ហេតុអ្វីមិនគួរផឹកស្រាច្រើនពេក?
ជំពូកទី៣៤
ហេតុអ្វីមិនគួរផឹកស្រាច្រើនពេក?
តើប្អូននឹងឆ្លើយយ៉ាងណាចំពោះសំណួរខាងក្រោមនេះ? សូមដាក់សញ្ញា ✔ ជិតចម្លើយរបស់ប្អូន។
តើមានមិត្តណាម្នាក់របស់ប្អូនផឹកស្រាទាំងមិនទាន់គ្រប់អាយុ ឬផឹកច្រើនពេកទេ?
□ មាន □ មិនមាន
តើមានមិត្តភក្តិដែលបង្ខំប្អូនឲ្យផឹកស្រាឬទេ?
□ មាន □ មិនមាន
តើប្អូនធ្លាប់ផឹកស្រាច្រើនពេកឬទេ?
□ មាន □ មិនមាន
តើការផឹកស្រាច្រើនពេកមានន័យដូចម្ដេច? អ្នកខ្លះឲ្យនិយមន័យថា ជាការផឹករហូតដល់ស្រវឹង។ ប៉ុន្តែ របាយការណ៍ពីវិទ្យាស្ថានជាតិនៃការប្រើប្រាស់គ្រឿងស្រវឹងនិងការញៀនស្រារបស់សហរដ្ឋអាម៉េរិកមានភាពជាក់លាក់ជាង ដោយបញ្ជាក់ថា ការផឹកស្រាច្រើនពេកមានន័យថា«ផឹកជាប្រចាំចំនួនប្រាំដបឬច្រើនជាងនេះ(បើជាបុរស) និងបួនដបឬច្រើនជាងនេះ(បើជានារី)» (មួយដបមានចំណុះ៧៥០មីលីលីត្រ)។
តើប្អូនធ្លាប់ចង់ផឹកស្រាច្រើន ឬក៏ផឹកទាំងមិនទាន់គ្រប់អាយុឬទេ? បើមែន មិនមែនមានតែប្អូនឡើយ។ យុវវ័យជាច្រើនក៏ប្រើគ្រឿងស្រវឹងដែរ។ a ប៉ុន្តែ សូមប្អូនសួរខ្លួនថា‹តើអ្វីជាមូលហេតុពិតដែលខ្ញុំចង់ផឹកស្រា? ហើយតើស្រាប៉ះពាល់ដល់ខ្ញុំយ៉ាងដូចម្ដេច?›។ សូមដាក់សញ្ញា ✔ នៅជិតចម្លើយដែលប្អូនបានជ្រើសរើសខាងក្រោម។ បន្ទាប់មក សូមពិចារណាការពិត។
ក. យុវវ័យផឹកស្រាដោយសារតែពួកគេចូលចិត្តរសជាតិរបស់វា។
□ ត្រូវ □ ខុស
ខ. យុវវ័យនៅក្មេងនិងរឹងមាំ ដូច្នេះទោះជាពួកគេផឹកស្រាក៏មិនសូវមានបញ្ហាធ្ងន់ដូចមនុស្សធំដែរ។
□ ត្រូវ □ ខុស
គ. ការផឹកស្រាច្រើនមិននាំឲ្យស្លាប់ទេ។
□ ត្រូវ □ ខុស
ឃ. គម្ពីរហាមប្រើគ្រឿងស្រវឹងទាំងអស់។
□ ត្រូវ □ ខុស
ង. ការផឹកស្រាច្រើនប៉ះពាល់ដល់សុខភាពតែប៉ុណ្ណោះ។
□ ត្រូវ □ ខុស
ក. យុវវ័យផឹកស្រាដោយសារតែពួកគេចូលចិត្តរសជាតិរបស់វា។ ចម្លើយគឺ៖ ខុស។ យោងតាមការស្ទង់មតិអំពីគ្រឿងស្រវឹងនៅប្រទេសអូស្ត្រាលី យុវវ័យជាង៣៦ភាគរយបានឆ្លើយថាមូលហេតុចម្បងដែលពួកគេផឹកស្រា គឺដោយសារចង់ចូលគេចុះ។ ចំណែកនៅសហរដ្ឋអាម៉េរិកវិញ ការស្ទង់មតិបានបង្ហាញថាយុវវ័យ៦៦ភាគរយឆ្លើយថា ពួកគេផឹកស្រាដោយសារមិត្តភក្តិបង្ខំ។ ទោះជាយ៉ាងណាក៏ដោយ ជាងពាក់កណ្ដាលបាននិយាយថា ពួកគេផឹកស្រាគឺដើម្បីបំបាត់ទុក្ខ។
ខ. យុវវ័យនៅក្មេងនិងរឹងមាំ ដូច្នេះទោះជាពួកគេផឹកស្រាក៏មិនសូវមានបញ្ហាធ្ងន់ដូចមនុស្សធំដែរ។ ចម្លើយគឺ៖ ខុស។ អត្ថបទមួយក្នុងទស្សនាវដ្ដីDiscover បានប្រាប់ថា៖ «ការស្រាវជ្រាវថ្មីជាងគេបង្ហាញថា អ្នកដែលផឹកស្រាតាំងពីក្មេងកំពុងបង្ខូចសុខភាពខ្លួន»។ ហេតុអ្វី? នេះគឺដោយសារតែ«យុវវ័យដែលផឹកស្រាច្រើនហួសប្រមាណ អាចធ្វើឲ្យមុខងារខួរក្បាលរបស់ពួកគេខូច»។
ការផឹកស្រាជាប់ជាប្រចាំ អាចនាំឲ្យកើតមុន ស្បែកជ្រីវជ្រួញមុនអាយុ ឡើងទម្ងន់ ញៀនស្រា ហើយក៏អាចញៀនថ្នាំដែរ។ ម្យ៉ាងទៀត គ្រឿងស្រវឹងអាចបង្ខូចប្រព័ន្ធសរសៃប្រសាទ បង្ខូចថ្លើម និងបេះដូង។
គ. ការផឹកស្រាច្រើនមិននាំឲ្យស្លាប់ទេ។ ចម្លើយគឺ៖ ខុស។ ការផឹកស្រាច្រើនពេកធ្វើឲ្យខួរក្បាលខ្វះអុកស៊ីសែន ហើយមុខងារសំខាន់ៗក្នុងរាងកាយចាប់ផ្ដើមដំណើរការខុសប្រក្រតី ហើយទីបំផុតឈប់ដំណើរការតែម្ដង។ ណាមួយទៀត អាចកើតមានរោគសញ្ញាដូចជា ក្អួត សន្លប់ ដកដង្ហើមយឺតៗ ឬមិនទៀងទាត់។ ក្នុងករណីខ្លះអាចបណ្ដាលឲ្យបាត់បង់ជីវិត។
ឃ. គម្ពីរហាមប្រើគ្រឿងស្រវឹងទាំងអស់។ ចម្លើយគឺ៖ ខុស។ គម្ពីរមិនហាមការផឹកស្រា ឬហាមមនុស្សវ័យក្មេងមិនឲ្យសប្បាយនោះទេ។ (ចម្រៀងសរសើរព្រះ ១០៤:១៥; អ្នកទូន្មាន ១០:១៩) ប៉ុន្តែ បើប្អូនមិនទាន់គ្រប់អាយុតាមច្បាប់ ប្អូនមិនត្រូវផឹកស្រាឡើយ។—រ៉ូម ១៣:១
យ៉ាងណាក៏ដោយ គម្ពីរព្រមានកុំឲ្យផឹកស្រាហួសប្រមាណ។ សុភាសិត ២០:១ ចែងថា៖ «ស្រានាំឲ្យមានការចំអកមើលងាយ ហើយគ្រឿងស្រវឹងនាំឲ្យមានការឡូឡា អ្នកណាដែលវង្វេងដោយសារគ្រឿងទាំងនោះ អ្នកនោះគ្មានប្រាជ្ញាទេ»។ ស្រាអាចធ្វើឲ្យ ប្អូនមានការប្រព្រឹត្តដែលនាំឲ្យគេចំអកមើលងាយ! ស្រាប្រហែលជាធ្វើឲ្យប្អូនសប្បាយក្នុងរយៈពេលខ្លី តែបើប្អូនផឹកច្រើនពេក នោះវានឹង«ចឹក[ប្អូន]ដូចពស់»ដែលបង្កបញ្ហាជាច្រើនដល់ប្អូន។—សុភាសិត ២៣:៣២
ង. ការផឹកស្រាច្រើនប៉ះពាល់ដល់សុខភាពតែប៉ុណ្ណោះ។ ចម្លើយគឺ៖ ខុស។ បើប្អូនផឹកស្រាដល់ស្រវឹង ប្អូនងាយនឹងត្រូវគេធ្វើបាប ឬរហូតដល់ត្រូវគេចាប់រំលោភទៀតផង។ ណាមួយទៀត ប្អូនក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដោយធ្វើអ្វីដែលមិនមែនជាចរិតរបស់ប្អូន។ គម្ពីរព្រមានថាពេលផឹកស្រាហួសប្រមាណ «អ្នកនឹងមើលឃើញអ្វីចម្លែកៗ ហើយអ្នកនឹងនិយាយសម្ដីអាក្រក់»។ (សុភាសិត ២៣:៣៣) និយាយឲ្យចំទៅ ប្អូននឹងធ្វើអ្វីដែលល្ងង់ខ្លៅ ហើយនាំឲ្យខ្លួនបាត់បង់កិត្តិយស! គ្រោះ ថ្នាក់មួយទៀត គឺប្អូនអាចបាត់បង់មិត្តភក្ដិ ការសិក្សា និងការងារ ហើយក៏អាចមានកំណត់ត្រាបទល្មើស និងធ្លាក់ខ្លួនក្រដែរ។—សុភាសិត ២៣:២១
សំខាន់បំផុត ការផឹកស្រាហួសប្រមាណនឹងបង្ខូចចំណងមិត្តភាពរបស់ប្អូនជាមួយព្រះយេហូវ៉ា។ ព្រះចង់ឲ្យប្អូនបម្រើលោកដោយ«អស់ពីសមត្ថភាពរិះគិត» មិនមែនគំនិតដែលត្រូវបង្ខូចដោយគ្រឿងស្រវឹងនោះឡើយ។ (ម៉ាថាយ ២២:៣៧) បណ្ដាំរបស់ព្រះមិនគ្រាន់តែផ្ដន្ទាទោស«ការផឹកស្រាច្រើនហួសប្រមាណ»ប៉ុណ្ណោះទេ តែក៏ផ្ដន្ទាទោស«ការប្រកួតគ្នាផឹកស្រា»ដែរ។ (ពេត្រុសទី១ ៤:៣) ដូច្នេះ ការផឹកស្រាច្រើនពេកគឺប្រឆាំងនឹងគោលបំណងរបស់ព្រះដែលជាអ្នកបង្កើត ហើយរារាំងយើងមិនឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយលោក។
តើប្អូននឹងជ្រើសរើសមួយណា?
តើប្អូននឹងផឹកស្រាច្រើនដូចមិត្តភក្ដិរបស់ប្អូនឬទេ? គម្ពីរចែងថា៖ «តើអ្នករាល់គ្នាមិនដឹងទេឬ ប្រសិនបើអ្នករាល់គ្នាប្រគល់ខ្លួនធ្វើជាខ្ញុំបម្រើដោយធ្វើតាមបង្គាប់របស់អ្នកណា អ្នករាល់គ្នាជាខ្ញុំបម្រើរបស់អ្នកនោះ?»។ (រ៉ូម ៦:១៦) តើប្អូនពិតជាចង់ធ្វើជាខ្ញុំបម្រើរបស់មិត្តភក្ដិនិងគ្រឿងស្រវឹងឬ?
ចម្រៀងសរសើរព្រះ ៤៦:១) ជាញឹកញយ ការផឹកស្រាច្រើនពេកឬផឹកទាំងមិនទាន់គ្រប់អាយុ គឺកើតឡើងដោយសារការបង្ខិតបង្ខំពីមិត្តភក្ដិ។ ដូច្នេះ ប្អូនត្រូវចេះជ្រើសរើសមិត្តភក្ដិឲ្យបានល្អ។ b នេះមិនស្រួលទេ តែដោយមានជំនួយពីព្រះយេហូវ៉ា ប្អូនប្រាកដជាអាចធ្វើបាន។
ចុះយ៉ាងណាបើប្អូនមានទម្លាប់ផឹកស្រាច្រើន? សូមនិយាយជាមួយឪពុកម្ដាយ ឬមិត្តភក្ដិដែលមានភាពចាស់ទុំ ដើម្បីឲ្យពួកគាត់ជួយប្អូន។ កុំភ្លេចអធិដ្ឋានអង្វរសុំជំនួយពីព្រះយេហូវ៉ា ពីព្រោះ«លោករមែងជួយយើងក្នុងគ្រាមានទុក្ខលំបាក»។ (បើប្អូនញៀនថ្នាំ តើប្អូនអាចផ្ដាច់ដោយរបៀបណា? សូមពិនិត្យមើលចម្លើយ។
[កំណត់សម្គាល់]
a សូមមើលប្រអប់« តើអ្នកណាខ្លះផឹកស្រា?» នៅទំព័រ២៤៩។
b ដើម្បីបានព័ត៌មានថែមទៀត សូមមើលជំពូកទី៨និង៩ក្នុងសៀវភៅនេះ និងជំពូកទី១៥ក្នុងក្បាលទី២។
បទគម្ពីរសំខាន់
«មនុស្សប្រមឹក . . . នឹងធ្លាក់ខ្លួនក្រ»។—សុភាសិត ២៣:២១
យោបល់
ដំបូងប្អូនគួរយល់ពីមូលហេតុដែលប្អូនចង់ផឹកស្រា។ រួចមក ព្យាយាមគិតវិធីផ្សេងទៀតដែលអាចជួយប្អូនឲ្យបន្ធូរការតានតឹងចិត្ត និងមានភាពរីករាយដោយមិនប៉ះពាល់ដល់សុខភាព។
តើប្អូនដឹងទេ . . . ?
យោងតាមការសិក្សាមួយនៅសហរដ្ឋអាម៉េរិកបង្ហាញថា៖ «ជាញឹកញាប់អ្នកដែលផឹកស្រាច្រើន ទំនងជាខកខានចូលរៀន សិក្សាមិនទាន់គេ រងរបួស និងបំផ្លាញទ្រព្យសម្បត្តិ៨ដងច្រើនជាងអ្នកដែលមិនសូវផឹកស្រា»។
គម្រោងអនុវត្ត!
បើមិត្តភក្តិបង្ខំខ្ញុំឲ្យផឹកស្រា ខ្ញុំនឹងនិយាយថា ․․․․․
អ្វីដែលខ្ញុំចង់សួរឪពុកម្ដាយរបស់ខ្ញុំអំពីរឿងនេះគឺ ․․․․․
តើប្អូនគិតយ៉ាងណា?
● ហេតុអ្វីយុវវ័យចូលចិត្តបបួលគ្នាផឹក?
● បើប្អូនផឹកស្រា តើប្អូនគិតថាមនុស្សភេទផ្ទុយនឹងចាប់អារម្មណ៍ប្អូនទេ? ហេតុអ្វីប្អូនឆ្លើយដូច្នេះ?
[ឃ្លាអក្សរធំនៅទំព័រ២៥០]
«ប្អូនម៉ាក និយាយថា៖ ‹ពេលសិស្សរួមថ្នាក់បបួលខ្ញុំផឹកស្រា ខ្ញុំប្រាប់ពួកគេថា ទោះជាខ្ញុំមិនផឹកស្រាក៏ខ្ញុំសប្បាយដែរ›»
[ប្រអប់នៅទំព័រ២៤៩]
តើអ្នកណាខ្លះផឹកស្រា?
យោងតាមការសិក្សាមួយរបស់សិស្សអនុវិទ្យាល័យក្នុងប្រទេសអង់គ្លេស ស្កុតឡែន និងវេលបានរកឃើញថា ក្មេងពីអាយុ១៣ទៅ១៤ឆ្នាំ មានម្នាក់ក្នុងចំណោមបួននាក់«បានផឹកស្រាយ៉ាងហោចណាស់៥កែវជាប់ៗគ្នា»។ ចំណែកពាក់កណ្ដាលនៃក្មេងអាយុ១៥ទៅ១៦ឆ្នាំបានធ្វើដូចគ្នា។ យោងតាមក្រសួងមនុស្សសាស្ត្រនិងសុខភាពនៃសហរដ្ឋអាម៉េរិក «ក្មេងជំទង់ប្រហែល១០,៤លាននាក់ ដែលមានអាយុចាប់ពី១២ដល់២០ឆ្នាំផឹកគ្រឿងស្រវឹង។ ក្នុងចំណោមនោះ មាន៥,១លាននាក់ផឹកស្រាច្រើន និងមាន២,៣លាននាក់ផឹកស្រាស្រវឹងជោកជាំ យ៉ាងហោចណាស់៥ដងក្នុងមួយខែ»។ ការសិក្សាមួយនៅប្រទេសអូស្ត្រាលីបង្ហាញថា ក្មេងស្រីផឹកស្រាពី១៣ទៅ៣០កែវជាប់ៗគ្នា ចំនួននេះគឺច្រើនជាងក្មេងប្រុស!
[រូបភាពនៅទំព័រ២៥១]
ការផឹកស្រាច្រើន នោះវានឹងចឹកប្អូនដូចសត្វពស់