ភាគ២៣
ដំណឹងល្អបានត្រូវផ្សព្វផ្សាយទៅដល់ទីជិតឆ្ងាយ
ប៉ូលធ្វើដំណើរផ្សព្វផ្សាយដំណឹងល្អតាមផ្លូវគោកនិងតាមសមុទ្រ
ក្រោយពីប៉ូលក្លាយទៅជាគ្រិស្ដសាសនិក គាត់បានផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះដោយចិត្ដខ្នះខ្នែង។ នេះធ្វើឲ្យគាត់ដែលធ្លាប់ជាអ្នកប្រឆាំង ទទួលការប្រឆាំងយ៉ាងខ្លាំងជាញឹកញាប់វិញ។ សាវ័កដែលមិនចេះនឿយហត់នេះបានធ្វើដំណើរពីរបីលើកទៅកន្លែងឆ្ងាយៗដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ ដែលនឹងសម្រេចបំណងប្រាថ្នាដំបូងរបស់ព្រះចំពោះមនុស្សជាតិ។
ពេលធ្វើដំណើរផ្សព្វផ្សាយដំណឹងល្អជាលើកទី១នៅក្រុងលីស្ត្រាជាមួយនឹងបាណាបាសដែលជាមិត្ដរួមដំណើរ ប៉ូលបានធ្វើឲ្យបុរសពិការជើងពីកំណើតម្នាក់ជាសះស្បើយ។ បណ្ដាជនចាប់ផ្ដើមស្រែកថាប៉ូលនិងបាណាបាសជាព្រះ។ បុរសពីរនាក់នេះឃាត់បណ្ដាជនកុំឲ្យធ្វើការបូជាជូនពួកគាត់សឹងតែមិនបាន។ ប៉ុន្ដែ ក្រោយមក ដោយសារពួកសត្រូវរបស់ប៉ូលបានញុះញង់ពួកគេ នោះបណ្ដាជនដដែលនេះបានគប់ប៉ូលនឹងដុំថ្មរហូតដល់ពួកគេគិតថាគាត់ស្លាប់ហើយ។ ប៉ូលបានរួចជីវិតពីការពាធានោះ ហើយក្រោយមកត្រឡប់ទៅក្រុងនោះវិញ ដើម្បីពង្រឹងកម្លាំងនិងលើកទឹកចិត្ដពួកអ្នកកាន់តាម។
ពួកគ្រិស្ដសាសនិកខ្លះដែលជាជនជាតិយូដាបានប្រកែកតវ៉ាថា ពួកអ្នកជឿដែលមិនមែនជាជនជាតិយូដា ត្រូវកាន់តាមផ្នែកខ្លះនៃច្បាប់ម៉ូសេ។ ប៉ូលបានទៅក្រុងយេរូសាឡិមដើម្បីលើកសំណួរនេះទៅពួកសាវ័កនិងពួកបុរសចាស់ទុំ។ ក្រោយពីបានពិចារណាយ៉ាងដិតដល់នូវបទគម្ពីរ ហើយដោយមានការណែនាំពីសកម្មពលបរិសុទ្ធរបស់ព្រះ ពួកបុរសទាំងនោះបានសរសេរទៅក្រុមជំនុំផ្សេងៗ ហើយបានដាស់តឿនពួកគេឲ្យជៀសវាងពីការគោរពបូជារូបព្រះ ពីការបរិភោគឈាមនិងសាច់ដែលគេមិនបង្ហូរឈាម និងជៀសវាងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ បញ្ញត្ដិបែបនេះ«ជាការចាំបាច់» ប៉ុន្ដែការធ្វើតាមបញ្ញត្ដិទាំងនេះ មិនតម្រូវឲ្យកាន់តាមច្បាប់ម៉ូសេទេ។—សកម្មភាព ១៥:២៨, ២៩
ពេលធ្វើដំណើរផ្សព្វផ្សាយដំណឹងល្អជាលើកទី២ ប៉ូលបានទៅក្រុងបេរៀ ដែលឥឡូវជាប្រទេសក្រិច។ ជនជាតិយូដាដែលរស់នៅទីនេះបានទទួលបណ្ដាំរបស់ព្រះដោយចិត្ដរំភើប ដោយពិនិត្យមើលគម្ពីររៀងរាល់ថ្ងៃដើម្បីបញ្ជាក់ការបង្រៀនរបស់ប៉ូល។ ម្ដងនេះទៀត ការប្រឆាំងបានបង្ខំឲ្យគាត់ចេញដំណើរទៅមុខទៀត លើកនេះទៅក្រុងអាថែន។ នៅមុខអ្នកមានចំណេះជ្រៅជ្រះមួយក្រុមនៅក្រុងអាថែន ប៉ូលបានថ្លែងសុន្ទរកថាដែលមានប្រសិទ្ធភាព ហើយជាគំរូល្អក្នុងការនិយាយមិនធ្វើឲ្យទើសចិត្ដ សមត្ថភាពវែកញែកនិងការចេះថ្លែងយ៉ាងពីរោះ។
ក្រោយពីធ្វើដំណើរផ្សព្វផ្សាយដំណឹងល្អជាលើកទី៣ ប៉ូលបានទៅក្រុងយេរូសាឡិម។ នៅពេលដែលគាត់ទៅឯវិហារនៅទីនោះ ជនជាតិយូដាខ្លះបានបង្កើតចលាចលដោយមានបំណងសម្លាប់គាត់។ ទាហានជាតិរ៉ូមបានធ្វើអន្ដរាគមន៍ ហើយសួរចម្លើយគាត់។ ក្រោយមក ដោយសារគាត់ជាពលរដ្ឋរ៉ូម គាត់មានឱកាសនិយាយការពារខ្លួននៅពីមុខភេលីចជាអភិបាលជាតិរ៉ូម។ ជនជាតិយូដាមិនអាចបង្ហាញភ័ស្ដុតាងគាំទ្រការចោទប្រកាន់ដែលពួកគេធ្វើប្រឆាំងប៉ូលទេ។ ដើម្បីរារាំងភេស្ទុស ដែលជាអភិបាលជាតិរ៉ូមម្នាក់ទៀតកុំឲ្យបញ្ជូនគាត់ទៅពួកយូដា នោះប៉ូលបានមានប្រសាសន៍ថា៖ «ខ្ញុំសូមលើករឿងក្ដីទៅសេសារ!»។ ភេស្ទុសបានតបឆ្លើយថា៖ «អ្នកនឹងទៅជួបសេសារ»។—សកម្មភាព ២៥:១១, ១២
រួចមក គេបានយកប៉ូលទៅអ៊ីតាលីតាមសំពៅដើម្បីកាត់ក្ដី។ ក្នុងដំណើរនោះ សំពៅបានលិច ហើយគាត់ត្រូវស្នាក់នៅលើកោះម៉ល់តា រហូតដល់ផុតរដូវត្រជាក់។ នៅទីបំផុត គាត់បានមកដល់ក្រុងរ៉ូម ហើយស្នាក់នៅអស់ពីរឆ្នាំក្នុងផ្ទះដែលគាត់ជួល។ ថ្វីបើមានទាហានយាមក៏ដោយ សាវ័កដែលមានចិត្ដខ្នះខ្នែងបំផុតនេះ បានបន្ដផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះដល់មនុស្សទាំងអស់ដែលបានមកលេងគាត់។
—មានមូលដ្ឋានលើសៀវភៅសកម្មភាព ១១:២២–២៨:៣១។