លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើធ្វើយ៉ាងណាទើបដឹងថាជាស្នេហ៍ពិត?

តើធ្វើយ៉ាងណាទើបដឹងថាជាស្នេហ៍ពិត?

ជំពូក​ទី​២៩

តើ​ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​ជា​ស្នេហ៍​ពិត?

សូម​ឆ្លើយ​សំណួរ​ដូច​ខាង​ក្រោម​៖

១. តើ​ប្អូន​គិត​ថា​«​ស្នេហា​»​ជា​អ្វី? ․․․․․

២. តើ​ប្អូន​គិត​ថា​«​ការ​ឈ្លក់​វង្វេង​»​ជា​អ្វី? ․․․․․

៣. តើ​ប្អូន​គិត​ថា​ស្នេហា​និង​ការ​ឈ្លក់​វង្វេង​ខុស​គ្នា​យ៉ាង​ណា? ․․․․․

តាម​មើល​ទៅ ចម្លើយ​គឺ​មិន​ពិបាក​ឆ្លើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ ពេល​គិត​អំពី​ទ្រឹស្ដី នោះ​ស្រួល​ឲ្យ​ប្អូន​មើល​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​ស្នេហា​និង​ការ​ឈ្លក់​វង្វេង។

ប៉ុន្តែ ពេល​ប្អូន​ជួប​មនុស្ស​ក្នុង​ក្ដី​ស្រមៃ នោះ​ប្អូន​លែង​មើល​ឃើញ​ពី​ភាព​ខុស​គ្នា​ទៀត​ហើយ។ ភ្លាម​ៗ ប្អូន​លង់​ស្នេហ៍​គេ​យ៉ាង​ខ្លាំង ហើយ​លែង​ខ្វល់​ពី​អ្វី​ទៀត។ តើ​ប្អូន​ដឹង​យ៉ាង​ដូច​ម្ដេច​ថា នោះ​ជា​ស្នេហា ឬ​ជា​ការ​ឈ្លក់​វង្វេង? មុន​នឹង​ឆ្លើយ​សំណួរ​នេះ សូម​ប្អូន​គិត​អំពី​របៀប​ដែល​ទស្សនៈ​របស់​ប្អូន​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ។ ជា​ឧទាហរណ៍ សូម​ពិចារណា​សំណួរ​ខាង​ក្រោម​៖

● ពេល​ប្អូន​អាយុ​ប្រាំ​ឆ្នាំ តើ​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ?

ចុះ​ឥឡូវ តើ​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ?

ចម្លើយ​របស់​ប្អូន​បង្ហាញ​ថា ពេល​ប្អូន​ឈាន​ដល់​ភាព​យុវវ័យ ប្អូន​មាន​ទស្សនៈ​ផ្សេង​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ។ ប្អូន​ប្រាយអេន អាយុ​១២​ឆ្នាំ និយាយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ថា​ក្មេង​ស្រី​ៗ​កាន់​តែ​ស្អាត​ជាង​មុន​»។ ប្អូន​អ៊ីឡេន អាយុ​១៦​ឆ្នាំ បាន​រំលឹក​អំពី​ការ​ផ្លាស់​ប្ដូរ​ដែល​នាង​បាន​ជួប​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ថា​៖ ​«​មិត្ត​ភក្តិ​ស្រី​ៗ​របស់​ខ្ញុំ​ចាប់​ផ្ដើម​និយាយ​អំពី​មនុ​ស​ប្រុស។ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​ឃើញ​ថា​ក្មេង​ប្រុស​ទាំង​អស់​មាន​ភាព​ទាក់​ទាញ​»។

ចុះ​ឥឡូវ បើ​ប្អូន​កំពុង​ចាប់​ចិត្ត​លើ​មនុស្ស​ភេទ​ផ្ទុយ តើ​ប្អូន​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​អារម្មណ៍​ដ៏​ខ្លាំង​នេះ? សូម​កុំ​ព្យាយាម​ធ្វើ​មិន​ដឹង​មិន​ឮ​នឹង​អារម្មណ៍​របស់​ខ្លួន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប្អូន​កាន់​តែ​ពិបាក។ ផ្ទុយ​ទៅ​វិញ សូម​ប្រើ​ឱកាស​នេះ​ដើម្បី​ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ភាព​ទាក់​ទាញ ការ​ឈ្លក់​វង្វេង និង​ស្នេហា។ ពេល​ប្អូន​យល់​ដឹង​អំពី​ភាព​ខុស​គ្នា​នៃ​អារម្មណ៍​ទាំង​បី​នេះ នោះ​ប្អូន​អាច​គេច​ផុត​ពី​ការ​ឈឺ​ចិត្ត​ឥត​អំពើ ហើយ​ក្រោយ​មក​ប្អូន​ប្រហែល​ជា​នឹង​ជួប​ស្នេហ៍​ពិត។

ភាព​ទាក់​ទាញផ្អែក​ទៅ​លើ​ការ​មើល​ឃើញ

ប្អូន​អាឡិច ប្រាប់​ថា​៖«​ខ្ញុំ​និង​មិត្ត​ភក្តិ​ចូល​ចិត្ត​និយាយ​អំពី​មនុស្ស​ស្រី។ តាម​ពិត យើង​ក៏​ព្យាយាម​ផ្លាស់​ប្ដូរ​ប្រធានបទ​ដែរ ប៉ុន្តែ​ឲ្យ​តែ​មាន​ស្រី​ស្អាត​ដើរ​កាត់ យើង​ក៏​ភ្លេច​ថា​អម្បាញ់មិញ​យើង​កំពុង​និយាយ​គ្នា​អំពី​រឿង​អ្វី​»។

ប្អូន​ឡូរី ប្រាប់​ថា​៖«​ពេល​មាន​បុរស​ណា​ម្នាក់​សម្លឹង​មុខ​ខ្ញុំ​ទាំង​ញញឹម​ស្រស់ ហើយ​ដើរ​ចូល​មក​ដោយ​មាន​ភាព​ជឿ​ជាក់ នោះ​ពិត​ជា​ទាក់​ទាញ​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់​»។

ជា​រឿង​ធម្មតា​ទេ​ដែល​ស្រី​ស្អាត ឬ​ប្រុស​សង្ហា​ទាក់​ទាញ​ចិត្ត​ប្អូន។ ប៉ុន្តែ បញ្ហា​នៅ​ត្រង់​ថា​អ្វី​ដែល​ភ្នែក​មើល​ឃើញ និង​ការ​ពិត មិន​តែង​តែ​ដូច​គ្នា​ទេ។ ហេតុ​អ្វី? ពីព្រោះ​អ្វី​ដែល​យើង​មើល​ឃើញ​អាច​បោក​បញ្ឆោត​យើង។ គម្ពីរ​ចែង​ថា​៖ ​«​ស្ត្រី​ស្រស់​ស្អាត​ដែល​មិន​ចេះ​គិត​ពិចារណា ប្រៀប​ដូច​ជា​ក្រវិល​មាស​ដែល​ពាក់​នៅ​ច្រមុះ​ជ្រូក​»។ (​សុភាសិត ១១:២២​) គោល​ការណ៍​នេះ​ក៏​អនុវត្ត​ចំពោះ​មនុស្ស​ប្រុស​ដែរ។

ការ​ឈ្លក់​វង្វេងផ្អែក​ទៅ​លើ​អារម្មណ៍

ប្អូន​អ៊ីឡេន រៀប​រាប់​ថា​៖«​ពេល​ខ្ញុំ​អាយុ​១២​ឆ្នាំ ខ្ញុំ​បាក់​ចិត្ត​ខ្លាំង​លើ​ក្មេង​ប្រុស​ម្នាក់ តែ​យូរ​ៗ​ទៅ​ខ្ញុំ​ក៏​ដឹង​អំពី​មូលហេតុ​ដែល​ខ្ញុំ​ចូល​ចិត្ត​គាត់។ នេះ​ដោយ​សារ​មិត្ត​ភក្តិ​ខ្ញុំ​ទាំង​អស់​សុទ្ធ​តែ​ចាប់​អារម្មណ៍​មនុស្ស​ប្រុស។ ដូច្នេះ ខ្ញុំ​ក៏​ធ្វើ​តាម​គេ!​»។

ប្អូន​ម៉ាក រៀប​រាប់​ថា​៖«​ខ្ញុំ​លង់​ស្នេហ៍​មនុស្ស​ស្រី​អស់​ជា​ច្រើន​លើក ប៉ុន្តែ​ភាគ​ច្រើន​គឺ​ដោយ​សារ​រូប​សម្ផស្ស​របស់​នាង។ រាល់​លើក​បន្ទាប់​ពី​បាន​ឃើញ​អត្តចរិត​របស់​នាង ខ្ញុំ​ដឹង​ច្បាស់​ថា​យើង​មិន​សម​គ្នា​ដូច​ដែល​ខ្ញុំ​ធ្លាប់​គិត​នោះ​ទេ​»។

ការ​ឈ្លក់​វង្វេង​ជា​អារម្មណ៍ ដែល​ស្រដៀង​គ្នា​នឹង​ស្នេហា ព្រោះ​អារម្មណ៍​ទាំង​ពីរ​រួម​បញ្ចូល​មនោសញ្ចេតនា។ ប៉ុន្តែ អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ទាំង​ពីរ​នេះ​គឺ​ខុស​គ្នា​ទាំង​ស្រុង។ ការ​ឈ្លក់​វង្វេង​កើត​ឡើង​ពី​អារម្មណ៍​មួយ​ឆាវ​ចំពោះ​រូប​សម្រស់ នេះ​ធ្វើ​ឲ្យ​យើង​ខ្វាក់​ភ្នែក​មើល​មិន​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​គេ ហើយ​រហូត​ដល់​និយាយ​បំផ្លើស​អំពី​ចំណុច​ខ្លាំង​របស់​គេ​ទៀត​ផង។ សរុប​ទៅ នេះ​ប្រៀប​ដូច​ជា​ប្រាសាទ​សង់​ពី​ខ្សាច់​ដែល​ងាយ​នឹង​រលំ។ យុវតី​ម្នាក់​ឈ្មោះ​ហ្វីអូណា និយាយ​ថា​៖ ​«​ស្នេហា​បែប​នេះ​នៅ​មិន​បាន​យូរ​ទេ។ ថ្ងៃ​នេះ​អ្នក​ស្រឡាញ់​ម្នាក់​នេះ មួយ​ខែ​ក្រោយ​អ្នក​ស្រឡាញ់​ម្នាក់​នោះ!​»។

ស្នេហាផ្អែក​ទៅ​លើ​ការ​ស្គាល់​គ្នា

ប្អូន​ដាវីឌ រៀប​រាប់​ថា​៖«​តាម​គំនិត​ខ្ញុំ បើ​ស្រឡាញ់​អ្នក​ណា​ម្នាក់ នោះ​ត្រូវ​មាន​មូលហេតុ​ត្រឹម​ត្រូវ មិន​មែន​ជា​មូលហេតុ​ដែល​អាត្មា​និយម​ទេ​»។

ប្អូន​ជូឌិត រៀប​រាប់​ថា​៖«​ខ្ញុំ​គិត​ថា បើ​ជា​ស្នេហ៍​ពិត អារម្មណ៍​ស្រឡាញ់​នឹង​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដំបូង ត្រូវ​ជា​មិត្ត​ល្អ​នឹង​គ្នា​សិន។ បន្ទាប់​មក ពេល​ដែល​ស្គាល់​គ្នា​កាន់​តែ​ច្រើន នោះ​នឹង​ធ្វើ​ឲ្យ​ចូល​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង ជា​អារម្មណ៍​ដែល​ខុស​គ្នា​ពេល​ជួប​លើក​ដំបូង​»។

ស្នេហា​កើត​ចេញ​ពី​ការ​ស្វែង​យល់​អំពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ ហេតុ​នេះ​ហើយ​បាន​ជា​គម្ពីរ​ពណ៌នា​ថា សេចក្ដី​ស្រឡាញ់​មិន​គ្រាន់​តែ​ជា​អារម្មណ៍​ប៉ុណ្ណោះ​ទេ តែ​សេចក្ដី​ស្រឡាញ់​ក៏​រួម​បញ្ចូល​«​ចិត្ត​អត់​ធ្មត់ ហើយ​សប្បុរស . . . អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់ ជឿ​អ្វី​ៗ​ទាំង​អស់ សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់ ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ​»។ (​កូរិនថូស​ទី​១ ១៣:៤, ៧, ៨​) សេចក្ដី​ស្រឡាញ់​ជំរុញ​មនុស្ស​ម្នាក់​ឲ្យ​មាន​ចិត្ត​គំនិត​ទាំង​នេះ ដោយ​ផ្អែក​លើ​ការ​ស្វែង​យល់​ពី​គ្នា មិន​មែន​ធ្វើ​តាម​តែ​អារម្មណ៍​របស់​ខ្លួន​ដោយ​ងងឹត​ងងុល​ទេ។

គំរូ​អំពី​ស្នេហ៍​ពិត

កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​យ៉ាកុប​និង​រ៉ាជែល​បង្ហាញ​យ៉ាង​ច្បាស់​ថា ស្នេហ៍​ពិត​ជា​អ្វី។ ពួក​គាត់​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ឯ​អណ្ដូង​ទឹក កាល​ដែល​រ៉ាជែល​កំពុង​ដង​ទឹក​ឲ្យ​ចៀម​របស់​ឪពុក​នាង។ យ៉ាកុប​ចាប់​អារម្មណ៍​នាង​ភ្លាម​ៗ។ ហេតុ​អ្វី? មូលហេតុ​មួយ គឺ​នាង​មាន​«​រូប​ឆោម​ស្រស់​ស្អាត​ណាស់​»។—ដើម​កំណើត ២៩:១៧

យ៉ាង​ណា​ក៏​ដោយ ស្នេហ៍​ពិត​គឺ​លើស​ពី​រូប​រាង។ យ៉ាកុប​បាន​ឃើញ​អ្វី​ដែល​មាន​តម្លៃ​ជាង​រូប​សម្រស់​របស់​រ៉ាជែល។ គម្ពីរ​ចែង​ថា​មិន​យូរ​ក្រោយ​មក យ៉ាកុប​«​ស្រឡាញ់​រ៉ាជែល​»​ មិន​មែន​គ្រាន់​តែ​ជា​ការ​ចាប់​អារម្មណ៍​នាង​ប៉ុណ្ណោះ​ទេ។—ដើម​កំណើត ២៩:១៨

តើ​ដំណើរ​រឿង​នេះ​បញ្ចប់​ដោយ​មនោសញ្ចេតនា​ស្នេហា​ប៉ុណ្ណោះ​ឬ? មិន​មែន​ទេ។ ឪពុក​របស់​រ៉ាជែល​បាន​តម្រូវ​ឲ្យ​យ៉ាកុប​រង់​ចាំ​អស់​៧​ឆ្នាំ មុន​នឹង​យ៉ាកុប​អាច​រៀប​ការ​ជា​មួយ​រ៉ាជែល​បាន។ ទោះ​ជា​នេះ​យុត្តិធម៌​ឬ​មិន​យុត្តិធម៌​ក្ដី ស្នេហា​របស់​យ៉ាកុប​បាន​ត្រូវ​សាក​ល្បង។ បើ​នោះ​គ្រាន់​តែ​ជា​ការ​ឈ្លក់​វង្វេង យ៉ាកុប​ច្បាស់​ជា​មិន​ទ្រាំ​ពិបាក​ចាំ​រ៉ាជែល​ឡើយ។ មាន​តែ​ស្នេហា​ពិត​ទេ​ដែល​អាច​ពុះ​ពារ​នឹង​ការ​ពិបាក​ដ៏​យូរ​បាន។ ដូច្នេះ តើ​មាន​លទ្ធផល​អ្វី? គម្ពីរ​ចែង​ថា​៖ ​«​យ៉ាកុប​ព្រម​ធ្វើ​ការ​ឲ្យ​ឡាបាន់​៧​ឆ្នាំ ដើម្បី​រៀប​ការ​ជា​មួយ​នឹង​រ៉ាជែល។ ប៉ុន្តែ ចំពោះ​គាត់​រយៈ​ពេល​នោះ​ប្រៀប​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដោយ​សារ​គាត់​ស្រឡាញ់​នាង​ខ្លាំង​ណាស់​»។—ដើម​កំណើត ២៩:២០

តើ​ប្អូន​អាច​រៀន​អ្វី​ពី​គំរូ​របស់​យ៉ាកុប​និង​រ៉ាជែល? មេ​រៀន​គឺ​ស្នេហ៍​ពិត ទោះ​ជា​ត្រូវ​រង​ការ​ពិបាក​និង​ត្រូវ​ចាំ​យូរ​ប៉ុណ្ណា ក៏​មិន​បោះ​បង់​ដែរ។ បន្ថែម​ទៅ​ទៀត ស្នេហ៍​ពិត​មិន​ផ្អែក​ទៅ​លើ​តែ​រូប​សម្រស់​នោះ​ឡើយ។ ជួន​កាល គូ​អនាគត​របស់​ប្អូន ប្រហែល​មិន​មែន​ជា​អ្នក​ដែល​ប្អូន​ចាប់​អារម្មណ៍​ពី​ដំបូង​ឡើយ។ ជា​ឧទាហរណ៍ ប្អូន​បាប្រឺ​បាន​និយាយ​ថា ពេល​នាង​ជួប​បុរស​ម្នាក់​ឈ្មោះ​ស្ទីវើន ដំបូង​គាត់​គ្មាន​ភាព​ទាក់​ទាញ​សោះ ហើយ​នាង​រំលឹក​រឿង​របស់​នាង​ថា​៖ ​«​ប៉ុន្តែ ពេល​ខ្ញុំ​ស្គាល់​គាត់​កាន់​តែ​ច្បាស់ អ្វី​ៗ​ក៏​ផ្លាស់​ប្ដូរ។ ខ្ញុំ​ឃើញ​ថា​ស្ទីវើន​តែង​តែ​យក​ចិត្ត​ទុក​ដាក់ ហើយ​គិត​ប្រយោជន៍​អ្នក​ឯ​ទៀត​មុន​ខ្លួន​ឯង។ ស្វាមី​ល្អ​ត្រូវ​តែ​មាន​គុណ​សម្បត្តិ​ទាំង​នេះ។ ដូច្នេះ ខ្ញុំ​ចាប់​ផ្ដើម​ចូល​ចិត្ត​គាត់ រហូត​ដល់​ស្រឡាញ់​គាត់​»។ ទី​បំផុត ពួក​គាត់​បាន​រៀប​ការ ហើយ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​មាន​សុភមង្គល។

ពេល​ប្អូន​មាន​ភាព​ចាស់​ទុំ​ល្មម​នឹង​រៀប​ការ តើ​ប្អូន​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ប្អូន​បាន​រក​ឃើញ​ស្នេហ៍​ពិត? ជា​ជាង​ធ្វើ​តាម​បេះ​ដូង សូម​ទុក​ចិត្ត​លើ​សមត្ថភាព​វិនិច្ឆ័យ​របស់​ប្អូន​ដែល​បាន​ត្រូវ​បង្ហាត់​បង្រៀន​ពី​គម្ពីរ។ ប្អូន​គួរ​ស្គាល់​អំពី​បុគ្គលិក​លក្ខណៈ​និង​អត្តចរិត​របស់​បុគ្គល​ដែល​ប្អូន​ចាប់​អារម្មណ៍​ឲ្យ​បាន​ច្បាស់​លាស់ ដោយ​ចំណាយ​ពេល​ដើម្បី​យល់​ពី​គ្នា​ឲ្យ​កាន់​តែ​ច្រើន។ សូម​ចាំ​ថា ការ​ឈ្លក់​វង្វេង​នឹង​រសាត់​បាត់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ប៉ុន្តែ​ស្នេហ៍​ពិត​នឹង​កាន់​តែ​រឹង​មាំ​កាល​ដែល​ពេល​វេលា​កន្លង​ទៅ រួច​ប្រែ​ក្លាយ​ជា​«​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ល្អ​ឥត​ខ្ចោះ​»។—កូឡុស ៣:១៤

ប្រាកដ​ណាស់ ប្អូន​អាច​រក​ឃើញ​ស្នេហ៍​ពិត​បាន បើ​ប្អូន​មិន​ផ្ដោត​ទៅ​លើ​ភាព​ទាក់​ទាញ (​ឬ​ផ្អែក​ទៅ​លើ​ការ​មើល​ឃើញ​) និង​ការ​ឈ្លក់​វង្វេង (​ឬ​ផ្អែក​ទៅ​លើ​អារម្មណ៍​)។ បី​ទំព័រ​បន្ត​បន្ទាប់​នេះ​នឹង​ជួយ​ប្អូន​ឲ្យ​ធ្វើ​ដូច្នេះ។

សូម​អាន​ប្រធានបទ​នេះ​ថែម​ទៀត នៅ​ជំពូក​ទី​១ និង​ទី​៣ ក្នុង​ក្បាល​ទី​២

នៅ​ជំពូក​បន្ទាប់

ចុះ​បើ​ប្អូន​បាន​រក​ឃើញ​ស្នេហ៍​ពិត​ហើយ តើ​ប្អូន​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ប្អូន​បាន​ត្រៀម​ខ្លួន​សម្រាប់​រៀប​ការ?

បទ​គម្ពីរ​សំខាន់

​«​រលក​បោក​បក់​មិន​អាច​ពន្លត់​សេចក្ដី​ស្រឡាញ់​បាន​ទេ ហើយ​ទឹក​ទន្លេ​ក៏​មិន​អាច​បំផ្លាញ​សេចក្ដី​ស្រឡាញ់​បាន​ដែរ​»។—បទ​ចម្រៀង​សាឡូម៉ូន ៨:៧

យោបល់

ដើម្បី​ដឹង​ថា​ប្អូន​ពិត​ជា​ស្គាល់​មនុស្ស​ដែល​ប្អូន​កំពុង​ចាប់​អារម្មណ៍​ច្បាស់​ប៉ុណ្ណា សូម​ឆ្លើយ​សំណួរ​នៅ​ក្នុង​ក្រដាស​លំហាត់​ក្នុង​ក្បាល​ទី​២ ទំព័រ​៣៩​(​សម្រាប់​យុវតី​) និង​ទំព័រ​៤០​(​សម្រាប់​យុវជន​)។

តើ​ប្អូន​ដឹង​ទេ . . . ?

យុវវ័យ​ដែល​ងាយ​ចាប់​ផ្ដើម​និង​ងាយ​បញ្ចប់​ទំនាក់​ទំនង​ស្នេហា គឺ​ប្រៀប​ដូច​ជាគាត់​«​កំពុង​ហាត់សម​»​ដើម្បី​លែង​លះ​ក្រោយ​រៀប​ការ។

គម្រោង​អនុវត្ត!

ដើម្បី​ដឹង​ថា​អារម្មណ៍​របស់​ខ្ញុំ​គឺ​ជា​ស្នេហា​ឬ​ជា​ការ​ឈ្លក់​វង្វេង នោះ​ខ្ញុំ​នឹង ․․․․․

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​ព្រះ​បង្កើត​មនុស្ស​ឲ្យ​មាន​អារម្មណ៍​ខ្លាំង​បែប​នេះ​ចំពោះ​បុគ្គល​ភេទ​ផ្ទុយ?

● ហេតុ​អ្វី​មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​នាក់​បរាជ័យ​ក្នុង​រឿង​«​ស្នេហា​»​?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២០៧​]

​«​ប្អូន​ដានយេឡា ប្រាប់​ថា​៖ ‹សេចក្ដី​ស្រឡាញ់​អាច​ជម្នះ​ឧបសគ្គ​បាន តែ​ការ​ឈ្លក់​វង្វេង​នឹង​រលត់​ទៅ​វិញ​ភ្លាម​ៗ ពេល​ដែល​ស្ថានភាព​ផ្លាស់​ប្ដូរ ឬ​បញ្ហា​កើត​ឡើង។ ស្នេហ៍​ពិត​ត្រូវ​ការ​ពេល​វេលា›​»​

[​ប្រអប់​នៅ​ទំព័រ​២០៩​]

ក្រដាស​លំហាត់

តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

យុវជន​ឈ្មោះ​ម៉ៃឃឺល​និង​យុវតី​ឈ្មោះ​ជូឌី​បាន​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​បី​ខែ​ហើយ។ ជូឌី​និយាយ​ថា នាង​ស្រឡាញ់​ម៉ៃឃឺល​បាត់​មុខ​មិន​បាន។ ចំណែក​ម៉ៃឃឺល​វិញ ស្រឡាញ់​នាង​ស្ទើរ​លេប គាត់​ថែម​ទាំង​ប្រាប់​នាង​អំពី​របៀប​ដែល​នាង​គួរ​ស្លៀក​ពាក់ និង​គួរ​រាប់​អាន​មនុស្ស​បែប​ណា។ គាត់​ចាត់​ទុក​ជូឌី​ដូច​ជា​ព្រះ​នាង។ ប៉ុន្តែ កាល​ពី​សប្ដាហ៍​មុន គាត់​បាន​ទះ​កំផ្លៀង​ជូឌី បន្ទាប់​ពី​«​ឃើញ​»​នាង​និយាយ​ជា​មួយ​ប្រុស​ផ្សេង។

ម៉ៃឃឺល​ប្រាប់​ថា​៖ ​«​ជូឌី​គួរ​តែ​ដឹង​ថា ខ្ញុំ​ខ្លាច​បាត់​បង់​នាង​ខ្លាំង​ប៉ុណ្ណា។ គ្រាន់​តែ​ស្រមៃ​ឃើញ​មាន​ប្រុស​ផ្សេង​ដណ្ដើម​នាង​ចេញ​ពី​ខ្ញុំ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​ឆ្កួត​ទៅ​ហើយ! សូម្បី​តែ​ពេល​នាង​សម្លឹង​មើល​ប្រុស​ផ្សេង ក៏​ខ្ញុំ​ទ្រាំ​មិន​បាន​ដែរ។ តាម​ពិត ខ្ញុំ​ឈឺ​ចិត្ត​ណាស់​ដែល​ជ្រុល​ដៃ​ទះ​កំផ្លៀង​នាង។ ប៉ុន្តែ ខ្ញុំ​បាន​សុំ​ទោស​នាង​រួច​ហើយ!​»។

ជូឌី​ប្រាប់​ថា​៖ ​«​ប៉ា​ម៉ាក់​ខ្ញុំ​និយាយ​ថា ម៉ៃឃឺល​កំពុង​ត្រួត​ត្រា​ខ្ញុំ។ តែ​ខ្ញុំ​គិត​ថា ម៉ៃឃឺល​គ្រាន់​តែ​មាន​ស្តង់ដារ​ខ្ពស់​ប៉ុណ្ណោះ។ គាត់​មិន​ដែល​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​ខុស​សីលធម៌​ឡើយ។ គាត់​ទះ​កំផ្លៀង​ខ្ញុំ ព្រោះ​តែ​គាត់​ប្រច័ណ្ឌ​ខ្ញុំ។ ខ្ញុំ​មិន​បាន​ប្រាប់​រឿង​នោះ​ដល់​ប៉ា​ម៉ាក់​ទេ។ ប៉ុន្តែ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ម៉ៃឃឺល​ប្រច័ណ្ឌ​ខ្ញុំ នេះ​គឺ​ដោយ​សារ​គាត់​ស្រឡាញ់​ខ្ញុំ។ គាត់​បាន​សុំ​ទោស​ខ្ញុំ ហើយ​សន្យា​ថា​នឹង​មិន​ធ្វើ​ដូច្នោះ​ម្ដង​ទៀត​ឡើយ​»។

គំនិត​របស់​ប្អូន​៖ តើ​ប្អូន​ឃើញ​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា​ទំនាក់​ទំនង​រវាង​ម៉ៃឃឺល​និង​ជូឌី​មាន​បញ្ហា​ឬ​ទេ? បើ​មែន តើ​មាន​សញ្ញា​អ្វី​ខ្លះ? ․․․․․

តើ​ជូឌី​គួរ​ធ្វើ​អ្វី? ․․․․․

បើ​ជា​ប្អូន​វិញ តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា? ․․․․․

[​ប្រអប់​នៅ​ទំព័រ​២១០​]

ក្រដាស​លំហាត់

តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

យុវជន​អ៊ីថាន​និង​យុវតី​អាលីសឺ​បាន​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​ពីរ​ខែ។ អ៊ីថាន​បាន​សម្គាល់​ឃើញ​ថា​អាលីសឺ​មាន​ទម្លាប់​ឈ្លោះ​ប្រកែក ជា​ពិសេស​ជា​មួយ​ប៉ា​ម៉ាក់​របស់​នាង​តែ​ម្ដង។ រាល់​ដង នាង​តែង​តែ​ឈ្នះ​ពួក​គាត់។ នាង​ពូកែ​ខាង​ប្រកែក​តវ៉ា រហូត​ដល់​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​ហត់​នឿយ​ក្នុង​ការ​និយាយ​ជា​មួយ​នាង។ នាង​បាន​អួត​ប្រាប់​អ៊ីថាន​ថា​«​ប៉ា​ម៉ាក់​នាង​ស្ដាប់​តាម​នាង​ទាំង​អស់​»។

អ៊ីថាន​ប្រាប់​ថា​៖ ​«​អាលីសឺ​ជា​មនុស្ស​គិត​អី និយាយ​ហ្នឹង។ នាង​មិន​ស្ដាប់​អ្នក​ណា​ឡើយ សូម្បី​តែ​ប៉ា​ម៉ាក់​របស់​នាង។ តាម​ពិត ប៉ា​របស់​នាង​ជា​មនុស្ស​គួរ​ឲ្យ​ធុញ ដូច្នេះ​មិន​ប្លែក​ទេ​ដែល​អាលីសឺ​ខឹង​គាត់។ នៅ​ពេល​នាង​ចង់​បាន​អ្វី​មួយ នាង​មិន​គ្រាន់​តែ​ស្រែក​ប៉ុណ្ណោះ​ទេ ពេល​ខ្លះ​នាង​ធ្វើ​ជា​យំ ធ្វើ​ជា​ក្រៀម​ក្រំ ឬ​ធ្វើ​ជា​ឱប រហូត​ដល់​ប៉ា​ម៉ាក់​ធ្វើ​តាម​ចិត្ត​នាង​»។

អាលីសឺ​ប្រាប់​ថា​៖ ​«​ខ្ញុំ​មិន​ខ្វល់​ថា​អ្នក​ជា​នរណា មក​ពី​ណា ឬ​ធំ​ប៉ុណ្ណា​ទេ។ ខ្ញុំ​ចូល​ចិត្ត​និយាយ​ត្រង់ មិន​ចេះ​និយាយ​ផ្អែម​ឡើយ។ អ៊ីថាន​ដែល​ជា​សង្សារ​ខ្ញុំ ដឹង​ថា​ខ្ញុំ​ជា​មនុស្ស​បែប​ណា។ គាត់​បាន​ឃើញ​ហើយ​ថា​ខ្ញុំ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ប៉ា​ម៉ាក់​ខ្ញុំ​»។

គំនិត​របស់​ប្អូន​៖ តើ​ប្អូន​ឃើញ​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ថា​ទំនាក់​ទំនង​រវាង​អ៊ីថាន​និង​អាលីសឺ​មាន​បញ្ហា​ឬ​ទេ? បើ​មែន តើ​មាន​សញ្ញា​អ្វី​ខ្លះ? ․․․․․

តើ​អ៊ីថាន​គួរ​ធ្វើ​អ្វី? ․․․․․

បើ​ជា​ប្អូន​វិញ តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា? ․․․․․

[​ប្រអប់​នៅ​ទំព័រ​២១១​]

ក្រដាស​លំហាត់

តើ​នេះ​ជា​ស្នេហា ឬ​ជា​ការ​ឈ្លក់​វង្វេង?

សូម​សាក​ល្បង​បំពេញ​ចន្លោះ​ក្នុង​ប្រយោគ​ខាង​ក្រោម ដោយ​សរសេរ​ពាក្យ​ស្នេហា ឬ​ពាក្យ​ការ​ឈ្លក់​វង្វេង។

១. ខាលវិន​ប្រាប់​ថា​៖ ​«​․․․․․ គឺ​ជា​ការ​មិន​ព្រម​មើល​ឃើញ​ពី​ការ​ពិត ឬ​បដិសេធ​ថា​វា​មិន​មែន​ជា​ការ​ពិត​ឡើយ​»។

២. ថូម៉ាស់​ប្រាប់​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​ជិត​នារី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍ ខ្ញុំ​រៀប​ឫក​ជា​មនុស្ស​ផ្សេង នោះ​គឺ​ជា ․․․․․​»។

៣. រ៉ាយអិន​ប្រាប់​ថា​៖ ​«​បុគ្គល​នោះ​អាច​មាន​លក្ខណៈ​ខ្លះ​ដែល​អ្នក​មិន​សូវ​ចូល​ចិត្ត។ ប៉ុន្តែ បើ​ជា ․․․․․ អ្នក​នឹង​បន្ត​ស្វែង​យល់​ពី​គាត់ ហើយ​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​»។

៤. ខ្លោឌៀ​ប្រាប់​ថា​៖ ​«​បើ​ជា ․․․․․ នោះ​អ្នក​ច្បាស់​ជា​គិត​តែ​ពី​ចំណុច​ដែល​អ្នក​និង​គាត់​ត្រូវ​គ្នា​ប៉ុណ្ណោះ​»។

៥. អេវ៉ា​ប្រាប់​ថា​៖ ​«​បើ​ជា ․․․․․ យើង​នឹង​មិន​ពុត​ធ្វើ​ជា​មនុស្ស​ផ្សេង​ឡើយ​»។

៦. អាលីសុន​ប្រាប់​ថា​៖ ​«​․․․․․ គឺ​ជា​ការ​គិត​តែ​ពី​ខ្លួន​ឯង ដោយ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ខ្លួន​ចង់​បាន ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ថា​ខ្លួន​មាន​សង្សារ​នឹង​គេ​ដែរ​»។

៧. អេប្រិល​ប្រាប់​ថា​៖ ​«​․․․․․ គឺ​ជា​ការ​ព្រម​ទទួល​យក​ចំណុច​ខ្វះ​ខាត និង​ភាព​ប្លែក​របស់​បុគ្គល​នោះ​»។

៨. ដាវីឌ​ប្រាប់​ថា​៖ ​«​បើ​ជា ․․․․․ អ្នក​មិន​អាច​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ចូល​ចិត្ត​គាត់​ទេ គ្រាន់​តែ​ដឹង​ថា​អ្នក​ចាប់​ចិត្ត​លើ​គាត់​»។

៩. ឆេលស៊ី​ប្រាប់​ថា​៖ ​«​បើ​អ្នក​គិត​ថា​គាត់​មិន​ដែល​ធ្វើ​ខុស​ទេ នោះ​គឺ​ជា ․․․․․​»។

១០. ដានីយ៉ែល​ប្រាប់​ថា​៖ ​«​ពេល​អ្នក​ចង់​ប្រគល់​បេះ​ដូង​ឲ្យ​បុគ្គល​នោះ​តែ​ម្នាក់​ប៉ុណ្ណោះ អ្នក​នឹង​មិន​ចាប់​ចិត្ត​លើ​អ្នក​ផ្សេង​ទៀត​ទេ នោះ​គឺ​ជា ․․․․․​»។

ចម្លើយ​៖ ការ​ឈ្លក់​វង្វេង​គឺ ១, ២, ៤, ៦, ៨, ៩។ ស្នេហា​គឺ ៣, ៥, ៧, ១០។

[​រូបភាព​នៅ​ទំព័រ​២០៦, ២០៧​]

ការ​ឈ្លក់​វង្វេង​ប្រៀប​ដូច​ជា​ប្រាសាទ​ដែល​សង់​ពី​ខ្សាច់ ហើយ​វា​នឹង​រលំ​ទៅ​វិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី