអាស​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្តាប់​សើច។ ក៏​ប៉ុន្ដែ​ពាក្យ​អាក្រក់​បែប​នេះ​មិន​មែន​ជា​រឿង​លេង​សើច​ទេ។ ប្រហែល​២.០០០​ឆ្នាំ​មុន ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​ប៉ូល​បាន​ជូន​ឱវាទ​ដល់​ក្រុម​ជំនុំ​នៅ​ក្រុង​កូឡុស​ថា ពួក​គេ​ត្រូវ​លះ​ចោល​«​ពាក្យ​អាសអាភាស​»។ (​កូឡុស ៣:៨​) ម្យ៉ាង​ទៀត ប៉ូល​ប្រាប់​ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ​ថា​«​ការ​និយាយ​កំប្លែង​អាសអាភាស​»​គឺ​នៅ​ក្នុង​ចំណោម​អ្វី​ៗ​ដែល​គ្រិស្ដ​សាសនិក​ពិត​«​មិន​ត្រូវ​ទាំង​និយាយ​»។—អេភេសូរ ៥:៣, ៤

១០ ពាក្យ​ជេរ​និង​ពាក្យ​អាសអាភាស​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទាស់​ចិត្ដ។ ពាក្យ​បែប​នេះ​ក៏​ធ្វើ​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទាស់​ចិត្ដ​ដែរ។ សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​មិន​ព្រម​ពោល​ពាក្យ​បែប​នេះ​ទេ។ ពេល​ប៉ូល​បញ្ជាក់​អំពី​«​ការ​ប្រព្រឹត្ដ​ដែល​ផុស​ចេញ​ពី​ភាព​ខុស​ឆ្គង​»​គាត់​បាន​រាប់​បញ្ចូល​«​អំពើ​ស្មោកគ្រោក​»​ដែល​អាច​សំដៅ​ទៅ​លើ​ការ​ពោល​ពាក្យ​អាក្រក់​ផង​ដែរ។ (​កាឡាទី ៥:១៩​-​២១​) នេះ​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់។ បើ​បុគ្គល​ម្នាក់​បាន​ទទួល​ឱវាទ​ម្ដង​ហើយ​ម្ដង​ទៀត ប៉ុន្ដែ​គាត់​នៅ​តែ​បន្ដ​ប្រើ​ពាក្យ​សម្ដី​ដែល​សំដៅ​ទៅ​ឬ​លើក​តម្កើង​អ្វីដែល​ថោក​ទាប​និង​គួរ​ឲ្យ​ទាស់​ចិត្ដ​ខាង​សីលធម៌ ឬ​អ្វី​ដែល​អាច​បង្ខូច​ចិត្ដ​គំនិត​អ្នក​ឯ​ទៀត នោះ​គាត់​អាច​ត្រូវ​បណ្ដាច់​មិត្ដភាព​ពី​ក្រុម​ជំនុំ។ *

១១, ១២​. (​ក​) តើ​នៅ​ពេល​ណា​ដែល​ការ​និយាយ​អំពី​អ្នក​ឯ​ទៀត​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់? (​ខ​) ហេតុ​អ្វី​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​មិន​ត្រូវ​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត?

១១ ការ​និយាយ​ដើម​និង​ការ​បង្កាច់​បង្ខូច។ មនុស្ស​ចូល​ចិត្ដ​និយាយ​អំពី​អ្នក​ឯ​ទៀត​និង​ជីវិត​របស់​ពួក​គេ។ តើ​ការ​និយាយ​អំពី​អ្នក​ឯ​ទៀត​តែង​តែ​អាក្រក់​ឬ​ទេ? គឺ​មិន​តែង​តែ​អាក្រក់​ទេ បើ​អ្វី​ដែល​យើង​និយាយ​គឺ​ល្អ​ឬ​មាន​ប្រយោជន៍។ ឧទាហរណ៍​ដូច​ជា​និយាយ​អំពី​អ្នក​ណា​ទើប​តែ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​អ្នក​ណា​ត្រូវ​ការ​នូវ​ការ​លើក​ទឹក​ចិត្ដ។ គ្រិស្ដ​សាសនិក​នៅ​សតវត្សរ៍​ទី​១​ធ្លាប់​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​ប្រាប់​ព័ត៌មាន​ដែល​សម​នឹង​ប្រាប់​អំពី​បង​ប្អូន​រួម​ជំនឿ។ (​អេភេសូរ ៦:២១, ២២; កូឡុស ៤:៨, ៩​) ក៏​ប៉ុន្ដែ​ការ​និយាយ​អំពី​អ្នក​ឯ​ទៀត​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់ បើ​អ្វី​ដែល​យើង​និយាយ​គឺ​ខុស​ពី​ការ​ពិត ឬ​យើង​និយាយ​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​ប្រាប់​អ្នក​ឯ​ទៀត។ អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នោះ​ទៅ​ទៀត គឺ​ការ​និយាយ​ដូច្នេះ​អាច​នាំ​ទៅ​ដល់​ការ​បង្កាច់​បង្ខូច ដែល​តែង​តែ​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់។ ការ​បង្កាច់​បង្ខូច​គឺជា​ការ​«​ពោល​ពាក្យ​កាច់​មួល​ឲ្យ​ខុស​ពី​ដំណើរ​ពិត . . . ឲ្យ​ខូច​កេរ្ដិ៍​ឈ្មោះ​»។ ជា​ឧទាហរណ៍ ពួក​ផារិស៊ី​បាន​មួល​បង្កាច់​លោក​យេស៊ូ​យ៉ាង​សាហាវ​ដើម្បី​កុំ​ឲ្យ​មនុស្ស​ជឿ​លោក។ (​ម៉ាថាយ ៩:​៣២​-​៣៤; ១២:២២​-​២៤​) ការ​បង្កាច់​បង្ខូច ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​ទាស់​ទែង​គ្នា។—សុភាសិត ២៦:២០

១២ ព្រះ​យេហូវ៉ា​មិន​ចាត់​ទុក​ថា ការ​យក​សមត្ថភាព​និយាយ​ដែល​ជា​អំណោយ​ពី​លោក​ទៅ​ប្រើ​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត ឬ​ធ្វើ​ឲ្យ​មាន​ការ​ទាស់​ទែង​គ្នា​ជា​រឿង​ស្រាល​នោះ​ទេ។ លោក​ស្អប់​អ្នក​ដែល​«​សាប​ព្រោះ​សេចក្ដី​ទាស់​ទែង​គ្នា​ក្នុង​ពួក​បង​ប្អូន​»។ (​សុភាសិត ៦:១៦​-​១៩​) ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​គឺ​ឌីអាបូឡូស ដែល​ជា​ងារ​មួយ​របស់​សាថាន។ វា​ជា​«​មេកំណាច​»​ ដែល​បង្កាច់​បង្ខូច​ព្រះ​យ៉ាង​សាហាវ។ (​ការ​បើក​បង្ហាញ ១២:៩, ១០​) យើង​ច្បាស់​ជា​មិន​ចង់​ប្រើ​ពាក្យ​សម្ដី​ដែល​នាំ​ឲ្យ​ខ្លួន​យើង​ទៅ​ជា​ដូច​មេកំណាច​ឡើយ។ ការ​បង្កាច់​បង្ខូច​ដែល​បណ្ដាល​ឲ្យ​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ដូច​ជា​«​ទំនាស់​»​និង​«​ការ​បែកបាក់​គ្នា​»​ជា​ដើម មិន​ត្រូវ​មាន​សោះ​ក្នុង​ក្រុម​ជំនុំ។ (​កាឡាទី ៥:១៩​-​២១​) ដូច្នេះ មុន​អ្នក​ពាំ​នាំ​ព័ត៌មាន​ណា​មួយ​អំពី​អ្នក​ណា​ម្នាក់ សូម​សួរ​ខ្លួន​អ្នក​ថា​‹តើ​រឿង​នោះ​ពិត​ឬ​ទេ? បើ​ខ្ញុំ​ប្រាប់​ព័ត៌មាន​នោះ​តើ​ខ្ញុំ​កំពុង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ឬ​ទេ? តើ​ខ្ញុំ​ចាំ​បាច់​ប្រាប់​ឬ​គួរ​ប្រាប់​អ្នក​ឯ​ទៀត​នូវ​ព័ត៌មាន​នេះ​ឬ​ទេ?›។—សូម​អាន ថែស្សាឡូនិច​ទី​១ ៤:១១

១៣, ១៤​. (​ក​) តើ​ពាក្យ​ប្រមាថ​មើល​ងាយ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក​ស្តាប់? (​ខ​) ហេតុ​អ្វី​អ្នក​ដែល​ជេរ​ប្រមាថ​និង​អ្នក​ជេរ​ប្រទេច​កំពុង​ផ្សង​គ្រោះ​ថ្នាក់?

១៣ ពាក្យ​ប្រមាថ​មើល​ងាយ។ ដូច​យើង​បាន​រៀន​ហើយ ពាក្យ​សម្ដី​អាច​បញ្ឈឺ​ចិត្ដ​បាន។ ពិត​មែន​តែ​ដោយ​សារ​យើង​មាន​ភាព​ខុស​ឆ្គង ជួនកាល​យើង​ទាំង​អស់​គ្នា​និយាយ​អ្វី​ដែល​នាំ​ឲ្យ​យើង​ស្តាយ​ក្រោយ ប៉ុន្ដែ​គម្ពីរ​ព្រមាន​អំពី​ពាក្យ​សម្ដី​ដែល​គ្រិស្ដ​សាសនិក​មិន​ត្រូវ​ពោល​សោះ​ឡើយ ទោះ​ជា​ក្នុង​ក្រុម​គ្រួសារ​ឬ​ក្រុម​ជំនុំក្ដី។ ប៉ូល​បាន​ដាស់​តឿន​គ្រិស្ដ​សាសនិក​ពិត​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​បោះបង់​ចោល​គំនុំ កំហឹង ចិត្ដ​ក្ដៅ​ក្រហាយ ការ​ស្រែក​គំហក និង​ពាក្យ​ប្រមាថ​មើល​ងាយ​»។ (​អេភេសូរ ៤:​៣១​) សេចក្ដី​បក​ប្រែ​ឯ​ទៀត​បក​ប្រែ​ពាក្យ​«​ប្រមាថ​មើល​ងាយ​»​ថា ​«​ពាក្យ​អាក្រក់​»​ ​«​ពាក្យ​ដែល​បញ្ឈឺ​ចិត្ដ​»​ឬ​«​ពាក្យ​បន្ដុះ​បង្អាប់​»។ ពាក្យ​ប្រមាថ​មើល​ងាយ ដែល​រួម​ទាំង​ការ​ដាក់​ងារ​អាក្រក់​ឲ្យ​អ្នក​ឯ​ទៀត ហើយ​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ឥត​ឈប់​ឈរ អាច​ដក​ហូត​ភាព​ថ្លៃ​ថ្នូរ​របស់​អ្នក​ឯ​ទៀត​ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ ជា​ពិសេស​ពាក្យ​ប្រមាថ​មើល​ងាយ​ធ្វើ​ទុក្ខ​កូន​ក្មេង​យ៉ាង​ខ្លាំង​ខាង​ផ្លូវ​ចិត្ដ ពីព្រោះ​ពួក​គេ​មាន​ចិត្ដ​ទន់​ហើយ​ទុក​ចិត្ដ​អ្នក​ឯ​ទៀត។—កូឡុស ៣:២១

១៤ គម្ពីរ​ផ្ដន្ទា​ទោស​យ៉ាង​ខ្លាំង​បំផុត​នូវ​ការ​ជេរ​ប្រមាថ​និង​ការ​ជេរ​ប្រទេច។ បុគ្គល​ដែល​មាន​ទម្លាប់​ពោល​ពាក្យ​សម្ដី​បែប​នេះ​កំពុង​ផ្សង​គ្រោះ​ថ្នាក់ ពីព្រោះ​អ្នក​ដែល​ជេរ​ប្រមាថ​គេ​អាច​ត្រូវ​បណ្ដេញ​ចោល​ពី​ក្រុម​ជំនុំ​បើ​គាត់​ទទួល​ជំនួយ​ច្រើន​ដង​ដើម្បី​កែ​ខ្លួន តែ​គាត់​មិន​ព្រម​កែ​ខ្លួន​ទេ។ បើ​គាត់​មិន​ព្រម​កែប្រែ​ទេ នោះ​គាត់​អាច​បាត់បង់​លទ្ធភាព​ទទួល​ពរ​ជា​ជីវិត​ក្នុង​ពិភព​លោក​ថ្មី។ (​កូរិនថូសទី១ ៥:​១១​-​១៣; ៦:៩, ១០​) យើង​អាច​ឃើញ​ច្បាស់​ហើយ​ថា យើង​មិន​អាច​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​បាន​ទេ បើ​យើង​មាន​ទម្លាប់​ពោល​ពាក្យ​អសុរោះ ពាក្យ​មិន​ពិត ឬ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ឈឺ​ចិត្ដ។ ពាក្យ​សម្ដី​បែប​នោះ​ធ្វើ​ឲ្យ​មនុស្ស​ធ្លាក់​ទឹក​ចិត្ដ។

ពាក្យ​ដែល​«​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​»

១៥​. តើ​ពាក្យ​សម្ដី​បែប​ណា​គឺ​«​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​»​?

១៥ ដើម្បី​ប្រើ​សមត្ថភាព​និយាយ​ក្នុង​ផ្លូវ​ល្អ​តាម​បំណង​របស់​ព្រះ​ដែល​ជា​អ្នក​ឲ្យ​សមត្ថភាព​នោះ តើ​យើង​ត្រូវ​ធ្វើ​អ្វី? សូម​ចាំ​ថា គម្ពីរ​ដាស់​តឿន​យើង​ឲ្យ​និយាយ​តែ​«​ពាក្យ​ណា​ដែល​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​»។ (​អេភេសូរ ៤:២៩​) ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ពេល​ដែល​យើង​និយាយ​អ្វី​ដែល​លើក​ទឹក​ចិត្ដ និង​ពង្រឹង​កម្លាំង​ចិត្ដ​អ្នក​ឯ​ទៀត។ ដើម្បី​ពោល​ពាក្យ​បែប​នេះ យើង​ត្រូវ​គិត​ពិចារណា​មុន​នឹង​យើង​និយាយ។ ក្នុង​គម្ពីរ គ្មាន​ក្បួន​ណា​មួយ​អំពី​ពាក្យ​ដែល​យើង​ត្រូវ​និយាយ​ទេ ហើយ​ក៏​គ្មាន​បញ្ជី​ណា​មួយ​ដែល​បញ្ជាក់​ថា​«​សម្ដី​ល្អ​»​មាន​អ្វី​ខ្លះ​ដែរ។ (​ទីតុស ២:៨​) ដើម្បី​និយាយ​អ្វី​ដែល​«​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​»​ យើង​ត្រូវ​ចាំ​មិន​ភ្លេច​នូវ​លក្ខណៈ​បី​យ៉ាង​នៃ​ពាក្យ​សម្ដី​ដែល​ពង្រឹង​អ្នក​ឯ​ទៀត ពោល​គឺ: យើង​ត្រូវ​មាន​ពាក្យ​សម្ដី​ដែល​ល្អ ពិត និង​សប្បុរស។ លក្ខណៈ​ទាំង​បី​នោះ​គឺ​សំខាន់ ហើយ​ស្រួល​អនុវត្ដ។ ដោយ​យល់​ដូច្នេះ យើង​នឹង​រៀន​អំពី​គំរូ​ជាក់​លាក់​មួយ​ចំនួន​អំពី​ពាក្យ​សម្ដី​ដែល​ពង្រឹង​អ្នក​ឯ​ទៀត (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ តើ​សម្ដី​របស់​ខ្ញុំ​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​ឬ​ទេ?​»​)។

១៦, ១៧​. (​ក​) ហេតុ​អ្វី​យើង​គួរ​សរសើរ​អ្នក​ឯ​ទៀត? (​ខ​) តើ​យើង​មាន​ឱកាស​អ្វី​ខ្លះ​ដើម្បី​សរសើរ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​និង​ក្នុង​ក្រុម​គ្រួសារ?

១៦ ពាក្យ​សរសើរ​ដោយ​ស្មោះ។ ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ទទួល​ស្គាល់​ថា ការ​សរសើរ​អ្នក​ឯ​ទៀត​និង​ការ​បញ្ជាក់​ថា​ខ្លួន​ពេញ​ចិត្ដ​នឹង​ពួក​គេ​គឺ​ចាំ​បាច់។ (​ម៉ាថាយ ៣:១៧; ២៥:១៩​-​២៣; យ៉ូហាន ១:៤៧​) ដោយ​សារ​យើង​ជា​គ្រិស្ដ​សាសនិក​ពិត យើង​ក៏​គួរ​សរសើរ​អ្នក​ឯ​ទៀត​ដោយ​ស្មោះ​ផង​ដែរ។ ហេតុ​អ្វី? សុភាសិត ១៥:២៣​ចែង​ថា​៖ ​«​ពាក្យ​១​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎!​»។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​មាន​គេ​សរសើរ​ខ្ញុំ​ដោយ​ស្មោះ? តើ​នោះ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់​ក្ដៅ ហើយ​លើក​ទឹក​ចិត្ដ​ខ្ញុំ​ទេ​ឬ?›។ ពេល​មនុស្ស​ឯ​ទៀត​សរសើរ​អ្នក​ដោយ​ស្មោះ នោះ​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា​ពួក​គេ​បាន​កត់​សម្គាល់​ការ​ដែល​អ្នក​ធ្វើ ក៏​យក​ចិត្ដ​ទុក​ដាក់​នឹង​អ្នក ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា​អ្វី​ដែល​អ្នក​ខំ​ធ្វើ​ពិត​ជា​មាន​ប្រយោជន៍។ ជា​លទ្ធផល នោះ​ពង្រឹង​ទំនុក​ចិត្ដ​របស់​អ្នក ហើយ​ជំរុញ​អ្នក​ឲ្យ​ខំ​ប្រឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ថ្ងៃ​មុខ។ អ្នក​សប្បាយ​ចិត្ដ​ពេល​ដែល​អ្នក​ទទួល​ការ​សរសើរ ដូច្នេះ​អ្នក​ក៏​គួរ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​សរសើរ​អ្នក​ឯ​ទៀត​ដែរ មែន​ទេ?—សូម​អាន ម៉ាថាយ ៧:១២

១៧ សូម​អប់រំ​ខ្លួន​អ្នក​ឲ្យ​ចេះ​ស្វែងរក​គុណ​សម្បត្ដិ​របស់​អ្នក​ឯ​ទៀត រួច​មក​សូម​សរសើរ​ពួក​គេ​ត្រង់​ចំណុច​ទាំង​នោះ។ ក្នុង​ក្រុម​ជំនុំ អ្នក​ប្រហែលជា​ស្តាប់​សុន្ទរកថា​មួយ​ដែល​អ្នក​ថ្លែង​បាន​រៀប​ចំ​យ៉ាង​ល្អ ឬ​អ្នក​កត់​សម្គាល់​យុវជន​ម្នាក់​ដែល​កំពុង​ព្យាយាម​សម្រេច​គោលដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ ឬ​មួយ​អ្នក​សង្កេត​ឃើញ​បង​ប្អូន​វ័យ​ចាស់​ម្នាក់​ដែល​មក​ប្រជុំ​ជា​ទៀង​ទាត់​ទោះ​ជា​គាត់​ខ្សោយ​កម្លាំង​ដោយ​សារ​វ័យ​ចាស់​ក្ដី។ ពាក្យ​សរសើរ​យ៉ាង​ខ្លី​ប្រហែលជា​លើក​ទឹក​ចិត្ដ​បង​ប្អូន​ទាំង​នោះ ហើយ​ជួយ​ពង្រឹង​ការ​តាំង​ចិត្ដ​របស់​ពួក​គាត់​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ ក្នុង​ក្រុម​គ្រួសារ ប្ដី​ប្រពន្ធ​ត្រូវ​ការ​ពាក្យ​សរសើរ​ដ៏​ស្មោះ និង​ពាក្យ​ដែល​បញ្ជាក់​អំពី​សេចក្ដី​កតញ្ញូ​ចំពោះ​គូ​របស់​ខ្លួន។ (​សុភាសិត ៣១:១០, ២៨​) ជា​ពិសេស ពេល​កូន​ក្មេង​មាន​អារម្មណ៍​ថា​អ្នក​ឯ​ទៀត​កត់​សម្គាល់​ហើយ​ឲ្យ​តម្លៃ​ពួក​គេ នោះ​ជួយ​ពួក​គេ​ឲ្យ​រីក​ចម្រើន។ ពេល​ដែល​កូន​ក្មេង​ទទួល​ការ​សរសើរ​និង​ការ​ពេញ​ចិត្ដ នោះ​គឺ​ដូច​ដើម​ផ្កា​ទទួល​នូវ​ទឹក​ភ្លៀង​និង​ពន្លឺ​ថ្ងៃ។ ឪពុក​ម្ដាយ​អើយ! សូម​រក​ឱកាស​សរសើរ​កូន​អំពី​គុណ​សម្បត្ដិ​និង​ការ​ខំ​ប្រឹង​ព្យាយាម​របស់​ពួក​គេ។ ការ​សរសើរ​បែប​នេះ​អាច​ជួយ​កូន​មាន​ចិត្ដ​ក្លាហាន​និង​ទំនុក​ចិត្ដ ព្រម​ទាំង​ជំរុញ​ពួក​គេ​ឲ្យ​ព្យាយាម​រឹត​តែ​ខ្លាំង​ឡើង​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។

១៨, ១៩​. ហេតុ​អ្វី​យើង​គួរ​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​លើក​ទឹក​ចិត្ដ​និង​សម្រាល​ទុក្ខ​បង​ប្អូន​រួម​ជំនឿ? ហើយ​តើ​យើង​អាច​សម្រាល​ទុក្ខ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

១៨ ការ​លើក​ទឹក​ចិត្ដ​និង​ការ​សម្រាល​ទុក្ខ។ ព្រះ​យេហូវ៉ា​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ដែល​មាន​«​ចិត្ដ​សង្រេង​»​ និង​«​ទន់​ទាប​»។ (​អេសាយ ៥៧:១៥​) បណ្ដាំ​របស់​លោក​បំផុស​ទឹក​ចិត្ដ​យើង​ឲ្យ​«​បន្ដ​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​»​ ហើយ​«​និយាយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ដ​»។ (​ថែស្សាឡូនិច​ទី​១ ៥:១១, ១៤​) ព្រះ​ប្រាកដជា​កត់​សម្គាល់ ហើយ​ពេញ​ចិត្ដ​នឹង​ការ​ខំ​ប្រឹង​របស់​យើង​ក្នុង​ការ​លើក​ទឹក​ចិត្ដ​និង​សម្រាល​ទុក្ខ​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​ចិត្ដ​ពោរ​ពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ។

ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ពេល​ដែល​យើង​ពោល​ពាក្យ​ដែល​ពង្រឹង​កម្លាំង​ចិត្ដ​អ្នក​ឯ​ទៀត

១៩ ក៏​ប៉ុន្ដែ តើ​យើង​អាច​និយាយ​អ្វី​ខ្លះ​ដើម្បី​លើក​ទឹក​ចិត្ដ​បង​ប្អូន​រួម​ជំនឿ​ដែល​ធ្លាក់​ទឹក​ចិត្ដ​ឬ​អស់​កម្លាំង​ចិត្ដ​នោះ? សូម​កុំ​គិត​ថា​អ្នក​ត្រូវ​ដោះ​ស្រាយ​បញ្ហា​របស់​គាត់។ ក្នុង​ករណី​ជា​ច្រើន ការ​និយាយ​ខ្លី​ៗ​ជា​អ្វី​ដែល​នឹង​ជួយ​គាត់​ច្រើន​បំផុត។ សូម​ពង្រឹង​ទំនុក​ចិត្ដ​បង​ប្អូន​នោះ​ថា សុខទុក្ខ​របស់​គាត់​គឺ​សំខាន់​ចំពោះ​អ្នក។ ស្នើ​អធិដ្ឋាន​ឮ​ៗ​ជា​មួយ​នឹង​គាត់ ដោយ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​យល់​ថា​ព្រះ​និង​អ្នក​ឯ​ទៀត​ស្រឡាញ់​គាត់​ខ្លាំង​យ៉ាង​ណា។ (​យ៉ាកុប ៥:១៤, ១៥​) សូម​ពង្រឹង​ទំនុក​ចិត្ដ​គាត់​ថា​ក្រុម​ជំនុំ​ឲ្យ​តម្លៃ​គាត់​និង​ត្រូវ​ការ​គាត់។ (​កូរិនថូសទី១ ១២:​១២​-​២៦​) សូម​អាន​បទ​គម្ពីរ​មួយ​ជូន​គាត់​ស្តាប់​ដើម្បី​ពង្រឹង​ទំនុក​ចិត្ដ​គាត់​ថា ព្រះ​យេហូវ៉ា​ពិត​ជាយ​ក​ចិត្ដ​ទុក​ដាក់​នឹង​រូប​គាត់​ផ្ទាល់។ (​ទំនុកតម្កើង ៣៤:​១៨; ម៉ាថាយ ១០:២៩​-​៣១​) បើ​ចំណាយ​ពេល​គ្រប់​គ្រាន់​ដើម្បី​ប្រាប់​«​ពាក្យ​ល្អ​១​ម៉ាត់​»​ដល់​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ដ ហើយ​ដោយ​និយាយ​ស្មោះ​ពី​ចិត្ដ នោះ​ច្បាស់​ជា​នឹង​ជួយ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​មាន​តម្លៃ​ហើយ​ថា​អ្នក​ឯ​ទៀត​ស្រឡាញ់​គាត់។—សូម​អាន សុភាសិត ១២:២៥

២០, ២១​. តើ​កត្ដា​អ្វី​ខ្លះ​ធ្វើ​ឲ្យ​ឱវាទ​មាន​ប្រសិទ្ធភាព?

២០ ឱវាទ​ដែល​មាន​ប្រសិទ្ធភាព។ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ នោះ​ម្ដង​ម្កាល​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ឱវាទ។ គម្ពីរ​លើក​ទឹក​ចិត្ដ​យើង​ថា​៖ ​«​ចូរ​ស្តាប់​សេចក្ដី​ដំបូន្មាន ហើយ​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ​»។ (​សុភាសិត ១៩:២០​) មិន​មែន​តែ​អ្នក​ចាស់​ទុំ​ប៉ុណ្ណោះ​ទេ​ដែល​អាច​ឲ្យ​ឱវាទ​អ្នក​ឯ​ទៀត។ ឪពុក​ម្ដាយ​ឲ្យ​ឱវាទ​កូន។ (​អេភេសូរ ៦:៤​) បង​ស្រី​ដែល​មាន​ភាព​ចាស់​ទុំ​ប្រហែលជា​ត្រូវ​ឲ្យ​ឱវាទ​ដល់​ស្ដ្រី​ដែល​នៅ​ក្មេង។ (​ទីតុស ២:៣​-​៥​) សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត ជំរុញ​យើង​ឲ្យ​ផ្ដល់​ឱវាទ​ដែល​អ្នក​ឯ​ទៀត​អាច​ទទួល​បាន​ដោយ​មិន​បាក់ទឹកចិត្ដ។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ផ្ដល់​ឱវាទ​បែប​នោះ​បាន? សូម​គិត​អំពី​កត្ដា​បី​យ៉ាង​ដែល​នឹង​ធ្វើ​ឲ្យ​ឱវាទ​របស់​យើង​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ពោល​គឺ: ចិត្ដ​គំនិត​និង​បំណង​ចិត្ដ​របស់​យើង មូលដ្ឋាន​នៃ​ឱវាទ​ដែល​យើង​ឲ្យ និង​របៀប​ដែល​យើង​ឲ្យ​ឱវាទ​នោះ។

២១ កត្ដា​ដំបូង​ដែល​នឹង​ធ្វើ​ឲ្យ​ឱវាទ​របស់​យើង​មាន​ប្រសិទ្ធភាព​គឺ​ចិត្ដ​គំនិត​និង​បំណង​ចិត្ដ​របស់​យើង​ផ្ទាល់។ សូម​សួរ​ខ្លួន​អ្នក​ថា ‹ចំពោះ​ខ្ញុំ តើ​នៅ​ពេល​ណា​ដែល​ឱវាទ​គឺ​ស្រួល​ទទួល?›។ នៅ​ពេល​អ្នក​ដឹង​ថា​បុគ្គល​ដែល​ឲ្យ​ឱវាទ​ដល់​អ្នក​ពិត​ជាយ​ក​ចិត្ដ​ទុក​នឹង​អ្នក មិន​មែន​និយាយ​ដោយ​សារ​គាត់​ធុញ​ទ្រាន់ ហើយ​ក៏​មិន​ឲ្យ​ឱវាទ​ដោយ​លាក់​កំណួច នោះ​យើង​ស្រួល​ទទួល​ឱវាទ​ជាង។ ដូច្នេះ ពេល​ដែល​អ្នក​ឲ្យ​ឱវាទ​អ្នក​ឯ​ទៀត អ្នក​ក៏​ត្រូវ​មាន​ចិត្ដ​គំនិត​និង​បំណង​ចិត្ដ​បែប​នោះ​ដែរ មែន​ទេ? ម្យ៉ាង​ទៀត ឱវាទ​ដែល​មាន​ប្រសិទ្ធភាព​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ។ (​ធីម៉ូថេទី២ ៣:១៦​) ទោះ​ជា​យើង​ដក​ស្រង់​ពី​គម្ពីរ​ឬ​មិន​ដក​ស្រង់​ក៏​ដោយ ឱវាទ​ណា​ដែល​យើង​ផ្ដល់​ឲ្យ​ត្រូវ​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ហេតុ​នេះ អ្នក​ចាស់​ទុំ​ត្រូវ​ប្រយ័ត្ន មិន​ណែនាំ​អ្នក​ឯ​ទៀត​ទៅ​តាម​ទស្សនៈ​របស់​ខ្លួន ហើយ​ក៏​មិន​បង្ខុស​អត្ថន័យ​នៃ​បទ​គម្ពីរ​ដើម្បី​ឲ្យ​មើល​ទៅ​ដូច​ជា​គម្ពីរ​គាំទ្រ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់។ ឱវាទ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ពេល​ដែល​យើង​ផ្ដល់​វា​តាម​របៀប​ត្រឹម​ត្រូវ។ ឱវាទ​ដែល​បង់​អំបិល​ឬ​សម្ដី​សប្បុរស​គឺ​ស្រួល​ទទួល​ជាង ហើយ​ទុក​ភាព​ថ្លៃ​ថ្នូរ​ឲ្យ​អ្នក​ដែល​ទទួល​ឱវាទ​នោះ។—កូឡុស ៤:៦

២២​. តើ​អ្នក​តាំង​ចិត្ដ​ធ្វើ​អ្វី​ស្ដី​អំពី​របៀប​ប្រើ​សមត្ថភាព​និយាយ​ដែល​ជា​អំណោយ​ពី​ព្រះ?

២២ សមត្ថភាព​និយាយ​ប្រាកដជា​អំណោយ​ដ៏​ថ្លៃ​វិសេស​ពី​ព្រះ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​ឲ្យ​ប្រើ​អំណោយ​នោះ​ក្នុង​ផ្លូវ​ល្អ។ សូម​ចាំ​ថា​ពាក្យ​សម្ដី​របស់​យើង​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ឯ​ទៀត គឺ​អាច​ពង្រឹង​ពួក​គេ​ឡើង ឬ​ក៏​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទឹក​ចិត្ដ​វិញ។ ដូច្នេះ សូម​ឲ្យ​យើង​ព្យាយាម​ប្រើ​អំណោយ​នេះ​ឲ្យ​សម​ស្រប​តាម​បំណង​របស់​លោក​ដែល​បាន​ឲ្យ​អំណោយ​នោះ គឺ​ដើម្បី​«​ពង្រឹង​អ្នក​ឯ​ទៀត​»។ យ៉ាង​នោះ ពាក្យ​សម្ដី​របស់​យើង​នឹង​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត ហើយ​នឹង​ជួយ​យើង​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។

^ វគ្គ 10 ក្នុង​បទ​គម្ពីរ ពាក្យ​«​អំពើ​ស្មោកគ្រោក​»​មាន​ន័យ​ទូលាយ ហើយ​អាច​សំដៅ​ទៅ​លើ​អំពើ​ខុស​ឆ្គង​ច្រើន​ប្រភេទ។ ទោះ​ជា​មិន​មែន​អំពើ​ស្មោកគ្រោក​ទាំង​អស់​តម្រូវ​ឲ្យ​បង្កើត​គណៈកម្មាធិការ​វិនិច្ឆ័យ​ក៏​ដោយ តែ​បុគ្គល​ម្នាក់​អាច​ត្រូវ​បណ្ដេញ​ចោល​ពី​ក្រុម​ជំនុំ​បាន បើ​គាត់​ប្រព្រឹត្ដ​អំពើ​ស្មោកគ្រោក​ធ្ងន់ធ្ងរ​ដោយ​មិន​ប្រែ​ចិត្ដ (​សូម​មើល​«​សំណួរ​ពី​អ្នក​អាន​»​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១១​)។—កូរិនថូសទី២ ១២:២១; អេភេសូរ ៤:១៩