លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើធ្វើដូចម្ដេចអាចមានសេរីភាពច្រើនជាង?

តើធ្វើដូចម្ដេចអាចមានសេរីភាពច្រើនជាង?

ជំពូក​ទី​៣

តើ​ធ្វើ​ដូច​ម្ដេច​អាច​មាន​សេរី​ភាព​ច្រើន​ជាង?

សារ៉ា អាយុ​១៨​ឆ្នាំ ប្រាប់​ថា​៖ ​«​ខ្ញុំ​ចង់​ឲ្យ​ប៉ា​ម៉ាក់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ខាង​ក្រៅ​ច្រើន​ជាង​នេះ​»។

គ្រីស្ទីន អាយុ​១៨​ឆ្នាំ ប្រាប់​ថា​៖ ​«​ខ្ញុំ​តែង​តែ​សួរ​ប៉ា​ម៉ាក់​ថា ហេតុ​អ្វី​មិន​ទុក​ចិត្ត​ឲ្យ​ខ្ញុំ​ទៅ​ដើរ​លេង​ជា​មួយ​មិត្ត​ភក្តិ? ពួក​គាត់​ឆ្លើយ​ថា​៖ ‹ប៉ា​ម៉ាក់​ទុក​ចិត្ត​កូន តែ​ប៉ា​ម៉ាក់​មិន​ទុក​ចិត្ត​មិត្ត​ភក្តិ​របស់​កូន​ទេ›​»។

ដូច​សារ៉ា​និង​គ្រីស្ទីន​ដែរ តើ​ប្អូន​ចង់​បាន​សេរី​ភាព​ច្រើន​ជាង​ទេ? បើ​មែន ប្អូន​ត្រូវ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ទុក​ចិត្ត​ប្អូន។ ប៉ុន្តែ ទំនុក​ចិត្ត​ប្រៀប​ដូច​ជា​លុយ គឺ​ពិបាក​រក តែ​ងាយ​បាត់។ មិន​ថា​ទទួល​បាន​លុយ​ច្រើន​ប៉ុណ្ណា​ទេ នៅ​តែ​មាន​អារម្មណ៍​ថា​មិន​ចេះ​គ្រប់។ អ៊ីលយ៉ាណា អាយុ​១៦​ឆ្នាំ ប្រាប់​ថា​៖ ​«​ឲ្យ​តែ​ខ្ញុំ​ចង់​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ ប៉ា​ម៉ាក់​សួរ​នោះ​សួរ ដូច​ខ្ញុំ​ជា​ជន​ល្មើស។ គាត់​សួរ​ថា ទៅ​ណា? ជា​មួយ​អ្នក​ណា? ទៅ​ធ្វើ​អ្វី? ហើយ​មក​វិញ​ពេល​ណា? ខ្ញុំ​ដឹង​ថា​ពួក​គាត់​ជា​ប៉ា​ម៉ាក់​ខ្ញុំ តែ​ពេល​ពួក​គាត់​សួរ​បែប​នោះ ធ្វើ​ឲ្យ​ខ្ញុំ​មិន​ស្រួល​ចិត្ត​សោះ!​»។

តើ​ប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​ទុក​ចិត្ត​ប្អូន និង​ឲ្យ​សេរី​ភាព​ប្អូន​ច្រើន​ជាង? មុន​នឹង​ឆ្លើយ​សំណួរ​នេះ សូម​មើល​ថា ហេតុ​អ្វី​បាន​ជា​ការ​ជឿ​ទុក​ចិត្ត​គឺ​ជា​ប្រធាន​បទ​ដ៏​រសើប​មួយ​រវាង​ឪពុក​ម្ដាយ​និង​កូន​ជំទង់?

បញ្ហា​នៃ​ការ​ផ្លាស់​ប្ដូរ​វ័យ

គម្ពីរ​ចែង​ថា​៖ ​«​បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន​»។ (​ដើម​កំណើត ២:២៤​) ប្រាកដ​ណាស់ នេះ​ក៏​សំដៅ​លើ​ស្ត្រី​ដែរ។ មិន​ថា​ប្អូន​ជា​ប្រុស​ឬ​ជា​ស្រី​ទេ វ័យ​ជំទង់​ជា​រយៈ​ពេល​ដ៏​សំខាន់​មួយ​ដើម្បី​ឈាន​ទៅ​ដល់​ភាព​ពេញ​វ័យ ពោល​គឺ​ជា​ពេល​ដែល​ប្អូន​ត្រៀម​ខ្លួន​រើ​ចេញ​ពី​ឪពុក​ម្ដាយ ហើយ​ក​សាង​គ្រួសារ​ដោយ​ខ្លួន​ឯង។ a

ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ឈាន​ទៅ​រក​ភាព​ពេញ​វ័យ មិន​ដូច​ជា​ការ​ដើរ​ឆ្លង​ទ្វារ​ទេ តែ​ប្រៀប​ដូច​ជា​ការ​ឡើង​ជណ្ដើរ​ម្ដង​មួយ​កាំ​ៗ។ ប្អូន​និង​ឪពុក​ម្ដាយ​អាច​នឹង​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​ចម្ងាយ​ដែល​ប្អូន​បាន​ឡើង។ ប្អូន​ស្រី​ម៉ារៀ​មាន​អារម្មណ៍​ថា ឪពុក​ម្ដាយ​មិន​ទុក​ចិត្ត​នាង​ក្នុង​ការ​សេព​គប់​មិត្ត​ភក្ដិ​ឡើយ។ នាង​ប្រាប់​ថា​៖ ​«​ខ្ញុំ​អាយុ​២០​ឆ្នាំ​ហើយ ប៉ុន្តែ​ប៉ា​ម៉ាក់​នៅ​តែ​មិន​ទុក​ចិត្ត​ខ្ញុំ! ពួក​គាត់​គិត​ថា​ខ្ញុំ​មិន​ហ៊ាន​បដិសេធ ពេល​មិត្ត​ភក្តិ​បបួល​ឲ្យ​ធ្វើ​រឿង​មិន​ល្អ។ ខ្ញុំ​ខំ​ពន្យល់​ពួក​គាត់​ថា​ខ្ញុំ​អាច​ធ្វើ​បាន ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​រួច​ដែរ តែ​ពួក​គាត់​នៅ​តែ​មិន​ជឿ!​»។

ដូច​ប្អូន​ស្រី​ម៉ារៀ​បាន​និយាយ បញ្ហា​ទំនុក​ចិត្ត​អាច​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំង​រវាង​ក្មេង​ជំទង់​និង​ឪពុក​ម្ដាយ។ តើ​នេះ​បាន​កើត​ឡើង​ក្នុង​គ្រួសារ​របស់​ប្អូន​ឬ​ទេ? បើ​មែន តើ​ប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​ទុក​ចិត្ត​ប្អូន​ថែម​ទៀត? ហើយ​បើ​ប្អូន​បាន​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​លែង​ទុក​ចិត្ត​ព្រោះ​ទង្វើ​មិន​ល្អ​របស់​ប្អូន តើ​ប្អូន​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ?

ចូរ​បង្ហាញ​ថា​ប្អូន​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត

សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ថា​៖ ​«​ចូរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់​»។ (​កូរិនថូស​ទី​២ ១៣:៥​) ពិត​មែន​ថា​ប៉ូល​មិន​បាន​សរសេរ​ពាក្យ​ទាំង​នេះ​សម្រាប់​ប្អូន​ៗ​វ័យ​ក្មេង តែ​គោល​ការណ៍​នេះ​ក៏​អនុវត្ត​ចំពោះ​ពួក​គេ​ដែរ។ ប្អូន​អាច​ទទួល​បាន​សេរី​ភាព​តិច​ឬ​ច្រើន អាស្រ័យ​ទៅ​លើ​ប្អូន​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ដល់​កម្រិត​ណា។ នេះ​មិន​មាន​ន័យ​ថា​ប្អូន​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ​ឡើយ ពីព្រោះ​ម្ដង​ម្កាល​យើង​ទាំង​អស់​គ្នា​តែង​ធ្វើ​ខុស។ (​អ្នក​ទូន្មាន ៧:២០​) សរុប​មក តើ​ការ​ប្រព្រឹត្ត​របស់​ប្អូន​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​មិន​ទុក​ចិត្ត​ប្អូន​ឬ​ទេ?

ជា​ឧទាហរណ៍ ប៉ូល​បាន​សរសេរ​ថា​៖ ​«​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។ (​ហេប្រឺ ១៣:១៨​) សូម​សួរ​ខ្លួន​ប្អូន​ថា​‹តើ​ខ្ញុំ​បាន​ប្រាប់​ឪពុក​ម្ដាយ​យ៉ាង​ស្មោះ​អំពី​កន្លែង​ដែល​ខ្ញុំ​ទៅ និង​អ្វី​ដែល​ខ្ញុំ​ធ្វើ​ឬ​ទេ?›។ យុវវ័យ​មួយ​ចំនួន​បាន​ទទួល​ស្គាល់​ថា ពួក​គេ​ត្រូវ​កែ​លម្អ​ខ្លួន​ក្នុង​រឿង​នោះ។ សូម​អាន​យោបល់​របស់​ពួក​គេ ហើយ​ឆ្លើយ​សំណួរ​នៅ​ខាង​ក្រោម។

ឡូរី និយាយ​ថា​៖ ​«​ខ្ញុំ​បាន​លួច​ផ្ញើ​សារ​ទៅ​ប្រុស​ម្នាក់​ដែល​ខ្ញុំ​ចូល​ចិត្ត។ ពេល​ឪពុក​ម្ដាយ​ខ្ញុំ​ដឹង ពួក​គាត់​ប្រាប់​ខ្ញុំ​ឲ្យ​ឈប់។ ខ្ញុំ​បាន​សន្យា​ថា​ខ្ញុំ​នឹង​ឈប់ តែ​ខ្ញុំ​មិន​បាន​ឈប់​ទេ។ ខ្ញុំ​បន្ត​ផ្ញើ​សារ​ទៅ​ប្រុស​នោះ​អស់​មួយ​ឆ្នាំ។ ក្រោយ​មក​ឪពុក​ម្ដាយ​ខ្ញុំ​ដឹង ខ្ញុំ​បាន​សុំ​ទោស​ពួក​គាត់ ហើយ​សន្យា​ថា​ឈប់​ធ្វើ​ទៀត ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ធ្វើ។ ទី​បំផុត ឪពុក​ម្ដាយ​ក៏​លែង​ទុក​ចិត្ត​ខ្ញុំ!​»។

តាម​គំនិត​ប្អូន ហេតុ​អ្វី​ឪពុក​ម្ដាយ​លែង​ទុក​ចិត្ត​ឡូរី? ․․․․․

បើ​ប្អូន​ជា​ឪពុក​ម្ដាយ​របស់​ឡូរី តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា? ហើយ​ហេតុ​អ្វី? ․․․․․

នៅ​លើក​ដំបូង​ដែល​ឪពុក​ម្ដាយ​និយាយ​ដាស់​តឿន​ឡូរី​អំពី​បញ្ហា​នោះ តើ​ឡូរី​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​ទុក​ចិត្ត​នាង? ․․․․․

ប៊ីវើលី ប្រាប់​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​ជិត​មនុស្ស​ប្រុស ឪពុក​ម្ដាយ​មិន​ទុក​ចិត្ត​ខ្ញុំ​ទេ។ ឥឡូវ​ទើប​ខ្ញុំ​យល់​ពី​មូលហេតុ ពីព្រោះ​ខ្ញុំ​ធ្លាប់​ចែ​ចង់​ប្រុស​ពីរ​នាក់​ដែល​មាន​អាយុ​បង​ខ្ញុំ​ពីរ​ឆ្នាំ។ ខ្ញុំ​និយាយ​ទូរស័ព្ទ​រាប់​ម៉ោង​ជា​មួយ​ពួក​គេ​ម្នាក់​ៗ ហើយ​ពេល​ជួប​ពួក​គេ​នៅ​ពិធី​ជប់​លៀង ខ្ញុំ​និយាយ​តែ​ជា​មួយ​ពួក​គេ​ប៉ុណ្ណោះ មិន​សូវ​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​ទេ។ ដូច្នេះ ឪពុក​ម្ដាយ​បាន​ដក​ទូរស័ព្ទ​ខ្ញុំ​អស់​មួយ​ខែ ហើយ​ពួក​គាត់​ហាម​ខ្ញុំ​មិន​ឲ្យ​ទៅ​កន្លែង​ដែល​មាន​ប្រុស​ពីរ​នាក់​នោះ​ឡើយ​»។

បើ​ប្អូន​ជា​ឪពុក​ម្ដាយ​របស់​ប៊ីវើលី តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា? ហើយ​ហេតុ​អ្វី? ․․․․․

តើ​ប្អូន​គិត​ថា​ឪពុក​ម្ដាយ​របស់​ប៊ីវើលី​តឹង​រ៉ឹង​ពេក​ទេ? បើ​មែន ហេតុ​អ្វី? ․․․․․

តើ​ប៊ីវើលី​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ឪពុក​ម្ដាយ​ទុក​ចិត្ត​នាង​ម្ដង​ទៀត? ․․․․․

ទទួល​បាន​ទំនុក​ចិត្ត​ឡើង​វិញ

ដូច​យុវវ័យ​ទាំង​នោះ ចុះ​បើ​ការ​ប្រព្រឹត្ត​របស់​ប្អូន​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​លែង​ទុក​ចិត្ត? សូម្បី​តែ​ដូច្នោះ ប្អូន​នៅ​តែ​អាច​ស្ដារ​ទំនុក​ចិត្ត​ពី​ឪពុក​ម្ដាយ​បាន។ តើ​តាម​របៀប​ណា?

បើ​ការ​ប្រព្រឹត្ត​របស់​ប្អូន​ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ នោះ​ឪពុក​ម្ដាយ​នឹង​កាន់​តែ​ជឿ​ជាក់ ហើយ​ផ្ដល់​សេរី​ភាព​ឲ្យ​ប្អូន​កាន់​តែ​ច្រើន។ អាណេត​បាន​យល់​ច្បាស់​អំពី​ចំណុច​នេះ នាង​ប្រាប់​ថា​៖ ​«​ពេល​នៅ​ក្មេង ខ្ញុំ​មិន​ដឹង​សោះ​ថា​ការ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ទុក​ចិត្ត​ខ្លួន​គឺ​សំខាន់​ប៉ុណ្ណា។ ឥឡូវ​ខ្ញុំ​ដឹង ហើយ​ចេះ​ទទួល​ខុស​ត្រូវ​ច្រើន​ជាង​មុន។ ខ្ញុំ​ចង់​ឲ្យ​ឪពុក​ម្ដាយ​ទុក​ចិត្ត​ខ្ញុំ​ត​ទៅ​ទៀត​»។ តើ​ប្អូន​រៀន​អ្វី​ពី​អាណេត? ជា​ជាង​ត្អូញត្អែរ​ថា​ឪពុក​ម្ដាយ​មិន​ទុក​ចិត្ត​ប្អូន សូម​ព្យាយាម​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ នេះ​ទំនង​ជា​នឹង​ជួយ​ប្អូន​ឲ្យ​ទទួល​បាន​សេរី​ភាព​ច្រើន​ជាង។

ជា​ឧទាហរណ៍ តើ​ប្អូន​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​ចំណុច​ខាង​ក្រោម​នេះ​ឬ​ទេ? សូម​ដាក់​សញ្ញា ✔ ក្នុង​ប្រអប់​ដែល​ប្អូន​គិត​ថា ប្អូន​ត្រូវ​កែ​លម្អ​ខ្លួន។

□ មក​ផ្ទះ​វិញ​ទាន់​ពេល

□ ធ្វើ​តាម​ពាក្យ​សន្យា

□ គោរព​ពេល​វេលា

□ ដឹង​ពី​របៀប​ចាយ​វាយ

□ ជួយ​ធ្វើ​កិច្ច​ការ​ផ្ទះ

□ មិន​ដេក​ទ្រមក់

□ រក្សា​បន្ទប់​ឲ្យ​នៅ​ស្អាត

□ និយាយ​ការ​ពិត

□ ចេះ​សន្សំ​សំចៃ​ក្នុង​ការ​ប្រើ​ទូរស័ព្ទ​ឬ​កុំព្យូទ័រ

□ ទទួល​ស្គាល់​កំហុស ហើយ​ចេះ​សុំ​ទោស

□ ផ្សេង​ទៀត ․․․․․

សូម​តាំង​ចិត្ត​ធ្វើ​តាម​ចំណុច​ដែល​ប្អូន​បាន​គូស ដើម្បី​បង្ហាញ​ថា​ខ្លួន​គួរ​ឲ្យ​ទុក​ចិត្ត។ ម្យ៉ាង​ទៀត សូម​ធ្វើ​តាម​ពាក្យ​ដាស់​តឿន​ក្នុង​គម្ពីរ​ដែល​ចែង​ថា​៖ ​«​ត្រូវ​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់​ដែល​ស្រប​តាម​អំពើ​ដែល​អ្នក​ធ្វើ​ពី​មុន​»។ (​អេភេសូរ ៤:២២​) ​«​ចូរ​រក្សា​សម្ដី បើ​ថា​‹មែន› គឺ​មែន​»។ (​យ៉ាកុប ៥:១២​) ​«​ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​និយាយ​សេចក្ដី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន​»។ (​អេភេសូរ ៤:២៥​) ​«​ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ក្នុង​គ្រប់​ការ​ទាំង​អស់​»។ (​កូឡុស ៣:២០​) បន្តិច​ម្ដង​ៗ គ្រប់​គ្នា រួម​ទាំង​ឪពុក​ម្ដាយ​របស់​ប្អូន​នឹង​ឃើញ​អ្វី​ដែល​ប្អូន​កំពុង​ព្យាយាម​ធ្វើ។—ធីម៉ូថេ​ទី​១ ៤:១៥

ចុះ​បើ​ប្អូន​ប្រឹង​អស់​ពី​សមត្ថភាព​ហើយ ប៉ុន្តែ​ឪពុក​ម្ដាយ​នៅ​តែ​មិន​ផ្ដល់​សេរី​ភាព​ឲ្យ​សម​នឹង​ការ​ខំ​ប្រឹង​របស់​ប្អូន? សូម​ពិភាក្សា​រឿង​នេះ​ជា​មួយ​ពួក​គាត់។ ជា​ជាង​ត្អូញត្អែរ​ថា​ពួក​គាត់​ត្រូវ​ទុក​ចិត្ត​ប្អូន​ថែម​ទៀត សូម​សួរ​ពួក​គាត់​ដោយ​ការ​គោរព​អំពី​អ្វី​ដែល​ពួក​គាត់​គិត​ថា​ប្អូន​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​ពី​ពួក​គាត់។ បន្ទាប់​មក សូម​ពន្យល់​យ៉ាង​ច្បាស់​អំពី​មូលហេតុ​ដែល​ប្អូន​សួរ​ពួក​គាត់​អំពី​រឿង​នោះ។

កុំ​រំពឹង​ថា​ឪពុក​ម្ដាយ​នឹង​ធ្វើ​តាម​ការ​ខំ​ប្រឹង​របស់​ប្អូន​ភ្លាម​ៗ។ ពួក​គាត់​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្អូន​នឹង​រក្សា​ពាក្យ​សន្យា​របស់​ប្អូន។ សូម​ប្រើ​ឱកាស​នេះ​ដើម្បី​បញ្ជាក់​ថា ប្អូន​គួរ​ឲ្យ​ទុក​ចិត្ត។ បន្តិច​ម្ដង​ៗ ឪពុក​ម្ដាយ​នឹង​ជឿ​ជាក់​ប្អូន​កាន់​តែ​ខ្លាំង ហើយ​ផ្ដល់​សេរី​ភាព​ឲ្យ​ប្អូន​កាន់​តែ​ច្រើន។ ប៊ីវើលី​ដែល​បាន​រៀប​រាប់​ខាង​លើ និយាយ​បន្ថែម​ថា​៖ ​«​ការ​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត​គឺ​ជា​រឿង​ពិបាក តែ​ការ​ធ្វើ​ឲ្យ​គេ​មិន​ទុក​ចិត្ត​គឺ​ជា​រឿង​ស្រួល។ ឥឡូវ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ឪពុក​ម្ដាយ​ទុក​ចិត្ត​ខ្ញុំ​ម្ដង​ទៀត!​»។

សូម​អាន​ថែម​ទៀត​អំពី​ប្រធាន​បទ​នេះ ក្នុង​ជំពូក​ទី​២២ ក្បាល​ទី​២

នៅ​ជំពូក​បន្ទាប់

ពេល​ឪពុក​ម្ដាយ​លែង​លះ​គ្នា នោះ​ហាក់​ដូច​ជា​មេឃ​រលំ​ភ្នំ​រលាយ។ បើ​ប្អូន​មាន​ស្ថានភាព​ដូច​នោះ តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

[​កំណត់​សម្គាល់​]

a ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​ជំពូក​ទី​៧​ក្នុង​សៀវភៅ​នេះ។

បទ​គម្ពីរ​សំខាន់

​«​កុំ​ប្រើ​សេរី​ភាព​របស់​អ្នក​រាល់​គ្នា​ជា​វិធី​បិទ​បាំង​អំពើ​អាក្រក់​ឡើយ​»។—ពេត្រុស​ទី​១ ២:១៦

យោបល់

ជា​ជាង​ប្រៀប​ធៀប​កម្រិត​សេរី​ភាព​របស់​ប្អូន​ជា​មួយ​នឹង​បង​ៗ​របស់​ប្អូន សូម​ប្រៀប​ធៀប​កម្រិត​សេរី​ភាព​ដែល​ប្អូន​មាន​ពេល​នៅ​ក្មេង ជា​មួយ​នឹង​សេរី​ភាព​ដែល​ប្អូន​មាន​នៅ​ពេល​នេះ។

តើ​ប្អូន​ដឹង​ទេ . . . ?

ឪពុក​ម្ដាយ​ដែល​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន នឹង​មិន​បណ្ដោយ​កូន​ឲ្យ​មាន​សេរី​ភាព​ធ្វើ​តាម​ចិត្ត​ទេ។

គម្រោង​អនុវត្ត!

ខ្ញុំ​ចង់​ឲ្យ​ឪពុក​ម្ដាយ​ជឿ​ទុក​ចិត្ត​ខ្ញុំ​ថែម​ទៀត ក្នុង​រឿង ․․․․․

បើ​ឪពុក​ម្ដាយ​លែង​ទុក​ចិត្ត​ខ្ញុំ ខ្ញុំ​នឹង ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ទោះ​ជា​ប្អូន​ខំ​ព្យាយាម​បង្ហាញ​ថា​ប្អូន​គួរ​ឲ្យ​ទុក​ចិត្ត​ក៏​ដោយ ហេតុ​អ្វី​ឪពុក​ម្ដាយ​នៅ​តែ​មិន​ផ្ដល់​សេរី​ភាព​ឲ្យ​ប្អូន​ច្រើន​ជាង?

● តើ​ការ​ចេះ​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជា​មួយ​ឪពុក​ម្ដាយ​នឹង​ជួយ​ប្អូន​ឲ្យ​ទទួល​បាន​សេរី​ភាព​ច្រើន​ជាង​យ៉ាង​ដូច​ម្ដេច?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៤​]

​«​ដាយអានណា ប្រាប់​ថា​៖ ‹ពេល​និយាយ​ជា​មួយ​ឪពុក​ម្ដាយ ខ្ញុំ​ប្រាប់​ពួក​គាត់​ទាំង​អស់​អំពី​បញ្ហា​និង​កង្វល់​របស់​ខ្ញុំ។ ខ្ញុំ​គិត​ថា​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​ស្រួល​ទុក​ចិត្ត​ខ្ញុំ​ជាង›​»​

[​រូប​/​រូបភាព​នៅ​ទំព័រ​២៣​]

ការ​ផ្លាស់​ប្ដូរ​ទៅ​ជា​មនុស្ស​ពេញ​វ័យ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត គឺ​ប្រៀប​ដូច​ជា​ការ​ឡើង​ជណ្ដើរ​ម្ដង​មួយ​កាំ​ៗ​ក្នុង​គ្រា​វ័យ​ជំទង់

[​រូប​]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​សៀវភៅ)

ពេញ​វ័យ

វ័យ​ជំទង់

កុមារភាព