លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខ្ញុំវក់នឹងគ្រឿងអេឡិចត្រូនិកឬទេ?

តើខ្ញុំវក់នឹងគ្រឿងអេឡិចត្រូនិកឬទេ?

ជំពូក​ទី​៣៦

តើ​ខ្ញុំ​វក់​នឹង​គ្រឿង​អេឡិចត្រូនិក​ឬ​ទេ?

ប្អូន​អាឡិន ប្រាប់​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​ផ្ញើ​សារ​ខ្លាំង​ណាស់! គ្មាន​អ្វី​សប្បាយ​ជាង​ការ​ផ្ញើ​សារ​ទេ។ បើ​ខ្ញុំ​មិន​បាន​ផ្ញើ​សារ ខ្ញុំ​គ្មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ទាំង​អស់​»។

នៅ​សម័យ​ឪពុក​ម្ដាយ​ប្អូន​នៅ​ក្មេង គ្រឿង​អេឡិចត្រូនិក​ដែល​គេ​ប្រើ​ជា​ទូទៅ​គឺ ទូរទស្សន៍ និង​វិទ្យុ។ ចំណែក​ឯ​ទូរស័ព្ទ​វិញ សម្រាប់​តែ​និយាយ​ប៉ុណ្ណោះ ហើយ​វា​មាន​ខ្សែ​ជាប់​នឹង​ជញ្ជាំង មិន​អាច​យក​ទៅ​តាម​ខ្លួន​បាន​ឡើយ។ ស្ដាប់​ទៅ​បុរាណ​ណាស់ មែន​ទេ? ក្មេង​ស្រី​ម្នាក់​ឈ្មោះ​អាណា​ក៏​និយាយ​ដូច្នេះ​ដែរ។ អាណា​ប្រាប់​ថា​៖ ​«​ឪពុក​ម្ដាយ​ខ្ញុំ​ធំ​ឡើង​ក្នុង​សម័យ​ដែល​បច្ចេកវិទ្យា​មិន​សូវ​ជឿន​លឿន។ ឥឡូវ ពួក​គាត់​កំពុង​ព្យាយាម​រៀន​របៀប​ប្រើ​មុខ​ងារ​ខ្លះ​ក្នុង​ទូរស័ព្ទ​របស់​ពួក​គាត់!​»។

សព្វ​ថ្ងៃ ប្អូន​អាច​ប្រើ​ទូរស័ព្ទ​សម្រាប់​និយាយ ស្ដាប់​តន្ត្រី មើល​កម្ម​វិធី លេង​ហ្គេម ផ្ញើ​អ៊ីមែល ថត​រូប និង​ភ្ជាប់​អ៊ីនធឺណិត ហើយ​អាច​ដាក់​តាម​ខ្លួន​បាន។ ដោយ​សារ​តែ​ប្អូន​ធំ​ឡើង​ក្នុង​សម័យ​ដែល​ប្រើ​កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ និង​អ៊ីនធឺណិត ប្អូន​ប្រហែល​ជា​គិត​ថា​ការ​ប្រើ​វា​ជាប់​គឺ​ជា​រឿង​ធម្មតា។ ប៉ុន្តែ ឪពុក​ម្ដាយ​ប្អូន​ប្រហែល​ជា​គិត​ថា​ប្អូន​កំពុង​វក់​នឹង​ទូរស័ព្ទ។ ដូច្នេះ ពេល​ពួក​គាត់​រំលឹក​ប្អូន កុំ​គិត​ថា​ពួក​គាត់​ដើរ​មិន​ទាន់​សម័យ​ឡើយ។ ស្ដេច​សាឡូម៉ូន​ដ៏​មាន​ប្រាជ្ញា​និយាយ​ថា​៖ ​«​អ្នក​ណា​ដែល​តប​ឆ្លើយ​មុន​ដឹង​រឿង​ពិត អ្នក​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ​»។—សុភាសិត ១៨:១៣

ប្អូន​ដឹង​ទេ​ថា ហេតុ​អ្វី​បាន​ជា​ឪពុក​ម្ដាយ​ព្រួយ​បារម្ភ​អំពី​ប្អូន? សាក​ល្បង​ឆ្លើយ​សំណួរ​ខាង​ក្រោម នោះ​ប្អូន​នឹង​ដឹង​ថា​ប្អូន​កំពុង​វក់​នឹង​គ្រឿង​អេឡិចត្រូនិក​ឬ​យ៉ាង​ណា។

‹តើ​ខ្ញុំ​វក់​មែន​ទេ?›

សព្វវចនាធិប្បាយ​មួយ​ឲ្យ​និយមន័យ​ពាក្យ​«​វក់​»​ថា ជា​«​ការ​ប្រព្រឹត្ត​ដដែល​ៗ និង​កាន់​តែ​ហួស​ហេតុ រហូត​ដល់​មិន​ចង់​ឈប់​ឬ​មិន​អាច​ឈប់​បាន ទោះ​ជា​ដឹង​ពី​ផល​វិបាក​ក៏​ដោយ​»។ សូម​ពិនិត្យ​មើល​ចំណុច​នីមួយ​ៗ​ក្នុង​និយមន័យ​នោះ។ រួច​មក អាន​ពាក្យ​សម្ដី​របស់​យុវវ័យ​ដែល​បាន​រៀប​រាប់​នៅ​ខាង​ក្រោម ហើយ​គិត​មើល​ថា តើ​ប្អូន​បាន​និយាយ​ឬ​ធ្វើ​អ្វី​ស្រដៀង​នឹង​ពួក​គេ​ដែរ​ឬ​ទេ? បន្ទាប់​មក សូម​ឆ្លើយ​សំណួរ។

ការ​ប្រព្រឹត្ត​ដដែល​ៗ និង​កាន់​តែ​ហួស​ហេតុ។ អេនទ្រូ​រៀប​រាប់​ថា​៖«​ខ្ញុំ​លេង​វីដេអូ​ហ្គេម​អស់​រាប់​ម៉ោង ហើយ​មិន​បាន​ដេក​ទេ។ ពេល​ដែល​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​គឺ​និយាយ​តែ​អំពី​រឿង​ហ្គេម​ប៉ុណ្ណោះ។ ខ្ញុំ​សម្ងំ​លេង​តែ​ហ្គេម មិន​ខ្វល់​ពី​ក្រុម​គ្រួសារ​សោះ​»។

តើ​ប្អូន​គិត​ថា​ក្នុង​មួយ​ថ្ងៃ​ប្អូន​គួរ​ចំណាយ​ពេល​ប៉ុន្មាន​ក្នុង​ការ​ប្រើ​គ្រឿង​អេឡិចត្រូនិក? ․․․․․

តើ​ឪពុក​ម្ដាយ​គិត​ថា​ប្អូន​គួរ​ចំណាយ​ពេល​ប៉ុន្មាន? ․․․․․

តើ​ប្អូន​ចំណាយ​ពេល​សរុប​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​ក្នុង​ការ​ផ្ញើ​សារ មើល​ទូរទស្សន៍ បង្ហោះ​រូប​ថត ផ្ដល់​មតិ​យោបល់​ក្នុង​គេហទំព័រ និង​លេង​វីដេអូ​ហ្គេម​ផ្សេង​ៗ​? ․․․․․

ក្រោយ​ពី​មើល​ចម្លើយ​របស់​ប្អូន​ហើយ តើ​ប្អូន​គិត​ថា​ខ្លួន​កំពុង​លេង​គ្រឿង​អេឡិចត្រូនិក​ហួស​ហេតុ​ពេក​ទេ?

□ មែន □ ទេ

មិន​ចង់​ឈប់​ឬ​មិន​អាច​ឈប់​បាន។ អាឡិន​រៀប​រាប់​ថា​៖«​ឪពុក​ម្ដាយ​ឃើញ​ខ្ញុំ​ផ្ញើ​សារ​គ្រប់​ពេល ហើយ​ប្រាប់​ថា​ខ្ញុំ​ស្អិត​ជាប់​នឹង​ទូរស័ព្ទ។ ប៉ុន្តែ បើ​ប្រៀប​ធៀប​នឹង​មនុស្ស​ស្រករ​ខ្ញុំ ខ្ញុំ​ប្រើ​តិច​ជាង​ពួក​គេ​ឆ្ងាយ​ណាស់។ តែ​បើ​ប្រៀប​ធៀប​នឹង​ឪពុក​ម្ដាយ ខ្ញុំ​ច្បាស់​ជា​ប្រើ​ច្រើន​ហើយ ព្រោះ​ពួក​គាត់​អាយុ​៤០​ឆ្នាំ ខ្ញុំ​អាយុ​១៥​ឆ្នាំ​»។

តើ​ឪពុក​ម្ដាយ​ឬ​មិត្ត​ភក្ដិ​របស់​ប្អូន​ធ្លាប់​និយាយ​ថា ប្អូន​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​គ្រឿង​អេឡិចត្រូនិក​ឬ​ទេ?

□ មែន □ ទេ

តើ​ប្អូន​មិន​ចង់​ឬ​មិន​អាច​កំណត់​ពេល​វេលា​ក្នុង​ការ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ឬ​ទេ?

□ មែន □ ទេ

ផល​វិបាក។ ជូលី​រៀប​រាប់​ថា​៖«​មិត្ត​ភក្តិ​ខ្ញុំ​ចេះ​តែ​ផ្ញើ​សារ​រហូត សូម្បី​តែ​ពេល​បើក​បរ។ នេះ​ពិត​ជា​ប្រថុយ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់!​»។

ស៊ើលី​រៀប​រាប់​ថា​៖«​ពេល​ខ្ញុំ​មាន​ទូរស័ព្ទ​ដំបូង ខ្ញុំ​តេ​ទៅ​អ្នក​នេះ ផ្ញើ​សារ​ទៅ​អ្នក​នោះ​ឥត​ឈប់។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​លែង​ជិត​ស្និទ្ធ​ជា​មួយ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ។ ឥឡូវ​ទើប​ខ្ញុំ​សម្គាល់​ដឹង​ពី​រឿង​នោះ រាល់​ដង​ពេល​ជួប​ជុំ​មិត្ត​ភក្តិ​ហើយ​និយាយ​គ្នា​លេង នោះ​មាន​មិត្ត​ខ្លះ​តែង​តែ​ប្រាប់​ថា​‹អូ ចាំ​តិច មាន​គេ​ផ្ញើ​សារ​មក›។ នេះ​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​ខ្ញុំ​មិន​សូវ​ជិត​ស្និទ្ធ​ជា​មួយ​ពួក​គេ​»។

តើ​ប្អូន​ធ្លាប់​អាន​ឬ​ផ្ញើ​សារ​ពេល​កំពុង​បើក​បរ ពេល​កំពុង​រៀន ឬ​ពេល​កំពុង​ប្រជុំ​គ្រិស្ត​សាសនិក​ទេ?

□ មែន □ ទេ

ពេល​នៅ​ជុំ​គ្នា​ជា​មួយ​ក្រុម​គ្រួសារ​ឬ​មិត្ត​ភក្ដិ តើ​ប្អូន​ឧស្សាហ៍​យក​ទូរស័ព្ទ​មក​ចុច​មើល​ព័ត៌មាន​ផ្សេង​ៗ មើល​សារ​ផ្ញើ​សារ ឬ​តេ​ទៅ​អ្នក​ឯ​ទៀត​ទេ?

□ មែន □ ទេ

តើ​ការ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ធ្វើ​ឲ្យ​ប្អូន​គេង​មិន​គ្រប់​គ្រាន់ ឬ​បំបែរ​អារម្មណ៍​ប្អូន​ពី​ការ​រៀន​សូត្រ​ឬ​ទេ?

□ មែន □ ទេ

តើ​ប្អូន​គិត​ថា​ខ្លួន​ត្រូវ​កែ​ប្រែ​អ្វី​ខ្លះ​ឬ​ទេ? បើ​មែន សូម​ពិចារណា​យោបល់​ទាំង​នេះ។

របៀប​រក្សា​តុល្យភាព

ប្រសិន​បើ​ប្អូន​ប្រើ​គ្រឿង​អេឡិចត្រូនិក​ដូច​ជា ទូរស័ព្ទ ឬ​កុំព្យូទ័រ សូម​សួរ​ខ្លួន​នូវ​សំណួរ​បួន​យ៉ាង​ដូច​ខាង​ក្រោម។ ពេល​ប្អូន​ធ្វើ​តាម​យោបល់​ក្នុង​គម្ពីរ​ស្ដី​អំពី​អ្វី​ដែល​គួរ​ធ្វើ ឬ​មិន​គួរ​ធ្វើ នោះ​នឹង​ជួយ​ប្អូន​ឲ្យ​ជៀស​វាង​ពី​គ្រោះ​ថ្នាក់ និង​ចេះ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ដោយ​មាន​តុល្យភាព។

តើ​ខ្ញុំ​គួរ​មើល​ឬ​និយាយ​អំពី​អ្វី? ​«​អ្វី​ៗ​ដែល​ពិត អ្វី​ៗ​ដែល​ថ្លៃ​ថ្នូរ អ្វី​ៗ​ដែល​សុចរិត អ្វី​ៗ​ដែល​បរិសុទ្ធ អ្វី​ៗ​ដែល​គួរ​ឲ្យ​ស្រឡាញ់ អ្វី​ៗ​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ អ្វី​ៗ​ដែល​ប្រកប​ដោយ​គុណធម៌ និង​អ្វី​ៗ​ដែល​គួរ​ឲ្យ​សរសើរ ចូរ​បន្ត​ពិចារណា​អំពី​អ្វី​ៗ​ទាំង​នោះ​»។—ភីលីព ៤:៨

✔ គួរ​ធ្វើ សូម​ចំណាយ​ពេល​និយាយ​ជា​មួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្ដិ អំពី​អ្វី​ដែល​លើក​ទឹក​ចិត្ត។—សុភាសិត ២៥:២៥; អេភេសូរ ៤:២៩

X មិន​គួរ​ធ្វើ កុំ​និយាយ​ដើម​គេ កុំ​ផ្ញើ​រូប​ឬ​សារ​អាសអាភាស ឬ​មើល​វីដេអូ និង​កម្ម​វិធី​ដែល​ប្រាស​ចាក​សីលធម៌​ឡើយ។—កូឡុស ៣:៥; ពេត្រុស​ទី​១ ៤:១៥

តើ​ខ្ញុំ​គួរ​ប្រើ​នៅ​ពេល​ណា? ​«​មាន​ពេល​កំណត់​សម្រាប់​អ្វី​ៗ​ទាំង​អស់​»។—អ្នក​ទូន្មាន ៣:១

✔ គួរ​ធ្វើ សូម​កំណត់​ថា​ប្អូន​ចង់​ចំណាយ​ពេល​ប៉ុន្មាន​ទៅ​លើ​ការ​ប្រើ​ទូរស័ព្ទ ការ​ផ្ញើ​សារ​និង​ឆ្លើយ​សារ មើល​កម្ម​វិធី ឬ​លេង​ហ្គេម។

X មិន​គួរ​ធ្វើ កុំ​ឲ្យ​គ្រឿង​អេឡិចត្រូនិក​មក​រំខាន​ពេល​វេលា ដែល​ប្អូន​ចង់​ចំណាយ​សម្រាប់​ក្រុម​គ្រួសារ មិត្ត​ភក្ដិ ការ​សិក្សា និង​សកម្មភាព​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ។—អេភេសូរ ៥:១៥​-​១៧; ភីលីព ២:៤

តើ​ខ្ញុំ​គួរ​ទាក់​ទង​ជា​មួយ​អ្នក​ណា? ​«​កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​ឡើយ។ ការ​សេព​គប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ​»។—កូរិនថូស​ទី​១ ១៥:៣៣

✔ គួរ​ធ្វើ សូម​ប្រើ​គ្រឿង​អេឡិចត្រូនិក​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដែល​លើក​ទឹក​ចិត្ត​ប្អូន​ឲ្យ​មាន​ទម្លាប់​ល្អ។—សុភាសិត ២២:១៧

X មិន​គួរ​ធ្វើ កុំ​បញ្ឆោត​ខ្លួន​ថា ប្អូន​នឹង​មិន​ទទួល​ឥទ្ធិពល​ពី​ខ្នាត​តម្រា ពាក្យ​សម្ដី និង​ចិត្ត​គំនិត​របស់​មនុស្ស​ដែល​ប្អូន​ចង់​សេព​គប់​តាម​អ៊ីមែល សារ ទូរទស្សន៍ វីដេអូ ឬ​អ៊ីនធឺណិត​ឡើយ។—សុភាសិត ១៣:២០

តើ​ខ្ញុំ​គួរ​ចំណាយ​ពេល​ប៉ុន្មាន? ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។—ភីលីព ១:១០

✔ គួរ​ធ្វើ សូម​កត់​ទុក​ចំនួន​ម៉ោង​ដើម្បី​ដឹង​ថា ប្អូន​បាន​ចំណាយ​ពេល​ប៉ុន្មាន​ទៅ​លើ​គ្រឿង​អេឡិចត្រូនិក។

X មិន​គួរ​ធ្វើ កុំ​ព្រងើយ​កន្តើយ​ពេល​ឪពុក​ម្ដាយ និង​មិត្ត​ភក្ដិ​ដាស់​តឿន​ប្អូន​ថា ប្អូន​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ​អ៊ីនធឺណិត។—សុភាសិត ២៦:១២

នៅ​ពេល​និយាយ​អំពី​ការ​ប្រើ​គ្រឿង​អេឡិចត្រូនិក​ដោយ​មាន​តុល្យភាព ប្អូន​អេនទ្រូ​ដែល​រៀប​រាប់​ខាង​លើ បាន​សង្ខេប​យ៉ាង​ល្អ​ថា​៖ ​«​បើ​យើង​មិន​ចំណាយ​ពេល​ច្រើន​ពេក យើង​អាច​សប្បាយ​ក្នុង​ការ​ប្រើ​គ្រឿង​អេឡិចត្រូនិក។ តាម​បទ​ពិសោធន៍​ខ្ញុំ យើង​មិន​គួរ​បណ្ដោយ​ឲ្យ​គ្រឿង​អេឡិចត្រូនិក​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ និង​មិត្ត​ភក្ដិ​ទេ​»។

សូម​អាន​ប្រធានបទ​នេះ​ថែម​ទៀត ក្នុង​ជំពូក​ទី​៣០ ក្បាល​ទី​២

នៅ​ជំពូក​បន្ទាប់

តើ​ប្អូន​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​ឪពុក​ម្ដាយ​អនុញ្ញាត​ឲ្យ​ប្អូន​ដើរ​លេង​សប្បាយ​ជា​មួយ​មិត្ត​ភក្ដិ?

បទ​គម្ពីរ​សំខាន់

​«​កុំ​គិត​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​ចូរ​កោត​ខ្លាច​ព្រះ​យេហូវ៉ា ហើយ​បែរ​ចេញ​ពី​ការ​អាក្រក់​»។—សុភាសិត ៣:៧

យោបល់

ដើម្បី​គ្រប់​គ្រង​លើ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​ប្អូន សូម​ប្រាប់​មិត្ត​ភក្តិ​ឲ្យ​ដឹង​ថា ពេល​ខ្លះ​ប្អូន​មិន​អាច​តប​សារ ឆ្លើយ​អ៊ីម៉ែល ឬ​លើក​ទូរស័ព្ទ​ភ្លាម​ៗ​បាន​ទេ។

តើ​ប្អូន​ដឹង​ទេ . . . ?

បើ​ប្អូន​បាន​បង្ហោះ​រូប​ថត ឬ​សកម្មភាព​ណា​មួយ​របស់​ប្អូន​នៅ​លើ​បណ្ដាញ​សង្គម ទោះ​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក​ក្ដី អ្នក​ឯ​ទៀត រួម​ទាំង​និយោជក​របស់​ប្អូន នៅ​តែ​អាច​ឃើញ​អ្វី​ៗ​ដែល​ប្អូន​បាន​បង្ហោះ។

គម្រោង​អនុវត្ត!

បើ​ខ្ញុំ​ចំណាយ​ពេល​ច្រើន​ពេក​ទៅ​លើ ․․․․․ ខ្ញុំ​នឹង​ដាក់​កម្រិត​ប្រើ​ត្រឹម​តែ ․․․․․ ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ។

អ្វី​ដែល​ខ្ញុំ​ចង់​សួរ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​អំពី​រឿង​នេះ​គឺ ․․․․․

តើ​ប្អូន​គិត​យ៉ាង​ណា?

● ហេតុ​អ្វី​បាន​ជា​យើង​ពិបាក​ទទួល​ស្គាល់​ថា​ខ្លួន​ញៀន​ក្នុង​ការ​ប្រើ​គ្រឿង​អេឡិចត្រូនិក?

● បើ​ប្អូន​ឲ្យ​គ្រឿង​អេឡិចត្រូនិក​គ្រប់​គ្រង​ប្អូន តើ​ប្អូន​នឹង​ជួប​ផល​វិបាក​អ្វី​ខ្លះ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​២៦២​]

​«​ប្អូន​ខាតលីន ប្រាប់​ថា​៖ ‹មាន​អ្វី​មួយ​ចំនួន​ដែល​បាន​ជួយ​ខ្ញុំ​កុំ​ឲ្យ​ញៀន​មើល​ទូរទស្សន៍។ ខ្ញុំ​ព្យាយាម​កំណត់​ពេល​ក្នុង​ការ​មើល​ទូរទស្សន៍។ ខ្ញុំ​ឧស្សាហ៍​និយាយ​ជា​មួយ​ម៉ាក់​អំពី​បញ្ហា​នេះ ហើយ​ខ្ញុំ​ក៏​បាន​អធិដ្ឋាន​ច្រើន​ដែរ›​»​

[​រូបភាព​នៅ​ទំព័រ​២៦៣​]

តើ​ប្អូន​គ្រប់​គ្រង​គ្រឿង​អេឡិចត្រូនិក ឬ​គ្រឿង​អេឡិចត្រូនិក​គ្រប់​គ្រង​ប្អូន?