លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី១៤

តើមានសាលាអ្វីខ្លះសម្រាប់អ្នកត្រួសត្រាយពេញពេល?

តើមានសាលាអ្វីខ្លះសម្រាប់អ្នកត្រួសត្រាយពេញពេល?

សហរដ្ឋអាម៉េរិក

សាលាគីលាត ក្រុងផាតឺសិន រដ្ឋញូវយ៉ក

ប៉ាណាម៉ា

តាំងពីយូរមកហើយ ព្រះយេហូវ៉ាបានផ្ដល់ការអប់រំដល់សាក្សីរបស់លោក ហើយនេះជាលក្ខណៈដ៏លេចធ្លោមួយរបស់សាក្សីព្រះយេហូវ៉ា។ មានវគ្គសិក្សាផ្សេងៗដែលបានត្រូវរៀបចំឡើងសម្រាប់អ្នកស្ម័គ្រចិត្ដបម្រើពេញពេលក្នុងកិច្ចការផ្សព្វផ្សាយរាជាណាចក្រព្រះ ដើម្បីពួកគេអាច‹បំពេញកិច្ចបម្រើរបស់ពួកគេគ្រប់ជំពូក›។—ធីម៉ូថេទី២ ៤:៥

សាលាសម្រាប់អ្នកត្រួសត្រាយ។ ក្រោយពីធ្វើជាអ្នកត្រួសត្រាយពេញពេលមួយឆ្នាំហើយ គាត់អាចចូលរួមសាលាសម្រាប់អ្នកត្រួសត្រាយដែលមានរយៈពេលសិក្សាប្រាំមួយថ្ងៃ ហើយប្រហែលជាត្រូវធ្វើឡើងនៅសាលប្រជុំជិតៗនោះ។ សាលានេះគឺមានគោលបំណងដើម្បីជួយអ្នកត្រួសត្រាយឲ្យមានចំណងមិត្ដភាពកាន់តែរឹងមាំជាមួយនឹងព្រះ ហើយជួយពួកគេឲ្យមានប្រសិទ្ធភាពក្នុងគ្រប់ផ្នែកនៃកិច្ចបម្រើផ្សាយ ព្រមទាំងនៅស្មោះត្រង់ជានិច្ចក្នុងកិច្ចបម្រើព្រះ។

សាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ សាលានេះមានរយៈពេលពីរខែ។ សាលានេះបានត្រូវរៀបចំឡើងដើម្បីបង្ហាត់បង្រៀនអ្នកត្រួសត្រាយដែលមានបទពិសោធន៍ និងដែលស្ម័គ្រចិត្ដចាកចេញពីតំបន់ដែលខ្លួនរស់នៅ ដើម្បីទៅបម្រើនៅតំបន់ដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។ ដូច្នេះ ពួកគេហាក់ដូចជានិយាយថា៖ ‹ខ្ញុំនៅណេះហើយ សូមចាត់ខ្ញុំចុះ!›តាមគំរូលោកយេស៊ូ ដែលជាអ្នកផ្សាយដ៏ប្រសើរបំផុតដែលធ្លាប់បម្រើនៅផែនដី។ (អេសាយ ៦:៨; យ៉ូហាន ៧:២៩) ការរើទៅតំបន់ដែលនៅឆ្ងាយពីកន្លែងដែលខ្លួនធ្លាប់រស់នៅ ប្រហែលជាតម្រូវឲ្យមានជីវភាពសាមញ្ញជាងមុន។ ម្យ៉ាងទៀត គាត់ប្រហែលជាត្រូវសម្របខ្លួនទៅតាមវប្បធម៌ អាកាសធាតុ និងចំណីអាហារនៅកន្លែងថ្មីនោះ។ គាត់ក៏ប្រហែលជាត្រូវរៀនភាសាថ្មីដែរ។ សាលានេះបង្ហាត់បង្រៀនបងប្អូនប្រុសស្រីដែលនៅលីវ និងគូប្ដីប្រពន្ធ ដែលមានអាយុរវាង២៣ឆ្នាំដល់៦៥ឆ្នាំ។ សាលានេះជួយពួកគេឲ្យបណ្ដុះនូវគុណសម្បត្ដិជាគ្រិស្ដសាសនិក ដែលពួកគេនឹងត្រូវការក្នុងកិច្ចបម្រើព្រះ។ សាលានេះក៏ជួយពួកគេឲ្យមានភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើព្រះដែលនឹងផ្ដល់លទ្ធភាពឲ្យពួកគេបម្រើព្រះយេហូវ៉ានិងអង្គការរបស់លោកពេញលេញជាងមុន។

សាលាគម្ពីរគីលាតនៃសមាគមប៉មយាម។ ក្នុងភាសាហេប្រឺ ពាក្យ«គីលាត»ជាប់ទាក់ទងនឹងពាក្យ«សាក្សី»។ តាំងពីឆ្នាំ១៩៤៣ សាសនទូតជាង៨.០០០នាក់ដែលបានទទួលការបង្ហាត់បង្រៀននៅសាលាគីលាត បានត្រូវចាត់ឲ្យធ្វើជាសាក្សីបញ្ជាក់«រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី» ហើយកិច្ចការរបស់ពួកគេបានទទួលជោគជ័យយ៉ាងអស្ចារ្យ។ (សកម្មភាព ១៣:៤៧) ជាឧទាហរណ៍ ពេលសាសនទូតបានមកដល់ប្រទេសពេរូជាលើកដំបូង នោះគ្មានក្រុមជំនុំនៅទីនោះទេ ប៉ុន្ដែសព្វថ្ងៃនេះ មានជាង១.០០០ក្រុមជំនុំ។ ពេលសាសនទូតចាប់ផ្ដើមបម្រើនៅប្រទេសជប៉ុន នោះសាក្សីព្រះយេហូវ៉ាមានចំនួនតិចជាង១០នាក់ប៉ុណ្ណោះ តែឥឡូវនេះវិញ មានសាក្សីច្រើនជាង២០០.០០០នាក់។ សាលាគម្ពីរគីលាតមានវគ្គសិក្សារយៈពេលប្រាំខែដែលសិក្សាបណ្ដាំរបស់ព្រះយ៉ាងស៊ីជម្រៅ។ អស់អ្នកដែលបម្រើជាអ្នកត្រួសត្រាយពិសេស ឬបម្រើនៅការិយាល័យសាខា ឬជាសាសនទូត ឬបម្រើជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល បានត្រូវអញ្ជើញឲ្យចូលរួមក្នុងសាលានោះ។ វគ្គសិក្សានោះជួយពួកគេឲ្យផ្សព្វផ្សាយកាន់តែខ្លាំង និងពង្រឹងកិច្ចបម្រើផ្សាយទូទាំងពិភពលោក។

  • តើសាលាសម្រាប់អ្នកត្រួសត្រាយមានគោលបំណងអ្វី?

  • តើអ្នកណាខ្លះអាចចូលរួមសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ?