លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​១៨

លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ

លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ

តាម​រយៈ​អព្ភូតហេតុ លោក​យេស៊ូ​បង្ហាញ​នូវ​របៀប​ដែល​លោក​នឹង​ប្រើ​អំណាច ពេល​គ្រប់​គ្រង​ជា​ស្ដេច

ព្រះ​បាន​ឲ្យ​ឫទ្ធានុភាព​ដល់​លោក​យេស៊ូ​ឲ្យ​ធ្វើ​អ្វី​ៗ ដែល​មនុស្ស​ឯ​ទៀត​ពុំ​អាច​ធ្វើ​បាន។ លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន ហើយ​ជា​រឿយ​ៗ​នៅ​ពី​មុខ​ប្រជុំជន។ អព្ភូតហេតុ​ទាំង​នោះ​បាន​បង្ហាញ​ថា លោក​យេស៊ូ​មាន​អំណាច​លើ​ពួក​សត្រូវ​និង​ឧបសគ្គ​ផ្សេង​ៗ ដែល​មនុស្ស​មាន​ភាព​ខុស​ឆ្គង​មិន​អាច​បំបាត់​បាន។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​ឧទាហរណ៍​ខ្លះ​ៗ។

លោក​យេស៊ូ​បាន​ផ្ដល់​អាហារ​និង​ភេសជ្ជៈ។ អព្ភូតហេតុ​ដំបូង​របស់​លោក​យេស៊ូ គឺ​លោក​ធ្វើ​ទឹក​ឲ្យ​ក្លាយ​ជា​ស្រា។ នៅ​ពេល​ពីរ​លើក​ទៀត លោក​បាន​ឲ្យ​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់ ដោយ​ប្រើ​តែ​នំ​ប៉័ង​ពីរ​បី​ដុំ​និង​ត្រី​ពីរ​បី​កន្ទុយ​ប៉ុណ្ណោះ។ ក្នុង​ករណី​ទាំង​ពីរ​នេះ គឺ​មាន​អាហារ​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​គ្រប់​គ្នា។

លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ។ លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ពី​«ជំងឺ​និង​រោគា​គ្រប់​ប្រភេទ»។ (ម៉ាថាយ ៤:២៣) លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក មនុស្ស​ថ្លង់ មនុស្ស​កើត​ឃ្លង់​និង​មនុស្ស​មាន​ជំងឺ​ឆ្កួត​ជ្រូក​ជា​សះ​ស្បើយ។ លោក​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ពិការ និង​មនុស្ស​ខ្វិន​ជា​ដែរ។ គ្មាន​ជំងឺ​ណា​ដែល​លោក​មិន​អាច​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​នោះ​ឡើយ។

លោក​យេស៊ូ​គ្រប់​គ្រង​ធាតុ​អាកាស​ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់។ នៅ​ពេល​ដែល​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​ជិះ​ទូក​ឆ្លង​សមុទ្រ​កាលីឡេ នោះ​មាន​ព្យុះ​ដ៏​ខ្លាំង​មួយ​បាន​កើត​ឡើង​មួយ​រំពេច។ ពួក​អ្នក​កាន់​តាម​ភ័យ​ខ្លាច​ណាស់។ លោក​យេស៊ូ​គ្រាន់​តែ​មើល​ព្យុះ​នោះ ហើយ​ស្រដី​ទៅ​សមុទ្រ​ថា៖ «ចូរ​ស្ងៀម​ទៅ!»។ រួច​ខ្យល់​ក៏​ស្ងប់ ហើយ​ក៏​កើត​មាន​សភាព​ស្ងប់​ស្ងាត់​ក្រៃ​លែង។ (ម៉ាកុស ៤:៣៧​-​៣៩) នៅ​ពេល​មួយ​ទៀត លោក​បាន​ដើរ​លើ​ទឹក​ពេល​មាន​ព្យុះ​គួរ​ឲ្យ​ខ្លាច​មួយ។—ម៉ាថាយ ១៤:២៤​-​៣៣

ពួក​វិញ្ញាណ​កំណាច។ ពួក​វិញ្ញាណ​កំណាច​ខ្លាំង​ជាង​មនុស្ស​ឆ្ងាយ​ណាស់។ មនុស្ស​ជា​ច្រើន​មិន​អាច​រំដោះ​ខ្លួន​ចេញ​ពី​ពួក​វា​នេះ​ដែល​ជា​សត្រូវ​កាច​សាហាវ​របស់​ព្រះ​ឡើយ។ ប៉ុន្ដែ​ជា​ច្រើន​ដង ពេល​លោក​យេស៊ូ​បាន​បង្គាប់​ពួក​វា​ឲ្យ​ចេញ​ពី​មនុស្ស​ដែល​ពួក​វា​ធ្វើ​បាប នោះ​ពួក​វា​ពុំ​អាច​ធ្វើ​បាប​ដល់​ជន​រង​គ្រោះ​ទៀត​ឡើយ។ លោក​មិន​ខ្លាច​ពួក​វិញ្ញាណ​កំណាច​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​វិញ្ញាណ​កំណាច​បាន​ស្គាល់​អំណាច​លោក ហើយ​ខ្លាច​លោក។

សេចក្ដី​ស្លាប់។ គម្ពីរ​ហៅ​សេចក្ដី​ស្លាប់​យ៉ាង​ត្រឹម​ត្រូវ​ថា​ជា«សត្រូវ​ចុង​ក្រោយ» ហើយ​សេចក្ដី​ស្លាប់​ជា​សត្រូវ​ដែល​គ្មាន​មនុស្ស​ណា​មាន​អំណាច​លើ​ទេ។ (កូរិនថូស​ទី១ ១៥:២៦) ប៉ុន្ដែ លោក​យេស៊ូ​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ក្នុង​ចំណោម​ពួក​គេ​មាន​កូន​ប្រុស​វ័យ​ក្មេង​ម្នាក់​របស់​ស្ដ្រី​មេ​ម៉ាយ និង​កូន​ស្រី​វ័យ​ក្មេង​ម្នាក់​របស់​ឪពុក​ម្ដាយ​ដែល​កំពុង​កើត​ទុក្ខ។ ក្នុង​ករណី​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មួយ លោក​យេស៊ូ​បាន​ប្រោស​មិត្ដ​ជិត​ស្និទ្ធ​របស់​លោក​ឈ្មោះ​ឡា​សារ នៅ​មុខ​បណ្ដា​មនុស្ស​ដែល​កំពុង​កាន់​ទុក្ខ ថ្វី​បើ​បុរស​នេះ​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ហើយ​ក្ដី! សូម្បី​តែ​ពួក​សត្រូវ​ដែល​ប្ដេជ្ញា​ចិត្ដ​សម្លាប់​លោក​យេស៊ូ​ក៏​បាន​ទទួល​ស្គាល់​ថា លោក​បាន​ធ្វើ​អព្ភូតហេតុ​នេះ​ដែរ។—យ៉ូហាន ១១:៣៨​-​៤៨; ១២:៩​-​១១

ហេតុ​អ្វី​បាន​ជា​លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ទាំង​នោះ? ដ្បិត​មនុស្ស​ទាំង​អស់​ដែល​លោក​បាន​ជួយ នៅ​ទី​បំផុត​ក៏​បាន​ស្លាប់​ទៅ​វិញ​ដែរ មែន​ទេ? ពួក​គេ​បាន​ស្លាប់​មែន ប៉ុន្ដែ​អព្ភូតហេតុ​របស់​លោក​យេស៊ូ​មាន​ប្រយោជន៍​យូរ​អង្វែង។ អព្ភូតហេតុ​ទាំង​នោះ​បញ្ជាក់​ថា ទំនាយ​គួរ​ឲ្យ​រំភើប​ចិត្ដ​ទាំង​អស់​អំពី​ការ​គ្រប់​គ្រង​របស់​មេស្ស៊ី មាន​មូលដ្ឋាន​ពិត​ប្រាកដ​មែន។ ច្បាស់​ណាស់ ស្ដេច​ដែល​បាន​ត្រូវ​តែង​តាំង​ដោយ​ព្រះ​អាច​បំបាត់​ចោល​នូវ​ការ​អត់​ឃ្លាន ជំងឺ ធាតុ​អាកាស​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ ពួក​វិញ្ញាណ​កំណាច ឬ​សេចក្ដី​ស្លាប់​ទៀត​ផង។ លោក​ក៏​បាន​បង្ហាញ​ថា​ព្រះ​បាន​ឲ្យ​លោក​នូវ​ឫទ្ធានុភាព​ឲ្យ​ធ្វើ​អ្វី​ៗ​ទាំង​នោះ។

—មាន​មូលដ្ឋាន​លើ​សៀវភៅ​ម៉ាថាយ ម៉ាកុស លូកានិង​យ៉ូហាន