លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​២២

ពួក​សាវ័ក​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ដ​អង់អាច

ពួក​សាវ័ក​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ដ​អង់អាច

ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ដ​សាសនិក​ចម្រើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ទោះ​ជា​មាន​ការ​បៀត​បៀន​ក៏​ដោយ

ដប់​ថ្ងៃ​ក្រោយ​ពី​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ នោះ​មាន​អ្នក​កាន់​តាម​១២០​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​មួយ​នា​ក្រុង​យេរូសាឡិម​នៅ​ពេល​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.។ ស្រាប់​តែ​មាន​សូរ​សំឡេង​ដូច​សន្ធឹក​ខ្យល់​បក់​យ៉ាង​ខ្លាំង ឮ​ពេញ​ផ្ទះ​នោះ។ ដោយ​អព្ភូតហេតុ​ពួក​អ្នក​កាន់​តាម​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេង​ៗ​ដែល​គេ​មិន​ធ្លាប់​ចេះ។ ហេតុ​អ្វី​មាន​ព្រឹត្ដិការណ៍​ដ៏​ចម្លែក​ទាំង​នេះ? ព្រះ​បាន​ឲ្យ​សកម្ម​ពល​បរិសុទ្ធ​ដល់​ពួក​អ្នក​កាន់​តាម។

នៅ​ខាង​ក្រៅ​មាន​មនុស្ស​មួយ​ក្រុម​ធំ ពី​ព្រោះ​ភ្ញៀវ​ទាំង​នេះ​មក​ពី​ស្រុក​ផ្សេង​ៗ​ដើម្បី​ធ្វើ​បុណ្យ​ថ្ងៃ​ទី​៥០។ ពួក​គេ​កោត​ស្ងើច​ក្រៃ​លែង ដោយ​ឮ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​និយាយ​ភាសា​របស់​ពួក​គេ​បាន​យ៉ាង​ល្អ។ ពេត្រុស​ពន្យល់​អ្វី​ដែល​បាន​កើត​ឡើង​ដោយ​សំដៅ​ទៅ​ទំនាយ​របស់​យ៉ូអែល​ដែល​ថា​ព្រះ«នឹង​ចាត់»វិញ្ញាណ​ឬ​សកម្ម​ពល​របស់​លោក ដែល​នឹង​ផ្ដល់​អំណោយ​ឬ​សមត្ថភាព​ដ៏​អស្ចារ្យ​ដល់​ពួក​អ្នក​ដែល​ទទួល​សកម្ម​ពល​នោះ។ (យ៉ូអែល ២:២៨, ២៩) ទី​សំ​អាង​ជាក់​ស្ដែង​នេះ​ពី​សកម្ម​ពល​បរិសុទ្ធ ធ្វើ​ឲ្យ​ឃើញ​ច្បាស់​ថា​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​បាន​កើត​ឡើង ពោល​គឺ​ព្រះ​ពេញ​ចិត្ដ​នឹង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ដ​សាសនិក​ដែល​ទើប​នឹង​បង្កើត​នេះ មិន​មែន​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ អ្នក​ដែល​ចង់​បម្រើ​ព្រះ​តាម​របៀប​ដែល​លោក​ពេញ​ចិត្ដ ឥឡូវ​ត្រូវ​តែ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ដ។

ដំណាល​គ្នា​នោះ មាន​ការ​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើង ហើយ​ពួក​សត្រូវ​ចាប់​ពួក​អ្នក​កាន់​តាម​ដាក់​គុក។ ប៉ុន្ដែ​នៅ​ពេល​យប់ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​បើក​ទ្វារ​គុក ហើយ​ប្រាប់​ពួក​អ្នក​កាន់​តាម​ឲ្យ​បន្ដ​ផ្សព្វ​ផ្សាយ។ ព្រឹក​ឡើង ពួក​គាត់​បន្ដ​ផ្សព្វ​ផ្សាយ​មែន។ ពួក​គាត់​បាន​ចូល​វិហារ ហើយ​ចាប់​ផ្ដើម​បង្រៀន​អំពី​ដំណឹង​ល្អ​ស្ដី​អំពី​លោក​យេស៊ូ។ ពួក​អ្នក​ប្រឆាំង​ខឹង​ខ្លាំង​ណាស់ ហើយ​បាន​បង្គាប់​ពួក​គាត់​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ។ ពួក​សាវ័ក​តប​ឆ្លើយ​ដោយ​ចិត្ដ​អង់អាច​ថា៖ «យើង​ត្រូវ​ស្តាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស»។—សកម្មភាព ៥:២៨, ២៩

ការ​បៀត​បៀន​មាន​កាន់​តែ​ខ្លាំង​ឡើង។ ជន​ជាតិ​យូដា​ខ្លះ​បាន​ចោទ​ប្រកាន់​ស្ទេផាន​ជា​អ្នក​កាន់​តាម​ថា​បាន​ប្រមាថ​ព្រះ ហើយ​បាន​គប់​ដុំ​ថ្ម​សម្លាប់​គាត់។ យុវជន​ម្នាក់​ឈ្មោះ​សុល​ពី​ក្រុង​តើសុស​បាន​ធ្វើ​ជា​សាក្សី ហើយ​ពេញ​ចិត្ដ​នឹង​ឃាតកម្ម​នោះ។ រួច​មក គាត់​ទៅ​ក្រុង​ដាម៉ាស់​ដើម្បី​ចាប់​អ្នក​ណា​ដែល​កាន់​តាម​គ្រិស្ដ។ កាល​ដែល​សុល​ធ្វើ​ដំណើរ​តាម​ផ្លូវ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ​ចាំង​ជុំ​វិញ​គាត់ ហើយ​ឮ​សំឡេង​មួយ​បន្លឺ​មក​ថា៖ «សុល សុល ហេតុ​អ្វី​អ្នក​បៀត​បៀន​ខ្ញុំ?»។ សុល​បាន​ខ្វាក់​ភ្នែក​ដោយ​សារ​ពន្លឺ​នេះ ហើយ​បាន​សួរ​ថា៖ «តើ​លោក​ម្ចាស់​ជា​អ្នក​ណា?»។ សំឡេង​នោះ​បន្លឺ​ថា៖ «ខ្ញុំ​គឺ​យេស៊ូ»។—សកម្មភាព ៩:៣​-​៥

បី​ថ្ងៃ​ក្រោយ​មក លោក​យេស៊ូ​បាន​ចាត់​អ្នក​កាន់​តាម​ម្នាក់​ឈ្មោះ​អាណានាស​ឲ្យ​ទៅ​ធ្វើ​ឲ្យ​ភ្នែក​សុល​មើល​ឃើញ​វិញ។ សុល​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​អំពី​លោក​យេស៊ូ​ដោយ​ចិត្ដ​ក្លាហាន។ ក្រោយ​មក សុល​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​សាវ័ក​ប៉ូល ហើយ​បាន​ក្លាយ​ទៅ​ជា​សមាជិក​ម្នាក់​ដែល​មាន​ចិត្ដ​ខ្នះ​ខ្នែង​ក្នុង​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ដ​សាសនិក។

ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដល់​ជន​ជាតិ​យូដា​និង​ជន​ជាតិ​សាម៉ារី​ប៉ុណ្ណោះ។ ឥឡូវ​ទេវតា​មួយ​រូប​លេច​មក​ឲ្យ​មេ​ទាហាន​ជាតិ​រ៉ូម​ឈ្មោះ​កូនេលាស​ឃើញ។ កូនេលាស​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ។ ទេវតា​នោះ​ប្រាប់​គាត់​ឲ្យ​ចាត់​គេ​ទៅ​ហៅ​សាវ័ក​ពេត្រុស។ ដោយ​មាន​អ្នក​ឯ​ទៀត​ទៅ​ជា​មួយ នោះ​ពេត្រុស​បាន​ផ្សព្វ​ផ្សាយ​ដល់​កូនេលាស​និង​ក្រុម​គ្រួសារ​របស់​គាត់។ កាល​ដែល​ពេត្រុស​កំពុង​និយាយ នោះ​សកម្ម​ពល​បរិសុទ្ធ​បាន​សណ្ឋិត​លើ​ពួក​អ្នក​ជឿ​ដែល​ជា​ជន​ជាតិ​ដទៃ ហើយ​សាវ័ក​នេះ​បាន​បង្គាប់​ពួក​គេ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​លោក​យេស៊ូ។ ឥឡូវ ផ្លូវ​ដែល​នាំ​ទៅ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​បាន​ត្រូវ​បើក​ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍។ ក្រុម​ជំនុំ​បាន​ត្រៀម​ខ្លួន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​ទី​កន្លែង​ជិត​ឆ្ងាយ។

—មាន​មូលដ្ឋាន​លើ​សៀវភៅ​សកម្មភាព ១:១–១១:២១