លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀន​ទី​៩

យេរេមា​មិន​បាន​ឈប់​និយាយ​អំពី​ព្រះ​យេហូវ៉ា

យេរេមា​មិន​បាន​ឈប់​និយាយ​អំពី​ព្រះ​យេហូវ៉ា

ហេតុ​អ្វី​មនុស្ស​ខឹង​នឹង​យេរេមា?

ព្រះ​យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​យេរេមា

ជួន​កាល​មនុស្ស​សើច​ចំអក​ដាក់​យើង​ឬ​ខឹង​នឹង​យើង ពេល​យើង​ប្រាប់​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា។ នេះ​អាច​ធ្វើ​ឲ្យ​យើង​ចង់​ឈប់​និយាយ​អំពី​ព្រះ។ តើ​កូន​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ទេ?— គម្ពីរ​បាន​ប្រាប់​យើង​អំពី​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា តែ​គាត់​ហៀបនឹង​ឈប់​និយាយ​អំពី​លោក​ត​ទៅ​ទៀត។ គាត់​ឈ្មោះ​យេរេមា។ សូម​យើង​រៀន​ថែម​ទៀត​អំពី​គាត់។

ពេល​យេរេមា​នៅ​ជា​បុរស​វ័យ​ក្មេង ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ថា គាត់​ត្រូវ​ព្រមាន​មនុស្ស​ឲ្យ​ឈប់​ប្រព្រឹត្ដ​អំពើ​អាក្រក់។ នេះ​ជា​អ្វី​ដែល​ពិបាក​ណាស់​ចំពោះ​យេរេមា ហើយ​គាត់​ភ័យ​ខ្លាច។ គាត់​បាន​ប្រាប់​ទៅ​ព្រះ​យេហូវ៉ា​វិញ​ថា​៖ ‹ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ។ ខ្ញុំ​នៅ​ក្មេង​នៅ​ឡើយ›។ ប៉ុន្ដែ​ព្រះ​យេហូវ៉ា​បាន​និយាយ​ថា​៖ ‹កុំ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ជួយ​អ្នក›។

ដូច្នេះ​យេរេមា​ចាប់​ផ្ដើម​ព្រមាន​មនុស្ស​ឲ្យ​កែ​ប្រែ។ បើ​ពួក​គេ​មិន​កែ​ប្រែ​ទេ ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស។ តើ​កូន​គិត​ថា​មនុស្ស​ធ្វើ​តាម​អ្វី​ដែល​យេរេមា​បាន​និយាយ​ទេ?— អត់​ទេ។ ពួក​គេ​ខ្លះ​សើច​ចំអក​ដាក់​គាត់ ហើយ​ខ្លះ​ទៀត​ខឹង​នឹង​គាត់​យ៉ាង​ខ្លាំង។ មនុស្ស​ខ្លះ​ថែម​ទាំង​ចង់​សម្លាប់​គាត់​ទៀត! តើ​កូន​គិត​ថា​យេរេមា​មាន​អារម្មណ៍​យ៉ាង​ណា?— គាត់​ភ័យ​ខ្លាច ហើយ​បាន​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​មិន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ទៀត​ទេ›។ ប៉ុន្ដែ តើ​គាត់​ពិត​ជា​ឈប់​ទេ?— អត់​ទេ គាត់​មិន​បាន​ឈប់​ទេ។ គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់​រហូត​ដល់​គាត់​មិន​អាច​ឈប់​និយាយ​អំពី​លោក​បាន​ឡើយ។ ដោយ​សារ​យេរេមា​មិន​បាន​ឈប់​និយាយ​អំពី​ព្រះ​យេហូវ៉ា នោះ​លោក​បាន​សង្គ្រោះ​ជីវិត​របស់​គាត់។

ជា​ឧទាហរណ៍ នៅ​ពេល​មួយ បុរស​អាក្រក់​ខ្លះ​បាន​បោះ​យេរេមា​ចូល​ក្នុង​អណ្ដូង​មួយ​ដែល​មាន​សុទ្ធតែ​ភក់។ គាត់​គ្មាន​អាហារ​ឬ​ទឹក​ទេ។ បុរស​ទាំង​នោះ​ចង់​ទុក​ឲ្យ​យេរេមា​ស្លាប់​នៅ​ទី​នោះ។ ប៉ុន្ដែ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា គាត់​បាន​រួច​ជីវិត!

តើ​កូន​អាច​រៀន​អ្វី​ពី​គំរូ​របស់​យេរេមា?— ទោះ​ជា​គាត់​ភ័យ​ខ្លាច​នៅ​ពេល​ខ្លះ​ក៏​ដោយ គាត់​មិន​បាន​ឈប់​និយាយ​អំពី​ព្រះ​យេហូវ៉ា​ទេ។ ពេល​កូន​និយាយ​អំពី​ព្រះ​យេហូវ៉ា មនុស្ស​ប្រហែល​ជា​សើច​ចំអក​ដាក់​កូន​ឬ​ខឹង​នឹង​កូន។ កូន​ប្រហែល​ជា​ខ្មាស​គេ​ឬ​ភ័យ​ខ្លាច​ទៀត​ផង។ ប៉ុន្ដែ កុំ​ឈប់​និយាយ​អំពី​ព្រះ​យេហូវ៉ា​ឲ្យ​សោះ។ លោក​នឹង​ជួយ​កូន​ជា​និច្ច ដូច​លោក​បាន​ជួយ​យេរេមា​ដែរ។