លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី១៩

តើអ្នកណាជាខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណា?

តើអ្នកណាជាខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណា?

យើងគ្រប់រូបទទួលប្រយោជន៍ពីចំណេះអំពីព្រះ

មិនយូរប៉ុន្មានមុនពេលលោកយេស៊ូស្លាប់ លោកបាននិយាយដោយឡែកជាមួយនឹងអ្នកកាន់តាមបួននាក់របស់លោក គឺពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ។ ពេលលោកយេស៊ូបានប្រាប់ទុកជាមុនអំពីសញ្ញាសម្គាល់នៃវត្ដមានរបស់លោកនៅគ្រាចុងបញ្ចប់ នោះលោកបានលើកឡើងសំណួរដ៏សំខាន់មួយគឺ: «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដែលម្ចាស់បានតែងតាំងឲ្យមើលការខុសត្រូវលើខ្ញុំបម្រើទៀតរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគតាមត្រូវពេល?»។ (ម៉ាថាយ ២៤:៣, ៤៥; ម៉ាកុស ១៣:៣, ៤) លោកយេស៊ូមិនមែននិយាយអំពីអាហារពិតប្រាកដទេ។ លោកប្រដូចចំណេះអំពីព្រះទៅនឹងអាហារ។ ក្នុងនាមជា«ម្ចាស់» លោកយេស៊ូបានពង្រឹងទំនុកចិត្ដពួកអ្នកកាន់តាមលោកថា លោកនឹងតែងតាំងអ្នកដែលនឹងផ្ដល់ចំណេះអំពីព្រះយ៉ាងទៀងទាត់ឥតឈប់ដល់ពួកអ្នកកាន់តាមលោកនៅគ្រាចុងបញ្ចប់។ តើខ្ញុំបម្រើនោះជាអ្នកណា?

ខ្ញុំបម្រើនោះជាអ្នកកាន់តាមលោកយេស៊ូមួយក្រុមតូច ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ «ខ្ញុំបម្រើ»នោះបានត្រូវស្គាល់ថាជាគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា។ ខ្ញុំបម្រើនោះផ្ដល់ចំណេះអំពីព្រះតាមត្រូវពេលដល់អ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នា។ យើងពឹងខ្ញុំបម្រើស្មោះត្រង់នេះដើម្បីបន្ដទទួល‹អាហារបរិភោគគ្រប់គ្រាន់តាមពេលកំណត់›។—លូកា ១២:៤២

ខ្ញុំបម្រើនោះជាអ្នកមើលការខុសត្រូវក្រុមគ្រួសាររបស់ព្រះ។ (ធីម៉ូថេទី១ ៣:១៥) លោកយេស៊ូបានប្រគល់ភារកិច្ចធ្ងន់ឲ្យខ្ញុំបម្រើ ពោលគឺពួកគាត់ត្រូវចាត់ចែងកិច្ចការអង្គការព្រះយេហូវ៉ាផ្នែកនៅផែនដី។ នេះមានន័យថាត្រូវមើលការខុសត្រូវលើទ្រព្យធន កិច្ចផ្សព្វផ្សាយ និងកិច្ចការបង្រៀនតាមរយៈក្រុមជំនុំនានា។ ដូច្នេះ ដើម្បីផ្គត់ផ្គង់នូវអ្វីដែលយើងត្រូវការនៅពេលដែលយើងត្រូវការ នោះ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»កំពុងផ្ដល់ចំណេះអំពីព្រះតាមរយៈសៀវភៅនានាដែលយើងប្រើក្នុងកិច្ចផ្សព្វផ្សាយ ព្រមទាំងតាមរយៈកម្មវិធីប្រជុំនិងសន្និបាតផ្សេងៗ។

ខ្ញុំបម្រើនេះគឺស្មោះត្រង់ចំពោះសេចក្ដីពិតក្នុងគម្ពីរ និងចំពោះភារកិច្ចក្នុងការផ្សព្វផ្សាយដំណឹងល្អ។ ពួកគាត់ចេះពិចារណាក្នុងការមើលថែរក្សាយ៉ាងប៉ិនប្រសប់នូវអ្វីដែលលោកយេស៊ូបានផ្ញើទុកនឹងពួកគាត់នៅផែនដី។ (សកម្មភាព ១០:៤២) ព្រះយេហូវ៉ាកំពុងឲ្យពរខ្ញុំបម្រើស្មោះត្រង់ដោយទាញនាំមនុស្សកាន់តែច្រើនឲ្យចូលក្នុងអង្គការរបស់លោក និងជួយខ្ញុំបម្រើស្មោះត្រង់ឲ្យផ្ដល់ចំណេះកាន់តែច្រើនអំពីលោក។—អេសាយ ៦០:២២; ៦៥:១៣

  • តើលោកយេស៊ូបានតែងតាំងអ្នកណាឲ្យផ្ដល់ចំណេះអំពីព្រះ?

  • តើខ្ញុំបម្រើគឺស្មោះត្រង់និងចេះពិចារណាតាមរបៀបណាខ្លះ?