លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​២១

លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ!

លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ!

លោក​យេស៊ូ​លេច​មក​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​ឃើញ ដើម្បី​បង្ហាត់​បង្រៀន​និង​លើក​ទឹក​ចិត្ដ​ពួក​គាត់

នៅ​បី​ថ្ងៃ​ក្រោយ​មរណភាព​របស់​លោក​យេស៊ូ ពួក​ស្ដ្រី​ខ្លះ​ដែល​ជា​អ្នក​កាន់​តាម​លោក​បាន​ឃើញ​ថា ថ្ម​ដែល​បិទ​មាត់​រូង​ទី​បញ្ចុះ​សព​នោះ​បាន​ត្រូវ​ប្រមៀល​ចេញ។ ម្យ៉ាង​វិញ​ទៀត ទី​បញ្ចុះ​សព​នោះ​នៅ​ទទេ!

ទេវតា​ពីរ​រូប​បាន​លេច​មក។ ទេវតា​ម្នាក់​បាន​និយាយ​ថា៖ «អ្នក​កំពុង​រក​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត . . . លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ»។ (ម៉ាកុស ១៦:៦) ភ្លាម​នោះ ស្ដ្រី​ទាំង​នោះ​បាន​រត់​ទៅ​ប្រាប់​ពួក​សាវ័ក។ នៅ​តាម​ផ្លូវ ពួក​គាត់​បាន​ជួប​លោក​យេស៊ូ។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «កុំ​ខ្លាច​ឡើយ! ចូរ​ទៅ ហើយ​នាំ​ដំណឹង​ប្រាប់​បង​ប្អូន​របស់​ខ្ញុំ​ផង ដើម្បី​ឲ្យ​ពួក​គាត់​ទៅ​ស្រុក​កាលីឡេ ហើយ​ពួក​គាត់​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។—ម៉ាថាយ ២៨:១០

ក្រោយ​មក​នៅ​ថ្ងៃ​នោះ អ្នក​កាន់​តាម​ពីរ​នាក់​កំពុង​ដើរ​ពី​ក្រុង​យេរូសាឡិម​ទៅ​ភូមិ​អេម៉ាស។ មនុស្ស​ចម្លែក​ម្នាក់​បាន​ដើរ​ជា​មួយ​នឹង​ពួក​គាត់ ហើយ​បាន​សួរ​ថា​ពួក​គាត់​កំពុង​និយាយ​អំពី​អ្វី។ តាម​ពិត បុគ្គល​នេះ​ជា​លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​បាន​លេច​មក ក្នុង​រូប​កាយ​ដែល​មុន​ដំបូង​អ្នក​កាន់​តាម​នោះ​ពុំ​បាន​ស្គាល់​ទេ។ ដោយ​មាន​ទឹក​មុខ​ក្រៀម​ក្រំ ពួក​គាត់​បាន​តប​ឆ្លើយ​ថា ពួក​គាត់​កំពុង​និយាយ​អំពី​លោក​យេស៊ូ។ មនុស្ស​ចម្លែក​នេះ​បាន​ចាប់​ផ្ដើម​ពន្យល់​អំពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​មេស្ស៊ី​ក្នុង​ខ​គម្ពីរ​ទាំង​ឡាយ។ ពិត​មែន​ហើយ លោក​យេស៊ូ​បាន​សម្រេច​ទំនាយ​ទាំង​អស់​អំពី​មេស្ស៊ី​យ៉ាង​ល្អិត​ល្អន់​បំផុត។ * នៅ​ពេល​ដែល​ពួក​អ្នក​កាន់​តាម​បាន​ដឹង​ថា មនុស្ស​ចម្លែក​នោះ​គឺ​លោក​យេស៊ូ ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ នោះ​លោក​ក៏​បាត់​ខ្លួន​ទៅ។

អ្នក​កាន់​តាម​ពីរ​នាក់​នោះ​ក៏​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​ភ្លាម។ នៅ​ទី​នោះ ពួក​គាត់​ឃើញ​ពួក​សាវ័ក​បាន​ជួប​ជុំ​គ្នា​ក្នុង​បន្ទប់​ចាក់​សោ។ កាល​ដែល​អ្នក​កាន់​តាម​ពីរ​នាក់​នោះ​រៀប​រាប់​ពី​អ្វី​ដែល​ពួក​គាត់​បាន​ជួប​ប្រទះ នោះ​លោក​យេស៊ូ​បាន​លេច​មក។ ពួក​អ្នក​កាន់​តាម​លោក​ភ្ញាក់​ផ្អើល ហើយ​ស្ទើរតែ​មិន​ជឿ​ថា​ជា​លោក! លោក​យេស៊ូ​បាន​សួរ​ថា៖ «ហេតុ​អ្វី​ក៏​បែរ​ជា​សង្ស័យ​ក្នុង​ចិត្ដ? . . . បទ​គម្ពីរ​បាន​ចែង​ដូច្នេះ​ថា គ្រិស្ដ​នឹង​រង​ទុក្ខ រួច​នៅ​ថ្ងៃ​ទី​បី​លោក​នឹង​រស់​ឡើង​វិញ​ពី​ចំណោម​មនុស្ស​ស្លាប់»។—លូកា ២៤:៣៨, ៤៦

ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​លោក​បាន​លេច​មក​ឲ្យ​ពួក​អ្នក​កាន់​តាម​ឃើញ​នៅ​ពេល​ផ្សេង​ៗ​អស់​៤០​ថ្ងៃ។ ក្នុង​ពេល​មួយ លោក​បាន​លេច​មក​ឲ្យ​ពួក​អ្នក​កាន់​តាម​៥០០​នាក់​ឃើញ! ទំនង​ជា​ពេល​នេះ​ហើយ ដែល​លោក​ឲ្យ​ពួក​គាត់​នូវ​ភារកិច្ច​ដ៏​សំខាន់​នេះ​ថា៖ «ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ . . . ហើយ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ មើល! ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ»។—ម៉ាថាយ ២៨:១៩, ២០

នៅ​ជំនួប​ចុង​ក្រោយ​ជា​មួយ​នឹង​ពួក​សាវ័ក​ស្មោះ​ត្រង់​១១​នាក់ នោះ​លោក​យេស៊ូ​បាន​សន្យា​ថា៖ «អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព កាល​ដែល​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ . . . រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី»។ (សកម្មភាព ១:៨) រួច​មក លោក​យេស៊ូ​បាន​ត្រូវ​លើក​ឡើង ហើយ​ពពក​មួយ​បាន​មក​បាំង​លោក​បាត់​ពី​ភ្នែក​ពួក​គាត់​ទៅ កាល​ដែល​លោក​បាន​ឡើង​ទៅ​ស្ថាន​សួគ៌។

—មាន​មូលដ្ឋាន​លើ​សៀវភៅ​ម៉ាថាយ ជំពូក​ទី​២៨ ម៉ាកុស ជំពូក​ទី​១៦ លូកា ជំពូក​ទី​២៤ យ៉ូហាន ជំពូក​ទី​២០​និង​២១ កូរិនថូស​ទី១ ១៥:៥, ៦

^ វគ្គ 6 ដើម្បី​មើល​ទំនាយ​ខ្លះ​ៗ​ស្ដី​អំពី​មេស្ស៊ី​ដែល​បាន​ត្រូវ​សម្រេច​ដោយ​លោក​យេស៊ូ សូម​មើល​ភាគ​១៤ ភាគ​១៥ និង​ភាគ​១៦​នៃ​សៀវភៅ​នេះ និង​លេខ​៥​ក្នុង​កំណត់​នៅ​ចុង​នៃ​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី?