លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​១៦

មេស្ស៊ី​មក​ដល់

មេស្ស៊ី​មក​ដល់

ព្រះ​យេហូវ៉ា​បង្ហាញ​ឲ្យ​ស្គាល់​ថា​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​ជា​យូរ​មក​ហើយ

តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​មនុស្ស​ឲ្យ​ស្គាល់​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​ឬ​ទេ? មែន​ហើយ។ ចូរ​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ។ នេះ​បាន​កើត​ឡើង​បួន​រយ​ឆ្នាំ​ក្រោយ​ពី​បទ​គម្ពីរ​ភាសា​ហេប្រឺ​បាន​ត្រូវ​សរសេរ​ចប់។ នៅ​ក្រុង​មួយ​ឈ្មោះ​ណាសារ៉ែត ដែល​ស្ថិត​ក្នុង​តំបន់​ខាង​ជើង​នៃ​ស្រុក​កាលីឡេ ស្ដ្រី​ម្នាក់​ឈ្មោះ​ម៉ារៀ​បាន​ទទួល​ភ្ញៀវ​ដ៏​ចម្លែក​បំផុត​មួយ។ ទេវតា​មួយ​ឈ្មោះ​កាព្រីយ៉ែល​បាន​លេច​មក​ឲ្យ​នាង​ឃើញ ហើយ​បាន​ប្រាប់​នាង​ថា​ព្រះ​នឹង​ប្រើ​សកម្ម​ពល​បរិសុទ្ធ ដើម្បី​បណ្ដាល​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​កូន​ប្រុស​មួយ ថ្វី​បើ​នាង​ជា​ស្ដ្រី​ក្រមុំ​បរិសុទ្ធ​ក៏​ដោយ។ បុត្រ​នេះ​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​ដែល​ព្រះ​បាន​សន្យា​ជា​យូរ​មក​ហើយ ជា​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត! បុត្រ​នេះ​គឺ​ជា​បុត្រ​ផ្ទាល់​របស់​ព្រះ ដែល​ព្រះ​បាន​ផ្ទេរ​ជីវិត​ពី​ស្ថាន​សួគ៌​ទៅ​ក្នុង​ស្បូន​របស់​ម៉ារៀ។

ដោយ​ចិត្ដ​រាប​ទាប ម៉ារៀ​បាន​ទទួល​យក​ភារកិច្ច​ដ៏​អស្ចារ្យ​នេះ។ គូ​ដណ្ដឹង​របស់​នាង​ឈ្មោះ​យ៉ូសែប​ជា​ជាង​ឈើ​ក៏​បាន​រៀប​ការ​ជា​មួយ​នឹង​នាង ក្រោយ​ពី​ព្រះ​ចាត់​ទេវតា​មួយ​មក​ពង្រឹង​ទំនុក​ចិត្ដ​ថា ម៉ារៀ​មាន​ផ្ទៃ​ពោះ​ដោយ​សារ​ព្រះ​ផ្ទេរ​ជីវិត​របស់​បុត្រ​លោក​មក​ក្នុង​ស្បូន​នាង។ ប៉ុន្ដែ ចុះ​ទំនាយ​ដែល​ថា មេស្ស៊ី​នឹង​ត្រូវ​កើត​នៅ​ក្រុង​បេថ្លេហិម​យ៉ាង​ណា​ដែរ? (មីកា ៥:១) ក្រុង​តូច​នោះ​គឺ​មាន​ចម្ងាយ​ប្រហែល​១៤០​គីឡូម៉ែត្រ​ពី​ក្រុង​ណាសារ៉ែត!

អ្នក​គ្រប់​គ្រង​ជាតិ​រ៉ូម​ម្នាក់​ចេញ​ក្រឹត្យ​ឲ្យ​ជំរឿន​មនុស្ស។ បណ្ដា​ជន​ត្រូវ​ទៅ​ចុះ​បញ្ជី​នៅ​តាម​ក្រុង​កំណើត​រៀង​ៗ​ខ្លួន។ តាម​មើល​ទៅ យ៉ូសែប​និង​ម៉ារៀ​បាន​កើត​នៅ​ក្រុង​បេថ្លេហិម ដូច្នេះ ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្រុង​នោះ។ (លូកា ២:៣) ម៉ារៀ​បាន​សម្រាល​កូន​ប្រុស​មួយ​នៅ​ក្នុង​ក្រោល​សត្វ រួច​ផ្ដេក​ក្នុង​ស្នូក។ រួច​មក ព្រះ​ចាត់​ទេវតា​ជា​ច្រើន​ឲ្យ​ប្រាប់​គង្វាល​ចៀម​មួយ​ក្រុម​នៅ​ជម្រាល​ភ្នំ​ថា បុត្រ​ដែល​ទើប​នឹង​កើត​គឺ​ជា​មេស្ស៊ី ឬ​គ្រិស្ដ​ដែល​បាន​ត្រូវ​សន្យា។

ក្រោយ​មក មនុស្ស​ឯ​ទៀត​ក៏​បាន​បញ្ជាក់​ថា លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​នោះ។ អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​អេសាយ​បាន​ប្រាប់​ថា នឹង​មាន​បុរស​ម្នាក់​មក​រៀប​ចំ​ផ្លូវ​សម្រាប់​កិច្ច​ការ​ដ៏​សំខាន់​របស់​មេស្ស៊ី។ (អេសាយ ៤០:៣) អ្នក​រៀប​ចំ​ផ្លូវ​នោះ​គឺ​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ នៅ​ពេល​ដែល​គាត់​ឃើញ​លោក​យេស៊ូ គាត់​បាន​លាន់​មាត់​ថា៖ «មើល​ហ្ន៎! កូន​ចៀម​របស់​ព្រះ ដែល​ដក​យក​ភាព​ខុស​ឆ្គង​របស់​ពិភព​លោក​ចេញ!»។ អ្នក​កាន់​តាម​យ៉ូហាន​ខ្លះ​ក៏​ដើរ​តាម​លោក​យេស៊ូ​ភ្លាម។ ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ពោល​ថា៖ «យើង​រក​ឃើញ​មេស្ស៊ី​ហើយ»។—យ៉ូហាន ១:២៩, ៣៦, ៤១

មាន​ការ​បញ្ជាក់​ថែម​ទៀត​ដែរ។ នៅ​ពេល​ដែល​យ៉ូហាន​ជ្រមុជ​ទឹក​ឲ្យ​លោក​យេស៊ូ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ពី​លើ​មេឃ។ តាម​រយៈ​សកម្ម​ពល​បរិសុទ្ធ ព្រះ​យេហូវ៉ា​បាន​រើស​តាំង​លោក​យេស៊ូ​ជា​មេស្ស៊ី ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ដ​ខ្ញុំ​ណាស់»។ (ម៉ាថាយ ៣:១៦, ១៧) មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា​ជា​យូរ​មក​ហើយ​បាន​មក​ដល់!

តើ​នេះ​បាន​កើត​ឡើង​នៅ​ពេល​ណា? គឺ​នៅ​ឆ្នាំ​២៩ គ.ស. ចំ​ពេល​៤៨៣​ឆ្នាំ​ដែល​ដានីយ៉ែល​បាន​ទាយ​ទុក បាន​ចប់។ នេះ​ជា​ផ្នែក​នៃ​ទី​សំ​អាង​ដែល​មិន​អាច​ប្រកែក​បាន​ថា​លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី ឬ​គ្រិស្ដ។ ប៉ុន្ដែ តើ​លោក​នឹង​ប្រកាស​អំពី​អ្វី​ពេល​លោក​នៅ​លើ​ផែន​ដី?

—មាន​មូលដ្ឋាន​លើ​សៀវភៅ​ម៉ាថាយ ជំពូក​ទី​១​ដល់​ជំពូក​ទី​៣ ម៉ាកុស ជំពូក​ទី​១ លូកា ជំពូក​ទី​២ យ៉ូហាន ជំពូក​ទី​១