លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៤

ចូរ​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់

ចូរ​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់

​«​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។—ហេប្រឺ ១៣:១៨

១, ២​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ពេល​ដែល​ឃើញ​ថា​យើង​ព្យាយាម​ប្រព្រឹត្ដ​ទៀង​ត្រង់? សូម​ឲ្យ​ឧទាហរណ៍។

ម្ដាយ​ម្នាក់​កំពុង​ដើរ​ចេញ​ពី​ហាង​ជា​មួយ​នឹង​កូន​ប្រុស​តូច​របស់​នាង ស្រាប់​តែ​កូន​តូច​នោះ​ឈប់​ដើរ​ហើយ​មាន​ទឹក​មុខ​ភ័យ។ នៅ​ក្នុង​ដៃ​កូន​នោះ​មាន​ប្រដាប់​ក្មេង​លេង​តូច​មួយ​ដែល​គាត់​បាន​យក​មក​មើល​ពេល​នៅ​ក្នុង​ហាង។ គាត់​ភ្លេច​ដាក់​វា​នៅ​កន្លែង​ដើម​វិញ ក៏​មិន​បាន​សុំ​ម្ដាយ​ទិញ​ឲ្យ​ដែរ។ គាត់​ស្រែក​ហៅ​ម្ដាយ​ឲ្យ​ជួយ​ដោយ​មាន​អារម្មណ៍​ពិបាក​ចិត្ដ​យ៉ាង​ខ្លាំង។ ម្ដាយ​និយាយ​លួង​លោម​កូន រួច​នាំ​កូន​ចូល​ក្នុង​ហាង​វិញ​ដើម្បី​ដាក់​ប្រដាប់​ក្មេង​លេង​នោះ​នៅ​កន្លែង​ដើម​វិញ ហើយ​សូម​ម្ចាស់​ហាង​អភ័យទោស។ កាល​ដែល​កូន​ធ្វើ​ដូច្នេះ ម្ដាយ​មាន​ចិត្ដ​រីករាយ​ក្រៃ​លែង ហើយ​ក៏​ពោរ​ពេញ​ទៅ​ដោយ​មោទនភាព​ដែរ។ ហេតុ​អ្វី?

អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ពេញ​ចិត្ដ​យ៉ាង​ខ្លាំង គឺ​ពេល​ឃើញ​ថា កូន​យល់​សារៈសំខាន់​នៃ​ការ​ប្រព្រឹត្ដ​ទៀង​ត្រង់។ បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ក៏​មាន​អារម្មណ៍​ដូច្នេះ​ដែរ ពីព្រោះ​លោក​ជា​«​ព្រះ​នៃ​សេចក្ដី​ពិត​»។ (​ទំនុកតម្កើង ៣១:៥​) កាល​ដែល​លោក​សង្កេត​មើល​យើង​រីក​ចម្រើន​បន្ដិច​ម្ដង​ៗ​រហូត​ដល់​មាន​ភាព​ចាស់​ទុំ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក នោះ​លោក​ពេញ​ចិត្ដ​ពេល​ដែល​ឃើញ​ថា​យើង​ព្យាយាម​ប្រព្រឹត្ដ​ទៀង​ត្រង់។ ដោយ​សារ​យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ ហើយ​ចង់​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​លោក​ស្រឡាញ់ នោះ​យើង​មាន​អារម្មណ៍​ដូច​សាវ័ក​ប៉ូល ពេល​គាត់​ចែង​ថា​៖ ​«​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។ (​ហេប្រឺ ១៣:១៨​) ឥឡូវ​យើង​នឹង​ពិចារណា​អំពី​រឿង​សំខាន់​បួន​យ៉ាង​ក្នុង​ជីវិត ដែល​ជួនកាល​ប្រហែលជា​ធ្វើ​ឲ្យ​យើង​ពិបាក​ប្រព្រឹត្ដ​ទៀង​ត្រង់។ រួច​មក​យើង​នឹង​រៀន​អំពី​ពរ​ដែល​យើង​នឹង​ទទួល​បើ​យើង​ប្រព្រឹត្ដ​ទៀង​ត្រង់។

ចូរ​ទទួល​ស្គាល់​ការ​ពិត​អំពី​ខ្លួន​យើង

៣​-​៥​. (​ក​) តើ​បណ្ដាំ​របស់​ព្រះ​ព្រមាន​យើង​យ៉ាង​ដូច​ម្ដេច​អំពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​បញ្ឆោត​ខ្លួន? (​ខ​) តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ទទួល​ស្គាល់​ការ​ពិត​អំពី​ខ្លួន​យើង?

វិធី​ទី​១​ដែល​បង្ហាញ​ថា​យើង​មាន​ចិត្ដ​ទៀង​ត្រង់ គឺ​ដោយ​រៀន​ទទួល​ស្គាល់​ការ​ពិត​អំពី​ខ្លួន​យើង។ នេះ​ជា​អ្វី​ដ៏​ពិបាក​ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​យើង​ងាយ​បញ្ឆោត​ខ្លួន​ណាស់។ ជា​ឧទាហរណ៍ លោក​យេស៊ូ​មាន​ប្រសាសន៍​ប្រាប់​គ្រិស្ដ​សាសនិក​នៅ​ក្រុង​ឡៅឌីសេ​ថា ពួក​គេ​បាន​បញ្ឆោត​ខ្លួន​គេ​ឲ្យ​គិត​ថា​ពួក​គេ​ជា​អ្នក​មាន តែ​តាម​ពិត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ ពួក​គេ​«​ក្រី​ក្រ ងងឹត​ភ្នែក និង​អាក្រាត​»។ ស្ថានភាព​នេះ​ពិត​ជា​គួរ​ឲ្យ​ស្តាយ។ (​ការ​បើក​បង្ហាញ ៣:១៧​) ការ​បញ្ឆោត​ខ្លួន​ដូច្នេះ រឹត​តែ​នាំ​ឲ្យ​ពួក​គេ​ខូច​ប្រយោជន៍។

អ្នក​ក៏​ប្រហែលជា​ចាំ​ដែរ​អំពី​សេចក្ដី​ព្រមាន​របស់​យ៉ាកុប​ដែល​ថា​៖ ​«​បើ​អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា​អ្នក​គោរព​ប្រណិប័តន៍​តាម​របៀប​ត្រឹម​ត្រូវ តែ​មិន​ទប់​អណ្ដាត​ខ្លួន ប៉ុន្ដែ​ចេះ​តែ​បញ្ឆោត​ចិត្ដ​ខ្លួន នោះ​របៀប​ដែល​អ្នក​នោះ​គោរព​ប្រណិប័តន៍​គឺ​គ្មាន​ប្រយោជន៍​ទេ​»។ (​យ៉ាកុប ១:២៦​) បើ​យើង​គិត​ថា​ព្រះ​យេហូវ៉ា​នៅ​តែ​ពេញ​ចិត្ដ​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​យើង ទោះ​ជា​យើង​មិន​គ្រប់​គ្រង​អណ្ដាត​របស់​យើង​ក៏​ដោយ នោះ​យើង​គ្រាន់តែ​បញ្ឆោត​ចិត្ដ​របស់​យើង​ប៉ុណ្ណោះ។ ការ​គោរព​ប្រណិប័តន៍​របស់​យើង​គឺ​គ្មាន​ប្រយោជន៍​សោះ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​បង់​ប្រយោជន៍​ដូច្នេះ?

ក្នុង​ខ​ដដែល​នោះ យ៉ាកុប​ក៏​ប្រដូច​បណ្ដាំ​របស់​ព្រះ​ទៅ​នឹង​កញ្ចក់​ឆ្លុះ​មុខ។ គាត់​ដាស់​តឿន​យើង​ឲ្យ​ពិនិត្យ​មើល​ច្បាប់​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ ហើយ​កែ​ខ្លួន​សម​ស្រប​តាម​ច្បាប់​នោះ។ (​សូម​អាន យ៉ាកុប ១:២៣​-​២៥) គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ទទួល​ស្គាល់​ការ​ពិត​អំពី​ខ្លួន​យើង ព្រម​ទាំង​អាច​ជួយ​យើង​ឲ្យ​យល់​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​កែ​ខ្លួន។ (​បរិទេវ ៣:៤០; ហាកាយ ១:៥​) យើង​ក៏​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដោយ​សុំ​ឲ្យ​លោក​ពិនិត្យ​មើល​យើង ព្រម​ទាំង​ជួយ​យើង​មើល​ឃើញ​និង​កែប្រែ​គុណ​វិបត្ដិ​ធ្ងន់ធ្ងរ​ណា​ដែល​យើង​មាន។ (​ទំនុកតម្កើង ១៣៩:២៣, ២៤​) ចិត្ដ​មិន​ទៀង​ត្រង់​ជា​គុណ​វិបត្ដិ​មួយ​ដែល​មិន​ងាយ​កត់​សម្គាល់​ទេ ហើយ​យើង​ត្រូវ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​គុណ​វិបត្ដិ​នេះ។ សុភាសិត ៣:៣២​ចែង​ថា​៖ ​«​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ​យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ នោះ​ទ្រង់​ជា​មិត្រ​នឹង​គេ​វិញ​»។ ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ដូច​លោក​ដែរ ហើយ​អាច​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​ខ្លួន​យើង។ សូម​ចាំ​អ្វី​ដែល​ប៉ូល​ថា​៖ ​«​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។ យើង​មិន​អាច​ប្រព្រឹត្ដ​ល្អ​ឥត​ខ្ចោះ​ឥឡូវ​នេះ​បាន​ទេ ប៉ុន្ដែ​យើង​ពិត​ជា​ចង់​ប្រព្រឹត្ដ​ទៀង​ត្រង់ ហើយ​យើង​ខំ​ប្រឹង​ព្យាយាម​ប្រព្រឹត្ដ​ដូច្នោះ។

និយាយ​និង​ប្រព្រឹត្ដ​ទៀង​ត្រង់​ក្នុង​ក្រុម​គ្រួសារ

ការ​ប្រព្រឹត្ដ​ទៀង​ត្រង់​ជួយ​ឃាត់​កុំ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​យើង​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ដឹង

៦​. ហេតុ​អ្វី​គូ​អាពាហ៍ពិពាហ៍​ត្រូវ​ប្រព្រឹត្ដ​ទៀង​ត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក? តើ​នេះ​នាំ​ឲ្យ​ពួក​គេ​មិន​ព្រម​ធ្វើ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​បង់​ប្រយោជន៍?

ភាព​ទៀង​ត្រង់​គួរ​ជា​លក្ខណៈ​មួយ​ដែល​លេច​ធ្លោ​ក្នុង​ក្រុម​គ្រួសារ​គ្រិស្ដ​សាសនិក។ ដូច្នេះ​ប្ដី​និង​ប្រពន្ធ​ត្រូវ​និយាយ​ទៀង​ត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្ដី​ប្រពន្ធ​គ្រិស្ដ​សាសនិក​មិន​ត្រូវ​ប្រព្រឹត្ដ​អ្វី​ដ៏​ស្មោកគ្រោក​ឬ​ដែល​ធ្វើ​ឲ្យ​គូ​របស់​ខ្លួន​ឈឺ​ចិត្ដ​ឡើយ ដូច​ជា​ការ​ចែចង់​បុគ្គល​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន ឬ​ការ​លួច​បង្កើត​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​នឹង​អ្នក​ផ្សេង​ទៀត​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​មើល​រូបភាព​អាសអាភាស ទោះ​ជា​វា​មក​ពី​ប្រភព​ណា​ក្ដី។ គ្រិស្ដ​សាសនិក​ខ្លះ​ដែល​បាន​រៀប​ការ​ហើយ បាន​ចូល​រួម​ធ្វើ​អំពើ​ខុស​បែប​នេះ​ដោយ​លាក់​មិន​ឲ្យ​គូ​របស់​ពួក​គេ​ដឹង។ នេះ​មិន​មែន​ជា​ការ​ប្រព្រឹត្ដ​ទៀង​ត្រង់​ទេ។ សូម​កត់​សម្គាល់​ពាក្យ​របស់​ស្ដេច​ដាវីឌ​៖ ​«​ទូល​បង្គំ​មិន​បាន​អង្គុយ​រួម​ជា​មួយ​នឹង​មនុស្ស​ភូតភរ​ឡើយ ក៏​មិន​បាន​សមាគម​ជា​មួយ​នឹង​មនុស្ស​មាន​ពុត​ដែរ​»។ (​ទំនុកតម្កើង ២៦:៤​) បើ​អ្នក​បាន​រៀប​ការ​ហើយ កុំ​ប្រព្រឹត្ដ​ឲ្យ​សោះ​នូវ​អំពើ​ណា​ដែល​អាច​នាំ​ឲ្យ​អ្នក​ទៅ​ជា​មនុស្ស​មាន​ពុត​ត្បុត​ដោយ​លាក់​ការ​ប្រព្រឹត្ដ​នឹង​គូ​របស់​ខ្លួន!

៧, ៨​. តើ​គំរូ​ណាខ្លះ​ក្នុង​គម្ពីរ​អាច​ជួយ​កូន​ឲ្យ​យល់​តម្លៃ​នៃ​សេចក្ដី​ទៀង​ត្រង់?

ជា​ការ​ល្អ​បើ​ឪពុក​ម្ដាយ​ប្រើ​គំរូ​ក្នុង​គម្ពីរ ពេល​ដែល​ពួក​គាត់​បង្រៀន​កូន​អំពី​តម្លៃ​នៃ​សេចក្ដី​ទៀង​ត្រង់។ គំរូ​ខ្លះ​ក្នុង​គម្ពីរ​បង្ហាញ​អំពី​ការ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់ ដូច​ជា​គំរូ​របស់​អេកាន ដែល​បាន​លួច​រួច​ខំ​បិទ​បាំង​កំហុស​របស់​គាត់ ក៏​មាន​គំរូ​របស់​កេហាស៊ី​ដែរ ដែល​បាន​កុហក​ដើម្បី​ឲ្យ​បាន​ទ្រព្យ​សម្បត្ដិ ហើយ​មាន​គំរូ​របស់​យូដាស​ដែល​បាន​លួច​ព្រម​ទាំង​និយាយ​កុហក​ដើម្បី​ធ្វើ​បាប​លោក​យេស៊ូ។—យ៉ូស្វេ ៦:១៧​-​១៩; ៧:១១​-​២៥; ពង្សាវតារក្សត្រទី២ ៥:១៤​-​១៦, ២០​-​២៧; ម៉ាថាយ ២៦:​១៤, ១៥; យ៉ូហាន ១២:៦

មាន​កំណត់​ហេតុ​ផ្សេង​ៗ​ស្ដី​អំពី​គំរូ​របស់​បុគ្គល​ខ្លះ​ដែល​បាន​ប្រព្រឹត្ដ​ដោយ​ទៀង​ត្រង់ ដូច​ជា​កំណត់​ហេតុ​អំពី​យ៉ាកុប​ជា​ដើម។ ពេល​ដែល​កូន​ៗ​របស់​យ៉ាកុប​រក​ឃើញ​ប្រាក់​នៅ​ក្នុង​បាវ​របស់​ពួក​គេ នោះ​យ៉ាកុប​បាន​ណែនាំ​ពួក​គេ​ឲ្យ​យក​ប្រាក់​នោះ​ទៅ​ប្រគល់​ឲ្យ​ម្ចាស់​វិញ ពីព្រោះ​យ៉ាកុប​គិត​ថា​ប្រហែលជា​គេ​ច្រឡំ​ដាក់​ក្នុង​បាវ​កូន​របស់​គាត់។ គំរូ​មួយ​ទៀត​គឺ​យែបថា​និង​កូន​ស្រី​របស់​គាត់។ កូន​ស្រី​របស់​យែបថា​បាន​ធ្វើ​តាម​ពាក្យ​ស្បថ​របស់​ឪពុក ទោះ​ជា​នាង​ត្រូវ​លះ​បង់​ប្រយោជន៍​ខ្លួន​យ៉ាង​ច្រើន​ក៏​ដោយ។ មាន​គំរូ​របស់​លោក​យេស៊ូ​ដែរ ដែល​បាន​បង្ហាញ​ចិត្ដ​ក្លាហាន ដោយ​ប្រាប់​អំពី​អត្ដសញ្ញាណ​ពិត​របស់​លោក​ដល់​ក្រុម​មនុស្ស​ឃោរឃៅ ដើម្បី​សម្រេច​តាម​ទំនាយ​និង​ដើម្បី​ការពារ​មិត្ដ​សម្លាញ់​របស់​លោក។ (​លោកុប្បត្ដិ ៤៣:១២; ពួកចៅហ្វាយ ១១:៣០​-​៤០; យ៉ូហាន ១៨:៣​-​១១​) ឧទាហរណ៍​ទាំង​នេះ​ប្រហែល​ជា​ជួយ​ឪពុក​ម្ដាយ​យល់​អំពី​ព័ត៌មាន​ល្អ​ៗ​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ ដែល​អាច​ជួយ​ពួក​គាត់​បង្រៀន​កូន​ឲ្យ​ចេះ​ស្រឡាញ់​និង​ឲ្យ​តម្លៃ​សេចក្ដី​ទៀង​ត្រង់។

៩​. បើ​ឪពុក​ម្ដាយ​ចង់​ទុក​គំរូ​ល្អ​សម្រាប់​កូន​ស្ដី​អំពី​ភាព​ទៀង​ត្រង់ តើ​ពួក​គាត់​ត្រូវ​ជៀស​ចេញ​ពី​អ្វី​ខ្លះ? ហើយ​ហេតុ​អ្វី​គំរូ​របស់​ពួក​គាត់​គឺ​សំខាន់​ម៉្លេះ?

ការ​បង្រៀន​កូន​ដូច្នេះ តម្រូវ​ឲ្យ​ឪពុក​ម្ដាយ​បំពេញ​ភារកិច្ច​ដ៏​សំខាន់​មួយ។ សាវ័ក​ប៉ូល​បាន​សួរ​ថា​៖ ​«​អ្នក​វិញ ដែល​បង្រៀន​អ្នក​ឯ​ទៀត តើ​អ្នក​មិន​បង្រៀន​ខ្លួន​ទេ​ឬ? អ្នក​ផ្សព្វ​ផ្សាយ​ថា​៖ ‹កុំ​លួច›​តែ​តើ​ខ្លួន​អ្នក​លួច​ឬ?​»។ (​រ៉ូម ២:២១​) ឪពុក​ម្ដាយ​ខ្លះ​ធ្វើ​ឲ្យ​កូន​មិន​ដឹង​ថា​ត្រូវ​ប្រព្រឹត្ដ​យ៉ាង​ណា​ទេ ដោយ​សារ​ពួក​គេ​បង្រៀន​អំពី​ការ​និយាយ​និង​ប្រព្រឹត្ដ​ទៀង​ត្រង់ តែ​ខ្លួន​គេ​បែរ​ជា​មិន​និយាយ​ឬ​ប្រព្រឹត្ដ​ទៀង​ត្រង់​ទៅ​វិញ។ ប្រហែលជា​ពួក​គេ​លួច​របស់​កំប៉ិកកំប៉ុក ហើយ​និយាយ​អ្វី​ដែល​មិន​ពិត រួច​ដោះ​សា​ថា ​«​គេ​ដឹង​ថា​យើង​នឹង​យក​តើ!​»​ ឬ​«​ភូតភរ​បន្ដិច​បន្ដួច មិន​ខុស​ទាស់​អី​ទេ!​»។ តាម​ការ​ពិត ទោះ​ជា​លួច​របស់​ដែល​មាន​តម្លៃ​តិច​ក្ដី ច្រើន​ក្ដី ក៏​នោះ​នៅ​តែ​ហៅ​ថា​លួច​ដែរ ហើយ​ពាក្យ​កុហក​ក៏​នៅ​តែ​ជា​ពាក្យ​កុហក​ដែរ ទោះ​ជា​កុហក​អំពី​រឿង​តូច​តាច​ឬ​រឿង​សំខាន់​ក្ដី។ * (​សូម​អាន លូកា ១៦:១០) កូន​ក្មេង​ឆាប់​កត់​សម្គាល់​នូវ​ពុត​ត្បុត​របស់​មនុស្ស ហើយ​នោះ​អាច​បង្ខូច​គំនិត​របស់​ពួក​គេ​យ៉ាង​ខ្លាំង។ (​អេភេសូរ ៦:៤​) ក៏​ប៉ុន្ដែ​ពេល​ដែល​កូន​រៀន​និយាយ​និង​ប្រព្រឹត្ដ​ទៀង​ត្រង់​ដោយ​សារ​គំរូ​របស់​ឪពុក​ម្ដាយ នោះ​ពួក​គេ​ទំនង​ជា​នឹង​ធំ​ឡើង​ទៅ​ជា​មនុស្ស​ដែល​លើក​តម្កើង​ព្រះ​យេហូវ៉ា​ក្នុង​ពិភព​លោក​ដែល​គ្មាន​ភាព​ទៀង​ត្រង់​នេះ។—សុភាសិត ២២:៦

និយាយ​និង​ប្រព្រឹត្ដ​ទៀង​ត្រង់​ក្នុង​ក្រុម​ជំនុំ

១០​. ស្ដី​អំពី​ការ​និយាយ​ទៀង​ត្រង់​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​អ្វី​ខ្លះ?

១០ ការ​សេពគប់​ជា​មួយ​នឹង​គ្រិស្ដ​សាសនិក​រួម​ជំនឿ​ផ្ដល់​ឱកាស​ជា​ច្រើន​ឲ្យ​យើង​អប់រំ​ខ្លួន​ដើម្បី​ប្រព្រឹត្ដ​ទៀង​ត្រង់។ ដូច​យើង​បាន​រៀន​ក្នុង​ជំពូក​ទី​១២ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​យើង​ប្រើ​សមត្ថភាព​និយាយ​ដែល​ជា​អំណោយ​ពី​ព្រះ ជា​ពិសេស​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ។ ការ​និយាយ​គ្នា​លេង​គឺ​ងាយ​ប្រែ​ក្លាយ​ទៅ​ជា​ការ​និយាយ​ដើម​អ្នក​ឯ​ទៀត​ឬ​រហូត​ដល់​ទៅ​ជា​ការ​បង្កាច់​បង្ខូច! បើ​យើង​ប្រាប់​រឿង​មួយ​ដែល​យើង​មិន​អាច​ដឹង​ថា​ពិត​ឬ​មិន​ពិត​ទេ យើង​អាច​ផ្សាយ​ពាក្យ​ភូតភរ​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​គឺ​ល្អ​ជាង​បើ​យើង​ឃាត់​បបូរ​មាត់​របស់​យើង។ (​សុភាសិត ១០:១៩​) ម្យ៉ាង​វិញ​ទៀត ប្រហែលជា​យើង​ដឹង​ថា​រឿង​មួយ​គឺ​ពិត តែ​នោះ​មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​ប្រាប់​រឿង​នោះ​ទេ។ ជា​ឧទាហរណ៍ បើ​យើង​ប្រាប់​រឿង​នោះ យើង​ប្រហែលជា​កំពុង​ជ្រៀត​ជ្រែក​ក្នុង​រឿង​អ្នក​ឯ​ទៀត ឬ​ប្រហែលជា​ការ​ប្រាប់​អំពី​រឿង​នោះ​មិន​មែន​ជា​ការ​បង្ហាញ​សេចក្ដី​សប្បុរស​នោះ​ទេ។ (​ថែស្សាឡូនិច​ទី​១ ៤:១១​) មនុស្ស​ខ្លះ​ដោះ​សា​ថា​ការ​និយាយ​ឥត​គួរ​សម​ឬ​ឥត​សមរម្យ​គឺជា​ការ​និយាយ​ទៀង​ត្រង់ ប៉ុន្ដែ​សម្ដី​របស់​យើង​ត្រូវ​សប្បុរស​និង​ពីរោះ​ស្តាប់​ជា​និច្ច។—សូម​អាន កូឡុស ៤:៦

១១, ១២​. (​ក​) តើ​បង​ប្អូន​ខ្លះ​ដែល​ប្រព្រឹត្ដ​អំពើ​ខុស​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​មាន​បញ្ហា​ធំ​ជាង​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​សាថាន​ផ្សាយ​សេចក្ដី​ភូតភរ​អ្វី​ខ្លះ​ស្ដី​អំពី​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ? ហើយ​តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​មិន​ជឿ​សេចក្ដី​ភូតភរ​ទាំង​នោះ? (​គ​) តើ​យើង​ប្រព្រឹត្ដ​ទៀង​ត្រង់​ជា​មួយ​នឹង​អង្គការ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១១ ជា​ពិសេស គឺជា​ការ​សំខាន់​ដែល​យើង​និយាយ​និង​ប្រព្រឹត្ដ​ទៀង​ត្រង់​ជា​មួយ​នឹង​បង​ប្អូន​ដែល​ជា​អ្នក​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ។ បង​ប្អូន​ខ្លះ​ដែល​ប្រព្រឹត្ដ​អំពើ​ខុស​ធ្ងន់ ធ្វើ​ឲ្យ​បញ្ហា​នោះ​កាន់​តែ​ធំ​ឡើង​ដោយ​ព្យាយាម​លាក់​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ ហើយ​កុហក​អ្នក​ចាស់​ទុំ​ពេល​ដែល​ពួក​គាត់​សួរ។ បង​ប្អូន​ទាំង​នោះ​ប្រហែលជា​ចាប់​ផ្ដើម​មាន​មុខ​ពីរ គឺ​ធ្វើ​ពុត​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា តែ​តាម​ពិត​ពួក​គេ​កំពុង​ដើរ​តាម​គន្លង​នៃ​អ្នក​ប្រព្រឹត្ដ​អំពើ​ខុស​ធ្ងន់។ ដោយ​ធ្វើ​ដូច្នេះ ជីវិត​ទាំង​មូល​របស់​គាត់​ទៅ​ជា​ការ​ធ្វើ​ពុត​ទាំង​ស្រុង។ (​ទំនុកតម្កើង ១២:២​) ចំណែក​បង​ប្អូន​ឯ​ទៀត​វិញ ពួក​គេ​ប្រាប់​អ្នក​ចាស់​ទុំ​នូវ​ព័ត៌មាន​ខ្លះ​អំពី​កំហុស​របស់​ខ្លួន តែ​លាក់​ការណ៍​ពិត​សំខាន់​ៗ។ (​សកម្មភាព ៥:១​-​១១​) ពេល​ណា​បុគ្គល​និយាយ​និង​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់​ដូច្នេះ នោះ​ច្រើន​តែ​មក​ពី​គាត់​ជឿ​សេចក្ដី​ភូតភរ​របស់​សាថាន (​សូម​មើល​ប្រអប់ដែល​មាន​ចំណង​ជើង​ថា ​«​ សេចក្ដី​ភូតភរ​របស់​សាថាន​ស្ដី​អំពី​អំពើ​ខុស​ឆ្គង​ធ្ងន់ធ្ងរ​»​)។

១២ ជា​ការ​សំខាន់​ដែល​យើង​និយាយ​ឬ​ប្រព្រឹត្ដ​ទៀង​ត្រង់​ជា​មួយ​នឹង​អង្គការ​របស់​ព្រះ​យេហូវ៉ា​ពេល​ដែល​យើង​ឆ្លើយ​សំណួរ​ជា​លាយ​លក្ខណ៍​អក្សរ។ ជា​ឧទាហរណ៍ ពេល​ដែល​យើង​រាយ​ការណ៍​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​យើង យើង​ប្រុង​ប្រយ័ត្ន​ដោយ​សរសេរ​តែ​អ្វី​ដែល​ពិត។ ស្រដៀង​គ្នា​ដែរ ពេល​ដែល​យើង​ដាក់​ពាក្យ​សុំ​ដើម្បី​ទទួល​ឯកសិទ្ធិ​ណា​មួយ​ក្នុង​កិច្ច​បម្រើ​ព្រះ នោះ​យើង​ត្រូវ​សរសេរ​ការ​ពិត​អំពី​សុខភាព​របស់​យើង​និង​ព័ត៌មាន​ឯ​ទៀត​អំពី​យើង។—សូម​អាន សុភាសិត ៦:១៦​-​១៩

១៣​. តើ​យើង​អាច​ប្រព្រឹត្ដ​ទៀង​ត្រង់​យ៉ាង​ដូច​ម្ដេច​បើ​យើង​ធ្វើ​ការ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ?

១៣ យើង​ប្រព្រឹត្ដ​ទៀង​ត្រង់​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ក្នុង​រឿង​ពាណិជ្ជកម្ម​ដែរ។ ជួនកាល​បង​ប្អូន​គ្រិស្ដ​សាសនិក​ធ្វើ​ការ​ជា​មួយ​គ្នា។ ពួក​គេ​ត្រូវ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ការងារ​នោះ​មាន​ឥទ្ធិពល​ទៅ​លើ​ទំនាក់​ទំនង​របស់​ពួក​គេ​ពេល​ដែល​គោរព​ប្រណិប័តន៍​ជា​មួយ​គ្នា​នៅ​សាល​ប្រជុំ ឬ​ពេល​ផ្សព្វ​ផ្សាយ។ ប្រហែលជា​បង​ប្អូន​ម្នាក់​ជា​និយោជក​ហើយ​ម្នាក់​ទៀត​ជា​និយោជិត។ បើ​យើង​ជា​និយោជក​របស់​បង​ប្អូន​រួម​ជំនឿ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន ដើម្បី​ប្រាកដ​ថា​យើង​ប្រព្រឹត្ដ​ទៀង​ត្រង់​ជា​មួយ​នឹង​ពួក​គេ។ ជា​ឧទាហរណ៍ យើង​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ​នៅ​ពេល​ត្រឹម​ត្រូវ ឲ្យ​ប្រាក់​ខែ​តាម​ដែល​យើង​បាន​ព្រមព្រៀង​គ្នា ហើយ​ផ្ដល់​ជំនួយ​និង​ការ​ធានា​រ៉ាប់រង​តាម​កិច្ច​សន្យា​ឬ​តាម​អ្វី​ដែល​ច្បាប់​តម្រូវ​ឲ្យ។ (​ធីម៉ូថេទី១ ៥:១៨; យ៉ាកុប ៥:១​-​៤​) ម្យ៉ាង​ទៀត បើ​យើង​ធ្វើ​ការ​ឲ្យ​បង​ប្អូន​រួម​ជំនឿ យើង​ធ្វើ​ការ​ពេញ​ម៉ោង​ឲ្យ​បាន​ប្រាក់​ឈ្នួល​របស់​យើង។ (​ថែស្សាឡូនិច​ទី​២ ៣:១០​) យើង​មិន​សង្ឃឹម​ថា​និយោជក​ដែល​ជា​បង​ប្អូន​រួម​ជំនឿ​នឹង​ផ្ដល់​អ្វី​ឲ្យ​យើង​លើស​ពី​និយោជិត​ឯ​ទៀត​នោះ​ទេ ដូច​ជា​ថ្ងៃ​ឈប់​សម្រាក​បន្ថែម ជំនួយ​និង​ការ​ធានា​រ៉ាប់រង​ជា​ដើម។—អេភេសូរ ៦:៥​-​៨

១៤​. នៅ​ពេល​ដែល​គ្រិស្ដ​សាសនិក​ធ្វើ​ជំនួញ​ជា​មួយ​គ្នា តើ​ពួក​គេ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី? ហើយ​ហេតុ​អ្វី?

១៤ ចុះ​បើ​យើង​ចូល​ហ៊ុន​ជា​មួយ​បង​ប្អូន​គ្រិស្ដ​សាសនិក​ដើម្បី​ធ្វើ​ជំនួញ ធ្វើ​វិនិយោគ ឬ​ខ្ចី​ប្រាក់? គម្ពីរ​មាន​គោលការណ៍​ដ៏​សំខាន់​និង​មាន​ប្រយោជន៍ ពោល​គឺ ចូរ​ធ្វើ​កិច្ច​សន្យា​ជា​លាយ​លក្ខណ៍​អក្សរ! ជា​ឧទាហរណ៍ ពេល​យេរេមា​ទិញ​ដី គាត់​ធ្វើ​ឯកសារ​មួយ ឲ្យ​គេ​ចម្លង​ឯកសារ​នោះ​ជា​ពីរ​ច្បាប់ ក៏​មាន​សាក្សី​ដែរ ហើយ​បាន​រក្សា​ទុក​ឯកសារ​ដើម្បី​យក​មក​ធ្វើ​ជា​ឯកសារ​យោង​នៅ​ថ្ងៃ​ក្រោយ។ (​យេរេមា ៣២:៩​-​១២; សូម​មើល លោកុប្បត្ដិ ២៣:១៦​-​២០​) ពេល​ដែល​យើង​ធ្វើ​ជំនួញ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ យើង​ធ្វើ​កិច្ច​សន្យា​មួយ​ដែល​បញ្ជាក់​ច្បាស់​លាស់​អំពី​ល័ក្ខខ័ណ្ឌ មាន​ហត្ថលេខា​របស់​ភាគី​ទាំង​សង​ខាង ព្រម​ទាំង​មាន​សាក្សី​ចូល​រួម​ដឹង​ឮ ហើយ​ចុះ​ហត្ថលេខា​ផង​ដែរ។ នោះ​មិន​មាន​ន័យ​ថា​យើង​មិន​ទុក​ចិត្ដ​បង​ប្អូន​យើង​ទេ។ ផ្ទុយ​ទៅ​វិញ នោះ​ជួយ​ការពារ​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​គ្នា​និង​ការ​ខក​ចិត្ដ ហើយ​ក៏​ជួយ​បង្ការ​កុំ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​ដែល​នាំ​ឲ្យ​បែកបាក់​គ្នា​ដែរ។ គ្រិស្ដ​សាសនិក​ណា​ដែល​ធ្វើ​ជំនួញ​ជា​មួយ​គ្នា​ត្រូវ​ចាំ​មិន​ភ្លេច​ថា គ្មាន​ជំនួញ​ណា​ដែល​សម​នឹង​ប្រថុយ​បាត់បង់​នូវ​សាមគ្គី​ភាព​និង​សន្ដិភាព​របស់​ក្រុម​ជំនុំ​ឡើយ។ *កូរិនថូសទី១ ៦:១​-​៨

និយាយ​និង​ប្រព្រឹត្ដ​ទៀង​ត្រង់​ក្នុង​ពិភព​លោក

១៥​. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់​ក្នុង​ការងារ? ហើយ​តើ​គ្រិស្ដ​សាសនិក​ពិត​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​ប្រព្រឹត្ដ​បែប​នេះ​ដែល​មនុស្ស​និយម​ជា​ទូទៅ?

១៥ គ្រិស្ដ​សាសនិក​មិន​គ្រាន់តែ​ប្រព្រឹត្ដ​ទៀង​ត្រង់​ក្នុង​ក្រុម​ជំនុំ​ប៉ុណ្ណោះ​ទេ។ ប៉ូល​បាន​និយាយ​ថា​៖ ​«​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។ (​ហេប្រឺ ១៣:​១៨​) ព្រះ​ដែល​បាន​បង្កើត​យើង​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ទៅ​លើ​ភាព​ទៀង​ត្រង់​របស់​យើង​ក្នុង​ការងារ។ គ្រាន់តែ​ក្នុង​សៀវភៅ​សុភាសិត​ប៉ុណ្ណោះ មាន​ខ​គម្ពីរ​មួយចំនួន​ដែល​និយាយ​អំពី​ជញ្ជីង​ដែល​មិន​ត្រឹម​ត្រូវ។ (​សុភាសិត ១១:១; ២០:១០, ២៣​) នៅ​សម័យ​បុរាណ មនុស្ស​ធ្លាប់​ប្រើ​ជញ្ជីង​ជា​ធម្មតា​ក្នុង​ការ​ជួញ​ដូរ ដើម្បី​ថ្លឹង​ទំនិញ​ឬ​ថ្លឹង​ប្រាក់​ដែល​អតិថិជន​ឲ្យ​ដើម្បី​ទិញ​ទំនិញ​នោះ។ អ្នក​លក់​ដែល​មិន​ទៀង​ត្រង់​ធ្លាប់​ប្រើ​កូន​ជញ្ជីង​ពីរ​យ៉ាង ហើយ​កែ​ឆ្នៃ​ដង​ជញ្ជីង​របស់​ពួក​គេ​ដើម្បី​បោកប្រាស់​អតិថិជន។ * ព្រះ​យេហូវ៉ា​ស្អប់​អំពើ​បែប​នេះ! ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ យើង​ត្រូវ​ជៀស​ចេញ​ជា​ដាច់​ខាត​ពី​ការ​ប្រព្រឹត្ដ​សព្វ​បែប​យ៉ាង​ដែល​មិន​ទៀង​ត្រង់​ក្នុង​ការងារ។

១៦, ១៧​. សព្វ​ថ្ងៃ​នេះ តើ​មនុស្ស​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់​ក្នុង​រឿង​អ្វី​ខ្លះ? ហើយ​តើ​គ្រិស្ដ​សាសនិក​ពិត​ប្ដេជ្ញា​ចិត្ដ​ធ្វើ​អ្វី?

១៦ សាថាន​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ ដូច្នេះ​យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ពេល​ឃើញ​ថា សង្គម​មនុស្ស​នៅ​ជុំ​វិញ​យើង​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់។ ប្រហែលជា​យើង​ទទួល​សេចក្ដី​ល្បួង​ជា​រៀង​រាល់​ថ្ងៃ​ឲ្យ​យើង​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់។ ពេល​ដែល​មនុស្ស​សរសេរ​ប្រវត្ដិរូប​ដើម្បី​ដាក់​ពាក្យ​សុំ​ចូល​ធ្វើ​ការ​នៅ​កន្លែង​មួយ ជា​ការ​ធម្មតា​ទេ​ដែល​ពួក​គេ​បំភ្លៃ​ការ​ពិត​ឬ​កុហក​អំពី​បទ​ពិសោធន៍​ឬ​កម្រិត​វប្បធម៌​របស់​ពួក​គេ។ ពេល​ដែល​មនុស្ស​បំពេញ​ឯកសារ​សម្រាប់​អន្ដោប្រវេសន៍ ពន្ធ​គយ​និង​ពន្ធដារ ឬ​ការ​ធានា​រ៉ាប់រង​ជា​ដើម ពួក​គេ​ដាក់​ព័ត៌មាន​មិន​ពិត​ដើម្បី​ទទួល​បាន​អ្វី​ដែល​ពួក​គេ​ចង់​បាន។ និស្សិត​ជា​ច្រើន​លួច​ចម្លង​ចម្លើយ ឬ​ពេល​ពួក​គេ​ត្រូវ​ធ្វើ​តែង​សេចក្ដី ពួក​គេ​ប្រហែលជា​ទៅ​បើក​មើល​អ៊ីនធឺណិត​ហើយ​ចម្លង​អត្ថបទ​អ្នក​ផ្សេង​ទៀត យក​មក​បន្លំ​ធ្វើ​ជា​ឯកសារ​របស់​ខ្លួន​គេ​វិញ។ ម្យ៉ាង​ទៀត ពេល​មនុស្ស​ត្រូវ​ទាក់​ទង​មន្ដ្រី​រាជការ​ដែល​ពុក​រលួយ ពួក​គេ​ច្រើន​តែ​សូក​ប៉ាន់​ដើម្បី​បាន​អ្វី​ដែល​ពួក​គេ​ចង់​បាន។ យើង​ដឹង​ថា​មនុស្ស​នឹង​ប្រព្រឹត្ដ​ដូច្នេះ ពីព្រោះ​យើង​រស់​ក្នុង​ពិភព​លោក​ដែល​ពោរ​ពេញ​ទៅ​ដោយ​‹មនុស្ស​ដែល​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ . . . និង​មិន​ស្រឡាញ់​គុណធម៌›។—ធីម៉ូថេទី២ ៣:១​-​៥

១៧ គ្រិស្ដ​សាសនិក​ពិត​ប្ដេជ្ញា​ចិត្ដ​មិន​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ដ​បែប​នេះ​សោះ​ឡើយ។ ជួនកាល​ការ​ប្រព្រឹត្ដ​ទៀង​ត្រង់​គឺ​ពិបាក ដោយ​សារ​អ្នក​ដែល​ប្រព្រឹត្ដ​មិន​ទៀង​ត្រង់ មើល​ទៅ​ដូច​ជា​តែង​តែ​រួច​ខ្លួន​រហូត ហើយ​កំពុង​ចម្រុងចម្រើន​ក្នុង​ពិភព​លោក​នេះ​ទៀត។ (​ទំនុកតម្កើង ៧៣:១​-​៨​) នៅ​ដំណាល​គ្នា​នោះ គ្រិស្ដ​សាសនិក​ប្រហែល​ជា​បាត់បង់​ប្រយោជន៍​ខាង​លុយ​កាក់ ដោយ​សារ​ពួក​គេ​ចង់​«​ធ្វើ​ការ​ទាំង​អស់​»​ដោយ​ទៀង​ត្រង់។ តើ​ការ​ដែល​គ្រិស្ដ​សាសនិក​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​ប្រព្រឹត្ដ​ទៀង​ត្រង់​ពិត​ជា​មាន​ប្រយោជន៍​ឬ? ពិត​ជា​មាន​មែន! ប៉ុន្ដែ​ហេតុ​អ្វី​មាន​ប្រយោជន៍? តើ​ពួក​គេ​ទទួល​ពរ​អ្វី​ខ្លះ​ដោយ​សារ​ពួក​គេ​ប្រព្រឹត្ដ​ទៀង​ត្រង់?

ពរ​ដែល​មក​ពី​ការ​ប្រព្រឹត្ដ​ទៀង​ត្រង់

១៨​. ហេតុ​អ្វី​ការ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​មនុស្ស​ទៀង​ត្រង់​មាន​តម្លៃ​វិសេស?

១៨ បើ​អ្នក​មាន​កេរ្ដិ៍​ឈ្មោះ​ជា​មនុស្ស​ទៀង​ត្រង់​ដែល​គួរ​ឲ្យ​ទុក​ចិត្ដ នោះ​ជា​អ្វី​មួយ​ដែល​មាន​តម្លៃ​វិសេស​បំផុត។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​ខ្ញុំ​ទៀង​ត្រង់​ដល់​កម្រិត​ណា?​»​) ហើយ​អ្វី​ដ៏​អស្ចារ្យ​គឺ អ្នក​ណា​ក៏​ដោយ​ក៏​អាច​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​បែប​នោះ​បាន​ដែរ! កេរ្ដិ៍​ឈ្មោះ​ល្អ​បែប​នោះ​មិន​អាស្រ័យ​លើ​សមត្ថភាព ទ្រព្យ​សម្បត្ដិ រូប​សម្ផស្ស ប្រវត្ដិ ឬ​លក្ខណៈ​ណា​មួយ​ផ្សេង​ទៀត​ដែល​អ្នក​មាន​ពី​កំណើត​ហើយ​ដែល​អ្នក​ផ្លាស់​ប្ដូរ​មិន​បាន​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មនុស្ស​កម្រ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​បែប​នោះ​ណាស់។ (​មីកា ៧:២​) មនុស្ស​ខ្លះ​ប្រហែលជា​ចំអក​ឲ្យ​អ្នក​ដោយ​សារ​អ្នក​ប្រព្រឹត្ដ​ទៀង​ត្រង់។ ប៉ុន្ដែ​អ្នក​ឯ​ទៀត​នឹង​យល់​តម្លៃ​នៃ​ភាព​ទៀង​ត្រង់​របស់​អ្នក ហើយ​ពួក​គេ​នឹង​ទុក​ចិត្ដ​ព្រម​ទាំង​គោរព​អ្នក។ សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​ធ្លាប់​ឃើញ​ថា​ការ​ប្រព្រឹត្ដ​ទៀង​ត្រង់​បាន​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​ពួក​គេ​ខាង​សេដ្ឋកិច្ច​ដែរ។ ពួក​គេ​នៅ​តែ​មាន​ការងារ​ធ្វើ ពេល​ដែល​បុគ្គលិក​មិន​ទៀង​ត្រង់​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ។ សាក្សី​ឯ​ទៀត​បាន​ការងារ​នៅ​កន្លែង​ដែល​ត្រូវ​ការ​បុគ្គលិក​ទៀង​ត្រង់។

១៩​. តើ​ការ​ប្រព្រឹត្ដ​ទៀង​ត្រង់​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​សមត្ថភាព​វិនិច្ឆ័យ និង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

១៩ ទោះ​ជា​អ្នក​មាន​បទ​ពិសោធន៍​បែប​នោះ​ឬ​មិន​មាន​ក៏​ដោយ អ្នក​នឹង​ឃើញ​ថា ការ​ប្រព្រឹត្ដ​ទៀង​ត្រង់​នឹង​នាំ​ឲ្យ​មាន​ពរ​ដ៏​វិសេស​ជាង​នោះ​ទៅ​ទៀត។ អ្នក​នឹង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ ប៉ូល​ធ្លាប់​សរសេរ​ថា​៖ ​«​យើង​ជឿ​ជាក់​ថា​ចិត្ដ​របស់​យើង​នឹង​វិនិច្ឆ័យ​យើង​ថា​គ្មាន​ទោស​»។ (​ហេប្រឺ ១៣:១៨​) ម្យ៉ាង​ទៀត បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​អ្នក​តែង​តែ​កត់​សម្គាល់​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក ហើយ​លោក​ស្រឡាញ់​មនុស្ស​ដែល​ប្រព្រឹត្ដ​ទៀង​ត្រង់។ (​សូម​អាន ទំនុកតម្កើង ១៥:១, ២; សុភាសិត ២២:១) ដូច្នេះ​ការ​ប្រព្រឹត្ដ​ទៀង​ត្រង់​ជួយ​អ្នក​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ ហើយ​នោះ​ជា​រង្វាន់​ល្អ​បំផុត​សម្រាប់​យើង។ ក្នុង​ជំពូក​បន្ទាប់​យើង​នឹង​ពិចារណា​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការងារ

^ វគ្គ 9 ក្នុង​ក្រុម​ជំនុំ បើ​បង​ប្អូន​ណា​ម្នាក់​មាន​ទម្លាប់​កុហក​ដោយ​ព្រហើន​ក្នុង​បំណង​ធ្វើ​បាប​អ្នក​ឯ​ទៀត នោះ​អ្នក​ចាស់​ទុំ​ប្រហែលជា​ត្រូវ​បង្កើត​គណៈកម្មាធិការ​វិនិច្ឆ័យ។

^ វគ្គ 14 សូម​មើល​សេចក្ដី​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​របៀប​ដោះ​ស្រាយ​ទំនាស់​ក្នុង​រឿង​ពាណិជ្ជកម្ម​» ដើម្បី​ដឹង​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បើ​មាន​បញ្ហា​ពេល​ធ្វើ​ជំនួញ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។

^ វគ្គ 15 ពួក​គេ​ធ្លាប់​ប្រើ​កូន​ជញ្ជីង​ម្យ៉ាង​ពេល​ទិញ​ចូល ហើយ​កូន​ជញ្ជីង​ម្យ៉ាង​ទៀត​ពេល​លក់​ចេញ ដូច្នេះ​ក្នុង​ករណី​ទាំង​ពីរ​ពួក​គេ​បាន​ផល​ចំណេញ។ ពួក​គេ​ក៏​ប្រហែលជា​ប្រើ​ជញ្ជីង​ដែល​មាន​ដង​ម្ខាង​វែង​ជាង​ឬ​ធ្ងន់​ជាង​ដង​ម្ខាង​ទៀត ដើម្បី​ពួក​គេ​អាច​បោកប្រាស់​អតិថិជន ទោះ​ជា​ពួក​គេ​ទិញ​ចូល​ឬ​លក់​ចេញ​ក៏​ដោយ។