លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀន​ទី​៤

នាង​បាន​ធ្វើ​ឲ្យ​ឪពុក​និង​ព្រះ​យេហូវ៉ា​មាន​ចិត្ដ​រីក​រាយ

នាង​បាន​ធ្វើ​ឲ្យ​ឪពុក​និង​ព្រះ​យេហូវ៉ា​មាន​ចិត្ដ​រីក​រាយ

តើ​យែបថា​កំពុង​សន្យា​អ្វី​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

ទោះ​ជា​ពិបាក​ក្ដី កូន​ស្រី​យែបថា​បាន​ធ្វើ​តាម​អ្វី​ដែល​ឪពុក​នាង​សន្យា

តើ​កូន​ឃើញ​ក្មេង​ស្រី​ក្នុង​រូប​ភាព​នេះ​ទេ?— នាង​ជា​កូន​ស្រី​របស់​បុរស​ម្នាក់​ឈ្មោះ​យែបថា។ គម្ពីរ​មិន​បាន​ប្រាប់​ឈ្មោះ​របស់​នាង​ទេ ប៉ុន្ដែ​យើង​ដឹង​ថា​នាង​បាន​ធ្វើ​ឲ្យ​ឪពុក​របស់​នាង និង​ព្រះ​យេហូវ៉ា​មាន​ចិត្ដ​រីក​រាយ។ សូម​ឲ្យ​យើង​រៀន​អំពី​នាង​និង​អំពី​យែបថា​ដែល​ជា​ឪពុក​របស់​នាង។

យែបថា​ជា​បុរស​ល្អ​ម្នាក់ ហើយ​គាត់​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​បង្រៀន​កូន​ស្រី​របស់​គាត់​អំពី​ព្រះ​យេហូវ៉ា។ គាត់​ក៏​ជា​បុរស​ក្លាហាន​និង​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ដែរ។ ដូច្នេះ​បណ្ដា​ជន​អ៊ីស្រាអែល​បាន​សុំ​គាត់​ឲ្យ​នាំ​មុខ​ពួក​គេ​ដើម្បី​ទៅ​ច្បាំង​នឹង​សត្រូវ។

យែបថា​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​ឈ្នះ។ យែបថា​បាន​សន្យា​ថា បើ​គាត់​ឈ្នះ គាត់​នឹង​ឲ្យ​ព្រះ​យេហូវ៉ា​នូវ​មនុស្ស​ដំបូង​ដែល​ចេញ​ពី​ផ្ទះ​របស់​គាត់​ពេល​គាត់​ត្រឡប់​មក​វិញ។ មនុស្ស​នេះ​នឹង​រស់​នៅ​ហើយ​ធ្វើ​ការ​នៅកន្លែង​ត្រសាល​ជំនុំ​របស់​ព្រះ​អស់​មួយ​ជីវិត។ នៅ​សម័យ​មុន ត្រសាល​ជំនុំ​គឺ​ជា​កន្លែង​ដែល​ប្រជាជន​ទៅ​គោរព​ប្រណិប័តន៍​ព្រះ។ នៅ​ទី​បំផុត យែបថា​បាន​ឈ្នះ​ក្នុង​ចម្បាំង​នោះ​មែន! ពេល​គាត់​ត្រឡប់​មក​វិញ តើ​អ្នក​ណា​បាន​ចេញ​ពី​ផ្ទះ​របស់​គាត់​មុន​គេ? តើ​កូន​ដឹង​ទេ?—

មែន​ហើយ គឺ​កូន​ស្រី​របស់​គាត់! យែបថា​មាន​កូន​តែ​ម្នាក់​គត់ ហើយ​ឥឡូវ​គាត់​ត្រូវ​បញ្ជូន​នាង​ទៅ​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ។ នេះ​ធ្វើ​ឲ្យ​គាត់​ពិបាក​ចិត្ដ​ណាស់។ ប៉ុន្ដែ​សូម​ចាំ​ថា គាត់​បាន​សន្យា​រួច​ហើយ។ ភ្លាម​ៗ​នោះ កូន​ស្រី​របស់​គាត់​បាន​និយាយ​ថា​៖ ‹បើ​លោក​ឪពុក​បាន​សន្យា​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ហើយ សូម​ធ្វើ​តាម​សន្យា​នោះ​ចុះ›។

ជា​រៀង​រាល់​ឆ្នាំ មិត្ដ​ភក្ដិ​របស់​កូន​ស្រី​យែបថា​បាន​ទៅ​លេង​នាង

កូន​ស្រី​យែបថា​ក៏​ពិបាក​ចិត្ដ​ដែរ ពី​ព្រោះ​នៅ​កន្លែង​ត្រសាល​ជំនុំ នាង​មិន​អាច​រៀប​ការ​និង​មាន​កូន​ទេ។ ប៉ុន្ដែ​នាង​ចង់​បំពេញ​តាម​សេចក្ដី​សន្យា​របស់​ឪពុក​នាង​យ៉ាង​ខ្លាំង ហើយ​នាង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ដ​រីក​រាយ។ នេះ​ជា​អ្វី​ដែល​សំខាន់​ជាង​ការ​រៀប​ការ​និង​មាន​កូន។ ដូច្នេះ នាង​បាន​ចាក​ចេញ​ពី​ផ្ទះ ហើយ​ទៅ​រស់​នៅ​កន្លែង​ត្រសាល​ជំនុំ​អស់​មួយ​ជីវិត។

តើ​កូន​គិត​ថា ការ​ប្រព្រឹត្ដ​របស់​នាង​បាន​ធ្វើ​ឲ្យ​ឪពុក​និង​ព្រះ​យេហូវ៉ា​មាន​ចិត្ដ​រីក​រាយ​ឬ​ទេ?— ប្រាកដជា​ដូច្នេះ​មែន! បើ​កូន​ស្តាប់​បង្គាប់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា កូន​ក៏​អាច​ដូច​ជា​កូន​ស្រី​យែបថា​ដែរ។ កូន​អាច​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​និង​ព្រះ​យេហូវ៉ា​មាន​ចិត្ដ​រីក​រាយ​ណាស់។

^ វគ្គ 11 ក្នុង​សំណេរ​ភាសា​ហេប្រឺ​ដែល​ជា​ភាសា​ដើម បទ​គម្ពីរ​នេះ​បាន​បញ្ជាក់​ថា​កូន​ស្រី​យែបថា​ត្រូវ​រស់​នៅ​កន្លែង​ត្រសាល​ជំនុំ​អស់​មួយ​ជីវិត ហើយ​នាង​នឹង​មិន​រៀប​ការ​ឡើយ។