លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខ្ញុំអាចនិយាយយ៉ាងណាឲ្យឪពុកម្ដាយយល់ចិត្ត?

តើខ្ញុំអាចនិយាយយ៉ាងណាឲ្យឪពុកម្ដាយយល់ចិត្ត?

ជំពូក​ទី​១

តើ​ខ្ញុំ​អាច​និយាយ​យ៉ាង​ណា​ឲ្យ​ឪពុក​ម្ដាយ​យល់​ចិត្ត?

រ៉ូសា​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ព្យាយាម​ប្រាប់​ប៉ា​ម៉ាក់​ពី​អារម្មណ៍​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​មិន​ទាន់​ទាំង​បាន​ចូល​សាច់​រឿង​ផង ស្រាប់​តែ​ពួក​គាត់​កាត់​សម្ដី​ខ្ញុំ​ភ្លាម។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​និយាយ​អស់​ពី​ចិត្ត​ប្រាប់​ពួក​គាត់​ណាស់!​»។

ជា​ធម្មតា​ពេល​នៅ​វ័យ​កុមារ មិន​ថា​មាន​រឿង​តូច​ឬ​រឿង​ធំ​ទេ ប្អូន​និយាយ​ប្រាប់​ឪពុក​ម្ដាយ​ជា​និច្ច។ ប្អូន​ប្រាប់​ពួក​គាត់​ដោយ​ឥត​លាក់​លៀម​អំពី​គំនិត​និង​អារម្មណ៍​របស់​ប្អូន ហើយ​ប្អូន​តែង​ទុក​ចិត្ត​យោបល់​របស់​ពួក​គាត់។

ប៉ុន្តែ ឥឡូវ​ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា ឪពុក​ម្ដាយ​លែង​យល់​ពី​ប្អូន​ទៀត។ យុវតី​ម្នាក់​ឈ្មោះ​អេឌី ប្រាប់​ថា​៖ ​«​នៅ​ល្ងាច​មួយ​ពេល​កំពុង​ញាំ​បាយ ខ្ញុំ​ស្រាប់​តែ​យំ ហើយ​ប្រាប់​ប៉ា​ម៉ាក់​អំពី​អារម្មណ៍​របស់​ខ្ញុំ។ ពួក​គាត់​បាន​ស្ដាប់​ខ្ញុំ ប៉ុន្តែ​មើល​ទៅ​ពួក​គាត់​មិន​យល់​ពី​ខ្ញុំ​ទេ​»។ តើ​មាន​លទ្ធផល​អ្វី? ​«​ខ្ញុំ​ក៏​រត់​ទៅ​បន្ទប់​គេង ហើយ​យំ​កាន់​តែ​ខ្លាំង!​»។

ផ្ទុយ​ទៅ​វិញ ពេល​ខ្លះ​ប្អូន​ប្រហែល​ជា​មិន​ចង់​ប្រាប់​ឪពុក​ម្ដាយ​ឡើយ។ ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​គ្រិស្តតូហ្វើ រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​អំពី​រឿង​ជា​ច្រើន តែ​ជួន​កាល​រឿង​ខ្លះ ខ្ញុំ​មិន​ប្រាប់​ពួក​គាត់​ឲ្យ​ដឹង​ទេ​»។

តើ​ខុស​ទេ ដែល​ប្អូន​ធ្វើ​ដូច្នេះ? មិន​ខុស​ទេ ដរាប​ណា​ប្អូន​មិន​និយាយ​កុហក។ (​សុភាសិត ៣:៣២​) ប៉ុន្តែ ទោះ​ជា​ឪពុក​ម្ដាយ​ហាក់​ដូច​ជា​មិន​យល់​ពី​ប្អូន ឬ​ក៏​ប្អូន​មិន​ចង់​ឲ្យ​ពួក​គាត់​ដឹង​រឿង​ទាំង​អស់​ក្ដី ប្អូន​គួរ​និយាយ​ប្រាប់​ឪពុក​ម្ដាយ ហើយ​ឪពុក​ម្ដាយ​គួរ​ស្ដាប់​ប្អូន​និយាយ។

កុំ​ឈប់​ព្យាយាម!

ការ​និយាយ​ជា​មួយ​នឹង​ឪពុក​ម្ដាយ ប្រៀប​ដូច​ជា​ការ​បើក​បរ។ បើ​ប្អូន​ជួប​ឧបសគ្គ​នៅ​លើ​ផ្លូវ ប្អូន​មុខ​ជា​មិន​ឈប់​បើក​បរ​ទេ ប្អូន​ច្បាស់​ជា​រក​វិធី​ផ្សេង​ទៀត​ដើម្បី​បន្ត​ដំណើរ។ សូម​ពិចារណា​ឧទាហរណ៍​ពីរ។

ឧបសគ្គ​ទី​១ ប្អូន​មាន​រឿង​ចង់​ប្រាប់ តែ​ឪពុក​ម្ដាយ​ហាក់​ដូច​ជា​មិន​ស្ដាប់។ យុវតី​ម្នាក់​ឈ្មោះ​លេអា ពោល​ថា​៖ ​«​ខ្ញុំ​ពិបាក​ប្រាប់​រឿង​ណា​មួយ​ដល់​ប៉ា​របស់​ខ្ញុំ​ណាស់ ព្រោះ​ច្រើន​ដង​ពេល​ខ្ញុំ​និយាយ​ជា​មួយ​គាត់​បាន​មួយ​សន្ទុះ គាត់​ក៏​សួរ​ថា​‹អំ​បាញ់​មិញ កូន​និយាយ​រឿង​អ្វី?›​»។

សំណួរ​៖ បើ​លេអា​ពិត​ជា​មាន​រឿង​ដែល​ត្រូវ​និយាយ​ជា​មួយ​នឹង​ប៉ា​មែន តើ​នាង​គួរ​ធ្វើ​យ៉ាង​ណា? យ៉ាង​ហោច​ណាស់ នាង​មាន​ជម្រើស​បី។

ជម្រើស ក

ស្រែក​ដាក់​ប៉ា។ លេអា​និយាយ​ខ្លាំង​ៗ​ថា​៖ ​«​ប៉ា ខ្ញុំ​មាន​រឿង​សំខាន់។ ហេតុ​អ្វី​ប៉ា​មិន​ស្ដាប់​ខ្ញុំ?​»។

ជម្រើស ខ

ឈប់​និយាយ​ជា​មួយ​ប៉ា។ លេអា​លែង​ចង់​ប្រាប់​អំពី​បញ្ហា​របស់​ខ្លួន។

ជម្រើស គ

ស្វែង​រក​ពេល​ដែល​ល្អ​ជាង​ដើម្បី​និយាយ​ម្ដង​ទៀត។ លេអា​ប្រាប់​ប៉ា​នៅ​ពេល​ក្រោយ ឬ​សរសេរ​សំបុត្រ​ប្រាប់​ប៉ា​អំពី​បញ្ហា​របស់​នាង។

តើ​ប្អូន​គិត​ថា​លេអា​គួរ​យក​ជម្រើស​មួយ​ណា? ․․․․․

សូម​គិត​មើល​ថា​ជម្រើស​នីមួយ​ៗ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​បែប​ណា។

ប៉ា​របស់​លេអា​កំពុង​រវល់​គិត​រឿង​ផ្សេង ហើយ​មិន​បាន​កត់​សម្គាល់​ថា​កូន​អន់​ចិត្ត​ទេ។ ម្ល៉ោះ​ហើយ បើ​លេអា​ធ្វើ​តាម​ជម្រើស ក ប៉ា​របស់​នាង​នឹង​មិន​យល់​ពី​មូលហេតុ​ដែល​នាង​ស្រែក​ដាក់​គាត់​ឡើយ។ ជម្រើស​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ា​មិន​ចង់​ស្ដាប់​អ្វី​ដែល​កូន​និយាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្ហាញ​ថា​កូន​មិន​គោរព​ប៉ា​ផង​ដែរ។ (​អេភេសូរ ៦:២​) ដូច្នេះ នេះ​មិន​មែន​ជា​ជម្រើស​ល្អ​ឡើយ។

ជម្រើស ខ ប្រហែល​ជា​ស្រួល​ជាង​គេ តែ​មើល​ទៅ​មិន​មែន​ជា​ជម្រើស​ឈ្លាស​វៃ​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​«​បើ​គ្មាន​ការ​ប្រឹក្សា​ទេ នោះ​គម្រោង​នឹង​បរាជ័យ​»។ (​សុភាសិត ១៥:២២​) បើ​លេអា​ចង់​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន នាង​ត្រូវ​និយាយ​ជា​មួយ​ប៉ា ហើយ​ប៉ា​អាច​ជួយ​កូន​បាន លុះ​ត្រា​តែ​គាត់​ដឹង​ថា​កូន​មាន​រឿង​អ្វី។ ដូច្នេះ ការ​ឈប់​និយាយ​ជា​មួយ​ប៉ា​ក៏​ជា​វិធី​មិន​ល្អ​ដូច​គ្នា។

ជម្រើស គ ទោះ​ជា​លេអា​ជួប​ឧបសគ្គ​ក៏​ដោយ នាង​មិន​ឈប់​ព្យាយាម​ទេ។ ផ្ទុយ​ទៅ​វិញ នាង​រក​ឱកាស​និយាយ​អំពី​រឿង​នោះ​នៅ​ពេល​ផ្សេង​ទៀត ឬ​នាង​សរសេរ​សំបុត្រ​ប្រាប់​ប៉ា​របស់​នាង។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​នាង​ឲ្យ​ស្រួល​ចិត្ត​ជាង​ក្នុង​ការ​ប្រាប់​អំពី​អារម្មណ៍​របស់​ខ្លួន។ ពេល​ប៉ា​អាន​សំបុត្រ​របស់​កូន នោះ​គាត់​នឹង​ដឹង​នូវ​អ្វី​ដែល​កូន​ចង់​និយាយ ហើយ​នេះ​អាច​ជួយ​គាត់​ឲ្យ​យល់​ពី​បញ្ហា​របស់​កូន​កាន់​តែ​ច្បាស់។ ដូច្នេះ ជម្រើស គ គឺ​ល្អ​សម្រាប់​លេអា​និង​ប៉ា​របស់​នាង។

ក្រៅ​ពី​ជម្រើស​ទាំង​នោះ តើ​លេអា​អាច​មាន​ជម្រើស​អ្វី​ទៀត​ទេ? សូម​ប្អូន​គិត​ជម្រើស​មួយ ហើយ​សរសេរ​នៅ​ខាង​ក្រោម​នេះ និង​លទ្ធផល​ផង​ដែរ។

․․․․․

ឧបសគ្គ​ទី​២ ឪពុក​ម្ដាយ​ចង់​និយាយ តែ​ប្អូន​មិន​ចង់​និយាយ។ ប្អូន​ស្រី​ឈ្មោះ​សារ៉ា ប្រាប់​ថា​៖ ​«​ខ្ញុំ​ធុញ​ជាង​គេ គឺ​ពេល​ចេញ​ពី​សាលា​មក​ដល់​ផ្ទះវិញ ត្រូវ​ប៉ា​ម៉ាក់​សួរ​នាំ​ច្រើន។ ខ្ញុំ​មិន​ចង់​គិត​អំពី​សាលា​ទេ តែ​ភ្លាម​ៗ​ប៉ា​ម៉ាក់​ខ្ញុំ​សួរ​ថា​៖ ‹ទៅ​រៀន​ថ្ងៃ​នេះ​ម៉េច​ដែរ? តើ​មាន​បញ្ហា​អ្វី​ទេ?›​»។ ឪពុក​ម្ដាយ​ប្រាកដ​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សារ៉ា បាន​ជា​ពួក​គាត់​សួរ​បែប​នោះ។ ប៉ុន្តែ សារ៉ា​ត្អូញត្អែរ​ថា​៖ ​«​ពេល​ខ្ញុំ​ហត់ ហើយ​តាន​តឹង​ចិត្ត ខ្ញុំ​មិន​ចង់​និយាយ​អំពី​រឿង​នៅ​សាលា​ទាល់​តែ​សោះ!​»។ 

សំណួរ​៖ តើ​សារ៉ា​អាច​ធ្វើ​អ្វី​ក្នុង​ស្ថានភាព​បែប​នេះ? ដូច​ករណី​ខាង​លើ​ដែរ យ៉ាង​ហោច​ណាស់​នាង​មាន​ជម្រើស​បី។

ជម្រើស ក

មិន​និយាយ។ សារ៉ា​ប្រាប់​ថា​៖ ​«​ពេល​នេះ​ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ទាំង​អស់។ ខ្ញុំ​ចង់​នៅ​ស្ងាត់​ម្នាក់​ឯង!​»។

ជម្រើស ខ

និយាយ​ទាំង​បង្ខំ​ចិត្ត។ ទោះ​ជា​សារ៉ា​មាន​អារម្មណ៍​តាន​តឹង​ក្ដី នាង​ឆ្លើយ​សំណួរ​ឪពុក​ម្ដាយ​ដោយ​ទើស​ទាល់។

ជម្រើស គ

និយាយ​«​អំពី​រឿង​នៅ​សាលា​»​ក្នុង​ពេល​ផ្សេង តែ​បន្ត​និយាយ​អំពី​រឿង​មួយ​ទៀត។ សារ៉ា​ប្រាប់​ឪពុក​ម្ដាយ​ថា​នាង​នឹង​និយាយ​អំពី​រឿង​នៅ​សាលា ក្នុង​កាល​ដែល​នាង​មាន​អារម្មណ៍​ល្អ​ជាង។ រួច​នាង​សួរ​ឪពុក​ម្ដាយ​ដោយ​ចិត្ត​ស្មោះ​ថា​៖ ​«​តើ​ថ្ងៃ​នេះ​ប៉ា​ម៉ាក់​ម៉េច​ដែរ?​»។

តើ​ប្អូន​គិត​ថា​សារ៉ា​គួរ​យក​ជម្រើស​មួយ​ណា? ․․․․․

ម្ដង​ទៀត សូម​គិត​មើល​ថា​ជម្រើស​នីមួយ​ៗ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​បែប​ណា។

សារ៉ា​កំពុង​តាន​តឹង​ចិត្ត ហើយ​មិន​ចង់​និយាយ​អ្វី​សោះ។ បើ​នាង​ជ្រើស​រើស​ធ្វើ​តាម​ជម្រើស ក នាង​នឹង​នៅ​តែ​តាន​តឹង​ចិត្ត ថែម​ទាំង​មាន​អារម្មណ៍​ថា​ខ្លួន​ខុស​ដែល​បញ្ចេញ​កំហឹង​ដាក់​ឪពុក​ម្ដាយ។—សុភាសិត ២៩:១១

ទន្ទឹម​នឹង​នោះ​ដែរ ឪពុក​ម្ដាយ​មុខ​ជា​ឈឺ​ចិត្ត ដោយ​សារ​សារ៉ា​ផ្ទុះ​កំហឹង​ដាក់​ពួក​គាត់ ឬ​នៅ​ស្ងៀម​មិន​តប​ឆ្លើយ​មក​ពួក​គាត់​វិញ។ ពួក​គាត់​ប្រហែល​ជា​សង្ស័យ​ថា​សារ៉ា​មាន​រឿង​លាក់​បាំង ដូច្នេះ​ពួក​គាត់​នឹង​ព្យាយាម​ជជីក​សួរ ដែល​ធ្វើ​ឲ្យ​សារ៉ា​តាន​តឹង​ចិត្ត​រឹត​តែ​ខ្លាំង។ ទី​បំផុត ជម្រើស​នេះ​មិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ឡើយ។

ជម្រើស ខ ល្អ​ជាង​ជម្រើស ក។ យ៉ាង​ហោច​ណាស់ សារ៉ា​និង​ឪពុក​ម្ដាយ​អាច​និយាយ​គ្នា​បាន។ ប៉ុន្តែ ដោយ​សារ​សារ៉ា​បង្ខំ​ខ្លួន​និយាយ នោះ​ទាំង​នាង​ទាំង​ឪពុក​ម្ដាយ​ប្រហែល​ជា​ពិបាក​មាន​អារម្មណ៍​ស្រួល​ក្នុង​សន្ទនា​គ្នា​ឲ្យ​អស់​ពី​ចិត្ត។

ប៉ុន្តែ បើ​សារ៉ា​ធ្វើ​តាម​ជម្រើស គ នោះ​នាង​នឹង​មាន​អារម្មណ៍​ប្រសើរ​ជាង ព្រោះ​នាង​មិន​ចាំ​បាច់​ត្រូវ​និយាយ​អំពី​រឿង​នៅ​«​សាលា​»​ឥឡូវ​ទេ។ ឪពុក​ម្ដាយ​នាង​ក៏​នឹង​សប្បាយ​ចិត្ត​ដែរ ពេល​ឃើញ​កូន​ព្យាយាម​និយាយ​ជា​មួយ​ពួក​គាត់។ ជម្រើស​នេះ​ទំនង​ជា​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​បំផុត ដោយ​សារ​ភាគី​ទាំង​សង​ខាង​ធ្វើ​តាម​គោល​ការណ៍​នៅ​ភីលីព ២:៤ ដែល​ថា​៖ ​«​ចូរ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​តែ​អំពី​រឿង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ​»។

កុំ​និយាយ​អ្វី​ដែល​នាំ​ឲ្យ​យល់​ន័យ​ខុស

សូម​ចាំ​ថា ពេល​ខ្លះ​អ្វី​ដែល​ប្អូន​និយាយ​នាំ​ឲ្យ​ឪពុក​ម្ដាយ​យល់​ន័យ​ផ្សេង។ ជា​ឧទាហរណ៍ ឪពុក​ម្ដាយ​សួរ​ប្អូន​ថា​‹ហេតុ​អ្វី​មើល​ទៅ​កូន​មិន​សប្បាយ​ចិត្ត?› ប្អូន​ឆ្លើយ​ថា​«​ខ្ញុំ​មិន​ចង់​និយាយ​ទេ​»។ ប៉ុន្តែ ឪពុក​ម្ដាយ​ប្រហែល​ជា​យល់​ន័យ​ថា​«​ខ្ញុំ​មិន​ទុក​ចិត្ត​ប៉ា​ម៉ាក់​ទេ ដូច្នេះ​ខ្ញុំ​មិន​ចង់​ប្រាប់​»។ ឥឡូវ​សូម​ប្អូន​ស្រមៃ​ថា ប្អូន​កំពុង​ជួប​រឿង​ពិបាក​មួយ ហើយ​ឪពុក​ម្ដាយ​ប្រាប់​ថា​ចង់​ជួយ​ប្អូន។ ប៉ុន្តែ បើ​ប្អូន​ឆ្លើយ​តប​ពាក្យ​បែប​នេះ តើ​ពួក​គាត់​នឹង​យល់​ន័យ​អ្វី? សូម​បំពេញ​ចម្លើយ​នៅ​បន្ទាត់​ខាង​ក្រោម។

បើ​ប្អូន​តប​ថា​៖ ​«​កុំ​បារម្ភ ខ្ញុំ​អាច​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​បាន​»។

ឪពុក​ម្ដាយ​ប្អូន​ប្រហែល​ជា​យល់​ន័យ​ថា​៖ ․․․․․

ល្អ​ជាង​បើ​ប្អូន​តប​ថា​៖ ․․․․․

តើ​ប្អូន​គួរ​ចាំ​ចំណុច​អ្វី? ចូរ​ជ្រើស​រើស​ពាក្យ​ឲ្យ​បាន​ល្អ ហើយ​និយាយ​ដោយសុជីវធម៌។ (​កូឡុស ៤:៦​) សូម​ចាត់​ទុក​ឪពុក​ម្ដាយ​ថា​ជា​អ្នក​ចាំ​ជួយ​ប្អូន មិន​មែនជា​អ្នក​ប្រឆាំង​ប្អូន​ទេ។ ប្អូន​ក៏​ត្រូវ​ដឹង​ដែរ​ថា ដើម្បី​អាច​ដោះ​ស្រាយ​បញ្ហា​បាន ប្អូន​ត្រូវការ​ជំនួយ​ពី​គ្រប់​ភាគី។

នៅ​ជំពូក​បន្ទាប់

ចុះ​បើ​បញ្ហា​មិន​មែន​ដោយ​សារ​ប្អូន​មិន​និយាយ​ជា​មួយ​ឪពុក​ម្ដាយ តែ​បញ្ហា​គឺ​ថា​រាល់​ដង​ឲ្យ​តែ​និយាយ គឺ​ឈ្លោះ​គ្នា​រហូត?

បទ​គម្ពីរ​សំខាន់

​«​សម្ដី​របស់​ខ្ញុំ​បញ្ជាក់​ថា​ចិត្ត​ខ្ញុំ​ទៀង​ត្រង់ ហើយ​បបូរ​មាត់​ខ្ញុំ​និយាយ​ពាក្យ​ពិត​ស្មោះ​អស់​ពី​ចិត្ត​»។—យ៉ូប ៣៣:៣

យោបល់

បើ​ប្អូន​ពិបាក​អង្គុយ​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​អំពី​បញ្ហា​ណា​មួយ ប្អូន​អាច​ប្រាប់​ពួក​គាត់​ពី​បញ្ហា​នោះ​នៅ​ពេល​ដើរ​លេង ពេល​ដើរ​ផ្សារ ឬ​ពេល​ជិះ​ឡាន​ជា​មួយ​គ្នា។

តើ​ប្អូន​ដឹង​ទេ . . . ?

បើ​ប្អូន​ពិបាក​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​អំពី​បញ្ហា​ណា​មួយ នោះ​ឪពុក​ម្ដាយ​ក៏​ប្រហែល​ជា​ពិបាក​និយាយ​ជា​មួយ​ប្អូន​អំពី​បញ្ហា​នោះ​ដូច​គ្នា។

គម្រោង​អនុវត្ត!

លើក​ក្រោយ បើ​ខ្ញុំ​មិន​ចង់​និយាយ​ជា​មួយ​ឪពុក​ម្ដាយ ខ្ញុំ​នឹង ․․․․․

បើ​ឪពុក​ម្ដាយ​បង្ខំ​ខ្ញុំ​ឲ្យ​និយាយ​អំពី​រឿង​ដែល​ខ្ញុំ​មិន​ចង់​ប្រាប់ ខ្ញុំ​នឹង ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​ការ​ចេះ​ជ្រើស​រើស​ពេល​ដើម្បី​សន្ទនា​ជា​ការ​សំខាន់?—សុភាសិត ២៥:១១

● តើ​ការ​ព្យាយាម​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី?—យ៉ូប ១២:១២

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១០​]

​«​ប្អូន​ប្រុស​ដេវើនី ប្រាប់​ថា​៖ ‹ពេល​ខ្លះ​ការ​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​មិន​តែង​តែ​ស្រួល​ទេ។ ប៉ុន្តែ ពេល​យើង​បើក​ចិត្ត​និយាយ​ជា​មួយ​ពួក​គាត់ នោះ​ហាក់​ដូច​ជា​មាន​គេ​ដក​បន្ទុក​ដ៏​ធ្ងន់​ចេញ​ពី​ទ្រូង​របស់​យើង›​»​

[​រូបភាព​នៅ​ទំព័រ​៨​]

ឧបសគ្គ​នៅ​លើ​ផ្លូវ មិន​មាន​ន័យ​ថា​ទាល់​ច្រក​ទេ។ ប្អូន​អាច​រក​ដំណោះ​ស្រាយ​បាន បើ​ប្អូន​និយាយ​ជា​មួយ​ឪពុក​ម្ដាយ!