លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុ​អ្វី​ចាំ​បាច់​ពិនិត្យ​មើល​គម្ពីរ?

ហេតុ​អ្វី​ចាំ​បាច់​ពិនិត្យ​មើល​គម្ពីរ?

តើ​អ្នក​ស្គាល់​គម្ពីរ​បរិសុទ្ធ​ឬ​ទេ? គ្មាន​សៀវភៅ​ណា​ក្នុង​ប្រវត្ដិសាស្ដ្រ​ដែល​ត្រូវ​បាន​ចែក​ចាយ​ច្រើន​ជាង​គម្ពីរ​បរិសុទ្ធ​ឡើយ។ មនុស្ស​គ្រប់​ជាតិ​សាសន៍​បាន​ឃើញ​ថា ព័ត៌មាន​ក្នុង​គម្ពីរ​បរិសុទ្ធ​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម ហើយ​ដំបូន្មាន​ក្នុង​គម្ពីរ​មាន​ប្រយោជន៍​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ប៉ុន្ដែ​សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​តិច​ណាស់​ដែល​ស្គាល់​គម្ពីរ​បរិសុទ្ធ។ ទោះ​បី​អ្នក​ជា​អ្នក​កាន់​សាសនា​ឬ​មិន​កាន់​សាសនា​ក៏​ដោយ ប្រហែល​ជា​អ្នក​ចង់​ដឹង​អំពី​គម្ពីរ​បរិសុទ្ធ។ សៀវភៅ​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ត្រួស​ៗ​អំពី​ព័ត៌មាន​ក្នុង​គម្ពីរ​បរិសុទ្ធ។

មុន​នឹង​ចាប់​ផ្ដើម​អាន​គម្ពីរ​បរិសុទ្ធ ជា​ការ​ល្អ​បើ​អ្នក​ដឹង​នូវ​ចំណុច​ខ្លះ​ៗ​អំពី​គម្ពីរ ដែល​ក៏​មាន​ឈ្មោះ​ថា​បទ​គម្ពីរ​បរិសុទ្ធ​ដែរ។ តាម​ពិត គម្ពីរ​ជា​សៀវភៅ​តូច​ៗ​៦៦​ក្បាល​ដែល​បាន​ត្រូវ​ចង​ក្រង​ឡើង​ជា​សៀវភៅ​មួយ​ក្បាល ចាប់​ផ្ដើម​ពី​លោកុប្បត្ដិ ហើយ​ចប់​នៅ​ការ​បើក​បង្ហាញ​ឬ​វិវរណៈ។

តើ​ព័ត៌មាន​ក្នុង​គម្ពីរ​បាន​មក​ពី​អ្នក​ណា? នោះ​ជា​សំណួរ​គួរ​ឲ្យ​ចង់​ដឹង។ ការណ៍​ពិត​គឺ​ថា គម្ពីរ​បាន​ត្រូវ​សរសេរ​ដោយ​មនុស្ស​ប្រហែល​៤០​នាក់​អស់​រយៈ​ពេល​ជាង​១.៦០០​ឆ្នាំ។ ប៉ុន្ដែ​ពួក​បុរស​ទាំង​នោះ​មិន​បាន​អះអាង​ថា ព័ត៌មាន​ក្នុង​គម្ពីរ​បាន​មក​ពី​ពួក​គេ​ទេ។ ពួក​គេ​ម្នាក់​បាន​សរសេរ​ថា៖ «គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ»។ (ធីម៉ូថេ​ទី២ ៣:​១៦) ពួក​គេ​ម្នាក់​ទៀត​បាន​ពោល​ថា៖ «ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ដោយ​សារ​ខ្ញុំ ព្រះ​បន្ទូល​នៃ​ទ្រង់​នៅ​លើ​អណ្ដាត​ខ្ញុំ»។ (សាំយូអែល​ទី២ ២៣:​២) ហេតុ​នេះ អ្នក​សរសេរ​ទាំង​នោះ​បាន​អះអាង​ថា​ព័ត៌មាន​ក្នុង​គម្ពីរ​បាន​មក​ពី​ព្រះ​យេហូវ៉ា ដែល​ជា​អ្នក​គ្រប់​គ្រង​ដ៏​ឧត្ដម​បំផុត​នៃ​សកលលោក។ អ្នក​សរសេរ​ទាំង​នោះ​បើក​បង្ហាញ​ថា ព្រះ​ចង់​ឲ្យ​មនុស្ស​ស្គាល់​លោក​បាន​ច្បាស់។

គឺ​មាន​ចំណុច​មួយ​ទៀត​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​យល់​គម្ពីរ។ បទ​គម្ពីរ​មាន​ប្រធាន​តែ​មួយ ពោល​គឺ​ការ​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​លើ​មនុស្ស​ជាតិ តាម​រយៈ​រាជាណាចក្រ​របស់​លោក​នៅ​ស្ថាន​សួគ៌។ នៅ​តាម​ទំព័រ​ជា​បន្ដ​បន្ទាប់ អ្នក​នឹង​ឃើញ​ថា ប្រធាន​នេះ​គឺ​មាន​នៅ​គ្រប់​ផ្នែក​នៃ​គម្ពីរ​ចាប់​ពី​សៀវភៅ​លោកុប្បត្ដិ រហូត​ដល់​សៀវភៅ​ការ​បើក​បង្ហាញ។

ឥឡូវ​ដោយ​គិត​ពី​អ្វី​ដែល​ទើប​បាន​រៀប​រាប់​ខាង​លើ​នេះ សូម​ពិចារណា​ព័ត៌មាន​ដែល​មាន​ក្នុង​គម្ពីរ ជា​សៀវភៅ​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក។

^ វគ្គ 9 គឺ​មាន​វិធី​ផ្សេង​ៗ​ដែល​អាច​បញ្ជាក់​ថ្ងៃ​ខែ​ឬ​កាល​បរិច្ឆេទ។ នៅ​ក្នុង​សៀវភៅ​នេះ គ.ស. មាន​ន័យ​ថា«គ្រិស្ដ​សករាជ» និង មុន​គ.ស. មាន​ន័យ​ថា«មុន​គ្រិស្ដ​សករាជ»។ អ្នក​នឹង​ឃើញ​អក្សរ​កាត់​នេះ​នៅ​តារាង​បញ្ជាក់​លំដាប់​ពេល ដែល​មាន​នៅ​តាម​រឹម​ទំព័រ​ខាង​ក្រោម​បំផុត​នៃ​ទំព័រ​នីមួយ​ៗ។