ភាគ១
ព្រះបង្កើតសួនឧទ្យានសម្រាប់មនុស្សជាតិ
ព្រះបង្កើតសកលលោកនិងអ្វីៗទាំងអស់ដែលមានជីវិតនៅផែនដី។ លោកបង្កើតបុរសស្ដ្រីមួយគូដែលល្អឥតខ្ចោះ។ លោកដាក់ពួកគាត់ឲ្យរស់នៅក្នុងសួនឧទ្យានដ៏សែនស្អាត ហើយឲ្យពួកគាត់នូវបញ្ញត្ដិផ្សេងៗដែលពួកគាត់ត្រូវធ្វើតាម
ពាក្យដូចតទៅនេះ បានត្រូវហៅថាជាពាក្យផ្ដើមដ៏ល្បីល្បាញបំផុត។ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី»។ (លោកុប្បត្ដិ ១:១) តាមឃ្លាដ៏ឧត្ដុង្គឧត្ដមដែលស្រួលយល់នេះ គម្ពីរបង្ហាញយើងឲ្យស្គាល់បុគ្គលដែលសំខាន់ជាងគេបំផុតក្នុងគម្ពីរបរិសុទ្ធ ពោលគឺព្រះយេហូវ៉ា ជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។ ខដំបូងក្នុងគម្ពីរបើកបង្ហាញថាព្រះគឺជាអ្នកបង្កើតសកលលោកដ៏ធំធេងដែលរួមបញ្ចូលផែនដីដែលយើងរស់នៅនេះ។ ខជាបន្ដបន្ទាប់ពន្យល់ថា ក្នុងរយៈពេលយ៉ាងយូរជាលំដាប់លំដោយ ដែលហៅថាថ្ងៃក្នុងន័យធៀប ព្រះបានរៀបចំផែនដីសម្រាប់ឲ្យយើងរស់នៅ ហើយបានបង្កើតអ្វីៗអស្ចារ្យទាំងឡាយដែលមាននៅលើផែនដីនេះ។
អ្វីប្រសើរបំផុតដែលព្រះបង្កើតនៅលើផែនដីនេះ គឺមនុស្សយើង។ មនុស្សបានត្រូវបង្កើតមកឲ្យមានភាពឬលក្ខណៈដូចព្រះ ពោលគឺមានសមត្ថភាពបង្ហាញគុណសម្បត្ដិដូចព្រះយេហូវ៉ា ដូចជាសេចក្ដីស្រឡាញ់និងប្រាជ្ញា។ ព្រះបានបង្កើតមនុស្សចេញពីធូលីដី ហើយដាក់ឈ្មោះគាត់ថា អាដាម។ រួចមកព្រះដាក់គាត់ឲ្យរស់នៅក្នុងសួនឧទ្យានមួយ ពោលគឺសួនច្បារអេដែន។ គឺព្រះតែម្ដងដែលបានដាំសួនច្បារនោះដែលពាសពេញទៅដោយដើមឈើមានផ្លែដ៏ស្រស់បំព្រងនានា។
ព្រះបានដឹងថាគឺមានប្រយោជន៍បើបុរសនោះមានគូ។ ដូច្នេះ ព្រះបានបង្កើតស្ដ្រីម្នាក់ពីឆ្អឹងជំនីររបស់អាដាម ហើយនាំនាងទៅបុរសនោះដើម្បីឲ្យធ្វើជាប្រពន្ធរបស់គាត់។ ក្រោយមក គាត់ដាក់ឈ្មោះថា អេវ៉ា។ អាដាមសប្បាយចិត្ដក្រៃលែង ក៏ពោលជាកំណាព្យថា៖ «នេះហើយជាឆ្អឹងពីឆ្អឹងអញ ជាសាច់ពីសាច់អញ»។ ព្រះបានពន្យល់ថា៖ «ដោយហេតុនោះ បានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ»។—លោកុប្បត្ដិ ២:២២-២៤; ៣:២០
ព្រះបានឲ្យអាដាមនិងអេវ៉ានូវបញ្ញត្ដិពីរ។ ទី១ លោកបានបង្គាប់ឲ្យធ្វើការដាំដុះនិងថែរក្សាផែនដីជាលំនៅរបស់ពួកគាត់ និងឲ្យផែនដីពោរពេញទៅដោយកូនចៅរបស់ពួកគាត់។ ទី២ មានផ្លែរបស់ដើមឈើតែមួយគត់ដែលព្រះហាមមិនឲ្យពួកគាត់បរិភោគក្នុងសួនដ៏ធំនោះ ពោលគឺ«ដើមដឹងខុសត្រូវ»។ (លោកុប្បត្ដិ ២:១៧) ប្រសិនបើពួកគាត់មិនធ្វើតាមទេ នោះពួកគាត់នឹងត្រូវស្លាប់។ តាមរយៈបញ្ញត្ដិទាំងនោះ ព្រះបានឲ្យបុរសនិងស្ដ្រីនេះនូវឱកាសបង្ហាញថា ពួកគេទទួលយកលោកជាអ្នកគ្រប់គ្រងរបស់ខ្លួន។ ការស្តាប់បង្គាប់របស់ពួកគាត់ក៏នឹងបង្ហាញថាពួកគាត់ស្រឡាញ់និងដឹងគុណព្រះដែរ។ ពួកគាត់មានមូលហេតុជាច្រើនឲ្យទទួលយកការគ្រប់គ្រងដ៏ល្អរបស់ព្រះ។ បុរសនិងស្ដ្រីនោះឥតមានខ្ចោះទេ។ គម្ពីរចែងថា៖ «ព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ»។—លោកុប្បត្ដិ ១:៣១
—មានមូលដ្ឋានលើសៀវភៅលោកុប្បត្ដិ ជំពូកទី១និងទី២។